ព្រះគម្ពីរ
ម៉ូសេ 5


ជំពូក​ទី ៥

(មិថុនា–តុលា ១៨៣០)

លោក​អ័ដាម និង​នាង​អេវ៉ា​បង្កើត​បាន​កូន​ចៅ — អ័ដាម​ថ្វាយ​យញ្ញ​បូជា​ទាំង​ឡាយ ហើយ​បម្រើ​ព្រះ — កាអ៊ីន​និង​អេបិល​បាន​កើត​មក — កាអ៊ីន​បះបោរ ស្រឡាញ់​អារក្ស​សាតាំង​ជាង​ព្រះ ហើយ​ក្លាយ​ទៅ​ជា​អន្តរធាន — អំពើ​ឃាតកម្ម និង​អំពើ​ទុច្ចរិត​រាលដាល — ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​ចាប់​តាំង​ពី​ដើមដំបូង​មក។

ហី​យ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​បណ្ដេញ​គេ​ចេញ​ទៅ នោះ​អ័ដាម​បាន​ចាប់​ផ្ដើម​ភ្ជួរ​រាស់​ដី ហើយ​មាន​អំណាច​ត្រួតត្រា​លើ​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ ហើយ​បរិភោគ​អាហារ ដោយ​សារ​ការ​បែកញើស ដូចដែល​យើង​ជា​ព្រះ​អម្ចាស់ បាន​បញ្ជា​ដល់​គាត់។ ហើយ​ព្រម​ទាំង​នាង​អេវ៉ា ជា​ប្រពន្ធ​គាត់ ក៏​បាន​ធ្វើ​ការ​ជាមួយ​គាត់​ដែរ។

ហើយ​អ័ដាម​ក៏​ស្គាល់​ប្រពន្ធ​គាត់ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទាំង​ឡាយ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពេញ​ពាស​លើ​ផែនដី។

ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក នោះ​ពួក​កូន​ប្រុស​កូន​ស្រី​របស់​អ័ដាម​បាន​ចាប់​ផ្ដើម​បែក​ចេញ​ជា​គូៗ​នៅ​លើ​ដែនដី ហើយ​ភ្ជួរ​រាស់​ដី ហើយ​ចិញ្ចឹម​ហ្វូង​ចៀម ហើយ​ពួក​គេ​ក៏​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទាំង​ឡាយ។

ហើយ​អ័ដាម​និង​នាង​អេវ៉ា ជា​ប្រពន្ធ​គាត់​បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​ពួក​គេ​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​ចេញ​ពី​ផ្លូវ​ឆ្ពោះ​ទៅ​សួនច្បារ​អេដែន មាន​ព្រះ​បន្ទូល​មក​ពួក​គេ ហើយ​ពួក​គេ​មើល​មិន​ឃើញ​ទ្រង់​សោះ ត្បិត​ពួក​គេ​ត្រូវ​បាន​បិទ​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់។

ហើយ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ថា​ពួក​គេ​គប្បី​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ហើយ​គប្បី​យក​កូន​សត្វ​ច្បង​នៃ​ហ្វូង​ចៀម​របស់​គេ មក​ថ្វាយ​ជា​យញ្ញ​បូជា​ទាំង​ឡាយ​ដល់​ព្រះ​អម្ចាស់។ ហើយ​អ័ដាម​បាន​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់។

ហើយ​ជា​ច្រើន​ថ្ងៃ​កន្លង​មក នោះ​មាន​ទេវតា​មួយ​ពី​ព្រះ​អម្ចាស់​បាន​លេច​មក​ឲ្យ​អ័ដាម​ឃើញ ដោយ​សួរ​ថា ៖ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្វាយ​យញ្ញ​បូជា​ទាំង​ឡាយ​ដល់​ព្រះ​អម្ចាស់? ហើយ​អ័ដាម​បាន​ទូល​តប​ទៅ​លោក​ថា ៖ ខ្ញុំ​មិន​ដឹង​ទេ លើក​លែងតែ​ព្រះ​អម្ចាស់​ទ្រង់​បញ្ជា​ខ្ញុំ​ប៉ុណ្ណោះ។

