អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៣. ការអភិវឌ្ឍ​ភាពធន់​ខាង​សតិអារម្មណ៍


« ៣. ការអភិវឌ្ឍ​ភាពធន់​ខាង​សតិអារម្មណ៍ » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ៣. ការអភិវឌ្ឍ​ភាពធន់​ខាង​សតិអារម្មណ៍ » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ធ្វើការ

៣. ការអភិវឌ្ឍ​ភាពធន់​ខាង​សតិអារម្មណ៍

ការរំជួល​ចិត្ត​ខ្លាំង​ដូចជា​ការ​ភ័យ​ខ្លាច និង​ការ​ព្រួយបារម្ភ​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​មាន​ភាព​តានតឹង​ខ្លាំង ។ សូម​អាន « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតាន​តឹង » ដើម្បី​ទទួល​បាន​យោបល់​ទាំងស្រុង​ស្តីពី​ការគ្រប់គ្រង​លើ​ការទាមទារ​ខាង​សតិ​អារម្មណ៍ ។ លើស​ពី​នេះ​ទៅ​ទៀត មតិយោបល់​នៅ​ខាងក្រោម​នេះ​អាច​ជួយ​ជាមួយ​នឹង​អារម្មណ៍​មួយ​ចំនួន​បាន ។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​លើសលុប ឬ​មាន​អារម្មណ៍​ដូច្នេះ​ជាយូរ​មកហើយ សូម​ជួប​ជាមួយ​ឪពុកម្ដាយ ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​ដើម្បី​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ ។

ក. ការសម្រប​ខ្លួន​ទៅនឹង​ការចាត់តាំង​ថ្មី

  • សូម​មើល​ហេតុផល​របស់​អ្នក​ឡើងវិញ សម្រាប់​ការ​មក​បម្រើ​បេសកកម្ម ។ សូម​គិត​ថា បេសកកម្ម​របស់​អ្នក​គឺ​ជា​អំណោយទាន​នៃ​ការ​ដឹងគុណ​ដែល​អ្នក​អាច​ថ្វាយ​ព្រះអង្គ​សង្គ្រោះ​បាន ។ សូម​សរសេរ​ពរជ័យ​របស់​អ្នក ។ រំឭក​ខ្លួន​ឯង​ពី​អ្វី​ដែល​ថ្នាក់​ដឹក​នាំ និង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​នឹង​ប្រាប់​អ្នក​ពី​ការបម្រើ​បេសកកម្ម​របស់​អ្នក ។

  • មាន​ចិត្ត​អត់ធ្មត់ ។ ជាទូទៅ វា​ចំណាយ​ពេល​ប្រហែល​ជា​ប្រាំមួយសប្ដាហ៍​ដើម្បី​ចាប់ផ្ដើម​សម្របខ្លួន​ទៅ​នឹង​មជ្ឈដ្ឋាន​ថ្មី​មួយ ។ សូម​ផ្អាក​ធ្វើ​ការ​សម្រេចចិត្ត​ណាមួយ រហូត​ដល់​អ្នក​ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​ដើម្បី​សម្រប​ខ្លួន​សិន ។ សូម​ធ្វើ​មួយ​ថ្ងៃ​ម្ដងៗ ។

  • ដាក់​តាំង​រូបភាព​ដែល​លើក​ទឹកចិត្ត ។ ចុះ​ផ្សាយ​បទគម្ពីរ សម្រង់​ពាក្យ​សំដី ឬ​រូបភាព​ដែល​ជួយ​អ្នក​ឲ្យ​ចងចាំ​ពីតម្លៃ​របស់អ្នក ។ វា​នឹងជួយ​អ្នក​ឲ្យ​ផ្តោត​លើ​ការបម្រើ និង​បំណង​ប្រាថ្នា​ដ៏សុចរិត​របស់​អ្នក ។

  • សូម​មើល​បទគម្ពីរ និង​ដំណើររឿង​ដែល​លើក​ស្ទួយ ។ សូម​ចងក្រង​បទគម្ពីរ បទពិសោធន៍​ផ្ទាល់ខ្លួន សម្រង់ពាក្យ​សំដី និង​ដំណើររឿង​គ្រួសារ​ដែល​ជួយ​បំផុស​គំនិត​អ្នក ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ដែល​លើកស្ទួយ សូម​ជំនួស​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​នោះ ។ អ្នក​អាច​សាកល្បង​ជំនួស​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ដូច​ជា​ក្នុង ៖ សុភាសិត ៣:៥–៦​; នីហ្វៃ​ទី២ ៤:២៨–៣៥​; ម៉ូសាយ ២៤:១៣–១៤​; អាលម៉ា ៣៦:៣; ហេលេមិន ៥:១២; គោលលទ្ធិ និង សេចក្តី​សញ្ញា កណ្ឌ ,  និង ៣១ ។ ( សូមមើល​ផងដែរ « សេចក្តី​វេទនា » នៅក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ១៩៥–១៩៩ ) ។

  • សូម​មើល​ពរ​របស់​លោកអយ្យកោ​របស់​អ្នក​ឡើង​វិញ​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ទទួល​បាន​ការ​ណែនាំ ។ សូម​ស្វែងរក​វិធីដែល​អំណោយទាន និង​កម្លាំង​របស់​អ្នក​អាច​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ ។

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅមុខ​កុំព្យូទ័រ

ខ. ការ​យកឈ្នះ​លើអារម្មណ៍​សោកសៅ ឬ​បាក់​ទឹកចិត្ត

  • កុំពន្យារ​ពេល ។ ការ​ពន្យារពេល​អាច​នាំ​ឲ្យ​មាន​ភាព​តានតឹង ។ សូម​បំបែក​កិច្ចការ​ធំៗ​ទៅ​ជា​បំណែក​តូចៗ ។ ចាប់ផ្តើម​កិច្ចការ​មួយ​ផ្នែក​ម្តងៗ ។ សូម​រំឭក​ខ្លួន​ឯង​ថា « អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺ  » ឬ « ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ រួចហើយ​សម្រាក បើ​ខ្ញុំ​ចង់​សម្រាក » ។

  • ស្ដាប់​តន្ត្រី ឬ​ច្រៀង ។ ជ្រើសរើស​តន្ត្រី​ដែល​ស្ងប់ស្ងាត់ និង​បន្ធូរ​អារម្មណ៍ ប្រសិន​បើ​អ្នក​មាន​ការ​ថប់​បារម្ភ ។ តន្ត្រី​ដែល​មាន​ចង្វាក់​ញាប់ និង​សប្បាយៗ​អាចជួយ​អ្នក​បាន ប្រសិន​បើ​អ្នកមាន​អារម្មណ៍​បាក់ទឹកចិត្ត ។ ( ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ពាក់​កាស​ត្រចៀក​អំឡុង​ពេល​ធ្វើ​ការងារ​របស់​អ្នក​ទេ លុះត្រា​តែ​មាន​ការ​អនុញ្ញាត ) ។

  • សូម​អនុញ្ញាត​ឲ្យ​អ្វី​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន​រសាយ​ទៅ ។ អ្នក​មិន​អាច​គ្រប់គ្រង​អតីតកាល ឬ​ជម្រើស ឬ​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដទៃ​បានឡើយ ។ អ្នកក៏​មិនអាច​គ្រប់គ្រង​ដែនកំណត់​ផ្ទាល់​ខ្លួន​របស់​អ្នក​មួយចំនួន​បានដែរ ។ ផ្ដោត​លើ​កិច្ចការអ្វី​មួយ​ដែល​អ្នក​អាចធ្វើបាន ។ ទុក​អ្វី​ដែល​នៅ​សេស​សល់​ឲ្យ​ព្រះអម្ចាស់ ។

  • ទទួល​យក​ភាពពិត​ថា ទម្លាប់​ខ្លះ​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ ។ ជីវិត​ពុំ​មែន​សុទ្ធតែ​ពោរពេញ​ដោយ​រឿង​មាន​ន័យ ហើយ​រំភើប​រីករាយ​ជានិច្ច​នោះ​ទេ ។ ចូរ​ចៀសវាង​ពី​ការ​បង្កើត​ឆាកល្ខោន ប្រើ​កម្លាំង ឬ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដើម្បី​ដោះស្រាយ​នឹង​ភាពអផ្សុក ។ ជំនួសមកវិញ សូម​ដឹងគុណ និង​រីករាយ​ជាមួយ​អ្វី​ដែល​ល្អៗ​នៅជុំវិញ​អ្នក ។ រកមើល​វិធីនានា​ដើម្បីកែលម្អ និង​បម្រើ ។

  • ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក​ដើម្បី​ស្វែង​រកភាព​វិជ្ជមាន ។ ផ្ដោត​ទៅលើ​ភាពវិជ្ជមាន​ដែល​នៅ​ជុំវិញ​អ្នក ។ សូម​ចំណាយពេល​ពីរបីនាទី​រាល់​យប់​ដើម្បី​សរសេរ ឬ​ចែក​ចាយ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំងនេះ ៖

    • តើ​អ្វី​ដែល​ជា​ការភ្ញាក់​ផ្អើល​ដ៏​រីករាយ​ក្នុង​ថ្ងៃនេះ ? តើ​នរណា​បាន​ជួយ​ឲ្យ​រឿង​នេះ​កើតឡើង ហើយ​តើ​ពួកគាត់​បានធ្វើ​រឿងនោះ​ដោយ​របៀប​ណា ?

