« អំណោយទាននៃការអធិស្ឋាន » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៥ ទំព័រ ២០-២១ ។
មកពីថ្នាក់ដឹកនាំរបស់យើង
អំណោយទាននៃការអធិស្ឋាន
បានដកស្រង់ចេញពី « ចូរអធិស្ឋាន ទ្រង់គង់នៅក្បែរ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៧៧–៧៩ ។
ព្រះវរបិតាសួគ៌បានប្រទានឲ្យប្អូននូវអំណោយដ៏ពិសេសបំផុតមួយ ។ វាគឺជាអំណោយនៃការអធិស្ឋាន ។ ការអធិស្ឋានអាចជួយយើងគ្រប់ពេលវេលា គ្រប់ទីកន្លែង ។
ខ្ញុំចង់ចែកចាយអំណោយបីយ៉ាងដែលប្អូនអាចអធិស្ឋានទូលសុំបាន ។
១. អធិស្ឋានឲ្យបានស្គាល់
ប្រសិនជាយើងពុំអាចមើលឃើញព្រះវរបិតាសួគ៌នៅពេលយើងអធិស្ឋាន តើយើងអាចដឹងថាទ្រង់កំពុងព្រះសណ្ដាប់ការអធិស្ឋានរបស់យើងដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញប្អូនៗ « ឲ្យចាក់ស្រោចដួងចិត្តរបស់កូនៗថ្វាយព្រះវរបិតាសួគ៌ ។ … បន្ទាប់មក សូមស្តាប់ ! » * ប្អូនៗអាច ដឹង ថាព្រះវរបិតាសួគ៌ព្រះសណ្ដាប់ការអធិស្ឋានរបស់ប្អូន នៅពេលប្អូនស្ដាប់នូវអ្វីដែលប្អូនទទួលអារម្មណ៍នៅក្នុងដួងចិត្ដ និងគំនិតរបស់ប្អូន ។
២. អធិស្ឋានឲ្យបានរីកចម្រើន
តើប្អូនៗចង់រីកចម្រើនបែបណា ? តើប្អូនចង់រៀនជំនាញថ្មីមួយ ឬបង្កើតមិត្ដភក្ដិថ្មីៗឬទេ ? ប្អូនអាចអធិស្ឋានដើម្បី រីកចម្រើន ឲ្យប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ !
មិត្ដថ្មីរបស់ខ្ញុំឈ្មោះ ចូណា បានប្រាប់ខ្ញុំអំពីការណ៍ដែលគាត់ជាញឹកញាប់មានអារម្មណ៍ភ័យព្រួយនៅឯសាលារៀន ។ ប៉ុន្ដែនៅពេលគាត់បានចាប់ផ្ដើមអធិស្ឋានពីមុនពេលទៅសាលារៀន គាត់បានមានអារម្មណ៍សុខសាន្ដ ។ ចូណាអធិស្ឋានឲ្យបានរីកចម្រើនជារៀងរាល់ថ្ងៃ ហើយប្អូនៗក៏អាចធ្វើបានដែរ !
៣. អធិស្ឋានឲ្យបង្ហាញ
កាលនៅក្មេង ខ្ញុំបានអធិស្ឋានសម្រាប់គ្រួសាររបស់ខ្ញុំ ។ ខ្ញុំចង់ដឹងពីរបៀបដែលខ្ញុំអាចជួយពួកគេ ។ ព្រះវរបិតាសួគ៌បានជួយខ្ញុំឲ្យដឹងថាខ្ញុំអាចធ្វើជាគំរូនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នោះជាអ្វីដែលខ្ញុំអាចធ្វើបាន !
បើប្អូនកំពុងអធិស្ឋានសម្រាប់គ្រួសាររបស់ប្អូន ឬអ្នកដទៃដែលប្អូនស្រឡាញ់ សូមកុំចុះចាញ់ ! ព្រះវរបិតាសួគ៌នឹង បង្ហាញ នូវអ្វីដែលប្អូនៗអាចធ្វើបាន ។ នៅពេលប្អូនទូលសូមជំនួយពីទ្រង់ដោយស្មោះ នោះព្រះវិញ្ញាណរបស់ទ្រង់នឹងដឹកនាំប្អូន ។
ការអធិស្ឋានរបស់ខ្ញុំ
សូមគិតអំពីសំណួរទាំងនេះនៅគ្រប់ពេលដែលប្អូនអធិស្ឋាន ។ បន្ទាប់មកផាត់ពណ៌នៅក្នុងផ្កានេះ ។ ចូរចាំមើល ថាតើប្អូនអាចផាត់ពណ៌ពេញមួយទំព័របានដែរឬទេ !
-
តើខ្ញុំចង់ ដឹងអំពីអ្វី ?
-
តើខ្ញុំចង់ រីកចម្រើន ដោយរបៀបណា ?
-
តើខ្ញុំអាច បង្ហាញ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ទៅកាន់មនុស្សដទៃដោយរបៀបណា ?