ឆ្ពោះទៅមុខដោយសេចក្តីជំនឿ
ខ្ញុំសូមប្រទានពរដល់បងប្អូននូវភាពសុខសាន្ដ និងចម្រើនសេចក្ដីជំនឿទៅលើ ព្រះអម្ចាស់ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅពេលយើងមកដល់ពេលបញ្ចប់សន្និសីទជាប្រវត្តិសាស្ត្រនេះ យើងសូមថ្លែងការដឹងគុណចំពោះព្រះអម្ចាស់យើង ។ តន្ត្រីមានភាពអស្ចារ្យណាស់ ហើយសារលិខិតបំផុតគំនិត ។
អំឡុងសន្និសីទនេះ យើងមានបទពិសោធន៍នូវរឿងសំខាន់ៗជាច្រើន ។ នៅក្នុងការគម្រប់ឆ្នាំនេះយើងបានណែនាំការប្រកាសដល់ពិភពលោកអំពីភាពពិតនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងភាពពេញលេញ ។
យើងបានប្រារព្ធពិធីស្ដារឡើងវិញដោយការស្រែក ហូសាណា ។
យើងបានបើកបង្ហាញនូវនិមិត្តរូបថ្មីដែលបង្ហាញពីជំនឿរបស់យើងទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយនឹងចំពោះការទទួលស្គាល់ជាផ្លូវការនូវការបង្កើតសាសនាចក្រ និងឯកសារទាំងឡាយ ។
យើងបានកោះហៅសុំឲ្យមានការតមអាហារ និងការអធិស្ឋានជាសាកល ដើម្បីឲ្យការរាតត្បាតជំងឺនៅបច្ចុប្បន្ននេះ អាចត្រូវបានគ្រប់គ្រង ហើយសេដ្ឋកិច្ចត្រូវបានពង្រឹង ហើយជីវិតរស់នៅអាចដំណើរការធម្មតាវិញ ។ ការតមអាហារនេះ នឹងធ្វើឡើងនៅថ្ងៃសុក្រល្អ គឺថ្ងៃទី ១០ ខែមេសា ។ នោះគឺជាថ្ងៃសុក្រដ៏អស្ចារ្យមួយ !
ថ្ងៃអាទិត្យក្រោយគឺជាអាទិត្យបុណ្យអ៊ីស្ទើរ ជាពេលដែលយើងនឹងប្រារព្ធអំពីដង្វាយធួន និងការរស់ឡើងវិញនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទរបស់យើងម្ដងទៀត ។ ដោយសារតែដង្វាយធួនរបស់ទ្រង់ អំណោយទាននៃការរស់ឡើងវិញរបស់ទ្រង់ នឹងកើតមានចំពោះយើងទាំងអស់គ្នាដែលបានរស់នៅ ។ ហើយអំណោយទាននៃជីវិតអស់កល្បជានិច្ចរបស់ទ្រង់នឹងកើតមានចំពោះមនុស្សទាំងអស់ដែលសក្ដិសមតាមរយៈភក្ដីភាពចំពោះពិធីបរិសុទ្ធនានា និងសេចក្តីសញ្ញានានាដែលធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ទ្រង់ ។
សមាសភាគដ៏បំផុសគំនិតជាច្រើននៃសន្និសីទខែមេសា ឆ្នាំ ២០២០ នេះ—និងសប្ដាហ៍ដ៏ពិសិដ្ឋដែលយើងចាប់ផ្ដើមឥឡូវនេះ— អាចសង្ខេបដោយពាក្យដ៏ទេវភាពពីរម៉ាត់ គឺ ៖ « ស្ដាប់ទ្រង់ » ។១ យើងអធិស្ឋានសូមឲ្យការផ្ដោតរបស់បងប្អូនផ្ដោតទៅលើព្រះវរបិតា ដែលទ្រង់មានបន្ទូលទាំងនេះ ហើយនឹងព្រះរាជបុត្រាសំណព្វទ្រង់ ព្រះយេស៊ូវ គ្រីស្ទ នឹងចាំកាន់តែខ្លាំងបំផុតនៅក្នុងការចងចាំរបស់បងប្អូនទាំងអស់ ។ យើងអធិស្ឋានសូមឲ្យបងប្អូននឹងចាប់ផ្ដើមជាថ្មីស្ដាប់ ផ្ទៀងស្ដាប់ និងប្រុងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ដោយ ពិត ។ ២ ខ្ញុំសន្យាថា សេចក្ដីជំនឿចម្រើនឡើង ហើយសេចក្ដីភ័យខ្លាចរលាយបាត់ ។
