អំណាចនៃព្រះគម្ពីរមរមនក្នុងការប្រែចិត្តជឿ
ព្រះគម្ពីរមរមនផ្ដល់អាហារបំប៉នខាងវិញ្ញាណ ចេញវេជ្ជបញ្ជាឲ្យមានផែនការសកម្មភាព ហើយភ្ជាប់យើងជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។
ក្រោយពីពិនិត្យមើលរបាយការណ៍ការពិនិត្យសុខភាពផ្លូវកាយថ្មីមួយ ខ្ញុំបានដឹងថា ខ្ញុំត្រូវធ្វើការកែតម្រូវរបៀបរស់នៅខ្លះៗ ។ ដើម្បីជួយខ្ញុំ វេជ្ជបណ្ឌិតរបស់ខ្ញុំបានឲ្យអាហារបំប៉ន និងផែនការហាត់ប្រាណ ដែលនឹងធ្វើឲ្យខ្ញុំមានសុខភាពល្អជាងនេះ បើខ្ញុំជ្រើសរើសធ្វើតាមនោះ ។
ប្រសិនបើយើងម្នាក់ៗឆ្លងកាត់ការពិនិត្យខាងវិញ្ញាណ តើយើងនឹងដឹងអ្វីខ្លះអំពីខ្លួនយើង ? តើការផ្លាស់ប្ដូរអ្វីខ្លះដែលគ្រូពេទ្យខាងវិញ្ញាណរបស់យើងបង្គាប់ឲ្យធ្វើ ? ដើម្បីឲ្យយើងក្លាយជាមនុស្សដែលយើងត្រូវក្លាយជា វាចាំបាច់ថា យើងត្រូវដឹងអ្វីដែលត្រូវធ្វើ និងធ្វើអ្វីដែលយើងដឹង ។
ព្រះយេស៊ូវគ្រីស្ទគឺជាលោកចៅហ្វាយគ្រូពេទ្យ ។១ តាមរយៈដង្វាយធួនរបស់ទ្រង់ ទ្រង់រុំរបួសរបស់យើង លើកដាក់លើព្រះអង្គទ្រង់នូវជំងឺរបស់យើង ហើយព្យាបាលដួងចិត្តប្រេះស្រាំរបស់យើង ។២ តាមរយៈព្រះគុណរបស់ទ្រង់នោះ ចំណុចខ្សោយរបស់យើងអាចប្រែទៅជាកម្លាំងខ្លាំងបាន ។៣ ទ្រង់អញ្ជើញយើងឲ្យធ្វើតាមទ្រង់៤ តាមរយៈការរៀនអំពីទ្រង់ ស្ដាប់តាមបន្ទូលទ្រង់ ហើយដើរដោយរាបសាតាមព្រះវិញ្ញាណរបស់ទ្រង់ ។៥ ទ្រង់បានសន្យានឹងជួយយើង៦ ក្នុងដំណើរប្រែចិត្តជឿពេញមួយជីវិតនេះ ដែលនឹងផ្លាស់ប្ដូរយើង ហើយនាំមកនូវសេចក្តីអំណរដ៏អស់កល្បជានិច្ច ។៧
ព្រះអង្គសង្គ្រោះបានប្រទានព្រះគម្ពីរមរមនដល់យើង ជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីជួយក្នុងការប្រែចិត្តជឿ ។ ព្រះគម្ពីរមរមនផ្ដល់អាហារបំប៉នខាងវិញ្ញាណ ចេញវេជ្ជបញ្ជាឲ្យមានផែនការសកម្មភាព ហើយភ្ជាប់យើងជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។ ដោយបានសរសេរមកសម្រាប់យើង៨ គម្ពីរនេះមាននូវបន្ទូលរបស់ព្រះ៩ ហើយប្រាប់យើងពីអត្តសញ្ញាណ គោលបំណង និងជោគវាសនារបស់យើង ។១០ រួមជាមួយព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ១១ ហើយបង្រៀនពីរបៀបដែលយើងអាចដឹងពីសេចក្ដីពិត ហើយក្លាយដូចជាទ្រង់ ។
បងប្រុស សរ ប៉ូឡូ មានអាយុ ៥៨ ឆ្នាំ ពេលគាត់ស្គាល់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ នៅពេលខ្ញុំបានជួបគាត់ គាត់បានកំពុងបម្រើជាប្រធានសាខារយៈពេលបីបួនឆ្នាំហើយ ប៉ុន្ដែខ្ញុំដឹងថា គាត់មិនដែលអានព្រះគម្ពីរមរមនឡើយ ដោយសារវាមិនទាន់មានជាភាសាដើមភូមារបស់គាត់នៅឡើយ ។ ពេលខ្ញុំសួរគាត់ពីរបៀបដែលគាត់ដឹងថា គម្ពីរនេះគឺពិតដោយមិនបានអានវា នោះគាត់បានឆ្លើយថា គាត់បានសិក្សាសៀវភៅរូបភាពដំណើររឿងព្រះគម្ពីរមរមន រាល់ថ្ងៃ ដោយការមើលរូបភាព