សន្និសីទទូទៅ
« តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? »
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


13:6

« តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? »

តើ​ការងារ​អ្វីខ្លះ​ដែល​បងប្អូន​អាច​ធ្វើ​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ដើម្បី​បង្ហាញ​ថា បងប្អូន​ស្រឡាញ់​ព្រះអម្ចាស់​មុនគេ ?

នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខ្ញុំ និង​មិត្តភក្តិ​បាន​ទៅលេង​ដែនដី​បរិសុទ្ធ ។ ខណៈដែល​នៅទីនោះ យើង​បាន​រំឭក ហើយ​សិក្សា​បទគម្ពីរ​អំពី​ជីវិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅព្រឹកមួយ យើង​បាន​ឈរ​នៅលើ​ច្រាំងសមុទ្រ​កាលីឡេ​​នៃ​ភាគពាយ័ព្យ ជា​កន្លែង​មួយ​ដែល​ព្រះ​យេស៊ូវ ​ប្រហែល​ជា​បាន​ជួប​នឹង​ពួកសិស្ស​របស់ទ្រង់ បន្ទាប់ពី​ការមាន​ព្រះជន្មរស់ឡើងវិញ​របស់​ទ្រង់ ។

ក្រោយពី​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ ដូច​យើង​បាន​អាន​នៅក្នុង យ៉ូហាន ជំពូកទី ២១ ​ពេត្រុស និង​ពួកសិស្ស​ដទៃទៀត​បាន​ទៅ​នេសាទ​ត្រី​ពេញ​មួយយប់​ដោយ​គ្មាន​បាន​អ្វី​ស្មោះ ។ លុះព្រឹកឡើង ពួកគេ​បានឃើញ​បុរស​ម្នាក់​ឈរ​នៅ​ឯច្រាំង ដែល​បាន​ប្រាប់​ពួកគេ​ឲ្យ​បោះ​អួន​ទៅ​ម្ខាង​ទៀត ។ ពួកគេ​មានការ​ភ្ញាក់ផ្អើល ព្រោះ​មាន​ត្រី​ពេញ​អួន​ដោយ​អព្ភូតហេតុ ។

រំពេចនោះ ពួកគេ​បាន​ដឹងថា បុរស​រូបនោះ​គឺជា​ព្រះអម្ចាស់ ហើយ​ពួកគេ​ប្រញាប់ប្រញាល់​រត់ទៅ​ជម្រាបសួរ​ទ្រង់ ។

កាលដែល​ពួកគេ​ទាញ​អួន​ទៅ​ច្រាំង​ដែល​មាន​សុទ្ធតែ​ត្រី នោះ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​មក​ពិសា​សិន » ។ យ៉ូហាន​បាន​រាយការណ៍​ថា « កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី ? »

ខណៈដែល​ខ្ញុំ​កំពុង​ឈរ​នៅលើ​ឆ្នេរសមុទ្រ​ដូចគ្នា​នោះ ខ្ញុំ​បានដឹង​ថា សំណួរ​របស់​ព្រះអង្គ​សង្រ្គោះ​គឺជា​សំណួរ​មួយ​ដែល​មាន​សារៈសំខាន់​បំផុត ដែល​ទ្រង់​អាច​សួរ​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ ។ ខ្ញុំស្ទើរតែ​ស្តាប់​ឮ​ព្រះសូរសៀងទ្រង់​សួរ​ថា « រ័សុល តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? »

តើ​បងប្អូន​ឆ្ងល់ទេ​ថា តើ​ព្រះ​យេស៊ូវមាន​បំណងយ៉ាង​ដូចម្តេច ពេល​ទ្រង់​សួរ​ពេត្រុស​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? »

ប្រដូច​សំណួរ​នេះ​ទៅនឹង​ខ្លួន​យើងនា​សម័យនេះ ព្រះអម្ចាស់​អាច​នឹងសួរ​យើង​ថា តើ​យើង​រវល់​ប៉ុណ្ណា និង​សួរ ថា តើ មាន​ឥទ្ធិពល​វិជ្ជមាន និង​អវិជ្ជមាន ប្រកួតប្រជែង​ទាមទារ​ចំណាប់​អារម្មណ៍ និង​ពេលវេលា​របស់​យើងយ៉ាងណាដែរ ។ ទ្រង់​អាច​សួរ​យើង​ម្នាក់ៗ​ថា តើ​យើង​ស្រឡាញ់​ទ្រង់​ជាជាង​របស់​ខាង​លោកិយ​នេះ​ឬ​ទេ ។ សំណួរ​នេះ​អាចសួរពី​អ្វី​ដែល​យើង​​ឲ្យ​តម្លៃ​ពិតនៅក្នុង​ជីវិតថា តើ​យើង​ធ្វើតាម​នរណា និង តើ​យើង​មើល​ទៅ​ទំនាក់ទំនង​របស់​យើង​ជាមួយ​សមាជិក​គ្រួសារ និង​អ្នកជិតខាងយ៉ាងដូចម្ដេច ។ ឬ​ទ្រង់​អាច​នឹង​សួរ​ថា តើ​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ និង​សុភមង្គល​ពិតប្រាកដ ។

