ស្ត្រី និងការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន
ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះចំពោះរបៀបដែលបងប្អូននឹងដើរតួជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការរបស់ទ្រង់ ដើម្បីគូសបញ្ជាក់កាន់តែខ្លាំងស្ដីពីការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន ។
បងប្អូនស្រីជាទីស្រឡាញ់ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបនឹងបងប្អូន ។ នេះគឺជាគ្រាដ៏រីករាយមួយនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់កំពុងចាក់ស្រោចចំណេះដឹងដល់សាសនាចក្ររបស់ទ្រង់ ដូចដែលទ្រង់បានសន្យា ។
បងប្អូននៅចាំបន្ទូលរបស់ទ្រង់ទេថា « តើទឹកហូរនឹងនៅកខ្វក់យូរប៉ុណ្ណាទៅ ? តើអំណាចអ្វីដែលនឹងបញ្ឈប់សួគ៌ាបាន ? ដូចជាមនុស្សណាម្នាក់លាតដៃខ្សោយទៅបញ្ឈប់ទន្លេមិសសួរី នៅក្នុងដំណើរវាដែលបានសម្រេចទុក ឬបង្វែរទឹកហូរបញ្ច្រាសយ៉ាងណា នោះក៏ដូចជាបង្អាក់ព្រះដ៏មានមហិទ្ធិឫទ្ធិពីការចាក់តម្រិះពីស្ថានសួគ៌ មកលើក្បាលនៃពួកបរិសុទ្ធថ្ងៃចុងក្រោយយ៉ាងនោះដែរ »។
ផ្នែកមួយនៃការចែកចាយចំណេះដឹងនាពេលបច្ចុប្បន្នរបស់ព្រះអម្ចាស់ទាក់ទងនឹងការពន្លឿននៃការចាក់ស្រោចសេចក្តីពិតអស់កល្បរបស់ទ្រង់មកលើក្បាល និងទៅក្នុងដួងចិត្តរបស់រាស្ត្រទ្រង់ ។ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ពួកបុត្រីរបស់ព្រះវរបិតាសួគ៌នឹងមានតួនាទីដ៏ចម្បងមួយនៅក្នុងការពន្លឿនដ៏អស្ចារ្យនោះ ។ ភស្ដុតាងមួយនៃអព្ភូតហេតុនោះគឺការដឹកនាំរបស់ទ្រង់ដល់ព្យាការីនៅរស់ឲ្យធ្វើការគូសបញ្ជាក់បន្ថែមទៀតស្ដីពីការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន និងក្នុងគ្រួសារ ។
បងប្អូនអាចសួរថា « តើការណ៍នោះធ្វើឲ្យបងប្អូនស្រីស្មោះត្រង់ជាកម្លាំងដ៏សំខាន់មួយ ដើម្បីជួយព្រះអម្ចាស់ចាក់ស្រោចចំណេះដឹងលើពួកបរិសុទ្ធរបស់ទ្រង់តាមរបៀបណា ? » ព្រះអម្ចាស់ប្រទានចម្លើយនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ បងប្អូនចងចាំពាក្យទាំងនោះ ប៉ុន្តែបងប្អូនអាចមើលឃើញអត្ថន័យថ្មី ហើយស្គាល់ថា