« ជំនួបជាមួយនឹងអែលឌើរ ផាទ្រីក ខៀរ៉ុន » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៧ ។
សាវកថ្មីដែលបានហៅ
ជំនួបជាមួយនឹងអែលឌើរ ផាទ្រីក ខៀរ៉ុន
សម្រួលចេញពី Trent Toone « The ‹ beautiful › and ‹ stretching › life experiences that prepared Elder Kearon to be an Apostle » ChurchNews ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ ។
អែលឌើរ ផាទ្រីក ខៀរ៉ុន ជាសមាជិកថ្មីបំផុតមួយរូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ លោកបានកើត និងធំឡើងនៅប្រទេសអង់គ្លេស ។ លោក និងគ្រួសាររបស់លោកក៏បានរស់នៅអារ៉ាប៊ី សាអ៊ូឌីត ខណៈដែលឪពុករបស់លោកមានការងារនៅទីនោះ ។ លោកត្រូវបានហៅជាសាវកនៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ ។
កាលជាយុវមជ្ឈិមវ័យ អែលឌើរ ខៀរ៉ុន បានជួបពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួននៅទីក្រុងឡុងដ៍ ដែលមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប៉ុន្តែមិនចាប់អារម្មណ៍នឹងសាររបស់ពួកគេទេ ។ ក្រោយមក ពួកអ្នកផ្សព្វផ្សាយសាសនាបានចាប់ផ្ដើមបង្រៀនលោកអំពីដំណឹងល្អ ហើយលោកទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ ខណៈដែលលោកកំពុងរៀនបន្ថែមទៀតអំពីសាសនាចក្រ អែលឌើរ ខៀរ៉ុន បានទទួលពរនៃបព្វជិតភាព ។ លោកបាននិយាយថា វាគឺជាបទពិសោធន៍ដ៏ស្រស់ស្អាតមួយ ដែលបានជួយលោកឲ្យសម្រេចចិត្តចូលរួមក្នុងសាសនាចក្រ ។ លោកបានទទួលពិធីបុណ្យជ្រមុជទឹកនៅថ្ងៃឆ្លងបុណ្យគ្រីស្ទម៉ាស់ នៅពេលលោកមានអាយុ ២៦ ឆ្នាំ ។
អែលឌើរ ខៀរ៉ុន និងភរិយារបស់លោកគឺ ជេនីហ្វឺ មានកូនបួននាក់ ។ កូនដំបូងរបស់ពួកលោកបានស្លាប់កាលពីទារក ។ នេះជាគ្រាដ៏សោកសៅមួយសម្រាប់អែលឌើរ និង ស៊ិស្ទើរ ខៀរ៉ុន ។ ប៉ុន្តែវាបានជួយពង្រឹងសេចក្តីជំនឿរបស់ពួកលោកទៅលើការរស់ឡើងវិញ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ ខៀរ៉ុន ត្រូវបានហៅជាពួកចិតសិបនាក់ ដែលមានសិទ្ធិអំណាចទូទៅនៅ ខែ មេសា ឆ្នាំ ២០១០ ។ លោកចូលចិត្តមើលសមាជិកសាសនាចក្រជួយមនុស្សដែលខ្វះខាតនៅជុំវិញពិភពលោក ។
អែលឌើរ ខៀរ៉ុន មានអំណរគុណចំពោះផែនការនៃសេចក្ដីសង្គ្រោះ ។ លោកដឹងថាសូម្បីតែអំឡុងពេលលំបាកក្ដី ក៏យើងតែងតែអាចមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះបានជានិច្ចដែរ ។