ផែនការដ៏មហិមា
យើងដែលដឹងផែនការរបស់ព្រះ និងដែលបានចុះសេចក្ដីសញ្ញាចូលរួម មានការទទួលខុសត្រូវច្បាស់មួយដើម្បីបង្រៀនសេចក្ដីពិត ។
ទោះជានៅក្នុងកណ្ដាលនៃការសាកល្បង និងឧបសគ្គតែមួយក្ដី ក៏យើងពិតជាត្រូវបានប្រទានពរ ! សន្និសីទទូទៅនេះបានផ្ដល់ដល់យើងនូវការចាក់ស្រោចនូវអំណរ នៃការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដ៏បរិបូរណ៍ ។ យើងមានអំណរនៅក្នុងការនិមិត្តអំពីព្រះបិតា និងព្រះរាជបុត្រា ដែលបានចាប់ផ្ដើមការស្ដារឡើងវិញ ។ យើងត្រូវបានរំឭកអំពីការចេញមកនៃព្រះគម្ពីរមរមនដ៏ប្រកបដោយ អព្ភូតហេតុ ដែលគោលបំណងសំខាន់ គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។ យើងត្រូវបានរំឭកដោយភាពពិតនៃវិវរណៈដ៏អំណរ—ចំពោះពួកព្យាការី និងពួកយើងដោយផ្ទាល់ ។ យើងបានស្ដាប់ឮទីបន្ទាល់ដ៏មានតម្លៃអំពីដង្វាយធួនដ៏និរន្ដរ៍នៃព្រះយេស៊ូវគ្រីស្ទ និងអំពីការរស់ឡើងវិញរបស់ទ្រង់ ។ ហើយយើងត្រូវបានបង្រៀនសេចក្ដីពិតដទៃទៀតអំពីភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ បានបើកសម្ដែងទៅកាន់យ៉ូសែប ស្ម៊ីធ បន្ទាប់ពីព្រះជាព្រះវរបិតា បានប្រកាសអំពីព្យាការីដែលត្រូវបានហៅថ្មីៗថា « នេះជាបុត្រសំណព្វយើង ។ ចូរស្តាប់តាមទ្រង់ចុះ !» ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។
យើងត្រូវបានអះអាងនៅ ក្នុងចំណេះដឹងរបស់យើងអំពីការស្ដារឡើងវិញនៃបព្វជិតភាព និងកូនសោទាំងឡាយ ។ យើងត្រូវបានរំឭកនៅក្នុងការប្ដេជ្ញាចិត្តរបស់យើងដើម្បីឲ្យសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ត្រូវបានគេស្គាល់ដោយឈ្មោះត្រឹមត្រូវ សាសនាចក្រ នៃ ព្រះ យេស៊ូវគ្រីស្ទ នៃ ពួក បរិសុទ្ធ ថ្ងៃ ចុងក្រោយ ។ ហើយយើងត្រូវបានអញ្ជើញឲ្យចូលរួមតមអាហារ និងអធិស្ឋានដើម្បីកាត់បន្ថយការជះឥទ្ធិពលនៃការបំផ្លាញដោយជំងឺរាតត្បាតនៅទូទាំងពិភពលោកទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។ ព្រឹកនេះយើងត្រូវបានបំផុសគំនិតដោយព្យាការីនៅរស់របស់ព្រះអម្ចាស់ឲ្យបង្ហាញការប្រកាសជាប្រវត្តិសាស្ត្រអំពីការស្ដារឡើងវិញ ។ យើងអះអាងពីការប្រកាសថា « អស់អ្នកដែលសិក្សាសារលិខិតអំពីការស្ដារឡើងវិញប្រកបដោយការអធិស្ឋាន ហើយធ្វើសកម្មភាពដោយជំនឿ នឹងត្រូវប្រទានពរឲ្យទទួលបានសាក្សីផ្ទាល់ខ្លួនអំពីទេវភាព និងគោលបំណងរបស់វាដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ គ្រីស្ទរបស់យើង ដូចដែលបានសន្យា » ។១
