ព្រះគម្ពីរ
មរ៉ូណៃ 8


ជំពូក​ទី ៨

បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​កូន​ក្មេង​តូច គឺជា​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​អាក្រក់ — កូន​ក្មេង​តូច​រស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ដោយ​សារ​ដង្វាយ​ធួន — សេចក្ដី​ជំនឿ ការ​ប្រែ​ចិត្ត ភាព​ស្លូតបូត និង​ចិត្ត​សុ​ភាព​រាបសា ការ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

សំបុត្រ​របស់​ឪពុក​ខ្ញុំ គឺ​មរមន សរសេរ​មក​ខ្ញុំ​មរ៉ូណៃ ហើយ​បាន​សរសេរ​មក​ខ្ញុំ​ភ្លាមៗ បន្ទាប់​ពី​ខ្ញុំ​បាន​ហៅ​ឲ្យ​ធ្វើ​ការងារ​បម្រើ។ ហើយ​លោក​បាន​សរសេរ​មក​ខ្ញុំ​យ៉ាង​នេះ​ថា ៖

ឱ មរ៉ូណៃ កូន​ប្រុស​សម្លាញ់​របស់​ឪពុក​អើយ ឪពុក​អរ​រីករាយ​ជា​អតិបរមា ដែល​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​របស់​កូន ទ្រង់​បាន​គិត​ដល់​កូន ហើយ​បាន​ហៅ​ឲ្យ​កូន​ធ្វើ​ការងារ​បម្រើ​របស់​ទ្រង់ ហើយ​ធ្វើ​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់។

ឪពុក​នឹក​គិត​ដល់​កូន​នៅ​ក្នុង​ពាក្យ​អធិស្ឋាន​របស់​ឪពុក​ជានិច្ច ឪពុក​តែងតែ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​ឥត​ឈប់​ឈរ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​ដ៏​បរិសុទ្ធ គឺ​ព្រះ​យេស៊ូវ សូម​ឲ្យ​ទ្រង់​រក្សា​កូន តាម​រយៈ​សេចក្ដី​ល្អ និង​ព្រះ​គុណ​ដ៏​និរន្តរ៍​របស់​ទ្រង់ ឲ្យ​កាន់ខ្ជាប់​ក្នុង សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់​ដល់​ទី​បំផុត។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​អំពី​ការ​ដែល​ផ្ដល់​ទុក្ខ​ដល់​ឪពុក​ជា​ខ្លាំង ត្បិត​ឪពុក​កើតទុក្ខ ដែល​មាន​ការ​ឈ្លោះប្រកែក​គ្នា​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​កូន។

ត្បិត​បើ​សិន​ជា​ឪពុក​បាន​ដឹង​ដោយ​ពិតមែន នោះ​មាន​ការ​ឈ្លោះប្រកែក​គ្នា​ក្នុង​ចំណោម​ពួក​កូន ដែល​ទាក់​ទង​នឹង​បុណ្យ​ជ្រមុជ​ទឹក​ដល់​កូន​ក្មេង​តូច។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​មាន​ប្រាថ្នា​ចង់​ឲ្យ​កូន​ព្យាយាម​ធ្វើ​ការ ដើម្បី​ឲ្យ​កំហុស​ដ៏​ធំ​នេះ ត្រូវ​បាន​ដក​ចេញ​ពី​ក្នុង​ចំណោម​ពួក​កូន​ទៅ ត្បិត​ដោយ​គោលបំណង​នេះ​ហើយ​ដែល​ឪពុក​បាន​សរសេរ​សំបុត្រ​នេះ។

ត្បិត​បន្ទាប់​ពី​ឪពុក​បាន​ដឹង​រឿង​ទាំង​នេះ​ពី​កូន​ភ្លាម នោះ​ឪពុក​បាន​ទូល​សួរ​ដល់​ព្រះ​អម្ចាស់​ពី​រឿង​នេះ។ ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ក៏​បាន​បន្លឺ​មក​ឪពុក​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា ៖

ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ជា​ព្រះ​របស់​អ្នក​ចុះ មើល​ចុះ យើង​បាន​មក​ឯ​ពិភពលោក ពុំ​មែន​ដើម្បី​ហៅ​ពួក​សុចរិត​ឲ្យ​ប្រែ​ចិត្ត​ទេ តែ​ហៅ​ពួក​មនុស្ស​បាប​ឲ្យ​ប្រែ​ចិត្ត​វិញ មនុស្ស​ជា​ពុំ​ត្រូវ​ការ​គ្រូពេទ្យ​ទេ តែ​មនុស្ស​ឈឺ​ទេតើ ដែល​ត្រូវ​ការ​វិញ ហេតុ​ដូច្នោះ​ហើយ កូន​ក្មេង​តូច​ជា​មនុស្ស​ជា ត្បិត​ពួក​វា​ពុំ​អាច​នឹង​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ហេតុ​ដូច្នោះ​ហើយ ពាក្យ​បណ្ដាសា​ដល់​លោក​អ័ដាម ត្រូវ​បាន​យក​ចេញ​ពី​ពួក​កូន​ក្មេង​ទាំង​នេះ​ដោយ​សារ​យើង ដើម្បី​កុំ​ឲ្យ​ពាក្យ​បណ្ដាសា​នេះ មាន​អំណាច​ទៅ​លើ​ពួក​វា​បាន​ឡើយ ហើយ​ច្បាប់​កាត់​ស្បែក ក៏​ត្រូវ​បាន​សម្រេច​ដោយ​សារ​យើង​ដែរ។

