សន្និសីទទូទៅ
ការស្តារ​ឡើងវិញ​ប្រចាំ​ថ្ងៃ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


13:43

ការស្តារ​ឡើងវិញ​ប្រចាំ​ថ្ងៃ

យើង​ត្រូវការ​ការបញ្ចូល​ពន្លឺ​សួគ៌ា​ជារៀង​រាល់​ថ្ងៃ​យ៉ាង​ខ្ជាប់ខ្ជួន ។ យើង​ត្រូវការ « ពេល​លំហើយ » ។ ពេលវេលា​នៃ​ការស្តារ​ឡើងវិញ​ផ្ទាល់ខ្លួន ។

យើង​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​បរិសុទ្ធ​ដ៏ស្រស់​ត្រកាល​នេះ ​ថ្លែង​អំពី​ព្រះគ្រីស្ទ អរ​រីករាយ​នៅក្នុង​ដំណឹងល្អ​​ទ្រង់ ហើយ​គាំទ្រ និង​ទ្រទ្រង់​គ្នា​ កាល​យើង​ដើរ​នៅលើ « ផ្លូវ » របស់​ព្រះអង្គ​សង្រ្គោះ​យើង ។

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ជួបជុំ​គ្នា​សម្រាប់​គោលបំណង​នេះ នៅ​រាល់​ថ្ងៃបរិសុទ្ធ​ពេញ​មួយ​ឆ្នាំ ។ បើ​បងប្អូនពុំមែន​ជា​សមាជិក​សាសនាចក្រ​ យើង​សូម​ស្វាគមន៍​បងប្អូន​យ៉ាង​កក់ក្ដៅ​ ហើយ​អរគុណ​ដែល​បាន​ចូលរួម​ថ្វាយ​បង្គំ​ព្រះអង្គ​សង្រ្គោះ និង​រៀន​អំពី​ទ្រង់ជាមួយ​ពួកយើង ។ ពួកយើងដូចជា​បងប្អូនដែរ ​កំពុង​ខិតខំ—ទោះជា​មិនបានល្អ​ឥតខ្ចោះ​ក្ដី—ព្យាយាម​ក្លាយជា​មិត្តភក្តិ អ្នកជិត​ខាង និង​ជា​មនុស្ស​ល្អ​ប្រសើរ ហើយ​យើង​ព្យាយាម​ធ្វើ​បែប​នេះ ដោយ​ការធ្វើតាម​អង្គ​គំរូ​របស់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ

យើង​សង្ឃឹម​ថា បងប្អូន​អាច​ដឹងពី​ភាពស្មោះសរ​នៃ​ទីបន្ទាល់​របស់​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ! ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ដឹកនាំ​ព្យាការី​នៅលើ​ផែនដី​ក្នុង​ជំនាន់​របស់​យើង​នេះ ។ យើង​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ស្តាប់​ព្រះបន្ទូល​​ព្រះ ហើយ​ទទួល​យក​សេចក្ដី​ល្អ​របស់​ទ្រង់ ! ខ្ញុំ​សូម​ថ្លែងជា​សាក្សី​ផ្ទាល់ខ្លួន​ថា ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង ហើយ​ថា​ទ្រង់់​នឹង​នៅជិត​អស់​អ្នក​ដែល​ព្យាយាម​ខិត​មកជិត​ទ្រង់​យ៉ាង​ពិតប្រាកដ​ ។

ពួកយើង​ចាត់ទុក​ថា​ វា​ជា​កិត្តិយសមួយ​ដើម្បី​ដើរ​ជាមួយ​បងប្អូន​នៅលើ​ផ្លូវ​ដ៏តូច​ចង្អៀត​នៃ​ភាពជា​សិស្ស​របស់​លោក​ចៅហ្វាយ​ ។

រូបគំនូអំពី​ការដើរ​នៅលើ​ផ្លូវ​ត្រង់

មាន​ទ្រឹស្ដី​មួយ​បាន​លើកឡើង​ជារឿយៗ​ថា មនុស្ស​ដែល​វង្វេង នឹង​ដើរ​ចុះ​ដើរ​ឡើង​នៅ​កន្លែង​ដដែល ។ មិន​យូរ​ប៉ុន្មាន​កន្លងមក អ្នកវិទ្យាសាស្ដ្រ​នៅ Max Planck Institute for Biological Cybernetics ( វិទ្យាស្ថាន ម៉ាកស៍ ប្លង់ ផ្នែក​វិទ្យាសាស្ដ្រ​ជីវសាស្ដ្រ ) បាន​ធ្វើ​តេស្ដអំពី​ទ្រឹស្ដី​នោះ ។ ពួកគេ​បាន​នាំ​អ្នកចូលរួម​ទៅកាន់​ព្រៃ​ដ៏ក្រាស់​មួយ ហើយ​បាន​ផ្ដល់​ការណែនាំ​សាមញ្ញ​ឲ្យ​ពួកគេ ៖ « ដើរ​នៅលើ​ផ្លូវ​ត្រង់ » ។ គេ​មិនឃើញ​មាន​សញ្ញា​សម្គាល់​នៅលើ​ផ្លូវ​នោះទេ ។ ប្រធានបទ​នៃ​ការធ្វើ​តេស្ដ​នេះ គឺ​ការពឹងផ្អែក​លើ​ញាណ​នៃ​ការដឹង​ទិសដៅ​របស់​ពួកគេ​តែមួយ​មុខ​គត់ ។

តើ​បងប្អូន​គិត​ថា ពួកគេ​ជោគជ័យ​ដែរ​ឬទេ ?