ហើយ​ខណៈ​នោះ ទេវតា​ប្រាប់​ថា ៖ ការណ៍​នេះ​គឺជា​និមិត្តរូប​អំពី​ការ​បូជា​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត។

ហេតុ​ដូច្នោះ​ហើយ អ្នក​នឹង​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ធ្វើ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា ហើយ​អ្នក​ត្រូវ​ប្រែ​ចិត្ត ហើយ​អំពាវ​នាវ​ដល់​ព្រះ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​ជា​រៀង​ដរាប​រហូត​ត​ទៅ។

ហើយ​នៅ​ថ្ងៃ​នោះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​អ័ដាម ដែល​ថ្លែង​ទី​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​ព្រះ​រាជ​បុត្រា​ថា ៖ យើង​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា ចាប់​តាំង​ពី​ដើមដំបូង​មក គឺ​ចាប់​តាំង​ពី​ពេល​នោះ និង​ជា​រៀង​ដរាប​ត​ទៅ គឺ​ដោយ​ព្រោះ​អ្នក​បាន​ធ្លាក់ នោះ​អ្នក​នឹង​អាច​បាន​ប្រោស​លោះ និង​ព្រម​ទាំង​មនុស្ស​ជាតិ​ទាំង​អស់​ផង​គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​សុខ​ចិត្ត។

១០ហើយ​នៅ​ថ្ងៃ​នោះ អ័ដាម​បាន​ថ្វាយ​ពរ​ដល់​ព្រះ ហើយ​បាន​ពោរ​ពេញ ហើយ​បាន​ចាប់​ផ្ដើម​ព្យាករ​អំពី​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​ថា ៖ សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ​ពរ ត្បិត​ព្រោះ​តែ​ការ​រំលង​របស់​ខ្ញុំ នោះ​ភ្នែក​ខ្ញុំ​បាន​ភ្លឺ​ឡើង ហើយ​នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​នឹង​មាន​សេចក្ដី​អំណរ ហើយ​នៅ​ក្នុង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​ឃើញ​ព្រះ​ទៀត។

១១ហើយ​នាង​អេវ៉ា ជា​ប្រពន្ធ​គាត់ បាន​ឮ​គ្រប់​ការណ៍​ទាំង​នេះ ហើយ​មាន​ចិត្ត​រីករាយ ដោយ​ពោល​ថា ៖ បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការ​រំលង​របស់​យើង​ទេ នោះ​យើង​ក៏​នឹង​មិន​មាន​ពូជ​សោះ ហើយ​នឹង​មិន​ដឹង​ខុសត្រូវ និង​សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោស​លោះ​របស់​យើង និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដែល​គោរព​តាម​ដែរ។

១២ហើយ​អ័ដាម​និង​នាង​អេវ៉ា​បាន​ថ្វាយ​ពរ​ដល់​ព្រះ​នាម​នៃ​ព្រះ ហើយ​ពួក​គេ​បាន​ប្រាប់​គ្រប់​ការណ៍​ទាំង​អស់​ដល់​ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ។

១៣ហើយ​អារក្ស​សាតាំង​បាន​មក​ក្នុង​ចំណោម​ពួក​គេ​ដោយ​ថា ៖ យើង​ក៏​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែរ ហើយ​វា​បាន​បញ្ជា​ពួក​គេ​ថា ៖ ចូរ​កុំ​ជឿ​ការណ៍​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ជឿ​ការណ៍​នោះ​ទេ ហើយ​ពួក​គេ​ស្រឡាញ់​អារក្ស​សាតាំង​ជាង​ព្រះ។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក មនុស្ស​លោក​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​មាន​វិស័យ​ខាង​រូប​កាយ ខាង​កាមរាគ និង​ខាង​អារក្ស។