ហើយ​តាម​របៀប​នេះ​ហើយ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បាន​សម្ដែង​ព្រះ​បន្ទូល​នៃ​ព្រះ​ប្រាប់​ដល់​ឪពុក ហេតុ​ដូច្នោះ​ហើយ ឱ​កូន​ប្រុស​សម្លាញ់​របស់​ឪពុក​អើយ ឪពុក​ដឹង​ថា ជា​ការ​ចំអកឡកឡឺយ​ដ៏​ធ្ងន់​នៅ​ចំពោះ​ព្រះ ដែល​ពួក​កូន​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​កូន​ក្មេង​តូច។

១០មើល​ចុះ ឪពុក​ប្រាប់​កូន​ថា នេះ​ជា​ការណ៍​ដែល​ពួក​កូន​ត្រូវ​បង្រៀន — គឺ​ការ​ប្រែ​ចិត្ត និង​បុណ្យ​ជ្រមុជ​ទឹក​ដល់​អស់​អ្នក​ណា ដែល​ដឹង​ខុស និង​ត្រូវ ហើយ​មាន​សមត្ថ​ភាព​នឹង​ប្រព្រឹត្ត​អំពើ​បាប មែន​ហើយ ចូរ​បង្រៀន​ពួក​មាតាបិតា​ឲ្យ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បន្ទាប​ខ្លួន​ដូច​ជា​កូន​ក្មេង​តូច​ចុះ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​បាន​សង្គ្រោះ​ជាមួយ​នឹង​កូន​ក្មេង​តូច​របស់​គេ​ដែរ។

១១ហើយ​កូន​ក្មេង​តូច​របស់​គេ ពុំ​ចាំ​បាច់​មាន​ការ​ប្រែ​ចិត្ត ឬ​បុណ្យ​ជ្រមុជ​ទឹក​ឡើយ មើល​ចុះ បុណ្យ​ជ្រមុជ​ទឹក​គឺ​ចំពោះ​ការ​ប្រែ​ចិត្ត ដើម្បី​បំពេញ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​នាំ​មក​នូវ​ការ​ផ្ដាច់​បាប។

១២ប៉ុន្តែ​កូន​ក្មេង​តូច​រស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ បើ​ពុំ​មែន​ដូច្នោះ​ទេ នោះ​ព្រះ​គឺជា​ព្រះ​ដ៏​លំអៀង និង​ជា​ព្រះ​ដ៏​ប្រែប្រួល ហើយ​ចេះ​រើសមុខ​មនុស្ស ត្បិត​មាន​កូន​ក្មេង​ជា​ច្រើន​បាន​ស្លាប់​ទៅ ដោយ​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក!

១៣ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​កូន​ក្មេង​តូច​ពុំ​អាច​បាន​សង្គ្រោះ ដោយ​គ្មាន​បុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​ពួក​កូន​ក្មេង​ទាំង​នេះ ច្បាស់​ជា​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជាមិនខាន​ឡើយ។

១៤មើល​ចុះ ឪពុក​ប្រាប់​កូន​ថា អ្នក​ណា​ដែល​គិត​ស្មាន​ថា កូន​ក្មេង​តូច​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​នោះ​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ ហើយ​នៅ​ក្នុង​ចំណង​នៃ​អំពើ​ទុច្ចរិត​ទៅ​វិញ ត្បិត​អ្នក​នោះ​គ្មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម ឬ​សេចក្ដី​សប្បុរស​ឡើយ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​គេ​បាន​វិនាស​បាត់​ទៅ នៅ​ពេល​មាន​គំនិត​បែប​នេះ អ្នក​នោះ​ត្រូវ​ចុះ​ទៅ​ស្ថាន​នរក។

១៥ត្បិត​ជា​អំពើ​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដែល​គិត​ស្មាន​ថា ព្រះ​ទ្រង់​សង្គ្រោះ​ក្មេង​ម្នាក់ ដោយ​ព្រោះ​តែ​បុណ្យ​ជ្រមុជ​ទឹក ឯ​ក្មេង​ឯ​ទៀត​ត្រូវ​វិនាស ដោយ​ព្រោះ​តែ​គ្មាន​បុណ្យ​ជ្រមុជ​ទឹក។

