« ជ្រះស្អាតជាថ្មី » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ២០២៤ ទំព័រ ១៨–១៩ ។
ជ្រះស្អាតជាថ្មី
ខ្ញុំមិនអាចជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវសម្រាប់មួយថ្ងៃ ! អេមីលី បានគិត ។
ដំណើររឿងនេះបានកើតឡើងនៅក្នុង ស.រ.អា. ។
អេមីលី ឈរក្នុងទឹកជាមួយប៉ា ហើយញញឹម ។ នាងរង់ចាំថ្ងៃនេះអស់ជាច្រើនសប្តាហ៍មកហើយ ! បេះដូងរបស់នាងលោតញាប់ ព្រោះនាងមិនធ្លាប់ជ្រមុជទៅក្រោមទឹកពីមុនមកទេ ។ ប៉ុន្តែ នាងរំភើបចិត្តណាស់ក្នុងការទទួលបុណ្យជ្រមុជទឹកដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើ ។
នាងបិទភ្នែក ហើយស្តាប់ប៉ាពោលពាក្យអធិស្ឋានធ្វើពិធីបុណ្យជ្រមុជទឹក ។ បន្ទាប់មកនាងបានបិទច្រមុះ បិទភ្នែក ហើយបន្ទន់ជង្គង់ខណៈដែលប៉ាបានជ្រមុជនាងចុះទៅក្នុងទឹក ។
ប៉ាទាញនាងមកវិញយ៉ាងលឿន ហើយទឹកក៏ហូរចេញពីនាង ។ អេមីលី ត្រូវជូតទឹកចេញពីភ្នែករបស់នាង ប៉ុន្តែនាងញញឹម ។ នាងមានអារម្មណ៍ធូរហើយឥឡូវនេះ ។ នាងពោរពេញដោយអារម្មណ៍ថ្មី សប្បាយចិត្ត ។ នាងចង់រក្សាអារម្មណ៍នេះទុកជានិច្ច !
ប៉ាបានឱបនាងយ៉ាងណែន ។ អេមីលី បានគិតថា ខ្ញុំដឹងអំពីរបៀបដើម្បីរក្សាអារម្មណ៍ល្អនេះ ។ អ្វីដែលខ្ញុំត្រូវធ្វើគឺជ្រើសរើសត្រឹមត្រូវ ហើយធ្វើដូចជាព្រះយេស៊ូវគ្រីស្ទ ! នាងមានអារម្មណ៍ជឿជាក់ថា នាងអាចធ្វើបាន ។
ពេលពួកគេមកដល់ផ្ទះ អេមីលី បានរត់ពីឡានទៅទ្វារមុខ ។ យ៉ូណាស ជាប្អូនប្រុសអាយុបួនឆ្នាំរបស់នាងក៏ដូច្នោះដែរ ។ នៅពេលដែល អេមីលី រត់ទៅដល់ទ្វារ ហើយចាប់ផ្តើមបើកទ្វា យ៉ូណាស បានចាប់សំពត់នាង ហើយទាញសំពត់ទៅក្រោយ—យ៉ាងខ្លាំង ។
« កុំអ៊ីចឹង ! » អេមីលី បានស្រែក ។ នាងបានទាញសំពត់របស់នាងចេញពីដៃរបស់គាត់ ។ បន្ទាប់មកនាងបានរាំងផ្លូវរបស់គាត់ ដើម្បីកុំឲ្យគាត់ចូលទៅខាងក្នុងមុននាង ។ នាងមានអារម្មណ៍ខឹង !
រំពេចនោះនាងឈរធ្មឹង ។ នាងមានអារម្មណ៍មិនល្អទាល់តែសោះ ។ នាងបានដើរចេញពីផ្លូវ ហើយឲ្យ យ៉ូណាស រត់ទៅខាងក្នុង ។
នាងស្រែកពីក្រោយគាត់ថា « សូមទោស ! » នាងទើបតែបានជ្រើសរើសខុស ។ ព្រះអង្គសង្គ្រោះមិនបានស្រែកដាក់ យ៉ូណាស ទេ ។ តើនាងអាចធ្វើខុសបានដោយរបៀបណា ? អារម្មណ៍រីករាយថ្មីរបស់នាងបានបាត់ទៅហើយ ។
នាងបានគិតថា ខ្ញុំបំផ្លាញអស់ហើយ ។ ខ្ញុំមិនអាចជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវសម្រាប់មួយថ្ងៃ !
ថ្ងៃស្អែកគឺជាថ្ងៃអាទិត្យ ។ ពេលអេមីលី បានត្រៀមខ្លួនសម្រាប់ទៅព្រះវិហារ នាងបានគិតអំពីរបៀបដែលនាងបានស្រែកដាក់យ៉ូណាស ។ នាងនៅតែមានអារម្មណ៍មិនល្អ ។
អំឡុងពេលប្រជុំសាក្រាម៉ង់ ប៊ីស្សពបានសុំ អេមីលី ឡើងមកខាងមុខ ។ ដើម្បីនាងទទួលពិធីបញ្ជាក់ ។ នោះមានន័យថា នាងនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ នាងអង្គុយលើកៅអី ។ ប៉ាដាក់ដៃលើក្បាលនាងថ្នមៗ ។
អេមីលីបិទភ្នែកនៅពេលប៉ាចាប់ផ្តើម ។ នាងបានឮគាត់និយាយពាក្យថា « ទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ។
អេមីលី បានបន្តស្តាប់ ។
ប៉ាបាននិយាយថា « អេមីលី ចូរចងចាំជានិច្ចថា ដោយសារព្រះយេស៊ូវគ្រីស្ទ កូនអាចប្រែចិត្ត នៅពេលកូនធ្វើការជ្រើសរើសខុស ។ រាល់ពេលកូនទទួលទានសាក្រាម៉ង់ កូនអាចគិតអំពីសេចក្ដីសញ្ញាដែលកូនបានធ្វើនៅពេលកូនបានជ្រមុជទឹក ។ កូនអាចសន្យាម្តងទៀតថានឹងដើរតាមទ្រង់ » ។
នៅពេលប៉ាបាននិយាយបញ្ចប់ការប្រសិទ្ធពរ អេមីលី មានអារម្មណ៍សប្បាយរីករាយ និងសេចក្តីសុខសាន្ត ។ នាងបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងប្រាប់នាងថាអ្វីគ្រប់យ៉ាងមិនថ្វីទេ ។ វាមិនថ្វីទេដែលនាងមិនល្អឥតខ្ចោះនោះ ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នាងអាចប្រែចិត្ត និងទទួលបានការអភ័យទោស ។ នាងមានការសោកស្តាយដែលនាងបានស្រែកដាក់យ៉ូណាស ហើយព្រះវរបិតាសួគ៌ជ្រាបដឹងថា នាងនឹងបន្តព្យាយាម ។
អេមីលី ញញឹមនៅពេលនាង និងប៉ាដើរត្រឡប់ទៅកន្លែងអង្គុយរបស់ពួកគេ ។ ពិធីសាក្រាម៉ង់មកដល់បន្ទាប់ ហើយអេមីលី កំពុងទន្ទឹងរង់ចាំពិធីនេះ ។