ប្រិយមិត្ត
ទង្វើ​ល្អ​ពេល​អាហារ​ថ្ងៃត្រង់
ខែ ឧសភា ឆ្នាំ ២០២៤


« ទង្វើ​ល្អ​ពេល​អាហារ​ថ្ងៃត្រង់ » ទស្សាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ៣៦–៣៧ ។

ទង្វើ​ល្អ​ពេល​អាហារ​ថ្ងៃត្រង់

តើ​ក្មេង​ប្រុស​ផ្សេងទៀត​សើច​ចំអក​ឲ្យ​គាត់​ដែរ​ឬ​ទេ ?

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ហ្វីលីពីន ។

ដេវ បាន​ឮ​ម្តាយ​របស់​គាត់​គោះទ្វារ​បន្ទប់គេង​របស់​គាត់ ។ វា​ដល់​ម៉ោង​ដែល​ត្រូវ​ក្រោក​ពី​ដំណេក ។ គាត់​រមៀល​ចុះ​ពី​គ្រែ ហើយ​លុបលាង​មុខ ។ បន្ទាប់មក​គាត់​បាន​ចូលរួម​ជា​មួយ​ម៉ាក់ ប៉ា និង​បងប្អូន​របស់​គាត់​នៅ​បន្ទប់​ខាងមុខ ។

ម៉ាក់​បាន​និយាយ​ថា « អរុណ​សួរស្តី » ។ ដេវ ញញឹម​ទាំង​ងងុយ​គេង ។ ក្រុម​គ្រួសារ​បាន​លុតជង្គង់ ហើយ​ប៉ា​បាន​អធិស្ឋាន​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​របស់​ពួកគេ ។

ម៉ាក់​បាន​និយាយ​ថា ៖ « ម៉ាក់​ចង់​ចែកចាយ​បទគម្ពីរ​ដ៏​អស្ចារ្យ​មួយ​នៅ​ព្រឹក​នេះ » ។ គាត់​បាន​បើក​ព្រះគម្ពីរ​មរមន ។ « វា​នៅ មរ៉ូណៃ ៧:៤៥ ។ ‹ សេចក្ដី​សប្បុរស តែងតែ​អត់ធ្មត់ ហើយ​ចិត្ត​ល្អ › »

ដេវ​បាន​គិត​អំពី​បទគម្ពីរ ពេល​គាត់​ត្រៀម​ខ្លួន​ទៅ​សាលា ។ មុន​ពេល​គាត់​ដើរ​ចេញ​ពី​ទ្វារ គាត់​បាន​អធិស្ឋាន ។ គាត់​បាន​អធិស្ឋាន​ថា ៖ « សូម​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​សប្បុរស​នៅ​ថ្ងៃ​នេះ » ។

ក្នុង​ថ្នាក់ ដេវ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ពេល​គាត់​ធ្វើ​កិច្ចការ​សាលា ។ គាត់​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ខណៈ​ដែល​អ្នក​គ្រូ ហ្រ្វីដា បាន​ឲ្យ​ពាក្យ​អក្ខរាវិរុទ្ធ​ថ្មី​មួយ​ចំនួន​ឲ្យ​ពួកគេ​រៀន ។

មិន​យូរ​ប៉ុន្មាន​ដល់​ម៉ោង​អាហារ​ថ្ងៃ​ត្រង់ ។ ដេវ បាន​ទិញ​ដំឡូង​ផ្អែម និង​ទឹក​ត្រជាក់​ខ្លះៗ ។ គាត់​អង្គុយ​ជាមួយ​មិត្តភក្តិ​របស់គាត់ ហើយ​ចាប់ផ្តើម​និយាយ​គ្នា ។

មិន​យូរ​ប៉ុន្មាន​គាត់​បាន​លឺ​ក្មេងៗ​មួយ​ចំនួន​នៅ​តុ​ជិត​នោះ ។ ក្មេង​ប្រុស​ពីរ​នាក់​កំពុង​ញ៉េះញ៉ោះ​ក្មេង​ប្រុស​ថ្មី​ឈ្មោះ ហូសេ ។ ហូសេ តូច​ជាង​អាយុ​របស់​គាត់ ប៉ុន្តែ​គាត់​ជា​មនុស្ស​ល្អ​ចំពោះ​អ្នក​ដទៃ ហើយ​បាន​ខិតខំ​រៀន ។ ក្មេង​ប្រុស​ផ្សេង​ទៀត​បាន​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ប៉ុន្តែ ហូសេ មិនមានអ្វី​ញុំា​ទេ ។

អាន់តូណ័យ បាន​សួរ​ថា « មិច​បាន​ជា​ឯង​ស្អុយ​ម្ល៉េះ ? តើ​ឯង​មិន​មាន​អាហារ​នៅផ្ទះ​ទេ​ឬ​អី ? »

ដេវ បាន​ងាក​ទៅ​ក្មេងប្រុសៗ​ទាន់ពេល បានឃើញ ជូខ្វីន យក​កាបូប​របស់ ហូសេ ហើយ​បោះ​វា​ទៅ​ឲ្យ​អាន់តូណ័យ ។ ហូសេ បាន​រត់​តាម អាន់តូណ័យ ដើម្បី​យក​កាបូប​របស់​គាត់​មកវិញ ។

ហូសេ បាននិយាយ​ថា « សូម​ឲ្យ​កាបូប​ខ្ញុំ​មក​ខ្ញុំ​វិញ » ។

ដេវ ក្រឡេក​មើល​ក្រោយ​ពេល​ក្មេង​ប្រុស​ផ្សេង​ទៀត​យក​កាបូប​ស្ពាយ​របស់ ហូសេ ។

ប៉ុន្តែ អាន់តូណ័យ និង ជូខ្វីន មិន​ស្តាប់ ។ ជូខ្វីន បាន​និយាយ​ថា « កាបូប​របស់​ឯង​ចាស់​ហើយ ហើយ​មិន​ស្អាត​ទេ » ។

ដេវ បាន​ឮ​ពាក្យ​មិនល្អ​ទាំងនេះ ប៉ុន្តែ​គាត់​ខ្លាច​ដើម្បី​ទៅ​ជួយ ហូសេ ។ តើ​ក្មេង​ផ្សេងទៀត​នឹង​គិត​បែប​ណា​ទៅ ? តើ ជូខ្វីន និង អាន់តូណ័យ សើច​ចំអក​នឹង​គាត់​ដែរ​ទេ ?