១៦វេទនា​ដល់​ពួក​អ្នក​ណា ដែល​បង្ខូច​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​តាម​របៀប​នេះ ត្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត។ មើល​ចុះ ឪពុក​និយាយ​យ៉ាង​ក្លាហាន ដោយ​បាន​សិទ្ធិ​អំណាច​ពី​ព្រះ ហើយ​ឪពុក​ពុំ​ខ្លាច​អ្វី​ដែល​មនុស្ស​អាច​ប្រព្រឹត្ត​ឡើយ ត្បិត​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​បណ្ដេញ​ការ​ភ័យខ្លាច​ចេញ​អស់​ទៅ។

១៧ហើយ​ឪពុក​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​អស់​កល្ប​ជានិច្ច ហេតុ​ដូច្នោះ​ហើយ កូន​ក្មេង​ទាំង​អស់​សុទ្ធ​សឹង​ដូចៗ​គ្នា​នៅ​ចំពោះ​ឪពុក ហេតុ​ដូច្នោះ​ហើយ ឪពុក​ស្រឡាញ់​កូន​ក្មេង​តូច ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ ហើយ​ពួក​កូន​ក្មេង​គឺ​ដូច​គ្នា​ទាំង​អស់ ហើយ​ជា​ពួក​អ្នក​ទទួល​ទាន​នៃ​សេចក្ដី​សង្គ្រោះ។

១៨ត្បិត​ឪពុក​ដឹង​ថា ព្រះ​ទ្រង់​ពុំ​មែន​ជា​ព្រះ​ដ៏​លំអៀង ក៏​ពុំ​មែន​ជា​ព្រះ​ដ៏​ប្រែប្រួល​ដែរ តែ​ទ្រង់​ពិតជា​ឥត​ប្រែប្រួល តាំង​ពី​ភាព​អស់​កល្ប​ជានិច្ច​ទៅ​ភាព​អស់​កល្ប​ជានិច្ច។

១៩កូន​ក្មេង​តូច​ពុំ​អាច​ប្រែ​ចិត្ត​ទេ ហេតុ​ដូច្នោះ​ហើយ គឺជា​អំពើ​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាំង​ណាស់ ដែល​បដិសេធ​សេចក្ដី​មេត្តាករុណា​ដ៏​សុទ្ធសាធ​នៃ​ព្រះ​ចំពោះ​ពួក​កូន​ក្មេង​ទាំង​នេះ ត្បិត​ពួក​វា​ទាំង​អស់​គ្នា​រស់នៅ​ក្នុង​ទ្រង់ ពី​ព្រោះ​តែ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់។

២០ហើយ​អ្នក​ណា​ដែល​និយាយ​ថា កូន​ក្មេង​តូច​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​បដិសេធ​សេចក្ដី​មេត្តាករុណា​នៃ​ព្រះ​គ្រីស្ទ​ហើយ ហើយ​ចាត់​ដង្វាយ​ធួន​របស់​ទ្រង់ និង​ព្រះ​ចេស្ដា​នៃ​សេចក្ដី​ប្រោស​លោះ​របស់​ទ្រង់​ថា ជា​ឥត​ប្រយោជន៍។

២១វេទនា​ដល់​មនុស្ស​បែប​នេះ ត្បិត​ពួក​គេ​ត្រូវ​ជាប់​គ្រោះ​ដល់​ស្លាប់ ចុះ​ស្ថាន​នរក និងសេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ឪពុក​និយាយ​យ៉ាង​ក្លាហាន ព្រះ​ទ្រង់​បាន​បញ្ជា​ដល់​ឪពុក។ ចូរ​កូន​ស្ដាប់​តាម​ពាក្យ​ទាំង​នេះ ហើយ​យក​ចិត្ត​ទុកដាក់​ចុះ បើ​ពុំ​នោះ​សោត ទេ ពាក្យ​ទាំង​នេះ​នឹង​ឈរ​ទាស់​នឹង​កូន នៅ​ឯ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ។

២២ត្បិត​មើល​ចុះ អស់​ទាំង​កូន​ក្មេង​តូច​រស់នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រម​ទាំង​អស់​អ្នក​ណា​ដែល​នៅ​ដោយ​គ្មាន​ច្បាប់​ដែរ។ ត្បិត​ព្រះ​ចេស្ដា​នៃ​សេចក្ដី​ប្រោស​លោះ មាន​មក​ដល់​អស់​អ្នក​ណា​ដែល​គ្មាន​ច្បាប់ ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​ពុំ​បាន​ជាប់​ទោស ឬ​ក៏​ពុំ​នៅ​ក្រោម​ការ​កាត់ទោស នោះ​ពុំ​អាច​មាន​ការ​ប្រែ​ចិត្ត​ឡើយ ហើយ​ចំពោះ​មនុស្ស​បែប​នោះ នោះ​បុណ្យ​ជ្រមុជ​ទឹក​នឹង​ពុំ​នាំ​មក​នូវ​ផល​ប្រយោជន៍​អ្វី​ឡើយ។