    • តើព្រះ​បាន​ជួយ​ខ្ញុំ​ដូចម្តេច​ខ្លះ​នៅថ្ងៃនេះ ?

    • តើ​រឿង​ថ្មី​បី​យ៉ាង​ដែល​ខ្ញុំ​មាន​អំណរគុណ​នៅ​ថ្ងៃ​នេះ​មាន​អ្វីខ្លះ ?

    • តើ​ខ្ញុំ​អាច​ចងចាំ និង​មាន​អំណរ​គុណ​ចំពោះ​រឿង​ទាំង​នេះ​បាន​យ៉ាង​ដូចម្តេច ?

    • តើ​នរណា​បាន​ជួយ​ខ្ញុំ ឬ​តើ​ខ្ញុំ​បាន​ជួយ​នរណា​ក្នុង​ថ្ងៃនេះ ?

    • តើ​នៅពេលណា​ក្នុង​ថ្ងៃ​នេះ កាល​ខ្ញុំ​ប្រថុយ​គ្រោះថ្នាក់​ដែល​ជួយ​ឲ្យ​ខ្ញុំ​រីកចម្រើន ? តើ​ខ្ញុំ​ត្រូវ​រៀន​អ្វី​អំពី​គ្រោះថ្នាក់​នេះ ? តើ​ការណ៍នេះ​អាច​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​នៅ​ថ្ងៃ​អនាគត​ដោយ​របៀប​ណា ?

    • តើ​ថ្ងៃ​នេះ​ខ្ញុំ​ទទួល​បាន​ជោគជ័យ​លើ​កិច្ចការ​ដ៏​លំបាក​នៅ​ពេល​ណា ? តើ​ខ្ញុំ​បាន​ធ្វើ​វា​ដោយ​របៀបណា ? តើ​ខ្ញុំ​អាច​អបអរ​ដោយ​របៀប​ណា ?

  • សូម​សាកល្បង​គំនិត​របស់​អ្នក ។ ការ​ព្រួយ​បារម្មណ៍ និង​ភាព​សោក​សៅ​អាច​កែប្រែ​លំនាំ​នៃ​ការគិត​របស់​អ្នក​បាន ។ ប្រសិន​បើ​អ្នក​កំពុង​មាន​អារម្មណ៍​អវិជ្ជមាន សូម​សួរ​ខ្លួន​ឯងថា

    • តើមាន​អ្វី​ដែល​គាំទ្រ​ដល់​សេចក្តី​ពិត​នៃ​អ្វី​ដែល​ខ្ញុំកំពុង​គិត​ដែរ​ឬ​ទេ ?

    • តើ​នេះ​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ​ខ្ញុំ​គិត ឬ​ទទួល​អារម្មណ៍​ឬ ?

    • តើ​គំនិត​ទាំងអស់​នេះ​គឺ​គ្មាន​អ្វី​ក្រៅពី—ខ្មៅ ឬ ស ឈ្នះ ឬ​ចាញ់ ពិត​ឬ​មិន​ពិត មែនទេ ?

    • តើ​គំនិត​បែប​នេះ​ផ្តល់​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ?

    • តើ​គំនិត​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បែបណា ?

    • តើខ្ញុំ​ដឹង​អ្វីខ្លះ​អំពី​ខ្លួន​ឯង និង​អ្នកដទៃ​ដែល​ប្រាប់​ខ្ញុំ​ថា ការណ៍​នេះ​មិនមែន​ជាការពិត​ទេ ?

    • តើ​ខ្ញុំ​នឹង​ប្រាប់​មិត្ត​ជិតស្និទ្ធ​របស់​ខ្ញុំ​បែបណា បើ​ពួកគេ​មាន​គំនិត​បែបនេះ ?

  • ស្វែងរក​រឿង​ដែល​ធ្វើ​ឲ្យ​រីករាយ ។ ខណៈ​ផ្តល់​ការគោរព​ចំពោះ​ការហៅ​របស់​អ្នក នោះ​អ្នកក៏​ត្រូវ​ស្វែងរក​ការ​លេងសើច​ខ្លះ​ដែរ ។ រីករាយ​នឹង​សម្រស់​នៃ​ពិភព​លោក​នេះ ហើយ​សម្គាល់​មើល​សេចក្ដីល្អ​ពី​អ្នកដទៃ ។ ចូរ​រីករាយ​ក្នុង​ការ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • សូម​ធ្វើកិច្ចការ​គ្រឹះ​ដូចជា ៖ ការអធិស្ឋាន សិក្សា​ព្រះគម្ពីរ និង​ធ្វើ​ការបម្រើ ។ ពេល​អាន​ព្រះ​គម្ពីរ សូម​ចៀស​វាង​កុំ​វិនិច្ឆ័យ​ខ្លួន​ឯង​ខ្លាំង​ពេក ។ សូម​ផ្ដោត​លើ​ផ្នែក​ដែល​អនុវត្ត​ខ្លាំង​បំផុត​ចំពោះ​អ្នក ក្នុងនាម​ជា​អ្នកបម្រើ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះ ។

  • សូម​អាន អាលម៉ា ២៦ ហើយ​ស្វែងរក​នូវ​អ្វី​ដែល​អាំម៉ូន​បាន​ធ្វើ នៅ​ពេល​លោក​បាក់​ទឹកចិត្ត ។ សូម​អាន​ផង​ដែរ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:២ ហើយ​សូម​កត់សម្គាល់​ពីរបៀប​ដែល​យ៉ូសែប ស្ម៊ីធ ពុំ​បណ្ដោយ​ឲ្យ​ខ្លួន​លោក​បាក់ទឹកចិត្ត ។ កុំ​ខ្វល់​ខ្វាយ​ពី​ការ​ព្រួយ​បារម្ភ ដែល​អាច​បង្កើត​ជា​វដ្ត​ដ៏​កាច​សាហាវ ។ វាជា​ការធម្មតាទេដែល​យើង​មានពេល បាក់ទឹកចិត្ត តានតឹង ឬ​ឯកា​នោះ ។ ភាគច្រើន អារម្មណ៍​ទាំងនេះ​នឹង​រសាយ​បាត់​ទៅ​វិញ ។

  • សូម​យកចិត្ត​ទុកដាក់​លើ​ការ​ធ្វើ​លំហាត់​ប្រាណ និង​ការទទួល​ទាន​ដំណេក ។ ការ​ធ្វើ​លំហាត់​ប្រាណ​មាន​សារៈសំខាន់​ជាពិសេស​ក្នុង​ការ​គ្រប់គ្រង​ការភ័យខ្លាច និង​ការព្រួយ​បារម្ភ ។ ទោះបី​អ្នក​មិន​ចូលចិត្ត​ហាត់ប្រាណ​ក្តី ក៏​វា​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ល្អ និង​មាន​គំនិត​ច្នៃប្រឌិត​ជាង​មុន​ដែរ ។ សូម​ចាប់​ផ្តើម​តិចៗ ហើយ​បង្កើនឡើង​បន្តិច​ម្តងៗ ។ ការចូល​ដំណេក​នៅ​ម៉ោង​ដដែល​រាល់យប់ និង​ការទទួល​ដំណេក​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​សំខាន់​ផង​ដែរ ។

  • សូម​និយាយ​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ។ ចែក​រំលែក​អារម្មណ៍​របស់អ្នក​ជាមួយ​នរណា​ម្នាក់​ដែល​បារម្ភ​ពី​អ្នក ។ អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ពេល​អ្នក​យល់​ថា មាន​នរណា​ម្នាក់​ដឹង និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ។ អ្នក​នឹង​ទទួល​បាន​ទស្សន​វិស្ស័យ​ថ្មី​មួយ ។ បុគ្គល​នេះ​ប្រហែល​ជាគ្រាន់​តែស្តាប់ ឬ​ប្រហែល​ជា​អាច​ផ្តល់​យោបល់​ដែល​អ្នក​អាច​សាកល្បង​បាន ។

