« ការទៅព្រះវិហារជាមួយ Ghuka ( លោកតា ) » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៥ ទំព័រ ៣០–៣១ ។
ពួកអ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
ការទៅព្រះវិហារជាមួយ Ghuka ( លោកតា )
ឃែលវិនមិនដែលបានឃើញព្រះវិហារមួយដូចនេះពីមុនមកទេ ។
ដំណើររឿងពិតមកពីប្រទេសកេនយ៉ា
ឃែលវិនបានដាក់ដបទឹកដោះគោតម្រួតលើគ្នាយ៉ាងប្រុងប្រយ័ត្ននៅលើធ្នើរ ។ ថ្មីៗនេះ គាត់បានផ្លាស់ប្តូរទៅរស់នៅជាមួយលោកយាយលោកតារបស់គាត់នៅក្នុងភូមិមួយនៅខាងក្រៅទីក្រុង ។ ពួកគាត់មានហាងទឹកដោះគោមួយ ហើយឃែលវីនចូលចិត្តជួយណាស់ ។
Ghuka ( លោកតា ) បាននិយាយថា ៖ « យប់នេះ យើងនឹងទៅចូលរួមសកម្មភាពនៅព្រះវិហាររបស់យើង » ។ « តើចៅចង់ទៅព្រះវិហារជាមួយនឹងយើងដែរទេ ? វានឹងជាសកម្មភាពដ៏រីករាយ » ។
ឃែលវិនចូលចិត្តការសប្បាយ ។ គាត់បានឆ្លើយថា « បាទ ! » ចៅនឹងទៅជាមួយលោកតា ! »
បន្ទាប់ពីពួកគេបានបិទហាងរួចហើយ ឃែលវិន និងលោកយាយលោកតារបស់គាត់បានដើរទៅចូលរួមសកម្មភាពនោះ ។ ពួកគេបានដើរកាត់ហាងផ្សេងៗដែលលក់ក្រណាត់ ផ្លែឈើ និងរុក្ខជាតិដាំក្នុងផើង ។ មួយសន្ទុះបន្ទាប់ពីនោះ ពួកគេបានទៅដល់ព្រះវិហារ ។
ឃែលវិនបានឈរបើកភ្នែកធំៗ កាលដែលគាត់សម្លឹងមើលទៅអគារដ៏ស្រស់ស្អាតនោះ ។ គាត់មិនដែលឃើញព្រះវិហារបែបនេះពីមុនមកទេ ។ ព្រះវិហារភាគច្រើនមានឈើឆ្កាងនៅលើកំពូល ប៉ុន្តែព្រះវិហារនេះមិនមានឈើឆ្កាងទេ ។
នៅខាងក្នុងវិញ លោកយាយលោកតារបស់ឃែលវិន បានណែនាំគាត់ឲ្យស្គាល់មនុស្សល្អៗជាច្រើន ។ ពួកគេបានញ៉ាំអាហារឆ្ងាញ់ៗ ហើយលេងល្បែងសប្បាយៗ ។
ប៉ុន្តែ ឃែលវិនមានការងឿងឆ្ងល់ ។ ដូច្នេះហើយគាត់បានដើរនៅគ្រប់កន្លែងនៅក្នុងព្រះវិហារ ។ គាត់បានឃើញគំនូរអំពីព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក គាត់បានដើរចូលទៅក្នុងថ្នាក់រៀនមួយ ហើយបានសម្គាល់ឃើញរូបថតមួយចំនួននៅលើជញ្ជាំង ។
តើមនុស្សទាំងនេះជានរណា ? ឃែលវិនបានងឿងឆ្ងល់ ។
ក្រោយពីគាត់បានចាកចេញពីបន្ទប់នោះ គាត់បានឃើញយុវជនពីរនាក់នៅក្នុងសាល ។ ពួកគេពាក់អាវស និងក្រវ៉ាត់ក ។ ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា « សួស្តី » ។ « ពួកយើងគឺពួកអ្នកផ្សព្វផ្សាយសាសនា ។ តើប្អូនឈ្មោះអី ? »