២៣ប៉ុន្តែ​ការ​បដិសេធ​សេចក្ដី​មេត្តាករុណា​នៃ​ព្រះ​គ្រីស្ទ និង​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការ​ដាក់​ទី​ទុក​ចិត្ត​ទៅ​លើ​កិច្ចការ​ដែល​ស្លាប់ គឺជា​ការ​ចំអកឡកឡឺយ​ដល់​ព្រះ។

២៤មើល​ចុះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ការណ៍​នេះ​ពុំ​ត្រូវ​មាន​ឡើយ ត្បិត​ការ​ប្រែ​ចិត្ត​គឺ សម្រាប់​ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​កាត់ទោស ហើយ​នៅ​ក្រោម​បណ្ដាសា​នៃ​ច្បាប់​មួយ​ដែល​បាន​រំលង។

២៥ឯ​ផល​ដំបូង​នៃ​ការ​ប្រែ​ចិត្ត គឺ​បុណ្យ​ជ្រមុជ​ទឹក ហើយ​បុណ្យ​ជ្រមុជ​ទឹក​កើត​ឡើង ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ការ​បំពេញ​នូវ​បញ្ញត្តិ​ទាំង​ឡាយ រីឯ​ការ​បំពេញ​នូវ​បញ្ញត្តិ​ទាំង​ឡាយ នោះ​នាំ​មក​នូវ​ការ​ផ្ដាច់​បាប

២៦ឯ​ការ​ផ្ដាច់​បាប នាំ​មក​នូវ​ការ​ស្លូតបូត និង​ចិត្ត​សុ​ភាព​រាបសា ហើយ​ដោយ​សារ​ការ​ស្លូតបូត និង​ចិត្ត​សុ​ភាព​រាបសា ទើប​មាន​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ រីឯ​សេចក្ដី​ស្រឡាញ់​នេះ​ស៊ូទ្រាំ​ដោយ​សារ​សេចក្ដី​ព្យាយាម​ក្នុង​ការ​អធិស្ឋាន រហូត​ដល់​ទីបំផុត​ម​ក​ដល់ នៅ​ពេល​ដែល​ពួក​បរិសុទ្ធ​ទាំង​អស់​នឹង​រស់នៅ​ជាមួយ​នឹង​ព្រះ។

២៧មើល​ចុះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​នឹង​សរសេរ​មក​កូន​ទៀត បើ​សិន​ជា​ឪពុក​ពុំ​ទាន់​ចេញ​ទ័ព​ទៅ​តទល់​នឹង​ពួក​សាសន៍​លេមិន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ មើល​ចុះ ការ​ឆ្មើងឆ្មៃ​នៃ​ប្រជាជាតិ​នេះ ឬ​ក៏​នៃ​ប្រជាជន​នៃ​សាសន៍​នីហ្វៃ បាន​បញ្ជាក់​ឲ្យ​ឃើញ​នូវ​សេចក្ដី​បំផ្លិចបំផ្លាញ​ដល់​ពួក​គេ លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត​ប៉ុណ្ណោះ។

២៨ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​កូន​អធិស្ឋាន​ឲ្យ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត។ ប៉ុន្តែ​មើល​ចុះ ឪពុក​ខ្លាចក្រែង​ព្រះ​វិញ្ញាណ​ទ្រង់​ឈប់​តស៊ូ​នៅ​ជាមួយ​នឹង​ពួក​គេ ហើយ​នៅ​ក្នុង​ផ្នែក​នៃ​ដែនដី​នេះ ពួក​គេ​ក៏​បាន​រក​មធ្យោបាយ​នឹង​កម្ចាត់​ចោល​នូវ​អានុភាព និង​សិទ្ធិ​អំណាច​ទាំង​អស់ ដែល​បាន​មក​ពី​ព្រះ ហើយ​ពួក​គេ​កំពុងតែ​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

២៩ហើយ​បន្ទាប់​ពី​បាន​បដិសេធ​នូវ​តម្រិះ​ដ៏​មហិមា​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ពួក​គេ​នឹង​ត្រូវ​វិនាស​បង់​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ដល់​ការ​បំពេញ​នូវ​សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ ដែល​ពួក​ព្យាការី​បាន​និយាយ​មក ព្រម​ទាំង​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​រាល់​គ្នា​ដែរ។

៣០ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​លា​សិន​ហើយ លុះ​ដល់​ឪពុក​សរសេរ​មក​កូន ឬ​ក៏​មក​ជួប​កូន​ទៀត។ អាម៉ែន៕