សន្និសីទទូទៅ
សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ

សូម​ធ្វើ​ឲ្យ​សន្និសីទ​នេះ​ក្លាយ​ជា​ពេល​នៃ​ការទទួលទាន​សារលិខិត​មក​ពី​ព្រះអម្ចាស់ តាមរយៈ​អ្នក​បម្រើ​ទាំងឡាយ​របស់​ទ្រង់ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ សូម​ស្វាគមន៍​មក​កាន់​សន្និសីទ​ទូទៅ ! ឱ​វា​ជា​អំណរ​អ្វី​ម្ល៉េះ​ដែល​បាន​នៅ​ជា​មួយ​បងប្អូន ! ខ្ញុំ​គិត​ដល់​បងប្អូន​ស្ទើរ​គ្រប់​ពេលវេលា​នៅ​អំឡុង​ប្រាំ​មួយ​ខែ​កន្លង​ទៅ​នេះ ។ ខ្ញុំ​បាន​អធិស្ឋាន ពី បងប្អូន និង សម្រាប់ បងប្អូន ។ នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​យកចិត្ត​ទុកដាក់​សូម​ឲ្យ​សន្និសីទ​នេះ​ក្លាយ​ជា​ពេល​នៃ​វិវរណៈ​ និង ការសញ្ជឹងគិត​សម្រាប់​បងប្អូន​ទាំងអស់ដែល​ស្វែងរក​ពរជ័យ​ទាំង​នោះ ។

ពួកយើង​ត្រេកអរ​ណាស់​ដែល​បាន​ថ្លែង​ទៅ​កាន់​បងប្អូន ចេញ​ពី​មជ្ឈមណ្ឌល​សន្និសីទ​នេះ​ម្តង​ទៀត ។ កៅអី​ភាគច្រើន​នៅ​តែ​ទំនេរ​ដដែល ប៉ុន្តែ​មាន​វត្តមាន​របស់​សមាជិក​ក្រុម​ចម្រៀង​រោងឧបោសថ​មួយចំនួន ដែល​នេះ​ជា​ការបោះជំហាន​ទៅ​មុខ​ដ៏​អស្ចារ្យ ។ យើង​សូម​ស្វាគមន៍​បងប្អូន​ទាំងអស់គ្នា មក​កាន់​ការប្រារព្ធ​សន្និសីទ​ពី​ចម្ងាយ​ដ៏​ធំ​នេះ ទោះជា​បងប្អូន​នៅទីណា​ក្តី ។

យើងទាំងអស់​គ្នា​នៅតែ​ប្រឈមមុខ​នឹង​ការបំផ្លិច​បំផ្លាញ​នៃ​ជំងឺ​កូវីដ-១៩ និង​ការប្រែប្រួល​នៃ​ជំងឺ​នេះ​ដដែល ្នុង​សហគមន៍​របស់​បងប្អូន​ផ្ទាល់ ។

យើង​ធ្វើ​ការ​ប្រជុំ​រាល់​សន្និសីទ​ទូទៅ​តាម​ដែល​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ ។ រាប់ឆ្នាំ​មក​នេះ ទម្រង់​នៃ​ការប្រជុំ​មាន​លក្ខណៈខុសៗ​គ្នា ។ កាល​ខ្ញុំ​នៅ​ក្មេង សន្និសីទ​មាន​រយៈពេល​បី ឬ​បួន​ថ្ងៃ ។ ក្រោយ​មក សន្និសីទ​នេះ​ត្រូវ​បាន​កាត់មក​នៅ​តែ​ពីរ​ថ្ងៃ ។ រាល់​សារលិខិត—នៅ​ពេល​នោះ និង​ពេល​នេះ—គឺ​បាន​មក​ពី​ការអធិស្ឋាន​ដ៏​ស្មោះសរ និង​ការរៀបចំ​ខាងវិញ្ញាណ​ជាច្រើន ។

ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​អ្នកកាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ​ដែល​ថ្លែង​ទីបន្ទាល់ នឹង​ផ្តោត​សារលិខិត​របស់​ពួកលោក​លើ​ព្រះ​អង្គសង្រ្គោះ​របស់​យើង ព្រះ​យេស៊ូវ​គ្រីស្ទ សេចក្តី​មេត្តាករុណា​របស់​ទ្រង់ និង​ព្រះចេស្តា​ប្រោសលោះ​ដ៏​និរន្តរ​របស់​ទ្រង់ ។ មិន​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​នេះ ដែល​ចំណេះដឹង​អំពី​ព្រះអង្គសង្រ្គោះ​របស់​យើង​មាន​សារៈសំខាន់​ផ្ទាល់ខ្លួន ហើយ​ទាក់ទង​នឹង ព្រលឹង​មនុស្ស​គ្រប់​គ្នាយ៉ាងខ្លាំង​ដូច្នេះ​នោះទេ ។ សូម​ស្រមៃ​មើល​ថា តើ​ជម្លោះ​ដ៏​បំផ្លិច​បំផ្លាញ​នៅ​ទូទាំង​ពិភពលោក​នេះ—និង​ការបំផ្លិច​បំផ្លាញ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ—នឹង​ត្រូវ​ដោះស្រាយ​បាន​លឿន​ប៉ុណ្ណា​ប្រសិន​បើ​យើង​ទាំងអស់​បាន​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ស្តាប់​តាម​ការបង្រៀនទាំងឡាយ​របស់​ទ្រង់ ។

