សូមយាងព្រះគ្រីស្ទឲ្យនិពន្ធដំណើររឿងរបស់បងប្អូន
សូមអនុញ្ញាតឲ្យដំណើររឿងរបស់បងប្អូនជាដំណើររឿងនៃសេចក្ដីជំនឿ ដោយធ្វើតាមអង្គគំរូរបស់បងប្អូន គឺព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមចាប់ផ្ដើមដោយការសួរសំណួរមួយចំនួន ដើម្បីទុកជាការត្រិះរិះអំពីខ្លួនយើង ៖
-
តើបងប្អូនកំពុងនិពន្ធដំណើររឿងផ្ទាល់ខ្លួនប្រភេទណាសម្រាប់ជីវិត ?
-
តើផ្លូវដែលបងប្អូនពិពណ៌នានៅក្នុងដំណើររឿងរបស់បងប្អូនត្រង់ដែរឬទេ ?
-
តើដំណើររឿងរបស់បងប្អូនបញ្ចប់ត្រង់កន្លែងដែលវាបានចាប់ផ្ដើម នៅឯផ្ទះសួគ៌ារបស់បងប្អូនដែរឬទេ ?
-
តើមានបុគ្គលគំរូនៅក្នុងដំណើររឿងរបស់ប្អូនដែរឬទេ—តើបុគ្គលនោះជាព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទឬ ?
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្រ្គោះគឺជា « មេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង » ។ ១ តើបងប្អូននឹងយាងទ្រង់ឲ្យធ្វើជាមេផ្តើម ហើយជាមេសម្រេចដំណើររឿងរបស់បងប្អូនដែរឬទេ ?
ទ្រង់ជ្រាបពីដើមដំបូងមកចុងបំផុត ។ ទ្រង់គឺជាអង្គបង្កបង្កើតនៃស្ថានសួគ៌ និងផែនដី ។ ទ្រង់សព្វព្រះទ័យឲ្យយើងត្រឡប់ទៅផ្ទះ ទៅកាន់ទ្រង់ និងព្រះបិតាមាតាសួគ៌ារបស់យើងវិញ យើង ហើយទ្រង់ចង់ឲ្យយើងជោគជ័យ ។
តើបងប្អូនគិតថា អ្វីទៅដែលរារាំងយើងមិនឲ្យប្រគល់ដំណើររឿងរបស់យើងថ្វាយទ្រង់ ?
ប្រហែលជាការបង្ហាញនេះនឹងជួយឲ្យបងប្អូនវាយតម្លៃដោយខ្លួនឯង ។
មេធាវីរឿងក្ដីដ៏ពូកែម្នាក់ដឹងថា នៅក្នុងសវនាការ យើងកម្រនឹងសួរសាក្សីនូវសំណួរ ដែលយើងមិនដឹងពីចម្លើយណាស់ ។ ការសួរសំណួរបែបនោះគឺជាការអញ្ជើញឲ្យសាក្សីប្រាប់យើង—និងចៅក្រម ក៏ដូចជាក្រុមប្រឹក្សាតុលាការ—អំពីអ្វីមួយដែលយើងមិនទាន់បានដឹង ។ យើងអាចទទួលបានចម្លើយ ដែលធ្វើឲ្យយើងភ្ញាក់ផ្អើល ដែលផ្ទុយនឹងដំណើររឿងដែលយើងបានបង្កើតសម្រាប់ករណីយើងនេះ ។
ទោះជាការសួរសាក្សីនូវសំណួរ ដែលយើងមិនដឹងពីចម្លើយ ជាទូទៅគឺជារឿងមិនឆ្លាតវៃសម្រាប់មេធាវីកាន់ក្ដី ក៏ការសួរដូច្នេះគឺមានពិតចំពោះពួកយើងដែរ ។ យើងអាចសួរសំណួរដល់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងនៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះដ៏មេត្តាករុណារបស់យើង ហើយសាក្សីដែលឆ្លើយនឹងសំណួររបស់យើង គឺព្រះវិញ្ញាណបរិសុទ្ធ តែងតែធ្វើទីបន្ទាល់អំពីសេចក្ដីពិតជានិច្ច ។ ២ ដោយសារព្រះវិញ្ញាណបរិសុទ្ធធ្វើការសាមគ្គីភាពយ៉ាងល្អឥតខ្ចោះជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងដឹងថា ការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធគឺអាចទុកចិត្តបាន ។ អញ្ចឹង ហេតុអ្វីពេលខ្លះយើងរឹងទទឹងមិនព្រមទូលសូមជំនួយសួគ៌ាប្រភេទនេះ ជាសេចក្ដីពិតដែលបើកសម្ដែងដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធ តុអ្វីយើងពន្យារពេលសួរសំណួរ ដែលយើងមិនដឹងពីចម្លើយ ទោះសាក្សីអង្គនេះមិនត្រឹមតែរួសរាយ ប៉ុន្ដែថែមទាំងប្រាប់យើងពីសេចក្ដីពិតគ្រប់ពេលវេលាទៀតផងនោះ ?
