ប្រិយមិត្ត
ព្រះគម្ពីរ​ជា​ភាសា​ស្វាហ៊ីលី
ខែ​ធ្នូ ឆ្នាំ​២០២៤


« ព្រះគម្ពីរ​ជា​ភាសា​ស្វាហ៊ីលី » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៣៦–៣៧ ។

ព្រះគម្ពីរ ជា​ភាសា​ស្វាហ៊ីលី

យ៉ារេឌ​បាន​គិត​ថា ខ្ញុំ​សង្ឃឹម​ថា​មាន​កិច្ចការ​ដែល​ខ្ញុំ​អាច​ជួយ​បាន ។

ដំណើររឿង​ពិត​មកពី​ប្រទេស​អូស្ត្រាលី

យ៉ារេឌ​បាន​ដើរ​ចូល​ទៅ​ថ្នាក់​សាលាថ្ងៃ​អាទិត្យ ហើយ​បាន​អង្គុយ​ចុះ​ជាមួយ​មិត្ដ​រួមថ្នាក់​របស់​គាត់ ។ គាត់​បាន​សម្គាល់​ឃើញ​ក្មេងប្រុស​ម្នាក់​ដែល​គាត់​មិន​ស្គាល់ បាន​ចូល​មកក្នុង​ថ្នាក់ ហើយ​អង្គុយចុះ​ឆ្ងាយ​ពី​គាត់​ពីរបី​កៅអី ។

គ្រូ​របស់​យ៉ារេឌ គឺ​បងប្រុស​ឌ្រូជិន បាន​ញញឹម​មក​កាន់​សិស្ស​ក្នុង​ថ្នាក់ ។ គាត់​បាន​និយាយ​ថា « នេះ​គឺ​អេម៉ាញ៉ូអែល » ។ « គាត់ និង​គ្រួសារ​របស់​គាត់​ទើប​តែ​ផ្លាស់​មកនៅ​ប្រទេស​អូស្ដ្រាលី ។ នេះ​គឺ​ជា​អាទិត្យ​ដំបូង​របស់​គាត់​នៅ​វួដ​របស់​យើង ! »

យ៉ារេឌ​បាន​គិតថា វា​អាច​ជា​រឿង​ដ៏​ពិបាក​ដើម្បី​ទៅ​វួដ​ថ្មី​មួយ ។ គាត់​នឹង​ព្យាយាម​ធ្វើ​ជា​មិត្ដ​របស់​អេម៉ាញ៉ូអែល ។

បងប្រុស​ឌ្រូជិន បានយក​ព្រះគម្ពីរ​របស់​គាត់​ចេញមក ។ គាត់​បាន​និយាយ​ថា « ចូរ​យើង​បើក​ទៅ​គម្ពីរ នីហ្វៃ​ទី​៣ » ។

យ៉ារេឌ​បាន​បើក​ព្រះគម្ពីរ​របស់​គាត់ ហើយ​ក្រឡេក​មើល​ទៅ​អេម៉ាញ៉ូអែល ។ គាត់​ពុំ​មាន​ព្រះគម្ពីរ​ទេ ។

យ៉ារេឌ​បាន​ញញឹម​យ៉ាង​ស្រស់​ទៅកាន់​គាត់ ហើយ​ខិតកៀក​ទៅរក​គាត់ ។ គាត់​បាន​និយាយថា « សួស្ដី ខ្ញុំ​ឈ្មោះ យ៉ារេឌ » ។ « តើ​ចង់​មើល​ព្រះគម្ពីរ​ជា​មួយ​ខ្ញុំ​ទេ ? »

អេម៉ាញ៉ូអែល​បាន​ញញឹម​តបវិញ ។ គាត់​បាន​និយាយថា « អឺ ! ខ្ញុំ​មិន​សូវ​ចេះ​ភាសា​អង់គ្លេស​ទេ » ។ « សុំទោស » ។

« តើ​ឯង​និយាយ​ភាសា​អ្វី​ដែរ ? »

« ភាសា​ស្វាហ៊ីលី » ។

យ៉ារេឌ​មិន​ចេះ​ភាសា​ស្វាហ៊ីលី​សូម្បី​តែ​បន្ដិច​សោះ ។ គាត់ និង​អេម៉ាញ៉ូអែល​មិន​បាន​និយាយ​គ្នា​ច្រើន​ទៀតទេ​រហូត​ដល់​ពេល​រៀន​ចប់ ។

ល្ងាច​នោះ​នៅ​អាហារ​ពេលល្ងាច យ៉ារេឌ​បាន​ប្រាប់​គ្រួសារ​របស់​គាត់​អំពី​អេម៉ាញ៉ូអែល ។

យ៉ារេឌ​បាន​និយាយថា « អេម៉ាញ៉ូអែល​មើលទៅ​ជា​មនុស្ស​ល្អ​ណាស់ » ។ « ប៉ុន្ដែ​យើង​មិន​អាច​យល់​គ្នា​ច្បាស់​នោះទេ » ។

ម៉ាក់​បាន​ងក់ក្បាល ។ ម៉ាក់​បាន​និយាយថា « អេម៉ាញ៉ូអែល និង​គ្រួសារ​របស់​គាត់​បាន​កំពុង​ជួប​ទុក្ខលំបាក​មួយចំនួន​នាពេល​ឥឡូវ​នេះ » ។ « ពួកគេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ​ភ្លាមៗ ដោយសារតែ​រឿងរ៉ាវ​អាក្រក់ៗ​បាន​កើតឡើង​នៅ​ទីនោះ ។ ពួកគេ​ត្រូវ​ទុក​អ្វីៗ​ទាំងអស់​ចោល » ។

យ៉ារេឌ​បាន​ជ្រួញចិញ្ចើម ។ តើ​នឹង​មាន​អារម្មណ៍​បែបណា​ទៅ ដែល​ត្រូវ​ចាកចេញ​ពី​ផ្ទះ​នៅថ្ងៃ​ស្អែក ហើយ​ត្រូវ​រើ​ទៅ​ប្រទេស​ថ្មី​មួយ​នោះ ? នោះ​នឹង​ពិតជា​ពិបាក​ណាស់ !

គាត់​បាន​គិតថា ខ្ញុំ​សង្ឃឹម​ថា​មាន​អ្វី​ម៉្យាង​ដែល​ខ្ញុំ​អាច​ជួយ​ទៅកាន់​អេម៉ាញ៉ូអែល ។ ប៉ុន្តែ​តើ​អាច​ជួយ​អ្វី​ទៅ ?

យ៉ារេឌ​មិន​អាច​ឈប់​គិត​អំពី​អេម៉ាញ៉ូអែល​សោះ កាល​គាត់​រៀបចំ​ចូល​គេង ។ គាត់​បាន​អង្គុយ​ចុះ​នៅ​តុ​របស់​គាត់​ដោយ​មាន​ព្រះគម្ពីរ​មរមន ហើយ​អាន​ពីរបី​ខគម្ពីរ ។ ការអាន​ព្រះគម្ពីរ​តែងតែ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ ។ យប់​នេះ ខគម្ពី​ទាំងនោះ​ក៏​បាន​រំឭក​គាត់​ថា អេម៉ាញ៉ូអែល​មិន​ទាន់​មាន​ព្រះគម្ពីរ​ជា​ភាសា​ស្វាហ៊ីលី​ទេ ។ យ៉ារេឌ​បាន​បិទ​ព្រះគម្ពីរ​របស់​គាត់ ហើយ​សម្លឹង​មើល​ក្រប​គម្ពីរ ។ បន្ទាប់មក គាត់​បាន​លោត​ពី​កៅអី​របស់​គាត់ ហើយ​រត់​យ៉ាងលឿន​ទៅកាន់​ច្រកផ្លូវ ។