ការប្រើវចនានុក្រមបកប្រែពាក្យភាសាអស់គ្លេស និងកត់ចំណាំអ្វីដែលគាត់បានរៀនដោយយកចិត្តទុកដាក់ ។ គាត់បានពន្យល់ថា « គ្រប់ពេលដែលខ្ញុំសិក្សា ខ្ញុំបានអធិស្ឋានអំពីអ្វីដែលខ្ញុំបានរៀន ហើយខ្ញុំមានអារម្មណ៍សុខសាន្ដ និងមានអំណរ គំនិតខ្ញុំបានជាក់ច្បាស់ ហើយដួងចិត្តខ្ញុំបានទន់ភ្លន់ ។ ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងថ្លែងទីបន្ទាល់មកខ្ញុំថា វាគឺជាការពិត ។ ខ្ញុំដឹងថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ » ។
ដូចបងប្រុស ស បូឡូ យើងម្នាក់ៗអាចសិក្សាព្រះគម្ពីរមរមនស្របតាមកាលៈទេសៈរបស់យើង ។ នៅពេលយើងសម្រេចចិត្តដើម្បីជឿនិងពិចារណាអំពីការបង្រៀននោះក្នុងដួងចិត្តរបស់យើង នោះយើងអាចទូលសុំដល់ព្រះដោយជំនឿបើការបង្រៀននោះពិត ។១២ បើ សិន យើងស្មោះត្រង់ក្នុងការចង់ដឹងនិងមានចេតនាពិតក្នុងការធ្វើសកម្មភាពនោះទ្រង់នឹងឆ្លើយតបយើងនៅក្នុងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះ យើង នឹងស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ ។១៣ នៅពេលយើងបានទទួលទីបន្ទាល់ដ៏ប្រសើរនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងក៏ដឹងដោយព្រះចេស្ដាដដែលថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ទ្រង់ នៅជាន់ចុងក្រោយបង្អស់ ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រដែលបានសាងឡើងវិញរបស់ទ្រង់ ។១៤
ក្នុងនាមជាយុវជនម្នាក់ដែលចាប់ផ្ដើមការបម្រើបេសកកម្មរបស់ខ្ញុំ នោះខ្ញុំបានជិះយន្ដហោះទៅប្រទេសអូស្ដ្រាលី ។ ដោយមានអារម្មណ៍ឯកោខ្លាំង អន្ទះសា និងខ្វះសមត្ថភាព ប៉ុន្ដែបានតាំងចិត្តថានឹងបម្រើ នោះខ្ញុំត្រូវការការបញ្ជាក់ជាថ្មីយ៉ាងខ្លាំងថា អ្វីដែលខ្ញុំជឿគឺជាការពិត ។ ខ្ញុំបានអធិស្ឋាន និងអានព្រះគម្ពីរខ្ញុំដោយចិត្តស្មោះសរ ប៉ុន្ដែកាលយន្ដហោះចេះតែហោះទៅមុខ នោះមន្ទិលលើខ្លួនខ្ញុំកាន់តែពុះកញ្ជ្រោលឡើង ហើយស្ថានភាពផ្លូវកាយរបស់ខ្ញុំបានចុះយ៉ាប់យ៉ឺន ។ ក្រោយពីខ្ញុំបានពុះពារអស់ពេលបីបួនម៉ោង អ្នកបម្រើលើយន្ដហោះបានដើរមក ហើយឈប់ក្បែរកៅអីខ្ញុំ ។ គាត់បានយកព្រះគម្ពីរមរមន ដែលខ្ញុំកំពុងអាននោះពីដៃខ្ញុំ ។ គាត់បានមើលគម្រប ហើយនិយាយថា « នេះជាសៀវភៅដ៏អស្ចារ្យមួយ ! » រួចបានហុចគម្ពីរនោះឲ្យខ្ញុំវិញ ហើយបន្ដដើរទៀត ។ ខ្ញុំមិនដែលបានឃើញគាត់ម្តងទៀតទេ ។
