សន្និសីទទូទៅ
មុជ​ការប្រែចិត្តជឿ​របស់​យើង​ឲ្យ​ជ្រៅ​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


10:5

មុជ​ការប្រែចិត្តជឿ​របស់​យើង​ឲ្យ​ជ្រៅ​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ និង​ចំណេះដឹង​របស់​យើង​ពី​ព្រះ​គឺជា​អំណោយទាន ។ សូម​យើង​ស្រឡាញ់​ពរជ័យ​ទាំងនេះ ។

សូម​ថ្លែង​អំណរគុណ​ច្រើនចំពោះ​អែលឌើរ នែលសុន​សម្រាប់​សារលិខិត​ដ៏​ល្អ​នេះ ។ យើង​ពិត​ជា​ត្រូវការ​ណាស់ ។

ឱ បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​នា​ពេល​ថ្មីៗ​នេះ​ថា « ដើម្បី​ធ្វើ​អ្វីៗ​ឲ្យ​បាន​ល្អ វា​តម្រូវ​ឲ្យ​មាន​ការខិតខំ ។ ការក្លាយជា​សិស្ស​ដ៏​ពិត​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​គ្មាន​ករណី​លើក​លែង​ទេ ។ ការបង្កើន​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​បងប្អូន​លើ​ទ្រង់​តម្រូវ​ឲ្យ​មាន​ការខិតខំ » ។ នៅ​ក្នុង​ចំណោម​អនុសាសន៍​ទាំងឡាយ​ដែល​លោក​បាន​ផ្តល់​ឲ្យ​យើង​បង្កើន​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល យើង​ត្រូវ​ធ្វើ​ជា​អ្នក​រៀន ថា​យើង​ត្រូវ​ជ្រមុជ​ខ្លួន​របស់​យើង​នៅ​ក្នុង​បទគម្ពីរ​ដើម្បី​យល់​ពី​បេសកកម្ម​របស់​ព្រះ​គ្រីស្ទ និង​ការងារបម្រើ​របស់​ទ្រង់​ឲ្យ​បាន​ប្រសើរ​ឡើង ។ ( សូមមើល « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ ) ។

យើង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា ព្រះគម្ពីរ​គឺ​ជា​ចំណែក​ដ៏​សំខាន់របស់​​គ្រួសារ​លីហៃ—គឺ​សំខាន់​ខ្លាំង​រហូត​ទាល់តែ នីហ្វៃ និង​បងៗ​របស់​លោក​ត្រូវ​ត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ​ដើម្បី​យក​ផ្ទាំង​លង្ហិន( សូមមើល នីហ្វៃទី ១:៣-4 ) ។

បទគម្ពីរ​បើកសម្តែង​ព្រះ​ទ័យ​របស់​ព្រះ​ចំពោះ​ពួក​យើង​ដូចជា​លីអាហូណា​បាន​បង្ហាញ​ផ្លូវ​ដល់​នីហ្វៃ និង​ឪពុក​របស់​លោក​ដូច្នោះដែរ ។ បន្ទាប់ពី​លោក​បាន​ធ្វើ​ឲ្យ​ធ្នូ​របស់​លោក​បាក់ នីហ្វៃ​ចង់ដឹង​ថា​តើ​លោក​គួរទៅ​កន្លែង​ណា​ដើម្បី​រក​បាន​អាហារ ។ ឪពុក​របស់​លោក លីហៃ បាន​មើលទៅ​លីអាហូណា ហើយ​ឃើញ​អ្វីៗ​ដែល​បាន​សរសេរ​នៅ​លើ​នោះ ។ នីហ្វៃ​បាន​ឃើញ​ថា​ទ្រនិច​នោះ​ដំណើរការ​ស្របតាម​សេចក្តីជំនឿ ការឧស្សាហ៍​ព្យាយាម និង​ការយកចិត្តទុកដាក់​ដែល​បាន​ផ្តល់​ឲ្យ​ពួកគេ ។ លោក​ក៏​បាន​ឃើញ​សំណេរ​ដែល​ងាយស្រួល​អាន ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​យល់​ពី​មាគ៌ា​របស់​ព្រះអម្ចាស់ ។ លោក​ចាប់ផ្តើម​ដឹង​ថា​ព្រះអម្ចាស់​បាន​នាំ​មក​នូវ​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​តាមរយៈ​កិច្ចការ​តូចតាច ។ លោក​គោរពប្រតិបត្តិ​តាម​ការណែនាំ​ដែល​បាន​ផ្តល់​ឲ្យ​នៅ​លើ​លីអាហូណា​នោះ ។ លោក​បាន​ឡើង​ទៅ​លើ​ភ្នំ ហើយ​រក​បាន​អាហារ​ឲ្យ​គ្រួសារ​របស់​លោក​ដែល​កំពុង​ស្រេកឃ្លាន​យ៉ាងខ្លាំង​នោះ ។ ( សូមមើល នីហ្វៃទី ១ ១៦:២៣–៣០ ) ។