១៤ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ហៅ​មនុស្ស​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​គ្រប់​ទិសទី ហើយ​បញ្ជា​ពួក​គេ​ថា ពួក​គេ​គួរ​ប្រែ​ចិត្ត

១៥ហើយ​មនុស្ស​ជា​ច្រើន​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា ហើយ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ នោះ​នឹង​បាន​សង្គ្រោះ ហើយ​មនុស្ស​ជា​ច្រើន​ណា​ដែល​មិន​ជឿ ហើយ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​ជាប់​ទោស ហើយ​ព្រះ​បន្ទូល​ទាំង​ឡាយ​បាន​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​ក្នុង​ច្បាប់​មួយ​ដ៏​តឹង​រឹង ហេតុ​ដូច្នោះ​ហើយ ព្រះ​បន្ទូល​ទាំង​នោះ​ត្រូវ​តែ​បាន​សម្រេច។

១៦ហើយ​អ័ដាម​និង​នាង​អេវ៉ា ជា​ប្រពន្ធ​គាត់ ពុំ​ដែល​ឈប់​អំពាវនាវ​ដល់​ព្រះ​ឡើយ។ ហើយ​អ័ដាម​ក៏​ស្គាល់​នាង​អេវ៉ា ជា​ប្រពន្ធ​ខ្លួន ហើយ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កាអ៊ីន ហើយ​និយាយ​ថា ៖ ខ្ញុំ​បាន​កូន​ប្រុស​មួយ​ពី​ព្រះ​អម្ចាស់ ហេតុ​ដូច្នោះ​ហើយ វា​មិន​អាច​បដិសេធ​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ឡើយ។ ប៉ុន្តែ​មើល​ចុះ កាអ៊ីន​ពុំ​បាន​ស្ដាប់​តាម​ព្រះ​អម្ចាស់​ទេ ដោយ​និយាយ​ថា ៖ តើ​ព្រះ​អម្ចាស់​ទ្រង់​ជា​នរណា​ទៅ ដែល​គួរ​ឲ្យ​ខ្ញុំ​ស្គាល់​ទ្រង់?

១៧ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​អេបិល ជា​ប្អូន​ទៀត។ ហើយ​អេបិល​បាន​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់។ ហើយ​អេបិល​ជា​អ្នក​គង្វាល​ចៀម ប៉ុន្តែ​កាអ៊ីន​ជា​អ្នក​ភ្ជួរ​រាស់​ដី​វិញ។

១៨ហើយ​កាអ៊ីន​បាន​ស្រឡាញ់​អារក្ស​សាតាំង​ជាង​ព្រះ។ ហើយ​អារក្ស​សាតាំង​បាន​បញ្ជា​គាត់ ដោយ​ថា ៖ ចូរ​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អម្ចាស់​ទៅ។

១៩ហើយ​ក្រោយ​មក ហេតុការណ៍​បាន​កើត​ឡើង​ថា កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ​អម្ចាស់។

២០ហើយ​អេបិល គាត់​ក៏​យក​កូន​ជា​ដំបូង​ពី​ហ្វូង​ចៀម​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​វា​ផង។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អេបិល និង​ចំពោះ​ដង្វាយ​របស់​គាត់

២១ប៉ុន្តែ​ចំពោះ​កាអ៊ីន និង​ចំពោះ​ដង្វាយ​គាត់​វិញ នោះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ទេ។ ឥឡូវ​នេះ អារក្ស​សាតាំង​បាន​ដឹង​ពី​ការណ៍​នេះ ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​វា​ពេញ​ចិត្ត។ ហើយ​កាអ៊ីន​ក៏​ក្ដៅ​ក្រហាយ ហើយ​ឡើង​ទឹកមុខ​ក្រញូវ។

២២ហើយ​ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាអ៊ីន​ថា ៖ ហេតុ​អ្វី​បាន​ជា​អ្នក​ខឹង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​មុខក្រញូវ​ដូច្នេះ?