  • សូម​ជួប​ជាមួយអ្នក​មាន​ជំនាញ ។ តើ​ភាព​សោក​សៅ​របស់​អ្នក​មានរយៈ​ពេលជាង​ពីរ​បី​សប្តាហ៍​ហើយ​ឬ ? តើវា​រំខាន​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? ជារឿយៗ​អ្នកផ្ដល់​ការប្រឹក្សា​ដែល​មាន​ជំនាញ​អាច​ជួយ​បាន ។ ពេលខ្លះ​ការមាន​ចិត្តសោកសៅ​ឥតឈប់ឈរ​គឺ​បណ្តាលមកពី​ស្ថានភាព​សុខភាព​ដូចជា​ជំងឺ​ក្រពេញទីរ៉ូ​អ៊ីត ឬ​ជំងឺ​ទឹកនោមផ្អែម​ជាដើម ។ ជំងឺ​ទាំងនេះ​ត្រូវតែ​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត ។ នៅ​ពេលខ្លះ ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់ទឹក​ចិត្ត​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ល្អប្រសើរ​ឡើង​វិញ​បាន​ដែរ ។

  • ត្រូវ​សុំ​ជំនួយ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ចង់​ធ្វើ​អត្តឃាត ។ តើ​នៅពេល​ខ្លះ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ថា តើ​ជីវិត​មាន​តម្លៃ​ឲ្យ​រស់នៅ​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​ចង់​ធ្វើបាប​ខ្លួនឯង​តាម​មធ្យោបាយ​ណាមួយ​ដែរ​ឬ​ទេ ? តើ​ពេលខ្លះ​អ្នក​ធ្លាប់​គិតថា​សេចក្តី​ស្លាប់​ប្រសើរ​ជាង​នៅរស់​ដែរ​ឬ​ទេ ? គំនិត​បែបនេះ​មិន​មែន​រឿង​ធម្មតា​ទេ ។ ប្រសិន​បើ​គំនិត​ទាំងនេះ​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត ហើយ​នៅ​តែ​បន្ត​កើត​មាន​ជាច្រើន​ថ្ងៃ សូម​កុំរង់​ចាំ ។ សូម​និយាយ​ប្រាប់​នរណា​ម្នាក់​អំពី​រឿង​នោះ ហើយ​សុំ​ជំនួយ ។ សុំ​ជំនួយ ជាពិសេស​ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​មានផែន​ការ​ចង់​បញ្ចប់​ជីវិត​របស់ខ្លួនឯង ។

    អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កំពុង​និយាយ​គ្នា

គ. ការយកឈ្នះ​លើ​អារម្មណ៍​រិះគន់​ខ្លួន​ឯង

  • ផ្តោត​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​ត្រឹមត្រូវ ហើយ​ចៀសវាង​ពី​ការប្រៀប​ធៀប​ខ្លួនឯង​ទៅ​នឹង​មនុស្ស​ដទៃ ។ បុគ្គល​ដែល​មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ខ្លួនឯង​អាច​ផ្ដោតខ្លាំង​ពេក​ទៅលើ​ចំណុច​ខ្សោយ និង​ការ​បរាជ័យ​របស់​ខ្លួនឯង ។ ដូច្នេះ ជំនួស​ឲ្យ​ការ​កែលម្អ នោះ​ពួកគេ​ប្រហែល​ជា​ទទួល​បាន​អារម្មណ៍​អស់សង្ឃឹម ។ ពេល​អាន​ព្រះគម្ពីរ សូម​ផ្ដោត​លើ​ខគម្ពីរ​ណា​ដែល​អនុវត្ត​ចំពោះ​អ្នក​បំផុត ។ អ្នក​គឺជា​អ្នកបម្រើ​ជា​ទីស្រឡាញ់​របស់​ព្រះ ។ សូម​រកមើល​ភស្តុតាង​នៃការអត់ធ្មត់ ព្រះគុណ សេចក្តីសង្ឃឹម និង​សេចក្តី​មេត្តា​ករុណា​របស់ព្រះ ។ ទ្រង់​ប្រទាន​ពរជ័យ​ទាំងនេះ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ ហើយ​មាន​បំណង​បម្រើ​ទ្រង់ ។

  • សូម​និយាយ​អ្វីដែល​វិជ្ជមាន​មកកាន់​ខ្លួន​អ្នក ។ សូមមើល « ការតតាំង​នឹង​ការ​គិត​អវិជ្ជមាន » ។

  • សូម​ដឹង​ថា អ្វីៗ​គ្រប់យ៉ាង​ដែលអ្នក​អាច​ធ្វើ​បាន​គឺ​មិន​អាច​លើស​ពី​មធ្យមភាគ​បាន​ឡើយ ។ អ្នក​ចង់​ខិតខំ​ធ្វើការ​ដើម្បី​កែ​លម្អ​ឲ្យបាន​ប្រសើរ​ឡើង ហើយ​អ្នក​ប្រហែល​ជា​ពូកែ​ក្នុង​រឿង​អ្វី​ផ្សេង ។ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​ល្អ​លើស​មធ្យមភាគ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​នោះ​ទេ ។ នេះ​គ្រាន់តែ​ជា​ហេតុ​ផល​ផ្នែក​គណិតវិទ្យា​ប៉ុណ្ណោះ មិនមែនជា​មូលហេតុ​ដែល​ត្រូវ​បារម្ហ​នោះទេ ។

  • សូម​ដាក់​ពិន្ទុ​បន្ថែម​ឲ្យ​ខ្លួនឯង ។ សូម​ដាក់​ពិន្ទុ​បន្ថែម​ឲ្យ​ខ្លួន​ឯង​សម្រាប់​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ធ្វើ​មិនបាន​ល្អ ឬ​មិន​ចូលចិត្ត​ធ្វើ ។ សូមចងចាំថា ទោះបីជា​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ​មិន​បាន​ល្អឥតខ្ចោះ​ក៏ដោយ ក៏អ្នក​នៅតែ​ធ្វើវា​បាន​ដដែល ។ នៅពេល​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ​បាន​កាន់តែ​ប្រសើរ​ឡើង នោះ​អ្នកអាច​រកឃើញ​ថា អ្នក​រីករាយ​នឹង​កិច្ចការ​ទាំងនោះ ។ ប៉ុន្តែ​ដើម្បីឈាន​ទៅដល់​ចំណុច​នោះ វា​ត្រូវការ​ពេលវេលា និង​ការអនុវត្ត ការគាំទ្រ និង​បទពិសោធន៍​នានា ។

  • សូម​រៀន​បង្អន់​សិន ។ បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ចេញ​ពី​គំនិត​ក្នុង​ចិត្ត​របស់​អ្នក ហើយ​សូម​រៀនបង្អន់​សិន ។ ត្រូវ​ទទួល​ស្គាល់​ថា​អ្នក​កំពុង​មាន​គំនិត​រិះគន់​ខ្លួនឯង ។ ប៉ុន្តែ​គំនិត​ទាំងនេះ​មិន​តំណាង​ឲ្យ​បុគ្គល​ដែល​ជា​រូបអ្នក​ពិត​ប្រាកដ​នោះទេ ។ ( សូម​មើល​ផងដែរ « ការ​ឆ្លើយ​តប​យ៉ាង​វិជ្ជមាន​ចំពោះ​ភាព​តានតឹង » ) ។

  • សូម​ធ្វើ​តាម​គោលដៅ​ធំៗ​ម្ដង​មួយ​ឬ​ពីរ ។ ចៀសវាង​ការព្យាយាម​កែលម្អ​អ្វីៗ​ជាច្រើន​នៅក្នុង​ជីវិត​របស់​អ្នក​ម្ដង​ទាំងអស់ ។ កិច្ច​ការ​ទាំង​នេះអាច​លើសលប់ និង​ដឹកនាំ​ទៅរក​អារម្មណ៍​នៃ​ការ​បរាជ័យ ។

  • ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ដែន​កំណត់ និង​ភាព​ខ្វះខាត​របស់​យើង​មិន​មែន​ជាអំពើ​បាប​ទេ ។ ជាធម្មតា វា​មិន​អាច​រារាំង​យើង​ពី​ភាពស្អាតស្អំ និង​ភាព​ស័ក្តិសម​ដើម្បី​ទទួល​ព្រះវិញ្ញាណ​បាន​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​ឲ្យ​យើង​អាច​បាន​រឹងមាំ លើក​តម្កើង និង​អភ័យ​ទោស ។ ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើភាពទន់​ខ្សោយ និង​អំពើ​បាប​របស់​យើង ។

  • កត់ត្រា​អ្វី​ដែល​បាន​បំផុស​គំនិត​នៅក្នុង​សៀវភៅ​សិក្សា ឬ​សៀវភៅ​រៀបចំ​ផែនការ ។ អ្នក​អាច​កត់ត្រា ៖