អ្នកវិទ្យាសាស្ដ្រ​បាន​សន្មត​ថា « មនុស្ស [ ពិតជា ] ដើរ​ចុះ​ដើរ​ឡើង​នៅ​កន្លែង​ដដែល​មែន នៅពេល​ពួកគេ​គ្មាន​តម្រុយ​ដែល​អាច​ទុកចិត្ត​បាន ដើម្បី​ទៅកាន់​ទិសដៅ​របស់​ពួកគេ » ។ ក្រោយមក​នៅពេល​សាកសួរ មានអ្នកចូលរួម​មួយ​ចំនួន​បាន​អះអាង​ដោយ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ថា ពួកគេ​មិន​បាន​វង្វេង​សូម្បីតែ​បន្ដិច ។ ទោះបី​ពួកគេ​មាន​ទំនុកចិត្ត​ខ្ពស់​ក្ដី ក៏​ទិន្នន័យ GPS បាន​បង្ហាញ​ថា ពួកគេ​បាន​ដើរ​វិល​ជុំ​ជា​រង្វង់ ដែល​មាន​អង្កត់​ផ្ចិត ២០ ម៉ែត្រ​ដែរ ។

ហេតុអ្វី​យើង​ពិបាក​ម្ល៉េះ គ្រាន់តែ​ដើរ​នៅលើ​ផ្លូវ​ត្រង់​មួយ​សោះ ? ពួក​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បាន​ធ្វើ​សម្មិតិកម្ម​ថា ការដើរ​វង្វេង​ផ្លូវ​តែបន្តិច ដែល​យើង​គិត​ថា​មិន​សូវ​សំខាន់​នៅ​ភូមិសាស្ដ្រ​​នោះ ​ជាក់ស្តែង​វា​ធ្វើឲ្យ​មាន​ភាពខុសគ្នា ។ អ្នកស្រាវជ្រាវ​ដទៃទៀត​បាន​ចង្អុល​បង្ហាញ​ថា យើង​ទាំងអស់​គ្នា​មាន​ជើង​ម្ខាង​ខ្លាំង​ជាង​ជើង​ម្ខាង​ទៀត ។ ទោះយ៉ាងណា​យើង « ទំនង​ជា » ពិបាក​ដើរ​ទៅមុខ​ត្រង់ [ ព្រោះ ] មាន​ភាពមិន​ប្រាកដច្រើន​ថា តើ​ផ្លូវ​ត្រង់​នៅខាង​មុខ​នោះ​នៅឯណា » ។

មិន​ថា​មាន​ហេតុផល​អ្វីទេ ធម្មជាតិ​របស់​មនុស្សគឺ ៖ បើ​គ្មាន​សញ្ញា​សម្គាល់​ផ្លូវ​ដែល​អាច​មើលឃើញ និង​អាច​ទុកចិត្ត​បាន​ទេ នោះយើង​នឹង​វង្វេង​ហើយ ។

ការវង្វេង​ចេញពី​ផ្លូវ

តើ​វា​មិនគួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​ឬ ដែល​កត្តា​តូចតាច ដែល​គិត​ថា​មិន​សូវ​សំខាន់ អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង​នោះ ?

ខ្ញុំ​ដឹង​រឿង​នេះ​មកពី​បទពិសោធន៍​ផ្ទាល់ខ្លួន ក្នុង​នាម​ជា​អ្នកបើក​យន្ដហោះ ។ រាល់​ពេល​ដែល​ខ្ញុំ​ត្រៀម​ចុះចត​នៅ​ព្រលាន​យន្តហោះ ខ្ញុំ​ដឹង​ថា ការងារ​ទាំងប៉ុន្មានរបស់​ខ្ញុំ ​ភាគច្រើន​គឺជា​ការចាំ​កែ​តម្រូវ​គន្លង​ផ្លូវ​តិចតួចជានិច្ច ដើម្បី​បញ្ជា​យន្តហោះ​ចុះចត​ដោយ​សុវត្ថិភាព នៅលើ​ផ្លូវ​ដែល​យើង​ចង់​ចុះចត​នោះ ។

