ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 77


កណ្ឌ​ទី ៧៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣២ (History of the Church, ១:២៥៣–២៥៥)។ ព្យាការី​បាន​សរសេរ​ថា ៖ « ក្នុង​ការ​ទាក់​ទង​ទៅ​នឹង​ការ​បកប្រែ​ព្រះ​គម្ពីរ នោះ​ខ្ញុំ​បាន​ទទួល​ការ​ពន្យល់ ដែល​មាន​ដូច​ត​ទៅ​នេះ ស្ដី​អំពី​វិវរណៈ​នៃ​លោក​យ៉ូហាន » (History of the Church, ១:២៥៣)។

១–៤, សត្វ​ទាំង​ឡាយ​មាន​វិញ្ញាណ ហើយ​នឹង​អាស្រ័យ​នៅ​ក្នុង​ការ​សប្បាយរីករាយ​ដ៏​អស់​កល្ប​ជានិច្ច​នៅ​លើ​ផែនដី​ដ៏​អមត; ៥–៧, ផែនដី​នេះ​មាន​ជីវិត​រស់នៅ​ខាង​សាច់​ឈាម​អស់​៧.០០០​ឆ្នាំ; ៨–១០, ពួក​ទេវតា​នានា​សាង​ដំណឹង​ល្អ​ឡើង​វិញ ហើយ​បម្រើ​នៅ​លើ​ផែនដី; ១១, ការ​ភ្ជាប់​មនុស្ស ១៤៤.០០០ នាក់; ១២–១៤, ព្រះ​គ្រីស្ទ​នឹង​យាង​មក​នៅ​ដើម​ឆ្នាំ​ទី​ប្រាំ​ពីរ​ពាន់; ១៥, ព្យាការី​ពីរ​នាក់​នឹង​ត្រូវ​បាន​លើក​ឡើង​ចំពោះ​សាសន៍​យូដា។

សំនួរ ៖ តើ​អ្វី​ទៅ​ជា​សមុទ្រ​កែវ ដែល​យ៉ូហាន​បាន​ពោល​ដល់ នៅ​ជំពូក​ទី៤ ខ​៦ ក្នុង​គម្ពីរ​វិវរណៈ?ចម្លើយ ៖ គឺជា​ផែនដី នៅ​ក្នុង​ស្ថានភាព​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ប្រកប​ដោយ​អមតភាព និង​អស់​កល្ប​ជានិច្ច។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា​ពី​សត្វ​ទាំង​បួន ដែល​បាន​ពោល​ដល់ នៅ​ក្នុង​ខ​ដដែល​នោះ?ចម្លើយ ៖ សត្វ​ទាំង​បួន​នោះ គឺជា​ការ​និយាយ​ប្រៀបធៀប ដែល​បាន​ប្រើ​ដោយ​យ៉ូហាន ជា​អ្នក​ទទួល​វិវរណៈ​ក្នុង​ការ​អធិប្បាយ​អំពី​ស្ថាន​សួគ៌ ជា​ស្ថាន​បរមសុខ​នៃ​ព្រះ អំពី​សុភមង្គល​នៃ​មនុស្ស និង​សត្វ និង​សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស អ្វី​ដែល​ជា​វិញ្ញាណ មាន​រូបភាព​ដូច​ជា​អ្វី​ខាង​សាច់​ឈាម ហើយ​អ្វី​ដែល​ជា​សាច់​ឈាម មាន​រូបភាព​ដូច​ជា​អ្វី​ខាង​វិញ្ញាណ វិញ្ញាណ​នៃ​មនុស្ស​មាន​រូប​ភាព​ដូច​ជា​ប្រាណ​របស់​គេ ក៏​ដូច​ជា​វិញ្ញាណ​នៃ​សត្វ ព្រម​ទាំង​សត្វ​លោក​គ្រប់​រូប​ផង ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក។

