ឆ្នាំ ២០១០-២០១៩
ការ​ចូល​រួម​របស់​បងប្អូន​ស្រី​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល
ខែ តុលា ឆ្នាំ ២០១៨


2:3

ការ​ចូល​រួម​របស់​បងប្អូន​ស្រី​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល

ខ្ញុំ​សូម​ធ្វើ​ការ​អង្វរ​មួយ​មក​ពី​ព្យាការី​ទៅ​កាន់​បងប្អូន ជា​ស្ត្រី​ក្នុង​សាសនាចក្រ ឲ្យ​រៀប​ចំ​អនាគត​ដោយ​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់​ខ្ចាយ ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់ និង​មាន​តម្លៃ​របស់​ខ្ញុំ​អើយ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ដោយ​បាន​នៅ​ទីនេះ​ជាមួយ​នឹង​បងប្អូន ។ ប្រហែល​ជា បទពិសោធន៍​ថ្មីៗ​នេះ​នឹង​ផ្ដល់​ជា​គំនិត​មួយ​ដល់​បងប្អូន​អំពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​បងប្អូន និង​ចំពោះ​សមត្ថភាព​ដ៏​ទេវភាព​ដែល​បងប្អូន​ត្រូវ​បាន​ប្រទាន​ឲ្យ ។

មាន​ថ្ងៃ​មួយ​កាល ខ្ញុំ​កំពុង​និយាយ​ទៅ​ក្រុម​ជំនុំ​មួយ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ខ្ញុំ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង​អំពី​ប្រធាន​បទ​របស់​ខ្ញុំ ហើយ​នៅ​គ្រា​ដ៏​សំខាន់​នោះ ខ្ញុំ​បាន​និយាយ​ថា « ដោយ​សារ​ខ្ញុំ​ធ្វើ​ជា ម្ដាយ របស់​កូន​ខ្ញុំ​ទាំង ១០ នាក់ នោះ​ខ្ញុំ​អាច​ប្រាប់​បងប្អូន​ថា … » រួចហើយ​ខ្ញុំ​បន្ត​បញ្ចប់​សារលិខិត​របស់​ខ្ញុំ ។

ខ្ញុំ​ពុំ​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​និយាយ​ពាក្យ​ថា ម្ដាយ នោះ​ឡើយ ។ អ្នក​បកប្រែ បាន​គិត​ថា​ខ្ញុំ​និយាយ​ខុស ក៏​បាន​ប្ដូរ​ពាក្យ​ពី​ម្ដាយ ទៅជា ឪពុក វិញ ដើម្បី​កុំ​ឲ្យ​ក្រុម​ជំនុំ​ដឹង​ថា ខ្ញុំ​បាន​ហៅ​ខ្លួន​ឯង​ថា​ជា ម្ដាយ ម្នាក់ ។ ប៉ុន្តែ​ភរិយា​របស់​ខ្ញុំ វីនឌី បាន​ស្ដាប់​ឮ ហើយ​គាត់​បាន​រីករាយ​ចំពោះ​កំហុស​ដោយ​អចេតនា​របស់​ខ្ញុំ ។

នៅ​គ្រា​នោះ ក្ដី​ប្រាថ្នា​ដ៏​ធំ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​នៅ​ក្នុង​ពិភពលោក—ដូចជា​អ្វី​ដែល​មាន​តែ​ម្ដាយ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន—បាន​បង្ហាញ​ឡើង​ជាមួយ​នឹង​អារម្មណ៍​ដ៏​អស្ចារ្យ ។ នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅពេល​មាន​គេ​សួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ ជ្រើស​រើស ធ្វើ​ជា​វេជ្ជបណ្ឌិត ខ្ញុំ​តែង​តែ​ឆ្លើយ​នូវ​ចម្លើយ​ដូច​គ្នា​ថា « ដោយ​សារ​ខ្ញុំ​ពុំ​អាច​ជ្រើស​រើស ធ្វើ​ជា​ម្ដាយ​ម្នាក់​បាន » ។