ផែនការ
អ្វីៗទាំងអស់នេះ គឺជាចំណែកនៃផែនការរបស់ព្រះ ដែលមានគោលបំណងដើម្បីអាចឲ្យកូនចៅរបស់ព្រះត្រូវបានលើកតម្កើង និងប្រែក្លាយដូចជាទ្រង់ ។ យោងទៅក្នុងបទគម្ពីរថាជា « ផែនការនៃសុភមង្គលដ៏មហិមា » « ផែនការនៃការប្រោសលោះ » និង « ផែនការនៃសេចក្ដីសង្គ្រោះ » ( អាលម៉ា ៤២:៨, ១១, ៥ )ដែលផែនការនោះ—បានបើកបង្ហាញនៅក្នុងការស្ដារឡើងវិញ—បានចាប់ផ្ដើមជាមួយនឹងក្រុមប្រឹក្សាស្ថានសួគ៌ ។ កាលជាវិញ្ញាណ យើងមានបំណងប្រាថ្នាដើម្បីសម្រេចជីវិតអស់កល្បជានិច្ច ដោយព្រះបិតាមាតាសួគ៌របស់យើង ។ ត្រង់ចំនុចនោះ យើងបានរីកចម្រើនតាមដែលយើងអាចដោយគ្មានបទពិសោធន៍ជីវិតរមែងស្លាប់ជារូបកាយសាច់ឈាម ។ ដើម្បីផ្ដល់បទពិសោធន៍នោះ ព្រះជាព្រះវរបិតាបានរៀបផែនការដើម្បីបង្កើតផែនដីនេះ ។ វាជាជីវិតរមែងស្លាប់ដែលបានរៀបចំឡើង យើងនឹងមានអំពើបាប ព្រោះយើងជួបការជំទាស់ដែលចាំបាច់ត្រូវមានសម្រាប់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ។ យើងនឹងស្ថិតនៅ ក្រោមសេចក្ដីស្លាប់ខាងរូបកាយផងដែរ ។ ដើម្បីយកយើងចេញពីសេចក្ដីស្លាប់ និងអំពើបាប ផែនការរបស់ព្រះវរបិតាសួគ៌នៃយើងនឹងផ្ដល់ព្រះអង្គសង្គ្រោះមួយអង្គ ។ ការរស់ឡើងវិញរបស់ទ្រង់ នឹងប្រោសលោះមនុស្សទាំងអស់ពីសេចក្ដីស្លាប់ ហើយពលិកម្មធួនរបស់ទ្រង់នឹងបង់ថ្លៃដែលចាំបាច់សម្រាប់មនុស្សទាំងអស់ដើម្បីសម្អាតពីអំពើបាបនៅក្នុងលក្ខខណ្ឌដែលបានដាក់ដើម្បីលើកកម្ពស់ដល់ការរីកចម្រើនរបស់យើង ។ ដង្វាយ ធួន របស់ ព្រះយេស៊ូវ គ្រីស្ទ សំខាន់ ចំពោះ ផែនការរបស់ព្រះបិតា ។
នៅក្នុងក្រុមប្រឹក្សាស្ថានសួគ៌ កូនចៅវិញ្ញាណទាំងអស់របស់ព្រះត្រូវបានណែនាំចំពោះផែនការរបស់ព្រះវរបិតា រួមទាំងលទ្ធផល និងការសាកល្បងនៃជីវិតរមែងស្លាប់ ជំនួយពីស្ថានសួគ៌ និងជោគវាសនាដ៏រុងរឿង ។ យើងមើលឃើញទីបញ្ចប់តាំងពីដើមមក ។ អស់អ្នកដែលមានជីវិតរមែងស្លាប់ដែលបានកើតមកក្នុងផែនដីនេះ បានជ្រើសរើសផែនការរបស់ព្រះវរបិតា ហើយបានច្បាំងសម្រាប់ផែនការនេះនៅក្នុងការប្រគួតប្រជែងនៅស្ថានសួគ៌ដែលបានកើតមានតាមក្រោយ ។ មនុស្សជាច្រើនក៏បានចុះសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាទាក់ទងនឹងអ្វីដែលយើងនឹងធ្វើនៅក្នុងជីវិតរមែងស្លាប់ផងដែរ ។ មានវិធីជាច្រើនដែលពុំទាន់បានបើកបង្ហាញ សកម្មភាពរបស់យើងក្នុងពិភពវិញ្ញាណមានឥទ្ធិពលលើស្ថានភាពក្នុងជីវិតរមែងស្លាប់របស់យើង ។
ជីវិតរមែងស្លាប់ និងពិភពវិញ្ញាណ
ឥឡូវខ្ញុំនឹងសង្ខេបអំពី ធាតុសំខាន់មួយចំនួននៃផែនការនៃព្រះវរបិតា ព្រោះវាជះឥទ្ធិពលមកលើយើងអំឡុងដំណើរជីវិតរមែងស្លាប់របស់យើង និងនៅ ក្នុងពិភពវិញ្ញាណនៅខាងមុខ ។
គោលបំណងនៃជីវិតរមែងស្លាប់ និងការរីកចម្រើនក្រោយពីជីវិតរមែងស្លាប់ ដែលអាចកើតមានមក វាគឺដើម្បីកូនចៅនៃព្រះប្រែក្លាយដូចជាទ្រង់ ។ នេះគឺជាព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ដើម្បីសម្រេចជោគវាសនាដ៏អំណរនេះ ក្រឹត្យវិន័យអស់កល្បជានិច្ចតម្រូវឲ្យយើងត្រូវតែក្លាយជាតួអង្គបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាចរស់នៅក្នុងវត្តមាននៃព្រះវរបិតា និងព្រះរាជបុត្រា ហើយរីករាយនឹងពរជ័យនៃភាពលើកតម្កើង ។ ដូចព្រះគម្ពីរមរមនបានបង្រៀន ទ្រង់អញ្ជើញ« យើងទាំងអស់គ្នាឲ្យ មករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី ហើយទ្រង់នឹកចាំដល់ពួកអ្នកឥតសាសនា ក៏ដូចគ្នានៅចំពោះព្រះដែរ » ( នីហ្វៃទី២ ២៦:៣៣ សូមមើលផងដែរ អាលម៉ា ៥:៤៩ )។
ផែនការដ៏ទេវភាពសម្រាប់យើងដើម្បីប្រែក្លាយជាអ្វីដែលយើងកំណត់ឲ្យប្រែក្លាយ វាតម្រូវឲ្យយើងធ្វើការជ្រើសរើសជាច្រើនដើម្បីបដិសេធសេចក្ដីអាក្រក់ ការជំទាស់ដែលល្បងលជីវិតរមែងស្លាប់ឲ្យធ្វើសកម្មភាពផ្ទុយទៅនឹងបទបញ្ញត្តិរបស់ព្រះ និងផែនការរបស់ទ្រង់ ។ វាក៏តម្រូវឲ្យយើងស្ថិតនៅក្រោមការជំទាស់ខាងជីវិតរមែងស្លាប់ដទៃទៀតផងដែរ ដូចជា មកពីអំពើបាបរបស់អ្នកដទៃ ឬមកពីពិការភាពពីកំណើតមួយចំនួន ។ ពេលខ្លះការរីកចម្រើនរបស់យើង គឺសម្រេចបានល្អប្រសើរតាមរយៈការរងទុក្ខ និងទុក្ខព្រួយជាជាងដោយភាពងាយស្រួល និងស្ងប់សុខ ។ ហើយគ្មានការផ្ទុយក្នុងជីវិតរមែងស្លាប់នេះ អាចសម្រេចបានគោលបំណងដ៏អស់កល្បជានិច្ចបានទេ បើគ្មានអន្ដរាគមន៍មកពីព្រះដើម្បីរំដោះយើងពីគ្រប់លទ្ធផលអវិជ្ជមាននៃជីវិតរមែងស្លាប់ ។
ផែនការបើកសម្ដែងពីជោគវាសនារបស់យើងក្នុងភាពអស់កល្បជានិច្ច គោលបំណង និងលក្ខខណ្ឌនៃដំណើរក្នុងជីវិតរមែងស្លាប់របស់យើង និងជំនួយពីស្ថានសួគ៌ នោះយើងនឹងទទួលបាន ។ បទញ្ញត្តិរបស់ព្រះ ព្រមានយើងទាស់នឹងការវង្វេងចេញទៅក្នុងស្ថានភាពគ្រោះថ្នាក់ ។ ការបង្រៀនរបស់ថ្នាក់ដឹកនាំដ៏បំផុសគំនិតដឹកនាំផ្លូវរបស់យើង ហើយផ្ដល់ការអះអាងដែលលើកកម្ពស់ដល់ដំណើរជីវិតអស់កល្បជានិច្ចរបស់យើង ។