ប្រហែលដោយសារតែយើងពុំមានសេចក្ដីជំនឿទទួលយកចម្លើយដែលយើងអាចនឹងទទួលបាននោះ ។ ប្រហែលដោយសារធម្មជាតិជាបុរសឬស្ត្រីដែលនៅក្នុងរូបកាយយើង រឹងទទឹងមិនចង់ប្រគល់អ្វីៗ ទាំងអស់ ថ្វាយព្រះអម្ចាស់ ហើយទុកចិត្តលើទ្រង់ ទាំងស្រុង ។ ប្រហែលនោះជាមូលហេតុដែលយើងជ្រើសរើសនៅជាប់នឹងដំណើររឿង ដែលយើងបាននិពន្ធសម្រាប់ខ្លួនឯង ជាកំណែដែលងាយស្រួលសម្រាប់ដំណើររឿងយើង ដែលមិនបានកែសម្រួលដោយលោកចៅហ្វាយចាងហ្វាងនិពន្ធ ។ យើងមិនចង់សួរសំណួរ ហើយទទួលបានចម្លើយដែលមិនត្រូវគ្នានឹងដំណើររឿង ដែលយើងកំពុងនិពន្ធសម្រាប់ខ្លួនឯងនេះទេ ។
និយាយតាមត្រង់ទៅ ពួកយើងមួយចំនួនតូចប្រហែលជានិពន្ធដំណើររឿងពីការសាកល្បង ដែលនឹងសម្រិតសម្រាំងយើង នៅក្នុងដំណើររឿងរបស់យើង ។ ប៉ុន្ដែ តើយើងមិនចូលចិត្តចុងបញ្ចប់រឿង ដែលយើងអានហើយ តួឯកយកឈ្នះលើឧបសគ្គបានយ៉ាងល្អទេឬអី ? ការសាកល្បងគឺជាធាតុផ្សំនៃសាច់រឿង ដែលធ្វើឲ្យដំណើររឿងដែលយើងចូលចិត្តនោះ គួរឲ្យចាប់អារម្មណ៍ មិនចេះចប់ លើកតម្កើងសេចក្ដីជំនឿ និងមានតម្លៃ ។ ឧបសគ្គដ៏ល្អដែលបញ្ចូលទៅក្នុងដំណើររឿង របស់យើង គឺជាអ្វីដែលនាំយើងខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ និងសម្រាំងយើង ធ្វើឲ្យកាន់តែដូចជាទ្រង់ ។
ដើម្បីឲ្យដាវីឌយកឈ្នះកូលីយ៉ាតបាន ដាវីឌត្រូវឡើងជិះលើមនុស្សមាឌធំនោះ ។ ដំណើររឿងស្រួលៗសម្រាប់ដាវីឌ គួរតែជាការត្រឡប់ទៅមើលចៀម ។ ប៉ុន្ដែផ្ទុយទៅវិញ លោកបានពិចារណាពីបទពិសោធន៍របស់លោកក្នុងការសង្គ្រោះកូនចៀមពីសត្វតោ និងខ្លាឃ្មុំ ។ ហើយដោយបន្ថែមទៅលើទង្វើជាវីរបុរសទាំងនោះ លោកបានប្រមូលសេចក្ដីជំនឿ និងសេចក្ដីក្លាហាន ដើម្បីអនុញ្ញាតឲ្យព្រះកំណត់ពីអ្វីដែលបានកើតឡើងក្នុងជីវិតរបស់លោក ដោយការប្រកាសថា « ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ » ។ ៣ ដោយមានបំណងប្រាថ្នាទុកឲ្យព្រះឈ្នះ ដោយការស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ និងមានឆន្ទៈអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះធ្វើជាមេផ្តើម ហើយជាមេសម្រេចនៃដំណើររឿងរបស់លោក នោះកុមារាដាវីឌបានបង្រា្កបកូលីយ៉ាត និងបានសង្គ្រោះប្រជាជនលោក ។