២៣បើ​សិន​ជា​អ្នក​ធ្វើ​ល្អ នោះ​អ្នក​នឹង​ត្រូវ​បាន​រើស។ ហើយ​បើ​សិន​ជា​អ្នក​មិន​ធ្វើ​ល្អ​ទេ នោះ​អំពើ​បាប​ដេក​នៅ​មាត់ទ្វារ ហើយ​អារក្ស​សាតាំង​ប្រាថ្នា​ចង់​បាន​អ្នក ហើយ​លើក​លែងតែ​អ្នក​ប្រុង​ស្ដាប់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​យើង​នឹង​ប្រគល់​អ្នក​ទៅ ហើយ​នឹង​កើត​ដល់​អ្នក​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​វា។ ហើយ​អ្នក​នឹង​ត្រួតត្រា​លើ​វា​ដែរ

២៤ត្បិត​ចាប់​តាំង​ពី​ពេល​នេះ​ទៅ អ្នក​នឹង​ទៅ​ជា​បិតា​នៃ​សេចក្ដី​កុហក​របស់​វា អ្នក​នឹង​ត្រូវ​បាន​ហៅថា​អា​អន្តរធាន ព្រោះ​អ្នក​ក៏​បាន​នៅ​មុន​កំណើត​លោកិយ​ដែរ។

២៥ហើយ​នៅ​ពេល​ក្រោយ​នឹង​មាន​គេ​ពោល​ថា — អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ប៉ុន្មាន​នេះ​សុទ្ធ​តែ​បាន​មក​ពី​កាអ៊ីន ព្រោះ​គាត់​បាន​បដិសេធ​ដំបូន្មាន​ដ៏​សំខាន់​ជាង ដែល​គាត់​បាន​ទទួល​ពី​ព្រះ ហើយ​នេះ​គឺជា​បណ្ដាសា ដែល​យើង​នឹង​ដាក់​លើ​អ្នក លើក​លែងតែ​អ្នក​ប្រែ​ចិត្ត។

២៦ហើយ​កាអ៊ីន​ក៏​ក្ដៅ​ក្រហាយ ហើយ​មិន​ព្រម​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់​ទៀត​ទេ ឬ​ក៏​ដល់​អេបិល​ជា​ប្អូន​គាត់ ដែល​បាន​ដើរ​ក្នុង​បរិសុទ្ធ​ភាព​នៅ​ចំពោះ​ព្រះ​អម្ចាស់។

២៧ហើយ​អ័ដាម​និង​ប្រពន្ធ​គាត់​បាន​មាន​ទុក្ខ​នៅ​ចំពោះ​ព្រះ​អម្ចាស់ ពី​ព្រោះ​តែ​កាអ៊ីន​និង​បង​ប្អូន​គាត់។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាអ៊ីន​បាន​យក​កូន​ស្រី​មួយ​របស់​បង​ប្រុស​គាត់​ធ្វើ​ជា​ប្រពន្ធ ហើយ​ពួក​គេ​ស្រឡាញ់​អារក្ស​សាតាំង​ជាង​ព្រះ។

២៩ហើយ​អារក្ស​សាតាំង​បាន​និយាយ​ទៅ​កាអ៊ីន​ថា ៖ ចូរ​ស្បថ​ដល់​យើង គឺ​ដោយ​ក​អ្នក ហើយ​បើ​សិន​ជា​អ្នក​ប្រាប់​ពី​ការណ៍​នេះ នោះ​អ្នក​នឹង​ត្រូវ​ស្លាប់ ហើយ​ចូរ​ឲ្យ​ពួក​បង​ប្អូន​អ្នក​ស្បថ ដោយ​ក្បាល​គេ​ផង និង​ដោយ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ថា​ពួក​គេ​នឹង​មិន​ប្រាប់​ឡើយ ត្បិត​បើ​សិន​ជា​ពួក​គេ​ប្រាប់​ពី​ការណ៍​នេះ នោះ​ពួក​គេ​ច្បាស់​ជា​នឹង​ត្រូវ​ស្លាប់​ដែរ ហើយ​ការណ៍​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​ឪពុក​អ្នក​ដឹង​ពី​ការណ៍​នោះ ហើយ​នៅ​ថ្ងៃ​នេះ យើង​នឹង​ប្រគល់​អេបិល​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។