សូម​កត់​ចំណាំ​ថា នៅ​ពេល​ខ្ញុំ​និយាយ​ពាក្យ ម្ដាយ គឺ​ខ្ញុំ​ពុំ​បាន​សំដៅ​តែ​ទៅ​លើ​ស្ត្រី​ដែល​បាន​បង្កើត​កូន ឬ​បាន​សុំ​កូន​មក​ចិញ្ចឹម​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះទេ ។ ខ្ញុំ​កំពុង​និយាយ​ពី​ពួក​មជ្ឈិម​វ័យ​គ្រប់​រូប ដែល​ជា​បុត្រី​របស់​ព្រះ​មាតា​បិតា​សួគ៌​នៃ​យើង ។ ស្ត្រីគ្រប់​រូប គឺជា​ម្ដាយ​ម្នាក់ ដោយសារ​តែ​គុណធម៌​នៃ​និស្ស័យ​ជា​ព្រះ​ដ៏​អស់កល្ប​របស់​នាង ។

ដូច្នេះ​នៅ​រាត្រី​នេះ ក្នុង​នាម​ជា ឪពុក ដែល​មាន​កូន ១០ នាក់—កូនស្រី​ប្រាំ​បួន នាក់ និង​កូន​ប្រុស​ម្នាក់—ហើយ​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ​នេះ ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​ទទួល​បាន​នូវ​អាមរ្មណ៍​ដ៏​ជ្រាល​ជ្រៅ​ដែល​ខ្ញុំ​មាន​ចំពោះ​បងប្អូន—ចំពោះ​ស្ថានភាព​ពិត​របស់​បងប្អូន និង​រាល់​សេចក្ដី​ល្អ​ដែល​បងប្អូន​អាច​ធ្វើ​បាន ។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​ដែល​ស្ត្រី​សុចរិត​ម្នាក់​អាច​ធ្វើ​បាន​នោះ​ទេ ។ គ្មាន​នរណា​ម្នាក់​អាច​ជំនួស​ឥទ្ធិពល​របស់​ម្ដាយ​បាន​ឡើយ ។

បុរស​អាច ហើយ​ជារឿយៗ​ពាំ​នាំ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ​ដល់​មនុស្ស​ដទៃ ។ ប៉ុន្តែ​ស្ត្រី​មាន​អំណោយ​ទាន​ពិសិដ្ឋ​មួយ​ចំពោះ​បញ្ហា​នោះ—ជា​អំណោយ​ទាន​ដ៏​ទេវភាព​មួយ ។ បងប្អូន​មាន​សមត្ថភាព​ដើម្បី​ដឹង​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ត្រូវការ—និង​ពេលវេលា ដែល​គាត់​ត្រូវការ​វា ។ បងប្អូន​អាច​ឈោង​ទៅ​ជួយ លួង​លោម​ចិត្ត បង្រៀន ហើយ​ពង្រឹង​មនុស្ស​ម្នាក់​នៅគ្រា​ដែល​គាត់​មាន​សេចក្ដី​ត្រូវការ ។

ស្ត្រី​មើល​ឃើញ​កិច្ចការ​ផ្សេងៗ​ខុស​ប្លែក​ពី​បុរស ហើយ​យើង​ត្រូវ​ការ​ទស្សន​វិស័យ​ដ៏​អស្ចារ្យ​របស់​បងប្អូន ! និស្ស័យ​របស់​បងប្អូន​ដឹកនាំ​បងប្អូន​ឲ្យ​គិត​ពី​មនុស្ស​ដទៃ មុន ដើម្បី​ពិចារណា​នូវ​ប្រសិទ្ធភាព​ដែល​សកម្មភាព​ណា​មួយ​នឹង​កើត​មាន​ចំពោះ​មនុស្ស​ដទៃ ។

ដូច​ប្រធាន​អាវរីង​បាន​ចង្អុល​បង្ហាញ​ថា នាង​អេវ៉ា ដែល​ជា​ម្ដាយ​ដ៏​រុង​រឿង​របស់​យើង—ដោយ​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌—បាន​ផ្ដួច​ផ្ដើម​នូវ​អ្វី​ដែល​យើង​ហៅ​ថា « ការ​ធ្លាក់ » ។ ការ​ជ្រើសរើស​ដ៏​ឈ្លាស​វៃ ហើយ​ក្លាហាន​របស់​នាង និង​ការ​សម្រេច​ចិត្ត​គាំទ្រ​របស់​អ័ដាម​បាន​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​ដំណើរ​ការ​ទៅ​មុខ ។ ពួកគាត់​បាន​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​អាច​មក​កាន់​ផែនដី ទទួល​រូបកាយ ហើយ​បង្ហាញ​ថា យើង​នឹង​ជ្រើស​រើស​ដើម្បី​ឈរ​ការពារ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​នេះ ដូចជា​យើង​បាន​ធ្វើ​នៅ​ជីវិត​មុន​ឆាក​ជីវិត​នេះ​ដែរ ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ បងប្អូន​មាន​នូវ​អំណោយទាន​ខាង​វិញ្ញាណ និង​ទំនោរ​ពី​ធម្មជាតិ​ដ៏​ពិសេស ។ នៅ​រាត្រី​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន ដោយ​អស់​ពី​សេចក្ដី​សង្ឃឹម​នៃ​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​អធិស្ឋាន​ដើម្បី​យល់​ដឹង​ពី អំណោយទាន​ខាង​វិញ្ញាណ—របស់​បងប្អូន​ដើម្បី​បណ្ដុះ ប្រើ​ប្រាស់ ហើយ​ពង្រីក​វា​ឲ្យ​បាន​ច្រើន​ជាង​មុន ។ បងប្អូន​នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​នេះ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ ។