បងប្អូន​ប្រហែល​ជា​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នេះ ពេល​បើក​ឡាន ។ ខ្យល់ ភាពមិន​ប្រក្រតី​នៃ​ផ្លូវ ការតម្រង់កង់​មិន​បាន​ល្អ ការមិន​យកចិត្ត​ទុកដាក់—នេះ​ពុំ​និយាយ​ដល់​សកម្មភាព​របស់​អ្នកបើក​ឡាន​ផ្សេងៗទៀត​ផង—អ្វីៗទាំងអស់​នេះ​អាច​រុញ​ច្រាន​បងប្អូន​ចេញពី​ផ្លូវ ដែល​បងប្អូន​ចង់​ទៅ ។ ការមិន​យកចិត្ត​ទុកដាក់​លើ​កត្តា​ទាំងនេះ បងប្អូន​អាច​នឹង​មាន​គ្រោះថ្នាក់ ។

ឡាន​នៅ​ក្នុងអាងទឹក

ការណ៍​នេះ​អនុវត្ត​ចំពោះ​យើង​ខាង​រូបកាយ ។

វា​ក៏អនុវត្ត​ចំពោះ​យើង​ខាង​វិញ្ញាណ​ផងដែរ ។

ការផ្លាស់ប្តូរ​ភាគច្រើន​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង—ទាំង​វិជ្ជមាន និង​អវិជ្ជមាន—កើត​ឡើង​បន្ដិច​ម្ដងៗ មួយ​ជំហាន​ម្ដងៗ ។ ដូចជា​អ្នកចូលរួម​ក្នុង​ការសិក្សា ម៉ាកស៍ ប្លង់ ដែរ យើង​អាចនឹង​មិន​ដឹង​ថា យើង​ដើរ​ចេញពី​ផ្លូវ​តាំងពី​ពេលណា​នោះទេ ។ យើង​ថែមទាំង​អាច​មាន​ទំនុកចិត្ត​ខ្ពស់​ទៀត​ថា យើង​កំពុង​ដើរ​នៅលើ​ផ្លូវ​ត្រង់​មួយ ។ ប៉ុន្តែ​ការពិត​ បើ​គ្មាន​ជំនួយ​ពី​សញ្ញា​សម្គាល់​នានាណែនាំ​យើង​ទេ នោះ​យើង​នឹង​វង្វេង​ផ្លូវ​ជាពុំ​ខាន ហើយ​នឹងទៅដល់​កន្លែង​ដែល​យើង​មិន​ធ្លាប់​គិត​ថា យើង​នឹង​ទៅ​ដល់ផង ។

ការណ៍​នេះ​គឺ​ជាការពិត​សម្រាប់​បុគ្គល​ម្នាក់ៗ ។ វា​ក៏ជា​រឿង​ពិត​សម្រាប់​សង្គម និង​ជាតិសាសន៍​ទាំងឡាយ​ផងដែរ ។ ព្រះគម្ពីរ​មាន​ពេញ​ទៅដោយ​គំរូ ។

គម្ពីរ​ពួក​ចៅហ្វាយ​កត់ត្រា​ថា បន្ទាប់ពី​យ៉ូស្វេ​បាន​ស្លាប់​ទៅ នោះ « កើត​មាន​មនុស្ស​ ១​ ដំណ​ទៀត … ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះយេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សម្រេច​ដល់​ពួក​អ៊ីស្រាអែល​ទេ » ។

ថ្វីបើ​កូនចៅ​អ៊ីស្រាអែល​បាន​ធ្វើជា​សាក្សី​ដល់​ការអន្ដរាគមន៍ ការយាង​មកជួប ការសង្គ្រោះ និង​ជោគជ័យ​ប្រកប​ដោយ​អព្ភូតហេតុ​ពី​ស្ថានសួគ៌​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅជំនាន់​របស់​ម៉ូសេ និង​យ៉ូស្វេ​ក្ដី ក៏​ក្នុង​ពេល​តែមួយ​ជំនាន់​ប៉ុណ្ណោះ មនុស្ស​បាន​បោះបង់​ផ្លូវ​នេះ ហើយ​ចាប់ផ្ដើម​ដើរតាម​ចិត្តចង់​របស់​ពួកគេ​រៀងខ្លួន ។ ហើយ​ពិត​ណាស់ មិនយូរ​ប៉ុន្មាន​ពួកគេ​បាន​ទទួល​លទ្ធផលចំពោះ​ឥរិយាបថ​នោះ ។

ពេលខ្លះ ការធ្លាក់ចុះ​នេះ​កើតឡើង​រាប់​ជំនាន់ ។ ពេលខ្លះ វា​កើតឡើង​ក្នុងពេល​តែ​ប៉ុន្មាន​ឆ្នាំ ឬ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ យើង​ទាំងអស់​គ្នា​ងាយ​វង្វេង​ណាស់ ។ មិន​ថា​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​យើង​កាល​ពីមុន​រឹងមាំ​ប៉ុណ្ណា​ឡើយ សញ្ជាតិ​មនុស្ស យើង​មុខតែ​វង្វេង ។ ការណ៍​នោះ​គឺជា​គន្លង​តាំងពី​ជំនាន់​របស់​លោក​អ័ដាម​មកដល់​បច្ចុប្បន្ន ។

នេះ​គឺជា​ដំណឹងល្អ

ប៉ុន្តែ​អ្វីៗ​មិន​បាត់បង់​ទាំងអស់​ទេ ។ មិន​ដូចជា​ប្រធានបទ​ការធ្វើ​តេស្ដ​ដើរ​វង្វេងផ្លូវ​នោះទេ យើង​មាន​សញ្ញា​សម្គាល់​ផ្លូវ​ដែល​អាច​ទុកចិត្ត និង​មើលឃើញ ដែល​យើង​អាចប្រើ​ដើម្បី​វាយតម្លៃ​ពី​គន្លង​ផ្លូវ​របស់យើង​បាន ។

ចុះ​តើ​សញ្ញា​សម្គាល់​ទាំងនេះ​គឺជា​អ្វី ?

