« ៣. ការអភិវឌ្ឍភាពធន់ខាងសតិអារម្មណ៍ » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ៣. ការអភិវឌ្ឍភាពធន់ខាងសតិអារម្មណ៍ » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
៣. ការអភិវឌ្ឍភាពធន់ខាងសតិអារម្មណ៍
ការរំជួលចិត្តខ្លាំងដូចជាការភ័យខ្លាច និងការព្រួយបារម្ភជួយយើងឲ្យដឹងថា យើងមានភាពតានតឹងខ្លាំង ។ សូមអាន « ១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » ដើម្បីទទួលបានយោបល់ទាំងស្រុងស្តីពីការគ្រប់គ្រងលើការទាមទារខាងសតិអារម្មណ៍ ។ លើសពីនេះទៅទៀត មតិយោបល់នៅខាងក្រោមនេះអាចជួយជាមួយនឹងអារម្មណ៍មួយចំនួនបាន ។ ប្រសិនបើអ្នកចាប់ផ្ដើមមានអារម្មណ៍ថាលើសលុប ឬមានអារម្មណ៍ដូច្នេះជាយូរមកហើយ សូមជួបជាមួយឪពុកម្ដាយ ឬថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នកដើម្បីស្វែងរកជំនួយពីអ្នកជំនាញ ។
ក. ការសម្របខ្លួនទៅនឹងការចាត់តាំងថ្មី
-
សូមមើលហេតុផលរបស់អ្នកឡើងវិញ សម្រាប់ការមកបម្រើបេសកកម្ម ។ សូមគិតថា បេសកកម្មរបស់អ្នកគឺជាអំណោយទាននៃការដឹងគុណដែលអ្នកអាចថ្វាយព្រះអង្គសង្គ្រោះបាន ។ សូមសរសេរពរជ័យរបស់អ្នក ។ រំឭកខ្លួនឯងពីអ្វីដែលថ្នាក់ដឹកនាំ និងមនុស្សជាទីស្រឡាញ់របស់អ្នកនឹងប្រាប់អ្នកពីការបម្រើបេសកកម្មរបស់អ្នក ។
-
មានចិត្តអត់ធ្មត់ ។ ជាទូទៅ វាចំណាយពេលប្រហែលជាប្រាំមួយសប្ដាហ៍ដើម្បីចាប់ផ្ដើមសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីមួយ ។ សូមផ្អាកធ្វើការសម្រេចចិត្តណាមួយ រហូតដល់អ្នកផ្ដល់ពេលវេលាឲ្យខ្លួនឯងដើម្បីសម្របខ្លួនសិន ។ សូមធ្វើមួយថ្ងៃម្ដងៗ ។
-
ដាក់តាំងរូបភាពដែលលើកទឹកចិត្ត ។ ចុះផ្សាយបទគម្ពីរ សម្រង់ពាក្យសំដី ឬរូបភាពដែលជួយអ្នកឲ្យចងចាំពីតម្លៃរបស់អ្នក ។ វានឹងជួយអ្នកឲ្យផ្តោតលើការបម្រើ និងបំណងប្រាថ្នាដ៏សុចរិតរបស់អ្នក ។
-
សូមមើលបទគម្ពីរ និងដំណើររឿងដែលលើកស្ទួយ ។ សូមចងក្រងបទគម្ពីរ បទពិសោធន៍ផ្ទាល់ខ្លួន សម្រង់ពាក្យសំដី និងដំណើររឿងគ្រួសារដែលជួយបំផុសគំនិតអ្នក ។ នៅពេលអ្នកអានខគម្ពីរដែលលើកស្ទួយ សូមជំនួសឈ្មោះរបស់អ្នកនៅក្នុងនោះ ។ អ្នកអាចសាកល្បងជំនួសឈ្មោះរបស់អ្នកនៅក្នុងខគម្ពីរទាំងនេះដូចជាក្នុង ៖ សុភាសិត ៣:៥–៦; នីហ្វៃទី២ ៤:២៨–៣៥; ម៉ូសាយ ២៤:១៣–១៤; អាលម៉ា ៣៦:៣; ហេលេមិន ៥:១២; គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ ៤, ៦ និង ៣១ ។ ( សូមមើលផងដែរ « សេចក្តីវេទនា » នៅក្នុង ពិតចំពោះសេចក្ដីជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ១៩៥–១៩៩ ) ។
-
សូមមើលពររបស់លោកអយ្យកោរបស់អ្នកឡើងវិញឲ្យបានញឹកញាប់ដើម្បីទទួលបានការណែនាំ ។ សូមស្វែងរកវិធីដែលអំណោយទាន និងកម្លាំងរបស់អ្នកអាចចូលរួមចំណែកក្នុងកិច្ចការនេះ ។
ខ. ការយកឈ្នះលើអារម្មណ៍សោកសៅ ឬបាក់ទឹកចិត្ត
-
កុំពន្យារពេល ។ ការពន្យារពេលអាចនាំឲ្យមានភាពតានតឹង ។ សូមបំបែកកិច្ចការធំៗទៅជាបំណែកតូចៗ ។ ចាប់ផ្តើមកិច្ចការមួយផ្នែកម្តងៗ ។ សូមរំឭកខ្លួនឯងថា « អ្វីៗទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលឥឡូវនេះគឺ » ឬ « ខ្ញុំនឹងធ្វើកិច្ចការនេះតែប៉ុន្មាននាទីប៉ុណ្ណោះ រួចហើយសម្រាក បើខ្ញុំចង់សម្រាក » ។
-
ស្ដាប់តន្ត្រី ឬច្រៀង ។ ជ្រើសរើសតន្ត្រីដែលស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ ប្រសិនបើអ្នកមានការថប់បារម្ភ ។ តន្ត្រីដែលមានចង្វាក់ញាប់ និងសប្បាយៗអាចជួយអ្នកបាន ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ។ ( ត្រូវប្រាកដថាអ្នកមិនពាក់កាសត្រចៀកអំឡុងពេលធ្វើការងាររបស់អ្នកទេ លុះត្រាតែមានការអនុញ្ញាត ) ។
-
សូមអនុញ្ញាតឲ្យអ្វីដែលអ្នកពុំអាចគ្រប់គ្រងបានរសាយទៅ ។ អ្នកមិនអាចគ្រប់គ្រងអតីតកាល ឬជម្រើស ឬបុគ្គលិកលក្ខណៈរបស់អ្នកដទៃបានឡើយ ។ អ្នកក៏មិនអាចគ្រប់គ្រងដែនកំណត់ផ្ទាល់ខ្លួនរបស់អ្នកមួយចំនួនបានដែរ ។ ផ្ដោតលើកិច្ចការអ្វីមួយដែលអ្នកអាចធ្វើបាន ។ ទុកអ្វីដែលនៅសេសសល់ឲ្យព្រះអម្ចាស់ ។
-
ទទួលយកភាពពិតថា ទម្លាប់ខ្លះគួរឲ្យធុញទ្រាន់ណាស់ ។ ជីវិតពុំមែនសុទ្ធតែពោរពេញដោយរឿងមានន័យ ហើយរំភើបរីករាយជានិច្ចនោះទេ ។ ចូរចៀសវាងពីការបង្កើតឆាកល្ខោន ប្រើកម្លាំង ឬធ្វើឲ្យមានជម្លោះដើម្បីដោះស្រាយនឹងភាពអផ្សុក ។ ជំនួសមកវិញ សូមដឹងគុណ និងរីករាយជាមួយអ្វីដែលល្អៗនៅជុំវិញអ្នក ។ រកមើលវិធីនានាដើម្បីកែលម្អ និងបម្រើ ។
-
ហ្វឹកហាត់ខួរក្បាលរបស់អ្នកដើម្បីស្វែងរកភាពវិជ្ជមាន ។ ផ្ដោតទៅលើភាពវិជ្ជមានដែលនៅជុំវិញអ្នក ។ សូមចំណាយពេលពីរបីនាទីរាល់យប់ដើម្បីសរសេរ ឬចែកចាយចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះ ៖
-
តើអ្វីដែលជាការភ្ញាក់ផ្អើលដ៏រីករាយក្នុងថ្ងៃនេះ ? តើនរណាបានជួយឲ្យរឿងនេះកើតឡើង ហើយតើពួកគាត់បានធ្វើរឿងនោះដោយរបៀបណា ?
