« លេងចត្រង្គដើម្បីមិត្តភាព » ទស្សនាវដ្ដី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ១៤–១៥ ។
លេងចត្រង្គដើម្បីមិត្តភាព
តើពួកគេលេងដោយរបៀបណាទៅបើពួកគេមិនយល់គ្នាផង ?
ដំណើររឿងនេះបានកើតឡើងនៅប្រទេសអាល្លឺម៉ង់ ។
« មានពន្លឺភ្លឺក្នុងចិត្តខ្ញុំរាល់ថ្ងៃ ! » ម៉ាតវីអី បានច្រៀង ។ ម្តាយ និងប្អូនប្រុសរបស់គាត់ ឈ្មោះ ធីម៉ូហ្វីអ៊ី បានច្រៀងជាមួយគាត់ ។ វាងងឹតទៅហើយនៅខាងក្រៅតាមបង្អួចឡាន ។ ប៉ុន្តែបទចម្រៀងនេះបានជួយអ្វីគ្រប់យ៉ាងឲ្យមានអារម្មណ៍ស្រស់ស្រាយបន្តិច ។
វាជាពេលវេលាដ៏គួរឲ្យភ័យខ្លាចសម្រាប់ ម៉ាតវីអ៊ី និងក្រុមគ្រួសាររបស់គាត់ ។ ពួកគេបានផ្លាស់មកនៅប្រទេសអាល្លឺម៉ង់ ដោយសារតែផ្ទះរបស់ពួកគេមិនមានសុវត្ថិភាពទៀតទេ ។ ពួកគេបានធ្វើដំណើរបានពីរថ្ងៃហើយ ឥឡូវពួកគេជិតដល់ទីនោះហើយ ។ ប៊ីស្សពនៅប្រទេសអាល្លឺម៉ង់នេះបាននាំពួកគេទៅកន្លែងស្នាក់នៅ ។
ម៉ាតវីអ៊ី រីករាយដែលព្រះវរបិតាសួគ៌បានជួយពួកគេទៅដល់ប្រទេសអាល្លឺម៉ង់ដោយសុវត្ថិភាព ។ ប៉ុន្តែគាត់នឹកប៉ាគាត់ ។ គាត់ត្រូវចាកចេញពីប្រទេសរបស់ពួកគេដោយសារតែសង្គ្រាម ។ ម៉ាតវីអ៊ី បារម្ភពីប៉ាគាត់ខ្លាំងណាស់ ។
ប៊ីស្សពបានចតឡាននៅខាងក្រៅផ្ទះមួយ ។ « សូមស្វាគមន៍មកកាន់ផ្ទះខ្ញុំ » ។
ម៉ាតវីអ៊ី ទាញការបូបរបស់គាត់ ហើយដើរតាមក្រុមគ្រួសាររបស់គាត់ចូលទៅខាងក្នុង ។ វាស្ងាត់ណាស់ ។ គ្រួសាររបស់ប៊ីស្សពច្បាស់ជាសម្រាន្តអស់ហើយ ។
ប៊ីស្សពបានមានប្រសាសន៍ថា « អ្នកអាចស្នាក់នៅក្នុងបន្ទប់របស់ ម៉ាត និង ឡ័រ បានខណៈពេលដែលអ្នកនៅទីនេះ ។
ម៉ាក់និយាយថា ៖ « ចាំបន្តិច » ។ « ពួកគេមិនចាំបាច់លះបង់បន្ទប់ឲ្យយើងទេ » ។
ប៊ីស្សពបានញញឹម ។ « ពួកគេសប្បាយចិត្តនឹងលះបង់បន្ទប់ឲ្យ ។ ពួកយើងចង់ឲ្យអ្នកមានអារម្មណ៍មានផាសុកភាព » ។
ម៉ាក់បានងក់ក្បាល ។ « អរគុណ » ។
នៅពេលព្រឹក ម៉ាតវីអ៊ី និង ធីម៉ូហ្វីអ៊ី បានទៅផ្ទះបាយដើម្បីទទួលទានអាហារពេលព្រឹក ។ ប៊ីស្សពអង្គុយនៅតុជាមួយក្មេងប្រុស និងក្មេងស្រីម្នាក់ ។ ពួកគេមើលទៅមិនធំជាង ម៉ាតវីអ៊ី ទេ ។
ប៊ីស្សពបានមានប្រសាសន៍ថា « ទាំងនេះជាកូនរបស់ខ្ញុំ ម៉ាត និង ឡ័រ » ។
ធីម៉ូហ្វីអ៊ី បាននិយាយថា « រីករាយដែលបានជួបឯង » ។
ម៉ាត និង ឡ័រ មើលទៅច្របូកច្របល់បន្ដិច ។
ប៊ីស្សពបានមានប្រសាសន៍ថា ៖ « ពួកគេមិននិយាយភាសាដូចកូនទេ ។ ប៉ុន្តែប៉ាប្រាកដចិត្តថាកូននឹងក្លាយជាមិត្តល្អនឹងគ្នា » ។