ផែនការរបស់ព្រះផ្ដល់នូវការអះអាងដ៏មហិមាចំនួនបួនយ៉ាងដើម្បីជួយដល់ការធ្វើដំណើររបស់យើងក្នុវជីវិតរមែងស្លាប់ ។ អ្វីៗទាំងអស់ដែលបានទទួលតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ជាផ្នែកសំខាន់នៃផែនការ ។ ទីមួយ អះអាងនឹងយើងថា តាមរយៈការរងទុក្ខរបស់ទ្រង់សម្រាប់អំពើបាបដែលយើងប្រែចិត្ត យើងអាចត្រូវបានសម្អាតពីអំពើបាបទាំងនោះ ។ បន្ទាប់មកការជំនុំជម្រះចុងក្រោយនឹង « មិនចាំទៀតទេ » (គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២ ) ។
ទីពីរ ជាចំណែកនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានលើកដាក់លើព្រះអង្គទ្រង់នូវរាល់ជំងឺឈឺចាប់នៃជីវិតរមែងស្លាប់ដទៃទៀតទាំងអស់ ។ ការណ៍នេះអនុញ្ញាតឲ្យយើងទទួលជំនួយពីព្រះ និងមានកម្លាំងដើម្បីរែកបន្ទុកនៃជីវិតរមែងស្លាប់ដែលចៀសមិនរួច ទាំងផ្ទាល់ខ្លួន និងជាទូទៅ ដូចជាសង្គ្រាម និងរោគា ។ ព្រះគម្ពីរមរមនផ្ដល់នូវការពិពណ៌នាខាងវិញ្ញាណដ៏ច្បាស់បំផុតនៃអំណាចដង្វាយធួនដ៏សំខាន់នេះ ។ ព្រះអង្គសង្គ្រោះបានលើកដាក់មកលើព្រះអង្គទ្រង់ « ការឈឺចាប់ និង ជំងឺ ព្រមទាំងជំងឺឈឺចាប់របស់រាស្ត្រទ្រង់ផងដែរ ។… ទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណាស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថាតើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » (អាលម៉ា ៧:១១-១២ ) ។
ទីបី ព្រះអង្គសង្គ្រោះតាមរយៈដង្វាយធួនដ៏និរន្ដរ៍របស់ទ្រង់ បានយកឈ្នះលើទីបញ្ចប់នៃសេចក្ដីស្លាប់ ហើយផ្ដល់ការអះអាងដ៏ប្រកបដោយអំណរដែលយើងទាំងអស់គ្នានឹងរស់ឡើងវិញ ។ ព្រះគម្ពីរមរមនបង្រៀនថា «ឥឡូវ នេះ ការ សាង ឡើង វិញ នេះ នឹង កើត ឡើង ដល់ មនុស្ស ទាំង អស់ ទាំង ចាស់ ទាំង ក្មេង ទាំង បាវ គេ និង អ្នក សេរី ទាំង ប្រុស ទាំង ស្រី ទាំង ពួកទុច្ចរិត និង ពួក សុចរិត ហើយ សូម្បី តែ សក់ មួយ សរសៃ នៅ លើ ក្បាល ពួក គេ ក៏ ពុំ បាត់ ផង អ្វីៗ គ្រប់ យ៉ាង នឹង បាន ប្រោស ឡើង វិញ ជា រូប រាង ដ៏ ល្អ ឥត ខ្ចោះ » (អាលម៉ា ១១:៤៤ ) ។
យើងប្រារព្ធអំពីភាពពិតនៃការរស់ឡើងវិញនៅក្នុងរដូវបុណ្យអ៊ីស្ទើរនេះ ។ រឿងនេះផ្ដល់ដល់យើងនូវទស្សនវិស័យ និង កម្លាំងដើម្បីតស៊ូនឹងឧបសគ្គក្នុងជីវិតរមែងស្លាប់ដែលយើងម្នាក់ៗត្រូវប្រឈមមុខ ព្រមទាំងអស់អ្នកដែលយើងស្រឡាញ់ផងដែរ ដូចជារឿងទាក់ទងនឹងអសមត្ថភាពខាងរាងកាយ ស្មារតី ឬអារម្មណ៍ ដែលយើងនាំមកពេលយើងទទួលពេលកើត ឬមានបទពិសោធន៍អំឡុងជីវិតរមែងស្លាប់យើងនេះ ។ ពីព្រោះតែការរស់ឡើងវិញ នោះយើងដឹងថា អសមត្ថភាពនៃជីវិតរមែងស្លាប់ទាំងនេះគឺគ្រាន់តែមួយរយៈប៉ុណ្ណោះ !