-
តើព្រះបានជួយខ្ញុំដូចម្តេចខ្លះនៅថ្ងៃនេះ ?
-
តើរឿងថ្មីបីយ៉ាងដែលខ្ញុំមានអំណរគុណនៅថ្ងៃនេះមានអ្វីខ្លះ ?
-
តើខ្ញុំអាចចងចាំ និងមានអំណរគុណចំពោះរឿងទាំងនេះបានយ៉ាងដូចម្តេច ?
-
តើនរណាបានជួយខ្ញុំ ឬតើខ្ញុំបានជួយនរណាក្នុងថ្ងៃនេះ ?
-
តើនៅពេលណាក្នុងថ្ងៃនេះ កាលខ្ញុំប្រថុយគ្រោះថ្នាក់ដែលជួយឲ្យខ្ញុំរីកចម្រើន ? តើខ្ញុំត្រូវរៀនអ្វីអំពីគ្រោះថ្នាក់នេះ ? តើការណ៍នេះអាចជួយខ្ញុំឲ្យកាន់តែប្រសើរជាងនេះនៅថ្ងៃអនាគតដោយរបៀបណា ?
-
តើថ្ងៃនេះខ្ញុំទទួលបានជោគជ័យលើកិច្ចការដ៏លំបាកនៅពេលណា ? តើខ្ញុំបានធ្វើវាដោយរបៀបណា ? តើខ្ញុំអាចអបអរដោយរបៀបណា ?
-
-
សូមសាកល្បងគំនិតរបស់អ្នក ។ ការព្រួយបារម្មណ៍ និងភាពសោកសៅអាចកែប្រែលំនាំនៃការគិតរបស់អ្នកបាន ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍អវិជ្ជមាន សូមសួរខ្លួនឯងថា
-
តើមានអ្វីដែលគាំទ្រដល់សេចក្តីពិតនៃអ្វីដែលខ្ញុំកំពុងគិតដែរឬទេ ?
-
តើនេះជាអ្វីដែលព្រះអង្គសង្គ្រោះមានព្រះទ័យឲ្យខ្ញុំគិត ឬទទួលអារម្មណ៍ឬ ?
-
តើគំនិតទាំងអស់នេះគឺគ្មានអ្វីក្រៅពី—ខ្មៅ ឬ ស ឈ្នះ ឬចាញ់ ពិតឬមិនពិត មែនទេ ?
-
តើគំនិតបែបនេះផ្តល់ប្រយោជន៍អ្វីដល់ខ្ញុំ ?
-
តើគំនិតទាំងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍បែបណា ?
-
តើខ្ញុំដឹងអ្វីខ្លះអំពីខ្លួនឯង និងអ្នកដទៃដែលប្រាប់ខ្ញុំថា ការណ៍នេះមិនមែនជាការពិតទេ ?
-
តើខ្ញុំនឹងប្រាប់មិត្តជិតស្និទ្ធរបស់ខ្ញុំបែបណា បើពួកគេមានគំនិតបែបនេះ ?
-
-
ស្វែងរករឿងដែលធ្វើឲ្យរីករាយ ។ ខណៈផ្តល់ការគោរពចំពោះការហៅរបស់អ្នក នោះអ្នកក៏ត្រូវស្វែងរកការលេងសើចខ្លះដែរ ។ រីករាយនឹងសម្រស់នៃពិភពលោកនេះ ហើយសម្គាល់មើលសេចក្ដីល្អពីអ្នកដទៃ ។ ចូររីករាយក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងជីវិតរបស់អ្នក ។
-
សូមធ្វើកិច្ចការគ្រឹះដូចជា ៖ ការអធិស្ឋាន សិក្សាព្រះគម្ពីរ និងធ្វើការបម្រើ ។ ពេលអានព្រះគម្ពីរ សូមចៀសវាងកុំវិនិច្ឆ័យខ្លួនឯងខ្លាំងពេក ។ សូមផ្ដោតលើផ្នែកដែលអនុវត្តខ្លាំងបំផុតចំពោះអ្នក ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់របស់ព្រះ ។
-
សូមអាន អាលម៉ា ២៦ ហើយស្វែងរកនូវអ្វីដែលអាំម៉ូនបានធ្វើ នៅពេលលោកបាក់ទឹកចិត្ត ។ សូមអានផងដែរក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:២ ហើយសូមកត់សម្គាល់ពីរបៀបដែលយ៉ូសែប ស្ម៊ីធ ពុំបណ្ដោយឲ្យខ្លួនលោកបាក់ទឹកចិត្ត ។ កុំខ្វល់ខ្វាយពីការព្រួយបារម្ភ ដែលអាចបង្កើតជាវដ្តដ៏កាចសាហាវ ។ វាជាការធម្មតាទេដែលយើងមានពេល បាក់ទឹកចិត្ត តានតឹង ឬឯកានោះ ។ ភាគច្រើន អារម្មណ៍ទាំងនេះនឹងរសាយបាត់ទៅវិញ ។
-
សូមយកចិត្តទុកដាក់លើការធ្វើលំហាត់ប្រាណ និងការទទួលទានដំណេក ។ ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ជាពិសេសក្នុងការគ្រប់គ្រងការភ័យខ្លាច និងការព្រួយបារម្ភ ។ ទោះបីអ្នកមិនចូលចិត្តហាត់ប្រាណក្តី ក៏វាអាចជួយអ្នកឲ្យមានអារម្មណ៍ល្អ និងមានគំនិតច្នៃប្រឌិតជាងមុនដែរ ។ សូមចាប់ផ្តើមតិចៗ ហើយបង្កើនឡើងបន្តិចម្តងៗ ។ ការចូលដំណេកនៅម៉ោងដដែលរាល់យប់ និងការទទួលដំណេកបានគ្រប់គ្រាន់គឺជារឿងសំខាន់ផងដែរ ។
-
សូមនិយាយជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្ម ។ ចែករំលែកអារម្មណ៍របស់អ្នកជាមួយនរណាម្នាក់ដែលបារម្ភពីអ្នក ។ អ្នកនឹងមានអារម្មណ៍កាន់តែល្អនៅពេលអ្នកយល់ថា មាននរណាម្នាក់ដឹង និងយកចិត្តទុកដាក់ចំពោះអ្នក ។ អ្នកនឹងទទួលបានទស្សនវិស្ស័យថ្មីមួយ ។ បុគ្គលនេះប្រហែលជាគ្រាន់តែស្តាប់ ឬប្រហែលជាអាចផ្តល់យោបល់ដែលអ្នកអាចសាកល្បងបាន ។
-