តើ​របស់​ខាង​លោកិយ​នាំ​អំណរ សុភមង្គល និង​សេចក្តី​សុខសាន្ត​ដល់​យើង ដូច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកសិស្ស​របស់​ទ្រង់ និង​ពួក​យើង​ដែរ​ឬ​ទេ ង្រៀន​របស់ទ្រង់ ។

តើ​យើង​នឹង​ឆ្លើយ​សំណួរ​​ « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » យ៉ាង​ដូចម្តេច​ទៅ ?

នៅពេល​យើង​ស្វែងយល់​ពី​អត្ថន័យ​នៃ​សំណួរ​នេះ​ឲ្យកាន់តែ​ពេញលេញ​ នោះយើង​អាច​ក្លាយជា​សមាជិក​គ្រួសារ អ្នកជិតខាង ពលរដ្ឋ សមាជិក​នៃ​សាសនាចក្រ និង​បុត្រាបុត្រី​របស់​ព្រះ​​កាន់តែ​ល្អ​ប្រសើរ ។

មកដល់វ័យនេះ ខ្ញុំ​បាន​ចូលរួម​ពិធីបុណ្យ​សព​ជាច្រើន ។ ខ្ញុំ​ជឿជាក់​ថា បងប្អូន​ជាច្រើន​បាន​សង្កេត​ឃើញ​ដូច​​ខ្ញុំ​ដែរ ។ នៅពេល​ធ្វើ​ពិធី​បុណ្យសព​របស់​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ អ្នក​ថ្លែង​ក្នុង​ពិធី​បុណ្យសព​កម្រ​នឹង​និយាយ​ថា តើ​ផ្ទះ​របស់​អ្នក​ស្លាប់​នោះ​មាន​ទំហំ​ប៉ុណ្ណា មាន​ឡាន​ប៉ុន្មាន​គ្រឿង ឬ​មាន​សល់​លុយ​ប៉ុន្មាន​នៅក្នុង​ធនាគារ​ណាស់ ។ ជាធម្មតា ពួកគាត់​មិន​និយាយ​អំពី​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឡើយ ។ នៅក្នុង​ពិធីបុណ្យសព​ភាគច្រើន ដែល​ខ្ញុំ​បាប​ចូលរួម គឺ​ពួកគាត់​ផ្តោត​លើ​ទំនាក់ទំនង ការបម្រើ​ដល់​អ្នកដទៃ មេរៀន និង​បទពិសោធន៍​ជីវិត​របស់​មនុស្ស​ជាទី​ស្រឡាញ់​ ហើយ​និង​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​កុំ​យល់​ច្រឡំ​ពី​អត្ថន័យ​របស់​ខ្ញុំ​ឡើយ ។ ខ្ញុំ​ពុំបាន​និយាយ​ថា ការមាន​ផ្ទះ​ស្អាត ឬ​ឡាន​ស្អាត​ ឬ​ថា​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ជារឿងខុសឆ្គងនោះឡើយ ។ អ្វី​ដែល​ខ្ញុំ កំពុង និយាយ​គឺថា នៅ​ទីបញ្ចប់ របស់​ទាំងនោះ​មិន​សំខាន់​ទេ បើ​ប្រៀបធៀប​នឹង​សេចក្តីស្រឡាញ់​ព្រះអង្គ​សង្រ្គោះ​នោះ ។

ពេល​យើង​ស្រឡាញ់ ហើយ​ធ្វើតាម​ទ្រង់ នោះ​យើង​នឹង​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។ យើង​ប្រែចិត្ត ។ យើង​ធ្វើតាម​គំរូ​របស់ទ្រង់ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ស៊ូទ្រាំ​រហូតដល់​ទីបំផុត ហើយ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ យើង​អភ័យទោស​ឲ្យ​សមាជិក​គ្រួសារ និង​អ្នក​ជិតខាង ​ឈប់សងសឹក​ក្នុង​ចិត្ត ។ យើង​ខិតខំ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ដោយ​ស្មោះសរ ។ យើង​ខិតខំ​គោរព​ប្រតិបត្តិ ។ យើង​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ ។ យើង​គោរព​ឪពុកម្តាយ​យើង ។ យើង​ទុក​ឥទ្ធិពល​អវិជ្ជមាន​របស់​លោកិយ​នៅមួយ​អន្លើ ។ យើង​រៀបចំខ្លួន​របស់​យើង​សម្រាប់​ការយាង​មក​ជា​លើកទីពីរ​របស់ទ្រង់ ។

នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » យើង​អាន​ថា « ថ្ងៃណាមួយ​នោះ [ ព្រះយេស៊ូវ ] នឹងយាង​មក​ផែនដី​វិញ ។ … ព្រះអង្គ​នឹង​គ្រប់គ្រង​លើ​អស់​ទាំងស្តេច ហើយ​សោយរាជ្យ​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ចៅហ្វាយ ហើយ​គ្រប់អស់​ទាំង​ជង្គង់​នឹង​បន្ទាបចុះ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ចេញ​វាចារ​ដោយ​នូវ​ការ​ថ្វាយបង្គំ​ទ្រង់ ។ យើង​ម្នាក់ៗ​នឹង​ត្រូវ​ឈរ ទទួល​ការជំនុំ​ជម្រះ​ពី​ទ្រង់ ស្របតាម​កិច្ចការ​របស់​យើង និង​តាម​សេចក្តីប៉ងប្រាថ្នា​នៃ​ចិត្ត​របស់​យើង​ទាំងឡាយ » ។

ក្នុងនាម​ជា​សាវក​ម្នាក់​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ខ្ញុំ​អាច​ថ្លែង​បាន​ថា ការដឹងថា​ព្រះយេស៊ូវ « គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្តីសង្ឃឹម​នៃ​ពិភពលោក » ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​មាន​បំណងប្រាថ្នា​ដើម្បី​ស្រឡាញ់​ទ្រង់​កាន់តែ​ខ្លាំង​ជារៀង​រាល់ថ្ងៃ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ទ្រង់ទាំង​ទ្វេ​ស្រឡាញ់​យើង ។ ព្រះគម្ពីរ​បង្រៀន​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។ ព្រះគម្ពីរ​ក៏​បង្រៀន​ផងដែរ​ថា ព្រះ​យេស៊ូវ « ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ជីវិត​របស់​ទ្រង់​ផ្ទាល់ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​អាច​បាន​ត្រឡប់​ទៅ​ជា​កូន [ និង​ជា​បុត្រី ] ព្រះ » ។

ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង​ដល់​ម្ល៉េះ ទើប​ទ្រង់​បាន​រៀបចំ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ ដោយ​មាន​ព្រះអង្គ​សង្រ្គោះ​ជា​តួអង្គ​ដ៏សំខាន់ ។ ហើយ​ដោយសារ​ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ដល់​ម្ល៉េះ ទើប​នៅ​ឯ​ក្រុមប្រឹក្សា​ស្ថានសួគ៌​ដ៏​ធំ កាល​ដែល​ព្រះវរបិតាសួគ៌​បាន​សួរ​ថា « តើ​យើង​នឹង​ចាត់​អ្នកណា ? » ព្រះយេស៊ូវ​ដែល​ជា​ព្រះរាជបុត្រ​ច្បង​នៃ​បុត្រា​បុត្រី​ខាង​វិញ្ញាណ​​របស់​ព្រះ​វរបិតាសួគ៌ បាន​ទូលឆ្លើយ​ថា « ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ » ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ព្រះវរបិតា​ថា « ព្រះ​វរបិតា​អើយ សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរី​ល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គ​រហូត » ។ ១០ ព្រះយេស៊ូវ​បាន​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ដើម្បី​យើង​អាច​ប្រែក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ និង​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​ទាំងទ្វេ​វិញ ។

បទគម្ពីរ​ទាំងពីរ​នេះ​ក៏​បង្រៀន​ផងដែរ​ថា ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​ទាំងទ្វេ​វិញ យើង​ត្រូវ​តែ ជឿ ។ យើង​ត្រូវ​ជឿ​ទៅលើ​ព្រះ​យេស៊ូវ និង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ។ ការ ជឿ គឺជា​ការស្រឡាញ់ និង​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ​របស់​យើង ហើយ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ទោះបីជា​ស្ថិត​នៅ​កណ្តាល​ការសាកល្បង និង​ការទាស់ទែង​គ្នា​ក្តី ។

ពិភពលោក​សព្វថ្ងៃ​នេះ​ពុំ​មាន​ភាពស្ងប់សុខ​ទេ ។ ពិភពលោក​នេះ​មាន​នូវ​ការខកចិត្ត ការមិន​ចុះសម្រុង ទុក្ខព្រួយ និង​ការរំខាន​នានា ។

ប្រធាន ដាល្លិន អេក អូក ​បាន​ថ្លែង​នៅឆ្នាំ ២០១៧ ​កត់សម្គាល់​​ដូច​តទៅ​នេះថា « នេះ​គឺជា​ពេលវេលា​ដ៏ពិបាក ដែល​ពោរពេញ​ទៅ​ដោយ​ការព្រួយបារម្ភ​ធំៗ ៖ ដូចជា​សង្គ្រាម និង​ពាក្យ​ចចាម​អារ៉ាម​អំពី​សង្គ្រាម ការរីករាលដាល​នៃ​ជំងឺ​ឆ្លង គ្រោះ​រាំងស្ងួត ទឹក​ជំនន់ និង​ការប្រែប្រួល​អាកាសធាតុ​ទូទាំង​សាកលលោក » ។ ១១