ដំណឹងល្អស្ដារឡើងវិញអះអាងនឹងយើងថា ការរស់ឡើងវិញអាចរួមមានទាំងឱកាសដើម្បីនៅជាមួយសមាជិកក្រុមគ្រួសារយើង— ស្វាមី ភរិយា កូនៗ និងឪពុកម្ដាយ ។ នេះគឺជាការលើកទឹកចិត្តប្រកបដោយអានុភាពមួយដើម្បីយើងបំពេញការទទួលខុសត្រូវក្រុមគ្រួសារយើងក្នុងជីវិតរមែងស្លាប់ ។ វាជួយយើងរស់នៅជាមួយគ្នានៅក្នុងសេចក្ដីស្រឡាញ់នៅក្នុងជីវិតនេះដើម្បីចូលរួមក្នុងការរួបរួម និងទំនាក់ទំនងនៅជីវិតក្រោយដោយអំណរ ។
ទីបួន និងទីបញ្ចប់ វិវរណៈសម័យទំនើបបង្រៀនយើងថា ការរីកចម្រើនរបស់យើងមិនចាំបាច់បញ្ចប់នៅពេលបញ្ចប់ជីវិតរមែងស្លាប់នោះទេ ។ មានអ្វីបន្ដិចបន្ដួចត្រូវបានបើកសម្ដែងអំពីការអះអាងដ៏សំខាន់នេះ ។ យើងត្រូវបានប្រាប់ថា ជីវិតនេះគឺជាពេលដើម្បីរៀបចំខ្លួនទៅជួបនឹងព្រះ ហើយថាយើងមិនគួរពន្យាពេលការប្រែចិត្តរបស់យើងទេ ( សូមមើល អាលម៉ា ៣៤:៣២-៣៣ ) ។ យើងត្រូវបានបង្រៀនថានៅ ក្នុងពិភពវិញ្ញាណ ដំណឹងល្អត្រូវបានផ្សាយ « ទៅដល់ពួកទុច្ចរិត និងពួកអ្នកដែលមិនព្រមជឿ ដែលបានបដិសេធសេចក្ដីពិត » (គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:២៩) ហើយថាអ្នកទាំងឡាយដែលបានបង្រៀននៅទីនោះគឺអាចប្រែចិត្តពីមុនការជំនុំជម្រះចុងក្រោយ ( សូមមើល ខ ៣១-៣៤, ៥៧-៥៩ ) ។
នេះគឺជាមូលដ្ឋានគ្រឹះផ្សេងទៀតមួយចំនួននៃផែនការរបស់ព្រះវរបិតាសួគ៌ ។
ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ផ្ដល់ទស្សនវិស័យតែមួយគត់ទៅលើប្រធានបទនៃព្រហ្មចារីភាព អាពាហ៍ពិពាហ៍ និងការបង្កើតកូនចៅ ។ ដំណឹងល្អបង្រៀនថា អាពាហ៍ពិពាហ៍ស្របតាមផែនការរបស់ព្រះ គឺចាំបាច់ក្នុងការសម្រេចគោលបំណងនៃផែនការរបស់ព្រះ ដើម្បីផ្ដល់កន្លែងដែលបានតែងតាំងដ៏ទេវភាពសម្រាប់កំណើតនៃជីវិតរមែងស្លាប់ ហើយរៀបចំសមាជិកគ្រួសារសម្រាប់ជីវិតអស់កល្បជានិច្ច ។ ព្រះអម្ចាស់បានមានបន្ទូលថា ៖ « អាពាហ៍ពិពាហ៍គឺត្រូវបានតែងតាំងមកពីព្រះដល់មនុស្ស »« …ដើម្បីឲ្យផែនដីអាចបំពេញគោលបំណងនៃការបង្កបង្កើ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥-១៦ ) ។ នៅក្នុងផែនការរបស់ទ្រង់នេះ ប្រាកដណាស់ ជួបប្រទះនឹងកម្លាំងខាងលោកិយដ៏ខ្លាំងមួយចំនួនខាងច្បាប់ និងប្រពៃណី ។