ព្រះអម្ចាស់បានទតឃើញជាមុនពីការផ្លាស់ប្ដូរដ៏រីករាយទាំងនេះ ដែលកំពុងកើតឡើង ។ នៅក្នុងការប្រកាសនោះ ទ្រង់បានប្រទានការទទួលខុសត្រូវដល់បងប្អូនស្រីឲ្យធ្វើជាអ្នកបង្ហាត់បង្រៀនដំណឹងល្អដ៏សំខាន់នៅក្នុងគ្រួសារ តាមរយៈបន្ទូលទាំងនេះថា « ម្តាយមានភារកិច្ចសំខាន់ ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ។ ការណ៍នេះរួមបញ្ចូលទាំងការថែរក្សាបីបាច់សេចក្ដីពិត និងចំណេះដឹងនៃដំណឹងល្អផងដែរ ។
ការប្រកាសនេះបន្តទៀតថា « ឪពុក និងម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ។ ពួកគេគឺជាដៃគូស្មើភាពគ្នា ស្មើភាពនៅក្នុងសក្ដានុពលរបស់ពួកគេដើម្បីរីកចម្រើនខាងវិញ្ញាណ និងទទួលបានចំណេះដឹង ហើយសាមគ្គីគ្នាដោយជួយគ្នាទៅវិញទៅមក ។ ពួកគេស្មើភាពគ្នានៅក្នុងជោគវាសនាដ៏ទេវភាពរបស់ពួកគេដើម្បីបានតម្កើងឡើងរួមគ្នា ។ ពិតណាស់ ទាំងបុរស និងស្ត្រីពុំអាចបានតម្កើងឡើងតែម្នាក់ឯងឡើយ ។
ចុះហេតុអ្វីបានជាបុត្រីម្នាក់របស់ព្រះទទួលការទទួលខុសត្រូវដ៏សំខាន់ដើម្បីចិញ្ចឹមបីបាច់ជាមួយនឹងសារធាតុចិញ្ចឹមដ៏សំខាន់បំផុតដែលមនុស្សទាំងអស់ត្រូវទទួល ជាចំណេះដឹងនៃសេចក្ដីពិតដែលមកពីស្ថានសួគ៌ នៅក្នុងទំនាក់ទំនងដ៏សាមគ្គី និងស្មើភាពគ្នាមួយ ? តាមខ្ញុំយល់ ការណ៍នោះជារបៀបរបស់ព្រះអម្ចាស់ចាប់តាំងពីក្រុមគ្រួសារត្រូវបានបង្កើតឡើងនៅលើផែនដីមកម្ល៉េះ ។
ឧទាហរណ៍អេវ៉ាគឺជាអ្នកដែលទទួលចំណេះដឹងថា អ័ដាមចាំបាច់ត្រូវទទួលទានផ្លែនៃដើមដឹងខុសត្រូវ ដើម្បីឲ្យពួកគេគោរពតាមរាល់បទបញ្ញត្តិរបស់ព្រះ ហើយបង្កើតគ្រួសារមួយឡើង ។ ខ្ញុំពុំដឹងថា ហេតុអ្វីចំណេះដឹងនោះបានទៅឯអេវ៉ាមុនទេ ប៉ុន្តែអ័ដាម និងអេវ៉ាបានសាមគ្គីគ្នាយ៉ាងល្អឥតខ្ចោះ នៅពេលចំណេះដឹងនោះត្រូវបានចាក់ស្រោចមកលើអ័ដាម ។
គំរូមួយទៀតនៃការដែលព្រះអម្ចាស់ប្រើប្រាស់អំណោយទានចិញ្ចឹមបីបាច់របស់ស្ត្រីគឺ វិធីមួយដែលទ្រង់បានប្រទានកម្លាំងដល់ពួកកូនប្រុសរបស់ហេលេមិន ។ ខ្ញុំក្ដុកក្ដួលនៅក្នុងចិត្ត នៅពេលខ្ញុំអានដំណើររឿងនេះ រួចហើយចងចាំដល់ពាក្យសម្ដីអះអាងស្ងៀមស្ងាត់របស់អ្នកម្ដាយខ្ញុំ កាលខ្ញុំចេញទៅបម្រើកងទ័ព ។
ហេលេមិនបានកត់ត្រាថា ៖