៣០ហើយ​អារក្ស​សាតាំង​បាន​ស្បថ​ដល់​កាអ៊ីន​ថា វា​នឹង​ធ្វើ​អ្វី​តាម​ការ​បញ្ជា​ទាំង​ឡាយ​របស់​គាត់។ ហើយ​គ្រប់​ការណ៍​ទាំង​អស់​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​សម្ងាត់។

៣១ហើយ​កាអ៊ីន​បាន​និយាយ​ថា ៖ ខ្ញុំ​ពិតជា​ម៉ាហាន ជា​មេ​នៃ​អំពើ​សម្ងាត់​ដ៏​ធំ ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ឃាត ហើយ​បាន​កម្រៃ។ ហេតុ​ដូច្នោះ​ហើយ បាន​ជា​កាអ៊ីន​ត្រូវ​បាន​ហៅថា មេ​ម៉ាហាន ហើយ​គាត់​បាន​អួត​សរសើរ​ក្នុង​អំពើ​ទុច្ចរិត​របស់​គាត់។

៣២ហើយ​កាអ៊ីន​បាន​ទៅ​ឯ​វាល ហើយ​កាអ៊ីន​បាន​និយាយ​ជាមួយ​នឹង​អេបិល ជា​ប្អូន​គាត់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ក្នុង​កាល​ពួក​គេ​កំពុងតែ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​ទាស់​នឹង​អេបិល ជា​ប្អូន​គាត់ ហើយ​សម្លាប់​គាត់​ចោល។

៣៣ហើយ​កាអ៊ីន​បាន​អួត​សរសើរ​ចំពោះ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​ថា ៖ ខ្ញុំ​មាន​សេរីភាព​ហើយ ហ្វូង​ចៀម​ទាំង​ឡាយ​របស់​ប្អូន​ខ្ញុំ ច្បាស់​ជា​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ហើយ។

៣៤ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាអ៊ីន​ថា ៖ តើ​អេបិល​ជា​ប្អូន​អ្នក​នៅ​ឯណា? ហើយ​គាត់​ទូល​ឆ្លើយ​ថា ៖ ទូលបង្គំ​មិន​ដឹង​ទេ។ តើ​ទូលបង្គំ​ជា​អ្នក​ថែរក្សា​ប្អូន​ឬ​អី?

៣៥ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ទៅ? សូរ​សម្រែក​នៃ​ឈាម​របស់​ប្អូន​អ្នក​ពី​ដី​បាន​ឡើង​ទៅ​ដល់​យើង។

៣៦ហើយ​ឥឡូវ​នេះ អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​ព្រោះ​ផែនដី ដែល​បាន​ហារ​មាត់​ទទួល​ឈាម​ប្អូន​របស់​អ្នក​ពី​ដៃ​អ្នក។

៣៧កាលណា​អ្នក​ភ្ជួរ​រាស់​ដី នោះ​ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ដ៏​ពេញ​កម្លាំង​ទេ។ អ្នក​ត្រូវ​រសាត់​ព្រាត់ ហើយ​អណ្ដែត​ទៅ​មក​លើ​ផែនដី វិញ។

