ឆ្នាំ ២០១០-២០១៩
ការថ្លែង​សុន្ទរកថា​បើក​កម្មវិធី
ខែ តុលា ឆ្នាំ ២០១៨


ការថ្លែង​សុន្ទរកថា​បើក​កម្មវិធី

វា​គឺជា​ពេល​សម្រាប់​សាសនាចក្រ​ផ្ដោត​ទៅ​លើ​គេហដ្ឋាន​ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​អគារ​សាខា វួដ និង​ស្តេក​របស់​យើង ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ យើង​បាន​ទន្ទឹង​ចាំ​ជួប​នឹង​បងប្អូន​ម្ដង​ទៀត​នៅ​ក្នុង​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​ក្នុង​ខែ​តុលា​នេះ ។ យើង​សូម​ស្វាគមន៍​ដោយ​ដួងចិត្ត​កក់ក្តៅ​ដល់​បងប្អូន​ម្នាក់ៗ ។ យើង​មាន​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​អធិស្ឋាន​គាំទ្រ​របស់​បងប្អូន ។ យើង​អាច​ដឹង​ពី​ឥទ្ធិពល​របស់​ពួកគេ ។ សូម​អរគុណ !

យើង​មាន​អំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ដ៏​ច្រើន​អនេក​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ការ​ទូន្មាន​ដែល​បាន​ផ្ដល់​ឲ្យ​កាល​ពី​សន្និសីទ​ទូទៅ​ប្រាំ​មួយ​ខែ​មុន ។ គណៈប្រធាន​ស្ដេក​នៅ​ទូទាំង​ពិភពលោក​បាន​ស្វែងរក​វិវរណៈ​ដែល​ចាំបាច់​ដើម្បី​រៀបចំ​កូរ៉ុម​អែលឌើរ​ឡើង​វិញ ។ បុរស​នៃ​កូរ៉ុម​ទាំងនេះ ព្រមជាមួយ​នឹង​ស្ត្រី​សមាគម​សង្គ្រោះ​ដ៏​មាន​ការ​លះបង់​របស់​យើង កំពុង​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​បងប្អូន​ប្រុសស្រី​តាម​របៀប​ដែល​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​មួយ ។ យើង​ត្រូវ​បាន​បំផុសគំនិត​ដោយ​សេចក្ដីល្អ និង​កិច្ចខិតខំ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ដើម្បី​នាំ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ក្រុមគ្រួសារ អ្នកជិតខាង និង​មិត្តភក្ដិ ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ​ដូចជា​ទ្រង់​បម្រើ ។

ចាប់តាំង​ពី​សន្និសីទ​ខែ​មេសា ស៊ិស្ទើរ​ណិលសុន និង​ខ្ញុំ​បាន​ជួប​នឹង​សមាជិក​ជាច្រើន​នៅ​ទ្វីបទាំង​បួន និង​តាម​កោះទាំងឡាយ​នៃ​សមុទ្រ ។ ចាប់តាំង​ពី​យេរូសាឡិម​ទៅ ហារ៉ា ចាប់​ពី​វីនីផេហ្គ ទៅកាន់​បាំងកក យើង​ទទួល​បទពិសោធន៍​នៃ​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ និង​កម្លាំង​នៃ​ទីបន្ទាល់​របស់​បងប្អូន ។

ពួកយើង​រីករាយ​ដ៏​លើសលប់​ចំពោះ​ចំនួន​យុវវ័យ​ដែល​បាន​ចូលរួម​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​ប្រមូល​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់ ។ ពួកយើង​អរគុណ​ណាស់ ! ហើយ​នៅពេល​បងប្អូន​បន្ដ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ខ្ញុំ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ការ​ប្រជុំធម្មនិដ្ឋាន​យុវវ័យ​ទូទាំង​ពិភពលោក នោះ​បងប្អូន​កំពុង​បង្កើត​បទដ្ឋាន​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​ឲ្យ​ធ្វើ​តាម ។ ហើយ​នោះ​ជា​ការ​ខុសប្លែក​មួយ​ដែល​យុវវ័យ​បាន​ធ្វើ​ឡើង !