ក្នុង​នាម​ជា​ស្ត្រី បងប្អូន​បំផុស​គំនិត​ដល់​មនុស្ស​ដទៃ ហើយ​កំណាត់​បទដ្ឋាន​ស័ក្ដិសម​មួយនៃ​ការ​ធ្វើ​តាម ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​នូវ​ប្រវត្តិ​ខ្លះៗ​អំពី​សេចក្ដី​ប្រកាស​ធំ​ពីរ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ទូទៅ​របស់​យើង​កាល​ពី​លើក​មុន ។ បងប្អូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បងប្អូន​គឺជា​គន្លឹះ​ដ៏​សំខាន់​ចំពោះ​សេចក្ដី​ប្រកាស​ទាំងនោះ ។

ទីមួយ ការងារ​បម្រើ ។ បទដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការងារ​បម្រើ​គឺ​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ព្រះយេស៊ូវ​គ្រីស្ទ ។ ជាទូទៅ ស្ត្រី​មាន ហើយ​តែង​តែ​ស្ថិត​នៅ​ជិតដិត​ទៅ​នឹង​បទដ្ឋាន​នោះ​ជាង​បុរស ។ នៅពេល​បងប្អូន​ធ្វើ​ការងារ​បម្រើ​ដ៏​ពិត បងប្អូន​ធ្វើ​តាម​អារម្មណ៍​របស់​បងប្អូន​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ឲ្យ​ដក​ពិសោធន៍​កាន់​តែ​ច្រើន​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ អារម្មណ៍​ពី​ធម្មជាតិ​ចំពោះ​ការងារ​បម្រើ​គឺ​ជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ខ្លួន​របស់​ស្ត្រី​ដ៏​សុចរិត ។ ខ្ញុំ​ស្គាល់​ស្ត្រី​ដែល​បាន​អធិស្ឋាន​រាល់​ថ្ងៃ​ថា « តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំម្ចាស់​ជួយ​ដល់​នរណា​នៅ​ថ្ងៃ​នេះ ? »

ពីមុន​សេចក្ដី​ប្រកាស​នៅ​ខែ មេសា ឆ្នាំ​២០១៨ អំពី​វិធី​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​អំពី​ការ​មើល​ថែ​ដល់​មនុស្ស​ដទៃ ទំនោរ​របស់​បុរស​មួយ​ចំនួន​គឺ​ដើម្បី​គូស​លើ​ការ​ចាត់​តាំង​ដល់​ការ​បង្រៀន​តាម​ផ្ទះ​របស់​ពួកគេ​ថា « បាន​បញ្ចប់​ហើយ » ហើយ​បន្ត​ទៅ​ការងារ​មួយ​ទៀត​តែ​ប៉ុណ្ណោះ ។

ប៉ុន្តែ​នៅពេល​បងប្អូន មាន​អារម្មណ៍​ថា មាន​បងប្អូន​ស្រី​ម្នាក់​ដែល​បងប្អូន​បាន​បង្រៀន​សួរ​សុខ​ទុក្ខ​ត្រូវការ​ជំនួយ នោះ​បងប្អូន​ឆ្លើយ​តប​ភ្លាម និង​ពេញ​មួយ​ខែ​នោះ ។ ដូច្នេះ របៀប ដែល​បងប្អូន​បាន​បង្រៀន​សួរ​សុខ​ទុក្ខ​បាន​បំផុសឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​ការងារ​បម្រើ ។