    • បទគម្ពីរ​ដែល​ចូលចិត្ត ។

    • គោលដៅ​ទាំង​ឡាយ​ដែល​អ្នក​ចង់​សម្រេច​បាន ។

    • ដំណើរ​រឿងផ្ទាល់​ខ្លួន ឬ​គ្រួសារ​ដែល​ក្រោក​ចេញពី​ឧបសគ្គ ឬ​ការលំបាក​យ៉ាងឆាប់​រហ័ស ។

  • សូម​ស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ មិន​មែន​ស្តាប់​តាម​ភាព​អវិជ្ជមាន​នោះ​ទេ ។ ប្រសិន​បើ​អ្នក​មាន​គំនិត​ប្រមាថ​មើល​ងាយ នោះ​វា​មិន​មែន​មក​ពី​ព្រះអម្ចាស់​ទេ ។ សូម្បីតែ​គ្រាន់​តែមាន​គំនិត​ចំអក ខឹងសម្បារ បញ្ឈឺចិត្ត ឬ​រិះគន់​ក្តី ។ ការរអ៊ូរទាំ និង​ការប្រើ​ឈ្មោះ​ប្រមាថ​ក៏​មិនមែន​មក​ពី​ព្រះអម្ចាស់​ដែរ ។ ប្រសិន​បើ​អ្នក​មាន​គំនិត​បែបនេះ សូម​ព្យាយាម​សរសេរ​វា​លើ​ក្រដាស ។ បន្ទាប់​មក សូម​ហែក​ក្រដាស​នោះ​ចោល ។ ឬ​សរសេរ​គំនិត​ទាំង​នោះ​ឡើងវិញ​ម្តង​មួយៗ ដើម្បី​ឲ្យ​វា​ថ្លែង​ពី​គំនិត​ពិត និង​វិជ្ជមាន ។ សូម​បន្ថែម​សេចក្តី​ថ្លែង​ការណ៍​ដ៏​ស្មោះ​ត្រង់ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក ។ សូម​និយាយ​ឮៗ ៖ « ព្រះគ្រីស្ទ​គឺជា​អង្គ​គាំទ្រ​របស់​ខ្ញុំ ។ ទ្រង់​តែង​តែ​ស្រឡាញ់​ខ្ញុំ និង​ជឿលើ​ខ្ញុំ » ។

  • សូម​ស្វែងរក​ការ​ប្រឹក្សា​ល្អៗ ។ សូម​ឲ្យ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់អ្នក និង​អ្នកផ្សេង​ទៀត​ជួយអ្នក​ឲ្យ​ដឹងថា តើ​អ្នក​កំពុង​ព្យាយាម​ល្មម​គ្រប់គ្រាន់​ហើយ​ឬនៅ ។ សួរ​ពួកគាត់​ថា​តើ​អ្នក​កំពុង​ព្យាយាម​ខ្លាំង​ពេក​ឬ​ទេ ។ សូម​ទទួល​យក​ដំបូន្មាន​ពីពួកគាត់ ។ មនុស្ស​ដែល​ពូកែ​រិះគន់​ខ្លួនឯង​ភាគ​ច្រើន​មិន​ពូកែ​បែង​ចែក​រវាង ការព្យាយាម​ខិតខំ​គ្រប់គ្រាន់ និង​ការ​ព្យាយាម​ខ្លាំង​ពេក​នោះទេ ។

    ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅមុខ​កុំព្យូទ័រ

ឃ. ការ​យកឈ្នះ​លើ​អារម្មណ៍​អន្ទះសា ឬ​ការគិត​ថា​ខ្លួនឯង​មិនល្អ​គ្រប់គ្រាន់

  • សូម​រីករាយ​នឹង​ធ្វើ​ជា​អ្នក​ជើងថ្មី​ម្នាក់ នៅ​ពេល​អ្នក​ថ្មី​ក្នុង​កិច្ចការ​អ្វី​មួយ ។ អ្នក​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​អ្នក​មាន​ជំនាញ​ភ្លាមៗ​ពេល​ដែល​អ្នក​កំពុង​រៀន​ធ្វើ​អ្វី​មួយ​នោះ​ទេ ។ ការ​ចង់ដឹង ចាប់​អារម្មណ៍ រាបសា និង​មាន​បំណង​ដើម្បី​សាកល្បង គឺ​វា​គ្រប់គ្រាន់​ហើយ ។ ចូរ​រីករាយ​ក្នុងការ​រៀន​អ្វី​ដែល​ថ្មី !

  • រីករាយ​នឹង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បាន ។ ពេល​ខ្លះ​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​មាន​អារម្មណ៍​ថា​ឥត​ប្រយោជន៍ ឬ​ខ្មាសអៀន នៅពេល​ដែល​អ្នក​ផ្សេង​ទៀត​ហាក់ដូច​ជា​ជោគជ័យ​ខ្លាំង​ជាង​ពួកគេ​នោះ ។ សាតាំង​ល្បួង​យើង​ឲ្យ​សង្ស័យ​ខ្លួន​ឯង ឬ​ប្រៀបធៀប​ខ្លួន​យើង​ទៅនឹង​អ្នក​ដទៃ ។ សូម​ចងចាំថា នេះជា​កិច្ចការ​របស់​ព្រះ ហើយ​ទ្រង់​ជ្រើសរើស​មនុស្ស​ទន់ខ្សោយ និង​សាមញ្ញ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។ ទ្រង់​បាន​ជ្រើសរើស​អ្នក ! ចូរ​ទុក​ចិត្ត​ទ្រង់ ដ្បិត​ទ្រង់​ទុក​ចិត្ត​អ្នក ។

  • សូម​គិត​ពី​ភាព​ជោគជ័យ ។ ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អាច​នឹង​ធ្វើ​ខុស​អាច​ជា​វិធី​បង្វឹក​សតិ​អារម្មណ៍​ដែល​នាំ​ឲ្យ​បរាជ័យ ។ ជំនួស​ឲ្យ​ការ​ព្រួយ​បារម្ភ សូម​ព្យាយាម​ឲ្យ​សតិអារម្មណ៍​របស់​អ្នក​គិត​តែ​លទ្ធផល​វិជ្ជមាន ។ សូម​កុំ​បារម្ភ​ពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង ។ ផ្ទុយទៅវិញ ត្រូវរៀបចំ​ផែនការ​ដើម្បី​សម្រេច​ជោគជ័យ ។ ប្រសិនបើ​កិច្ចការ​ទាំងឡាយ​ពុំ​បាន​កើត​ឡើង​ដូច​អ្វី​ដែល​អ្នក​សង្ឃឹម​ទុក​ទេ សូម​ស្រមៃ​ថា ខ្លួន​អ្នក​កំពុង​រៀន​ពី​ឧបសគ្គ​នោះ ។ សូម​គិត​ថា​ខ្លួនអ្នក​កំពុង​ឆ្ពោះទៅមុខ ។

  • យ៉ាង​ណាក៏ដោយ​ត្រូវ​រស់នៅ​តាម​តម្លៃ​របស់​អ្នក ។ អ្នក​មិន​ចាំបាច់​បំភ្លេច​ចោល​ការ​ព្រួយ​បារម្ភ ឬ​ការ​ភ័យ​ខ្លាច​ឡើយ ។ អ្នក​នៅតែ​អាច​រស់នៅ​ក្នុង​ជីវិត​ដ៏​រីករាយ​បាន​ដដែល ។ អ្នក​អាច​ជ្រើសរើស​រស់​នៅ​តាម​តម្លៃ​របស់​អ្នក ទោះ​បី​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ក៏​ដោយ ។ អ្នក​មិន​អាច​គ្រប់គ្រង​អ្វីៗ​គ្រប់​យ៉ាង​បាន​ឡើយ ។ ប៉ុន្តែ​សូម​គិត​អំពី​កិច្ចការ​មួយ ឬ​ពីរ ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រស់​នៅ​ទៅ​តាម​តម្លៃ​របស់​អ្នក ។ រៀបចំ​ផែនការ​ពីរបៀប​ដែល​អ្នក​អាច​បម្រើ​អ្នកដទៃ ឬ​បង្ហាញ​ភាព​ក្លាហាន​នៅ​ក្នុង​ស្ថានភាព​ដែលធ្វើ​ឲ្យ​អ្នក​ព្រួយបារម្ភ ។

  • សូម​កុំ​ព្យាយាម​គ្រប់គ្រង​អ្វី​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន​ឡើយ ។ ការព្យាយាម​គ្រប់គ្រង​អ្វីដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​វា​រឹត​តែ​ពិបាក​គ្រប់គ្រង ។ ការ​ធ្វើ​បែប​នេះ​គឺ​កាន់​តែធ្វើ​ឲ្យ​ការ​ព្រួយ​បារម្ភ​របស់អ្នក​កាន់តែ​កើន​ឡើង ។ ផ្ដោត​កម្លាំង​របស់​អ្នកទៅលើ​កិច្ចការអ្វី​ផ្សេងទៀត​ដែល​អ្នក​អាចធ្វើបាន ។

  • សូម​សួរ​ថា « តើ​រឿង​ដ៏​អាក្រក់​បំផុត​អ្វី​ខ្លះ​ទៅ​ដែល​អាច​កើត​មាន ? » ជារឿយៗ​មនុស្ស​រកឃើញ​ថា លទ្ធផល​ដ៏​អាក្រក់​បំផុត​ដែល​ពួកគេ​អាចស្រមៃ​ឃើញ​នោះ គឺជាអ្វីមួយ​ដែល​ពួកគេ​អាច​រស់នៅ​ជាមួយ​បាន ។ បន្ទាប់​មក​ពួកគេ​អាច​បន្ត​ទៅ​មុខទៀត​បាន ។ មិនថា​មាន​រឿង​អ្វី​កើត​ឡើង​នោះទេ ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យយកឈ្នះ​វា​បាន ដូច្នេះហើយ​អ្នក​អាច​មាន​អារម្មណ៍​មិន​សូវ​ភ័យខ្លាច ។

  • សូម​ព្យាយាម​បន្ថយ​ល្បឿន ប្រសិនបើ​អ្នក​មានទំនោរ​ចង់​ប្រញាប់​ប្រញាល់​ខ្លាំង​ពេក ។ ប្រសិន​បើ​អ្នក​មាន​ចិត្ត​ស្ងប់​ជាង​នេះ នោះ​អ្នក​អាច​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព និង​រីករាយ​ជាងនេះ​បាន ។ ការ​បន្ថយ​ល្បឿន​នឹង​ត្រូវ​ការ​ការ​អនុវត្ត ។ អ្នក​នឹង​ត្រូវ​ការ​វិធី​ដើម្បី​រំព្ញក​ខ្លួន​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។ សរសេរ​សារ​នៅលើកញ្ចក់ ឬ​លើ​ជញ្ជាំង​របស់​អ្នក ។ ដាក់​សំឡេង​រោទិ៍នៅ​លើ​ទូរសព្ទ​របស់​អ្នក ។ ឬ​អធិស្ឋាន​ជារៀងរាល់​ព្រឹក​ទូលសូមជំនួយ​ឲ្យចងចាំ​ថាត្រូវ​បន្ថយ​ល្បឿន ។ បន្ទាប់ពី​បីបួន​សប្តាហ៍​មក សូម​វាយតម្លៃ​ពីការរីក​ចម្រើន​របស់​អ្នក ។

  • កុំ​ខ្វល់​ខ្វាយ​ពី​ការ​ព្រួយ​បារម្ភ ។ ការ​ព្រួយ​បារម្ភ​គឺ​ជា​ផ្នែក​ធម្មតា​មួយ​នៃ​មនុស្ស​គ្រប់​គ្នា ។ ការ​ព្រួយ​បារម្ភ​អំពី​ភាព​ភ័យខ្លាច​របស់អ្នក​នឹង​មិន​អាច​ជួយ​អ្វី​បាន​ទេ ។ ការ​ព្រួយ​បារម្ភ​ជា​រឿង​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​វា​នឹង​កន្លង​ផុត​ទៅ ។ នៅ​ពេល​អ្នក​ព្រួយបារម្ភ សូមអង្គុយ​ស្ងៀម​ស្ងាត់ ហើយ​បណ្តោយ​ឲ្យ​អារម្មណ៍​នេះ​រសាត់​បាត់​ទៅ ។ ជារឿយៗ​មិនយូរ​ប៉ុន្មាន វា​នឹង​កាត់បន្ថយ​ដោយខ្លួន​ឯង ។

  • កុំ​ខ្លាច​នឹង​ជួប​ឧបសគ្គ​នៅ​ពេល​អ្នក​ធ្វើ​កិច្ចការ​ពិបាកៗ ។ ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដ៏មាន​អត្ថន័យ នោះ​អ្នក​ត្រូវ​ប្រថុយប្រថាន​ខ្លះៗ ។ ពេលខ្លះ អ្នកត្រូវ​បោះ​ជំហាន​ចូលទៅ​ក្នុង​កិច្ចការ​ដែល​មិន​ស្គាល់ ។ កិច្ចការ​ដែល​សំខាន់​បំផុត​អាច​ពិបាក ប៉ុន្តែ​អ្នក​អាច​រៀន​ធ្វើ​វា​បាន​តាមរយៈ​ការអនុវត្ត ។ កុំ​ទុក​ឲ្យ​ការ​ភ័យ​ខ្លាច​រារាំង​អ្នក​ពី​ការ​ធ្វើ​កិច្ចការ​ពិបាកៗ​ឡើយ ។ ហើយ​កុំ​ព្យាយាម​មើល​ទៅ​ឧបសគ្គ​ថា​ជាការ​បរាជ័យ​ឡើយ ។ ការភ័យខ្លាច និង​ឧបសគ្គ​មានន័យថា អ្នកកំពុង​ទទួល​យក​កិច្ចការ​ពិបាកៗ និង​ក្លាហាន ។

  • រក្សា​បញ្ជី​ដំណើរ​រឿង​ទាំងឡាយ ។ ចូរចងចាំ កត់ត្រា និង​ចែករំលែក​ដំណើរ​រឿង​ទាំងឡាយ ។ ដំណើររឿង​ទាំងនេះ​អាច​ចេញ​មកពី​ជីវិត​របស់អ្នក ឬ​ពី​ជីវិត​របស់​មនុស្ស​ដែល​អ្នក​កោត​សរសើរ ។ ដំណើរ​រឿង​ទាំងនេះ​គួរតែ​ប្រាប់​ពីរបៀប​ដែល​មនុស្ស​បានបន្ត​ទៅមុខ នៅពេល​ដែល​ជួប​រឿងពិបាកៗ ឬ​គួរ​ឲ្យ​ភ័យខ្លាច ។ វា​គួរតែ​ប្រាប់​ពីរបៀប​ដែលអ្នក ឬ​អ្នកផ្សេង​ទៀត​បានឆ្លើយតប​ទៅនឹង​ឧបសគ្គ ឬការភ័យ​ខ្លាច​តាម​របៀប​ដែល​អ្នក​កោត​សរសើរ ។ ជារឿយៗ​មនុស្ស​តែងតែ​ធ្វើ​កិច្ចការ​តូចតាច និងសាមញ្ញ ដើម្បីបន្ត​ទៅមុខ ឬ​បង្ហាញ​ភាព​ក្លាហាន ។

  • ទទួលយក​ភាព​មិន​ច្បាស់លាស់ ។ ពេលខ្លះ​មនុស្ស​មិនចង់​រស់​នៅ​ក្នុង​ភាព​មិនច្បាស់​លាស់ ឬ​មិន​ពិតប្រាកដ​ទេ ។ ពួកគេ​សុខចិត្ត​បរាជ័យ​ជាជាង​ត្រូវ​ប្រថុយប្រថាន ដោយ​មិន​ដឹងថា​ពួកគេ​នឹង​ជោគជ័យ​ឬ​អត់​នោះ ។ អ្នក​មិន​អាច​ដឹង​ថា តើ​ថ្ងៃនេះ​អ្នក​នឹង​រស់​នៅ​តាម​គោល​ដៅ និង​តម្លៃ​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ​ឬ​អត់​នោះ​ទេ ។ អ្នក​មិន​អាច​ដឹង​ពីបញ្ហា​អ្វី​ដែល​អ្នក​អាច​ប្រឈម​មុខ​នៅ​ពេល​អនាគត​ឡើយ ។ ប៉ុន្តែ​អ្នកអាច​សម្រេច​ចិត្ត​នៅពេល​នេះ​បាន​ដើម្បី​រស់នៅ​ដោយ​ក្តី​ក្លាហាន មាន​អំណរគុណ មាន​ក្តីអាណិតអាសូរ និង​ចិត្តរាបសា ។ ឥឡូវនេះ អ្នក​អាច​រស់​នៅស្រប​ទៅ​តាម​គោលដៅ និង​ក្តីសុបិន​របស់អ្នក ។ នោះ​ជា​អ្វី​ដែលយើង​ទាំងអស់​គ្នាអាច​ធ្វើបាន ហើយ​វាគ្រប់​គ្រាន់​ហើយ ។ ព្យាយាម​បង្វែរ​ខ្លួនអ្នក​ចេញពី​ការល្បួង​នៃភាព​អស់សង្ឃឹម និង​ការព្រួយបារម្ភ ។ ផ្តោត​ទៅ​លើ​ទីនេះ និង​ពេល​នេះ ។

  • បម្រើ ។ ពេល​អ្នក​បម្រើ​អ្នក​ដទៃ នោះ​អ្នក​នឹង​មិន​សូវ​គិត​ពី​ខ្លួន​ឯង​ទេ ហើយ​អ្នក​កាន់តែ​រីករាយ ។

    ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​និយាយ​គ្នា

ឃ. ការយកឈ្នះ​លើ​អារម្មណ៍​ឆាប់​ឆេវឆាវ ឬ​ឆាប់​ខឹង

  • សូម​ទុក​ពេល​ឲ្យ​ខួរក្បាល​របស់​អ្នក​យក​ឈ្នះ​លើ​អារម្មណ៍​របស់​អ្នក ។ ខួរក្បាល​របស់​អ្នកអាច​ផ្តល់​ហេតុ​ផល និង​ធ្វើការ​វិនិច្ឆ័យ​បានល្អ ។ ប្រសិនបើ​អ្នក​ខឹង ឬ​ឆេវឆាវ សូម​គេច​ចេញ​ពីស្ថានភាព​នោះ​ពីរបីនាទី​សិន ។ ដក​ដង្ហើម​វែងៗ ហើយ​ទុកពេល​ឲ្យ​ខួរក្បាល​របស់​អ្នក​មាន​ពេល​ពិចារណារ និង​រកច្រកចេញ ។ អ្នក​អាច​រាប់​ដល់ ១០ ហាត់ប្រាណ ចេញទៅ​ក្រៅ ឬ​ជ្រើសរើស​គិតពី​អ្វី​ដែលមាន​ប្រយោជន៍ ។ អ្នកអាច​ស្តាប់​តន្ត្រី​ស្ងប់ស្ងាត់ ធ្វើ​សមាធិ ឬ​អធិស្ឋាន​បាន ។

  • សូម​កុំ​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​កំហឹង ។ អ្នកអាច​ជ្រើសរើស​មើល​ទៅ​អ្នក​ដទៃ​ថាជា​ការគំរាម​កំហែង អយុត្តិធម៌ ឬ​មិនគោរព ។ ប្រសិន​បើដូច្នេះ​មែន នោះ​អ្នក​ទំនង​ជា​មាន​អារម្មណ៍​ឆាប់​ខឹង ។ ផ្ទុយទៅ​វិញ ត្រូវ​មើល​ប្រសិន​បើ​អ្នក​អាចគិត​ពី​ការ​ពន្យល់​មួយ​ដ៏​សប្បុរស​ចំពោះ​អាកប្បកិរិយា​របស់​ពួកគេ ។ ប្រហែល​ជា​ពួកគេ​អស់​កម្លាំង មិន​បាន​ដឹង មិនមាន​សុវត្ថិភាព ឬ​ព្យាយាម​ជួយ​អ្នក​ក៏ថា​បាន ។ សូម​ធ្វើ​ការ​ជ្រើសរើស​យកការ​មិន​បញ្ឆេះ​កំហឹង ។

  • សូម​ព្យាយាម​យល់ពី​ចិត្ត​របស់​អ្នក​ដទៃ ។ សូម​យក​ចិត្ត​ទុកដាក់​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​គិត និងមាន​អារម្មណ៍ ។ សួរសំណួរ​ពួកគេ ហើយ​ស្តាប់​ពួកគេ​ដោយ​ស្ងៀម​ស្ងាត់ និង​ដោយ​ប្រុងប្រយ័ត្ន ។ ប្រាប់​អ្នក​ដទៃ​ពីអ្វី​ដែល​អ្នកគិត​អំពីអ្វី​ដែល​អ្នក​បានឮ ។ សួរ​ថាតើ​អ្នក​យល់​ត្រឹមត្រូវ​ឬ​ទេ ។ ប្រសិន​បើ​មិន​ត្រឹមត្រូវ​ទេ សូម​ព្យាយាម​ម្ដងទៀត ។

  • សូម​ទប់ស្កាត់​ការ​មាន​និន្នាការ​ស្ដី​បន្ទោស​មនុស្ស​ដទៃ ឬ​ខ្លួន​ឯង ។ ប្រសិន​មាន​អ្វី​មួយ​ខុសឆ្គង សូមព្យាយាម​ស្វែង​យល់ថា​តើបញ្ហា​នោះ​ជា​អ្វី ។ សុំជំនួយ​ពីអ្នកដទៃ​ក្នុងការ​ដោះស្រាយ​បញ្ហា ដោយ​មិនគិត​ថា​ជា​កំហុស​របស់​អ្នក​ណា​ឡើយ ។ ព្យាយាម​កុំ​បន្ទោស​នរណា​ម្នាក់​ដែល​បង្ក​បញ្ហា​នោះ​ឡើយ ។

  • សូម​មាន​ឆន្ទៈ​ដើម្បី​សុំទោស ហើយ​សួរ​ពី​អ្វីដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បីធ្វើ​ឲ្យ​រឿង​ទាំងឡាយ​បាន​ត្រឹមត្រូវ​ឡើងវិញ ។ ការ​សុំទោស​ជា​សញ្ញាមួយ​នៃ​ភាពរឹងមាំ​ខាង​វិញ្ញាណ ពុំ​មែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ឡើយ ។ ពេល​អ្នក​ធ្វើ​អ្វីមួយ​ខុស សូម​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​នោះ ។ សួរ​ពីរបៀប​ដែល​អ្នក​អាច​កែតម្រូវ​វា​ឡើងវិញ​បាន ឬ​ចៀសវាង​ពី​បញ្ហា​នាពេល​អនាគត ។ បង្ហាញ​ការយល់ចិត្ត​ចំពោះ​អារម្មណ៍​របស់​អ្នក​ដទៃ ។

  • ត្រូវ​ចេះ​អស់​សំណើច​ពី​ខ្លួន​ឯង ។ ការ​ដែល​ចេះ​អស់​សំណើច​ពី​ខ្លួន​ឯង​នឹង​ជួយ​ឲ្យ​អ្នក​ស៊ូទ្រាំ​នឹង​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត​បាន​កាន់​តែ​ប្រសើរ ។ ការលេង​សើច​ដែល​លើក​ស្ទួយ​អាច​ជួយ​កែលម្អ​អាកប្បកិរិយា ទំនាក់ទំនង និង​សុខភាព​របស់​យើង ។ ខណៈ​ដែល​វា​មិនសមរម្យ​ក្នុង​ការ​សើចសប្បាយ​គ្រប់ពេល​វេលា តែ​មនុស្ស​គ្រប់រូប​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសើចសប្បាយ ។ នៅពេល​អ្នក​ចាប់ផ្តើម​ខឹង សូម​ព្យាយាម​អស់​សំណើច​ខ្លួន​ឯង និង​កំហឹង​របស់​ខ្លួនឯង ។ ការអស់​សំណើច​ពី​ខ្លួន​ឯង​អាច​ជា​ថ្នាំ​ព្យាបាល​កំហឹង !

  • បម្រើ​ដល់​មនុស្ស​ដែល​អ្នក​ខឹង ។ សូម​អនុវត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ » ។ ទ្រង់​មាន​បន្ទូលថា « ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា ដែល​ប្រទេច​ផ្ដាសា​អ្នក ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ » ( នីហ្វៃទី​៣ ១២:៤៤ ) ។ តើ​អ្នក​អាច​បម្រើ ឬ​អធិស្ឋាន​សម្រាប់​នរ​ណាម្នាក់​ដែល​អ្នក​ខឹង​ដោយ​របៀប​ណា ?

