គ្រឹះយ៉ាងល្អដល់ថ្ងៃក្រោយ
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ សូមឲ្យយើងអនុញ្ញាតិការកែលម្អដែលយើងបានធ្វើចំពោះព្រះវិហារបរិសុទ្ធសលត៍ លេកនឹងលើកទឹកចិត្ត ហើយបំផុសគំនិតយើង ។
ប្រវត្តិសាស្រ្តនៃព្រះវិហារបរិសុទ្ធ សលត៍ លេក
ចូរយើងធ្វើដំណើរត្រឡប់ទៅរដូវក្តៅនាថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ប្រហែលជាម៉ោង ២:០០រសៀលវិញ ។ ក្រោយពីការធ្វើដំណើរដ៏លំបាកអស់រយៈពេល ១១១ ថ្ងៃ ជាមួយសមាជិក ១៤៨ នាក់នៃសាសាចក្រ ដែលជាក្រុមដំបូងគេឆ្ពោះទៅកាន់ភាគខាងលិច កាលនោះ ព្រិកហាំ យ៉ង់ នៅជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលឈឺ ហើយទន់ខ្សោយដោយសារកើតជំងឺចាញ់ទឹកដីភ្នំ បានចូលមកដល់ជ្រលងភ្នំសលត៍ លេក ។
ពីរថ្ងៃក្រោយមក ខណៈពេលបានធូរស្បើយពីជំងឺរបស់លោក ព្រិកហាំ យ៉ង់ បានដឹកនាំសមាជិកជាច្រើននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអ្នកដទៃទៀតឲ្យរុករកទីតាំងមួយ ។ វិលលាម ក្លេតុន បានកត់ត្រាថា ៖ « ប្រហែលជា១.២ គីឡូម៉ែត្រនៃភាគខាងជើងជំរំ យើងបានមកដល់ខ្ពង់រាបដ៏ស្រស់ស្អាត ដែលមានកម្រាលដីផូរផង់ ហើយជម្រាលទៅទិសខាងលិច » ។១
ខណៈពេលកំពុងស្ទង់មើលទីតាំងជាមួយក្រុមនេះ រំពេចនោះព្រិកហាំ យ៉ង់បានឈប់ ហើយដាក់ឈើច្រត់របស់គាត់ទៅលើដី ដោយស្រែកថា « ទីនេះនឹងជាទីដែលព្រះវិហារបរិសុទ្ធរបស់ព្រះយើងសង់ឡើង » ។ ដៃគូម្នាក់របស់លោកគឺអែលឌើរ វិលហ្វួឌ វូឌដ្រុព្វ បានថ្លែងថា សេចក្ដីថ្លែងការណ៍នេះ « បានធ្វើឲ្យ [ លោក ] មានចិត្តរំភើបជាខ្លាំង » ហើយបានយកមែកឈើមួយគូសចំណាំលើដី ពីទីតាំងដែលឈើច្រត់របស់ប្រធានយ៉ង់បានដៅ ។ ផ្ទៃដីដប់ប្រាំមួយហិចតាត្រូវបានជ្រើសរើសសម្រាប់ព្រះវិហារបរិសុទ្ធនោះ ហើយត្រូវបានសម្រេចចិត្តថា ទីក្រុងនេះគួរតែរៀបចំឲ្យមាន « ផ្លូវទៅដល់ភាពខាងជើងដល់&ខាងត្បូង ពីខាងកើតដល់&ខាងលិច » ដោយមានព្រះវិហារបរិសុទ្ធនោះជាចំណុចកណ្ដាល ។២