ទីពីរ នៅ​ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​លើក​មុន យើង​ក៏​កែប្រែ​រចនា​សម្ព័ន្ធ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​ដែរ ។ នៅពេល​យើង​បាន​អធិស្ឋាន​អំពី​របៀប​ដើម្បី​ជួយ​បុរស​នៅ​ក្នុង​សាសនាចក្រ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ នោះ​យើង​បាន​ពិចារណា​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​គំរូ​របស់​សមាគម​សង្គ្រោះ ។

នៅ​ក្នុង​សមាគម​សង្គ្រោះ ស្ត្រី​នៅ​គ្រប់​វ័យ និង​ស្ថានភាព​ជីវិត​ខុសៗ​គ្នា​បាន​ជួប​ជុំ​គ្នា ។ ស្ថានភាព​ជីវិត​នីមួយៗ​នាំ​មក​នូវ​ឧបសគ្គ​នានា​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ បងប្អូន បាន​នៅ​ទីនោះ មួយ​សប្ដាហ៍​ហើយ​មួយ​សប្ដាហ៍​ទៀត ប្រជុំ​ជាមួយ​គ្នា រីកចម្រើន ហើយ​បង្រៀន​ដំណឹងល្អ​រួម​គ្នា ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​មួយ​ក្នុង​ពិភពលោក​នេះ ។

ឥឡូវនេះ ដោយ​ធ្វើ​តាម​គំរូ​របស់​បងប្អូន ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គឺជា​សមាជិក​នៃ​កូរ៉ុម​អែលឌើរ ។ បុរស​ទាំង​នេះ​មាន​អាយុ​ពី ១៨ រហូត​ដល់ ៩៨ ឆ្នាំ​( ប្រហែល​ច្រើន​ជាង​នេះ ) ដោយ​មាន​បព្វជិតភាព និង​បទពិសោធន៍​ក្នុង​សាសនាចក្រ​ខុសៗ​គ្នា ។ ឥឡូវ បងប្អូន​ប្រុស​ទាំង​នេះ​អាច​បង្កើត​នូវ​ចំណង​ដ៏​រឹងមាំ រៀន​ជាមួយ​គ្នា ហើយ​ផ្ដល់​ពរជ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ។

បងប្អូន​ចាំ​ថា កាល​ពី​ខែ​មិថុនា ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​យុវវ័យ​ក្នុង​សាសនាចក្រ ។ យើង​បាន​អញ្ជើញ​ពួកគេ​ឲ្យចូល​រួម​ក្នុង​ក្រុម​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំង​នន ។ ការ​ប្រមូល​ផ្ដុំ​នេះ​គឺ​ជា​ឧបសគ្គ « ដ៏​ធំ​បំផុត បុព្វហេតុ ដ៏​ធំ​បំផុត និង​កិច្ចការ ដ៏​ធំ​បំផុត នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ! »។

វា​គឺជា​បុព្វហេតុ​មួយ​ដែល​ត្រូវការ​ស្ត្រី​យ៉ាង​ខ្លាំង ដោយសារ​ស្ត្រី​ជះ​ឥទ្ធិពល​ដល់​អនាគត ។ ដូច្នេះ នៅ​រាត្រី​នេះ​ខ្ញុំ​សូម​ធ្វើ​ការ​អង្វរ​មួយ​មក​ពី​ព្យាការី​ទៅ​កាន់​បងប្អូន ជា​ស្ត្រី​ក្នុង​សាសនាចក្រ ឲ្យ​ជះ​ឥទ្ធិពល​ដល់​អនាគត​ដោយ​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់​ខ្ចាយ ។

តើ​បងប្អូន​អាច​ចាប់ផ្ដើម​ត្រង់​ចំណុច​ណា ?

ខ្ញុំ​សូម​ផ្ដល់​ជូន​នូវ​ការ​អញ្ជើញ​ចំនួន​បួន ៖

ទីមួយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​តម​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​នាំ​មក​នូវ​គំនិត​អវិជ្ជមាន និង​មិន​បរិសុទ្ធ​ដល់​បងប្អូន ចំនួន​ដប់​ថ្ងៃ ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​ថា ត្រូវ​ដក​ឥទ្ធិពល​ណា​មួយ​អំឡុង​ពេល​តម​នោះ ។ ឥទ្ធិពល​នៃ​ការ​តម​ដប់​ថ្ងៃ​របស់​បងប្អូន​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​បងប្អូន​ភ្ញាក់​ផ្អើល ។ តើ​បងប្អូន​កត់​ចំណាំ​ឃើញ​អ្វី​ខ្លះ បន្ទាប់​ពី​ឈប់​សម្រាក​មួយ​រយៈ​ចេញ​ពី​ទស្សនៈ​របស់​លោកិយ​ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​រង​របួស ? តើ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ដែល ឥឡូវ​នេះ បងប្អូន​ចង់​ចំណាយ​ពេល និង​កម្លាំង​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​មាន​អាទិភាព​ណា​មួយ​របស់​បងប្អូន​បាន​ផ្លាស់​ប្ដូរ​ដែរ​ឬ​ទេ—សូម្បី​តែ​បន្តិច​ក្ដី ? ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​កត់ត្រា ហើយ​ធ្វើ​តាម​ចំណាប់​អារម្មណ៍​នីមួយៗ ។

ទីពីរ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ។ វា​ហាក់​ដូចជា​រឿង​ដ៏​លំបាក ដោយសារ​បងប្អូន​មាន​រឿង​ផ្សេង​ទៀត​ដែល​បងប្អូន​ត្រូវ​គ្រប់​គ្រង​ក្នុង​ជីវិត ប៉ុន្តែ​ប្រសិន​បើ​បងប្អូន​នឹង​ទទួល​យក​ការ​អញ្ជើញ​នេះ​ដោយ​អស់​ពីដួង​ចិត្ត នោះ​ព្រះអម្ចាស់​នឹង​ជួយ​បងប្អូន​រក​ឃើញ​វិធី​មួយ​ដើម្បី​សម្រេច​វា​បាន ។ ហើយ​នៅ​ពេល​បងប្អូន​សិក្សា​ប្រកប​ដោយ​ការ​អធិស្ឋាន ខ្ញុំ​សូម​សន្យា​ថា ស្ថានសួគ៌​នឹង​បើក​ទ្វារ​សម្រាប់​បងប្អូន ។ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​បងប្អូន​នូវ​ការ​បំផុស​គំនិត និង​វិវរណៈ​ដ៏​ច្រើន ។

នៅពេល​បងប្អូន​អាន ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​គូស​ចំណាំ​ខគម្ពីរ​នីមួយៗ​ដែល​លើក​ឡើង ឬ​និយាយ​ពី​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់​មក ត្រូវ​មាន​បំណង​និយាយ​អំពី​ព្រះគ្រីស្ទ អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ និង​ផ្សាយ​អំពី​ព្រះគ្រីស្ទ​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​របស់​បងប្អូន ។ បងប្អូន ព្រមទាំង​ពួកគេ​នឹង​បាន​ខិត​ទៅជិត​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ដំណើរ​ការ​នេះ ។ ហើយ​ការ​ផ្លាស់​ប្ដូរ សូម្បី​អព្ភូតហេតុ នឹង​ចាប់ផ្ដើម​កើត​មាន​ឡើង ។

នៅ​ព្រឹក​មិញ​នេះ មាន​សេចក្ដីប្រកាស​ត្រូវ​បាន​ធ្វើ​ឡើង​ស្ដីពី​កាលវិភាគ​ថ្មី​សម្រាប់​ថ្ងៃ​អាទិត្យ និង កម្មវិធី​សិក្សា​ដែល​ផ្ដោត​លើ​គេហដ្ឋាន ហើយ​គាំទ្រ​ដោយ​សាសនាចក្រ ។ បងប្អូន​ស្រី​របស់​ខ្ញុំ​អើយ បងប្អូន​គឺជា​មនុស្ស​ដ៏​សំខាន់​ចំពោះ​ជោគជ័យ​នៃ​ការ​ខិតខំ​ថ្មី​ដ៏​មាន​តុល្យភាព​នេះ និង​កិច្ចខិតខំ​បង្រៀន​ដំណឹង​ល្អ​ដែល​ត្រូវ​គ្នា ។ សូម​បង្រៀន​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​នូវ​អ្វី​ដែល​បងប្អូន​កំពុង​រៀនសូត្រ​នៅ​ក្នុង​បទគម្ពីរ ។ សូម​បង្រៀន​ពួកគេ​ពី​របៀប​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ព្រះចេស្ដា​នៃ​ការ​ព្យាបាល និង​ការ​លាង​សម្អាត នៅពេល​ពួកគេ​មាន​អំពើបាប ។ ហើយ​បង្រៀន​ពួកគេ​ពី​របៀប​ទទួល​បាន​ព្រះចេស្ដា​នៃ​ការ​គាំទ្រ​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​របស់​ពួកគេ ។