« ពួកគេត្រូវបានបង្រៀនដោយម្តាយគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងពួកគេឲ្យរួច ។
ហើយពួកគេបានរៀបរាប់ប្រាប់ខ្ញុំនូវពាក្យពេចន៍របស់ម្តាយគេថា ៖ យើងខ្ញុំមិនសង្ស័យសោះថា ម្តាយយើងដឹងការណ៍នេះ » ។
ទោះខ្ញុំពុំដឹងហេតុផលទាំងអស់របស់ព្រះអម្ចាស់ចំពោះការផ្ដល់ការទទួលខុសត្រូវចម្បងក្នុងការចិញ្ចឹមបីបាច់នៅក្នុងគ្រួសារដល់បងប្អូនស្រីស្មោះត្រង់ក្ដី ក៏ខ្ញុំជឿថា វាទាក់ទងនឹងសមត្ថភាពរបស់បងប្អូនដើម្បីផ្ដល់សេចក្ដីស្រឡាញ់ដែរ ។ វាត្រូវការសេចក្ដីស្រឡាញ់ដ៏ធំដើម្បីដឹងពីសេចក្ដីត្រូវការរបស់មនុស្សម្នាក់ទៀតដែលពុំមែនជាខ្លួនឯង ។ សេចក្ដីស្រឡាញ់នោះគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទសម្រាប់បុគ្គលដែលបងប្អូនចិញ្ចឹមបីបាច់ ។ អារម្មណ៍នៃសេចក្ដីសប្បុរសនោះកើតចេញពីបុគ្គលដែលបានជ្រើសរើសឲ្យធ្វើជាអ្នកចិញ្ចឹមបីបាច់ ដែលមានភាពស័ក្ដិសមសម្រាប់ឥទ្ធិពលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ បាវចនារបស់សមាគមសង្គ្រោះ ដែលអ្នកម្ដាយខ្ញុំបានធ្វើជាគំរូនោះ ហាក់ដូចបំផុសគំនិតខ្ញុំថា « សេចក្ដីស្រឡាញ់មិនដែលផុតឡើយ » ។
ក្នុងនាមជាបុត្រីរបស់ព្រះ បងប្អូនមានសមត្ថភាពពីធម្មជាតិដ៏អស្ចារ្យមួយដើម្បីដឹងពីសេចក្ដីត្រូវការរបស់មនុស្សដទៃ និងដើម្បីផ្ដល់សេចក្ដីស្រឡាញ់ ។ ជាលទ្ធផល ការណ៍នេះធ្វើឲ្យបងប្អូនកាន់តែឆាប់ឮការខ្សឹបប្រាប់ពីព្រះវិញ្ញាណ ។ បន្ទាប់មក ព្រះវិញ្ញាណអាចដឹកនាំការគិត ការនិយាយ និងកិច្ចការដែលបងប្អូនធ្វើដើម្បីចិញ្ចឹមបីបាច់មនុស្ស ដើម្បីព្រះអម្ចាស់អាចចាក់ស្រោចចំណេះដឹង សេចក្ដីពិត និងភាពក្លាហានដល់ពួកគេ ។
បងប្អូនស្រីដែលកំពុងស្ដាប់ឮសំឡេងរបស់ខ្ញុំ បងប្អូនម្នាក់ៗស្ថិតនៅកន្លែងដ៏ពិសេសមួយក្នុងដំណើររបស់បងប្អូនឆ្លងកាត់ជីវិតនេះ ។ បងប្អូនខ្លះគឺជាក្មេងស្រីចូលរួមសម័យប្រជុំស្ត្រីទូទៅជាលើកដំបូង ។ ខ្លះទៀតគឺជាយុវនារីដែលកំពុងរៀបចំខ្លួនធ្វើជាអ្នកចិញ្ចឹមបីបាច់ស្របតាមព្រះទ័យរបស់ព្រះ ។ ខ្លះទៀតទើបរៀបការថ្មោងថ្មី ដែលពុំទាន់មានកូននៅឡើយ រីឯខ្លះទៀតគឺជាម្ដាយវ័យក្មេងដែលមានកូនម្នាក់ ឬច្រើន ។ ខ្លះគឺជាម្ដាយនៃក្មេងជំទង់ ហើយខ្លះទៀតមានកូននៅក្នុងតំបន់បេសកកម្ម ។ ខ្លះមានកូនដែលមានសេចក្ដីជំនឿចុះខ្សោយ ហើយឃ្លាតឆ្ងាយពីផ្ទះ ។ ខ្លះរស់នៅតែម្នាក់ឯង គ្មានដៃគូស្មោះត្រង់ ។ ខ្លះទៀតគឺជាជីដូន ។