ខណៈសម្ដីរបស់គាត់បានបន្លឺក្នុងត្រចៀកខ្ញុំ តែខ្ញុំបានឮច្បាស់ និងមានអារម្មណ៍ក្នុងចិត្តថា « យើងនៅទីនេះ ហើយយើងដឹងថា បុត្រនៅទីណា ។ គ្រាន់តែធ្វើឲ្យអស់ពីសមត្ថភាពបុត្រទៅ ព្រោះយើងនឹងបំពេញការណ៍ទាំងប៉ុន្មានទៀត » ។ នៅលើយន្ដហោះនោះកាត់មហាសមុទ្រប៉ាស៊ីភិច ខ្ញុំបានទទួលសាក្សីផ្ទាល់ខ្លួនមួយតាមរយៈការសិក្សាព្រះគម្ពីរមរមនរបស់ខ្ញុំ និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធថា ព្រះអង្គសង្គ្រោះរបស់ខ្ញុំបានជ្រាបថា ខ្ញុំជានរណា ហើយថាដំណឹងល្អគឺពិត ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « ការដឹងថាដំណឹងល្អជាការពិត គឺជាចំណុចសំខាន់ដើម្បីមានទីបន្ទាល់ ។ ការនៅពិតដ៏ខ្ជាប់ខ្ជួនចំពោះដំណឹងល្អគឺជាការសំខាន់សម្រាប់ការប្រែចិត្តជឿ » ។១៥ ការប្រែចិត្តជឿតម្រូវឲ្យយើងធ្វើជា « អ្នកប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ » ។១៦ ផែនការសកម្មភាពរបស់ព្រះអម្ចាស់សម្រាប់យើង—គឺគោលលទ្ធិរបស់ព្រះគ្រីស្ទ—ត្រូវបានបង្រៀនយ៉ាងច្បាស់បំផុតនៅក្នុងព្រះគម្ពីរមរមន ។១៧ ការណ៍នេះរួមមាន ៖
-
ទីមួយ ការអនុវត្ត សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយ ការទុកចិត្ត លើទ្រង់ ការកាន់តាមបទបញ្ញត្តិរបស់ទ្រង់ និងការដឹង ថា ទ្រង់នឹងជួយយើង ។១៨
-
ទីពីរ ការប្រែចិត្ត រាល់ថ្ងៃពីកំហុសរបស់យើង ហើយដកពិសោធន៍ អំណរ និងភាពសុខសាន្ដ ពេលទ្រង់អភ័យទោសឲ្យយើង ។១៩ ការប្រែចិត្តតម្រូវឲ្យយើងអភ័យទោស ឲ្យមនុស្សដទៃ២០ ហើយជួយយើងឲ្យឈានទៅមុខទៀត ។ ព្រះអង្គសង្គ្រោះបានសន្យាថានឹងអភ័យទោសឲ្យយើងឲ្យបានញឹកញាប់ នៅពេលយើងប្រែចិត្ត ។២១
-
ទីបី ការចុះ និងការរក្សា សេចក្ដីសញ្ញាជាមួយនឹងព្រះតាមរយៈពិធីបរិសុទ្ធដូចជាពិធីបុណ្យជ្រមុជទឹក ។ ការណ៍នេះនឹងរក្សាយើងឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅរកទ្រង់ ។២២
-
ទីបួន ការទទួលបាន អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយទាននេះអនុញ្ញាតឲ្យមានដៃគូជាប់លាប់ជាមួយនឹងអង្គដែលបន្សុទ្ធ លួងលោម និងណែនាំយើង ។២៣
-
ទីប្រាំ ការស៊ូទ្រាំ ដល់ទីបញ្ចប់ តាមរយៈ ការឈានទៅមុខដោយខ្ជាប់ខ្ជួន ខណៈ ទទួលទាន បន្ទូលរបស់ព្រះគ្រីស្ទប្រចាំថ្ងៃ ។២៤ តាមរយៈការទទួលទានពីព្រះគម្ពីរមរមន និងការកាន់ខ្ជាប់តាមការបង្រៀនក្នុងគម្ពីរនេះ យើងអាចយកឈ្នះលើការល្បួង ហើយទទួលបានការដឹកនាំ និងការការពារពេញមួយជីវិតយើង ។២៥
តាមរយៈការអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទដោយខ្ជាប់ខ្ជួនក្នុងជីវិតរបស់យើង នោះយើងនឹងយកឈ្នះភាពល្ហិតល្ហៃ ដែលបង្អាក់ការផ្លាស់ប្ដូរ និងការភ័យខ្លាចដែលរារាំងសកម្មភាព ។ យើងនឹងទទួលបានវិវរណៈផ្ទាល់ខ្លួន ដោយសារព្រះវិញ្ញាណបរិសុទ្ធ « នឹងបង្ហាញ ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ »២៦ ហើយ « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។២៧