បន្ទាប់មក គាត់​បានគិត​អំពី​បទគម្ពីរ​ដែល​ម៉ាក់​បាន​អាន​នៅ​ព្រឹក​នោះ ។ សេចក្តី​សប្បុរស​គឺជា​ចិត្ត​ល្អ ។ ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​គាត់​មាន​ចិត្ត​សប្បុរស ។ វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ។

ដេវ ក្រោកឡើង ហើយ​តទល់​នឹង​ក្មេង​ប្រុស​ផ្សេង​ទៀត ។ « ឈប់​ធ្វើ​បាប ហូសេ ទៅ ។ សូម​ឲ្យ​កាបូប​ទៅ​គាត់​វិញ » ។

ជូខ្វីន បាន​សួរ​ថា « តើ​ឯង​មាន​បញ្ហា​អ្វី ? »

ដេវ បាន​និយាយ​ថា « ហេតុអី​ក៏​ពួកឯង​ធ្វើបាប ហូសេ ម្ល៉េះ ? គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ » ។ បន្ទាប់មក​គាត់​បានដក​ដង្ហើម​វែងៗ ។ « ព្រះយេស៊ូវ​ស្រឡាញ់​យើង​ទាំងអស់ ហើយ​ទ្រង់​ចង់​ឲ្យ​យើង​មាន​ចិត្ត​សប្បុរស ។ សូម​ឈប់​ធ្វើ​បាន ហូសេ ទៅ ។ ការធ្វើ​បាប​គេ​គឺជា​រឿង​ខុស ។ បើ​ពួក​ឯង​នៅ​តែ​ធ្វើ​ទៀត ខ្ញុំ​នឹង​ប្រាប់​អ្នកគ្រូ ហ្រ្វីដា ហើយ » ។

អាន់តូណ័យ បាន​ឈ្ងោកមើល​ស្បែកជើង​គាត់ ។ គាត់​បាន​ឲ្យ​កាបូប​ទៅ ហូសេ វិញ ។ គាត់​បាន​បន្ទាបខ្លួនដោយ​និយាយ​ថា « សូម​ទោស » ។ គាត់ និង ជូខ្វីន បាន​ត្រឡប់​ទៅ​កន្លែង​អង្គុយ​របស់​ពួកគេ ។

ហូសេ បាន​និយាយ​ថា « អរគុណ » ។

ដេវ បាន​ទះ​ស្មា​របស់ ហូសេ ។ « យើង​ជា​មិត្ត​នឹង​គ្នា​ឥឡូវនេះ » ។

ហូសេ បាន​ញញឹម ។

នៅផ្ទះ ដេវ បាន​ប្រាប់​គ្រួសារ​របស់​គាត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។

ប៉ា​បាន​និយាយ​ថា ៖ « វា​មិន​ងាយស្រួល​ទេ ប៉ុន្តែ​កូន​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ » ។

ម៉ាក់​បាន​និយាយ​ថា ៖ « ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ដែល​មាន​ចិត្ត​សប្បុរស ។

នៅ​ថ្ងៃ​បន្ទាប់​ពេល​ដែល​ម៉ាក់​ជួយ​ខ្ចប់​អាហារ​ថ្ងៃត្រង់​របស់​គាត់ ដេវ បាន​សួរ​ថា « តើ​យើង​អាច​ធ្វើ​នំ​សាំងវិច​ពីរ​បាន​ទេ ?

ហេតុអ្វី ? តើ​កូន​ឃ្លានពេក​មែន​ទេ ? » ម៉ាក់​បានសួរ ។

ដេវ សើច ។ « ទេ ប៉ុន្តែ​កាល​ពី​ម្សិលមិញ ខ្ញុំ​បានសង្កេត​ឃើញ​ថា ហូសេ មិន​មាន​អី​ហូប​ទេ ។ កូន​ចង់​ចែកចាយ​របស់​កូន​ខ្លះ​ឲ្យ​ទៅ​គាត់ » ។

« នោះ​ជា​គំនិត​ល្អ​ណាស់ ! » ម៉ាក់​បានយក​នំប៉័ងមក​បន្ថែម ហើយ​ដេវ​ធ្វើ​សាំងវិច​មួយ​ទៀត ។

នៅពេល​អាហារ​ថ្ងៃត្រង់ ដេវ និង ហូសេ បាន​អង្គុយ​ញ៉ាំ​នំ​សាំងវិច​ជាមួយ​គ្នា ។ វា​ទាមទារ​ឲ្យ​មាន​សេចក្តី​ក្លាហាន​ដើម្បី​បញ្ឈប់​ក្មេង​ដទៃទៀត​ឈប់​ធ្វើ​បាប​ហូសេ ។ ប៉ុន្តែ ដេវ ស្រឡាញ់​មិត្ត​ថ្មី​របស់​គាត់ ហើយ​គាត់​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​រីករាយ​ដែល​គាត់​បាន​ជ្រើសរើស​ធ្វើ​ទង្វើ​ល្អ ។

ដេវ និង ហូសេ ញ៉ាំ​ជា​មួយគ្នា
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន