សន្និសីទទូទៅ
ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


18:59

ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន

នៅពេល​ភាពចលាចល​ណា​មួយ​កើតឡើង​ក្នុង​ជីវិត​របស់​បងប្អូន កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​មានជីវិត​ខាង​វិញ្ញាណគឺ​ការរស់នៅ តាមសេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន !

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​វត្តមាន​ជាមួយ​បងប្អូន​នៅ​ព្រឹកនេះ ដើម្បី​ចែកចាយ​អាម្មណ៍​ក្នុង​ចិត្ត​ខ្ញុំ​ ។

ដូចដែល​បងប្អូន​បាន​ជ្រាប​ហើយ​ថា យើង​កំពុងតែ​ជួសជុល​ផ្នែក​សំខាន់ៗ​នៃ​ព្រះវិហារ​បរិសុទ្ធ​​សលត៍ លេកជាប្រវត្តិសាស្រ្ត​ ។ គម្រោង​ដ៏ស្មុគស្មាញ​នេះ រួមមាន​ការពង្រឹង​គ្រឹះ​ដើម​របស់​វាជាចម្បង ដែលវា​បាន​ទ្រទ្រង់​អគារ​នេះ​យ៉ាង​ល្អ ជាង​មួយ​សតវត្សរ៍​មក​ ។ ប៉ុន្តែ​ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវតែ​នៅ​បាន​យូរ​ជាងនេះ ។ នៅ​ចុងខែ​ឧសភា ខ្ញុំ​បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​នៃ​គម្រោង​ដ៏​ធំ​នេះ ។ ខ្ញុំ​គិតថា បងប្អូន​នឹង​មាន​អំណរគុណ​ បើ​បាន​ឃើញ​អ្វី​ដែល​ភរិយា​របស់​ខ្ញុំ វីនឌី និង​ខ្ញុំបាន​ឃើញ​នោះ ។ ខ្ញុំ​គិតថា បងប្អូន​នឹង​យល់​ថា​ហេតុអ្វី​បាន​ជា​ទំនុកតម្កើង​បទ « គ្រឹះ​ដ៏​មាំមួន » ចាប់ផ្តើម​មានអត្ថន័យ​ថ្មី​ចំពោះ​យើង ។

2:4

វីដេអូ​ពី​ទីតាំង​នៃ​ការជួសជុល​ព្រះវិហារបរិសុទ្ធ​លត៍​លេក ៖« យើង​កំពុងតែ​មើល​គ្រឹះ​ពីដើម​របស់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​សលត៍ លេក ។ ខ្ញុំ​កំពុង​ឈរ​នៅ​ទីកន្លែង​មួយ​នៅ​ពី​ក្រោម​បន្ទប់​សួនច្បារ​អេដែន ។ កាលដែល​ខ្ញុំ​ពិនិត្យ​មើល​ស្នាដៃ​សាងសង់​នៃ​អគារ​នេះ​ទាំងមូល ខ្ញុំ​មាន​ការស្ញប់ស្ញែង​ចំពោះ​អ្វី​ដែល​ពួកអ្នកត្រួសត្រាយ​បាន​ធ្វើ ។ ខ្ញុំ​មាន​ការស្ញប់ស្ញែង​យ៉ាងខ្លាំង ពេល​ខ្ញុំ​ពិចារណា​ថា ពួកលោក​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​ដ៏​អស្ចារ្យ​នេះ​ដោយ​ប្រើ​តែ​ឧបករណ៍ និង​បច្ចេកវិទ្យា​ដែល​ពួកគាត់​មាន​ជាង​មួយ​សតវត្សរ៍​ទៅ​ហើយនោះប៉ុណ្ណោះ ។

« ទោះជា​យ៉ាងណា ជាច្រើន​ទសវត្សរ៍​ក្រោយមក បើ​យើង​ពិនិត្យមើល​គ្រឹះ​នេះ​ឲ្យ​បាន​ល្អិតល្អន់ យើង​អាច​មើលឃើញ​ច្រែះស៊ី ​ថ្មសណ្ដក​ចេញពីគ្នា ហើយ​កំបោរ​ស៊ីម៉ង់​ក៏លែង​មាំ​ដែរ ។

« ឥឡូវនេះ​កាល​ដែល​ខ្ញុំ​មើលឃើញ​ផ្ទាល់ភ្នែក​នូវ​អ្វី​ដែល​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្នែក​សំណង់​សម័យទំនើប អាច​កែលម្អ​គ្រឹះ​ដើម​នោះ ខ្ញុំ​ពិតជា​អស្ចារ្យ​ក្នុង​ចិត្ត​ខ្លាំង​ណាស់ ។ ការងារ​របស់​ពួកគាត់​គឺ​អស្ចារ្យ​ណាស់ !

« គ្រឹះ​របស់​អគារ​ណា​ក៏​ដោយ ជាពិសេស​អគារ​ដ៏ធំ​បែប​នេះ ត្រូវតែ​មានភាពរឹងមាំ និង​ធន់​ល្មម​ដើម្បី​ទប់ទល់​នឹង​ការរញ្ជួយដី ច្រែះស៊ី ខ្យល់ព្យុះ និង​ការស្រុត​ដី​ដែល​ចៀស​មិន​រួច ដែល​ប៉ះពាល់​ដល់​អគារ​ទាំងមូល ។ ការងារ​កែលម្អ​ដ៏​សាំញ៉ាំ​​នេះ នឹង​ពង្រឹង​គ្រឹះ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ដើម្បី​ឲ្យវា​អាច ហើយ​នឹង​នៅឈរ​យ៉ាងរឹងមាំ​នៅក្នុង​ប្រវត្តិសាស្រ្ត​បាន » ។

យើង​ខិតខំ​គ្រប់​បែបយ៉ាង​ដើម្បី​ធ្វើឲ្យ​គ្រឹះ​ព្រះវិហារ​បរិសុទ្ធ​ដ៏​គួរ​ឲ្យ​គោរព​ ដែល​កាន់តែ ទ្រុឌទ្រោមមួយ​នេះ នឹង​នៅឈរ​ធន់នឹង​កម្លាំង​នៃ​ធម្មជាតិ​រហូត​ដល់​មួយសហស្សវត្សរ៍ ។ ដូចគ្នា​នេះ​ដែរ ឥឡូវដល់​ពេល​ដែល​យើង​ម្នាក់ៗ​ត្រូវ​អនុវត្ត​នូវ​វិធានការ​ដ៏​អស្ចារ្យ—ប្រហែល​ជា​វិធានការ​ដែល​យើង​ពុំធ្លាប់​ធ្វើ​ពីមុន​មក—គឺ​ជាការពង្រឹង​គ្រឹះ ខាងវិញ្ញាណ​ផ្ទាល់ខ្លួន របស់​យើង ។ យើង​ត្រូវ​ប្រើ​វិធីសាស្រ្ត​ថ្មីៗ​ដើម្បី​ដោះស្រាយ​ការលំបាក​សម័យ​ថ្មី ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​ សម័យ​នេះ គឺជា សម័យ​ចុងក្រោយ​ហើយ ។ បើសិន​បងប្អូន និង​ខ្ញុំ​ត្រូវ​យកឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានាក្នុង​ពេល​ខាងមុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវមាន​គ្រឹះ ដ៏រឹងមាំ ខាងវិញ្ញាណ សង់​នៅលើ​គ្រឹះ​នៃ​ព្រះអង្គសង្រ្គោះ ជាព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ។

ដូច្នេះ ខ្ញុំ​សូម​សួរ​ទៅកាន់​បងប្អូន​ម្នាក់ៗ​ថា « តើ​គ្រឹះ របស់​បងប្អូនរឹងមាំ​ប៉ុណ្ណា​ដែរ ? តើ​ត្រូវការ​ការពង្រឹង​ទីបន្ទាល់​ឡើងវិញ និង​ការយល់ដឹង​ពី​ដំណឹងល្អ​អ្វីខ្លះ ? »

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វីគ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់ដឹង​របស់យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់ទ្រង់ មកដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់ទ្រង់​សម្រាប់​ថ្ងៃ​ខាងមុខ​កាន់តែ​ខ្លាំង ។

យើង​ក៏​ទទួល​បាន​ការសន្យា​ថា « បើសិន​ជា [ យើង ] បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ [ យើង ] រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ។ ការអះអាងនេះ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​នៅ​សព្វថ្ងៃ​នេះ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា ទោះជា​មាន​ឧបសគ្គ​ដែល​មិនធ្លាប់​មានពីមុន​មក​ក្តី ក៏​អស់​អ្នក​ដែល​សង់គ្រឹះ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយរៀន​ប្រើប្រាស់​ព្រះចេស្តា​របស់ទ្រង់ ពុំចាំបាច់​ចុះចាញ់​នឹង​ការថប់បារម្ភ​ប្លែកៗ​នៅ​យុគសម័យ​នេះ​ដែរ ។

ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ​មាន​ជាយូរយារ​មកហើយ ។ ព្រះអម្ចាស់​បាន​បង្គាប់​លោក​អ័ដាម និង​នាង​អេវ៉ា​ឲ្យ​អធិស្ឋាន ចុះ​សេចក្តីសញ្ញា និង​ថ្វាយ​ដង្វាយ ។ ជាការពិតណាស់ « នៅ​ពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ដាក់​ប្រជាជន​មួយ​ក្រុម​នៅ​លើ​ផែនដី ដែល​នឹង​គោរព​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ទ្រង់ នោះ​ពួកគេ​ត្រូវបាន​បង្គាប់​ឲ្យ​សង់​ព្រះវិហារ​​បរិសុទ្ធ​ឡើង » ។ ​ព្រះគម្ពីរបទដ្ឋានមានពេញ​ដោយ​សេចក្តី​យោង​ទៅនឹង​ការបង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ ការស្លៀកពាក់ ភាសា និង​អ្វី​ជាច្រើន​ទៀត ។ អ្វីៗដែល​យើងជឿ និង រាល់សេចក្តីសន្យា​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់ទ្រង់ កើតមាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ គ្រប់ សម័យកាល​ទាំងអស់ ព្រះវិហារ​បរិសុទ្ធ​បានបញ្ជាក់​ពី​សេចក្តីពិត​ដ៏​មាន​តម្លៃ​ថា អស់អ្នក​ដែល​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្តីសញ្ញា​នោះ គឺជា​កូនចៅ​នៃ​សេចក្តី​សញ្ញា ។

ហេតុដូច្នោះ​ហើយ នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ យើង​អាច​ចុះ​សេចក្តី​សញ្ញា​ដូចគ្នា​នឹង​សេចក្ដី​សញ្ញា​ដែល​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​បានធ្វើ​ជាមួយ​ព្រះ​ដែរ ។ ហើយ​យើង​អាច​ទទួល​បាន​ពរជ័យ​ដូចគ្នា​នេះ !