ឃែលវិនបានណែនាំខ្លួន ។ បន្ទាប់មកគាត់បានសួរថា « តើបុរសក្នុងរូបភាពនោះគឺជានរណា » ? គាត់បានចង្អុលទៅរូបថតមួយក្នុងចំណោមរូបថតទាំងអស់ដែលនៅក្នុងបន្ទប់ ។
អ្នកផ្សព្វផ្សាយសាសនាម្នាក់ទៀតបានប្រាប់ថា ៖ « នោះគឺជាព្យាការី » ។ « តើប្អូនដឹងទេថាព្យាការីគឺជានរណា ? »
ឃែលវិនបានញញឹម ហើយគ្រវីក្បាល បញ្ជាក់ថាមិនដឹងទេ ។
អ្នកផ្សព្វផ្សាយសាសនាបាននិយាយថា « ព្យាការីគឺជាសារទូតមកពីព្រះ » ។ « ព្យាការីបង្រៀនយើងអំពីអ្វីដែលព្រះសព្វព្រះទ័យចង់ឲ្យយើងដឹង » ។
នៅពេលដែលឃែលវិនបានដើរត្រឡប់ទៅផ្ទះវិញជាមួយលោកយាយលោកតារបស់គាត់នៅយប់នោះ គាត់បានកាន់ច្បាប់ចម្លងនៃព្រះគម្ពីរមរមនមួយក្បាល ដែលពួកអ្នកផ្សព្វផ្សាយសាសនាបានឲ្យគាត់ ។ គាត់មានចិត្តរំភើបក្នុងការរៀនបន្ថែមអំពីពួកព្យាការី និងព្រះវិហារថ្មីនេះ ។
« តើចៅនឹងអានឲ្យយើងស្ដាប់បានទេ ? » Ghuka ( លោកតា ) បានសួរនៅពេលពួកគេទៅដល់ផ្ទះ ។ លោកយាយលោកតារបស់ឃែលវិន មិនចេះអាននោះទេ ។
« បាទ ! » ឃែលវិនបានឆ្លើយ ។ គាត់បានបើកព្រះគម្ពីរមរមន ហើយអានឮៗ ។ គាត់មិនយល់ពាក្យទាំងអស់ទេ ប៉ុន្តែគាត់មានអារម្មណ៍ពិសេសមួយ ។
នៅថ្ងៃអាទិត្យ ឃែលវិនបានដើរជាមួយលោកយាយលោកតារបស់គាត់ត្រឡប់ទៅព្រះវិហារវិញ ។ គាត់បានទៅថ្នាក់រៀនសម្រាប់កុមារទាំងអស់ ។ ថ្នាក់នោះហៅថាអង្គការបឋមសិក្សា ។ គាត់រាប់អានមិត្ដភក្តិថ្មីៗជាច្រើន ! គាត់បានរៀនបន្ថែមទៀតអំពីពួកព្យាការី និងព្រះយេស៊ូវ ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានមកបង្រៀនឃែលវិនបន្ថែមទៀត ។ ថ្ងៃមួយ ពួកគេបានសួរសំណួរមួយមកកាន់គាត់ ។ « តើប្អូននឹងធ្វើតាមគំរូរបស់ព្រះយេស៊ូវ ហើយទទួលបុណ្យជ្រមុជទឹកដែរឬទេ » ?
ឃែលវិនបានញញឹមយ៉ាងធំ ។ « បាទ ! »
នៅថ្ងៃបុណ្យជ្រមុជទឹករបស់គាត់ ឃែលវិនបានឈានជើងចូលទៅក្នុងទឹក ។ វាត្រជាក់ណាស់ ។ ប៉ុន្តែពេលឃែលវិនសម្លឹងមើលជុំវិញគាត់ គាត់បានឃើញលោកយាយលោកតារបស់គាត់ ពួកអ្នកផ្សព្វផ្សាយសាសនា និងមិត្តភក្តិថ្មីៗទាំងអស់របស់គាត់នៅក្នុងព្រះវិហារ ។ គាត់មានអារម្មណ៍នៃក្ដីស្រឡាញ់យ៉ាងខ្លាំង !
ដោយការជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ឃែលវិនគឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងគ្រួសាររបស់គាត់ ។ គាត់មិនអាចរង់ចាំបានទេក្នុងការធ្វើតាមទ្រង់—ហើយជួយមនុស្សដទៃទៀតឲ្យធ្វើតាមទ្រង់ដែរ !