ចំពោះ​ខ្ញុំ​នីហ្វៃ​ហាក់​ដូចជា​សិស្ស​ដែល​បាន​បូជា​ចំពោះ​បទគម្ពីរ ។ យើង​បាន​អានថា នីហ្វៃ មាន​ចិត្ត​រីករាយ​ពេល​អាន​ព្រះគម្ពី ហើយ បាន​គិតពិចារណា​ពី​បទគម្ពីរ​នៅ​ក្នុង​ដួងចិត្ត​របស់​លោក ហើយ​បាន​សរសេរ​បទគម្ពីរ​សម្រាប់​ការ​រៀនសូត្រ និង​ជា​អត្ថប្រយោជន៍​ដល់​កូនចៅ​របស់​លោក ( សូមមើល នីហ្វៃទី ២ ៤:១៥–១៦ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា

« បើ​យើង ‹ ជាប់​ដរាប​ដល់​ចុង​បំផុត … [ យើង ] នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច › [ នីហ្វៃទី ២ ៣១:២០ ] ។

« ដើម្បី​ទទួលទាន​មាន​ន័យ​ច្រើន​ជាង​ការភ្លក់ ។ ទទួលទាន​មាន​ន័យ​ថា ក្រេប​យក​ឱជារស ។ យើង​ក្រេប​ឱជារស​នៃ​បទគម្ពីរ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ នោះ​ក្នុង​ស្មារតី​នៃ​ការរកមើល​ដោយ​អំណរ និង​ការគោរព​ប្រតិបត្តិ​ដ៏​ស្មោះត្រង់ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ព្រះបន្ទូល​ទាំងនោះ​បាន​ជាប់ ‹ ក្នុង​ចិត្ត​ខាង​សាច់ឈាម › [ កូរិនថូស ទី២ ៣:៣ ] ។ ព្រះបន្ទូល​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​បុគ្គលិ​កលក្ខណៈ​របស់​យើង » ( « Living by Scriptural Guidance » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ២១ ) ។

ប្រសិនបើ​ព្រលឹង​យើង​ត្រេកអរ​ចំពោះ​បទគម្ពីរ តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​យើង​នឹង​ធ្វើ ?

បំណងប្រាថ្នា​របស់​យើង​ដើម្បី​មាន​ចំណែក​នៅ​ក្នុង​ការប្រមូលផ្តុំ​នៃ​អ៊ីស្រាអែល​ទាំង​សង​ខាង​វាំងនន​នឹង​កើន​ឡើង ។ វា​ធម្មតា និង​ងាយ​សម្រាប់​យើង​ដើម្បី​អញ្ជើញ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​យើង​មក​ស្តាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ យើង​នឹង​មាន​ភាពស័ក្តិសម ហើយ​យើង​នឹង​មាន​ប័ណ្ណ​ចូលព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​បាន ។ យើង​នឹង​ខិតខំ​ធ្វើការ​ដើម្បី​ស្វែងរក រៀបចំ និង​បញ្ជូន​ឈ្មោះ​បុព្វការីជន​យើង​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ សម្រាក ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ​ដើម្បី​រំឭក​សេចក្តីសញ្ញា​របស់​យើង​ជា​មួយ​ព្រះអម្ចាស់​កាល​ដែល​យើង​ចូលរួម​ក្នុង​ពិធី​សាក្រាម៉ង់​ដោយ​មាន​ភាព​ស័ក្តិសម ។ យើង​នឹង​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ដោយ​រស់​នៅតាម​រាល់​ព្រះបន្ទូល​ដែល​មាន​បន្ទូល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៤៤ ) ។

តើ​វា​មាន​ន័យ​ដូចម្ដេច​សម្រាប់​បងប្អូន​ក្នុង​ការត្រេកអរ​ចំពោះ​ការណ៍​ទាំងឡាយ​របស់​ព្រះអម្ចាស់ ?

ការត្រេកអរ​នៅ​ក្នុង​បទគម្ពីរ​គឺ​លើស​ពី​ការស្រេកឃ្លាន​ដើម្បី​ទទួល​បាន​ចំណេះវិជ្ជា​ទៅទៀត ។ នីហ្វៃ​បាន​ដកពិសោធន៍​នូវ​អំណរ​យ៉ាង​អស្ចារ្យ​នៅក្នុ​ជីវិត​របស់​លោក ។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​លោក​បាន​ប្រឈមមុខ​នឹង​ការលំបាក និង​ទុក្ខសោក​ជា​ច្រើន​ដែរ ( សូមមើល នីហ្វៃទី ២ ៤:១២–១៣ ) ។ លោក​បាន​ថ្លែងថា « ទោះជា​យ៉ាងណា​ក៏​ដោយ គង់​តែ​ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត » ដែរ ( នីហ្វៃទី ២ ៤:១៩ ) ។ កាលដែល​យើង​សិក្សា​ព្រះគម្ពីរ យើង​នឹង​យល់​ពី​ផែនការ​នៃ​សេចក្តីសង្រ្គោះ​របស់​ព្រះ និង​ភាពតម្កើងឡើង​កាន់​តែ​ល្អ​ប្រសើរ​ឡើង ហើយ​យើង​នឹង​ទុកចិត្ត​លើ​សេចក្តីសន្យា​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​យើង​នៅ​ក្នុង​បទគម្ពីរ ក៏​ដូច​ជា​នៅ​ក្នុង​សេចក្តីសន្យា និង​ពរជ័យ​ទាំងឡាយ​មក​ពី​ពួកព្យាការី​សម័យ​ទំនើប​ផងដែរ ។

ដាវីដ និង កូលីយ៉ាត

នៅ​រសៀល​មួយ ភរិយា​ខ្ញុំ និង​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ផ្ទះ​មិត្ត​ម្នាក់ នប្រុស​អាយុ​ប្រាំពីរឆ្នាំ​របស់​ពួកគេ​ឈ្មោះ ដេវីឌ បាន​ធ្លាប់​ឮ​ពី​ដំណើររឿង​នៅ​ក្នុង​ព្រះគម្ពីរ​អំពី​ដាវីឌ និង​កូលីយ៉ាត ហើយ​ចង់​ស្តាប់​ពី​ដំណើររឿង​នេះ ។ កាល​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ដំណាល​ពី​ដំណើររឿង​នេះ កុមារ រូប​នេះ​បាន​ដក់​ជាប់​ក្នុងចិត្ត​នូវ​របៀប​ដែល ដាវីឌ មាន​សេចក្តីជំនឿ​របស់​លោក ហើយ​នៅក្នុង​ព្រះនាម​របស់​ព្រះ​នៃ​អ៊ីស្រាអែល បាន​ធ្វើ​ឲ្យ​ពួកភីលីស្ទីន​រងរបួស និង​ស្លាប់​ដោយសារ​តែ​ខ្សែ​ដង្ហក់ និង​គ្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ ដោយ​ឥត​មាន​ដាវ​នៅ​ក្នុង​ដៃ​ឡើយ ( សូមមើល សាំយូអែលទី ១ ១៧ ) ។

គាត់​បើក​ភ្នែក​ធំៗ​សម្លឹង​មក​ខ្ញុំ គាត់​បាន​សួរ​ខ្ញុំ​យ៉ាង​ម៊ឺងម៉ាត់​ថា « តើ​ព្រះ​ជា​នរណា ? » ខ្ញុំ​បាន​ពន្យល់​ទៅ​គាត់​ថា​ព្រះ​គឺ​ជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ថា​យើង​រៀន​អំពី​ទ្រង់​នៅ​ក្នុង​ព្រះគម្ពីរ ។