ព្រះវិហារបរិសុទ្ធខឺតឡង់ និង​ព្រះវិហារបរិសុទ្ធ​​ណៅវូ

ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ផ្នែក​មួយ​នៃ​គ្រា​កាន់កាប់ត្រួត្រា នេះ ចាប់តាំង​ពី​សម័យ​ដើម​មកម្ល៉េះ ។ អេលីយ៉ា​បាន​ប្រគល់​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់​ដល់ យ៉ូសែប ស៊្មីធ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ ភាពពេញលេញ​នៃ​បព្វជិតភាព​ត្រូវបាន​ស្តារ​ឡើងវិញ​នៅ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។

រហូតដល់​ទុក្ករកម្ម​របស់​លោក យ៉ូសែប ស៊្មីធ បាន​បន្ត​ទទួល​វិវរណៈ​ដែល​បានជំរុញ​ឲ្យ​មាន​ការស្តារ​ឡើងវិញ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។ ១០ ទោះជា​យ៉ាង លោកបាន​ដឹងថា វា​តម្រូវ​ឲ្យ​មាន​ការដុសខាត់​បន្ថែម​ទៀត ។ បន្ទាប់ពី​ការប្រគល់​អំណោយទាន​ពិសិដ្ឋ​ដល់ ព្រិកហាំ យ៉ង់ នៅខែ ឧសភា ឆ្នាំ ១៨៤២ មក យ៉ូសែប បាន​ប្រាប់​ទៅ ព្រិកហាំ ថា « អំណោយទាន​ពិសិដ្ឋ​នេះ​មិន​បាន​រៀបចំ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​យើង​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន​ ហើយតាម​កាលៈទេសៈ​ដែល​យើង​កំពុង​ឆ្លងកាត់ ហើយ​ខ្ញុំ​សង្ឃឹមថា​លោក​ទទួល​យក​បញ្ហា​នេះ​ទុក​នៅក្នុង​ដៃ ហើយ​ចាត់ចែង និង​រៀបចំ​ពិធីការ​ទាំងនេះ​ឲ្យ​ទៅជា​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ » ។ ១១

បន្ទាប់ពី​មរណភាព​របស់​ព្យាការី នោះ​ប្រធាន យ៉ង់ បាន​មើល​ខុសត្រូវ​លើ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​ចប់​សព្វគ្រប់ ១២ ហើយ​ក្រោយមក​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​នៅលើ​ទឹកដី​យូថាហ៍ ។ នៅឯ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ សេន ចច នៅ​ជាន់ក្រោម ព្រិកហាំ យ៉ង់ បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​នូវ​ភាពបន្ទាន់​ដែល​ត្រូវធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​គិតអំពី​ប្រធានបទ​នេះ ខ្ញុំ​ចង់​បាន​សំឡេង​គង​រំពង​ខ្លាំងៗ​ដើម្បី​ឲ្យ​មនុស្ស​បាន​ឮ » ។ ១៣

ចាប់តាំង​ពី​ពេល​នោះមក ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​កែលម្អ​បន្តិចម្តងៗ ។ ប្រធាន ហារ៉ូល ប៊ី លី បាន​ពន្យល់​ពីមូលហេតុ​ដែល​នីតិវិធី គោលការណ៍ និង​សូម្បី​តែ​ផ្នែក​រដ្ឋបាល​នៃ​ពិធីបរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​បន្ត​ផ្លាស់ប្តូរ​នៅក្នុង​សាសនាចក្រ ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះអង្គសង្រ្គោះ​នេះ ។ ប្រធាន លី ​បាន​មានប្រសាសន៍​ថា « គោលការណ៍​ទាំងឡាយ​នៃដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​គឺ​មកពី​ព្រះ ។ គ្មាន​នរណា​ផ្លាស់ប្តូរ​គោលការណ៍ និង [ គោលលទ្ធិ ] នៃ​សាសនាចក្រ​បាន​ទេ លើកលែង​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ គឺ​តាមរយៈ​វិវរណៈ ។ ប៉ុន្តែ​វិធីសាស្រ្ត​ផ្លាស់ប្តូរ​ដែល​ជា​ការណែនាំ​ដ៏​បំផុស​គនិត កើតមានដល់​អ្នក​ដែល​ធ្វើជា​អធិបតី​នៅ​ពេល​ជាក់លាក់​ណាមួយ » ។ ១៤

សូម​ពិចារណា​ពី​របៀប​ដែល​ការចាត់ចែង​ពិធី​សាក្រាម៉ង់​បាន​ផ្លាស់ប្តូរ​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ។ នៅ​ជំនាន់​មុន ទឹក​នៃ​ពិធីសាក្រាម៉ង់​ដែល​បានចែក​ជូន​ក្រុមជំនុំ​ប្រើ​ពែងទឹក​ដ៏​ធំមួយ ។ មនុស្ស​គ្រប់គ្នា​ផឹក​ពី​ពែង​នោះ ។ ឥឡូវ​នេះ យើង​ប្រើ​កូន​ពែងជ័រ​សម្រាប់​មនុស្ស​ម្នាក់ៗ ។ នីតិវិធី​ត្រូវបាន​កែប្រែ ប៉ុន្តែ​សេចក្ដី​សញ្ញា​នៅតែ​ដដែល ។

