ឆ្នាំ ២០១០-២០១៩
ការ​ក្លាយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គំរូ
ខែ តុលា ឆ្នាំ ២០១៨


2:3

ការ​ក្លាយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គំរូ

ខ្ញុំ​សូម​បន្សល់​ទុក​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​ដល់​បងប្អូន ដើម្បី​បងប្អូន​អាច​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ហើយ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​រស់នៅ​ផ្ទាល់​ខ្លួន​របស់​បងប្អូន ។

នេះ​គឺ​ជា​សន្និសីទ​ដ៏​បំផុសគំនិត និង​ជា​ប្រវត្តិសាស្ត្រ​មួយ ។ យើង​មើល​ទៅ​អនាគត​ដោយ​ភាព​សុទិដ្ឋិនិយម ។ យើង​ត្រូវ​បាន​លើក​ទឹកចិត្ត ធ្វើ ឲ្យ​ល្អ​ប្រសើរ ហើយ ក្លាយជា មនុស្ស​កាន់តែ​ល្អ​ប្រសើរ ។ សារលិខិត​ដ៏​អស្ចារ្យ​របស់​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង​អ្នក​មាន​តំណែង​ទូទៅ ដែល​បាន​ថ្លែង​ចេញ​ពី​វេទិកា​នេះ ព្រមទាំង​តន្ត្រី​គឺ​វិសេសវិសាល​ណាស់ ! ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​បងប្អូន​ឲ្យ​សិក្សា​សារលិខិត​ទាំងនេះ ដោយ​ចាប់​ផ្ដើម​ពី​សប្ដាហ៍​នេះ​តទៅ ។ សារលិខិត​ទាំង​នេះ​ប្រាប់​អំពី​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ចំពោះ​រាស្ត្រ​ទ្រង់​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

កម្មវិធី​សិក្សា​បញ្ចូល​គ្នា​ថ្មី​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន មាន​ការគាំទ្រ​ពី​សាសនាចក្រ មាន​សក្ដានុពល​ដើម្បី​បើកសម្ដែង​ឡើង​នូវ​អំណាច​នៃ​គ្រួសារ នៅ​ពេល​គ្រួសារ​នីមួយៗ​ធ្វើ​តាម​កម្មវិធី​នោះ​ប្រកប​ដោយ​មនសិកា និង​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ផ្លាស់ប្រែ​គេហដ្ឋាន​របស់​ពួកគេ​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ ។ ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ នោះ​យូរៗ​ទៅ​ថ្ងៃ​ឈប់​សម្រាក​របស់​បងប្អូន នឹង​បាន​ជា​ទីរីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅរបស់​បងប្អូន នឹង​មាន​ចិត្ត​រំភើប​ក្នុងការ​រៀន និង​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត របស់​បងប្អូន និង​គេហដ្ឋាន របស់​បងប្អូន នឹង​ត្រូវ​សាបរលាប ។ ការ​ផ្លាស់ប្ដូរ​នៅក្នុង​គ្រួសារ​របស់​បងប្អូន​នឹង​មាន​យ៉ាង​ខ្លាំង និង​រឹងមាំ ។

អំឡុង​សន្និសីទ​នេះ យើង​ត្រូវ​បាន​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ប្រតិបត្តិ​កិច្ចខិតខំ​ដ៏​សំខាន់​ក្នុងការ​គោរព​តាម​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​គ្រប់ ពេលវេលា ដែល​យើង​ថ្លែង​ពី​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា ការ​យកចិត្ត​ទុកដាក់​ដ៏​ខ្លាំង​បំផុត​របស់​យើង​ដើម្បី​ប្រើប្រាស់​ឈ្មោះ​សាសនាចក្រ​នៃ​ព្រះអង្គសង្គ្រោះ និង​ឈ្មោះ​សមាជិក​នៃ​សាសនាចក្រ​នេះ​ឲ្យ​ត្រឹមត្រូវ នឹង​នាំ​ឲ្យ​ចម្រើន​ដល់​សេចក្ដីជំនឿ ហើយ​អាច​ទទួល​បាន​នូវ​អំណាច​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

ឥឡូវ​ចូរ​បង្វែរ​ទៅ​កាន់​ប្រធាន​បទ​អំពី​ព្រះវិហារ​បរិសុទ្ធ ។ យើង​ដឹង​ថា​ពេលវេលា​របស់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​សំខាន់​ចំពោះ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​យើង និង​ក្រុមគ្រួសារ​របស់​យើង ។

បន្ទាប់ពី​យើង​ទទួល​បាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន ហើយ​ចុះ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ​រួច​ហើយ យើង​ម្នាក់ៗ​ត្រូវការ​កម្លាំង និង​ការ​បង្រៀន​ខាង​វិញ្ញាណ​ជានិច្ច ដែល​វា​អាច​មាន តែ នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ហើយ​ជីដូនជីតា​របស់​យើង​ត្រូវការ​យើង​ធ្វើ​ពិធីជំនួស​ឲ្យ​ពួកគាត់ ។