សូមជួបជាមួយអ្នកមានជំនាញ ។ តើភាពសោកសៅរបស់អ្នកមានរយៈពេលជាងពីរបីសប្តាហ៍ហើយឬ ? តើវារំខានជីវិតរបស់អ្នកដែរឬទេ ? ជារឿយៗអ្នកផ្ដល់ការប្រឹក្សាដែលមានជំនាញអាចជួយបាន ។ ពេលខ្លះការមានចិត្តសោកសៅឥតឈប់ឈរគឺបណ្តាលមកពីស្ថានភាពសុខភាពដូចជាជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹកនោមផ្អែមជាដើម ។ ជំងឺទាំងនេះត្រូវតែព្យាបាលដោយវេជ្ជបណ្ឌិត ។ នៅពេលខ្លះ ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តអាចជួយអ្នកឲ្យមានអារម្មណ៍ល្អប្រសើរឡើងវិញបានដែរ ។
-
ត្រូវសុំជំនួយប្រសិនបើអ្នកមានអារម្មណ៍ចង់ធ្វើអត្តឃាត ។ តើនៅពេលខ្លះអ្នកធ្លាប់ងឿងឆ្ងល់ថា តើជីវិតមានតម្លៃឲ្យរស់នៅដែរឬទេ ? តើអ្នកមានអារម្មណ៍ចង់ធ្វើបាបខ្លួនឯងតាមមធ្យោបាយណាមួយដែរឬទេ ? តើពេលខ្លះអ្នកធ្លាប់គិតថាសេចក្តីស្លាប់ប្រសើរជាងនៅរស់ដែរឬទេ ? គំនិតបែបនេះមិនមែនរឿងធម្មតាទេ ។ ប្រសិនបើគំនិតទាំងនេះធ្វើឲ្យអ្នកខូចចិត្ត ហើយនៅតែបន្តកើតមានជាច្រើនថ្ងៃ សូមកុំរង់ចាំ ។ សូមនិយាយប្រាប់នរណាម្នាក់អំពីរឿងនោះ ហើយសុំជំនួយ ។ សុំជំនួយ ជាពិសេសប្រសិនបើអ្នកចាប់ផ្តើមមានផែនការចង់បញ្ចប់ជីវិតរបស់ខ្លួនឯង ។
គ. ការយកឈ្នះលើអារម្មណ៍រិះគន់ខ្លួនឯង
-
ផ្តោតទៅលើអ្វីដែលអ្នកធ្វើត្រឹមត្រូវ ហើយចៀសវាងពីការប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សដទៃ ។ បុគ្គលដែលមានការរំពឹងទុកខ្ពស់ពីខ្លួនឯងអាចផ្ដោតខ្លាំងពេកទៅលើចំណុចខ្សោយ និងការបរាជ័យរបស់ខ្លួនឯង ។ ដូច្នេះ ជំនួសឲ្យការកែលម្អ នោះពួកគេប្រហែលជាទទួលបានអារម្មណ៍អស់សង្ឃឹម ។ ពេលអានព្រះគម្ពីរ សូមផ្ដោតលើខគម្ពីរណាដែលអនុវត្តចំពោះអ្នកបំផុត ។ អ្នកគឺជាអ្នកបម្រើជាទីស្រឡាញ់របស់ព្រះ ។ សូមរកមើលភស្តុតាងនៃការអត់ធ្មត់ ព្រះគុណ សេចក្តីសង្ឃឹម និងសេចក្តីមេត្តាករុណារបស់ព្រះ ។ ទ្រង់ប្រទានពរជ័យទាំងនេះដល់អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយមានបំណងបម្រើទ្រង់ ។
-
សូមនិយាយអ្វីដែលវិជ្ជមានមកកាន់ខ្លួនអ្នក ។ សូមមើល « ការតតាំងនឹងការគិតអវិជ្ជមាន » ។
-
សូមដឹងថា អ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺមិនអាចលើសពីមធ្យមភាគបានឡើយ ។ អ្នកចង់ខិតខំធ្វើការដើម្បីកែលម្អឲ្យបានប្រសើរឡើង ហើយអ្នកប្រហែលជាពូកែក្នុងរឿងអ្វីផ្សេង ។ ប៉ុន្តែអ្នកមិនអាចធ្វើល្អលើសមធ្យមភាគចំពោះអ្វីដែលអ្នកបានធ្វើនោះទេ ។ នេះគ្រាន់តែជាហេតុផលផ្នែកគណិតវិទ្យាប៉ុណ្ណោះ មិនមែនជាមូលហេតុដែលត្រូវបារម្ហនោះទេ ។
-
សូមដាក់ពិន្ទុបន្ថែមឲ្យខ្លួនឯង ។ សូមដាក់ពិន្ទុបន្ថែមឲ្យខ្លួនឯងសម្រាប់ការធ្វើអ្វីមួយដែលអ្នកធ្វើមិនបានល្អ ឬមិនចូលចិត្តធ្វើ ។ សូមចងចាំថា ទោះបីជាអ្នកធ្វើកិច្ចការទាំងនេះមិនបានល្អឥតខ្ចោះក៏ដោយ ក៏អ្នកនៅតែធ្វើវាបានដដែល ។ នៅពេលអ្នកធ្វើកិច្ចការទាំងនេះបានកាន់តែប្រសើរឡើង នោះអ្នកអាចរកឃើញថា អ្នករីករាយនឹងកិច្ចការទាំងនោះ ។ ប៉ុន្តែដើម្បីឈានទៅដល់ចំណុចនោះ វាត្រូវការពេលវេលា និងការអនុវត្ត ការគាំទ្រ និងបទពិសោធន៍នានា ។
-
សូមរៀនបង្អន់សិន ។ បង្វែរការយកចិត្តទុកដាក់របស់អ្នកចេញពីគំនិតក្នុងចិត្តរបស់អ្នក ហើយសូមរៀនបង្អន់សិន ។ ត្រូវទទួលស្គាល់ថាអ្នកកំពុងមានគំនិតរិះគន់ខ្លួនឯង ។ ប៉ុន្តែគំនិតទាំងនេះមិនតំណាងឲ្យបុគ្គលដែលជារូបអ្នកពិតប្រាកដនោះទេ ។ ( សូមមើលផងដែរ « ការឆ្លើយតបយ៉ាងវិជ្ជមានចំពោះភាពតានតឹង » ) ។
-
សូមធ្វើតាមគោលដៅធំៗម្ដងមួយឬពីរ ។ ចៀសវាងការព្យាយាមកែលម្អអ្វីៗជាច្រើននៅក្នុងជីវិតរបស់អ្នកម្ដងទាំងអស់ ។ កិច្ចការទាំងនេះអាចលើសលប់ និងដឹកនាំទៅរកអារម្មណ៍នៃការបរាជ័យ ។
-
ទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ដែនកំណត់ និងភាពខ្វះខាតរបស់យើងមិនមែនជាអំពើបាបទេ ។ ជាធម្មតា វាមិនអាចរារាំងយើងពីភាពស្អាតស្អំ និងភាពស័ក្តិសមដើម្បីទទួលព្រះវិញ្ញាណបានឡើយ ។ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីឲ្យយើងអាចបានរឹងមាំ លើកតម្កើង និងអភ័យទោស ។ ព្រះចេស្តារបស់ព្រះអង្គសង្គ្រោះជួយយើងឲ្យយកឈ្នះលើភាពទន់ខ្សោយ និងអំពើបាបរបស់យើង ។
-
កត់ត្រាអ្វីដែលបានបំផុសគំនិតនៅក្នុងសៀវភៅសិក្សា ឬសៀវភៅរៀបចំផែនការ ។ អ្នកអាចកត់ត្រា ៖
-
បទគម្ពីរដែលចូលចិត្ត ។
-
គោលដៅទាំងឡាយដែលអ្នកចង់សម្រេចបាន ។
-
ដំណើររឿងផ្ទាល់ខ្លួន ឬគ្រួសារដែលក្រោកចេញពីឧបសគ្គ ឬការលំបាកយ៉ាងឆាប់រហ័ស ។
-
-
សូមស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ មិនមែនស្តាប់តាមភាពអវិជ្ជមាននោះទេ ។ ប្រសិនបើអ្នកមានគំនិតប្រមាថមើលងាយ នោះវាមិនមែនមកពីព្រះអម្ចាស់ទេ ។ សូម្បីតែគ្រាន់តែមានគំនិតចំអក ខឹងសម្បារ បញ្ឈឺចិត្ត ឬរិះគន់ក្តី ។ ការរអ៊ូរទាំ និងការប្រើឈ្មោះប្រមាថក៏មិនមែនមកពីព្រះអម្ចាស់ដែរ ។ ប្រសិនបើអ្នកមានគំនិតបែបនេះ សូមព្យាយាមសរសេរវាលើក្រដាស ។ បន្ទាប់មក សូមហែកក្រដាសនោះចោល ។ ឬសរសេរគំនិតទាំងនោះឡើងវិញម្តងមួយៗ ដើម្បីឲ្យវាថ្លែងពីគំនិតពិត និងវិជ្ជមាន ។ សូមបន្ថែមសេចក្តីថ្លែងការណ៍ដ៏ស្មោះត្រង់ និងពេញដោយក្តីស្រឡាញ់អំពីព្រះទ័យរបស់ព្រះអម្ចាស់ចំពោះអ្នក ។ សូមនិយាយឮៗ ៖ « ព្រះគ្រីស្ទគឺជាអង្គគាំទ្ររបស់ខ្ញុំ ។ ទ្រង់តែងតែស្រឡាញ់ខ្ញុំ និងជឿលើខ្ញុំ » ។
-
សូមស្វែងរកការប្រឹក្សាល្អៗ ។ សូមឲ្យថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នក និងអ្នកផ្សេងទៀតជួយអ្នកឲ្យដឹងថា តើអ្នកកំពុងព្យាយាមល្មមគ្រប់គ្រាន់ហើយឬនៅ ។ សួរពួកគាត់ថាតើអ្នកកំពុងព្យាយាមខ្លាំងពេកឬទេ ។ សូមទទួលយកដំបូន្មានពីពួកគាត់ ។ មនុស្សដែលពូកែរិះគន់ខ្លួនឯងភាគច្រើនមិនពូកែបែងចែករវាង ការព្យាយាមខិតខំគ្រប់គ្រាន់ និងការព្យាយាមខ្លាំងពេកនោះទេ ។
ឃ. ការយកឈ្នះលើអារម្មណ៍អន្ទះសា ឬការគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់
-
សូមរីករាយនឹងធ្វើជាអ្នកជើងថ្មីម្នាក់ នៅពេលអ្នកថ្មីក្នុងកិច្ចការអ្វីមួយ ។ អ្នកមិនត្រូវបានគេរំពឹងថាជាអ្នកមានជំនាញភ្លាមៗពេលដែលអ្នកកំពុងរៀនធ្វើអ្វីមួយនោះទេ ។ ការចង់ដឹង ចាប់អារម្មណ៍ រាបសា និងមានបំណងដើម្បីសាកល្បង គឺវាគ្រប់គ្រាន់ហើយ ។ ចូររីករាយក្នុងការរៀនអ្វីដែលថ្មី !
-
រីករាយនឹងអ្វីដែលអ្នកអាចធ្វើបាន ហើយព្រះនឹងធ្វើឲ្យមានការផ្លាស់ប្តូរបាន ។ ពេលខ្លះពួកអ្នកផ្សព្វផ្សាយសាសនាមានអារម្មណ៍ថាឥតប្រយោជន៍ ឬខ្មាសអៀន នៅពេលដែលអ្នកផ្សេងទៀតហាក់ដូចជាជោគជ័យខ្លាំងជាងពួកគេនោះ ។ សាតាំងល្បួងយើងឲ្យសង្ស័យខ្លួនឯង ឬប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ។ សូមចងចាំថា នេះជាកិច្ចការរបស់ព្រះ ហើយទ្រង់ជ្រើសរើសមនុស្សទន់ខ្សោយ និងសាមញ្ញឲ្យធ្វើកិច្ចការនេះ ។ ទ្រង់បានជ្រើសរើសអ្នក ! ចូរទុកចិត្តទ្រង់ ដ្បិតទ្រង់ទុកចិត្តអ្នក ។
-
សូមគិតពីភាពជោគជ័យ ។ ការព្រួយបារម្ភអំពីអ្វីដែលអាចនឹងធ្វើខុសអាចជាវិធីបង្វឹកសតិអារម្មណ៍ដែលនាំឲ្យបរាជ័យ ។ ជំនួសឲ្យការព្រួយបារម្ភ សូមព្យាយាមឲ្យសតិអារម្មណ៍របស់អ្នកគិតតែលទ្ធផលវិជ្ជមាន ។ សូមកុំបារម្ភពីអ្វីដែលអាចនឹងកើតឡើង ។ ផ្ទុយទៅវិញ ត្រូវរៀបចំផែនការដើម្បីសម្រេចជោគជ័យ ។ ប្រសិនបើកិច្ចការទាំងឡាយពុំបានកើតឡើងដូចអ្វីដែលអ្នកសង្ឃឹមទុកទេ សូមស្រមៃថា ខ្លួនអ្នកកំពុងរៀនពីឧបសគ្គនោះ ។ សូមគិតថាខ្លួនអ្នកកំពុងឆ្ពោះទៅមុខ ។
-