ពិតណាស់ គោលការណ៍ដ៏ពិសេសនៃសិទ្ធិជ្រើសរើសអនុញ្ញាតឲ្យយើងនិពន្ធដំណើររឿងរបស់យើង ផ្ទាល់ បាន—ដាវីឌអាចទៅផ្ទះវិញ ដើម្បីទៅមើលចៀមបាន ។ ប៉ុន្ដែព្រះយេស៊ូវគ្រីស្ទត្រៀមព្រះកាយ ដើម្បីប្រើយើងជាឧបករណ៍ដ៏ទេវភាព ជាខ្មៅដៃដ៏ស្រួចនៅក្នុងព្រះហស្ដទ្រង់ ដើម្បីនិពន្ធរឿងស្នាដៃឯក ! ទ្រង់ស្ម័គ្រព្រះទ័យដោយសេចក្ដីមេត្តាដើម្បីប្រើខ្ញុំ ជាខ្មៅដៃដ៏រិចរិល ឲ្យធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដទ្រង់ បើខ្ញុំមានសេចក្ដីជំនឿ បើខ្ញុំនឹងអនុញ្ញាតឲ្យទ្រង់និពន្ធដំណើររឿងរបស់ខ្ញុំនោះ ។
នាងអេសធើរគឺជាគំរូដ៏ប្រពៃមួយទៀត នៃការទុកឲ្យព្រះឈ្នះ ។ ជាជាងប្រកាន់ខ្ជាប់នឹងដំណើររឿងដ៏ប្រុងប្រយ័ត្នដើម្បីការពារខ្លួនឯង នាងបានអនុវត្តសេចក្ដីជំនឿ ដោយទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង ចំពោះអ្វីដែលនឹងកើតឡើងក្នុងជីវិតនាង ។ ហាម៉ាន បានគ្រោងបំផ្លាញពួកសាសន៍យូដានៅស្រុកពើស៊ីចោលទាំងអស់ ។ ម៉ាដេកាយ ដែលជាសាច់ញាតិរបស់នាងអេសធើរ បានដឹងពីគម្រោងការនេះ ហើយបានសរសេរសំបុត្រប្រាប់នាង ដោយទទូចសុំឲ្យនាងទៅទូលស្ដេចជំនួសឲ្យប្រជាជនរបស់នាង ។ នាងបានរ៉ាយរ៉ាប់ទៅ ម៉ាដេកាយថា អ្នកដែលទៅគាល់ស្ដេចដោយគ្មានការអញ្ជើញនឹងត្រូវកាត់ទោសប្រហារជីវិត ។ ប៉ុន្ដែដោយទង្វើនៃសេចក្ដីជំនឿដ៏អស្ចារ្យ នាងបានសូមឲ្យ ម៉ាដេកាយប្រមូលពួកសាសន៍យូដា ហើយតមអាហារសម្រាប់នាង ។ នាងបានពោលថា « ឯខ្ញុំ និងពួកស្រីបម្រើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » ។ ៤
នាងអេសធើរបានស្ម័គ្រចិត្តអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះនិពន្ធដំណើររឿងរបស់នាង ទោះជាតាមទស្សនវិស័យជីវិតរមែងស្លាប់ ទីបញ្ចប់រឿងអាចនឹងយំសោកក្ដី ។ ដោយមានពរជ័យ ស្ដេចបានទទួលនាងអេសធើរ នោះពួកសាសន៍យូដានៅស្រុកពើស៊ីត្រូវបានសង្គ្រោះ ។
ពិតណាស់ យើងកម្រនឹងត្រូវគេសុំឲ្យមានកម្រិតសេចក្ដីក្លាហានដូចនាងអេសធើរណាស់ ។ ប៉ុន្ដែការទុកឲ្យព្រះឈ្នះ ការអនុញ្ញាតឲ្យទ្រង់ធ្វើជាមេផ្តើម ហើយជាមេសម្រេចដំណើររឿងរបស់យើង ពិតជាតម្រូវឲ្យយើងកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ និងសេចក្ដីសញ្ញាដែលយើងបានចុះ ។ គឺតាមរយៈការរក្សាព្រះបញ្ញត្តិ និងសេចក្ដីសញ្ញារបស់យើង ទើបបើកឲ្យមានការប្រាស្រ័យទាក់ទងមួយ ដើម្បីឲ្យយើងទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ហើយតាមរយៈការបើកសម្ដែងនៃព្រះវិញ្ញាណ ទើបយើងស្គាល់ព្រះហស្ដរបស់លោកចៅហ្វាយ ដែលកំពុងនិពន្ធដំណើររឿងរបស់យើងជាមួយយើង ។