អំណាចដើម្បីបង្កើតជីវិតរមែងស្លាប់គឺជាអំណាចដ៏លើកតម្កើងបំផុតដែលព្រះបានប្រទានដល់កូនចៅរបស់ទ្រង់ ។ វា គឺសេចក្ដីបង្គាប់នៅក្នុងបទបញ្ញត្តិទីមួយដល់ អ័រដាម និងអេវ៉ា ប៉ុន្តែបទបញ្ញត្តិសំខាន់ដទៃទៀតត្រូវបានផ្ដល់ឲ្យដើម្បីបម្រាមការប្រើប្រាស់វាខុសឆ្គង ។ រាល់ការប្រើប្រាស់អំណាចនៃការបង្កបង្កើតក្រៅពីចំណងអាពាហ៍ពិពាហ៍ គឺជាការបន្ទាបបន្ថោក និងការមានៈប្រកបដោយអំពើបាបមួយកម្រិត ឬផ្សេងទៀតទៅលើលក្ខណៈដ៏ទេវភាពបំផុតរបស់បុរស និងស្ត្រី ។ ការគូសបញ្ជាក់អំពីដំណឹងល្អដែលបានស្ដារឡើងវិញបានដាក់មកលើច្បាប់ព្រហ្មចារីយភាពនេះ គឺដោយសារតែគោលបំណងនៃអំណាចការបង្កបង្កើតរបស់យើងនៅក្នុងការសម្រេចតាមផែនការរបស់ព្រះ ។
តើអ្វីបន្ទាប់ ?
អំឡុងការប្រារព្ធខួបលើកទី ២០០ ឆ្នាំនៃការនិមិត្តដំបូងនេះ ដែលបានចាប់ផ្ដើមឲ្យមានការស្ដារឡើងវិញ យើងដឹងអំពីផែនការរបស់ព្រះអម្ចាស់ ហើយយើងត្រូវបានលើកទឹកចិត្តដោយពរជ័យជាច្រើននៃពីរសតវត្សរ៍នេះតាមរយៈសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ នៅក្នុងឆ្នាំ២០២០ នេះ យើងមានអ្វីដែលហៅថាចក្ខុវិស័យ ២០/២០ សម្រាប់ព្រឹត្តការណ៍នានាពីអតីតកាល ។
ទោះជាយ៉ាងណា នៅពេលយើងមើលទៅអនាគត ទស្សនវិស័យរបស់យើងគឺមិនសូវពិតប្រាកដ ។ យើងដឹងថា សតវត្សរ៍ទាំងពីរបន្ទាប់ពីការស្ដារឡើងវិញ ឥឡូវពិភពវិញ្ញាណមាននូវ អ្នកធ្វើការដែលមានបទពិសោធន៍ខាងជីវិតរមែងស្លាប់ជាច្រើនរូបសម្រេចនូវការផ្សព្វផ្សាយដែលកើតឡើងនៅទីនោះ ។ យើងក៏ដឹងផងដែរថា ឥឡូវនេះ យើងមានព្រះវិហារបរិសុទ្ធកាន់តែច្រើនដើម្បីធ្វើពិធីបរិសុទ្ធនៃភាពអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលប្រែចិត្ត ហើយឱបក្រសោបដំណឹងល្អរបស់ព្រះអម្ចាស់នៅទាំងសងខាងនៃវាំងនននៃសេចក្ដីស្លាប់ ។ អ្វីៗទាំងអស់នេះពន្លឿនផែនការរបស់ព្រះវរបិតាសួគ៌យើង ។ សេចក្ដីស្រឡាញ់របស់ព្រះមហិមាណាស់ លើកលែងតែមនុស្សខ្លះដែលមានចេតនាក្លាយជាកូនអន្តរធានប៉ុណ្ណោះ ក្រៅពីនោះទ្រង់នឹងប្រទានជោគវាសនានៃសិរីល្អសម្រាប់បុត្រាបុត្រីទាំងអស់របស់ទ្រង់(សូមមើល គោលលិទ្ធិ និងសេចក្តីសញ្ញា ៧៦:៤៣ ) ។