អរគុណចំពោះបំណងប្រាថ្នារបស់បងប្អូនដើម្បីធ្វើឲ្យគេហដ្ឋានក្លាយជាទីបរិសុទ្ធនៃសេចក្ដីជំនឿ ជាកន្លែងដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅ ។ កម្មវិធីសិក្សាដំណឹងល្អរបស់យើង ចូរមកតាមខ្ញុំ នឹងបន្ដប្រទានពរដល់ជីវិតរបស់បងប្អូន ។ ការខិតខំដ៏ខ្ជាប់ខ្ជួនរបស់បងប្អូននៅក្នុងការព្យាយាមនេះ—ទោះជាអំឡុងគ្រាទាំងនេះ ជាពេលដែលបងប្អូនអាចមានអារម្មណ៍ថា បងប្អូនគ្មានចំណែកជោគជ័យជាក់លាក់— នឹងផ្លាស់ប្ដូរជីវិតបងប្អូន គ្រួសារបងប្អូន និងពិភពលោក ។ យើងនឹងត្រូវបានពង្រឹង នៅពេលយើងក្លាយជាសិស្សកាន់តែក្លាហានរបស់ព្រះអម្ចាស់ ឈរជាសាក្សី និងថ្លែងអំពីទ្រង់នៅគ្រប់កន្លែងដែលយើងនៅ ។
ឥឡូវ សូមនិយាយអំពីព្រះវិហារបរិសុទ្ធ ។ យើងមានព្រះវិហារបរិសុទ្ធដែលបានឧទ្ទិសឆ្លងរួចចំនួន ១៦៨ នៅលើពិភពលោក ។ ព្រះវិហារបរិសុទ្ធដទៃទៀតស្ថិតនៅក្នុងការរៀបគម្រោង និងការសាងសង់ ។ នៅពេលផែនការត្រូវបានប្រកាសអំពីគម្រោងដើម្បីសង់ព្រះវិហារបរិសុទ្ធ ថ្មី វាក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏ពិសិដ្ឋរបស់យើង ។
វាហាក់ដូចជាចម្លែកដើម្បីប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីនៅពេលព្រះវិហារបរិសុទ្ធរបស់យើងទាំងអស់ត្រូវបានបិទមួយរយៈនោះ ។
អស់រយៈពេលជាងមួយសតវត្សរ៍កន្លងទៅ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានមើលឃើញស្ថានភាពដូចជាស្ថានភាពយើងសព្វថ្ងៃនេះ ដូចបានកត់ត្រានៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធសលត៏លេក ដែលធ្វើឡើងនៅក្នុងឆ្នាំ ១៨៩៣ ។ បងប្អូនមួយចំនួនអាចនឹងមើលឃើញថ្មីៗនេះនូវដកស្រង់ចេញមកពីការអធិស្ឋានដ៏អស្ចារ្យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
សូមឮការអង្វរទាំងនេះពីព្យាការីដ៏អស្ចារ្យរបស់ព្រះ ៖« នៅពេលរាស្ត្ររបស់ទ្រង់នឹង គ្មានឱកាសដើម្បីចូលក្នុងដំណាក់ដ៏ពិសិដ្ឋនេះ … ហើយពួកគេមានការជិះជាន់ និងបញ្ហាស្មុគស្មាញ ហ៊ុំព័ទ្ធដោយការលំបាកនានា …នឹងងាកមុខរបស់ពួកគេទៅរកដំណាក់ដ៏ពិសិដ្ឋរបស់ទ្រង់នេះ ហើយទូលសូមទ្រង់ឲ្យរំដោះ សូមជំនួយ សូមព្រះចេស្ដាទ្រង់ជំនួយពួកគេ ពួកយើងទូលអង្វរទ្រង់ឲ្យទតមើលមកលើរាស្ត្រទ្រង់ដោយក្ដីមេត្តាករុណា … ហើយស្ដាប់ការស្រែកយំរបស់ពួកគេ ។ ឬនៅពេលកូនចៅនៃរាស្ត្រទ្រង់ ជាច្រើនឆ្នាំកន្លងទៅ នឹងបំបែកគ្នា ដោយសារបុព្វហេតុណាក្ដីពីកន្លែងនេះ …ហើយពួកគេនឹងទូលមកកាន់ទ្រង់ពីជម្រៅនៃទុក្ខព្រួយ និងការសោកសៅរបស់ពួកគេសូមការសង្គ្រោះ និងរំដោះឲ្យរួច យើងខ្ញុំសូមទទូចអង្វរដោយរាបសារចំពោះទ្រង់… ដើម្បីព្រះសណ្ដាប់ការអង្វរកររបស់ពួកគេ ហើយប្រទានពរជ័យដែលពួកគេទូលសូម » ។៣