ម៉ាតវីអ៊ី បានធ្វើមុខក្រៀមក្រំ ។ តើពួកគេអាចក្លាយជាមិត្តនឹងគ្នាដោយរបៀបណាបើពួកគេមិនអាចនិយាយគ្នាផង ? គាត់មានអារម្មណ៍ថាពន្លឺព្រះអាទិត្យ ដែលគាត់បានច្រៀងពីយប់មិញបានរលត់ទៅហើយ ។
បន្ទាប់ពីពួកគេទទួលទានរួច ម៉ាត និង ឡ័រ បានបង្ហាញបន្ទប់លេងមួយដល់ពួកគេ ។ ក្មេងតូចពីរនាក់កំពុងលេងជាមួយនឹងប្រដាប់ក្មេងលេង ។ ម៉ាតវីអ៊ី ទាយថាពួកគេជាប្អូនរបស់ ម៉ាត និង ឡ័រ ។
ម៉ាត បាននិយាយអ្វីមួយ ។ វាស្តាប់ទៅដូចជាសំណួរ ប៉ុន្តែ ម៉ាតវីអ៊ី មិនដឹងថា គាត់និយាយអ្វីនោះទេ ។ ម៉ាត អង្គុយចុះ ហើយបើកប្រអប់សន្លឹកកាតមួយ ។ គាត់បានតម្រៀបវាជាគំនរ ។ បន្ទាប់មកគាត់និង ឡ័រ បានរើសសន្លឹកកាតរបស់ពួកគេ ។ ម៉ាតវីអ៊ី ចង់លេង ។ ប៉ុន្តែគាត់មិនដឹងថាលេងដោយរបៀបណាទេ !
ម៉ាត ដាក់កាតមួយហើយមើល ម៉ាតវីអ៊ី ។ គាត់បាននិយាយអ្វីមួយម្តងទៀត ។
ម៉ាតវីអ៊ី ចង់យំ ។ គាត់មិនចង់រស់នៅប្រទេសអាល្លឺម៉ង់ទេ ប្រសិនបើគាត់មិនអាចយល់ពីនរណាម្នាក់នោះ ។
ឡ័រ និយាយអ្វីមួយទៅកាន់ ម៉ាត បន្ទាប់មកក៏រត់សំដៅទៅរកទូ ។ នាងត្រឡប់មកវិញ ហើយរៀបចំល្បែងថ្មីនៅលើឥដ្ឋ ។
ម៉ាតវីអ៊ី បានស្គាល់ល្បែងនោះ ។ បំណែកឈើនោះមើលទៅដូចជារបស់ដែលគាត់មាននៅផ្ទះដែរ ។ វាគឺជាល្បែងចត្រង្គ ! គាត់បានលេងចត្រង្គជាមួយប៉ាអស់ជាច្រើនម៉ោង ។ ម៉ាតវីអ៊ី បានងក់ក្បាលដោយរីករាយ ។ គាត់ចេះលេងល្បែងនេះ ។
ឡ័រ ញញឹមពព្រាយ ហើយចាប់ផ្តើមរៀបចំបំណែកដុំទាំងអស់ ។
ម៉ាតវីអ៊ី បានដើរត្រីរបស់គាត់ទៅលើក្រឡាអុកទីពីរ ហើយចាំមើល ឡ័រ ដើរសេះរបស់នាង ។ បន្ទាប់មក ម៉ាតវីអ៊ី បានផ្លាស់ប្តូរគោលរបស់គាត់ទៅកន្លែងសេះរបស់ ឡ័រ ។ គាត់ និង ធីម៉ូហ្វីអ៊ី អរសប្បាយណាស់ ។ ឡ័រ ធ្វើសំឡេងមិនសប្បាយចិត្ត ប៉ុន្តែនាងញញឹម ។
ពួកគេបានលេងយ៉ាងយូរ ។ មិនយូរប៉ុន្មានពួកគេបានសើច ។ ពួកគេមិនបានយល់ពាក្យរបស់គ្នាទៅវិញទៅមក ប៉ុន្តែពួកគេនៅតែសប្បាយរីករាយបាន ។
ប៉ុន្មានសប្តាហ៍បន្ទាប់មក ពួកគេបានរកឃើញល្បែងផ្សេងទៀតដែលពួកគេទាំងអស់គ្នាចេះលេង ។ ពួកគេបានលេងបាល់ទាត់នៅខាងក្រៅជាមួយក្មេងអាល្លឺម៉ង់ផ្សេងទៀត ។ ម៉ាតវីអ៊ី បានរៀនពាក្យពីរបីជាភាសាអាល្លឺម៉ង់ផងដែរ ។ ពេលខ្លះគាត់ធ្វើខុស ប៉ុន្តែគាត់នៅតែព្យាយាម ។
ម៉ាតវីអ៊ី នៅតែនឹកប៉ា និងផ្ទះរបស់គាត់ ។ ប៉ុន្តែគាត់មានអំណរគុណដែលព្រះវរបិតាសួគ៌បានជួយគាត់បង្កើតមិត្តថ្មី ។