« ដូចយ៉ូសែបដែរ » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៥ ទំព័រ ៤–៥ ។
ងាយស្រួលសម្រាប់អ្នកអាន
ដូចយ៉ូសែបដែរ
តើ យ៉ូសែប ស្ម៊ីធ ពិតជាបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមែនឬ ?
ដំណើររឿងពិតមកពីប្រទេសហ្វីលីពីន
លីនសេយ៍ បានលោតចុះឡើងនៅកៅអីអង្គុយរបស់នាង ដែលនៅក្បែរម៉ាក់របស់នាង ខណៈដែលឡានហ្សីពបើកបរឆ្លងកាត់ក្រុង ។ ថ្ងៃអាទិត្យជាថ្ងៃដែលលីនសេយ៍ចូលចិត្ដជាងគេក្នុងសប្ដាហ៍ ! នាងចូលចិត្តទៅអង្គការបឋមសិក្សា ហើយរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
ឡានហ្សីពបានឈប់នៅឯចំណត ។ ម៉ាក់បានកាន់ដៃរបស់លីនសេយ៍ នៅពេលដែលពួកគេដើរទៅកាន់ព្រះវិហារ ។
បន្ទាប់ពីការប្រជុំសាក្រាម៉ង់ លីនសេយ៍បានដើរទៅកាន់អង្គការបឋមសិក្សាជាមួយមិត្ដរបស់នាងឈ្មោះម៉ារា ។ នៅលើក្ដារខៀន មានរូបភាពយុវជនម្នាក់កំពុងអធិស្ឋាននៅក្នុងព្រៃ ។
« អរុណសួស្ដី ! គ្រូរបស់ពួកគេគឺបងស្រី គ្រូស បានចង្អុលទៅកាន់រូបភាពនោះ ។ «តើមានប្អូនៗណាដឹងទេថា នេះគឺជានរណា ? »
« នោះគឺជា យ៉ូសែប ស្ម៊ីធ ! » លីនសេយ៍បានឆ្លើយ ។
បងស្រី គ្រូស បានញញឹម ។ « ចាស នោះត្រឹមត្រូវហើយ ។ ហើយតើ យ៉ូសែប ស្ម៊ីធ បានធ្វើអ្វីខ្លះ ? »
លីនសេយ៍បានក្រឡេកមើលទៅរូបភាពនោះវិញ ។ នាងបានដឹងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការី ប៉ុន្តែនាងមិនបានដឹងច្រើនជាងនេះទៀតទេ ។
ម៉ារាបាននិយាយថា « លោកគឺជាព្យាការីទីមួយរបស់ព្រះវិហាររបស់យើង » ។
បងស្រី គ្រូស និយាយថា « នេះគឺត្រឹមត្រូវទៀតហើយ ! » « កាលយ៉ូសែបនៅក្មេង លោកមិនដឹងថាព្រះវិហារមួយណាដែលលោកត្រូវចូលរួមនោះទេ ។ លោកបានចូលទៅក្នុងព្រៃ ហើយបានអធិស្ឋានទៅកាន់ព្រះ ដើម្បីដឹងថាតើព្រះវិហារមួយណាដែលពិត ។ លោកក៏បានទូលសុំការអភ័យទោសចំពោះអំពើបាបរបស់លោកផងដែរ ។ នៅពេលដែលលោកអធិស្ឋាន ពន្លឺដ៏ភ្លឺចែងចាំមួយបានលេចឡើង ។ តើប្អូនៗដឹងទេថា នរណាដែលនៅក្នុងពន្លឺនោះ ? »
លីនសេយ៍ និងមិត្ដរួមថ្នាក់ផ្សេងទៀតបានរង់ចាំ ។
បងស្រី គ្រូស បានដាក់រូបភាពមួយទៀតនៅលើក្ដារខៀន ។ រូបមួយនេះបានបង្ហាញនូវតួអង្គបុរសពីរនាក់ឈរនៅលើអាកាសពីលើ យ៉ូសែប ស៊្មីធ ។ ទ្រង់ទាំងទ្វេពាក់អាវវែងពណ៌ស ហើយភ្លឺយ៉ាងចែងចាំង ។
បងស្រី គ្រូស បាននិយាយថា « ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយទៅកាន់ យ៉ូសែប » ។ « ទ្រង់ទាំងទ្វេបានមានបន្ទូលប្រាប់លោកថា លោកនឹងត្រូវស្ដារសាសនាចក្ររបស់ព្រះយេស៊ូវឡើងវិញ ។ យើងហៅការណ៍នេះថាជា ការនិមិត្ដដំបូង » ។
លីនសេយ៏បានលើកដៃឡើង បើកភ្នែកធំៗ ។ នាងបានសួរថា « តើនេះជាការពិតឬ ? »
បងស្រី គ្រូស បានងក់ក្បាល ។ « ចាស វាជាការពិត ! »
លីនសេយ៍បានមានអារម្មណ៍កក់ក្ដៅ ។ នាងបានដឹងថាអ្វីដែលបងស្រី គ្រូស បាននិយាយគឺជាការពិត ។
នៅយប់នោះ លីនសេយ៍បានបន្តគិតអំពី យ៉ូសែប ស្ម៊ីធ ។ នាងបានសួរថា « ម៉ាក់ តើកូនអាចមើលឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវដូចដែល យ៉ូសែប ស្ម៊ីធ បានមើលឃើញដោយរបៀបណាទៅ ? »
ម៉ាក់បានឱបលីនសេយ៍យ៉ាងណែន ។ « ពួកយើងភាគច្រើននឹងមិនមើលឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវដូចដែល យ៉ូសែប ស្ម៊ីធ បានមើលឃើញនោះទេ ។ ប៉ុន្តែទ្រង់ទាំងទ្វេនៅតែអាចមានព្រះបន្ទូលមកកាន់យើងតាមរយៈគំនិត និងអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក កូនអាចដឹងថាទ្រង់ទាំងទ្វេគឺគង់នៅជាមួយកូនជានិច្ច » ។
លីនសេយ៍បានគិតអំពីរបៀបដែលដួងចិត្ដរបស់នាងមានអារម្មណ៍កក់ក្តៅ នៅពេលបងស្រី គ្រូស បានប្រាប់ពួកគេអំពីការនិមិត្ដដំបូង ។ នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបានផ្ញើសារមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមកកាន់់នាង ! នាងបានញញឹម ហើយឱបម៉ាក់របស់នាងវិញ ។ ទ្រង់ទាំងទ្វេ បានមានបន្ទូលមកកាន់នាង ដូចដែលទ្រង់ទាំងទ្វេបានមានបន្ទូលទៅកាន់ យ៉ូសែប ស្ម៊ីធ ដូច្នោះដែរ !