ប៉ុន្តែ ទោះជាស្ថានភាពបងប្អូនបែបណាក្ដី ក៏បងប្អូនគឺជាផ្នែកមួយ—ផ្នែកមួយដ៏សំខាន់—នៃគ្រួសាររបស់ព្រះ និងគ្រួសាររបស់បងប្អូនផ្ទាល់ដែរ មិនថានាពេលអនាគត នៅក្នុងពិភពលោកនេះ ឬក្នុងពិភពវិញ្ញាណនោះទេ ។ ព្រះទុកព្រះទ័យឲ្យបងប្អូនចិញ្ចឹមបីបាច់សមាជិកគ្រួសាររបស់ទ្រង់ និងរបស់បងប្អូនឲ្យបានច្រើនតាមដែលអាចធ្វើបាន ដោយប្រើសេចក្ដីស្រឡាញ់ និងសេចក្ដីជំនឿរបស់បងប្អូនលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
បញ្ហារួមរបស់បងប្អូនគឺត្រូវស្គាល់បុគ្គលដែលត្រូវចិញ្ចឹមបីបាច់នោះ ដឹងពីរបៀប និងពេលវេលា ។ បងប្អូនត្រូវការជំនួយពីព្រះអម្ចាស់ ។ ទ្រង់ស្គាល់ដួងចិត្តរបស់មនុស្សដទៃ ហើយទ្រង់ស្គាល់ពីពេលវេលាដែលពួកគេត្រៀមខ្លួនជាស្រេចដើម្បីទទួលការចិញ្ចឹមបីបាច់របស់បងប្អូន ។ ការអធិស្ឋានដោយសេចក្ដីជំនឿរបស់បងប្អូននឹងជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់បងប្អូន ។ បងប្អូនអាចពឹងផ្អែកលើការទទួលបានការដឹកនាំរបស់ទ្រង់ ។
ទ្រង់បានប្រទានការលើកទឹកចិត្តនេះថា « ចូរសូមពីព្រះវរបិតាដោយនូវព្រះនាមយើង ដោយសេចក្តីជំនឿជឿថា អ្នកនឹងបានទទួល ហើយអ្នកនឹងបានព្រះវិញ្ញាណបរិសុទ្ធ ដែលសម្តែងប្រាប់នូវគ្រប់ទាំងអ្វីៗដែលចាំបាច់ដល់កូនចៅមនុស្ស » ។
បន្ថែមពីលើការអធិស្ឋាន នោះការសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់នឹងជាផ្នែកមួយនៃការកើនឡើងនូវអនុភាពរបស់បងប្អូនដើម្បីចិញ្ចឹមបីបាច់ ។ នេះគឺជាការសន្យា ៖ « ហើយចូរអ្នករាល់គ្នាកុំថប់ព្រួយទុកជាមុនពីអ្វីដែលអ្នករាល់គ្នាត្រូវថានោះឡើយ ប៉ុន្តែចូររក្សាទុកក្នុងគំនិតរបស់អ្នករាល់គ្នា ជាបន្តនូវព្រះបន្ទូលទាំងឡាយខាងជីវិតវិញ ហើយសេចក្តីដែលត្រូវនិយាយនឹងបានប្រទានដល់អ្នករាល់គ្នានៅចំម៉ោងនោះឯងនូវចំណែកដែលនឹងបានវាល់ដល់មនុស្សគ្រប់រូប »។