៣៨ហើយ​កាអ៊ីន​បាន​ទូល​ទៅ​ព្រះ​អម្ចាស់​ថា ៖ អារក្ស​សាតាំង​បាន​ល្បួង​ទូលបង្គំ ពី​ព្រោះ​មក​ពី​ហ្វូង​ចៀម​ទាំង​ឡាយ​របស់​ប្អូន​ទូលបង្គំ។ ហើយ​ទូលបង្គំ​ក៏​ក្ដៅ​ក្រហាយ​ផង ត្បិត​ដង្វាយ​របស់​វា​នោះ​ទ្រង់​បាន​ទទួល ហើយ​មិន​ទទួល​ដង្វាយ​ទូលបង្គំ ទោស​របស់​ទូលបង្គំ​ធ្ងន់​ហួស​ជាង​ទូលបង្គំ​អាច​ទ្រាំ​ទៅ​បាន។

៣៩មើល​ចុះ នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ព្រះ​ភក្ត្រ​នៃ​ព្រះ​អម្ចាស់​ហើយ ហើយ​ចេញ​ពី​ព្រះ​ភក្ត្រ​របស់​ទ្រង់​ទៅ នោះ​ទូល​បង្គំ​នឹង​ពួន ហើយ​ទូលបង្គំ​នឹង​រសាត់​ព្រាត់ ហើយ​អណ្ដែត​ទៅ​មក​លើ​ផែនដី ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល ឃើញ​ទូលបង្គំ គេ​នឹង​សម្លាប់​ប្រហារ​ទូលបង្គំ​ដែរ ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ទូលបង្គំ ត្បិត​ការណ៍​ទាំង​ប៉ុន្មាន​នេះ​ពុំ​អាច​បិទបាំង​ពី​ព្រះ​អម្ចាស់​បាន​ឡើយ។

៤០ហើយ​យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា ៖ អស់​អ្នក​ណា​ដែល​ប្រហារ​អ្នក នោះ​ការ​សងសឹក​នឹង​ធ្វើ​ដល់​គេ​១​ជា​៧​សួន។ ហើយ​យើង​ជា​ព្រះ​អម្ចាស់​បាន​ដៅ​ចំណាំ​កាអ៊ីន ក្រែងលោ​អ្នក​ណា​ដែល​ឃើញ​គាត់​នឹង​សម្លាប់​គាត់​ចោល។

៤១ហើយ​កាអ៊ីន​ត្រូវ​បាន​បិទ​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ហើយ​ជាមួយ​នឹង​ប្រពន្ធ​គាត់ ព្រម​ទាំង​បង​ប្អូន​គាត់​ជា​ច្រើន​បាន​ទៅ​រស់នៅ ស្រុក​ណូឌ ខាង​កើត​អេដែន។

៤២ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ ហើយ​នាង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​អេណុក ហើយ​គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ហើយ​គាត់​បាន​សង់​ទី​ក្រុង​មួយ ហើយ​គាត់​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក ជា​កូន​ខ្លួន។

៤៣ហើយ​អេណុក​បង្កើត​បាន​អ៊ីរ៉ាឌ និង​ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ឯ​ទៀត​ផង។ ហើយ​អ៊ីរ៉ាឌ​បង្កើត​បាន​មហ៊ូយ៉ែល និង​ព្រម​ទាំង​កូន​ប្រុស កូន​ស្រី​ឯ​ទៀត​ផង។ ហើយ​មហ៊ូយ៉ែល​បង្កើត​បាន​មទូសែល និង​ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ឯ​ទៀត​ផង។ ហើយ​មទូសែល​បង្កើត​បាន ឡាមេក។

៤៤ហើយ​ឡាមេក​បាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​អ័ដា ហើយ​មួយ​ទៀត​ឈ្មោះ​ស៊ីឡា។

៤៥ហើយ​នាង​អ័ដា​បង្កើត​បាន​យ៉ាបាល គាត់​ជា​ឪពុក​នៃ​អស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល ហើយ​មាន​ហ្វូង​សត្វ ហើយ​ប្អូន​គាត់​ឈ្មោះ យូបាល ដែល​ជា​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង​និង​ខ្លុយ។