យ៉ាងណាក៏ដោយត្រូវរស់នៅតាមតម្លៃរបស់អ្នក ។ អ្នកមិនចាំបាច់បំភ្លេចចោលការព្រួយបារម្ភ ឬការភ័យខ្លាចឡើយ ។ អ្នកនៅតែអាចរស់នៅក្នុងជីវិតដ៏រីករាយបានដដែល ។ អ្នកអាចជ្រើសរើសរស់នៅតាមតម្លៃរបស់អ្នក ទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពនៃការព្រួយបារម្ភ និងភ័យខ្លាចក៏ដោយ ។ អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបានឡើយ ។ ប៉ុន្តែសូមគិតអំពីកិច្ចការមួយ ឬពីរ ដែលអ្នកអាចធ្វើបាន ដើម្បីរស់នៅទៅតាមតម្លៃរបស់អ្នក ។ រៀបចំផែនការពីរបៀបដែលអ្នកអាចបម្រើអ្នកដទៃ ឬបង្ហាញភាពក្លាហាននៅក្នុងស្ថានភាពដែលធ្វើឲ្យអ្នកព្រួយបារម្ភ ។
-
សូមកុំព្យាយាមគ្រប់គ្រងអ្វីដែលអ្នកពុំអាចគ្រប់គ្រងបានឡើយ ។ ការព្យាយាមគ្រប់គ្រងអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន ធ្វើឲ្យអ្នកមានអារម្មណ៍ថាវារឹតតែពិបាកគ្រប់គ្រង ។ ការធ្វើបែបនេះគឺកាន់តែធ្វើឲ្យការព្រួយបារម្ភរបស់អ្នកកាន់តែកើនឡើង ។ ផ្ដោតកម្លាំងរបស់អ្នកទៅលើកិច្ចការអ្វីផ្សេងទៀតដែលអ្នកអាចធ្វើបាន ។
-
សូមសួរថា « តើរឿងដ៏អាក្រក់បំផុតអ្វីខ្លះទៅដែលអាចកើតមាន ? » ជារឿយៗមនុស្សរកឃើញថា លទ្ធផលដ៏អាក្រក់បំផុតដែលពួកគេអាចស្រមៃឃើញនោះ គឺជាអ្វីមួយដែលពួកគេអាចរស់នៅជាមួយបាន ។ បន្ទាប់មកពួកគេអាចបន្តទៅមុខទៀតបាន ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យយកឈ្នះវាបាន ដូច្នេះហើយអ្នកអាចមានអារម្មណ៍មិនសូវភ័យខ្លាច ។
-
សូមព្យាយាមបន្ថយល្បឿន ប្រសិនបើអ្នកមានទំនោរចង់ប្រញាប់ប្រញាល់ខ្លាំងពេក ។ ប្រសិនបើអ្នកមានចិត្តស្ងប់ជាងនេះ នោះអ្នកអាចនឹងកាន់តែមានប្រសិទ្ធភាព និងរីករាយជាងនេះបាន ។ ការបន្ថយល្បឿននឹងត្រូវការការអនុវត្ត ។ អ្នកនឹងត្រូវការវិធីដើម្បីរំព្ញកខ្លួនអ្នកឲ្យធ្វើកិច្ចការនេះ ។ សរសេរសារនៅលើកញ្ចក់ ឬលើជញ្ជាំងរបស់អ្នក ។ ដាក់សំឡេងរោទិ៍នៅលើទូរសព្ទរបស់អ្នក ។ ឬអធិស្ឋានជារៀងរាល់ព្រឹកទូលសូមជំនួយឲ្យចងចាំថាត្រូវបន្ថយល្បឿន ។ បន្ទាប់ពីបីបួនសប្តាហ៍មក សូមវាយតម្លៃពីការរីកចម្រើនរបស់អ្នក ។
-
កុំខ្វល់ខ្វាយពីការព្រួយបារម្ភ ។ ការព្រួយបារម្ភគឺជាផ្នែកធម្មតាមួយនៃមនុស្សគ្រប់គ្នា ។ ការព្រួយបារម្ភអំពីភាពភ័យខ្លាចរបស់អ្នកនឹងមិនអាចជួយអ្វីបានទេ ។ ការព្រួយបារម្ភជារឿងមិនសប្បាយចិត្ត ប៉ុន្តែវានឹងកន្លងផុតទៅ ។ នៅពេលអ្នកព្រួយបារម្ភ សូមអង្គុយស្ងៀមស្ងាត់ ហើយបណ្តោយឲ្យអារម្មណ៍នេះរសាត់បាត់ទៅ ។ ជារឿយៗមិនយូរប៉ុន្មាន វានឹងកាត់បន្ថយដោយខ្លួនឯង ។
-
កុំខ្លាចនឹងជួបឧបសគ្គនៅពេលអ្នកធ្វើកិច្ចការពិបាកៗ ។ ដើម្បីរស់នៅក្នុងជីវិតដ៏មានអត្ថន័យ នោះអ្នកត្រូវប្រថុយប្រថានខ្លះៗ ។ ពេលខ្លះ អ្នកត្រូវបោះជំហានចូលទៅក្នុងកិច្ចការដែលមិនស្គាល់ ។ កិច្ចការដែលសំខាន់បំផុតអាចពិបាក ប៉ុន្តែអ្នកអាចរៀនធ្វើវាបានតាមរយៈការអនុវត្ត ។ កុំទុកឲ្យការភ័យខ្លាចរារាំងអ្នកពីការធ្វើកិច្ចការពិបាកៗឡើយ ។ ហើយកុំព្យាយាមមើលទៅឧបសគ្គថាជាការបរាជ័យឡើយ ។ ការភ័យខ្លាច និងឧបសគ្គមានន័យថា អ្នកកំពុងទទួលយកកិច្ចការពិបាកៗ និងក្លាហាន ។
-
រក្សាបញ្ជីដំណើររឿងទាំងឡាយ ។ ចូរចងចាំ កត់ត្រា និងចែករំលែកដំណើររឿងទាំងឡាយ ។ ដំណើររឿងទាំងនេះអាចចេញមកពីជីវិតរបស់អ្នក ឬពីជីវិតរបស់មនុស្សដែលអ្នកកោតសរសើរ ។ ដំណើររឿងទាំងនេះគួរតែប្រាប់ពីរបៀបដែលមនុស្សបានបន្តទៅមុខ នៅពេលដែលជួបរឿងពិបាកៗ ឬគួរឲ្យភ័យខ្លាច ។ វាគួរតែប្រាប់ពីរបៀបដែលអ្នក ឬអ្នកផ្សេងទៀតបានឆ្លើយតបទៅនឹងឧបសគ្គ ឬការភ័យខ្លាចតាមរបៀបដែលអ្នកកោតសរសើរ ។ ជារឿយៗមនុស្សតែងតែធ្វើកិច្ចការតូចតាច និងសាមញ្ញ ដើម្បីបន្តទៅមុខ ឬបង្ហាញភាពក្លាហាន ។
-