ប្រាកដណាស់ វា​រួមមាន​ការអធិស្ឋាន​ប្រចាំ​ថ្ងៃ និង​ការសញ្ជឹងគិត​ពី​បទគម្ពីរ និង​ការប្រើប្រាស់​ឧបករណ៍​ដ៏បំផុស​គំនិត​ដូចជា​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ជារៀង​រាល់ថ្ងៃ យើង​អាច​ទៅជិត​បល្ល័ង្ក​របស់​ព្រះ​ដោយ​ការបន្ទាប​ខ្លួន និង​ភាពស្មោះត្រង់ ។ យើង​អាច​ពិចារណា​ពី​សកម្មភាព​របស់​យើង ហើយ​ពិនិត្យមើល​ពេលវេលា​របស់​យើង​ក្នុង​មួយថ្ងៃ—ដោយ​ពិចារណា​ពី​ឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​យើង ពេល​ពិចារណាពី​ព្រះទ័យ​របស់​ទ្រង់ ។ បើ​យើង​រសាត់​ចេញពី​ដំណឹងល្អ នោះ​យើង​ត្រូវ​ទូល​អង្វរ​ព្រះ ឲ្យ​ស្ដារ​យើង​ឡើងវិញ ហើយ​យើង​ត្រូវ​តាំងចិត្ត​ធ្វើ​ឲ្យបាន​ប្រសើរ​ឡើង ។

ព្រះអង្គសង្គ្រោះ​ដឹកនាំ​កូនចៀម​របស់ទ្រង់

ពេលវេលា​នៃ​ការចំណាំ​មើល​ចិត្ត​ខ្លួនឯង​នេះ គឺជា​ឱកាស​មួយ​ដើម្បី​ធ្វើការ​កែតម្រូវ ។ វា​គឺជា​ពេលវេលា​មួយ ដើម្បី​សញ្ជឹង​គិតពី​ជីវិត​របស់​យើង​ឲ្យបាន​ស៊ីជម្រៅ កាល​យើង​ដើរ​ជាមួយ​ព្រះអម្ចាស់ ហើយ​ទទួលបាន​ការណែនាំ ការស្អាង​ឡើង និង​ការបន្សុទ្ធ​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះវរបិតា​សួគ៌​យើង ដែលបាន​កត់ត្រា​ទុក និង​បើក​សម្ដែង​ដោយ​ព្រះវិញ្ញាណ ។ វា​គឺជា​គ្រា​ដ៏ពិសិដ្ឋ​មួយ ដែល​យើង​ចងចាំ​ដល់​សេចក្ដី​សញ្ញា​ដ៏មុតមាំ​របស់​យើង ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ​ដ៏ទន់ភ្លន់ នៅពេល​យើង​វាយតម្លៃ​ពី​ការរីកចម្រើន​របស់​យើង ហើយ​សម្រប​ខ្លួនយើង​តាម​សញ្ញា​សម្គាល់​ខាង​វិញ្ញាណ ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

សូម​គិតពី​រឿង​នេះ​ថាជា ការស្តារ​ឡើងវិញ​ប្រចាំថ្ងៃ​ របស់​បងប្អូន​ផ្ទាល់ ។ នៅក្នុង​ដំណើរ​របស់​យើង​ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ពេញ​មួយ​ជីវិត នោះ​យើង​ដឹង​ថា វា​ងាយ​នឹង​វង្វេង​ខ្លាំង​ប៉ុណ្ណា ។ ប៉ុន្តែ ដូចជា​ការវង្វេង​តិចតួច​អាច​ទាញយើង​ចេញពី​ផ្លូវ​របស់​ព្រះអង្គ​សង្គ្រោះ ដូច្នេះ​សកម្មភាព​តូចតាច និង​សាមញ្ញ​ក៏​អាចទាញ​យើង​ឲ្យ​សម្របខ្លួន​ឡើងវិញ ដើម្បី​នាំយើង​ត្រឡប់​មកញ​ជាក់ជា​ពុំខាន​ផងដែរ ។ នៅពេល​ភាពងងឹត​ជ្រាប​ចូល​ក្នុង​ជីវិត​​យើង ដូចដែល​វាមានជា​ញឹកញាប់ នោះ​ការស្តារ​ឡើងវិញ​ប្រចាំថ្ងៃ​របស់​យើង នឹង​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ពន្លឺ​សួគ៌ា ​បំភ្លឺ​ដល់​ព្រលឹង​យើង ​បណ្ដេញ​ស្រមោល ការភ័យខ្លាច និង​មន្ទិល​សង្ស័យ​ ។

