ប្រិយមិត្ត
ការបោះជំរំ​នៅក្នុង​ផ្ទះ​ពេលថ្ងៃ​មាន​ភ្លៀង
ខែ​ធ្នូ ឆ្នាំ​២០២៤


« ការបោះជំរំ​នៅ​ក្នុង​ផ្ទះ​ពេលថ្ងៃ​មាន​ភ្លៀង » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ១៦-១៧ ។

ការបោះជំរំ​នៅក្នុង​ផ្ទះ​ពេលថ្ងៃ​មាន​ភ្លៀង

ហេតុអ្វី​ព្រះវរបិតា​សួគ៌​មិន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​នាង ?

ដំណើររឿង​ពិត​មកពី ស.រ.អា.

« ការប្រកួត​របស់​ខ្ញុំ​គឺ​នៅ​ថ្ងៃស្អែក ត្រូវ​ទេ » ? លូស៊ី​បាន​សួរ នៅ​ពេល​ដែល​ម៉ាក់​បាន​ដណ្ដប់​ភួយ​ឲ្យ​នាង ។

ម៉ាក់​បាន​ងក់​ក្បាល ។ « ច៎ាស ! នៅ​ថ្ងៃ​ស្អែក ម៉ោង ៦:០០ ល្ងាច » ។

លូស៊ី​ស្ទើរ​តែ​ពុំ​អាច​រង់ចាំ​បាន ។ នាង​បាន​ទន្ទឹង​រង់ចាំ​ការប្រកួត​កីឡា softball ដំបូង​របស់​ក្រុម​នាង​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ ។ ហើយ​ឆ្នាំ​នេះ​អាវ​កីឡា​របស់​ពួកគេ​គឺ​ពណ៌​ផ្កាឈូក ! នាង​រំភើប​រហូត​ដល់​នាង​ពិបាក​នឹង​គេង​លក់ ។

ប៉ុន្តែ​ព្រឹក​ឡើង លូស៊ី​បាន​សម្លឹង​មើល​ទៅក្រៅ​បង្អួច ហើយ​បាន​ជ្រួញ​ចិញ្ចើម ។ មាន​ពពក​ខ្មៅ​យ៉ាង​អាប់អួ​នៅ​លើ​មេឃ ហើយ​មាន​ទឹក​ដក់​គ្រប់​ទិសទី​ទៀត ។ មេឃ​បាន​ភ្លៀង​ពេញ​មួយ​យប់ ។

នាង​បាន​លុតជង្គង់​ដើម្បី​ពោលពាក្យ​អធិស្ឋាន​ពេលព្រឹក​របស់​នាង ។ « ឱ ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់ សូម​ទ្រង់​មេត្តា​ជួយ​ឲ្យ​អាកាសធាតុ​អំណោយផល​ដល់​ការប្រកួត​កីឡា softball របស់​កូន​នៅ​ល្ងាច​នេះ​ផង » ។

ពេញ​មួយ​ថ្ងៃ​នៅ​សាលារៀន លូស៊ី​បាន​គិត​អំពី​ការ​ប្រកួត​នេះ ។ នាង​បាន​ស្រមៃ​ឃើញ​ខ្លួន​នាង​ពាក់​អាវ​កីឡា​ពណ៌​ផ្កាឈូក​ថ្មី​របស់​នាង ឈោងដៃ​ទៅ​ចាប់​បាល់​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ ។ ប៉ុន្តែ​នៅ​ខាងក្រៅ នៅតែ​មាន​ភ្លៀង​ធ្លាក់ ហើយ​សើម​ដដែល ។

លូស៊ី​បាន​ធ្វើ​ការអធិស្ឋាន​ដ៏​ខ្លី​មួយ​នៅ​ក្នុង​គំនិត​របស់​នាង ។ ព្រះវរបិតាសួគ៌ ! សូម​ទ្រង់​ជួយ​ឲ្យ​មេឃ​បើក​ថ្ងៃ​ឲ្យ​បាន​ឆាប់​ដើម្បី​ពួកយើង​អាច​ប្រកួត​បាន​នៅ​ល្ងាច​នេះ ។

នៅ​ពេល​កណ្តឹង​សាលា​បាន​រោទ៍ លូស៊ី​បាន​ចាប់យក​កាបូប​ស្ពាយ​របស់​នាង ហើយ​រត់​ទៅ​ខាងក្រៅ ។ នាង​អាច​មើល​ឃើញ​ព្រះអាទិត្យ​ចាប់ផ្ដើម​លេចចេញ​ពី​ខាងក្រោយ​ដុំពពក !