ទទួលយកភាពមិនច្បាស់លាស់ ។ ពេលខ្លះមនុស្សមិនចង់រស់នៅក្នុងភាពមិនច្បាស់លាស់ ឬមិនពិតប្រាកដទេ ។ ពួកគេសុខចិត្តបរាជ័យជាជាងត្រូវប្រថុយប្រថាន ដោយមិនដឹងថាពួកគេនឹងជោគជ័យឬអត់នោះ ។ អ្នកមិនអាចដឹងថា តើថ្ងៃនេះអ្នកនឹងរស់នៅតាមគោលដៅ និងតម្លៃរបស់អ្នកបានល្អឥតខ្ចោះឬអត់នោះទេ ។ អ្នកមិនអាចដឹងពីបញ្ហាអ្វីដែលអ្នកអាចប្រឈមមុខនៅពេលអនាគតឡើយ ។ ប៉ុន្តែអ្នកអាចសម្រេចចិត្តនៅពេលនេះបានដើម្បីរស់នៅដោយក្តីក្លាហាន មានអំណរគុណ មានក្តីអាណិតអាសូរ និងចិត្តរាបសា ។ ឥឡូវនេះ អ្នកអាចរស់នៅស្របទៅតាមគោលដៅ និងក្តីសុបិនរបស់អ្នក ។ នោះជាអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន ហើយវាគ្រប់គ្រាន់ហើយ ។ ព្យាយាមបង្វែរខ្លួនអ្នកចេញពីការល្បួងនៃភាពអស់សង្ឃឹម និងការព្រួយបារម្ភ ។ ផ្តោតទៅលើទីនេះ និងពេលនេះ ។
-
បម្រើ ។ ពេលអ្នកបម្រើអ្នកដទៃ នោះអ្នកនឹងមិនសូវគិតពីខ្លួនឯងទេ ហើយអ្នកកាន់តែរីករាយ ។
ឃ. ការយកឈ្នះលើអារម្មណ៍ឆាប់ឆេវឆាវ ឬឆាប់ខឹង
-
សូមទុកពេលឲ្យខួរក្បាលរបស់អ្នកយកឈ្នះលើអារម្មណ៍របស់អ្នក ។ ខួរក្បាលរបស់អ្នកអាចផ្តល់ហេតុផល និងធ្វើការវិនិច្ឆ័យបានល្អ ។ ប្រសិនបើអ្នកខឹង ឬឆេវឆាវ សូមគេចចេញពីស្ថានភាពនោះពីរបីនាទីសិន ។ ដកដង្ហើមវែងៗ ហើយទុកពេលឲ្យខួរក្បាលរបស់អ្នកមានពេលពិចារណារ និងរកច្រកចេញ ។ អ្នកអាចរាប់ដល់ ១០ ហាត់ប្រាណ ចេញទៅក្រៅ ឬជ្រើសរើសគិតពីអ្វីដែលមានប្រយោជន៍ ។ អ្នកអាចស្តាប់តន្ត្រីស្ងប់ស្ងាត់ ធ្វើសមាធិ ឬអធិស្ឋានបាន ។
-
សូមកុំជំរុញខ្លួនឯងឲ្យមានកំហឹង ។ អ្នកអាចជ្រើសរើសមើលទៅអ្នកដទៃថាជាការគំរាមកំហែង អយុត្តិធម៌ ឬមិនគោរព ។ ប្រសិនបើដូច្នេះមែន នោះអ្នកទំនងជាមានអារម្មណ៍ឆាប់ខឹង ។ ផ្ទុយទៅវិញ ត្រូវមើលប្រសិនបើអ្នកអាចគិតពីការពន្យល់មួយដ៏សប្បុរសចំពោះអាកប្បកិរិយារបស់ពួកគេ ។ ប្រហែលជាពួកគេអស់កម្លាំង មិនបានដឹង មិនមានសុវត្ថិភាព ឬព្យាយាមជួយអ្នកក៏ថាបាន ។ សូមធ្វើការជ្រើសរើសយកការមិនបញ្ឆេះកំហឹង ។
-
សូមព្យាយាមយល់ពីចិត្តរបស់អ្នកដទៃ ។ សូមយកចិត្តទុកដាក់ពីអ្វីដែលអ្នកដទៃកំពុងគិត និងមានអារម្មណ៍ ។ សួរសំណួរពួកគេ ហើយស្តាប់ពួកគេដោយស្ងៀមស្ងាត់ និងដោយប្រុងប្រយ័ត្ន ។ ប្រាប់អ្នកដទៃពីអ្វីដែលអ្នកគិតអំពីអ្វីដែលអ្នកបានឮ ។ សួរថាតើអ្នកយល់ត្រឹមត្រូវឬទេ ។ ប្រសិនបើមិនត្រឹមត្រូវទេ សូមព្យាយាមម្ដងទៀត ។
-
សូមទប់ស្កាត់ការមាននិន្នាការស្ដីបន្ទោសមនុស្សដទៃ ឬខ្លួនឯង ។ ប្រសិនមានអ្វីមួយខុសឆ្គង សូមព្យាយាមស្វែងយល់ថាតើបញ្ហានោះជាអ្វី ។ សុំជំនួយពីអ្នកដទៃក្នុងការដោះស្រាយបញ្ហា ដោយមិនគិតថាជាកំហុសរបស់អ្នកណាឡើយ ។ ព្យាយាមកុំបន្ទោសនរណាម្នាក់ដែលបង្កបញ្ហានោះឡើយ ។
-
សូមមានឆន្ទៈដើម្បីសុំទោស ហើយសួរពីអ្វីដែលអ្នកអាចធ្វើបានដើម្បីធ្វើឲ្យរឿងទាំងឡាយបានត្រឹមត្រូវឡើងវិញ ។ ការសុំទោសជាសញ្ញាមួយនៃភាពរឹងមាំខាងវិញ្ញាណ ពុំមែនជាសញ្ញានៃភាពទន់ខ្សោយឡើយ ។ ពេលអ្នកធ្វើអ្វីមួយខុស សូមទទួលខុសត្រូវចំពោះកំហុសនោះ ។ សួរពីរបៀបដែលអ្នកអាចកែតម្រូវវាឡើងវិញបាន ឬចៀសវាងពីបញ្ហានាពេលអនាគត ។ បង្ហាញការយល់ចិត្តចំពោះអារម្មណ៍របស់អ្នកដទៃ ។
-
ត្រូវចេះអស់សំណើចពីខ្លួនឯង ។ ការដែលចេះអស់សំណើចពីខ្លួនឯងនឹងជួយឲ្យអ្នកស៊ូទ្រាំនឹងភាពស្មុគស្មាញក្នុងជីវិតបានកាន់តែប្រសើរ ។ ការលេងសើចដែលលើកស្ទួយអាចជួយកែលម្អអាកប្បកិរិយា ទំនាក់ទំនង និងសុខភាពរបស់យើង ។ ខណៈដែលវាមិនសមរម្យក្នុងការសើចសប្បាយគ្រប់ពេលវេលា តែមនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ពីការសើចសប្បាយ ។ នៅពេលអ្នកចាប់ផ្តើមខឹង សូមព្យាយាមអស់សំណើចខ្លួនឯង និងកំហឹងរបស់ខ្លួនឯង ។ ការអស់សំណើចពីខ្លួនឯងអាចជាថ្នាំព្យាបាលកំហឹង !
-
បម្រើដល់មនុស្សដែលអ្នកខឹង ។ សូមអនុវត្តតាមដំបូន្មានរបស់ព្រះអង្គសង្គ្រោះឲ្យ « ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ » ។ ទ្រង់មានបន្ទូលថា « ត្រូវឲ្យពរដល់អ្នកណា ដែលប្រទេចផ្ដាសាអ្នក ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ( នីហ្វៃទី៣ ១២:៤៤ ) ។ តើអ្នកអាចបម្រើ ឬអធិស្ឋានសម្រាប់នរណាម្នាក់ដែលអ្នកខឹងដោយរបៀបណា ?
-
សូមមើលថែខ្លួនឯងឲ្យបានល្អ ។ ព្យាយាមបរិភោគអាហារល្អៗ សម្រាន្តឲ្យបានគ្រប់គ្រាន់ និងអធិស្ឋាន ។ ការធ្វើអ្វីៗទាំងនេះនឹងជួយអ្នកឲ្យមានធនធានផ្នែកសតិអារម្មណ៍ ដើម្បីប្រឈមនឹងភាពស្មុគស្មាញ ។
-
បង្កើតរឿងថ្មីៗ ។ សូមគិតឲ្យអស់ពីសមត្ថភាពរបស់អ្នកអំពីការពន្យល់ដែលពោរពេញដោយក្តីសប្បុរសបំផុត អំពីមូលហេតុដែលមនុស្សផ្សេងទៀតកំពុងប្រព្រឹត្តអ្វីដែលពួកគេប្រព្រឹត្ត ។ សូមកត់ត្រាវាទុក ។
-
អភ័យទោសឲ្យអ្នកដទៃ ។ សូមសិក្សា ម៉ាថាយ ១៨:២៣–៣៥ ។ ប្រសិនបើអាច សូមមើលវីដេអូ « Forgive Every One Their Trespasses: The Parable of the Unmerciful Servant » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមគិតអំពីរបៀបដែលសារលិខិតមកពីការបៀបប្រដូចនេះអនុវត្តចំពោះអ្នក ។
6:6
ច. ការយកឈ្នះលើអារម្មណ៍គ្មានទឹកចិត្ត
-
សូមផ្ដោតលើភាពខ្លាំងរបស់អ្នក ។ តើអ្វីទៅជាគុណតម្លៃ ទេពកោសល្យ បទពិសោធន៍ និងអំណោយទានដែលអ្នកនាំយកមកបេសកកម្មរបស់អ្នក ? សូមធ្វើបញ្ជីមួយអំពីវិធីដែលអ្នកអាចប្រើចំណុចខ្លាំងមួយរបស់អ្នកតាមរបៀបដ៏ច្នៃប្រឌិតមួយនៅសប្តាហ៍នេះ ។ ប្រសិនបើអ្នកមានការលំបាកក្នុងការមើលឃើញពីភាពខ្លាំងរបស់អ្នក ចូរសុំជំនួយពីអ្នកដទៃទៀត ។
-
សូមធ្វើមួយជំហានម្ដងៗ ។ សូមធ្វើបញ្ជីមួយពីអ្វីដែលអ្នកត្រូវធ្វើ ។ បន្ទាប់មករៀបចំវានៅលើប្រតិទិនរបស់អ្នក ។ សូមរំឭកខ្លួនឯងថា « អ្វីៗទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលឥឡូវនេះគឺ » ។
-
ធ្វើចិត្តឲ្យសប្បាយ ! ដាក់គោលដៅដែលគួរឲ្យចាប់អារម្មណ៍ដើម្បីជួយដល់អ្នកក្នុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ។ បង្កើតល្បែងលេងនៃការសម្រេចបានគោលដៅរបស់អ្នក ។ ចូរមានគំនិតច្នៃប្រឌិត ហើយអបអរចំពោះខ្លួនឯងសម្រាប់ភាពជោគជ័យ ។
-
សូមកុំដាក់បន្ទុកខ្លួនឯងឲ្យមានគោលដៅផ្ទាល់ខ្លួនច្រើនលើសលុបពេកក្នុងពេលតែមួយ ។ សូមដាក់គោលដៅផ្ទាល់ខ្លួនម្ដងមួយ ឬពីរ ( ដូចជាការរីករាយឲ្យបានច្រើន ឬមានសណ្តាប់ធ្នាប់ជាងមុន ) ។ កុំរំពឹងថានឹងបានល្អឥតខ្ចោះ ។ រួមបញ្ចូលទាំងផែនការមួយពីរបៀបដែលអ្នកនឹងខិតខំធ្វើកិច្ចការឡើងវិញ នៅពេលអ្នកមិនសូវសប្បាយចិត្ត ។ រំឭកខ្លួនឯងជារឿយៗពីហេតុផលដែលអ្នកចង់ផ្លាស់ប្ដូរ ។
-
សូមចែកចាយគោលដៅរបស់អ្នកជាមួយនឹងឪពុកម្ដាយ ឬថ្នាក់ដឹកនាំរបស់អ្នក ។ ពួកគាត់អាចជួយគាំទ្រដល់អ្នក ហើយអាចផ្ដល់នូវគំនិតដែលមានប្រយោជន៍ដល់អ្នកបាន ។
-
ត្រូវដឹងថាសកម្មភាពនាំឲ្យមានទឹកចិត្ត ។ ជារឿយៗ ការចាប់ផ្ដើមគឺជាផ្នែកមួយដ៏លំបាកបំផុត ។ ចូរប្រាប់ខ្លួនអ្នកថា « ខ្ញុំគ្រាន់តែធ្វើវា ១០ នាទីប៉ុណ្ណោះ » ។ បន្ទាប់មក សូមចាប់ផ្ដើម ។ ជារឿយៗ អ្នកមានអារម្មណ៍កាន់តែមានទឹកចិត្តបន្ដធ្វើវាទៀត ។
ឆ. ការគ្រប់គ្រងអារម្មណ៍ផ្លូវភេទ ឬមនោសញ្ចេតនា
-
សូមរៀនមានការគ្រប់គ្រងលើខ្លួនឯង ។ គំនិត និងអារម្មណ៍ផ្លូវភេទ និងមនោសញ្ចេតនាជារឿងធម្មតា ហើយជាអ្វីដែលព្រះបានប្រទានឲ្យ ។ ប៉ុន្តែយើងត្រូវចេះរក្សាគំនិត ទំនាក់ទំនង និងអាកប្បកិរិយារបស់យើង ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដែលត្រឹមត្រូវ ។ ប្រសិនបើអ្នកធ្វើដូច្នេះបានក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា នោះអ្នកនឹងកាន់តែរឹងមាំខ្លាំងឡើង ហើយទទួលបានពរជ័យដ៏មហិមា ។ សូមសិក្សាក្នុង កូរិនថូស ទី១ ៩:២៤–២៧; ម៉ូសាយ ៣:១៩; អាលម៉ា ៣៨:១២ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥ ប្រកបដោយការអធិស្ឋាន ។ សូមរកមើលប្រធានបទ « គុណធម៌ » និង « ព្រហ្មចារីភាព » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមសរសេរពរជ័យ និងអត្ថប្រយោជន៍ដែលនឹងទទួលបាន នៅពេលអ្នកអភិវឌ្ឍបានគុណលក្ខណៈទាំងនេះ ។
-
សូមប្តូរគំនិតនោះចេញ ។ ព្យាយាមកុំខ្វល់នឹងគំនិត និងអារម្មណ៍ផ្លូវភេទ ឬមនោសញ្ចេតនា ។ ចាកចេញពីរឿងនោះ ហើយទៅធ្វើអ្វីផ្សេងវិញ ។ ព្យាយាមសម្រាក ។ ច្រៀងទំនុកតម្កើង ។ ទន្ទេញបទគម្ពីរ ហើយសូត្រវាឡើងវិញ ។ ផ្ដោតលើអ្វីដែលអ្នកមានអំណរគុណ ។ គិតពីផែនការសម្រាប់ថ្ងៃនោះ ។ ហាត់ប្រាណ ។ តាំងចិត្តធ្វើការងារជាថ្មី ។ រីករាយ ហើយមានភាពច្នៃប្រឌិត ។
-
ចៀសវាងពីការល្បួង ។ ចៀសវាងពីទីកន្លែង កាលៈទេសៈ ការសន្ទនា ឬមនុស្សដែលបង្កឲ្យមានការល្បួង ។ ប្រសិនបើអ្នកបានគិតពីរូបភាព ឬគំនិតដែលបង្កហេតុ សូមកុំគិតពីវាទៀត ។ ប្តូរគំនិតទៅគិតរឿងផ្សេងវិញ ។ ចេញពីស្ថានភាពនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន ។
-