ចង្កូត​តូច សំពៅ​ធំ

បើ​យើង​ស្វែងរក នោះ​ប្រាកដ​ណាស់ « ព្រះ​ទ្រង់​នឹង​ប្រទាន​តម្រិះ​ដល់ [ យើង ] ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ មែន​ហើយ ដោយ​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពុំ​អាច​ថ្លែងបាន » ។ កាលណា​យើង​ទូលសួរ​ញឹកញាប់ នោះ​ទ្រង់​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​នោះ ហើយ​ជួយ​យើង​ឲ្យដើរតាម​វា ។

ពិតណាស់ ការណ៍​នេះ​តម្រូវ​ឲ្យ​យើង​មាន​ការខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ខាងផ្នែក​របស់​យើង ។ យើង​មិន​អាច​ពេញចិត្ត​តែ​នឹង​បទពិសោធន៍​ខាង​វិញ្ញាណ​នៃ​អតីតកាល​បានទេ ។ យើង​ត្រូវមាន​បទពិសោធន៍​ដ៏ខ្ជាប់ខ្ជួន​មួយ ។

យើង​មិនអាច​ពឹងផ្អែក​លើ​ទីបន្ទាល់​របស់​អ្នកដទៃ​បាន​ជារៀង​រហូត​នោះ​ទេ ។ យើង​ត្រូវតែ​ស្ថាបនា​ទីបន្ទាល់​របស់​យើង​ផ្ទាល់ ។

យើង​ត្រូវការ​ការបញ្ចូល​ពន្លឺ​សួគ៌ា​ជារៀង​រាល់​ថ្ងៃ​យ៉ាង​ខ្ជាប់ខ្ជួន ។

យើង​ត្រូវការ « ពេល​លំហើយ » ។១០ ពេលវេលា​នៃ​ការស្តារ​ឡើងវិញ​ផ្ទាល់ខ្លួន ។

« ទឹក​ហូរ » មិន​អាច « នៅ​កខ្វក់​យូរ » បាន​ទេ ។១១ ដើម្បី​រក្សា​គំនិត និង​សកម្មភាព​របស់​យើង​ឲ្យបាន​បរិសុទ្ធ យើង​ត្រូវតែ​បន្ត​ផ្លាស់ប្ដូរ !

យ៉ាងណា​មិញ ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ និង​សាសនាចក្រ មិនមែន​ជា​អ្វី​ដែល​កើតឡើង​តែម្តង​ហើយ​ចប់​នោះទេ ។ វា​គឺជា ដំណើរការ​ដ៏ខ្ជាប់ខ្ជួន​មួយ—មួយ​ថ្ងៃម្ដងៗ មួយដួងចិត្ត​ម្ដងៗ ។

អ្វីដែល​យើង​ធ្វើ​រាល់ថ្ងៃ​កំណត់ពី​របៀប​ដែល​យើង​ដឹកនាំ​ជីវិត​យើង ។ អ្នកនិពន្ធ​ម្នាក់​បាន​ពិពណ៌នា​តាម​របៀប​នេះ ៖ « ពេល​មួយ​ថ្ងៃ​គឺ​ដូច​មួយ​ជីវិត ។ យើង​ចាប់ផ្ដើម​ដោយធ្វើ​រឿងមួយ ប៉ុន្ដែ​បែរជាទៅ​ធ្វើ​រឿង​ផ្សេងទៀត​ទៅវិញ យើង​គ្រោង​ថាសម្រេច​ឲ្យបាន​កិច្ចការ​មួយ តែ​បែរជាសម្រេច​វា​មិន​បាន​ ។ … ហើយ​នៅ​ចុងបញ្ចប់​នៃ​ជីវិត​នេះ ជីវិត​របស់​បងប្អូន​ទាំងមូល​នឹង​មាន​គុណតម្លៃព្រាវៗ​បែប​នោះ​ដែរ ។​ ជីវិត​ទាំងមូល​របស់​បងប្អូន​មាន​ទម្រង់​ដូចគ្នា​នឹង​ពេល​មួយ​ថ្ងៃ » ។១២

តើ​បងប្អូន​ចង់​ផ្លាស់ប្តូរទម្រង់​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ?

សូម​ផ្លាស់ប្ដូរ​ទម្រង់​​ពេល​ក្នុង​មួយ​ថ្ងៃៗ​របស់​បងប្អូន ។

តើ​បងប្អូន​ចង់​ផ្លាស់ប្តូរ​ថ្ងៃ​របស់​បងប្អូន​ដែរ​ឬទេ ?

