ប្រិយមិត្ត
ម៉ោង​អាន​ដំណើរ​រឿង​ព្រះ​គម្ពីរ
ខែ ឧសភា ឆ្នាំ ២០២៤


« ម៉ោង​អាន​ដំណើរ​រឿង​ព្រះ​គម្ពីរ » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៣០–៣១ ។

ម៉ោង​អាន ដំណើរ​រឿងព្រះគម្ពីរ

« តើ​មាន​នរណា​ម្នាក់​មាន​សៀវភៅ​ដែល​ចង់​ឲ្យ​ខ្ញុំ​អាន​នៅ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ ? » លោក អូតូ បាន​សួរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ហ្គាណា ។

លោក អូតូ បាន​និយាយ​ថា  « ដល់​ម៉ោង​អំណាន​ហើយ » ។

នីម៉ាអ៊ី អង្គុយ​ត្រង់ខ្លួន ។ ម៉ោងអំណាន​គឺ​សប្បាយ​ណាស់ !

ជា​រៀង​រាល់ថ្ងៃ​នៅ​សាលា​រៀន គ្រូបង្រៀន​របស់​ពួកគេ​អាន​សៀវភៅ​ឮៗ​ឲ្យ​សិស្ស​ស្ដាប់ ។ ពេលខ្លះ​គាត់​អាន​អំពី​សត្វ ។ ពេល​ខ្លះ​គាត់​អាន​អំពី​មនុស្ស​នៅ​ប្រទេស​ផ្សេងៗ ។ ហើយ​ពេលខ្លះ​គាត់​បាន​សួរ​សិស្ស​ក្នុង​ថ្នាក់​ថា​តើ​ពួកគេ​មាន​សៀវភៅ​ណា​ដែល​ពួកគេ​ចង់​ឲ្យ​គាត់​អាន​ឬទេ ។

« តើ​មាន​នរណា​ម្នាក់​មាន​សៀវភៅ​ដែល​ចង់​ឲ្យ​ខ្ញុំ​អាន​នៅ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ ? » លោក អូតូ បាន​សួរ ។

នីម៉ាអ៊ី បានលើក​ដៃ​ឡើង ។ « ខ្ញុំ​មាន ! គាត់​លូក​ដៃ​ចូល​កាតាប​របស់​គាត់ ហើយ​ទាញ​សៀវភៅ​ដែល​គាត់​ចូលចិត្ត​មក ។ នេះ​ជា​ដំណើររឿង​នៃ​ព្រះគម្ពីរ​មរមន ! គាត់​បាន​យក​សៀវភៅ​នេះ​ដើម្បី​មក​អាន​ក្រោយចេញពី​រៀន នៅពេល​គាត់​រង់ចាំ​ម្តាយ​គាត់​មក​ទទួល​គាត់ ។ ការមើល​ឃើញ​រូបភាព​បាន​ជួយ​គាត់​ឲ្យ​យល់​អំពី​ដំណើររឿង​ក្នុង​ព្រះគម្ពីរ ។

លោក អូតូ ញញឹម​ពេល​ឃើញ​សៀវភៅ​ធំ​នោះ ។ « យើង​នឹង​មិន​មាន​ពេល​អាន​វា​ទាំង​អស់​នោះ​ទេ ។ តើ​មាន​ផ្នែក​ណា​មួយ​ដែល​ប្អូន​ចង់​ឲ្យ​ខ្ញុំ​អាន​ដែរ​ឬ​ទេ ?

នីម៉ាអ៊ី បាន​ឆ្លើយ​ថា « បាទ​មាន » ។ គាត់​បាន​បើក​រក​ទំព័រ រហូតឃើញ​ដំណើររឿង​ដែល​គាត់​ចូលចិត្ត ។ « សូម​លោក​គ្រូ​អាន​ដំណើររឿង​នេះ​បាន​ទេ ? ដំណើររឿង​នេះ​គឺជា ‹ សុបិន​របស់​លីហៃ › » ។

« តើ​ដំណើររឿង​នេះ​អំពី​អ្វី​ទៅ ? » លោក អូតូ បាន​សួរ ។

« ដំណើររឿង​នេះ​គឺ​អំពី​ព្យាការី​ម្នាក់​ដែល​មាន​ការនិមិត្តមួយ ។ លោក​បានឃើញ​ដើម​ឈើ​ដ៏​ស្រស់​ស្អាត​មួយ​មាន​ផ្លែ​ដ៏​ឆ្ងាញ់ » ។ នីម៉ាអ៊ី ចង្អុល​ទៅ​រូបភាព​ដើមឈើ​នោះ ។ « លោក​ចង់​ឲ្យ​គ្រួសារ​របស់​លោក​ហូប​ផ្លែ​ឈើ​នោះ​ជាមួយ​លោក ។ សូម​លោក​គ្រូ​អាន​បាន​ទេ ? » នីម៉ាអ៊ី បាន​ហុច​សៀវភៅ​ទៅ​លោក​គ្រូ​របស់​គាត់ ។