សូម​ពិចារណា​ពី​សេចក្តីពិត​ទាំងបី​នេះ ៖

  1. ការស្តារ​ឡើងវិញ​គឺជា​ដំណើរការ​មួយ ពុំមែន​ជា​ព្រឹត្តិការណ៍​មួយ​នោះទេ ហើយ​វា​នឹង​បន្ត​កែលម្អ រហូតដល់​ព្រះអម្ចាស់​យាង​មក​ម្តងទៀត ។

  2. គោលបំណង​ដ៏​សំខាន់​នៃ​ការប្រមូលផ្តុំ​អ៊ីស្រាអែល ១៥ គឺ​ដើម្បី​នាំមក​នូវ​ពរជ័យ​​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​បុត្រា​បុត្រី​ដ៏ស្មោះត្រង់​របស់​ព្រះ ។

  3. ពេលយើង​ស្វែងរក​របៀប​ដើម្បី​សម្រេច​គោលបំណង នោះឲ្យកាន់តែ​មាន​ប្រសិទ្ធភាព នោះ​ព្រះអម្ចាស់​កាន់តែ​បើកសម្តែង​ការយល់ដឹង​បន្ថែម​ទៀត ។ ការស្តារ​ឡើងវិញ​ដែល​កំពុងតែ​បន្ដ​នេះ ត្រូវការ​​វិវរណៈ​មានបន្ត​ផងដែរ ។

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​តែងតែ​ទូលសួរ​ព្រះអម្ចាស់​ជាញឹកញាប់ ប្រសិនបើ​មាន​វិធី​ដ៏​ល្អប្រសើរ​ណាមួយ ដើម្បី​នាំយក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទៅកាន់​បុត្រាបុត្រី​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។ យើង​ស្វែងរក​ការណែនាំ​ជាប្រចាំ​អំពី​របៀប​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាពត្រឹមត្រូវ និង​ភាពខ្ជាប់ខ្ជួន​នៅ​ទូទាំង​ពិភពលោក​អំពី​សេចក្តីណែនាំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​នានា ទោះបីជា​មាន​ភាសា និង​វប្បធម៌​ខុសគ្នា​ក៏​ដោយ ។

នៅក្រោម​ការដឹកនាំ​របស់​ព្រះអម្ចាស់ និង​ជា​ការឆ្លើយតប​នឹង​ការអធិស្ឋាន​របស់យើង នោះ​ក៏​មាន​ការកែសម្រួល​នីតិវិធី​ថ្មីៗ​ដែរ ។ ទ្រង់ គឺជា​អង្គ​ដែល​ចង់​ឲ្យ​បងប្អូន​យល់​ឲ្យ​បាន​ច្បាស់លាស់ អំពី​អ្វី​ដែល​បងប្អូន​កំពុង​ចុះ​សេចក្តី​សញ្ញា​​ពិតប្រាកដនោះ ។ ទ្រង់ គឺជា​អង្គ​ដែល​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ដកពិសោធន៍​នូវ​ពិធី​បរិសុទ្ធ​ពិសិដ្ឋ​ដ៏​ពេញលេញ​របស់ទ្រង់ ។ ទ្រង់ សព្វព្រះទ័យ​ឲ្យ​បងប្អូន​យល់ដឹង​ពី​ឯកសិទ្ធិ ការសន្យា និង​ការ​ទទួលខុសត្រូវ​របស់​បងប្អូន ។ ទ្រង់ សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​មាន​ការយល់ដឹង​ខាង​វិញ្ញាណ និង​ការភ្ញាក់ដឹង​ខ្លួន​ខាង​វិញ្ញាណ​ដែល​បងប្អូន​ពុំ​ធ្លាប់​មាន​ពី​មុនមក ។ ទ្រង់​មាន​ព្រះរាជ​បំណង​ប្រទាន​ពរជ័យ​ទាំង​នេះ​ដល់​ពួក​អ្នក​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គ្រប់​រូប មិន​ថា​ពួកគេ​រស់នៅ​ទីណា​នោះទេ ។

ការកែតម្រូវ​​​នីតិវិធី​នៃ​ព្រះវិហារ​បរិសុទ្ធបច្ចុប្បន្ន និង​ការ​កែតម្រូវ​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ​គឺជា​ភស្ដុតាង​ជា​បន្ត​បន្ទាប់​ថា ព្រះអម្ចាស់​កំពុង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​សកម្ម ។ ទ្រង់​កំពុង​ប្រទាន​ឱកាស​ដល់​យើង​ម្នាក់ៗ ដើម្បី​ចាក់​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដោយ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ផ្ដោត​លើ​ទ្រង់ ព្រមទាំង​លើ​ពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ នៅពេល​បងប្អូន​នាំ​យក​ប័ណ្ណចូល​ព្រះវិហារ​បរិសុទ្ធ ចិត្ត​សង្រេង និង​គំនិត​ចង់​ស្វែង​យល់​ទៅកាន់​ដំណាក់​នៃ​ការរៀនសូត្រ​របស់​ព្រះអម្ចាស់ នោះ ទ្រង់ នឹង​បង្រៀន​បងប្អូន ។