ទីបី សូម​ស្ថាបនា​គំរូ​មួយ​នៃ​ការ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹក​ញាប់ ។ កិច្ចការ​នេះ​ប្រហែល​ជា​តម្រូវ​ការ​លះបង់​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ ការ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀង​ទាត់​នឹង​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​បង្រៀន​បងប្អូន​ពី​របៀប​ប្រើ​អំណាច​បព្វជិតភាព​របស់​ទ្រង់​ជា​ធនធាន​មួយ​ដែល​ត្រូវ​បាន​ប្រទាន​ដល់​បងប្អូន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ ចំពោះ​បងប្អូន​ដែល​ពុំ​រស់​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​បទគម្ពីរ និង​នៅ​ក្នុង​ប្រសាសន៍​របស់​ពួកព្យាការី​នៅ​រស់ ។ សូម​ខិតខំ​ដើម្បី ដឹង ដើម្បី យល់ ដើម្បី ទទួល​អារម្មណ៍​អំពី​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ច្រើន​ជាង​មុន ។

នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​របស់​យើង​ទូទាំង​ពិភពលោក​កាល​ពី​ខែ​មិថុនា ខ្ញុំ​បាន​និយាយ​អំពី​យុវជន​ម្នាក់​ដែល​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ នៅពេល​ឪពុកម្ដាយ​របស់​គាត់​បាន​ប្ដូរ​ទូរសព្ទ​ដៃ​ស្មាតហ្វូន​របស់​គាត់​មក​ជា​ទូរសព្ទ​ដៃ​បត់​ធម្មតា​វិញ ។ ម្ដាយ​របស់​យុវជន​រូប​នេះគឺជា​ស្ត្រី​ម្នាក់​ដែល​មាន​សេចក្ដី​ជំនឿ​រឹង​មាំ ។ គាត់​បាន​ឃើញ​ថា កូនប្រុស​របស់​គាត់​កំពុង​ងាក​ទៅរក​ការ​ជ្រើស​រើស​ដែល​អាច​រារាំង​គាត់​ពី​ការ​បម្រើ​បេសកកម្ម ។ គាត់​បាន​ធ្វើ​ការ​ទូល​អង្វរ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ជួយ​កូន​ប្រុស​របស់​គាត់ ។ បន្ទាប់​មក​គាត់​បាន​ធ្វើ​តាម​រាល់​ការ​បំផុស​គំនិត ។

គាត់​បាន​ពោលថា « ខ្ញុំ​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​កំពុង​ដឹកនាំ​ឲ្យ​ពិនិត្យ​មើល​ទូរសព្ទ​របស់​កូន​ប្រុស​ខ្ញុំ​នៅ​ពេល​ជាក់​លាក់ ដើម្បី​ចាប់​បាន​នូវ​រឿង​ជាក់​លាក់​មួយ​ចំនួន ។ ខ្ញុំ​ពុំ​ដឹង​ពី​របៀប​ប្រើ​ទូរសព្ទ​ដៃ​ស្មាតហ្វូន​ទាំង​នេះ​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ចេះ​ប្រើ​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ប្រើ​ពីមុន​មក​សោះ ! ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​ជួយ​ឪពុក​ម្ដាយ​ដែលកំពុង​ស្វែង​រក​ការ​ដឹកនាំ​ដើម្បី​ការពារ​កូនៗ​របស់​ពួកគេ ។ [ ពី​ដំបូង ] កូន​ប្រុស​របស់​ខ្ញុំ​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ។… ប៉ុន្តែ​ត្រឹម​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ គាត់​បាន​អរគុណ​ដល់​ខ្ញុំ ! គាត់​អាច​ទទួល​អារម្មណ៍​នូវ​ភាព​ខុស​ប្លែក » ។

ឥរិយាបថ និង​បុគ្គលិក​លក្ខណៈ​របស់​កូន​ប្រុស​គាត់​បាន​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន ។ គាត់​បាន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ច្រើន ញញឹម​ច្រើន ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ឯ​ព្រះវិហារ​ច្រើន​ជាង​មុន ។ គាត់​ស្រឡាញ់​ការ​បម្រើ​រយៈពេល​ខ្លី​មួយ​នៅ​ឯ​អាង​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កំពុង​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម​របស់​គាត់។