យើងដឹងថា ព្រះអង្គសង្គ្រោះនឹងយាងត្រឡប់មកវិញ ហើយថានឹងមានរាជ្យសហសវត្សរ៍ប្រកបដោយភាពសុខសាន្ដដើម្បីបញ្ចប់ផ្នែកនៃជីវិតរមែងស្លាប់ក្នុងផែនការរបស់ព្រះ ។ នៅក្នុងការជំនុំជម្រះចុងក្រោយរបស់មនុស្សម្នាក់ៗ យើងក៏ដឹងផងដែរថា នឹងមានការរស់ឡើងវិញផ្សេងពីគ្នា របស់អ្នកសុចរិត និងមនុស្សមិនសុចរិត ដែលជានិច្ចកាលការរស់ឡើងវិញរបស់ពួកគេកើតមានឡើងតាមពីក្រោយ។
យើងនឹងត្រូវបានជំនុំជម្រះ ស្របតាមទង្វើ បំណងប្រាថ្នានៃដួងចិត្តរបស់យើង និងប្រភេទមនុស្សដែលយើងបានប្រែក្លាយ ។ ការជនុំជម្រះនេះនឹងបណ្ដាលឲ្យកូនចៅរបស់ព្រះទាំងអស់ទៅកាន់នគរនៃសិរីល្អមួយ ដែលការគោរពប្រតិបត្តិរបស់ពួកគេនឹងធ្វើឲ្យពួកគេសក្ដិសម និងទីកន្លែងដែលពួកគេនឹងបាននៅសុខស្រួល ។ ចៅក្រមនៃយើងទាំងអស់គ្នាគឺជាព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៥:២២នីហ្វៃទី២ ៩:៤១ ) ។ ឥទ្ធិឫទ្ធិរបស់ទ្រង់បានផ្ដល់ដល់ទ្រង់នូវចំណេះដឹងដ៏ឥតខ្ចោះមួយអំពីទង្វើ និងបំណងប្រាថ្នាទាំងអស់របស់យើង ទាំងអ្នកមិនប្រែចិត្ត ឬអ្នកមិនផ្លាស់ប្ដូរ និងអ្នកដែលប្រែចិត្ត ឬសុចរិត ។ ហេតុដូច្នេះហើយ បន្ទាប់ពីការជនុំជម្រះរបស់ទ្រង់ យើងទាំងអស់គ្នាសារភាពថា « សេចក្តីជំនុំជម្រះរបស់ទ្រង់គឺត្រឹមត្រូវ » (ម៉ូសាយ ១៦:១ ) ។
នៅទីបញ្ចប់ ខ្ញុំសូមចែកចាយអំពីការជឿស៊ប់ដែលកើតមានចំពោះខ្ញុំមកពីសំបុត្រជាច្រើន និងតាមរយៈការមើលសំណើរជាច្រើនដើម្បីត្រឡប់មកកាន់សាសនាចក្រ បន្ទាប់ ពីការលុបឈ្មោះ ឬការក្បត់សាសនា ។ សមាជិកយើងជាច្រើនមិនយល់ពេញលេញអំពីផែនការនៃសេចក្ដីសង្គ្រោះនេះទេ ដែលចម្លើយមានចំពោះសំណួរភាគច្រើនអំពីគោលលទ្ធិ និងគោលការណ៍បំផុសគំនិតអំពីសាសនាចក្រដែលបានស្ដារឡើងវិញ ។ យើងដឹងផែនការរបស់ព្រះ ហើយនរណាបានចុះសេចក្ដីសញ្ញាថាចូលរួម អាចមានការទទួលខុសត្រូវច្បាស់លាស់មួយដើម្បីបង្រៀនសេចក្ដីពិតទាំងនោះ ហើយធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីនាំវាទៅដល់អ្នកដទៃ ហើយនឹងក្នុងស្ថានសភាពនៃជីវិតរមែងស្លាប់របស់យើងផ្ទាល់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ដែលធ្វើឲ្យអ្វីៗទាំងអស់អាចកើតឡើងបាន នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។