សូម​ពិចារណា​អំពី​សេចក្ដីមេត្តាករុណា និង​ភាព​យុត្តិធម៌​ដ៏​ធំ​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ផ្លូវ​មួយ​ដើម្បី​ប្រទាន​ពរជ័យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទៅ​ដល់​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​ពុំ​ទទួល​បាន​ចំណេះដឹង​នៃ​ដំណឹងល្អ ចាប់តាំង​ពី​មុន​កំណើត​នៃ​លោកិយ​មក​ម៉្លេះ ។ ពិធី​ដ៏​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​គឺ​មាន​តាំង​ពី​បុរាណ ។ ចំពោះ​រូប​ខ្ញុំ ពិធី​ពី​បុរាណ​គឺ​ជា​រឿង​គួរ​ឲ្យ​រំភើប និង​ជា​ភស្ដុតាង​មួយ​ទៀត​អំពី​ភាព​ដើម​របស់​វា ។

បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​អើយ ការ​វាយប្រហារ​របស់​មារ​សត្រូវ​កំពុង​តែ​មានភាព​ខ្លាំង​ឡើងៗ​យ៉ាង​ក្លៀវក្លា និង​មាន​គ្រប់​មធ្យោបាយ ។ តម្រូវការ​របស់​យើង​ដើម្បី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ គឺ​ចាំបាច់​នៅ​ក្នុង​ពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ពិចារណា​ទៅលើ​ការ​ចំណាយ​ពេល​វេលា​របស់​បងប្អូន​ប្រកប​ដោយ​ការ​អធិស្ឋាន ។ សូម​ចំណាយ​ពេល​សម្រាប់​អនាគត និង​គ្រួសារ​របស់​បងប្អូន ។ បើ​បងប្អូន​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​បងប្អូន ខ្ញុំ​សូម​ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​ស្វែងរក​របៀប​មួយ​ដើម្បី​ធ្វើ​ការ​ណាត់ជួប​នឹង​ព្រះអម្ចាស់​ជា​ទៀងទាត់—ដើម្បី​នៅ​ក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់— បន្ទាប់​មក​បន្ត​ការ​ណាត់​ជួប​នោះ​ដោយ​ត្រឹមត្រូវ និង​អំណរ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា ព្រះអម្ចាស់​នឹង​នាំ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​ញាណ​ដឹង​ថា បងប្អូន​ត្រូវការ នៅពេល​បងប្អូន​ធ្វើ​ការ​លះបង់​ដើម្បី​បម្រើ និង​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

បច្ចុប្បន្ន យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៥៩ ដែល​បាន​ឧទ្ទិសឆ្លង​រួច ។ ការ​ថែរក្សា និង​ការ​ថែទាំ​ដ៏​ត្រឹមត្រូវ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ទាំង​នោះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​យើង ។ កាល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ នោះ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​តម្រូវ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​បន្ត​ដំណើរ​ការ​ជានិច្ច ។ ដើម្បី​សម្រេច​កិច្ចការ​នោះ ឥឡូវ​នេះ មាន​នូវ​គម្រោង​ការ​ដើម្បី​កែលម្អ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក និង​ព្រះវិហារ​បរិសុទ្ធ​ផ្សេង​ទៀត​នៅ​ជំនាន់​ត្រួស​ត្រាយ ។ ព័ត៌មាន​លំអិត​អំពី​គម្រោង​ទាំង​នេះ​នឹង​ត្រូវ​បាន​ចែកចាយ នៅ​ពេល​វា​ត្រូវ​បាន​បង្កើត​ឡើង ។

ថ្ងៃ​នេះ​យើង​រីករាយ​ដើម្បី​ប្រកាស​នូវ​គម្រោង​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២ បន្ថែម​ទៀត ។ ព្រះវិហារ​បរិសុទ្ធ​ទាំង​នោះ​នឹង​សាង​សង់​នៅ​ទីតាំង​ដូច​តទៅ​នេះ ទីក្រុង​មែនដូស្សា ប្រទេស​អាហ្សង់ទីន, ទីក្រុង​សាលវ៉ាឌ័រ ប្រទេស​ប្រេស៊ីល, ទីក្រុង​យ៉ូបា រដ្ឋ កាលីហ្វ័រញ៉ា, ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា, ទីក្រុង​ប្រាអៀ ប្រទេស ខេប វើរឌី, ទីក្រុង​យីហ្គូ ប្រទេស​ហ្គោម, ទីក្រុង​ហ្វើប្លា ប្រទេស​ម៉ិកស៊ិក, ទីក្រុង​អូក្លែន ប្រទេស​ណូវែលសេឡង់, ទីក្រុង​ឡាហ្គូស ប្រទេស​នីសេរីយ៉ា, ទីក្រុង​ដាវ៉ោ ប្រទេស​ហ្វីលីពីន, ទីក្រុង សាន ហ័ន ប្រទេស ពើតូ រីកូ, និង​ទីក្រុង​វ៉ាស៊ីងតុង រដ្ឋ​យូថាហ៍ ។