នៅឯសន្និសីទទូទៅខែ មេសា ឆ្នាំ១៨៥១ សមាជិកសាសនាចក្របានបោះឆ្នោតជាទូទៅដើម្បីគាំទ្រដល់សំណើមួយដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ« សម្រាប់ព្រះនាមទ្រង់ » ។៣ ពីរឆ្នាំក្រោយមក នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ១៨៥៣ ទីតាំងនោះត្រូវបានឧទ្ទិសឆ្លងដោយ ហ៊ីបឺរ ស៊ី ឃឹមបុល នៅក្នុងពិធីជាសាធារណៈមួយដែលបានចូលរួមដោយពួកបរិសុទ្ធរាប់ពាន់នាក់ ហើយដីត្រូវបានគេជីកដើម្បីសង់គ្រឹះព្រះវិហារបរិសុទ្ធសលត៍ លេក ។ ពីរបីខែក្រោយមក នៅថ្ងៃទី ៦ ខែ មេសា ថ្មគ្រឹះដ៏ធំនៃព្រះវិហារបរិសុទ្ធត្រូវបានដាក់ ហើយបានឧទ្ទិសឆ្លងដោយមានពិធីយ៉ាងល្អិតល្អន់ដែលរួមបញ្ចូលទាំងការដើរក្បួនដែលដឹកនាំដោយពួកថ្នាក់ដឹកនាំសាសនាចក្រពីរោងឧបោសថចាស់ទៅកាន់ទីតាំងព្រះវិហារបរិសុទ្ធ ជាកន្លែងដែលសុន្ទរកថា និងការអធិស្ឋានត្រូវបានធ្វើឡើងនៅឯថ្មទាំងបួននោះ ។៤
នៅពិធីសម្ពោធការដ្ឋានសាងសង់ ប្រធាន យ៉ង់ បាននឹកចាំថា លោកធ្លាប់មានការនិមិត្តមួយពេលលោកដាក់ជើងជាលើកដំបូងនៅលើទីតាំងនោះ ពេលពួកលោកមើលបរិវេណជ្រលងភ្នំនោះ ដោយថ្លែងថា « [ នៅពេលនោះ ] ខ្ញុំបានដឹងភ្លាមដូចដែលខ្ញុំបានដឹងនៅពេលនេះថា នេះគឺជាទីតាំងដើម្បីសង់ព្រះវិហារបរិសុទ្ធ—ខ្ញុំបានឃើញវានៅនឹងមុខខ្ញុំ » ។៥
ដប់ឆ្នាំក្រោយមក ព្រិកហាំ យ៉ង់ បានផ្ដល់ការព្យាករដូចតទៅនេះនៅក្នុងសន្និសីទទូទៅ ខែ តុលា ឆ្នាំ ១៨៦៣ ថា « ខ្ញុំចង់ឃើញព្រះវិហារបរិសុទ្ធ[ នោះ ] ត្រូវបានសង់ឡើងដែលវាអាចគង់វង្សនៅរាប់ពាន់ឆ្នាំ ។ នេះពុំមែនជាព្រះវិហារបរិសុទ្ធតែមួយដែលយើងនឹងសង់នោះទេ យើងនឹងសង់ ហើយឧទ្ទិសឆ្លងវារាប់រយទៀតថ្វាយព្រះអម្ចាស់ ។ ព្រះវិហារបរិសុទ្ធនេះនឹងត្រូវបានស្គាល់ថាជាព្រះវិហារបរិសុទ្ធដំបូងគេដែលបានសាងសង់នៅលើភ្នំដោយពួកបរិសុទ្ធថ្ងៃចុងក្រោយ ។… ខ្ញុំបានទៅឲ្យព្រះវិហារបរិសុទ្ធនោះ…ឈរជាបូជនីយស្ថានដ៏មានមោទនភាពនៃសេចក្តីជំនឿ ការព្យាយាម និងភាពឧស្សាហ៍ព្យាយាមនៃពួកបរិសុទ្ធនៃព្រះនៅលើភ្នំនេះ » ។៦
ការពិនិត្យឡើងវិញនៃប្រវត្តិសង្ខេបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងែងនៃភាពជាអ្នកមើលឆុតរបស់ព្រិកហាំ យ៉ង—ទីមួយ ការធានារបស់លោក ដែលថាតាមលទ្ធភាពដែលអាចធ្វើបាន ដោយប្រើប្រាស់វិធីសាស្រ្តសាងសង់ដែលមាននៅពេលនោះ និងកន្លែងនោះ ព្រះវិហារបរិសុទ្ធសលត៍ លេកត្រូវបានកសាងតាមរបៀបមួយដែលធានាដល់ពេលសហស្សវត្សរ៍ ហើយទីពីរ ការព្យាកររបស់លោកពីការរីកលូតលាស់នៃព្រះវិហារបរិសុទ្ធទូទាំងពិភពលោក ដល់ទៅរាប់រយកន្លែង ។
ការជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក
ដូចជាព្រិកហាំ យ៉ង់ ដែរ ពួកព្យាការីសព្វថ្ងៃនេះមើលទៅព្រះវិហារបរិសុទ្ធ សលត៍ លេក និងព្រះវិហារបរិសុទ្ធដទៃទៀតដោយការយកចិត្តទុកដាក់ ។ នៅប៉ុន្មានឆ្នាំកន្លងមក គណៈប្រធានទីមួយពីពេលមួយទៅពេលមួយបានប្រឹក្សាដល់គណៈប៊ីស្សពជាអធិបតី ដើម្បីធានាឲ្យបានថា ព្រះវិហារបរិសុទ្ធសលត៍ លេកនៅរឹងមាំ ។ នៅពេលខ្ញុំបានបម្រើជាគណៈប៊ីស្សពជាអធិបតី តាមការស្នើសុំរបស់គណៈប្រធានទីមួយ យើងបានធ្វើការពិនិត្យមើលអគារទាំងមូលនៃព្រះវិហារបរិសុទ្ធសលត៍ លេក ដោយរួមទាំងការវាយតម្លៃតាមបច្ចេកវិទ្យាជឿនលឿនថ្មីៗក្នុងការរចនាសម្រាប់គ្រាមានរញ្ជួយដី និងបច្ចេកវិទ្យាសាងសង់ ។
នេះគឺជាផ្នែកនៃការពិនិត្យឡើងវិញដែលបានផ្តល់ដល់គណៈប្រធានទីមួយនៅពេលនោះ« ការរចនា និងការសាងសង់នៃព្រះវិហារបរិសុទ្ធសលត៍ លេក មានវិស្វកម្មដ៏ជំនាញបំផុត កម្មករមានជំនាញ សម្ភារសំណង់ គ្រឿងសង្ហាររឹម និងធនធាននានាដែលមាននៅពេលនោះគឺត្រូវបានប្រើប្រាស់ទាំងអស់ ។ ចាប់តាំងពីការឧទិ្ទសឆ្លងនៅក្នុងឆ្នាំ ១៨៩៣ មក ព្រះវិហារបរិសុទ្ធបានឈរយ៉ាងរឹងមាំ ហើយបានបម្រើជាបង្គោលភ្លើងនៃសេចក្តីជំនឿ [ និង ] សេចក្តីសង្ឃឹម និងជាពន្លឺដល់មនុស្សទាំងឡាយ ។ ការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាត្រូវបានចាត់ចែងឡើង ដោយមានការសម្អាត និងទំហែទាំព្រះវិហារបរិសុទ្ធឲ្យស្ថិតក្នុងស្ថានភាពល្អ ។ ការរចនាទាំងខាងក្នុង និងខាងក្រៅនៃថ្មក្រានីត ឥដ្ឋ រនូត ធ្នឹមទ្រងទ្រង់គ្នាក្នុងស្ថានភាពល្អ ។ ការសិក្សាថ្មីៗនេះបញ្ជក់ថា ទីតាំងដែលបានជ្រើសរើសដោយ ព្រិកហាំ យ៉ង់ ដើម្បីសង់ព្រះវិហារបរិសុទ្ធគឺមានដីដ៏ល្អបំផុត ហើយគុណភាពដីល្អឥតខ្ចោះសម្រាប់បុកគ្រឹះ » ។៧
ការពិនិត្យមើលបានសន្និដ្ឋានថា ការជួសជុល និងកែលម្អធម្មតាៗត្រូវការពិនិត្យមើលជាថ្មី និងធ្វើបច្ចុប្បន្នភាពព្រះវិហារបរិសុទ្ធនោះ រួមបញ្ចូលទាំងដំបូល និងផ្ទៃខាងក្រៅ លែងប្រើប្រព័ន្ធភ្លើងចាស់ៗ និងតំបន់អាចជ្រមុជទឹក ។ ប៉ុន្តែការពិចារណានៃការធ្វើបច្ចុប្បន្នភាពដ៏សំខាន់ដាច់ដោយឡែកមួយចាប់ផ្ដើមពីគ្រឹះនៃព្រះវិហារបរិសុទ្ធរហូតដល់កំពូលក៏ត្រូវបានចេញអនុសាសន៍ផងដែរ ។