ការ​អញ្ជើញ​ទីបួន​របស់​ខ្ញុំ គឺ​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​សមាគម​សង្គ្រោះ​សម្រាប់​បងប្អូន​ដែល​មាន​អាយុ​គ្រប់​គ្រាន់ ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​សិក្សា​សេចក្ដី​ថ្លែង​ការណ៍​ស្ដីពី​គោលបំណង​បច្ចុប្បន្ន​របស់​សមាគមសង្គ្រោះ ។ វា​មាន​នូវ​ការ​បំផុស​គំនិត ។ វា​ប្រហែល​ជា​ដឹកនាំ​បងប្អូន​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេចក្ដីថ្លែង​ការណ៍​ស្ដីពី​គោលបំណង​សម្រាប់​ជីវិត​ផ្ទាល់​របស់​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​ក៏​សុំ​ឲ្យ​បងប្អូន​រីករាយ​ចំពោះ​សេចក្ដី​ពិត​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សមាគម​សង្គ្រោះ​ដែល​បាន​បោះពុម្ព​ផ្សាយ​ប្រមាណ​ជា ២០ ឆ្នាំ​មុន​ផង​ដែរ ។ សំណៅ​មួយ​នៃ​សេចក្ដី​ប្រកាស​នេះ​ដែល​បាន​ដាក់​នៅ​ក្នុង​ស៊ុម ត្រូវ​បាន​ដាក់​ព្យួរ​នៅ​លើ​ជញ្ជាំង​ក្នុង​ការិយាល័យ​របស់​គណៈប្រធាន​ទីមួយ ។ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ គ្រប់ ពេល​ខ្ញុំ​អាន​វា ។ វា​ពិពណ៌នា​អំពី​អត្តសញ្ញាណ​របស់​បងប្អូន និង​បុគ្គលិក​លក្ខណៈ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ប្រែ​ក្លាយនៅ​គ្រា ជាក់​លាក់ នេះ កាល​បងប្អូន​ធ្វើ​ផ្នែក របស់​បងប្អូន ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់​ព្រាត់ ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់​អើយ យើង​ត្រូវការ បងប្អូន ! យើង « ត្រូវការ​កម្លាំង របស់​បងប្អូន ការប្រែចិត្តជឿ របស់​បងប្អូន ជំនឿ​ស៊ប់ របស់​បងប្អូន លទ្ធភាព​ដឹកនាំ របស់​បងប្អូន ប្រាជ្ញា របស់​បងប្អូន និង​សំឡេង របស់​បងប្អូន » ។ យើង​ពុំ​អាច​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ដោយ​គ្មាន​បងប្អូន​បាន​ឡើយ ។

ខ្ញុំ​ស្រឡាញ់ ហើយ​អរគុណ​ចំពោះ​បងប្អូន ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​ជាមួយ​នឹង​សមត្ថភាព ដើម្បី​បំភ្លេច​លោកិយ​នេះ កាល​បងប្អូន​ជួយ​នៅ​ក្នុង​កិច្ចការ​បន្ទាន់​ដ៏​សំខាន់​នេះ ។ យើង​អាច​ធ្វើ​រួម​គ្នា​នៅ​រាល់​កិច្ចការ​ដែល​ព្រះវរបិតា​សួគ៌​ត្រូវការ​ឲ្យ​យើង​ធ្វើ ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ពីរ​នៃ​ព្រះរាជ​បុត្រា​សំណព្វ​របស់​ទ្រង់ ។

ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​នេះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.lds.org ។

  2. សូមមើល នីហ្វៃទី ២ ២៥:២៦ ។

  3. ឯកសារ​ទាំង​នេះ​មាន​នៅលើ​អ៊ិនធើរណែត ។ សម្រាប់​សេចក្តីថ្លែងការ​អំពី​សមាគម​សង្គ្រោះ សូមមើល lds.org/callings/relief-society ។ សម្រាប់​សេចក្តីប្រកាស​អំពី​សមាគម​សង្គ្រោះ សូមមើល Mary Ellen Smoot « Rejoice, Daughters of Zion » Liahona ខែ មករា ឆ្នាំ ២០០០ ទំព័រ ១១១–១១៤ ។

  4. រ័សុល អិម ណិលសុន « ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។