អស់រយៈពេល ២០ ឆ្នាំ បងប្រុស ហួង យុនកុង បានពុះពារនឹងគ្រឿងស្រវឹង បារី និងល្បែងអត់មិនបាន ។ ពេលដែលត្រូវបាននាំឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ នោះបងប្រុសហួងមានបំណងចង់ផ្លាស់ប្ដូរដើម្បីគ្រួសារដ៏ក្មេងខ្ចីរបស់គាត់ ។ ឧបសគ្គដ៏ធំបំផុតរបស់គាត់គឺការជក់បារី ។ ជាអ្នកជក់បារីញៀនខ្លាំង គាត់បានព្យាយាមឈប់ជាច្រើនដង តែមិនបានជោគជ័យ ។ ថ្ងៃមួយ បន្ទូលចេញពីព្រះគម្ពីរមរមនទាំងនេះបាកដក់ក្នុងចិត្តគាត់ ៖ « ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត » ។២៨ ទោះជាការប៉ុនប៉ងពីមុនបានបរាជ័យក្ដី ក៏គាត់មានអារម្មណ៍ថា ប្រហែលគាត់អាចផ្លាស់ប្ដូរបានដោយមានជំនួយមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបានរួមសាមគ្គីសេចក្ដីជំនឿរបស់ពួកគេជាមួយសេចក្ដីជំនឿគាត់ ហើយបានផ្ដល់ផែនការសកម្មភាពទប់ស្កាត់មួយដែលអនុវត្តបាន រួមជាមួយការអធិស្ឋាន និងការសិក្សាព្រះបន្ទូលរបស់ព្រះយ៉ាងខ្លាំង ។ ដោយមានចិត្តស្មោះសរ និងបំណងស្មោះអស់ពីចិត្ត បងប្រុសហួសបានអនុវត្តដោយការប្ដេជ្ញាចិត្តដ៏ស្មោះត្រង់ ហើយបានឃើញថា កាលគាត់ផ្ដោតកាន់តែខ្លាំងលើទម្លាប់ថ្មីដែលគាត់ចង់បង្កើត ដូចជាការសិក្សាព្រះគម្ពីរមរមន នោះគាត់លែងផ្ដោតលើទម្លាប់ដែលគាត់ចង់បោះបង់ចោល ។
ពេលរំឭកដល់បទពិសោធន៍គាត់ជាង ១៥ ឆ្នាំកន្លងទៅ គាត់បានសម្គាល់ថា « ខ្ញុំមិនចាំពីពេលដែលខ្ញុំឈប់ជក់បារីឲ្យប្រាកដទេ ប៉ុន្ដែកាលខ្ញុំខំព្យាយាមរាល់ថ្ងៃដើម្បីធ្វើរឿងដែលខ្ញុំដឹងថា ខ្ញុំត្រូវធ្វើដើម្បីយាងព្រះវិញ្ញាណនៃព្រះអម្ចាស់មកក្នុងជីវិតរបស់ខ្ញុំ ហើយបន្ដធ្វើវា នោះខ្ញុំលែងចង់ជក់បារីទៀត ហើយបានឈប់តាំងពីនោះមក » ។ តាមរយៈការអនុវត្តតាមការបង្រៀននៃព្រះគម្ពីរមរមន ជីវិតរបស់បងប្រុសហួងបានផ្លាស់ប្ដូរ ហើយគាត់បានក្លាយជាស្វាមី និងឪពុកដ៏ប្រសើរម្នាក់ ។
ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា « ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ជំងឺរូបអាសគ្រាមដែលតោងយ៉ាងជាប់ និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក » ។២៩
មិត្តជាទីស្រឡាញ់អើយ ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលរបស់ព្រះ ហើយយើងនឹងខិតទៅកាន់តែជិតទ្រង់ ប្រសិនបើយើងសិក្សាវា ។៣០ កាលយើងដកពិសោធន៍បន្ទូលក្នុងគម្ពីរនេះ ៣១ យើងនឹងទទួលបានសាក្សីមួយនៃសេចក្ដីពិតពេញលេញវា ។ កាលយើងរស់នៅតាមការបង្រៀនក្នុងគម្ពីរនេះដោយខ្ជាប់ខ្ជួន៣១នោះយើងនឹងលែងមានបំណងធ្វើអាក្រក់ទៀតហើយ » ។ ៣២ ដួងចិត្ត ទឹកមុខ និងនិស្ស័យរបស់យើងនឹងបានផ្លាស់ប្ដូរដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។៣៣ ខ្ញុំចែកចាយសាក្សីដ៏ប្រាកដប្រជាថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និងជាមិត្តរបស់យើង។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