គ្រឹះនៃព្រះវិហារបរិសុទ្ធ
បងប្អូនប្រហែលជានៅចាំថា ប្រធាន ព្រិកហាំ យ៉ង់បានចូលរួមដោយផ្ទាល់ក្នុងការរៀបចំសាងសង់គ្រឹះនៃព្រះវិហារបរិសុទ្ធដើម ដែលបានជួយទ្រង់ទ្រង់ព្រះវិហារបរិសុទ្ធនោះបានយ៉ាងល្អចាប់តាំងពីការបញ្ចប់ការសាងសង់របស់វាកាលពី ១២៧ ឆ្នាំមុន ។ កញ្ចប់នៃការធ្វើបច្ចុប្បន្នភាពថ្មីដែលបានដាក់ស្នើសម្រាប់ព្រះវិហារបរិសុទ្ធនោះនឹងប្រើបច្ចេកវិទ្យាទំនើប ដែលពុំអាចនឹកស្រមៃបាននៅគ្រានៃការសងសង់របស់វា ។ បច្ចេកវិទ្យានេះត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាចុងក្រោយបំផុត ជាវិស្វកម្មទំនើបបំផុតសម្រាប់ការពារការរញ្ជួយដី ។
បច្ចេកវិទ្យាដែលទើបតែបង្កើតថ្មីនេះចាប់ផ្ដើមនៅគ្រឹះនៃព្រះវិហារបរិសុទ្ធ ដោយផ្ដល់ការការពារដ៏រឹងមាំមួយពីការខូចខាតដោយសារការរញ្ជួយដី ។ ពិតណាស់ វាពង្រឹងគ្រោងនៃព្រះវិហារបរិសុទ្ធនោះឲ្យឈរយ៉ាងរឹងមាំ ទោះជាផែនដី និងមជ្ឈដ្ឋានជុំវិញនោះមាននូវការរញ្ជួយដីក្ដី ។
ការជួសជុលព្រះវិហារបរិសុទ្ធដែលបំពាក់ដោយបច្ចេកវិទ្យានេះ ត្រូវបានប្រកាសដោយគណៈប្រធានទីមួយកាលពីឆ្នាំមុន ។ នៅក្រោមការដឹកនាំរបស់គណៈប៊ីស្សពជាអធិបតី នោះការសាងសង់បានចាប់ផ្ដើមពីរបីខែមុននេះ គឺនៅខែមករា ឆ្នាំ២០២០ ។ វាត្រូវបានប៉ាន់ស្មានថា នឹងត្រូវបញ្ចប់ប្រមាណជាក្នុងពេលបួនឆ្នាំ ។
ការការពារគ្រឹះរបស់បងប្អូនផ្ទាល់
ពេលខ្ញុំគិតពីរយៈពេលបួនឆ្នាំក្រោយនៃជីវិតនៃព្រះវិហារបរិសុទ្ធសលត៍ លេកដ៏ស្រស់បំព្រង ហើយមានការបំផុសគំនិតដ៏អស្ចារ្យនេះ ខ្ញុំគិតថាវាគឺជាគ្រានៃ ការកើតជាថ្មី ជាជាងគ្រានៃការបញ្ចប់ ! តាមរបៀបស្រដៀងគ្នានេះដែរ យើងអាចសួរខ្លួនឯងថា « តើការកើតជាថ្មីនៃព្រះវិហារបរិសុទ្ធសលត៍ លេកដ៏អស្ចារ្យនេះអាចបំផុសគំនិតយើងឲ្យឆ្លងកាត់ ការរំឭកជាថ្មី ការសង់ឡើងវិញ ការកើតជាថ្មី ការកែប្រែ ឬការស្ដារឡើងវិញ ខាងវិញ្ញាណរបស់យើងផ្ទាល់តាមរបៀបណា ? »
ការពិនិត្យមើលខ្លួនឯងដោយហ្មត់ចត់មួយអាចបង្ហាញថាយើង និងគ្រួសារយើងអាចទទួលបានប្រយោជន៍មកពីការថែរក្សា និងការជួសជុលដ៏ចាំបាច់មួយចំនួនរបស់យើងផងដែរ ! យើងអាចចាប់ផ្ដើមដំណើរការបែបនេះដោយការសួរថា
« តើគ្រឹះរបស់ខ្ញុំមានស្ថានភាពបែបណាដែរ ? »