នៅខែ មេសា ឆ្នាំ ២០២១ ព្យាការីរបស់យើងប្រធាន រ័សុល អិម ណិលសុន បានសុំឲ្យយើងពិចារណាអ្វីដែលយើងអាចធ្វើបាន ប្រសិនបើយើងមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទនោះ ។ ការមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ យើងអាចសួរសំណួរដែលយើងមិនដឹងពីចម្លើយបាន—ទូលសួរព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ឲ្យបញ្ជូនចម្លើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ។ ប្រសិនបើយើងមានសេចក្ដីជំនឿកាន់តែខ្លាំង នោះយើងនឹងសួរសំណួរនេះ រួចហើយស្ម័គ្រចិត្តទទួលយកចម្លើយ ដែលយើងទទួលបាន ទោះបីវាមិនត្រូវនឹងដំណើររឿងងាយៗរបស់យើងក្ដី ។ ហើយពរជ័យដែលបានសន្យា ដែលនឹងកើតមានដោយសារការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺជាការកើនឡើងនៃសេចក្ដីជំនឿលើទ្រង់ ដែលជាមេផ្ដើម និងជាមេសម្រេចរបស់យើង ។ ប្រធាន ណិលសុន បានប្រកាសថា យើងនឹង « ទទួលជំនឿបន្ថែមទៀត តាមរយៈការធ្វើអ្វីមួយដែល តម្រូវឲ្យមានជំនឿបន្ថែម » ។ ៥
ដូច្នេះ ប្ដីប្រពន្ធដែលគ្មានលទ្ធភាពមានកូនបាន អាចសូមដោយសេចក្ដីជំនឿថា តើពួកគេគួរតែសុំកូនមកចិញ្ចឹម ហើយស្ម័គ្រចិត្តទទួលយកចម្លើយនោះដែរឬទេ ទោះជាដំណើររឿងដែលពួកគេបាននិពន្ធសម្រាប់ខ្លួនឯង គឺជាការបង្កើតកូនដោយអព្ភូតហេតុក្ដី ។
ប្ដីប្រពន្ធរៀមច្បងអាចទូលសូមថា តើវាជាពេលដែលពួកគេត្រូវបម្រើបេសកកម្ម ហើយស្ម័គ្រចិត្តទៅឬអត់ ទោះជាដំណើររឿងដែលពួកគេបានសរសេរសម្រាប់ខ្លួន គឺជាការមានពេលវេលាធ្វើការបន្ថែមទៀតក្ដី ។ ឬចម្លើយអាចនឹងជា « មិនទាន់ទេ » ហើយពួកគេនឹងដឹងពីក្នុងជំពូកក្រោយៗនៃដំណើររឿងរបស់ពួកគេ ពីមូលហេតុដែលពួកគេត្រូវនៅផ្ទះបន្ដិចទៀតសិន ។
យុវជន ឬយុវនារីវ័យជំទង់អាចសួរដោយសេចក្ដីជំនឿថា តើការខិតខំខាងកីឡា ឬការអប់រំ ឬតន្ដ្រីមានតម្លៃខ្លាំងបំផុតឬក៏អត់ ហើយស្ម័គ្រចិត្តធ្វើតាមការបំផុសគំនិតនៃសាក្សីដ៏ល្អឥតខ្ចោះ គឺព្រះវិញ្ញាណបរិសុទ្ធ ។
ហេតុអ្វីយើងចង់ឲ្យព្រះអង្គសង្គ្រោះធ្វើជាមេផ្តើម ហើយជាមេសម្រេចដំណើររឿងរបស់យើង ? ដោយសារទ្រង់ជ្រាបពីសក្ដានុពលរបស់យើងយ៉ាងល្អឥតខ្ចោះ ទ្រង់នឹងនាំយើងទៅកន្លែង ដែលយើងមិនអាចស្រមៃចេញដោយខ្លួនឯង ។ ទ្រង់អាចធ្វើឲ្យយើងក្លាយជាដាវីឌ ឬនាងអេសធើរ ។ ទ្រង់នឹងលុតដំយើង ហើយសម្រិតសម្រាំងយើង ដើម្បីក្លាយកាន់តែដូចជាទ្រង់ ។ អ្វីៗដែលយើងនឹងសម្រេចបាន នៅពេលយើងធ្វើសកម្មភាពដោយមានសេចក្ដីជំនឿកាន់តែខ្លាំង នឹងបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។
បងប្អូនប្រុសស្រី ទើបតែមួយឆ្នាំកន្លងទៅ ព្យាការីជាទីស្រឡាញ់របស់យើងបានសួរ ៖ « តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? … តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យអ្វីក៏ដោយដែលទ្រង់ចង់ឲ្យបងប្អូនធ្វើ មានអាទិភាពជាងមហិច្ឆិតាផ្សេងទៀតទាំងអស់ដែរឬទេ ? » ៦ ខ្ញុំសូមបន្ថែមលើសំណួរទាំងនោះរបស់ព្យាការីដោយរាបសាថា « តើបងប្អូននឹងអនុញ្ញាតឲ្យព្រះធ្វើជាមេផ្តើម ហើយជាមេសម្រេចដំណើររឿងរបស់បងប្អូនដែរឬទេ ? »
នៅក្នុងគម្ពីរវិវរណៈ យើងរៀនថា យើងនឹងឈរនៅចំពោះមុខព្រះ ហើយទទួលការជំនុំជម្រះចេញពីបញ្ជីជីវិត ស្របតាមកិច្ចការរបស់យើង ។ ៧
យើងគួរតែត្រូវជំនុំជម្រះតាមបញ្ជីជីវិតរបស់យើង ។ យើងអាចជ្រើសរើសដើម្បីសរសេរដំណើររឿងងាយៗសម្រាប់ខ្លួនយើងបាន ។ ឬយើងអាចអនុញ្ញាតឲ្យលោកចៅហ្វាយមេផ្ដើម និងមេបញ្ចប់ និពន្ធដំណើររឿងរបស់យើងជាមួយយើង ដោយអនុញ្ញាតឲ្យតួដែលទ្រង់តម្រូវឲ្យយើងសម្ដែងនោះ មានអាទិភាពលើមហិច្ឆិតាផ្សេងទៀត ។
សូមអនុញ្ញាតឲ្យព្រះគ្រីស្ទធ្វើជាមេផ្តើម ហើយជាមេសម្រេចដំណើររឿងរបស់បងប្អូន !
សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីរបស់បងប្អូន !
សូមនិពន្ធដំណើររឿង ដែលមានផ្លូវត្រង់ឲ្យបងប្អូនដើរ ជាផ្លូវមួយដែលនាំបងប្អូនត្រឡប់ទៅផ្ទះសួគ៌ាវិញ ដើម្បីរស់នៅក្នុងវត្តមាននៃព្រះ ។
សូមឲ្យទុក្ខលំបាក និងសេចក្ដីវេទនា ដែលជាផ្នែកមួយនៃដំណើររឿងដ៏ល្អទាំងអស់ ក្លាយជាមធ្យោបាយដែលបងប្អូននឹងខិតទៅកាន់តែជិត និងក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
សូមប្រាប់ពីដំណើររឿងដែលបងប្អូនដឹងថា ស្ថានសួគ៌បើកចំហ ។ សូមសួរសំណួរដែលបងប្អូនមិនដឹងពីចម្លើយ ដោយដឹងថា ព្រះស្ម័គ្រព្រះទ័យប្រាប់បងប្អូនពីព្រះហឫទ័យរបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមឲ្យដំណើររឿងរបស់បងប្អូនជាដំណើររឿងនៃសេចក្ដីជំនឿ ដោយធ្វើតាមអង្គគំរូរបស់បងប្អូន គឺព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