បងប្អូនប្រុសស្រី អំឡុគ្រានៃទុក្ខព្រួយ របស់យើង ដែលព្រះវិហារបរិសុទ្ធ ត្រូវបាន បិទ បងប្អូនអាចនៅតែប្រើប្រាស់អំណាចនៃសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ និងអំណោយទានពិសិដ្ឋរបស់បងប្អូន នៅពេលបងប្អូនគោរពតាមសេចក្ដីសញ្ញាទាំងឡាយរបស់បងប្អូននោះ ។ សូមប្រើពេលដែលព្រះវិហារបរិសុទ្ធបានបិទនេះ ដើម្បីបន្ដរស់នៅក្នុងជីវិតដែលសក្ដិសមចូលព្រះវិហារបរិសុទ្ធ ឬក្លាយជាមានភាព សក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ។
និយាយអំពីព្រះវិហារបរិសុទ្ធជាមួយនឹងគ្រួសារ និងមិត្តភក្ដិរបស់បងប្អូន ។ ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃរឿងគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នៅពេលបងប្អូនគិតកាន់តែច្រើនអំពីព្រះវិហារបរិសុទ្ធ នោះបងប្អូននឹងគិតកាន់តែច្រើនអំពីទ្រង់ ។ សូមសិក្សា និងអធិស្ឋានដើម្បីរៀនបន្ថែមអំពីអំណាច និងចំណេះដឹងដែលបងប្អូនត្រូវបានប្រគល់ឲ្យ— ឬដែលបងប្អូននឹងទទួលនៅពេលក្រោយ ។
ថ្ងៃនេះយើងមានសេចក្តីរីករាយសូមប្រកាសពីផែនការដើម្បីសាងសង់ព្រះវិហារបរិសុទ្ធថ្មីចំនួនប្រាំបីនៅទីតាំងដូចខាងក្រោមនេះគឺ ៖ បារ៉ែន ប្លង់កា ប្រទេស អាហ្សង់ទីន; តាលហាសសៀ រដ្ឋផ្លរីដា លូបាំបាស៊ីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ; Pittsburgh, រដ្ឋ Pennsylvania;រាជធានី បេនីន, នីហ្សេរីយ៉ា; ស៊ីរ៉ាសៀសរដ្ឋយូថាហ៍ ឌូបៃប្រទេសអារ៉ាប់រួម និង ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ។
នៅទីតាំងទាំងប្រាំបីស្ថាបត្យករសាសនាចក្រនឹងធ្វើការជាមួយមន្រ្តីមូលដ្ឋានដើម្បីឲ្យព្រះវិហារបរិសុទ្ធនេះមានភាពសុខដុមរមនានិងជាការបន្ថែមភាពស្រស់ស្អាតដល់សហគមន៍នីមួយៗ ។
ផែនការសម្រាប់ព្រះវិហារបរិសុទ្ធនៅឌូបៃឆ្លើយតបទៅនឹងការអញ្ជើញដ៏សប្បុរសរបស់ពួកគេដែលយើងទទួលស្គាល់ដោយអំណរគុណ ។
បរិបទសម្រាប់ផែនការនៅសៀងហៃមានសារៈសំខាន់ណាស់ ។ អស់ រយៈពេល ជាង ពីរ ទស្សវត្ស មក ហើយ សមាជិក សក្ដិសម សម្រាប់ព្រះវិហារបរិសុទ្ធនៅសាធារណរដ្ឋប្រជាមានិតចិនបានចូលរួមក្នុងព្រះវិហារបរិសុទ្ធនៅហុងកុងប្រទេសចិន ។ ប៉ុន្តែនៅខែកក្កដាឆ្នាំ ២០១៩ ព្រះវិហារបរិសុទ្ធនោះត្រូវបានបិទសម្រាប់ការជួសជុលដែលត្រូវបានគ្រោងទុកជាយូរមកហើយនិងត្រូវការជាចាំបាច់ ។
នៅ ទីក្រុង សៀងហៃ កន្លែងប្រជុំ ដែល មុខងារច្រើនល្មមគ្រប់គ្រាន់នឹងផ្តល់មធ្យោបាយសម្រាប់សមាជិកជនជាតិចិនបន្តចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ—នៅសាធារណរដ្ឋប្រជាមានិតចិន—សម្រាប់ពួកគេនិងបុព្វការីជនរបស់ពួកគេ ។៤