៤៦ហើយ​រីឯ​នាង​ស៊ីឡា នាង​ក៏​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន និង​ជាងដែក។ ហើយ​ប្អូន​ស្រី​ទូបាល-កាអ៊ីន ត្រូវ​បាន​ហៅថា នាង​ន៉ាអាម៉ា។

៤៧ហើយ​ឡាមេក​បាន​និយាយ​ទៅ​នាង​អ័ដា និង​នាង​ស៊ីឡា ជា​ប្រពន្ធ​ខ្លួន​ថា ៖ ចូរ​ស្ដាប់​ពាក្យ​បង ឱ​ប្រពន្ធ​ឡាមេក​រាល់​គ្នា​អើយ ចូរ​ប្រុង​ស្ដាប់​ពាក្យ​បង​ចុះ ត្បិត​បង​បាន​ប្រហារ​មនុស្ស​ម្នាក់ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​បង​មាន​របួស គឺជា​មនុស្ស​កំលោះ​ម្នាក់ ដោយ​ហេតុ​វា​បាន​វាយ​បង​ឲ្យ​ជាំ។

៤៨បើ​សិន​ជា​ត្រូវ​សងសឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សងសឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ

៤៩ត្បិត​ឡាមេក​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​អារក្ស​សាតាំង តាម​របៀប​កាអ៊ីន ដូច្នេះ​ហើយ ទើប​គាត់​បាន​ក្លាយ​ទៅ​ជា មេ​ម៉ាហាន ជា​មេ​នៃ​អំពើ​សម្ងាត់​ដ៏​ធំ​នោះ ដែល​បាន​ធ្វើ​ដល់​កាអ៊ីន ពី​អារក្ស​សាតាំង ហើយ​អ៊ីរ៉ាឌ ជា​កូន​របស់​អេណុក ដោយ​បាន​ដឹង​អំពី​អំពើ​សម្ងាត់​របស់​ពួក​គេ ក៏​បាន​បើក​សម្ដែង​ប្រាប់​ដល់​កូន​ប្រុស​ទាំង​ឡាយ​នៃ​អ័ដាម

៥០ហេតុ​ដូច្នោះ​ហើយ ដោយ​ខឹង​ក្រៃ នោះ​ឡាមេក​ក៏​ប្រហារ​គាត់​បង់ គឺ​មិន​ដូច​ជា​កាអ៊ីន​ចំពោះ​អេបិល ជា​ប្អូន​ខ្លួន ដោយ​ព្រោះ​ចង់​បាន​កម្រៃ​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ប្រហារ​អ៊ីរ៉ាឌ ដោយ​ព្រោះ​ពាក្យ​សំបថ​វិញ។

៥១ត្បិត​ចាប់​តាំង​ពី​សម័យ​កាអ៊ីន​មក នោះ​ក៏​មាន​បក្សព័ន្ធ​សម្ងាត់ ហើយ​កិច្ចការ​របស់​ពួក​គេ គឺ​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​គេ​រាប់​មនុស្ស​គ្រប់​រូប​ថា​ជា​បង​ប្អូន​គេ។

៥២ហេតុ​ដូច្នោះ​ហើយ បាន​ជា​ព្រះ​អម្ចាស់​ទ្រង់​ដាក់​បណ្ដាសា​ដល់​ឡាមេក និង​គ្រួ​របស់​គាត់ ហើយ​ព្រម​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​អារក្ស​សាតាំង​ផង ត្បិត​ពួក​គេ​ពុំ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់ ថប់​ព្រះ​ហឫទ័យ ហើយ​ទ្រង់​ពុំ​បាន​បម្រើ​ពួក​គេ​ទេ ហើយ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ​សុទ្ធ​តែ​ជា​អំពើ​គួរ​ខ្ពើម​ឆ្អើម ហើយ​បាន​ចាប់​ផ្ដើម​រាលដាល​ក្នុង​ចំណោម​ពួក​កូន​ប្រុស​នៃ​មនុស្ស។ ហើយ​ការណ៍​នោះ​មាន​នៅ​ក្នុង​ចំណោម​ពួក​កូន​ប្រុស​នៃ​មនុស្ស។