សូម​ផ្លាស់ប្ដូរ​នៅ​ម៉ោង​នេះ ។

សូម​ផ្លាស់ប្ដូរ​គំនិត អារម្មណ៍ និង​សកម្មភាព​របស់​បងប្អូន​នៅពេល​នេះ ។

ចង្កូត​តូច​មួយ​អាច​កាច់​បញ្ជា​សំពៅ​ដ៏ធំមួយ​បាន ។១៣

ឥដ្ឋ​តូចៗ​អាច​សង់​ទៅជា​វិមាន​មួយ​ដ៏ស្កឹមស្កៃ ។

គ្រាប់ពូជ​តូចៗ​អាច​ដុះ​ទៅជា​ដើមឈើ​ដ៏ធំ​បាន ។

នាទី និង​ម៉ោង​ដែល​បាន​ចំណាយ​យ៉ាងល្អ ស្ថាបនា​ជីវិត​មួយ ដែល​រស់នៅ​បាន​យ៉ាង​ប្រពៃ ោស​លោះ​នៃ​ការអភ័យទោស និង​ការបរិសុទ្ធ ។

ព្រះ​នៃ​ការចាប់ផ្ដើម​ថ្មី

ខ្ញុំ​សូម​បង្ហាញ​ការដឹងគុណ​ដោយ​អស់ពី​ចិត្ត​ខ្ញុំ​ជាមួយ​បងប្អូន​រាល់គ្នា ចំពោះ​អំណោយទាន​ដ៏មហិមា​នៃ​ឱកាស​ថ្មី ជីវិត​ថ្មី និង​ក្ដីសង្ឃឹម​ថ្មី ។

យើង​បន្លឺ​សំឡេង​សរសើរ​ដល់​ព្រះ​ដ៏បរិបូរ និង​ពេញ​ដោយ​ក្ដីអភ័យទោស​របស់​យើង ។ ពិតមែន​ហើយ ទ្រង់​គឺជា​ព្រះ​នៃ​ការចាប់ផ្តើម​ថ្មី ។ ទីបញ្ចប់​ដ៏អស្ចារ្យ​នៃ​កិច្ចការ​ទាំងអស់​របស់​ទ្រង់​គឺ ដើម្បី​ជួយ​យើង ដែលជា​បុត្រា​បុត្រី​របស់​ទ្រង់ ឲ្យមាន​ជោគជ័យ​ក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ទទួល​បាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។១៤

យើង​អាច​បាន​កើត​ជាថ្មី​នៅក្នុង​ព្រះគ្រីស្ទ ដោយសារ​ព្រះ​បាន​សន្យា​ថា « ដរាបណា​រាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់ទោស​ឲ្យ​គេ​ចំពោះ​ការរំលង​ច្បាប់​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង »១៥ ហើយ « មិន​ចាំ​ពី​អំពើបាប​ទាំងនោះ​ទៀត​ទេ » ។១៦

បងប្អូន​ប្រុស​ស្រី និង​មិត្ត​ជាទី​ស្រឡាញ់ យើង​ទាំងអស់​គ្នា​វង្វេង​ម្ដង​ម្កាល ។

ប៉ុន្ដែយើង​អាច​ត្រឡប់​មកលើផ្លូវ​នេះ​វិញបាន ។ យើង​អាច​រុករក​ផ្លូវ​យើង​ឆ្លងកាត់​ភាពងងឹត និង​ការសាកល្បង​នៃ​ជីវិត​នេះ ហើយ​រកឃើញ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង​វិញ ប្រសិន​បើ​យើង​ស្វែងរក និង​ទទួល​យក​សញ្ញា​សម្គាល់​ខាង​វិញ្ញាណ ដែល​ទ្រង់​បាន​ប្រទាន​មក ឱប​ក្រសោប​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​ខិតខំ ស្ដារ​ឡើងវិញ​ប្រចាំ​ថ្ងៃ ។ នេះ​គឺជា​របៀប​ដែល​យើង​ក្លាយជា​សិស្ស​ដ៏ពិត​របស់​ព្រះអង្គ​សង្រ្គោះ​ជាទី​ស្រឡាញ់​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​យើង​ធ្វើ​ដូច្នេះ នោះ​ព្រះ​នឹង​ញញឹម​មកកាន់​យើង ។ « ព្រះយេហូវ៉ា​ទ្រង់​នឹង … ប្រទានពរ​ដល់​ឯង​នៅក្នុង​ស្រុក​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ។ ទ្រង់​នឹង​តាំង​ឯង​សម្រាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ » ។១៧

