ប្រិយមិត្ត
ការសន្យា​នៃពិធី​បុណ្យ​ជ្រមុជ​ទឹក
ខែ ឧសភា ឆ្នាំ ២០២៤


« ការសន្យា​នៃពិធី​បុណ្យ​ជ្រមុជ​ទឹក » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៨–៩ ។

ការសន្យា​នៃពិធី​បុណ្យ​ជ្រមុជ​ទឹក

« ហេតុអ្វី​កូន​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ? » លោកប៉ា​សួរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

« ប៉ា តើ​កូន​អាច​ទទួល​បុណ្យជ្រមុជទឹក​ពេល​កូន​អាយុ​ប្រាំបី​ឆ្នាំ​បាន​ទេ ? » ខេតុន បានសួរ ។

ប៉ា បាន​ងើមមុខឡើង ងាកចេញពី​ល្បែង​ដែល​ពួកគាត់​​កំពុង​លេង ។ « វា​ជា​ជម្រើស​ដ៏​ធំ ។ តើ​វា​មិនល្អ​ទេ​ឬ​អី បើ​កូន​រង់ចាំរហូត​ដល់​អាយុ ១៨ ឆ្នាំ នោះ ? »

ខេតុន បាន​គិត​អំពី​រឿង​នេះ ។ « ប៉ុន្តែ​កូន​ជិត​ដល់​អាយុ​ប្រាំបី​ឆ្នាំ​ហើយ​ឥឡូវ​នេះ ។ ហើយ​អាយុ ១៨ ឆ្នាំ​នៅ​យូរ​ណាស់ ! »

ប៉ា​បាន​នៅ​ស្ងៀម​មួយ​សន្ទុះ ។ គាត់​បាន​យក​បំណែក​ល្បែង​របស់​គាត់​ចេញ ។ « ហេតុអ្វី​កូន​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ? »

ខេតុន បាន​និយាយ​ថា « កូន​ស្រឡាញ់​ព្រះ​យេស៊ូវ ។ ហើយ​កូន​ចង់​ធ្វើ​តាម​ទ្រង់ » ។

ប៉ា​បាន​មាន​ប្រសាសន៍​ថា « នោះ​ជា​មូលហេតុ​ដ៏​អស្ចារ្យដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក » គាត់​ញញឹម ។ « ប៉ា​គាំទ្រ​កូន ប្រសិនបើ​នោះ​ជា​អ្វី​ដែល​កូន​ជ្រើសរើស ។ មិនថា​កូន​មាន​អាយុ​ប្រាំបី​ឆ្នាំ ឬ ១៨ ឆ្នាំ​នោះ​ទេ » ។

ខេតុន បាន​យក​ដៃ​គាត់​ឱប​ប៉ា ។ « អរគុណប៉ា ! »

ប៉ា​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទេ ។ ប៉ុន្តែ​ពេលខ្លះគាត់​ទៅ​ព្រះវិហារ​ជាមួយ​ខេតុន និង​ម៉ាក់ ។ ហើយ​នៅពេល​ខេតុន​ឡើង​និយាយ ឬ​ច្រៀង​ជាមួយ​កុមារ​ផ្សេងទៀត​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ប៉ា​តែងតែ​មក​ជាមួយ ។

បន្ទាប់ពី​ពួកគាត់​លេង​ល្បែង​នេះ​ហើយ ខេតុន បាន​ទៅ​រក​ម៉ាក់​នៅ​ផ្ទះ​បាយ ។

គាត់​បាន​និយាយ​ថា « ប៉ា​បាន​មាន​ប្រសាសន៍​ថា កូន​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​បាន នៅពេល​កូន​អាយុ​ប្រាំបី​ឆ្នាំ » ។

ម៉ាក់​ញញឹម ។ « វា​ពិត​ជា​រំភើប​ណាស់ ! តើ​កូន​បាន​គិត​ថា​ចង់​ឲ្យ​នរណា​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​កូន​ទេ ? »

ខេតុន បាន​ដាក់​ចាន​នៅលើ​តុ ។ « តើ​ម៉ាក់​គិតថា លោកតា​អាច​ធ្វើ​បាន​ទេ ? លោកតា និង​លោក​យាយ​កំពុង​បម្រើ​បេសកកម្ម​នៅ​ទីក្រុង​ផ្សេង ។

ម៉ាក់​បាន​មាន​ប្រសាសន៍​ថា « យើង​អាច​សួរ​គាត់​បាន » ។

បន្ទាប់ពី​អាហារ​ពេលល្ងាច ខេតុន បាន​ទូរសព្ទហៅ​ជា​វីដេអូ​ទៅ​លោកតា និង​លោកយាយ​នៅ​លើទូរសព្ទ​របស់​ម៉ាក់ ។ បន្ទាប់ពី​រោទិ៍​បាន​ពីរបី​ដង មុខ​ដែល​មាន​ស្នាម​ញញឹម​របស់​គាត់​បាន​បង្ហាញ​ពេញ​នៅលើ​អេក្រង់ ។