ដូច្នេះបងប្អូននឹងត្រូវចំណាយពេលច្រើនដើម្បីអធិស្ឋាន ពិចារណា ហើយស្មឹងស្មាធអំពីបញ្ហាខាងវិញ្ញាណ ។ បងប្អូននឹងមានចំណេះដឹងនៃសេចក្ដីពិតចាក់ស្រោចមកលើបងប្អូន ហើយរីកចម្រើននៅក្នុងអនុភាពរបស់បងប្អូនដើម្បីចិញ្ចឹមបីបាច់មនុស្សដទៃក្នុងគ្រួសាររបស់បងប្អូន ។
ពេលខ្លះ បងប្អូននឹងមានអារម្មណ៍ថា ការរីកចម្រើនរបស់បងប្អូននៅក្នុងការរៀនសូត្រដើម្បីឲ្យមានការចិញ្ចឹមបីបាច់ដ៏ប្រសើរមានសភាពយឺត ។ វានឹងត្រូវការសេចក្ដីជំនឿដើម្បីស៊ូទ្រាំ ។ ព្រះអង្គសង្គ្រោះបានបញ្ជូនការលើកទឹកចិត្តនេះដល់បងប្អូន ៖
« ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៍ដ៏ធំធេងឡើង ។
មើលចុះ ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និង គំនិតដែលស្ម័គ្រតាម ហើយពួកដែលស្ម័គ្រតាម ហើយស្តាប់បង្គាប់នឹងបានបរិភោគផលល្អនៃដែនដីស៊ីយ៉ូននៅគ្រាចុងក្រោយបង្អស់នេះ » ។
វត្តមានរបស់បងប្អូននារាត្រីនេះគឺជាភស្ដុតាងមួយថា បងប្អូនកំពុងយល់ព្រមទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ដើម្បីចិញ្ចឹមបីបាច់មនុស្សដទៃ ។ ការណ៍នោះគឺពិត សូម្បីតែចំពោះបុគ្គលដែលក្មេងជាងគេបំផុតនៅទីនេះនារាត្រីនេះក្ដី ។ បងប្អូនអាចស្គាល់បុគ្គលដែលត្រូវចិញ្ចឹមបីបាច់នៅក្នុងគ្រួសាររបស់បងប្អូន ។ ប្រសិនបើបងប្អូនអធិស្ឋានដោយចិត្តស្មោះសរ នោះឈ្មោះ ឬមុខរបស់មនុស្សម្នាក់នឹងផុសឡើងនៅក្នុងគំនិតរបស់បងប្អូន ។ ប្រសិនបើបងប្អូនអធិស្ឋានដើម្បីដឹងពីកិច្ចការដែលត្រូវធ្វើ ឬអ្វីដែលត្រូវនិយាយ នោះបងប្អូននឹងទទួលបានចម្លើយមួយ ។ រាល់ពេលដែលបងប្អូនគោរពតាម នោះអនុភាពដើម្បីចិញ្ចឹមបីបាច់របស់បងប្អូននឹងរីកចម្រើន ។ បងប្អូននឹងរៀបចំខ្លួនសម្រាប់គ្រាដែលបងប្អូននឹងចិញ្ចឹមបីបាច់កូនចៅរបស់បងប្អូនផ្ទាល់ ។
ម្ដាយរបស់ក្មេងជំទង់អាចអធិស្ឋានដើម្បីដឹងពីរបៀបចិញ្ចឹមបីបាច់កូនប្រុស ឬកូនស្រីម្នាក់ដែលទំនងជាមិនទទួលយកការចិញ្ចឹមបីបាច់ ។ បងប្អូនអាចអធិស្ឋានដើម្បីដឹងពីបុគ្គលដែលមានឥទ្ធិពលខាងវិញ្ញាណដែលកូនរបស់បងប្អូនត្រូវការ ហើយនឹងព្រមទទួលយក ។ ព្រះស្ដាប់ឮ ហើយឆ្លើយចំពោះការអធិស្ឋានដ៏អស់ពីចិត្តបែបនេះរបស់ម្ដាយដែលមានការព្រួយបារម្ភ ហើយទ្រង់បញ្ជូនជំនួយមក ។