« តើអ្វីទៅដែលទាក់ទងនឹងថ្មគ្រឹះដ៏រឹងមាំ ហើយក្រាស់ដែលជាផ្នែកនៃគ្រឹះផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលទីបន្ទាល់របស់ខ្ញុំសង់លើ ? »
« តើអ្វីទៅជាធាតុដ៏សំខាន់នៃបុគ្គលិកលក្ខណៈខាងវិញ្ញាណ និងខាងផ្លូវចិត្តរបស់ខ្ញុំ ដែលវានឹងអនុញ្ញាតឲ្យខ្ញុំ និងគ្រួសារខ្ញុំបន្តរឹងមាំ ហើយស្ថិតស្ថេរ ថែមទាំងអាចទ្រាំទ្រនឹងការរញ្ជួយដីដែលនឹងកើតមាននៅក្នុងជីវិតរបស់យើង ? »
ព្រឹត្តិការណ៍ដែលស្រដៀងគ្នាទាំងនេះនឹងការរញ្ជួយដី ជារឿយៗពិបាកនឹងដឹងមុន ហើយកើតមានក្នុងកម្រិតខុសៗគ្នា—រួមមានការមានសំណួរ ឬការសង្ស័យ ការជួបនឹងទុក្ខលំបាក ឬសេចក្ដីវេទនា ការឆ្លងកាត់ការអាក់អន់ចិត្តផ្ទាល់ខ្លួនជាមួយនឹងថ្នាក់ដឹកនាសាសនាចក្រ សមាជិក គោលលទ្ធិ ឬគោលនយោបាយ ។ ការការពារដ៏ល្អបំផុតទាស់នឹងការកុហកទាំងនេះគឺស្ថិតលើគ្រឹះខាងវិញ្ញាណរបស់យើង ។
តើថ្មគ្រឹះខាងវិញ្ញាណនៃជីវិតរបស់យើងផ្ទាល់ និងគ្រួសាររបស់យើងអាចជាអ្វីទៅ ? វាប្រហែលជាគោលការណ៍សាមញ្ញ ច្បាស់ ហើយមានតម្លៃនៃការរស់នៅតាមដំណឹងល្អ—ការអធិស្ឋានជាគ្រួសារ ការសិក្សាព្រះគម្ពីរមរមនរួមទាំងចូលរួមក្នុងព្រះវិហារបរិសុទ្ធ និងការរៀនសូត្រដំណឹងល្អតាមរយៈសៀវភៅ ចូរមកតាមខ្ញុំ និងរាត្រីគ្រួសារ ។ ធនធានដ៏មានប្រយោជន៍ផ្សេងទៀតដើម្បីពង្រឹងគ្រឹះខាងវិញ្ញាណរបស់បងប្អូនអាចរួមមាន មាត្រានៃសេចក្ដីជំនឿ ការប្រកាសអំពីក្រុមគ្រួសារ និង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។
ចំពោះខ្ញុំ គោលការណ៍ទាំងនោះបានដាក់បញ្ចូលនៅក្នុងសំណួរដែលបានពិភាក្សាជាផ្នែកមួយនៃការទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ បម្រើជាគ្រឹះដ៏រឹងមាំមួយសម្រាប់គ្រឹះខាងវិញ្ញាណ—ជាពិសេសសំណួរបួនដំបូង ។ ខ្ញុំមើលទៅសំណួរទាំងនោះថាជាថ្មគ្រឹះខាងវិញ្ញាណ ។
ពិតណាស់ យើងស្គាល់សំណួរទាំងនេះ ដូចដែលប្រធាន រ័សុល អិម ណិលសុន បានអានវាម្ដងមួយៗឲ្យយើងស្ដាប់កាលពីសន្និសីទទូទៅលើកមុន ។
-
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
-
តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានការអនុញ្ញាតឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ?៨