បន្ទាប់​មក​គាត់​បាន​សួរ​ខ្ញុំថា « តើ​ព្រះគម្ពីរ​ជា​អ្វី​ទៅ ? » ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ព្រះគម្ពីរ​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​ថា​នៅ​ក្នុង​ព្រះគម្ពីរ​នោះ​គាត់​នឹង​រកឃើញ​ដំណើររឿង​ល្អៗ​ដែល​នឹង​ជួយ​គាត់​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់ ។ ខ្ញុំ​បាន​សុំ​ទៅ​ម្តាយ​គាត់​ឲ្យ​ប្រើ​ព្រះគម្ពីរ​ដែល​នាង​មាន​នៅ​ក្នុង​ផ្ទះ​ហើយ​សុំ​កុំ​ឲ្យ​ដេវីដ ចូលគេង​ដោយ​ពុំ​បាន​អាន​ដំណើររឿង​មួយ​​ឲ្យ​ចប់​ឡើយ ។ គាត់​បាន​ត្រេអរ​កាល​ដែល​គាត់​បាន​ស្តាប់​រឿង​នេះ ។ ព្រះគម្ពីរ និង​ចំណេះដឹង​របស់​យើង​ពី​ព្រះ​គឺ​ជា​អំណោយទាន ។ សូម​ឲ្យ​យើង​ស្រឡាញ់​ពរជ័យ​ទាំងនេះ ។

កាល​ពី​នៅ​វ័យ​ក្មេង​ខណៈពេល​កំពុង​បម្រើ​បេសកកម្ម ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​តាមរយៈ​ការបង្រៀន​ដោយ​ប្រើ​ព្រះគម្ពីរ នោះ​ជីវិត​របស់​មនុស្ស​ជា​ច្រើន​បាន​ផ្លាស់ប្តូរ ។ ខ្ញុំ​ចាប់ផ្តើម​ស្គាល់​ពី​ឥទ្ធិពល​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង​របៀប​ដែល​ព្រះគម្ពីរ​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​យើង ។ មនុស្ស​ម្នាក់ៗ​ដែល​យើង​បាន​បង្រៀន​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​នេះ​គឺ​ជា​បុគ្គល​ដែល​ពិសេស និង​មាន​តម្រូវការ​ខុសៗ​គ្នា ។ ពិតណាស់—ព្រះគម្ពីរ​បរិសុទ្ធ គឺ​ជា​ការព្យា​ករណ៍​ដែល​បាន​សរសេរ​ដោយ​ព្យាការី​បរិសុទ្ធ​ទាំង​ឡាយ—ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​លោក​មាន​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ និង​បាន​ប្រែចិត្ត​ជឿ និង​បាន​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​ពួកលោក ។

ព្រះគម្ពីរ​បាន​បំពេញ​ឲ្យ​ពួកលោក​នូវ​អំណរ​កាល​ដែល​ពួកលោក​បាន​ទទួល​ការបំផុសគំនិត ការណែនាំ ការលួងលោមចិត្ត កម្លាំង និង​ចម្លើយ​ចំពោះ​តម្រូវការ​របស់​ពួកលោក ។ ពួកលោក​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​នៅ​ក្នុង​ជីវិត​របស់​ពួកលោក ហើយ​បាន​ចាប់​ផ្តើម​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

នីហ្វៃ បាន​លើកទឹកចិត្ត​យើង​ឲ្យ​ត្រេកអរ​នៅ​ក្នុង​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដោយសារ​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​យើង​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ ( សូមមើល នីហ្វៃ ទី២ ៣២:៣ ) ។

ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដាក់​ផែនការ​ជាប់លាប់​មួយ​ដើម្បី​សិក្សា​ព្រះគម្ពីរ ។ សៀវភៅចូរ​មក​តាម​ខ្ញុំ គឺ​ជា​ធនធាន​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​មាន​ដើម្បី​បង្រៀន និង​រៀនសូត្រ​ដំណឹងល្អ សូមមុជ​ការប្រែចិត្តជឿ​របស់​យើង​ឲ្យ​ជ្រៅ​ទៅ​កាន់​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ​ជួយ​យើង​កាន់​តែ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។ នៅពេល​យើង​សិក្សា​ដំណឹងល្អ យើង​ពុំ​មែន​ស្វែងរក​ព័ត៌មាន​ថ្មីៗ​ហើយ ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​ការស្វែងរក​ដើម្បី​បាន « កើត​ជា​ថ្មី »( កូរិនថូសទី ២ ៥:១៧ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ឆ្ពោះទៅ​រក​សេចក្តីពិត និង​ថ្លែង​ទីបន្ទាល់​ចំពោះ​យើង​នូវ​សេចក្តីពិត ( សូមមើល យ៉ូហាន ១៦:១៣ ) ។ ទ្រង់​បំភ្លឺ​គំនិត​របស់​យើង និង​រម្លឹក​ការយល់ដឹង​របស់​យើង ហើយ​ប៉ះ​ដួងចិត្ត​របស់​យើង​តាមរយៈ​វិវរណៈ​របស់​ព្រះ ដែល​ជា​ប្រភព​នៃ​គ្រប់​អស់ទាំង​សេចក្ដីពិត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​យើង​បរិសុទ្ធ ។ ទ្រង់​បំផុសគំនិត​បំណង​ប្រាថ្នា​ក្នុង​ខ្លួន​យើង​ឲ្យ​រស់​នៅ តាម​សេចក្ដីពិត ហើយ​ខ្សឹប​ប្រាប់​យើង​ពី​របៀប​ដើម្បី​ធ្វើ​ដូចនេះ ។ « ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នករាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ » ( យ៉ូហាន ១៤:២៦ ) ។

និយាយ​ពី​ព្រះបន្ទូល​ដែល​ទ្រង់​បាន​បើកសម្តែង​ចំពោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ ព្រះអង្គសង្រ្គោះ​បាន​មាន​ព្រះបន្ទូល ៖

« ព្រះ​បន្ទូល​ទាំង​នេះ ពុំ​មែន​ជា​ពាក្យ​នៃ​មនុស្ស​លោក​ឬ នៃ​មនុស្ស​ទេ ប៉ុន្តែ​ជា​ព្រះ​បន្ទូល​របស់​យើង …

« ជា​សំឡេង​របស់​យើង​នេះ​ហើយ ដែល​មាន​បន្ទូល​មក​កាន់​អ្នក ដ្បិត​ព្រះ​បន្ទូល​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​វិញ្ញាណ​របស់​យើង …​

« េតុដូច្នេះហើយ​អ្នក​រាល់គ្នា​អាច​ធ្វើ​ទីបន្ទាល់​ថា អ្នក​បាន​ឮ​សំឡេង​របស់​យើង ហើយ​ស្គាល់​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង » ។ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:៣៤–៣៦ ) ។

យើង​គួរតែ​ស្វែងរក​ភាពជាដៃគូ​នៃព្រះវិញ្ញាណ​បរិសុទ្ធ ។ គោលដៅ​នេះ​គួរតែ​គ្រប់គ្រង​ដល់​ការសម្រេចចិត្ត និង​ការដឹកនាំ​គំនិត និង​សកម្មភាព​របស់​យើង ។ យើង​ត្រូវតែ​ស្វែងរក​អ្វី​គ្រប់យ៉ាង​ដែល​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ហើយ​បដិសេធ​អ្វីៗ​គ្រប់យ៉ាង​ដែល​នាំ​ឲ្យ​បាត់បង់​ឥទ្ធិពល​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា​ព្រះយេស៊ូវ​គឺ​ព្រះរាជបុត្រា​ស្ងួនភ្ញា​នៃ​ព្រះ​វរបិតាសួគ៌ ។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។ យើង​មាន​អំណរ​គុណ​ចំពោះ​ព្រះគម្ពីរ និង​ព្យាការី​ដែល​នៅរស់​របស់​ទ្រង់ ។ ប្រធាន ណិលសុន គឺ​ជា​ព្យាការី​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