ក៏ដូចជាជីដូនដែលបានមកចូលរួមនារាត្រីនេះ ហើយអាចមានការឈឺចិត្ត ដោយសារតែការឈឺចាប់ និងការលំបាកនៃកូនចៅរបស់គាត់ផងដែរ ។ បងប្អូនប្រហែលជាត្រូវរៀនពីភាពក្លាហាន និងការដឹកនាំមកពីបទពិសោធន៍របស់ក្រុមគ្រួសារនៅក្នុងបទគម្ពីរ ។
ចាប់តាំងពីជំនាន់អេវ៉ា និងអ័ដាម រហូតដល់ ឪពុកអ៊ីស្រាអែល ហើយបន្តមកទៀតរហូតដល់គ្រប់គ្រួសារនៅក្នុងព្រះគម្ពីរមរមន មាននូវមេរៀនដ៏ជាក់លាក់អំពីអ្វីដែលត្រូវធ្វើទាក់ទងនឹងក្តីសោកសៅពីកូនដែលគ្មានការឆ្លើយតប ៖ ត្រូវផ្ដល់សេចក្ដីស្រឡាញ់ជានិច្ច ។
យើងមាននូវគំរូដ៏លើកទឹកចិត្តរបស់ព្រះអង្គសង្គ្រោះ កាលទ្រង់បានចិញ្ចឹមបីបាច់ដល់កូនចៅវិញ្ញាណដែលបះបោររបស់ព្រះវរបិតាសួគ៌នៃទ្រង់ ។ សូម្បីតែនៅពេលពួកគេ និងយើងធ្វើឲ្យមានការឈឺចាប់ក្ដី ក៏ព្រះហស្ដរបស់ព្រះអង្គសង្គ្រោះនៅតែលាតសន្ធឹងដែរ ។ ទ្រង់បានមានបន្ទូលនៅក្នុងនីហ្វៃទី ៣ ស្ដីពីបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់ទ្រង់ ដែលទ្រង់បានព្យាយាមចិញ្ចឹមបីបាច់ ប៉ុន្តែពុំបានជោគជ័យសោះ ៖ « ឱអ្នករាល់គ្នា ដែលជាប្រជាជន … ដែលត្រូវជាវង្សអ៊ីស្រាអែល ជាញឹកញាប់យ៉ាងណាទៅ ដែលយើងបានប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបវា ហើយបានចិញ្ចឹមអ្នករាល់គ្នា » ។
ចំពោះបងប្អូនស្រីនៅគ្រប់ដំណាក់កាលនៃដំណើរជីវិត គ្រប់ស្ថានភាពគ្រួសារ និងគ្រប់វប្បធម៌ ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះចំពោះរបៀបដែលបងប្អូននឹងដើរតួជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការរបស់ទ្រង់ ដើម្បីគូសបញ្ជាក់កាន់តែខ្លាំងស្ដីពីការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន និងគ្រួសារ ។
បងប្អូននឹងបម្លែងអារម្មណ៍នៃសេចក្ដីសប្បុរសពិតរបស់បងប្អូនទៅជាសកម្មភាព និងការអនុវត្តក្នុងគ្រួសាររបស់បងប្អូន ។ ការណ៍នោះនឹងនាំមកនូវការរីកចម្រើនខាងវិញ្ញាណដ៏ធំ ។ នៅពេលបងប្អូនអធិស្ឋានជាមួយ និងសម្រាប់សមាជិកគ្រួសារ នោះបងប្អូននឹងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះពួកគេ និងសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេដែរ ។ ការណ៍នោះនឹងក្លាយជាអំណោយទានខាងវិញ្ញាណរបស់បងប្អូន នៅពេលបងប្អូនស្វែងរកវា ។ សមាជិកគ្រួសាររបស់បងប្អូននឹងទទួលអារម្មណ៍ពីវា នៅពេលបងប្អូនអធិស្ឋានដោយសេចក្ដីជំនឿដ៏ខ្លាំង ។