« ពិត​ជា​បាន » លោក អូតូ បាន​និយាយ បន្ទាប់មក​គាត់​ចាប់ផ្តើម​អាន​ឮៗ ។ គាត់​បាន​អាន​អំពី​ផ្លូវ​តូច និង​ចង្អៀត​ដែល​នាំ​ទៅ​រក​ដើមឈើ​នោះ ។ គាត់​បាន​អាន​អំពី​ដំបង​ដែក ។ ហើយ​គាត់​បាន​អាន​អំពីការ​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ។

គ្រូបង្រៀន​អាន​សៀវភៅ​ឲ្យ​កុមារ​ស្ដាប់

មិត្តភក្តិ​របស់ នីម៉ាអ៊ី មាន​ឈ្មោះ​ថា ស៊ីឡ័ម បាន​លើក​ដៃ​របស់​គាត់​ឡើង ។ គាត់​បានសួរ នីម៉ាអ៊ី ​ថា « តើ​វា​ជា​ដើមឈើ​បែប​ណា​ទៅ ? »

នីម៉ាអ៊ី បាននិយាយ​ថា « ខ្ញុំ​មិន​ដឹង​ទេ ។ « ប៉ុន្តែ​ផ្លែ​ឈើ​នោះ​គឺ​ឆ្ងាញ់​ណាស់ ។ ផ្លែឈើ​នោះ​ប្រាកដ​ជា​ឆ្ងាញ់​ជាង​ផ្លែ​ស្វាយ​ទៅ​ទៀត ! » បន្ទាប់មក នីម៉ាអ៊ី បាន​ឈប់​គិត​មួយ​ភ្លែត ។ « នៅ​ឯ​ព្រះវិហារ ខ្ញុំ​បានរៀន​ថា ផ្លែឈើ​នេះ​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ ដូច្នេះ វា​សម​ហេតុ​ផល​ដែល​ថា វា​ឆ្ងាញ់​ហើយ​ពិសេស​នោះ ! » ។

ពេល​រៀន​ចប់ នីម៉ាអ៊ី បាន​អង្គុយ​នៅ​ខាងក្រៅ​ដើម្បី​រង់ចាំ​ម្តាយ​របស់​គាត់ ។ គាត់​បាន​ទាញ​សៀវភៅ​ដំណើររឿង​ព្រះគម្ពីរ​មរមន​ចេញ​ដើម្បី​អាន​បន្ថែម​ទៀត ។

ស៊ីឡ័ម បាន​និយាយថា « សៀវភៅ​នោះ​ឡូយ​ណាស់ » ។ គាត់​អង្គុយ​ក្បែរ នីម៉ាអ៊ី ។ « តើ​ខ្ញុំ​អាច​អាន​ដំណើររឿង​មួយ​ទៀត​ជាមួយ​ឯង​បាន​ទេ ? »

« បាទ​បាន ! » នីម៉ាអ៊ី បាន​បើក​ទៅ​រក​ដំណើររឿង​មួយ​ទៀត ។ ពួកគេ​បាន​អាន​អំពី​អ័ប៊ីណាដៃ និង​ស្តេច​ណូអេ ។

មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​កាន់តែ​ច្រើន​ទៀត​បាន​មក​ស្តាប់ ។ នៅពេល​ពួកគេ​មាន​សំណួរ នីម៉ាអ៊ី បាន​ឆ្លើយ​សំណួរទាំងនោះ ។ គាត់​ថែម​ទាំង​បាន​សួរ​សំណួរ​ទៅពួកគេ ដើម្បី​សួរ​ពួកគេ​អំពី​ដំណើររឿង​ដែល​ពួកគេ​អាន !

មិន​យូរ​ប៉ុន្មាន នីម៉ាអ៊ី បាន​ឃើញ​ម្តាយ​គាត់​ដើរ​ទៅរក​ពួកគេ ។ គាត់​បាន​និយាយ​ទៅ​កាន់​ក្មេងៗ​ផ្សេង​ទៀត​ថា « អរគុណ​ដែល​បាន​អាន​ជាមួយ​ខ្ញុំ » ។ គាត់​បិទ​សៀវភៅ ហើយ​ញញឹម ។ គាត់​សប្បាយ​ចិត្ត​ដែល​មិត្តភក្តិ​របស់​គាត់​ចូលចិត្ត​ដំណើររឿង​ដែល​គាត់​ចូលចិត្ត​យ៉ាងខ្លាំង ​ដូច​គាត់​ដែរ ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស្សិន លីវ