« ជម្រាប់សួរ​លោកយាយ ! ជម្រាប​សួរ​លោកតា ! » ខេតុន បាន​និយាយ ។ « ទាយ​ទៅ​មើល ? ចៅ​នឹង​ទទួល​បុណ្យជ្រមុជទឹក​នៅ​ថ្ងៃ​ខួបកំណើត​របស់​ចៅ​នៅ​ឆ្នាំ​នេះ​ហើយ » ។

« ឱ អស់ស្ចារ្យ​ណាស់! » លោក​យាយ​បាន​មាន​ប្រសាសន៍ ។

« តើលោកតា​អាចធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ចៅ បានទេ ? » ខេតុន បានសួរ ។

លោកតា​កាន់តែ​ញញឹម​ខ្លាំង​ឡើង ។ « តា​ពិត​ជា​ចង់​ធ្វើ​ណាស់ » ។

នៅពេល​ថ្ងៃ​ទទួល​បុណ្យជ្រមុជទឹក​របស់​គាត់​មក​ដល់ ខេតុន បាន​រៀបចំ​ខ្លួន​រួចរាល់ ។ ម៉ាក់ និង​ប៉ា បាន​ជិះឡាន​ដឹក​គាត់​ទៅ​កាន់​រោងជំនុំ​តូច​មួយ​ដែល​លោកតា និង​លោកយាយ​របស់​គាត់​កំពុង​បម្រើ​បេសកកម្ម​របស់​ពួកគាត់ ។

ខេតុន និង​លោកតា​ស្លៀកពាក់​ពណ៌​ស ។ ពួកគាត់​បាន​អង្គុយ​ជាមួយ​គ្នា​នៅពេល​មនុស្ស​គ្រប់គ្នា​កំពុង​ច្រៀង ។ បន្ទាប់មក ម៉ាក់​បាន​ឡើង​អធិស្ឋាន ។

បន្ទាប់មក ប៉ា​ឡើង​និយាយ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « នៅពេល​កូន​ជ្រមុជទឹក កូន​សន្យា​ថា​នឹង​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ទ្រង់​បានបង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ សេចក្តី​ស្រឡាញ់​គឺជា​របៀប​រស់នៅ​ដ៏​ល្អ​បំផុត » ។

ខេតុន បាន​មើល​ទៅ​រូបភាព​នៃ​ព្រះ​យេស៊ូវ ដែល​ប៉ា​កំពុង​កាន់ ។

« នៅពេល​យើង​ស្រឡាញ់​អ្នក​ដទៃ វា​ធ្វើ​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​ថា​មាន​គេ​ខ្វល់ខ្វាយ​ដល់​ខ្លួន ។ វា​ក៏​ជួយឲ្យ​យើង​សប្បាយចិត្ត និង​មាន​សេចក្តី​សុខសាន្ត​ផងដែរ » ។ ប៉ា មើល​ចំ​ខេតុន ។ « ប៉ា​មាន​មោទនភាព​ចំពោះ​កូន​ណាស់​នៅថ្ងៃនេះ ​ដែល​សន្យា​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ប៉ា​សង្ឃឹមថា ពិធីបុណ្យ​ជ្រមុជទឹក​របស់​កូន​រំឭក​កូន​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ » ។

ខេតុន​បាន​ឱប​ប៉ា​យ៉ាង​ណែន ។ បន្ទាប់មក ខេតុនបាន​ទៅ​តាម​លោកតា​ចូលទៅ​ក្នុង​អាង​ជ្រមុជទឹក​តូច​មួយ ។ ខេតុន បាន​ដាក់​ដៃ​ម្ខាង​នៅលើ​ស្មា​របស់​លោកតា និង​ដៃ​ម្ខាង​ទៀត​នៅលើ​ដៃ​របស់​លោក​តា ។ លោកតា បាន​​ពោលពាក្យ​អធិស្ឋាន​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។ បន្ទាប់មក​គាត់​ជួយ​បន្ទាបខ្លួន​របស់​ខេតុន ចូលទៅ​ក្នុង​ទឹក ។

នៅពេល​ខេតុន ងើប​ចេញពី​ទឹក គាត់​ញញឹម ។ គាត់​បាន​ធ្វើ​វាសម្រេចហើយ ! គាត់​បាន​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​នឹង​បាន​បញ្ជាក់ និង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។ បន្ទាប់មក​គាត់​នឹង​ក្លាយជា​សមាជិក នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ខេតុន បាន​រីករាយ​ក្នុងការ​រក្សា​សេចក្តីសន្យា​របស់​គាត់​ដើម្បី​ចងចាំ​ព្រះយេស៊ូវ និង​គោរពតាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

បុរស​វ័យ​ចំណាស់​កំពុង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ក្មេង​ប្រុស
ដំណើររឿង​ជា PDF

រចនារូបភាព​ដោយ អាលីហ្សា ថាលិនថ៍