តើបងប្អូនអាចមើលឃើញពីរបៀបដែលបងប្អូនអាចចាត់ទុកសំណួរទាំងនេះថាជាធាតុដ៏មានតម្លៃនៅក្នុងគ្រឹះផ្ទាល់ខ្លួនរបស់បងប្អូនដើម្បីជួយបងប្អូនឲ្យសង់ ហើយពង្រឹងវាដែរឬទេ ? ប៉ុលបានបង្រៀនដល់ពួកអេភេសូរពីព្រះវិហារមួយដែលត្រូវបាន« ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែល ដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ » ។៩
អំណរដ៏ធំបំផុតមួយក្នុងជីវិតរបស់ខ្ញុំគឺការបានស្គាល់ ហើយបានបំផុសគំនិតដោយសមាជិកសាសនាចក្រនៅជុំវិញពិភពលោកដែលកំពុងធ្វើជាគំរូដ៏រស់រវើកនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ពួកគេមាននូវគ្រឹះផ្ទាល់ខ្លួនដ៏រឹងមាំដែលអនុញ្ញាតឲ្យពួកគេទ្រាំទ្រនឹងព្រឹត្តិការណ៍នានាដោយពួកគេពុំមានការយល់ដឹងដ៏រឹងមាំ ទោះបីឈឺចាប់និងឈឺចាប់ក៏ដោយ ។
ដើម្បីដាក់បង្ហាញការណ៍នេះក្នុងកម្រិតផ្ទាល់ខ្លួនមួយ ថ្មីៗនេះខ្ញុំបាននិយាយនៅឯបុណ្យសពរបស់ភរិយា និងម្ដាយវ័យក្មេងដ៏ស្រស់ស្អាត ហើយក្លាហានម្នាក់( ក៏ជាមិត្តរបស់គ្រួសារយើងផងដែរ ) ។ នាងគឺជាកីឡាការិនីផ្នែកបាល់ទាត់ដ៏ម៉ឺងម៉ាត់ម្នាក់ ពេលនាងបានជួប ហើយរៀបការនឹងស្វាមីនាងដែលជានិស្សិតផ្នែកទន្ដសាស្ត្រ ។ ពួកគេមានកូនស្រីម្នាក់ដ៏ស្រស់ស្អាត ។ នាងបានតតាំងយ៉ាងក្លាហាននឹងជំងឺមហារីកជាច្រើនទម្រង់អស់រយៈពេលប្រាំមួយឆ្នាំ ។ មិនថានាងជួបនឹងការឈឺចាប់ខាងផ្លូវចិត្ត និងផ្លូវកាយខ្លាំងយ៉ាងណាទេ ក៏នាងបានទុកចិត្តលើព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់នាងដែរ ហើយជារឿយៗពាក្យសម្ដីដ៏ពេញនិយមរបស់នាងត្រូវបានគេដកស្រង់យ៉ាងច្រើនដោយអ្នកតាមដាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង នាងថ្លែងថា « ព្រះមានឥទ្ធិពលលើរឿងគ្រប់យ៉ាងនៃជីវិតរបស់យើង » ។
នៅក្នុងការចុះផ្សាយមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង នាងបានសរសេរថា មានមនុស្សម្នាក់បានសួរនាងថា « តើអ្នកនៅបន្តមានសេចក្ដីជំនឿដោយរបៀបណា បើមានការឈឺចាប់ហ៊ុមព័ទ្ធខ្លួនអ្នកបែបនេះ ? » នាងបានតបដោយម៉ឺងម៉ាត់ថា « ដោយសារសេចក្ដីជំនឿគឺជាអ្វីដែលជួយខ្ញុំឲ្យឆ្លងកាត់គ្រាលំបាកទាំងនេះ ។ ការមានសេចក្ដីជំនឿពុំមែនមានន័យថា ពុំមានរឿងអាក្រក់នឹងកើតឡើងនោះទេ ។ ការមានសេចក្ដីជំនឿអនុញ្ញាតឲ្យខ្ញុំជឿថា វានឹងមានពន្លឺជាថ្មីម្ដងទៀត ។ ហើយពន្លឺនោះកានតែភ្លឺឡើង ដោយសារខ្ញុំបានដើរឆ្លងកាត់ភាពងងឹតនោះ ។ ទោះជាខ្ញុំធ្លាប់ជួបភាពងងឹតជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏ខ្ញុំបានឃើញពន្លឺភ្លឺជាងនោះដែរ ។ ខ្ញុំបានឃើញអព្ភូតហេតុ ។ ខ្ញុំបានទទួលអារម្មណ៍ពីពួកទេវតា ។ ខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌របស់ខ្ញុំកំពុងដឹកនាំខ្ញុំ ។ ប្រសិនបើជីវិតមានភាពងាយស្រួល នោះខ្ញុំនឹងមិនបានដកពិសោធន៍រឿងទាំងនោះទេ ។ ទោះជាអនាគតនៃជីវិតនេះប្រហែលជាពុំច្បាស់លាស់ក្ដី ប៉ុន្តែសេចក្ដីជំនឿរបស់ខ្ញុំមិនដូច្នោះឡើយ ។ ប្រសិនបើខ្ញុំមិនជ្រើសរើសមានសេចក្ដីជំនឿទេ នោះខ្ញុំនឹងដើរនៅក្នុងភាពងងឹតតែប៉ុណ្ណោះ ។ ដោយសាគ្មានសេចក្ដីជំនឿ នោះសេចក្ដីងងឹតនៅតែបន្តមាន » ។១០
ទីបន្ទាល់ដ៏រឹងមាំរបស់នាងអំពីសេចក្ដីជំនឿលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ—ទាំងក្នុងពាក្យសម្ដី និងទង្វើរបស់នាង—គឺជាការបំផុសគំនិតសម្រាប់មនុស្សដទៃ ។ ទោះជារូបកាយរបស់នាង ទន់ខ្សោយ ក្ដី ក៏នាងបានជួយលើកស្ទួយមនុស្សដទៃឲ្យ រឹងមាំ ដែរ ។
ខ្ញុំគិតពីសមាជិកសាសនាចក្រដ៏ច្រើនផ្សេងទៀត ដែលមានភាពក្លាហានដូចជានាង ដែលជារៀងរាល់ថ្ងៃបានដើរដោយសេចក្ដីជំនឿ ខិតខំធ្វើជាពួកសិស្សដ៏ពិត ហើយរឹងមាំរបស់ព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ។ ពួកគេរៀនពីព្រះគ្រីស្ទ ។ ពួកគេប្រកាសពីព្រះគ្រីស្ទ ។ ពួកគេខិតខំធ្វើតាមគំរូទ្រង់ ។ មិនថាថ្ងៃនៃជីវិតរបស់ពួកគេជួបប្រទះនឹងភាពនឹងនរ ឬមិននឹងនរ គ្រឹះ ខាងវិញ្ញាណរបស់ពួកគេរឹងមាំនិងមិនរង្គោះរង្គើឡើយ ។
ទាំងនេះគឺជាដួងព្រលឹងនៃអ្នកដែលយល់អត្ថន័យដ៏ថ្លៃថ្លានៃទំនុកច្រៀងថា « គ្រឹះដ៏មាំមួនត្រូវកសាងឲ្យពួកបរិសុទ្ធ » ។១១ ខ្ញុំមានអំណរគុណជាខ្លាំងដើម្បីដើរនៅក្នុងចំណោមអ្នកដែលបានរៀបចំគ្រឹះខាងវិញ្ញាណមួយ ដែលស័ក្ដិសមនឹងឈ្មោះថា ពួកបរិសុទ្ធ និងអ្នកដែលរឹងមាំ ហើយមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីទ្រាំទ្រការលំបាកជាច្រើនក្នុងជីវិត ។