នៅ​ឆ្នាំ​ថ្មីៗ​នេះ ពួក​យើង​នៅក្នុង​ក្រុមប្រឹក្សា​ជា​អធិបតី​នៃ​សាសនាចក្រ​បាន​ពិភាក្សា​អំពី​សំណួរ​គ្រឹះ​ដ៏​សំខាន់​មួយ​ថា ៖ តើ​យើង​អាច​នាំ​យក​ដំណឹងល្អ​នៅ​ក្នុង​ភាព​បរិសុទ្ធ​ដ៏​សាមញ្ញ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដោយ​ឥទ្ធិពល​ដ៏​អស់កល្ប​របស់​វា ទៅកាន់​កូនចៅ​ទាំងអស់ របស់​ព្រះ​ដោយ​របៀប​ណា ?

ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ស៊ាំ​នឹង​ការ​គិត​អំពី​« សាសនាចក្រថា ជា​អ្វី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ​របស់​យើង ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​គេហដ្ឋាន ។ យើង​ចាំបាច់​ត្រូវ​កែសម្រួល​លំនាំ​នេះ ។ វា​គឺជា​ពេល​សម្រាប់​សាសនាចក្រ​ផ្ដោត​ទៅ​លើ​គេហដ្ឋាន ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​អគារ​សាខា វួដ និងស្តេក​របស់​យើង ។

នៅ​ពេល​សាសនាចក្រ​បន្ដ​ពង្រីក​នៅ​ទូទាំង​ពិភពលោក មាន​សមាជិក​ជា​ច្រើន​រស់នៅ​កន្លែង​ដែល​យើង​ពុំ​មាន​សាលាប្រជុំ—ហើយ​ប្រហែល​ជា​ពុំ​យូរ​អង្វែង​ទេ ។ ខ្ញុំ​ចាំ​អំពី​គ្រួសារ​មួយ ដោយសារ​តែ​ស្ថានភាព​ដូច្នោះ បាន​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ការ​ជួបជុំ​នៅ​ផ្ទះ ។ ខ្ញុំ​បាន​សួរ​ដល់​ម្ដាយ​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ដើម្បី​ទៅ​ព្រះវិហារ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ផ្ទាល់​អញ្ចឹង ។ គាត់​តប​ថា « ខ្ញុំ​ចូល​ចិត្ត ! ឥឡូវ​នេះ​ស្វាមី​របស់​ខ្ញុំ​ប្រើ​ភាសា​ល្អៗ​នៅ​ក្នុង​ផ្ទះ ដោយ​ដឹង​ថា​គាត់​នឹង​ប្រសិទ្ធពរ​សាក្រាម៉ង់​នៅ​ទីនេះ​រាល់​ថ្ងៃ​អាទិត្យ » ។