ប៉ុន្តែ​ពេល​ម៉ាក់​មក​ទទួល​នាង ម៉ាក់​បាន​ប្រាប់​ដំណឹង​អាក្រក់​មួយ ។ ម៉ាក់​បាន​និយាយ​ថា « ការប្រកួត​យប់​នេះ​គឺ​ត្រូវបាន​លុបចោល​ហើយ » ។ « ម៉ាក់​សូមទោស » ។

លូស៊ី​បាន​សម្លឹង​មើល​មេឃ « ប៉ុន្ដែ ចាប់ផ្ដើម​បើកថ្ងៃ​ហើយ​តើ ! មេឃ​អាច​នឹង​ឈប់​ភ្លៀង » ។

ម៉ាក់​បាន​និយាយ « ម៉ាក់​ដឹង » ។ « ប៉ុន្ដែ​នៅ​ទីលាន​កីឡា softball មាន​ទឹកជន់​ដោយសារ​តែ​ទឹកភ្លៀង ។ ដូច្នេះ​ទោះបីជា​រាំង​ភ្លៀង​ក្តី ក៏​ទីលាន​សើម​ខ្លាំង ហើយ​មាន​ភក់ មិន​អាច​លេង​កីឡា​បានទេ ។ ពួកគេ​នឹង​ដាក់​កាលវិភាគ​ការប្រកួត​ឡើងវិញ​នៅពេលក្រោយ » ។

លូស៊ី​បាន​ស្រក់​ទឹក​ភ្នែក ។ នាង​ពិតជា​ខកចិត្ដ​ណាស់ ! នាង​ពិត ជា​ ចង់​ប្រកួត​នៅ​ល្ងាច​នេះ​ខ្លាំងណាស់ ។ ហេតុអ្វី​ព្រះវរបិតា​សួគ៌​មិន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​នាង ?

ក្មេង​ស្រី​កំពុងសម្លឹង​ទៅ​ក្រៅ​បង្អួច មើល​ទៅ​ពពក​ខ្មៅ និង​ទឹកភ្លៀង

នៅផ្ទះ លូស៊ី​មាន​អារម្មណ៍​មិន​សប្បាយចិត្ដ ហើយ​មួម៉ៅ​ដូចជា​ពពក​ដែល​បង្អុរ​ភ្លៀង​ដូច្នោះ​ដែរ ។ នាង​គ្មាន​អារម្មណ៍​អាន​សៀវភៅ​ដែល​នាង​ចូលចិត្ត​នោះ​ទេ ។ ហើយ​ទោះបីជា​ម៉ាក់​បាន​ធ្វើ​ផាស្ដារ​ដែល​នាង​ចូលចិត្ត​ញ៉ាំ​សម្រាប់​អាហារ​ពេលល្ងាច​ក៏ដោយ វា​មិនមាន​រសជាតិ​ឆ្ងាញ់​ដូច​រាល់ដង​នោះ​ដែរ ។

ក្រោយ​ពី​ទទួលទាន​អាហារ​ពេលល្ងាច​រួច ប្អូនស្រីតូច​របស់​លូស៊ី គឺ អែលី បាន​វារ​មកអង្គុយ​លើ​ភ្លៅ​របស់​នាង ។ នាង​បានសួរ​ថា « តើ​បង​នឹង​លេង​ជាមួយ​ខ្ញុំ​ទេ » ?

លូស៊ី​ដកដង្ហើម​ធំ ។ នាង​បាន​ឆ្លើយ « ចាស » ។ បន្ទាប់មក នាង​មាន​គំនិត​មួយ « យើង​ត្រូវតែ​លេង​អ្វី​សប្បាយៗ » ។

នាង​បាន​ចាប់កាន់​អំបោស ហើយ​ចង​កន្សែង​នៅ​ខាងចុង​អំបោស​នោះ​ដើម្បី​ធ្វើ​ជា​ទង់ជាតិ ។ បន្ទាប់មក នាង​បាន​ហៅ​ប្អូន​ស្រី​ទាំងអស់​របស់​នាង​មក ។ នាង​បានលើក​ទង់ជាតិ​ឡើង ហើយ​និយាយ​ថា « សូមស្វាគមន៍​មកកាន់​ការបោះជំរំ​នៅក្នុង​ផ្ទះ​ពេលថ្ងៃ​មាន​ភ្លៀង ! វា​គឺ​ជា​ការលេង​សប្បាយៗ​ជាមួយ​គ្នា នៅពេល​ដែល​អ្នក​មិនអាច​ចេញ​ទៅលេង​នៅ​ខាងក្រៅ​បាន » ។