ប្រសិន​បើ​ចម្ងាយផ្លូវ បញ្ហា​សុខភាព ឬ​ការ​ដាក់​កំហិត​ផ្សេង​ទៀត​រារាំង​ដល់​ការចូលរួម​​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូនមួយ​រយៈ នោះខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដាក់​កាលវិភាគ​ទៀងទាត់​មួយ ដើម្បី​សិក្សាសេចក្ដីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​នោះ​នៅក្នុង​ចិត្ត​របស់​បងប្អូន ។

ប្រសិន​បើ​បងប្អូន​ពុំទាន់​មាន​ចិត្ត​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ​នៅ​ឡើយ សូម​ទៅ​ឲ្យ​បាន​ញឹក​ញាប់—កុំ​កាត់​បន្ថយ​ការទៅព្រះវិហារបរិសុទ្ធ​ឡើយ ។ សូមឲ្យ​ព្រះអម្ចាស់​បង្រៀន និង​បំផុស​គំនិត​ដល់​បងប្អូន​នៅ​ទីនោះ តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា យូរៗទៅ​ព្រះវិហារ​បរិសុទ្ធ​នឹង​ក្លាយ​ទៅជា​ទីនៃ​សុវត្ថិភាព ការលួង​លោមចិត្ត និង​វិវរណៈ ។

ប្រសិន​បើ​ខ្ញុំ​អាច​ជួប​នឹង​យុវមជ្ឈិមវ័យ​គ្រប់រូប​ម្នាក់ៗដោយផ្ទាល់នោះ​ខ្ញុំ​នឹង​អង្វរ​ក្មួយៗ​ឲ្យ​ស្វែងរក​ដៃគូ​ម្នាក់ ដែល​ក្មួយៗ​អាច​ផ្សារភ្ជាប់​​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្មួយៗ​ប្រហែលជា​ងឿងឆ្ងល់​ថា តើ​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​មានភាពខុស​ប្លែក​យ៉ាង​ណា​ខ្លះ​នៅក្នុង​ជីវិត​របស់​ក្មួយៗ ។ ខ្ញុំ​សូម​សន្យា​ថា វា​នឹង​ធ្វើ​ឲ្យ​មានភាព​ខុស​ប្លែក គ្រប់យ៉ាង តែម្ដង ! នៅពេល​ក្មួយៗ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ត្រឡប់​ទៅទី​នោះ​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ក្មួយៗ​នឹង​ទទួល​បាន​កម្លាំង និង​ការដឹកនាំ​នៅក្នុង​ការសម្រេច​ចិត្ត​របស់​ក្មួយៗ ។

ប្រសិន​បើ​ខ្ញុំ​អាច​និយាយ​ជាមួយ​នឹង​ស្វាមី និង​ភរិយា​មួយ​គូៗ ដែល​មិន​ទាន់​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នៅឡើយ នោះ​ខ្ញុំ​នឹង​អង្វរ​​ឲ្យបងប្អូន​បោះ​ជំហានដ៏​ចាំបាច់ ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​ខ្ពង់ខ្ពស់ និង​ផ្លាស់ប្ដូរ​ជីវិត​នោះ ។ ១៦ តើ​វា​នឹង​ធ្វើ​ឲ្យ​មានភាព​ខុស​ប្លែក​ដែរឬទេ ? លើកលែង​តែ​បងប្អូន​ចង់​រីកចម្រើន និង​រួមរស់​នឹង​គ្នា​ជារៀងរហូត ។ បើគ្រាន់តែ ប្រាថ្នា ចង់​រួមរស់​នឹង​គ្នា​ជារៀង​រហូត វា​នឹង​មិន​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​ឡើយ ។ គ្មាន​ពិធី ឬ​កិច្ចសន្យា​ឯណា​ទៀតនឹង​ធ្វើ​ឲ្យ​វាកើតឡើងបានទេ ។ ១៧

ប្រសិន​បើ​ខ្ញុំ​អាច​និយាយ​នឹង​បុរស ឬ​ស្ត្រី​ម្នាក់ៗ​ដែល​ចង់​រៀបការ ប៉ុន្តែ​មិន​ទាន់​រកឃើញ​ដៃគូ​ដ៏​អស់កល្ប​របស់​ខ្លួន​នៅ​ឡើយ ខ្ញុំ​នឹង​ជំរុញទឹកចិត្ត​បងប្អូន​ថា កុំ​ឲ្យ​រង់ចាំ​រហូត​ដល់​អាពាហ៍ពិពាហ៍​កើតឡើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ឡើយ ។ សូម​ចាប់ផ្ដើម​ឥឡូវនេះ​ដើម្បី​រៀនសូត្រ និង​ដក​ពិសោធន៍​នូវ​អត្ថន័យ​នៃ​ការបំពាក់​ដោយ​អំណាច​បព្វជិតភាព ។

ហើយ​ចំពោះ​បងប្អូន​ម្នាក់ៗ​ដែល​បានធ្វើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ខិតខំ​ខ្នះខ្នែង—ប្រកបដោយ​ការអធិស្ឋាន និង​ដោយ​ខ្ជាប់ខ្ជួន—យល់ដឹង​ពី​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ១៨ ទ្វារ​ខាងវិញ្ញាណ​នឹង​បើក​ឡើង ។ បងប្អូន​នឹង​រៀន​ពី​របៀប​បើក​វាំងនន​ដែល​ខណ្ឌ​ចែករវាង​ស្ថានសួគ៌ និង​ផែនដី របៀប​ទូលសូម​ពួក​ទេវតា​របស់​ព្រះ​ឲ្យជួយ​ដល់​បងប្អូន និង​របៀប​ទទួល​ការដឹកនាំ​ពី​ស្ថានសួគ៌​ឲ្យ​បានកាន់​តែ​ប្រសើរ​ឡើង ។ ការខិតខំ​ដ៏​ឧស្សាហ៍ព្យាយាម​របស់​បងប្អូន​ដើម្បី​ធ្វើ​កិច្ចការ​នេះ​នឹង​ពង្រឹង និង​ផ្ដល់​កម្លាំង​ដល់​គ្រឹះ​ខាង​វិញ្ញាណ​របស់​បងប្អូន ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ពេល​ការកែលម្អ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​បញ្ចប់ នោះ​នឹង គ្មាន​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព អំឡុង​ការរញ្ជួយដី​ក្នុង​ជ្រលង​ភ្នំ​សលត៍ លេក​ជាង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ឡើយ ។

ទន្ទឹម​នឹង​នោះ​ដែរ នៅពេល​ភាពចលាចល​ណា​មួយ​កើតឡើង​ក្នុង​ជីវិត​របស់​បងប្អូន កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​មាន ជីវិត​ខាង​វិញ្ញាណ គឺ​ការរស់នៅ តាម សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន !

សូម​ជឿ​ខ្ញុំ​ចុះ នៅពេលខ្ញុំ​និយាយ​ថា ពេល​គ្រឹះ​ខាង​វិញ្ញាណ​របស់​បងប្អូន​ត្រូវ​បានសង់​យ៉ាង​រឹងមាំនៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បងប្អូន មិន​ត្រូវ​ភ័យ​ខ្លាច ឡើយ ។ នៅពេល​បងប្អូន​មាន​ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា ដែល​បងប្អូន​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះចេស្ដា​របស់​ទ្រង់​នឹង​ពង្រឹង​ដល់​បងប្អូន ។ បន្ទាប់មក ពេល​មានការរញ្ជួយដី​ខាង​វិញ្ញាណ​កើត​ឡើង នោះបងប្អូន​នឹង​អាច​ឈរ យ៉ាង​រឹងមាំ ដោយសារ​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន​រឹង​មាំ ហើយ​នឹងន ។

បងប្អូនប្រុសស្រី ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំងអស់គ្នា ។ ខ្ញុំ​ដឹង​សេចក្ដីពិត​ទាំងនេះ ៖ ព្រះ​ជាព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ បងប្អូន ជ្រើស​រើស​មក​រក​ទ្រង់​វិញ ។ ផែនការ​នៃ​ការរីកចម្រើន​ដ៏អស់​កល្បជានិច្ច​របស់​ទ្រង់​ពុំមាន​ភាពស្មុគស្មាញ​ទេ ហើយ​វា​គោរព​ដល់​សិទ្ធិជ្រើសរើស​របស់​បងប្អូន ។ បងប្អូន​មាន​សេរីភាព​ដើម្បី​ជ្រើសរើសចង់ប្រែក្លាយជា​បុគ្គល​ដែល​បងប្អូន​ចង់​ប្រែក្លាយ—និង​មនុស្ស​ដែល​បងប្អូន​ចង់​រួមរស់​ជាមួយ—នៅក្នុង​លោក​ខាងមុខ !

ព្រះមានព្រះជន្មរស់ ! ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ ដើម្បី​ជួយ​បងប្អូន​ឲ្យ​បំពេញ​នូវ​ជោគវាសនា​ដ៏ទេវភាព​របស់​បងប្អូន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល « គ្រឹះដ៏មាំមួន » ទំនុកតម្កើងលេខ ៨៥ ។

  2. ដូច្នេះ « កាលណា​អារក្ស [ បញ្ចេញ ] [ ខ្យល់ ]​ដ៏​ខ្លាំងក្លា​របស់វា​មក … នោះវា​នឹងគ្មាន​អំណាច​មក​លើ [ យើង ] ឡើយ … ពីព្រោះ​មកពី​សិលា​ដែល [ យើង ] បានសង់​នៅលើនោះ ដែលជា គ្រឹះដ៏​ខ្ជាប់ខ្ជួន​មួយជាគ្រឹះ​មួយ បើសិនណា​មនុស្សសង់​នៅលើនោះ នោះពួកគេ​មិន​អាច​រលំ​បាន​ឡើយ » ( ហេលេមិន ៥:១២ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

  3. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១៥, ២២ ។

  4. គោលលទ្ធិ និង សេចក្ដី សញ្ញា ៣៨:៣០ សូម មើល ផងដែរ គោលលទ្ធិ និង សេចក្ដី សញ្ញា ១០:៥៥ ។

  5. សូមមើល ម៉ូសេ ៥:៥–៦ ។

  6. Bible Dictionary « Temple » ។

  7. ឧទាហរណ៍ សូមមើល និក្ខមនំ ២៨; ២៩; លេវីវិន័យ ៨ ។ រោងឧបោសថ​របស់​ម៉ូសេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​« ត្រសាល​នៃ​សេចក្ដីបន្ទាល់ » ( ជនគណនា ៩:១៥ ) និង « រោង​នៃ​សេចក្ដីបន្ទាល់ » ( និក្ខមនំ ៣៨:២១ ) ។ ព្រះវិហារ​បរិសុទ្ធ​សាឡូម៉ូន​ត្រូវ​បាន​បំផ្លាញ​នៅ​ឆ្នាំ ៥៨៧ មុន​គ.ស. ពីរ​បី​ឆ្នាំ​បន្ទាប់​ពី​គ្រួសារ​របស់​លីហៃ​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ។ ការស្ដារឡើងវិញ​នៃ​ព្រះវិហារ​បរិសុទ្ធ​នេះ​ដោយ​សូរ៉ូបាបិល បាន​ធ្វើ​ឡើង​ប្រមាណ​ជា ៧០ ឆ្នាំ​ក្រោយ​មក ។ បន្ទាប់​មក​វា​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​នៅ​ឆ្នាំ ៣៧ មុន​គ ស ។ ហេរ៉ូឌ​បាន​ពង្រីក​ព្រះវិហារ​នៅ​ឆ្នាំ ១៦ មុន​គ ស ។ បន្ទាប់មក ព្រះវិហារ​បរិសុទ្ធ​នេះ​ដែល​ត្រូវ​បានគេ​ស្គាល់​ដោយសារ​ព្រះយេស៊ូវ ត្រូវ​បានគេ​បំផ្លាញ​នៅ​ឆ្នាំ ៧០ នៃ​គ.ស. ។ នីហ្វៃ​បាន​មាន​បទពិសោធន៍​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​ដែរ ដោយ​ការទៅ « លើ​ភ្នំ​ជា​ញឹក​ញាប់ » ដើម្បី​អធិស្ឋាន ( នីហ្វៃទី​១ ១៨:៣ហើយ​ក្រោយ​មក នៅក្នុង​ទ្វីបអាមេរិក ​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ « តាម​របៀប​ព្រះ​វិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន » ប៉ុន្តែ​វា​មាន​ការតុបតែង​តិច​( សូមមើល នីហ្វៃទី​២ ៥:១៦ ) ។

  8. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩ ១២៤:៣១ ។

  9. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣–១៦; ១២៤:២៨ ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៤១ ប្រមាណ​ជា​ពីរ​បី​ខែ​បន្ទាប់ពី​យ៉ូសែប ស្ម៊ីធ​បាន​ទទួល​វិវរណៈ​ឲ្យ​សាង​សង់​ព្រះវិហារ​នោះ ។ ព្រះវិហារបរិសុទ្ធ​ណៅវូ​មាន​មុខងារ​បន្ថែម​ទៀត ។ ឧទាហរណ៍ ព្រះអម្ចាស់​បាន​ពន្យល់​ថា អាង​ជ្រមុជ​ទឹក​គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បីឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៩–៣០ ) ។

  10. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១និង ១៣២ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨មាន​នូវ​សំបុត្រ​មួយ​ច្បាប់​ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ទៅកាន់​ពួកបរិសុទ្ធ​ទាក់ទង​នឹង​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ នៅ​ក្នុង​សំបុត្រ​នោះ លោក​បាន​ប្រកាស​ថា សេចក្ដី​សង្គ្រោះ​ដល់​មរណជន « គឺជា​ការចាំបាច់ និង​សំខាន់​បំផុត​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង … [ ពីព្រោះ ] ពួកគេ​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅ​ពី​យើង​ឡើយ—រីឯ​យើង​ក៏​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅ​ពី​មនុស្ស​ស្លាប់​របស់​យើង​ដែរ » ( ខ​១៥ ) ។

  11. យ៉ូសែប ស៊្មីធ នៅ​ក្នុង Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ១ The Standard of Truth, 1815–1846ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ ) ទំព័រ ៤៥៤ ។

  12. ប្រវត្តិវិទូ​របស់​សាសនាចក្រ​ឈ្មោះ ចច អេ ស្ម៊ីធ បាន​សន្និដ្ឋាន​ថា បងប្អូន​ប្រុសស្រី​ចំនួន ៥៦៣៤ នាក់​បាន​ទទួល​អំណោយទាន​ពិដិស្ឋ​របស់​ខ្លួន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ដែល​បាន​សង់​ហើយ​ផ្នែក​ខ្លះ​នៅ​ខែ ធ្នូ ឆ្នាំ ១៨៤៥ និង​ខែ មករា ឆ្នាំ ១៨៤៦ ។ Sealings of couples continued on through Feb. 7, [1846,] by which time more than 2,000 couples had been united by the priesthood for time and eternity” (Bruce A. Van Orden, “Temple Finished before Exodus,” Deseret News, Dec. 9, 1995, deseret.com; see also Richard O. Cowan, “Endowments Bless the Living and Dead,” Church News, Aug. 27, 1988, thechurchnews.com) ។