នៅគ្រប់ប្រទេសសាសនាចក្រនេះបង្រៀនសមាជិករបស់ខ្លួន ឲ្យ ផ្តល់កិតិ្តយស គោរពតាមនិងគាំទ្រដល់ច្បាប់ ។៥ យើងបង្រៀនពីសារៈសំខាន់នៃគ្រួសារ អំពីការធ្វើជាឪពុកម្តាយល្អនិងពលរដ្ឋគំរូ ។ ដោយសារតែយើងគោរពតាមច្បាប់និងបទបញ្ញត្តិនៃសាធារណរដ្ឋប្រជាមានិតចិនសាសនាចក្រមិន បានបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាទៅទីនោះទេ យើងក៏នឹងមិនធ្វើដូច្នេះដែរនៅ ពេលឥឡូវនេះ ។
ក្រុមជំនុំជនបរទេសនិងជនជាតិចិននឹងបន្តជួបគ្នាដាច់ដោយឡែកពីគ្នា ។ ស្ថានភាពស្របច្បាប់របស់សាសនាចក្រនៅដដែលមិនប្រែប្រួល ។ នៅក្នុងដំណាក់កាលដំបូងនៃការចូលប្រើប្រាស់កន្លែងនឹងត្រូវបានធ្វើឡើងដោយការណាត់ជួបតែប៉ុណ្ណោះ ។ ដំណាក់របស់ព្រះអម្ចាស់នៅសៀងហៃមិនមែន ជាកន្លែងគោលដៅសម្រាប់ភ្ញៀវទេសចរមកពីប្រទេសផ្សេងៗឡើយ ។
ព្រះវិហារបរិសុទ្ធថ្មីប្រាំបីនេះ នឹងប្រទានពរដល់ជីវិតរស់នៅនៃមនុស្សជាច្រើន នៅទាំងសងខាងនៃវាំងនននៃសេចក្ដីស្លាប់ ។ ព្រះវិហារបរិសុទ្ធគឺជាចំណែកសំខាន់នៃការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងសេចក្ដីល្អ និងសេចក្ដីសប្បុរសរបស់ព្រះ ទ្រង់កំពុងនាំពរជ័យនៃព្រះវិហារបរិសុទ្ធមកកាន់តែជិតនឹងកូនចៅរបស់ទ្រង់ គ្រប់ទីកន្លែង ។
នៅពេលដែលការស្ដារឡើងវិញបន្ដ ខ្ញុំដឹងថា ព្រះនឹងបន្ដបើកសម្ដែងរឿងមហិមា និងសំខាន់ៗជាច្រើនទៀត ទាក់ទងទៅនឹងនគររបស់ទ្រង់នៅលើផែនដីនេះ ។៦ នគរនោះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូន ។ អំឡុងគ្រានៃភាពតានតឹង និងមិនប្រាកដប្រជានេះ ខ្ញុំចង់ប្រទានពរនៃភាពជាសាវកមកលើបងប្អូន ដោយនូវសិទ្ធិអំណាចដែលមានក្នុងខ្លួនខ្ញុំ ។
ខ្ញុំសូមប្រទានពរដល់បងប្អូននូវភាពសុខសាន្ដ និងចម្រើនសេចក្ដីជំនឿទៅលើ ព្រះអម្ចាស់ ។៧
ខ្ញុំសូមប្រទានពរដល់បងប្អូនមានបំណងប្រាថ្នាប្រែចិត្ត ហើយកាន់តែក្លាយដូចជាទ្រង់បន្ដិចម្ដងៗរាល់ថ្ងៃ ។៨
ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យដឹងថា ព្យាការី យ៉ូសែប ស៊្មីធ គឺជាព្យាការីនៃការស្តារឡើងវិញនៃដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទក្នុងភាពពេញលេញ ។
បើមានអ្នកណាឈឺនៅក្នុងចំណោមបងប្អូន ឬមនុស្សជាទីស្រឡាញ់របស់បងប្អូន ខ្ញុំសូមបន្សល់ទុកពរជ័យនៃការព្យាបាលជាសះស្បើយ ការខ្ជាប់ខ្ជួននឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់។
ខ្ញុំសូមប្រទានពរដល់បងប្អូនដូច្នោះ ដោយបន្ថែមនូវការបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូនម្នាក់ៗ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។