បន្តមានសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿ ។ ប្រសិនបើអ្នកជួបការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍ផ្លូវភេទរបស់អ្នកឲ្យបានត្រឹមត្រូវ នោះព្រះនៅតែស្រឡាញ់អ្នកដដែល ។ សូមកុំបោះបង់ទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ដោយសារអ្នកមានអារម្មណ៍មិនស័ក្ដិសមឡើយ ។ ទោះបីជាអ្នកអាចនឹងពិបាកដើម្បីគ្រប់គ្រងអារម្មណ៍ទាំងនេះក្ដី ក៏ទ្រង់នឹងមិនបដិសេធអ្នកចោលដែរ ។ ទ្រង់ជ្រាបពីអ្វីដែលអ្នកកំពុងឆ្លងកាត់ ។ ទ្រង់ឲ្យតម្លៃលើការខិតខំរបស់អ្នកដើម្បីទប់ទល់នឹងការល្បួង រៀនពីកំហុស ហើយប្រែចិត្ត ។ ស្វែងរកដំបូន្មានពីថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នក ហើយបន្តព្យាយាមយកឈ្នះលើឧបសគ្គទាំងនេះ ។
-
សូមកុំឲ្យឃ្លានពេក ឯកោពេក អស់កម្លាំងពេក ធុញទ្រាន់ពេក ឬតានតឹងពេក ។ រឿងទាំងប៉ុន្មាននេះអាចធ្វើឲ្យកាន់តែពិបាកដើម្បីទប់ស្កាត់ការល្បួង ។ ទទួលទានអាហារសម្រន់ ។ សម្រាកពីកិច្ចការដែលអ្នកកំពុងធ្វើបន្តិច ឬទៅធ្វើអ្វីផ្សេងទៀតមួយរយៈ ។ មានការសន្ទនាល្អៗ ឬអនុវត្តលំហាត់ប្រាណសម្រាកតាមលំដាប់កើនឡើង ( សូមមើល លំហាត់ប្រាណសម្រាកតាមលំដាប់កើនឡើង ) ។
-
រក្សាខ្លួនអ្នកឲ្យមានសុវត្ថិភាព ។ យល់ច្បាប់ និងគោលការណ៍ណែនាំទាំងឡាយដែលទាក់ទងនឹងទំនាក់ទំនងសង្គមជាមួយអ្នកដទៃ ដែលអនុវត្តចំពោះអ្នក ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានអារម្មណ៍ផ្លូវភេទចំពោះនរណាម្នាក់ នោះសូមទាក់ទងទៅប៊ីស្សព ឬប្រធានស្តេក ហើយសូមដំបូន្មានពីគាត់ ។
-
តមអាហារ ហើយអធិស្ឋានដើម្បីទទួលបានការយល់ដឹង និងភាពរឹងមាំ ។ នៅពេលអ្នកតមអាហារ អ្នកមិនអើពើនឹងការស្រេកឃ្លានអាហារដែលមានសុខភាពល្អធម្មតារបស់អ្នកឡើយ ។ អ្នកធ្វើបែបនេះមួយរយៈពេល ដើម្បីទទួលបានកម្លាំងខាងវិញ្ញាណ ។ ការតមអាហារអាចអភិវឌ្ឍជំនាញនានា ដូចជាការមានម្ចាស់ការលើខ្លួនឯង និងការស្តាប់តាមព្រះវិញ្ញាណ ( សូមមើល អេសាយ ៥៨:៦ ) ។ វាអាចជួយអ្នកឲ្យយល់ចិត្តមនុស្សដែលស្រេកឃ្លាន ។ ជំនាញដដែលនេះក៏អាចជួយអ្នកឲ្យគ្រប់គ្រងលើអារម្មណ៍ផ្លូវភេទ ឬមនោសញ្ចេតនាធម្មតាក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាតាមរបៀបត្រឹមត្រូវផងដែរ ។ ការតមអាហារនឹងមិនលុបបំបាត់អារម្មណ៍ផ្លូវភេទទេ ។ ប៉ុន្តែការតមអាហារប្រចាំខែអាចជួយឲ្យអ្នកទទួលបានភាពរឹងមាំ និងការមានសម្ឈជញ្ញៈ ។ វាអាចជំរុញអ្នកឲ្យគ្រប់គ្រងលើអារម្មណ៍ទាំងនេះបានត្រឹមត្រូវ ។
ជ. ការមានម្ចាស់ការលើការផ្លាស់ប្តូរ និងការប្រែប្រួល
-
ស្គាល់ខ្លួនឯង ។ ការផ្លាស់ប្តូរ និងការប្រែប្រួលទាំងឡាយមានការពិបាកខុសៗគ្នាសម្រាប់មនុស្សផ្សេងៗគ្នា ។ ប្រសិនបើការផ្លាស់ប្តូរវាពិបាកសម្រាប់អ្នកជាពិសេស សូមប្រាប់ឲ្យអ្នកផ្សេងដឹងពីរបៀបដែលពួកគេអាចជួយអ្នកបាន ។
-
សូមគិតអំពីការប្រែប្រួលនានាដែលអ្នកធ្លាប់បានជួបប្រទះ ។ តើអ្នកបានរៀនអ្វីខ្លះ ? តើអ្វីដែលបានជួយអ្នកឲ្យតស៊ូនៅពេលនោះ ? ស្គាល់ភាពជោគជ័យ និងសមត្ថភាពរបស់អ្នក ។ តើរឿងទាំងនោះអាចជួយអ្នកនៅក្នុងគ្រានេះបានយ៉ាងដូចម្តេច ? តើអ្នកអាចសាកល្បងអ្វីខ្លះទៀត ?
-
សូមសរសេរមូលហេតុ ។ សូមសរសេរពីអ្វីដែលអ្នកដឹងអំពីមូលហេតុដែលការផ្លាស់ប្តូរនេះគឺចាំបាច់ ។ សូមត្រឡប់ទៅមើលបញ្ជីនេះឡើងវិញឲ្យបានញឹកញាប់ ។ ការយល់ដឹងអំពីមូលហេតុនៃការផ្លាស់ប្តូរអាចជួយអ្នកឲ្យកាត់បន្ថយអារម្មណ៍ស្មុគស្មាញបាន ។
-
សូមចងចាំអ្វីដែលមិនបានផ្លាស់ប្តូរ ។ ធ្វើបញ្ជីនៃអ្វីដែលបានផ្លាស់ប្តូរ និងអ្វីដែលមិនបានផ្លាស់ប្តូរ ។ ព្យាយាមបង្កើតបញ្ជីទីពីរឲ្យបានវែងតាមដែលអ្នកអាចធ្វើបាន ។
-
ដាក់ផែនការ ។ បង្កើតផែនការអំពីវិធីដែលជួយខ្លួនឯងឲ្យមានម្ចាស់ការលើការផ្លាស់ប្តូរ ។ សរសេរជំហានទាំងឡាយនៃផែនការរបស់អ្នក ។ និយាយជាមួយអ្នកដទៃដែលស្គាល់អ្នកច្បាស់ ។ ពួកគេអាចគាំទ្រអ្នកបាន កាលអ្នកអនុវត្តតាមផែនការរបស់អ្នក ។
-
សូមគិតពីរបៀបដែលធ្វើឲ្យអារម្មណ៍ស្ងប់ ។ ធ្វើបញ្ជីពីអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ។ អានអត្ថបទទាំងនេះមុនពេល ក្នុងអំឡុងពេល និងក្រោយការផ្លាស់ប្តូរ ។
-
សូមធ្វើមួយជំហានម្ដងៗ ។ នៅពេលអ្នកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំមួយ សូមចងចាំ ៖ អ្នកមិនចាំបាច់ដោះស្រាយគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ ។ តើអ្វីជាការសម្រេចចិត្តដំបូងដែលអ្នកត្រូវធ្វើ ? តើអ្វីជាជំហានដំបូង ? តើអ្វីជាជំហានបន្ទាប់ ?