សំនួរ ៖ តើ​សត្វ​ទាំង​បួន​នោះ​មាន​ន័យ​ដល់​សត្វ​នីមួយៗ​តែប៉ុណ្ណោះ ឬ​ក៏​ជា​តំណាង​តាម​ក្រុម ឬ​ជំពូក?ចម្លើយ ៖ សត្វ​ទាំង​នោះ​មាន​ន័យ​ដល់​សត្វ​បួន​គត់ ដែល​បាន​បង្ហាញ​ដល់​យ៉ូហាន ដើម្បី​ធ្វើ​ជា​តំណាង​ពី​សិរី​ល្អ​នៃ​ក្រុម​ទាំង​ឡាយ​នៃ​របស់​ទាំង​នោះ នៅ​ក្នុង​ជំពូក​ដែល​បាន​កំណត់ទុក ឬ​ក្នុង​វិស័យ​នៃ​ការ​បង្ក​បង្កើត នៅ​ក្នុង​អំណរ​អរ​ចំពោះ​ការ​សប្បាយរីករាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​វា។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ភ្នែក និង​ស្លាប ដែល​សត្វ​ទាំង​នោះ​មាន?ចម្លើយ ៖ ភ្នែក​របស់​វា​គឺជា​តំណាង​នៃ​ពន្លឺ និង​តម្រិះ គឺថា វា​ពោរ​ពេញ​ទៅ​ដោយ​តម្រិះ ហើយ​ស្លាប​របស់​វា​គឺជា​តំណាង​នៃ​អំណាច ដើម្បី​កម្រើក ដើម្បី​ប្រព្រឹត្ត​ជាដើម។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា​ពី​ពួក​អែលឌើរ​២៤​នាក់ ដែល​យ៉ូហាន​បាន​ពោល​ដល់?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ពួក​អែលឌើរ​ទាំង​នេះ ដែល​យ៉ូហាន​បាន​ឃើញ​នោះ គឺជា​ពួក​អែលឌើរ​ដែល​ស្មោះត្រង់​ក្នុង​កិច្ចការ​នៃ​ការ​បម្រើ ហើយ​បាន​ស្លាប់​ទៅ​ហើយ ជា​ពួក​ផង​សាសនាចក្រ​ទាំង​ប្រាំពីរ ហើយ​នៅ​ពេល​នោះ កំពុងតែ​នៅ​ក្នុង​ស្ថាន​បរមសុខ​នៃ​ព្រះ។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ក្រាំង​ដែល​យ៉ូហាន​បាន​ឃើញ ដែល​បាន​បិទ​នៅ​ខាង​ក្រៅ​ត្រា​ប្រាំពីរ?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ក្រាំង​នោះ​មាន​នូវ​ព្រះ​ហឫទ័យ​ដែល​បាន​បើក​សម្ដែង​សេចក្ដី​អាថ៌កំបាំង និង​កិច្ចការ​ទាំង​ឡាយ​នៃ​ព្រះ ការ​កាន់កាប់​ត្រួតត្រា​ដ៏​លាក់​កំបាំង​របស់​ទ្រង់ អំពី​ផែនដី​នេះ នៅ​ក្នុង​រយៈ​ប្រាំ​ពីរ​ពាន់​ឆ្នាំ​ដែល​ផែនដី​មាន​ជីវិត​រស់នៅ ឬ​ការ​រស់នៅ​ខាង​សាច់​ឈាម​នៃ​ផែនដី។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា​ពី​ត្រា​៧​ដែល​បាន​បិទ?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ត្រា​ទី​១​មាន​នូវ​អ្វីៗ​ក្នុង​រយៈ​១​ពាន់​ឆ្នាំ​លើក​ទី​១ ហើយ​ត្រា​ទី​២​ក៏​អំពី​រយៈ​១​ពាន់​ឆ្នាំ​លើក​ទី​២​ជាដើម រហូត​ដល់​លើក​ទី៧។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ទេវតា​៤​រូប ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ជំពូក​ទី៧ ខ​១ ក្នុង​គម្ពីរ​វិវរណៈ?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ពួក​គេ​ជា​ទេវតា​៤​រូប ដែល​បាន​ចាត់​មក​ពី​ព្រះ ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​អំណាច​លើ​ទិស​ទាំង​៤​នៃ​ផែនដី ដើម្បី​សង្គ្រោះ​ជីវិត និង​ដើម្បី​បំផ្លាញ​ចោល ពួក​គេ​នេះ​ហើយ ដែល​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ដើម្បី​ថ្លែង​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន​ផង ដោយ​មាន​អំណាច​ដើម្បី​បិទ​ផ្ទៃ​មេឃ ដើម្បី​ភ្ជាប់​ទៅ​ដល់​ជីវិត ឬ​ដើម្បី​បោះ​ចុះ​ទៅ​ក្នុង​ភូមិ​ភាគ​នៃ​សេចក្ដី​ងងឹត។

សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ទេវតា​ដែល​ឡើង​មក​ពី​ទិស​ខាង​កើត ក្នុង​គម្ពីរ​វិវរណៈ ជំពូក​ទី៧ ហើយ​ខ​២?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ទេវតា​នោះ​ដែល​ឡើង​មក​ពី​ទិស​ខាង​កើត គឺជា​អ្នក​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​ត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ លើ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ ហេតុ​ដូច្នោះ​ហើយ លោក​ប្រកាស​ប្រាប់​ដល់​ទេវតា​៤​រូប ដែល​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ដោយ​និយាយ​ថា ៖ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្ដី ទាល់​តែ​បោះត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បម្រើ​របស់​ព្រះ​នៃ​យើង​សិន។ ហើយ​បើ​សិន​ជា​អ្នក​ព្រម​ទទួល​ការណ៍​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ាស​ដែល​ត្រូវ​មក ដើម្បី​ប្រមូល​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ឡាយ ហើយ​សាង​ឡើង​វិញ​នូវ​គ្រប់​ទាំង​អស់។

១០សំនួរ ៖ តើ​ដល់​ពេល​ណា​នឹង​បាន​សម្រេច​នូវ​អ្វីៗ​ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ជំពូក​នេះ?ចម្លើយ ៖ ការណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​សម្រេច នៅ​ក្នុង​រយៈ​១​ពាន់​ឆ្នាំ​លើក​ទី៦ ឬ​ក៏​ក្នុង​កាល​បើក​ត្រា​ទី៦។

១១សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ការ​បោះត្រា​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ចេញ​ពី​គ្រប់​ពូជ​អំបូរ​អ៊ីស្រាអែល — មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ចេញ​ពី​ពូជ​អំបូរ​នីមួយៗ?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ពួក​អ្នក​ទាំង​នោះ​ដែល​ត្រូវ​បាន​បោះត្រា គឺជា​ពួក​សង្ឃ​ជាន់​ខ្ពស់ ដែល​បាន​តែងតាំង​ចំពោះ​របៀប​បរិសុទ្ធ​នៃ​ព្រះ ដើម្បី​ថ្លែង​ប្រាប់​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ត្បិត​ពួក​គេ​នេះ​ហើយ ដែល​ត្រូវ​បាន​តែងតាំង​ចេញ​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន ដោយ​សារ​ពួក​ទេវតា ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​អំណាច​លើ​សាសន៍​ទាំង​ឡាយ​នៅ​លើ​ផែនដី ដើម្បី​នាំ​មនុស្ស​ទាំង​ឡាយ​ណា ដែល​នឹង​មក​ឯ​សាសនាចក្រ​នៃ​កូន​ច្បង។