  13. « តើ​បងប្អូន​គិត​ថា ដូនតា​នឹង​និយាយ​អ្វីខ្លះ បើ​ពួកគាត់​អាច​និយាយបាន​ពេល​ពួកគាត់​ស្លាប់​ហើយ​នោះ ? តើ​ពួកគាត់​នឹង​មិន​និយាយ​ថា យើង​បាន​ដេក​នៅ​ទីនេះ​អស់​រាប់ពាន់​ឆ្នាំ​ហើយ​នៅ​ក្នុង​គុក​នេះ រង់ចាំ​ការមក​ដល់​នៃ​គ្រាកាន់កាប់ត្រួតត្រា​នេះ​ទេឬអី ? ហេតុអ្វី​ទៅ បើ​ពួកគាត់​មាន​អំណាច​នោះ នោះ​សំឡេង​ដ៏​គង​រំពង​នៃ​ស្ថានសួគ៌​នឹង​បានឮ​ពេញ​ត្រចៀក​របស់​យើង ហើយ​យើង​នឹង​ដឹង​ពី​សារៈសំខាន់​នៃ​កិច្ចការ​ដែល​យើង​កំពុង​ធ្វើ ។ គ្រប់​ទេវតា​សួគ៌ា​នឹង​សម្លឹង​មើល​ទៅ​មនុស្ស​ទាំង​នេះ ហើយ​ដាស់​សតិ​ពួកគេ​ឲ្យ​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​គ្រួសារ​មនុស្ស​លោក ។ … នៅពេល​ខ្ញុំ​គិត​ពី​ប្រធានបទ​នេះ ខ្ញុំ​ចង់​បាន​សំឡេង​គង​រំពង​ខ្លាំងៗ​ដើម្បី​ឲ្យ​មនុស្ស​បាន​ឮ » ( Discourses of Brigham Young sel. John A. Widtsoe [ ឆ្នាំ ១៩៥៤ ] ទំព័រ ៤០៣–៤ ) ។

  14. ហារ៉ូល ប៊ី លី « GGod’s Kingdom—a Kingdom of Order » Ensignខែ មករា ឆ្នាំ ១៩៧១ ទំព័រ ១០ ។ សូមមើល​ផងដែរ​នូវ​សេចក្តីថ្លែង​ដោយ​ប្រធាន​លោក​Wilford Woodruff ឆ្នាំ ១៨៩៦​បាន​ប្រកាស​ថា « ក្នុង​នាម​ជាប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​ចង់​និយាយ​ថា ឥឡូវ​នេះ​យើង​គួរ​តែ​បន្ត​ទៅមុខ ហើយ​រីកចម្រើន​ឡើង ាមួយ​នឹង​វិវរណៈ​នៅ​ឡើយ​ទេ ។​… ប្រធាន [ ព្រិកហាំ ] យ៉ង់ ដែល​បាន​ដើរ​តាម​ប្រធាន​យ៉ូសែប ស្ម៊ីធ បាន​ដឹកនាំ​យើង​មក​ទីនេះ ។ លោក​បាន​រៀបចំ​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ ហើយ​បាន​អនុវត្ត​តាម​គោលបំណង​នៃ​ការហៅ និង​តំណែង​របស់​លោក ។ … លោក​មិន​បាន​ទទួល​គ្រប់​ទាំង​វិវរណៈ​ទាំងអស់ ដែល​ទាក់ទង​នឹង​កិច្ចការ​នេះ​នៅឡើយ​ទេ សូម្បី​តែ​ប្រធាន ថៃលើរ ឬ​ប្រធាន វិលហ្វួឌ វូឌដ្រុព្វ ក៏​ទាន់​គ្រប់​ដែរ ។ កិច្ចការ​នេះ​ពុំ​មាន​ទីបញ្ចប់​ឡើយ រហូត​ដល់​វា​បាន​ល្អ​ឥតខ្ចោះ » ( The Discourses of Wilford Woodruff sel. G. Homer Durham [ ឆ្នាំ ១៩៤៦ ] ទំព័រ ១៥៣–៥៤ ) ។

  15. សូម​មើល នីហ្វៃទី៣ ២៩:៨–៩ ។

  16. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:២, ៤ ។

  17. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៧ ។

  18. អែលឌើរ ចន អេ វិតសូ បាន​សរសេរ​ថា « ចំពោះ​បុរស ឬ​ស្ត្រី​ដែល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​បំណង​ចង់រៀនសូត្រ​ពី​និមិត្តសញ្ញា និង​សេចក្តី​សញ្ញា ហើយ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​ដើម្បី​យល់ពី​អត្ថន័យ​ពេញលេញ នោះ​ព្រះ​មាន​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​វិវរណៈ​ក៏​នឹង​ប្រទាន​ឲ្យ ។ អំណោយទាន​ពិសិដ្ឋ​មាន​និមិត្តសញ្ញា​ជាច្រើន ដែល​មានតែ​មនុស្ស​គ្មាន​ការទទួលខុសត្រូវ​ប៉ុណ្ណោះ ទើប​ព្យាយាម​ពិពណ៌នា​អំពី​អំណោយទាន​ពិសិដ្ឋ​នេះ ​គ្មាន​ពាក្យសម្តី​របស់​មនុស្ស​ណា​ម្នាក់​អាច​ពន្យល់ ឬ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​លទ្ធភាព​ដែល​មាន​នៅក្នុង​ការបម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ឡើយ ។ អំណោយទាន​ពិសិដ្ឋ​ដែល​ប្រទាន​ឲ្យ​ដោយ​វិវរណៈ អាច​យល់​បាន​ច្បាស់លាស់​បំផុត​តាមរយៈ​វិវរណៈ » ( នៅក្នុង Archibald F. Bennett Saviors on Mount Zion [Sunday School manual, 1950], 168) ។