យើង​មិន​អាច​បាត់បង់​សេចក្តីស្រឡាញ់ និង​សេចក្តីសង្ឃឹម​លើ​ព្រះ​យេស៊ូវ​ឡើយ សូម្បីតែ​ពេល​ដែល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ដែល​​គួរ​ឲ្យភ័យខ្លាច​ក៏​ដោយ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​នឹង​មិន​បំភ្លេច​យើង​ឡើយ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​យើង ។

កាលពី​ខែ​តុលា​ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ពី​សារៈសំខាន់​នៃ​ការទុក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មុនគេ​នៅក្នុង​ជីវិត​របស់​យើង ។ ប្រធាន ណិលសុន បាន​បង្រៀន​យើង​ថា អត្ថន័យ​មួយ​នៃ​ពាក្យ អ៊ីស្រាអែល គឺ​ការ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។ ១២

លោក​បាន​សួរ​យើង​ម្នាក់ៗ​នូវ​សំណួរ​ទាំងនេះ ៖ « តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅលើ​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូលទ្រង់ ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​សំឡេង​របស់ទ្រង់​មាន​អាទិភាព​លើស​សំឡេង​ដទៃ​ទៀតដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូនធ្វើ មានអាទិភាព​ជាង​មហិច្ឆិតា​ផ្សេងទៀត​ដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បី​ដាក់​ឆន្ទៈខ្លួន​ទៅ​ក្នុង​ព្រះទ័យ​ទ្រង់​ដែរ​ឬ​ទេ ? » ១៣

យើង​ត្រូវ​តែ​ចងចាំ​ជា​និច្ច​ថា សុភមង្គល​ពិត​របស់​យើង អាស្រ័យ​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

របៀប​មួយ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង គឺ​តាម​រយៈ​ការចូលរួម​ជាមួយ​គ្រួសារ មិត្តភក្តិ និង​អ្នកជិត​ខាង ធ្វើ​ការងារ​តូចតាច ដើម្បី​បម្រើ​គ្នា​ទៅវិញ​ទៅមក​ឲ្យបាន​កាន់តែ​ប្រសើរ ។ សូម​ធ្វើ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​ទីកន្លែង​ដ៏​ល្អ​ប្រសើរ ។

តើ​ការងារ​អ្វីខ្លះ​ដែល​បងប្អូន​អាច​ធ្វើ​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ដើម្បី​បង្ហាញ​ថា បងប្អូន​ស្រឡាញ់​ព្រះអម្ចាស់​មុនគេ ?

កាល​យើង​ផ្តោត​លើ​ការស្រឡាញ់​អ្នកជិត​ខាង​ដូចជា​ទ្រង់ស្រឡាញ់​ពួកគេ នោះ​យើង​ចាប់ផ្តើម​ស្រឡាញ់​អ្នក​ដែល​នៅជុំវិញ​ខ្លួន​យើង​យ៉ាង​ពិត​ប្រាកដ ។ ១៤

ខ្ញុំ​សូម​សួរ​ម្តងទៀត​ថា តើ​បងប្អូន​នឹង​ឆ្លើយ​សំណួរ​របស់​ព្រះអង្គ​សង្រ្គោះថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » យ៉ាង​ដូចម្តេច​ ?

កាល​​បងប្អូន​ពិចារណា​ពី​សំណួរ​នេះ ដូច​រូប​ខ្ញុំដែរ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​បងប្អូន​អាច​ឆ្លើយ​ដូចជា​ពេត្រុស​​ថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ១៥ ហើយ​បន្ទាប់មក​បង្ហាញវា​ដោយ​ការស្រឡាញ់ និង​ការបម្រើ​ព្រះ និង​ដល់​អស់​អ្នក​ដែល​នៅ​ជិត​បងប្អូន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ពរ​ណាស់​ដែល​មាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដឹកនាំ​របៀប​យើង​រស់នៅ និង​របៀប​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ នៅក្នុង​ទ្រង់ យើង​ដឹង​ថា បុត្រា និង​បុត្រី​រាល់រូប​របស់ព្រះ​គឺ​មាន​តម្លៃ​ណាស់​នៅក្នុង​ព្រះនេត្រ​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​ដ៏​ស្ងួនភ្ញា​របស់​យើង ។ ទ្រង់​គឺជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់ព្រះ ។ ហើយ​ខ្ញុំ​ថ្លែង​រឿង​ទាំង​នេះ​ដោយ​រាបសា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