៥៣ហើយ​រីឯ​នៅ​ក្នុង​ចំណោម​ពួក​កូន​ស្រី​នៃ​មនុស្ស​វិញ នោះ​ការណ៍​ទាំង​នេះ​ពុំ​បាន​និយាយ​ដល់​ឡើយ ពី​ព្រោះ​កាល​ឡាមេក​បាន​ប្រាប់​អំពើ​សម្ងាត់​ដល់​ពួក​ប្រពន្ធ​គាត់ នោះ​ពួក​គេ​បាន​បះបោរ​ទាស់​នឹង​គាត់ ហើយ​បាន​ប្រកាស​ប្រាប់​ពី​ការណ៍​ទាំង​នេះ​ពាស​ពេញ​ទូ​ទៅ ហើយ​គ្មាន​សេចក្ដី​មេត្តាករុណា​ឡើយ

៥៤ហេតុ​ដូច្នោះ​ហើយ ទើប​ឡាមេក​ត្រូវ​គេ​ស្អប់ ហើយ​បណ្ដេញ​ចេញ ហើយ​មិន​មក​ក្នុង​ចំណោម​ពួក​កូន​ប្រុស​នៃ​មនុស្ស​ឡើយ ក្រែងលោ​គាត់​ត្រូវ​ស្លាប់។

៥៥ហើយ​ដូច្នេះ ទើប​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​បាន​ចាប់​ផ្ដើម​មាន​ជ័យ​ជម្នះ​ក្នុង​ចំណោម​ពួក​កូន​ប្រុស​នៃ​មនុស្ស។

៥៦ហើយ​ព្រះ​ទ្រង់​បាន​ដាក់​បណ្ដាសា​ដល់​ផែនដី ដោយ​ពាក្យ​បណ្ដាសា​ដ៏​ធ្ងន់ធ្ងរ ហើយ​បាន​ខ្ញាល់​នឹង​ពួក​ទុច្ចរិត គឺ​គ្រប់​កូន​ប្រុស​ទាំង​អស់​នៃ​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​មក

៥៧ត្បិត​ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​សំឡេង​របស់​ទ្រង់​ឡើយ ឬ​ក៏​ជឿ​ដល់​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​ដែរ គឺជា​ព្រះ​អង្គ​ដែល​ទ្រង់​បាន​ប្រកាស​ប្រាប់​ថា​នឹង​យាង​មក​នៅ​វេលា​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជា​អ្នក​ដែល​បាន​ត្រៀម​ទុក តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ។

៥៨ហើយ​ដូច្នេះ ទើប​ដំណឹង​ល្អ​បាន​ចាប់​ផ្ដើម​ផ្សាយ ចាប់​តាំង​ពី​ដើមដំបូង​មក គឺ​បាន​ប្រកាស​ប្រាប់​ដោយ​ពួក​ទេវតា​បរិសុទ្ធ ដែល​បាន​ចាត់​ឲ្យ​មក​ពី​វត្ត​មាន​នៃ​ព្រះ និង​ដោយ​សំឡេង​របស់​ទ្រង់​ផ្ទាល់ និង​ដោយ​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

៥៩ហើយ​ដូច្នេះ ទើប​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​បាន​បញ្ជាក់​ប្រាប់​ដល់​អ័ដាម ដោយ​ពិធី​បរិសុទ្ធ ហើយ​ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ និង​បញ្ញត្តិ​មួយ​ត្រូវ​បាន​ចេញ​ទៅ ដើម្បី​ឲ្យ​មាន​ដំណឹង​ល្អ​នៅ​ក្នុង​លោកិយ គឺ​រហូត​ដល់​ចុង​បំផុត​លោកិយ ហើយ​គឺ​ដូច្នោះ​មែន។ អាម៉ែន ៕