ប្អូនស្រី​របស់​នាង​បាន​ហ៊ោ​ឡើង ។

លូស៊ី​បាន​និយាយ​ថា « ដំបូង » « យើង​នឹង​ច្រៀង​ចម្រៀង​សម្រាប់​ការបោះជំរំ​របស់​យើង​សិន » ។

ប្អូនស្រី​របស់​នាង​បាន​សើច​កក្អឹក នៅពេល​ដែល​ពួកគេ​បង្កើត​ចម្រៀង និង​ពាក្យពេចន៍​ដែល​រឡេះរឡោះ​ដើម្បី​ច្រៀង​ជាមួយ​គ្នា ។ បន្ទាប់មក ពួកគេ​បាន​ដើរ​ជុំវិញ​បន្ទប់​ដោយ​មាន​ទង់​ជាតិ​របស់​ពួកគេ ដោយ​ច្រៀង​យ៉ាង​ឮៗ​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

« ឥឡូវនេះ យើង​ត្រូវ​រៀបចំ​តង់​របស់​យើង ! » លូស៊ី​បាន​ជួយ​ប្អូនស្រី​របស់​នាង​ប្រមូល​ភួយ និង​ខ្នើយ​ដើម្បី​ធ្វើ​ជា​បន្ទាយ ។ វា​បាន​ក្រឡាប់​ពីរបី​ដង ។ ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​ជួសជុល​វា​រួច ពួកគេ​ទាំងអស់គ្នា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បន្ទាយ​នោះ​ដើម្បី​លេង​ហ្គេម ។

ក្មេងស្រី​ទាំងឡាយ​អង្គុយ​នៅក្នុង​បន្ទាយ​សង់ឡើង​ពី​ភួយ និង​ខ្នើយ

មិនយូរ​ប៉ុន្មាន​ក៏​ដល់​ពេល​ចូលគេង​ហើយ ។ លីហ្សា ប្អូនស្រី​របស់​លូស៊ី បាន​និយាយ​ថា « ខ្ញុំ​សង្ឃឹម​ថា​មេឃ​នឹង​ភ្លៀង​នៅ​ថ្ងៃស្អែក​ម្ដង​ទៀត » ។ « ខ្ញុំ​ចង់​លេង​បោះជំរំ​នៅក្នុង​ផ្ទះ​ពេលថ្ងៃ​មាន​ភ្លៀង​ម្តង​ទៀត ! »

« អរគុណ​កូន​ដែល​បាន​លេង​ជាមួយ​ប្អូនស្រី​របស់​កូន » ម៉ាក់​បាន​និយាយ ខណៈ​ដែល​គាត់​ឱប​លូស៊ី នៅពេល​រៀបចំ​ចូលគេង ។ « កូន​បាន​ធ្វើ​ឲ្យ​មាន​រឿង​ល្អៗ ទោះបី​ជា​កូន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាប់អួ​ក៏​ដោយ ។ ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ណាស់ » ។

លូស៊ី​មាន​អារម្មណ៍​សប្បាយចិត្ត​ពេល​នាង​ឡើង​ទៅ​គេង ។ ការអធិស្ឋាន​របស់​នាង​មិន​បាន​ទទួល​ការឆ្លើយតប​តាម​របៀប​ដែល​នាង​ចង់បាន​នោះ​ទេ ។ ប៉ុន្ដែ​ព្រះវរបិតាសួគ៌​នៅតែ​បាន​ជួយ​នាង​ឲ្យ​រកឃើញ​រឿង​សប្បាយៗ​ដើម្បី​ធ្វើ​ជាមួយ​គ្រួសារ​របស់​នាង—ហើយ​នោះ​គឺ​ជា​រឿង​ដ៏​សប្បាយ​ដូចជា​ការពាក់​អាវ​ពណ៌​ផ្កាឈូក​សម្រាប់​ការប្រកួត softball លើកដំបូង​របស់​នាង​ដែរ ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អាព្រីល ស្តុត