ការ​សងសង់ និង​ការ​ថែទាំ​ព្រះវិហារ​បរិសុទ្ធ​ពុំ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​ទេ ប៉ុន្តែ​ការ​ចំណាយ​ពេល​របស់​បងប្អូន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន​ដ៏​ពិត ។ ចំពោះ​បងប្អូន​ដែល​បាន​អវត្តមាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​យូរ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន ហើយ​ត្រឡប់​មក​វិញ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ បន្ទាប់​មក​ខ្ញុំ​អញ្ជើញ​បងប្អូន​ឲ្យ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ក្នុង​ចិត្ត​ពី​សេចក្ដីស្រឡាញ់​ដ៏​និរន្ដរ​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​បងប្អូន ដើម្បី​បងប្អូន​ម្នាក់ៗ​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ថា ទ្រង់​ដឹកនាំ​កិច្ចការ​ដ៏​ពិសិដ្ឋ និង​ជានិរន្ដរ​នេះ​ដោយ​ផ្ទាល់ ។

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​អរគុណ​ចំពោះ​សេចក្ដីជំនឿ និង​កិច្ចខិតខំ​គាំទ្រ​របស់​បងប្អូន ។ ខ្ញុំ​សូម​បន្សល់​ទុក​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​ដល់​បងប្អូន ដើម្បី​បងប្អូន​អាច​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ហើយ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​រស់នៅ​ផ្ទាល់​ខ្លួន​របស់​បងប្អូន ។ ខ្ញុំ​សូម​អះអាង​នឹង​បងប្អូន​ថា វិវរណៈ​បន្ដ​មាន​នៅ​ក្នុង​សាសនាចក្រ​នេះ ហើយ​នឹង​បន្ដ​រហូត​ដល់ « គោលបំណង​របស់​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ » ។

ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​បងប្អូន​ឲ្យ​ចម្រើន​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់ និង​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​មាន​សេចក្ដីជំនឿ និង​ការ​អត់ធ្មត់​ដើម្បី​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​បងប្អូន​ឲ្យ​ក្លាយ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គំរូ ។ ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​បងប្អូន ហើយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ពួក​យើង​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល​សារលិខិត​សន្និសីទ​ទូទៅ​តាម​អ៊ិនធើរណិត​នៅ LDS.org និង នៅ​លើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ សារលិខិត​នឹង​ត្រូវ​បោះពុម្ព​នៅក្នុង​ទស្សនាវដ្ដី Ensign និង លីអាហូណា ។ ទស្សនាវដ្ដី​សាសនាចក្រ រួមទាំង​ទស្សនាវដ្ដី New Era និង​ទស្សនាវដ្ដី Friend មាន​ផ្ញើរ​តាម​សំបុត្រ ឬ​ទាញ​យក​ពី​អ៊ិនធើរណិត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កម្មវិធី​សិក្សា​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ។

  2. ឧទាហរណ៍ សូមមើល និក្ខមនំ ២៨; ២៩; លេវីវិន័យ ៨ ។

  3. សូម​មើល ម៉ូសាយ ៤:២៩ ។

  4. សូមមើល​វិហ្វត វិលហ្វួឌ វូឌដ្រុព្វ « The Law of Adoption » ទេសនកថា​ថ្លែង​នៅ​ក្នុង​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ ថ្ងៃទី ៨ ខែ​មេសា ឆ្នាំ ១៨៩៤ ។ ប្រធាន​វូឌដ្រុព្វ​បាន​មាន​ប្រសាសន៍​ថា « យើង​ពុំ​ទាន់​បាន [ ទទួល ] វិវរណៈ​អស់​នៅ​ឡើយ​ទេ ។ យើង​ពុំ​ទាន់​បាន​ធ្វើ​ចប់​សព្វគ្រប់ [ នូវ ] កិច្ចការ​របស់​ព្រះ​ទេ ។… កិច្ចការ​នេះ​ពុំ​មាន​ទីបញ្ចប់​ឡើយ រហូត​ដល់​វា​បាន​ល្អ​ឥតខ្ចោះ » ( Deseret Evening News ថ្ងៃទី ១៤ ខែ​មេសា ឆ្នាំ ១៨៩៤ ទំព័រ ៩ ) ។

  5. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៤២ ។