ខ្ញុំមិនគិតថា យើងអាចបំផ្លើសពីសារៈសំខាន់នៃគ្រឹះមួយបែបនេះនៅក្នុងជីវិតផ្ទាល់របស់យើងបានឡើយ ។ តាំងតែពីនៅក្មេង កុមាររបស់យើងត្រូវបានបង្រៀនពេលពួកគេច្រៀងពីសេចក្ដីពិតនេះ ៖
មនុស្សប្រាជ្ញាសង់ផ្ទះលើគ្រឹះសិលា
ហើយភ្លៀងក៏ធ្លាក់ចុះមក. …
ភ្លៀងក៏ធ្លាក់មក ហើយទឹកក៏ជន់ឡើង
តែផ្ទះសង់លើសិលាឈរយ៉ាងមាំ ។១២
ព្រះគម្ពីរបានពង្រឹងជាថ្មីនូវគោលលទ្ធិគ្រឹះនេះ ។ ព្រះអង្គសង្រ្គោះបានបង្រៀនមនុស្សពីទ្វីបអាមេរិក ៖
« ហើយបើសិនជាអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នាមានពរហើយ ត្បិតអ្នករាល់គ្នា បានសង់នៅលើថ្មរបស់យើង ។
« ប៉ុន្តែអស់អ្នកណានៅក្នុងចំណោមអ្នកដែលនឹងធ្វើច្រើន ឬតិចជាងនេះ គឺ ពុំបានសង់នៅលើថ្មរបស់យើងទេ ប៉ុន្តែសង់នៅលើគ្រឹះធ្វើពីខ្សាច់វិញ ហើយកាលភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ខ្យល់បក់ប៉ះពួកគេ នោះពួកគេនឹងរលំ » ។១៣
វាគឺជាសេចក្តីសង្ឃឹមដ៏ស្មោះសរបស់ថ្នាក់ដឹកនាំសាសនាចក្រថា ការជួសជុលថ្មីដ៏សំខាន់ចំពោះព្រះវិហារបរិសុទ្ធសលត៍ លេក នឹងចូលរួមចំណែកក្នុងការបំពេញតាមបំណងប្រាថ្នារបស់ព្រិកហាំ យ៉ង់ ដែលចង់មើលឃើញ « ព្រះវិហារបរិសុទ្ធបានសង់ឡើងដែលវាអាចគង់វង្សនៅរាប់ពាន់ឆ្នាំ » ។ នាពេលអនាគត សូមយើងអនុញ្ញាតិឲ្យ ការកែលម្អទាំងនេះដែលយើងបានធ្វើចំពោះព្រះវិហារបរិសុទ្ធសលត៍ លេកនឹងលើកទឹកចិត្ត ហើយបំផុសគំនិតយើង ជាបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ថាយើង—ជានិមិត្តរូប—នឹង « ត្រូវបានសង់ឡើងតាមរបៀបដែលអាចគង់វង្សនៅរាប់ពាន់ឆ្នាំ » ។
យើងនឹងធ្វើដូច្នេះ ពេលយើងបំពេញតាមការបញ្ជារបស់សាវកប៉ុលឲ្យ « ប្រមូលទ្រព្យសម្បត្តិទុកជា គោលយ៉ាងល្អ សម្រាប់ខ្លួន [ យើង ] ដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច » ។១៤ ខ្ញុំសូមអធិស្ឋានដោយស្មោះថា គ្រឹះខាងវិញ្ញាណរបស់យើងនឹងមានភាពរឹងមាំ ថាទីបន្ទាល់របស់យើងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងពីតួនាទីរបស់ទ្រង់ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើងនឹងក្លាយជាថ្មជ្រុងយ៉ាងឯកសម្រាប់យើងផ្ទាល់ ខ្ញុំសូមធ្វើទីបន្ទាល់នៅក្នុងព្រះនាម របស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ អាម៉ែន ។