  • សូម​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ។ ព្យាយាម​បរិភោគ​អាហារ​ល្អៗ សម្រាន្ត​ឲ្យ​បានគ្រប់​គ្រាន់ និង​អធិស្ឋាន ។ ការ​ធ្វើ​អ្វីៗ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ធនធាន​ផ្នែក​សតិអារម្មណ៍ ដើម្បី​ប្រឈម​នឹង​ភាពស្មុគ​ស្មាញ ។

  • បង្កើត​រឿង​ថ្មីៗ ។ សូម​គិត​ឲ្យ​អស់ពី​សមត្ថភាព​របស់​អ្នក​អំពី​ការពន្យល់​ដែល​ពោរពេញ​ដោយ​ក្តីសប្បុរស​បំផុត អំពី​មូលហេតុ​ដែល​មនុស្ស​ផ្សេងទៀត​កំពុង​ប្រព្រឹត្ត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត ។ សូម​កត់ត្រា​វា​ទុក ។

  • អភ័យទោស​ឲ្យ​អ្នកដទៃ ។ សូម​សិក្សា ម៉ាថាយ ១៨:២៣–៣៥ ។ ប្រសិន​បើ​អាច សូម​មើល​វីដេអូ « Forgive Every One Their Trespasses: The Parable of the Unmerciful Servant » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូមគិត​អំពី​របៀប​ដែល​សារលិខិត​មកពី​ការបៀប​ប្រដូច​នេះ​អនុវត្ត​ចំពោះ​អ្នក ។

    6:6
    ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​រុញ​រទេះ

ច. ការយកឈ្នះ​លើ​អារម្មណ៍​គ្មាន​ទឹកចិត្ត

  • សូម​ផ្ដោត​លើ​ភាពខ្លាំង​របស់​អ្នក ។ តើ​អ្វី​ទៅ​ជា​គុណតម្លៃ ទេពកោសល្យ បទពិសោធន៍ និង​អំណោយទាន​ដែល​អ្នក​នាំ​យក​មក​បេស​កកម្ម​របស់​អ្នក ? សូម​ធ្វើ​បញ្ជី​មួយ​អំពី​វិធី​ដែល​អ្នកអាច​ប្រើ​ចំណុច​ខ្លាំង​មួយ​របស់អ្នក​តាម​របៀប​ដ៏​ច្នៃប្រឌិត​មួយ​នៅ​សប្តាហ៍​នេះ ។ ប្រសិន​បើ​អ្នកមាន​ការ​លំបាក​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​អ្នក ចូរ​សុំ​ជំនួយ​ពី​អ្នក​ដទៃទៀត ។

  • សូម​ធ្វើ​មួយ​ជំហាន​ម្ដងៗ ។ សូម​ធ្វើ​បញ្ជី​មួយ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ។ បន្ទាប់​មក​រៀបចំ​វានៅលើ​ប្រតិទិន​របស់​អ្នក ។ សូម​រំឭក​ខ្លួន​ឯង​ថា « អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺ  » ។

  • ធ្វើ​ចិត្ត​ឲ្យសប្បាយ ! ដាក់​គោលដៅ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។ បង្កើត​ល្បែង​លេង​នៃការ​សម្រេច​បាន​គោល​ដៅ​របស់​អ្នក ។ ចូរ​មាន​គំនិត​ច្នៃប្រឌិត ហើយ​អបអរ​ចំពោះ​ខ្លួន​ឯង​សម្រាប់​ភាពជោគជ័យ ។

  • សូម​កុំ​ដាក់​បន្ទុក​ខ្លួន​ឯង​ឲ្យ​មាន​គោលដៅ​ផ្ទាល់ខ្លួន​ច្រើន​លើស​លុប​ពេក​ក្នុង​ពេល​តែ​មួយ ។ សូម​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​ម្ដង​មួយ ឬ​ពីរ ( ដូចជា​ការ​រីករាយ​ឲ្យ​បាន​ច្រើន ឬ​មាន​សណ្តាប់ធ្នាប់​ជាងមុន ) ។ កុំ​រំពឹង​ថា​នឹង​បាន​ល្អឥតខ្ចោះ ។ រួមបញ្ចូល​ទាំង​ផែនការ​មួយ​ពី​របៀប​ដែល​អ្នកនឹង​ខិតខំ​ធ្វើ​កិច្ចការ​ឡើងវិញ នៅ​ពេល​អ្នក​មិន​សូវ​សប្បាយ​ចិត្ត ។ រំឭកខ្លួន​ឯង​ជារឿយៗ​ពី​ហេតុផល​ដែល​អ្នក​ចង់ផ្លាស់ប្ដូរ ។

  • សូម​ចែកចាយ​គោល​ដៅ​របស់​អ្នក​ជាមួយ​នឹង​ឪពុក​ម្ដាយ ឬ​ថ្នាក់​ដឹកនាំ​របស់​អ្នក ។ ពួកគាត់​អាច​ជួយ​គាំទ្រ​ដល់​អ្នក ហើយ​អាច​ផ្ដល់​នូវ​គំនិត​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​បាន ។

  • ត្រូវដឹង​ថា​សកម្មភាព​នាំឲ្យ​មាន​ទឹកចិត្ត ។ ជារឿយៗ ការ​ចាប់ផ្ដើម​គឺជា​ផ្នែក​មួយ​ដ៏​លំបាក​បំផុត ។ ចូរ​ប្រាប់​ខ្លួន​អ្នក​ថា « ខ្ញុំ​គ្រាន់​តែ​ធ្វើវា ១០ នាទី​ប៉ុណ្ណោះ » ។ បន្ទាប់​មក សូម​ចាប់ផ្ដើម ។ ជារឿយៗ អ្នក​មាន​អារម្មណ៍​កាន់​តែ​មាន​ទឹកចិត្ត​បន្ដ​ធ្វើ​វា​ទៀត ។

    ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

ឆ. ការគ្រប់គ្រង​អារម្មណ៍​ផ្លូវ​ភេទ ឬ​មនោសញ្ចេតនា

  • សូម​រៀន​មាន​ការគ្រប់គ្រង​លើ​ខ្លួនឯង ។ គំនិត និង​អារម្មណ៍​ផ្លូវ​ភេទ និង​មនោសញ្ចេតនា​ជា​រឿង​ធម្មតា ហើយ​ជា​អ្វី​ដែល​ព្រះបាន​ប្រទានឲ្យ ។ ប៉ុន្តែ​យើង​ត្រូវចេះ​រក្សាគំនិត ទំនាក់ទំនង និង​អាកប្បកិរិយា​របស់​យើង ឲ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​ដែល​ត្រឹមត្រូវ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នេះ​បាន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នោះ​អ្នក​នឹង​កាន់តែ​រឹងមាំ​ខ្លាំងឡើង ហើយ​ទទួល​បាន​ពរជ័យ​ដ៏​មហិមា ។ សូម​សិក្សា​ក្នុង កូរិនថូស ទី១ ៩:២៤–២៧; ម៉ូសាយ ៣:១៩; អាលម៉ា ៣៨:១២ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥ ប្រកប​ដោយ​ការអធិស្ឋាន ។ សូម​រកមើល​ប្រធានបទ « គុណធម៌ » និង « ព្រហ្មចារីភាព » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូម​សរសេរ​ពរជ័យ និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន នៅ​ពេល​អ្នក​អភិវឌ្ឍ​បាន​គុណ​លក្ខណៈ​ទាំងនេះ ។

  • សូម​ប្តូរ​គំនិត​នោះ​ចេញ ។ ព្យាយាម​កុំ​ខ្វល់​នឹង​គំនិត និង​អារម្មណ៍​ផ្លូវភេទ ឬ​មនោសញ្ចេតនា ។ ចាកចេញ​ពី​រឿង​នោះ ហើយ​ទៅ​ធ្វើ​អ្វី​ផ្សេង​វិញ ។ ព្យាយាម​សម្រាក ។ ច្រៀង​ទំ​នុក​តម្កើង ។ ទន្ទេញ​បទគម្ពីរ ហើយ​សូត្រ​វា​ឡើង​វិញ ។ ផ្ដោត​លើ​អ្វី​ដែល​អ្នក​មាន​អំណរគុណ ។ គិត​ពី​ផែនការ​សម្រាប់​ថ្ងៃ​នោះ ។ ហាត់​ប្រាណ ។ តាំង​ចិត្ត​ធ្វើ​ការងារ​ជា​ថ្មី ។ រីករាយ ហើយ​មាន​ភាព​ច្នៃ​ប្រឌិត ។

  • ចៀសវាង​ពីការល្បួង ។ ចៀសវាង​ពី​ទីកន្លែង កាលៈទេសៈ ការសន្ទនា ឬ​មនុស្ស​ដែល​បង្ក​ឲ្យ​មាន​ការ​ល្បួង ។ ប្រសិន​បើ​អ្នកបានគិត​ពី​រូបភាព ឬ​គំនិត​ដែល​បង្កហេតុ សូម​កុំ​គិត​ពី​វាទៀត ។ ប្តូរ​គំនិត​ទៅ​គិត​រឿង​ផ្សេង​វិញ ។ ចេញពី​ស្ថានភាព​នោះ​ឲ្យ​បានឆាប់​តាម​ដែល​អាចធ្វើបាន ។