នៅពេលគ្រួសារប្រជុំគ្នាអានបទគម្ពីរឮៗ នោះបងប្អូននឹងបានអានបទគម្ពីរនោះរួចហើយ ហើយបានអធិស្ឋានពីវាដើម្បីរៀបចំខ្លួនរបស់បងប្អូន ។ បងប្អូននឹងបានរកឃើញគ្រាដើម្បីអធិស្ឋានទូលសូមព្រះវិញ្ញាណឲ្យបំភ្លឺគំនិតរបស់បងប្អូន ។ បន្ទាប់មក នៅពេលដល់វេនបងប្អូនត្រូវអាន នោះសមាជិកគ្រួសារនឹងទទួលបានអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះ និងចំពោះបន្ទូលរបស់ទ្រង់ ។ ពួកគេនឹងត្រូវបានចិញ្ចឹមបីបាច់តាមរយៈទ្រង់ និងព្រះវិញ្ញាណរបស់ទ្រង់ ។
ការចាក់ស្រោចដូចគ្នានេះអាចកើតមាននៅក្នុងការប្រជុំគ្នាជាគ្រួសារផ្សេងៗ ប្រសិនបើបងប្អូនអធិស្ឋាន ហើយដាក់ផែនការសម្រាប់កិច្ចការនេះ ។ វាប្រហែលជាត្រូវការការខិតខំ និងពេលវេលា ប៉ុន្តែវានឹងនាំមកនូវអព្ភូតហេតុ ។ ខ្ញុំចងចាំពីមេរៀនមួយដែលអ្នកម្ដាយខ្ញុំបានបង្រៀន កាលខ្ញុំនៅក្មេង ។ ខ្ញុំនៅចាំពីផែនទីពណ៌ដែលគាត់បានធ្វើឡើងស្ដីពីការធ្វើដំណើររបស់សាវកប៉ុល ។ ខ្ញុំងឿងឆ្ងល់ថា តើគាត់មានពេលវេលា និងកម្លាំងដើម្បីធ្វើកិច្ចការនោះតាមរបៀបណា ។ ហើយមកដល់សព្វថ្ងៃនេះ ខ្ញុំមានពរដោយសារសេចក្ដីស្រឡាញ់របស់គាត់ចំពោះសាវកដ៏ស្មោះត្រង់រូបនោះ ។
បងប្អូនម្នាក់ៗនឹងរកឃើញវិធីដើម្បីចូលរួមចំណែកនៅក្នុងការចាក់ស្រោចនៃសេចក្ដីពិតទៅលើក្រុមគ្រួសាររបស់បងប្អូននៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ ។ បងប្អូនម្នាក់ៗនឹងអធិស្ឋាន សិក្សា ហើយពិចារណាដើម្បីដឹងពីការចូលរួមចំណែកដ៏វិសេសវិសាលរបស់បងប្អូន ។ ប៉ុន្តែខ្ញុំដឹងថា ដោយទឹមស្មើគ្នានឹងពួកកូនប្រុសរបស់ព្រះ នោះបងប្អូនម្នាក់ៗនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃអព្ភូតហេតុមួយនៃការរៀនសូត្រ និងការរស់នៅតាមដំណឹងល្អ ដែលនឹងពន្លឿនដល់ការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល ហើយនឹងរៀបចំគ្រួសាររបស់ព្រះសម្រាប់ការយាងត្រឡប់មកវិញដ៏រុងរឿងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។