តាម​ស្មារតី​នោះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​យកចិត្ត​ទុកដាក់​ស្តាប់​នូវ​រឿង​បី​យ៉ាង​នៅក្នុង​សន្និសីទ​នេះ ៖ សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ ។ ផ្ទុយ​នឹង​មន្ទិល​របស់​មនុស្ស​មួយ​ចំនួន នោះ​រឿង​ខុស និង​ត្រូវ គឺ មាន​ពិតមែន ។ សេចក្តីពិត​ដ៏ឥតខ្ចោះ—សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច គឺ មាន​ពិតប្រាកដ​មែន ។ គ្រោះកាច​មួយ​ក្នុង​ចំណោម​គ្រោះកាច​ទាំងឡាយ​នៅ​សម័យ​របស់​យើង​គឺថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ថា​ត្រូវ​ងាក​ទៅរក​សេចក្តីពិត​នៅ​ឯណា ។ ខ្ញុំ​អាច​ធានា​ដល់​បងប្អូន​បាន​ថា អ្វី​ដែល​បងប្អូន​នឹង​ស្តាប់​ឮនៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក គឺជា​សេចក្តីពិត​ដ៏​បរិសុទ្ធ ។

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ​គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់គ្នា​ដែល​យល់​ពី​គោលលទ្ធិ​នេះ ហើយ​ស្វែងរក​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​រកឃើញ និង​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ ការបន្ត​នៅលើ​ផ្លូវ​តូចចង្អៀត ប៉ុន្តែ​ត្រូវបាន​កំណត់​យ៉ាងច្បាស់​នោះ នឹង​ធ្វើ​ឲ្យ​យើង​មានភាព​ស័ក្តិសម​ដើម្បី​ទទួល​អ្វីៗ​ទាំងអស់​ដែល​ព្រះ​មាន​នៅទីបំផុត ។ គ្មាន​អ្វី​មាន​តម្លៃ​ជាង អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​របស់​យើង​មាន​នោះ​ទេ !

ជាចុងក្រោយ វិវរណៈ​ដ៏​បរិសុទ្ធ​សម្រាប់​សំណួរ​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន​នឹង​ធ្វើ​ឲ្យ​សន្និសីទ​នេះ​មានតម្លៃ និង​មិនអាច​បំភ្លេច​បាន​ឡើយ ។ ប្រសិនបើ​បងប្អូន​មិនទាន់​បាន​ស្វែងរក​ការផ្តល់​ការងារបម្រើ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​បងប្អូន​ឲ្យស្តាប់ឮ​អ្វី​ដែល​ព្រះ​អម្ចាស់​ចង់​ឲ្យ​បងប្អូន​ស្តាប់​នៅអំឡុង​ពេល​ពីរថ្ងៃ​នេះ​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​វា​ឥឡូវ​នេះ ។ សូម​ធ្វើ​ឲ្យ​សន្និសីទ​នេះ​ក្លាយ​ជា​ពេល​នៃ​ការទទួលទាន​សារលិខិត​មក​ពី​ព្រះអម្ចាស់ តាមរយៈ​អ្នក​បម្រើ​ទាំងឡាយ​របស់​ទ្រង់ ។ សូម​រៀន​អនុវត្ត​អ្វីៗ​ទាំងនេះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។

នេះ គឺជា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យើង​គឺជា​រាស្រ្ត​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា ទ្រង់​នឹង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​តាមពេល​វេលា​របស់​វា ហើយ​ទ្រង់​កំពុង​ធ្វើ​ដូច្នោះ​ក្នុង​ល្បឿន​ដ៏លឿន​មួយ ដែល​មិនធ្លាប់​មាន​ពីមុន​មក ។ យើង​មាន​អភ័យឯកសិទ្ធិ​ណាស់ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

ខ្ញុំ​សូម​ផ្តល់​ពរជ័យ​ដល់​បងប្អូន​ទាំងអស់​គ្នា ដែល​កំពុងស្វែងរក​ពន្លឺ ចំណេះដឹង និង​សេចក្តីពិត​ដ៏​អស្ចារ្យ​នេះ ។ ខ្ញុំ​សូម​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ម្នាក់ៗ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