  • បន្ត​មាន​សេចក្ដីសង្ឃឹម និង​សេចក្ដី​ជំនឿ ។ ប្រសិនបើ​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ នោះព្រះ​នៅតែ​ស្រឡាញ់​អ្នក​ដដែល ។ សូម​កុំ​បោះបង់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ដោយសារ​អ្នក​មាន​អារម្មណ៍​មិន​ស័ក្ដិសម​ឡើយ ។ ទោះបី​ជា​អ្នក​អាច​នឹង​ពិបាក​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ​ក្ដី ក៏​ទ្រង់​នឹង​មិន​បដិសេធ​អ្នក​ចោល​ដែរ ។ ទ្រង់​ជ្រាប​ពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់ ។ ទ្រង់​ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង រៀន​ពី​កំហុស ហើយ​ប្រែចិត្ត ។ ស្វែងរក​ដំបូន្មាន​ពី​ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ហើយ​បន្ត​ព្យាយាម​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ ។

  • សូម​កុំឲ្យ​ឃ្លានពេក ឯកោពេក អស់កម្លាំងពេក ធុញទ្រាន់ពេក ឬ​តានតឹងពេក ។ រឿង​ទាំង​ប៉ុន្មាន​នេះ​អាច​ធ្វើឲ្យ​កាន់តែ​ពិបាក​ដើម្បី​ទប់ស្កាត់​ការល្បួង ។ ទទួល​ទាន​អាហារ​សម្រន់ ។ សម្រាក​ពីកិច្ច​ការ​ដែល​អ្នក​កំពុង​ធ្វើ​បន្តិច ឬ​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត​មួយរយៈ ។ មាន​ការសន្ទនា​ល្អៗ ឬ​អនុវត្ត​លំហាត់​ប្រាណ​សម្រាក​តាម​លំដាប់​កើនឡើង ( សូម​មើល លំហាត់​ប្រាណ​សម្រាក​តាម​លំដាប់​កើនឡើង ) ។

  • រក្សា​ខ្លួន​អ្នក​ឲ្យ​មាន​សុវត្ថិភាព ។ យល់​ច្បាប់ និង​គោលការណ៍​ណែនាំ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​សង្គម​ជាមួយអ្នកដទៃ ដែល​អនុវត្ត​ចំពោះ​អ្នក ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មាន​អារម្មណ៍​ផ្លូវភេទ​ចំពោះ​នរណាម្នាក់ នោះ​សូម​ទាក់ទង​ទៅ​ប៊ីស្សព ឬ​ប្រធាន​ស្តេក ហើយ​សូម​ដំបូន្មាន​ពី​គាត់ ។

  • តមអាហារ ហើយ​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការ​យល់ដឹង និង​ភាពរឹងមាំ ។ នៅពេល​អ្នក​តមអាហារ អ្នកមិន​អើពើ​នឹង​ការ​ស្រេកឃ្លាន​អាហារ​ដែលមាន​សុខភាព​ល្អ​ធម្មតា​របស់អ្នក​ឡើយ ។ អ្នក​ធ្វើ​បែប​នេះ​មួយ​រយៈ​ពេល ដើម្បី​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ។ ការតម​អាហារ​អាច​អភិវឌ្ឍ​ជំនាញ​នានា ដូចជា​ការមាន​ម្ចាស់ការ​លើ​ខ្លួន​ឯង និង​ការ​ស្តាប់​តាម​ព្រះវិញ្ញាណ ( សូមមើល អេសាយ ៥៨:៦ ) ។ វាអាច​ជួយ​អ្នកឲ្យ​យល់ចិត្ត​មនុស្ស​ដែល​ស្រេក​ឃ្លាន ។ ជំនាញ​ដដែល​នេះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​លើ​អារម្មណ៍​ផ្លូវភេទ ឬ​មនោសញ្ចេតនា​ធម្មតា​ក្នុងនាមជា​អ្នក​ផ្សព្វផ្សាយ​សាសនា​តាម​របៀប​ត្រឹមត្រូវ​ផងដែរ ។ ការតម​អាហារ​នឹង​មិនលុបបំបាត់​អារម្មណ៍​ផ្លូវ​ភេទទេ ។ ប៉ុន្តែ​ការតម​អាហារ​ប្រចាំខែ​អាចជួយ​ឲ្យ​អ្នកទទួលបាន​ភាពរឹងមាំ និង​ការមាន​សម្ឈជញ្ញៈ ។ វាអាច​ជំរុញ​អ្នក​ឲ្យ​គ្រប់គ្រង​លើ​អារម្មណ៍​ទាំងនេះ​បានត្រឹម​ត្រូវ ។

ធ្នើរដាក់​ឥវ៉ាន់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ជ. ការមាន​ម្ចាស់ការ​លើ​ការផ្លាស់ប្តូរ និង​ការប្រែប្រួល

  • ស្គាល់​ខ្លួន​ឯង ។ ការផ្លាស់ប្តូរ និង​ការប្រែប្រួល​ទាំងឡាយ​មាន​ការពិបាក​ខុសៗគ្នា​សម្រាប់​មនុស្ស​ផ្សេងៗ​គ្នា ។ ប្រសិនបើ​ការផ្លាស់ប្តូរ​វាពិបាក​សម្រាប់​អ្នក​ជាពិសេស សូម​ប្រាប់​ឲ្យ​អ្នក​ផ្សេង​ដឹង​ពីរបៀប​ដែល​ពួកគេ​អាច​ជួយ​អ្នក​បាន ។

  • សូម​គិត​អំពី​ការប្រែប្រួល​នានា​ដែល​អ្នក​ធ្លាប់​បាន​ជួប​ប្រទះ ។ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ? តើអ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​តស៊ូ​នៅពេល​នោះ ? ស្គាល់​ភាព​ជោគជ័យ និង​សមត្ថភាព​របស់​អ្នក ។ តើ​រឿង​ទាំងនោះ​អាច​ជួយ​អ្នក​នៅក្នុង​គ្រានេះ​បាន​យ៉ាង​ដូចម្តេច ? តើ​អ្នក​អាច​សាកល្បង​អ្វី​ខ្លះ​ទៀត ?

  • សូម​សរសេរ​មូលហេតុ ។ សូម​សរសេរ​ពី​អ្វី​ដែលអ្នកដឹង​អំពី​មូលហេតុ​ដែល​ការផ្លាស់ប្តូរ​នេះគឺ​ចាំបាច់ ។ សូម​ត្រឡប់​ទៅ​មើល​បញ្ជី​នេះ​ឡើងវិញ​ឲ្យបាន​ញឹកញាប់ ។ ការយល់ដឹង​អំពី​មូល​ហេតុ​នៃ​ការ​ផ្លាស់ប្តូរ​អាចជួយ​អ្នក​ឲ្យ​កាត់​បន្ថយ​អារម្មណ៍​ស្មុគស្មាញ​បាន ។

  • សូម​ចងចាំ​អ្វី​ដែល​មិន​បាន​ផ្លាស់ប្តូរ ។ ធ្វើបញ្ជី​នៃអ្វី​ដែលបាន​ផ្លាស់ប្តូរ និង​អ្វីដែល​មិនបាន​ផ្លាស់ប្តូរ ។ ព្យាយាម​បង្កើត​បញ្ជី​ទីពីរ​ឲ្យ​បាន​វែង​តាម​ដែល​អ្នក​អាច​ធ្វើបាន ។

  • ដាក់​ផែនការ ។ បង្កើត​ផែនការ​អំពី​វិធី​ដែល​ជួយខ្លួន​ឯង​ឲ្យ​មាន​ម្ចាស់ការ​លើ​ការផ្លាស់​ប្តូរ ។ សរសេរ​ជំហាន​ទាំងឡាយ​នៃ​ផែនការ​របស់អ្នក ។ និយាយ​ជាមួយ​អ្នក​ដទៃ​ដែល​ស្គាល់​អ្នកច្បាស់ ។ ពួកគេ​អាច​គាំទ្រ​អ្នក​បាន កាល​អ្នក​អនុវត្ត​តាម​ផែនការ​របស់​អ្នក ។

  • សូម​គិត​ពីរបៀប​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ ។ ធ្វើ​បញ្ជី​ពី​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់ ។ អានអត្ថបទ​ទាំងនេះ​មុនពេល ក្នុង​អំឡុង​ពេល និង​ក្រោយ​ការផ្លាស់​ប្តូរ ។

  • សូម​ធ្វើ​មួយ​ជំហាន​ម្ដងៗ ។ នៅពេល​អ្នក​កំពុង​ប្រឈមមុខ​នឹង​ការផ្លាស់​ប្តូរ​ដ៏ធំ​មួយ សូម​ចងចាំ ៖ អ្នកមិន​ចាំបាច់​ដោះស្រាយ​គ្រប់យ៉ាង​ក្នុងពេល​តែមួយ​នោះទេ ។ តើអ្វី​ជាការ​សម្រេចចិត្ត​ដំបូង​ដែល​អ្នក​ត្រូវធ្វើ ? តើ​អ្វី​ជា​ជំហាន​ដំបូង ? តើ​អ្វី​ជា​ជំហាន​បន្ទាប់ ?