១២សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ការ​ផ្លុំ​ត្រែ ដែល​បាន​ពោល​ដល់ នៅ​ក្នុង​ជំពួក​ទី៨ ក្នុង​គម្ពីរ​វិវរណៈ?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ដូច​ជា​ព្រះ​ទ្រង់​បាន​បង្កើត​លោកិយ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី៧ ទ្រង់​បាន​សម្រេច​កិច្ចការ​របស់​ទ្រង់ ហើយ​បាន​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ហើយ​ក៏​បាន​បង្កើត​មនុស្ស​ចេញ​ពី​ធូលី​ដី​យ៉ាង​ណា នោះ​ក៏​ដូច​ជា​យ៉ាង​ដូច្នោះ​ដែរ គឺ​នៅ​ដើម​ប្រាំ​ពីរ​ពាន់​ឆ្នាំ នោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ញែក​ផែនដី​ចេញ​ជា​បរិសុទ្ធ ហើយ​សម្រេច​នូវ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស ហើយ​ជំនុំ​ជំរះ​គ្រប់​ទាំង​អស់ ហើយ​នឹង​ប្រោស​លោះ​គ្រប់​ទាំង​អស់ លើក​លែងតែ​អ្វី​ដែល​ទ្រង់​ពុំ​ដាក់​ក្នុង​អំណាច​របស់​ទ្រង់ ក្នុង​កាល​ទ្រង់​នឹង​បោះត្រា​គ្រប់​ទាំង​អស់ ចំពោះ​ចុង​បំផុត​នៃ​គ្រប់​ទាំង​អស់ ហើយ​ការ​ផ្លុំ​ត្រែ​នៃ​ពួក​ទេវតា​ប្រាំពីរ​រូប គឺជា​ការ​រៀបចំ និង​ការ​បង្ហើយ​កិច្ចការ​របស់​ទ្រង់ នៅ​ដើម​ប្រាំ​ពីរ​ពាន់​ឆ្នាំ — គឺជា​ការ​រៀបចំ​ផ្លូវ​មុន​ពេល​ការ​យាង​មក​របស់​ទ្រង់។

១៣សំនួរ ៖ តើ​នៅ​ពេល​ណា​នឹង​បាន​សម្រេច​នូវ​អ្វីៗ​ដែល​បាន​សរសេរ​ទុក នៅ​ក្នុង​ជំពួក​ទី៩ ក្នុង​គម្ពីរ​វិវរណៈ?ចម្លើយ ៖ ការណ៍​ទាំង​នោះ​នឹង​ត្រូវ​បាន​សម្រេច បន្ទាប់​ពី​ការ​បក​ត្រា​ទី៧ គឺ​មុន​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ។

១៤សំនួរ ៖ តើ​ត្រូវ​ឲ្យ​យើង​យល់​យ៉ាង​ណា ពី​ក្រាំង​តូច​ដែល​យ៉ូហាន​បាន​បរិភោគ ដូច​ជា​បាន​ពោល​ដល់ នៅ​ក្នុង​ជំពូក​ទី​១០ ក្នុង​គម្ពីរ​វិវរណៈ?ចម្លើយ ៖ ត្រូវ​ឲ្យ​យើង​យល់​ថា ក្រាំង​តូច​នោះ​ជា​បេសកកម្ម ហើយ​ជា​ពិធី​បរិសុទ្ធ សម្រាប់​ឲ្យ​លោក​ប្រមូល​ពូជ​អំបូរ​អ៊ីស្រាអែល មើល​ចុះ នេះ​ជា​អេលីយ៉ាស ជា​អ្នក​ដែល​ត្រូវ​មក ហើយ​សាង​គ្រប់​ទាំង​អស់​ឡើង​វិញ ដូច​ជា​បាន​សរសេរ​ទុក។

១៥សំនួរ ៖ តើ​ត្រូវ​ឲ្យ​យល់​យ៉ាង​ណា ពី​ស្មរបន្ទាល់​ពីរ​នាក់ នៅ​ក្នុង​ជំពូក​ទី​១១ ក្នុង​គម្ពីរ​វិវរណៈ?ចម្លើយ ៖ ពួក​គេ​ជា​ព្យាការី​ពីរ​នាក់ ដែល​ត្រូវ​បាន​លើក​ឡើង​ចំពោះ​សាសន៍​យូដា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ក្នុង​ពេល​សាង​ឡើង​វិញ ហើយ​ដើម្បី​ព្យាករ​ដល់​ពួក​សាសន៍​យូដា បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​គ្នា ហើយ​បាន​សង់​ទី​ក្រុង​យេរូសាឡិម​នៅ​លើ​ដែនដី​នៃ​ពួក​អយ្យកោ​របស់​ពួក​គេ។