គោលបំណង​របស់​សាសនាចក្រ​ជា​យូរ​មក គឺ​ដើម្បី​ជួយ​ដល់​សមាជិក​ទាំងអស់​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​នៅ​ក្នុង​ការ​ចុះ និង​ការ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ ហើយ​ពង្រឹង និង​ផ្សារភ្ជាប់​ក្រុមគ្រួសារ​របស់​ពួកគេ ។ នៅ​ក្នុង​ពិភពលោក​ដ៏​ស្មុគស្មាញ​សព្វថ្ងៃ​នេះ នេះ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។ មារសត្រូវ​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​វា​ទៅ​លើ​សេចក្ដីជំនឿ​មក​លើ​យើង និង​ក្រុមគ្រួសារ​ក្នុង​អត្រា​ដ៏​លឿន​មួយ ។ ដើម្បី​រស់រាន​ខាង​វិញ្ញាណ យើង​ត្រូវ​ការ​យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន ។ ដូច្នោះ ឥឡូវ​យើង​ចង់​រៀបចំ​ការ​កែសម្រួល​ខាង​រចនាសម្ព័ន្ធ​ដែល​នឹង​បន្ថែម​ការការពារ​ដល់​សមាជិក និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើ​ការ​នៅ​លើ​កម្មវិធី​សិក្សា​ថ្មី​ដើម្បី​ពង្រឹង​ដល់​ក្រុមគ្រួសារ និង​បុគ្គល​ម្នាក់ៗ តាមរយៈ​ផែនការ ផ្ដោត​ទៅលើ​គេហដ្ឋាន និង​ផែនការ​ដែល គាំទ្រ​ពី​សាសនាចក្រ ដើម្បី​រៀន​គោលលទ្ធិ ពង្រឹង​ជំនឿ ហើយ​បីបាច់​ដល់​ការ​ថ្វាយបង្គំ​ផ្ទាល់ខ្លួន​កាន់តែ​ខ្លាំង ។ កិច្ចខិតខំ​របស់​យើង​ក្នុង​ឆ្នាំ​ថ្មីៗ​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃឈប់​សម្រាក​បរិសុទ្ធ—ដើម្បី​ធ្វើ​ឲ្យ​វា​ជា​ទី​រីករាយ​ចិត្ត និង​ជា​ទីសម្គាល់​ផ្ទាល់​ខ្លួន​មួយ​ចំពោះ​ព្រះ​អំពី​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់—នឹង​ត្រូវ​បាន​ជជែក​វែកញែក​ដោយ​ការ​កែសម្រួល ដែល​យើង​នឹង​ណែនាំ​ឥឡូវ​នេះ ។

នា​ព្រឹកនេះ​យើង​នឹង​ប្រកាស​អំពី​តុល្យភាព​ថ្មី​មួយ​រវាង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​នៅ​ក្នុង​សាសនាចក្រ ។ ពួក​យើង​ម្នាក់ៗ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​រៀងៗ​ខ្លួន ។ នៅ​ក្នុង​បទគម្ពីរ​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា ឪពុក​ម្ដាយ​មាន​ការ​ទទួលខុសត្រូវ​ជា​ចម្បង​ដើម្បី​បង្រៀន​គោលលទ្ធិ​ដល់​កូនចៅ​របស់​ពួកគេ ។ វា​គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​សាសនាចក្រ​ដើម្បី​ជួយ​ដល់​សមាជិក​ចំពោះ​គោលដៅ​នៃ​ការ​បង្កើន​ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​ពួកគេ​ប្រកប​ដោយ​ទេវភាព ។

អែលឌើរ ឃ្វីនថិន អិល ឃុក ឥឡូវ​នេះ​នឹង​ពន្យល់​អំពី​ការកែតម្រូវ​ដ៏​សំខាន់ៗ​ទាំងនេះ ។ សមាជិក​នៃ​ក្រុមប្រឹក្សា​ទាំងអស់​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​យល់​ព្រម​ជា​ឯកច្ឆ័ន​ចំពោះ​សារលិខិត​នេះ ។ ពួក​យើង​សូម​ទទួល​ស្គាល់​ដោយ​ការ​ដឹងគុណ​ចំពោះ​ការ​បំផុសគំនិត​មកពី​ព្រះអម្ចាស់​ដែល​ប្រទាន​ព្រះចេស្ដា​មក​លើ​ការ​បង្កើត​ផែនការ និង​ទម្រង់ការ​នានា​ដែល​អែលឌើរ​ឃុក​នឹង​បង្ហាញ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​ដឹង​ថា ព្រះមាន​ព្រះ​ជន្មរស់ ! ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ! នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់​ដែល​ទ្រង់​ដឹកនាំ​តាមរយៈ​ការ​ព្យាករ និង​វិវរណៈ​ទៅកាន់​ពួក​អ្នក​បម្រើ​ដ៏​រាបសា​របស់​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។