គាត់​បាន​ហៅ « ម៉ាក់ ! » « ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ជួយ​អេម៉ាញ៉ូអែល​ហើយ ! »

នៅ​សប្ដាហ៍​បន្ទាប់ យ៉ារេឌអន្ទះសា​ចង់ជួប​អេម៉ាញ៉ូអែល ។ គាត់​បាន​អង្គុយ​ជាមួយ​ឌីកុន​ផ្សេងទៀត​នៅ​ខាងមុខ​នៃ​សាលាប្រជុំ ហើយ​រង់ចាំ​ដោយ​មាន​ព្រះគម្ពីរ​មរមន​ថ្មី​មួយក្បាល​នៅលើ​ភ្លៅ​របស់​គាត់ ។ ពួកអ្នក​ផ្សព្វផ្សាយសាសនា​បាន​ជួយ​គាត់​ឲ្យ​ទទួល​បាន​ព្រះគម្ពីរ​ច្បាប់​ពិសេស​នេះ​សម្រាប់​អេម៉ាញ៉ូអែល ។

នៅពេល​អេម៉ាញ៉ូអែល​ចូលទៅក្នុង​សាលាប្រជុំ​ជាមួយ​គ្រួសារ​របស់​គាត់ យ៉ារេឌ​បាន​ញញឹម ហើយ​គ្រវី​ដៃ​ដាក់​គាត់ ។ អេម៉ាញ៉ូអែល​មើលទៅ​ច្របូកច្របល់ កាល​គាត់​អង្គុយចុះ​ក្បែរ​យ៉ារេឌ ។ ប៉ុន្ដែ​គាត់​បាន​បើកភ្នែក​ធំៗ នៅពេល​យ៉ារេឌ​បាន​ហុច​ព្រះគម្ពីរ​មរមន​ឲ្យ​គាត់ ។

ដៃ​ហុច​ព្រះគម្ពីរ​មរមន​ជា​ភាសា​ស្វាហ៊ីលី

« សម្រាប់​ខ្ញុំ​មែន​ទេ ? » អេម៉ាញ៉ូអែល​បាន​សួរ ។

យ៉ារេឌ​បាន​ងក់ក្បាល ។

អេម៉ាញ៉ូអែល​សប្បាយ​ចិត្ដ​យ៉ាងខ្លាំង ។ គាត់​បាន​បើក​មើល​ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​ថ្មី​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « នេះ​ជា​ភាសា​ស្វាហ៊ីលី ! » ។ គាត់​បាន​ញញឹម​ទៅកាន់​យ៉ារេឌ ហើយ​ឱប​ព្រះគម្ពីរ​មរមន​ជាប់​នឹងទ្រូង​របស់​គាត់ ។ « អរគុណ​ឯង​ណាស់ ! »

ដួងចិត្ដ​របស់​យ៉ារេឌ បាន​ពោរពេញ​ដោយ​ភាព​កក់ក្ដៅ​កាល​គាត់​ញញឹម​តប​វិញ ។ គាត់​បានដឹង​ថា គាត់​មិន​អាច​ធ្វើឲ្យ​អ្វីៗទាំងអស់​ប្រសើរ​ឡើង​សម្រាប់​អេម៉ាញ៉ូអែល​នោះ​ទេ ហើយ​ពួកគេ​នៅតែ​មិន​អាច​និយាយ​យល់​គ្នា​បាន​ច្បាស់នៅឡើយ ។ ប៉ុន្តែ​នេះ​មិន​អី​នោះ​ទេ ។ ពួកគេ​មិនចាំ​បាច់​ទាល់តែ​និយាយ​ភាសា​ដូចគ្នា​ដើម្បី​ក្លាយ​ជា​មិត្ដភក្ដិ​ឡើយ !

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ឃេត និកលី