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​យើង​នឹង​ស្វែងរក​ការស្ដារ​ឡើងវិញ​ប្រចាំ​ថ្ងៃ និង​បន្ដ​ខិតខំ​ដើរលើ​ផ្លូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។ សៀវភៅ NIV First-Century Study Bible រួមមាន​ការពន្យល់​ដូច្នេះ ៖ « រូបភាព​នៃ​គន្លង ឬ​ផ្លូវ​មួយ​នៅក្នុង​គម្ពីរ​ហេព្រើរ​នៃ​ព្រះគម្ពីរ​ប៊ីប តែង​តំណាង​ជារឿយៗ​ឲ្យ​ការរក្សា​ព្រះបញ្ញត្តិ ឬ​ការបង្រៀន​ទាំងឡាយ​របស់​ព្រះ [ សូមមើល ទំនុក​តម្កើង ១:១; ១៦:១១; ៨៦:១១ ] ។ នេះ​គឺជា​ការប្រៀបធៀប​ពីបុរាណ​ទូទៅ​មួយ សម្រាប់​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​សំណុំ​នៃ​ការជឿ ការបង្រៀន ឬ​ការអនុវត្ត​នានា ។ សហគមន៍​រមូរ​គម្ពីរ​នៃ​សមុទ្រ​ក្ស័យ បាន​ហៅ​ខ្លួនគេ​ថាជា​អ្នកដើរតាម ‹ ផ្លូវ ផ្លូវ​ដែល​ធ្វើឲ្យ​ព្រះ​សព្វ​ព្រះទ័យ ។ ប៉ុល និង​ពួកគ្រីស្ទាន​ដំបូងៗ​ក៏បាន​ហៅ​ខ្លួនគេ​ថាជា ‹ អ្នកដើរតាម​ផ្លូវ [ ទាំងឡាយ ] › ផងដែរ [ សូមមើល កិច្ចការ ២៤:១៤ ] » ( នៅក្នុង « What the Bible Says about the Way, the Truth, and the Life » Bible Gateway នៅលើ​គេហទំព័រ biblegateway.com/topics/the-way-the-truth-and-the-life ) ។

    នៅ​ឆ្នាំ ១៨៧៣ សៀវភៅ​បុរាណ​មួយ​ដែល​មាន​ចំណងជើង​ថា Didache ត្រូវ​គេ​រកឃើញ​នៅក្នុង​បណ្ណាល័យ​របស់​លោកអយ្យកោ​នៃ​ក្រុង​យេរូសាឡិម​នៅឯ ខនស្ដានធីណូផល ។ បញ្ញវន្ដ​ជាច្រើន​ជឿ​ថា វា​ត្រូវបាន​គេ​សរសេរ និង​ប្រើ​នៅចុង​សតវត្សរ៍​ទី ១ ( ៨០–១០០ ឆ្នាំ​ក្រោយ គ.ស. ) ។ សៀវភៅ Didache ចាប់ផ្តើម​ដោយ​ពាក្យ​ពេចន៍​ទាំងនេះ ៖ « មាន​មាគ៌ា​ចំនួន​ពីរ មួយ​គឺ​ជីវិត ហើយ​មួយទៀត​គឺ​សេចក្ដី​ស្លាប់ ប៉ុន្តែ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​រវាង​មាគ៌ា​ទាំងពីរ​នេះ ។ បន្ទាប់មក មាគ៌ា​នៃ​ជីវិត​គឺ​ដូច្នេះ ៖ ទីមួយ ឯង​ត្រូវ​ស្រឡាញ់​ព្រះ ដែល​បាន​បង្កើត​ឯង​មក ទីពីរ ត្រូវ​ស្រឡាញ់​អ្នកជិតខាង​ខ្លួន​ដូចជា​ខ្លួនឯង » ( Teaching of the Twelve Apostles បកប្រែ​ដោយ Roswell D. Hitchcock និង Francis Brown [ ឆ្នាំ ១៨៨៤ ] ទំព័រ ៣ ) ។

    ប្រភព​ផ្សេងទៀត ដូចជា The Expositor’s Bible Commentary ចង្អុល​បង្ហាញ​ថា « អំឡុងពេល​មាន​វត្តមាន​នៃ​សាសនាចក្រ​សម័យ​ដើម អ្នក​ដែល​ទទួល​យក​ភាពជា​ព្រះមែស៊ី​របស់​ព្រះយេស៊ូវ និង​បាន​អះអាង​ថា ទ្រង់​ជា​ព្រះអម្ចាស់​របស់​ពួកគេ បាន​ហៅ​ខ្លួនគេ​ថាជា ‹ ផ្លូវ › [ សូមមើល កិច្ចការ ១៩:៩, ២៣; ២២:៤; ២៤:១៤, ២២ ] » ( កែសម្រួល​ដោយ Frank E. Gaebelein អ្នកដទៃ​ទៀត [ ឆ្នាំ ១៩៨១ ] ទំព័រ ៩:៣៧០ ) ។

  2. សូមមើល ម៉ូសាយ ២:១៧ ។

  3. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៦៣ ។

  4. « Walking in Circles » ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០០៩, Max-Planck-Gesellschaft, នៅលើ​គេហទំព័រ mpg.de ។

  5. « Walking in Circles » នៅលើ​គេហទំព័រ mpg.de ។ រូបភាព​នេះ​បង្ហាញ​ពី​ការតាមដាន GPS របស់​អ្នកចូលរួម​ចំនួន​បួន​នាក់​នៅក្នុង​ការសិក្សា​នេះ ។ បី​នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ដើរ​នៅ​ថ្ងៃ​ដែល​មេឃ​ស្រទុំ ។ ម្នាក់​ក្នុង​ចំណោម​នោះ ( SM ) បាន​ចាប់ផ្តើម​ដើរ ខណៈ​ដែល​ព្រះអាទិត្យ​ត្រូវបាន​គ្រប​បាំង​ដោយ​ពពក ប៉ុន្តែ ១៥ នាទី​ក្រោយមក ពពក​ក៏បាន​រសាយ​អស់​ទៅ ហើយ​អ្នកចូលរួម​អាច​មើលឃើញ​ព្រះអាទិត្យ ។ សូម​កត់សម្គាល់​ពី​របៀប​ដែល​អ្នកដើរ​ទទួល​បាន​ជោគជ័យ​ក្នុង​ការដើរ​នៅលើ​ផ្លូវ​ត្រង់ នៅពេល​មាន​ព្រះអាទិត្យ ។

  6. សម្រាប់​ឧទាហរណ៍​ដ៏សោកសៅ​មួយ អំពី​របៀប​ដែល​កំហុស​នៃ​គន្លង​ផ្លូវ​មួយ តែ​ត្រឹម​ពីរ​ដឺក្រេ​ប៉ុណ្ណោះ បាន​បណ្ដាលឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​ធ្លាក់​ចូល​ទៅក្នុង​ភ្នំ​អេរេបាស់ នៅ​ទ្វីប​អង់តាក់ទិច ដែល​បាន​បណ្តាលឲ្យ​មនុស្ស ២៥៧ នាក់​ស្លាប់ សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « A Matter of a Few Degrees » Liahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៥៧–៦០ ។

  7. ពួកចៅហ្វាយ ២:១០ ។

  8. បន្ទាប់ពី​ការយាង​ទៅ​ទ្វីប​អាមេរិករបស់​ព្រះគ្រីស្ទ នោះ​ប្រជាជន​ពិតជា​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​​ធ្លាប់តែជា​ប្រជាជន​ដែល​ទាស់ទែង​គ្នា និង​មាន​អំនួត ឥឡូវនេះ « គ្មាន​ការទាស់ទែង​ខ្វែង​គំនិត​គ្នា​រវាង​ពួកគេ​ឡើយ ហើយ​មនុស្ស​គ្រប់រូប​មាន​ការទាក់ទង​គ្នា​យ៉ាង​ត្រឹមត្រូវ » ( នីហ្វៃ​ទី​៤ ១:២ ) ។ រយៈពេល​នៃ​សេចក្ដី​សុចរិត​នេះ​មាន​រយៈពេល​ប្រហែល​ពីរ​សតវត្សរ៍ មុនពេល​អំនួត​បាន​ចាប់ផ្ដើម​បណ្ដាល​ឲ្យ​ប្រជាជន​ងាកចេញ​ពី​ផ្លូវ​នេះ​ទៀត ។ ប៉ុន្ដែ ការវង្វេង​ខាង​វិញ្ញាណ​ក៏អាច​កើតឡើង​លឿន​ខ្លាំង​ជាងនេះ ផងដែរ ។ ឧទាហរណ៍ ប៉ុន្មាន​ទសវត្សរ៍​មុន​នេះ នៅ​ឆ្នាំ​ទី ៥០ ក្នុង​រជ្ជកាល​នៃ​ពួកចៅក្រម​នៅក្នុង​ព្រះគម្ពីរ​មរមន មាន « សន្តិភាព និង​សេចក្ដី​អំណរ​ដ៏ធំ​តរៀង​មក » នៅក្នុង​ចំណោម​ប្រជាជន ។ ប៉ុន្តែ​ដោយសារតែ​អំនួត​ដែល​បាន​ជ្រាបចូល​ក្នុង​ដួងចិត្ត​របស់​សមាជិក​សាសនាចក្រ ក្រោយពី​រយៈពេល​បួន​ឆ្នាំ​យ៉ាងខ្លី នោះ​ក៏ « មាន​ការបែកបាក់​ជាច្រើន​នៅក្នុង​សាសនាចក្រ ហើយ​មាន​ការទាស់ទែង​គ្នា​ដែរ​នៅក្នុង​ចំណោម​ប្រជាជន ដរាប​ដល់​មាន​ការខ្ចាយឈាម​ជាច្រើន » ( សូមមើល ហេលេមិន ៣:៣២–៤:១ ) ។

  9. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:២៦ ។

  10. កិច្ចការ ៣:១៩ ។

  11. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៣ ។

  12. Michael Crichton Jurassic Park ( ឆ្នាំ ២០១៥ ) ទំព័រ ១៩០ ។

  13. « សូម​គិត​មើល​ពី​សំពៅ​ដែរ ។ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយសារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ » ( យ៉ាកុប ៣:៤, កំណែ​អន្ដរជាតិ​ថ្មី ) ។

  14. សូមមើល ម៉ូសេ ១:៣៩ ។

  15. ម៉ូសាយ ២៦:៣០ ។

  16. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២ ។

  17. ចោទិយកថា ២៨:៨–៩; សូមមើល​ផងដែរ ខទី ១–៧ ។