ប្រិយមិត្ត
ខឹង​ខ្លាំងពេក មិនចង់​អធិស្ឋាន
ខែ​ធ្នូ ឆ្នាំ​២០២៤


« ខឹង​ខ្លាំងពេក មិនចង់​អធិស្ឋាន » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៤–៥ ។

ខឹង​ខ្លាំងពេក មិនចង់​អធិស្ឋាន

ហ្គាព្រីអ៊ែលឡា បាន​ដក​ដង្ហើម​ធំ ។ តើ​នាង​អាច​ធ្វើ​អ្វី​ដើម្បី​រំងាប់​អារម្មណ៍​បាន ?

ដំណើររឿង​ពិត​មកពី​ប្រទេស​អាល្លឺម៉ង់

« គ្មាន​នរណា​ម្នាក់​យល់​ពី​ខ្ញុំ​នោះ​ទេ ! » ហ្គាព្រីអ៊ែលឡាបាន​ស្រែក​ខណៈ​ពេល​ដែល​នាង​បាន​បិទ​ទ្វារ​បន្ទប់​ដេក​យ៉ាងខ្លាំង ។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​លំបាក​មួយ ។ នរណា​ម្នាក់​នៅ​សាលា​បាន​សើច​ចំអក​ដាក់​នាង ។ ហើយ​នៅ​ពេល​ដែល ហ្គាព្រីអ៊ែលឡា មកដល់​ផ្ទះ នាង​ធុញទ្រាន់ ហើយ​បាន​ឈ្លោះ​គ្នា​ជាមួយ Mutti ( ម៉ាក់ ) ។

ហ្គាព្រីអ៊ែលឡាបាន​ហក់​ទៅលើ​គ្រែ ហើយ​បាន​ចាប់​ផ្តើម​យំ ។ ទឹកភ្នែក​របស់​នាង​បាន​ហូរកាត់​ថ្ពាល់ ហើយ​ទ្រូង​របស់​នាង​ពោរពេញ​ដោយ​កំហឹង ។ នាង​មិន​ចូលចិត្ដ​អារម្មណ៍​បែប​នេះ​ទេ ។

នាង​បានចាំ​ការរៀន​នៅ​អង្គការ​បឋម​សិក្សា​ថា នាង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​បាន រាល់​ពេល​នាង​ត្រូវការ​ជំនួយ ។ នាង​ពិតជា​ចង់​អធិស្ឋាន​ដើម្បី​មាន​អារម្មណ៍​ប្រសើរ​ណាស់ ប៉ុន្ដែ​នាង​ខឹង​ខ្លាំងពេក​រហូតដល់​នាង​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ឡើយ ។ នាង​បាន​បិទ​ភ្នែក ហើយ​ដក​ដង្ហើមចូល​យ៉ាង​ជ្រៅ ។ តើ​នាង​អាច​ធ្វើ​អ្វី​ដើម្បី​រំងាប់​អារម្មណ៍​បាន ?

បន្ទាប់​ពីនោះ​ពីរបី​វិនាទី គំនិត​មួយ​បាន​ចូល​មក​ក្នុង​ចិត្ដ​របស់​នាង ។

សូម​គិត​អំពី​អ្វី​ដែល​ប្អូន​មាន​អំណរគុណ ។

នាង​បាន​បើកភ្នែក ហើយ​មើល​ជុំវិញ​បន្ទប់ ។ មាន​រូបភាព​របស់ Mutti ( ម៉ាក់ ) និង Vati ( ប៉ា ) នៅ​លើ​ជញ្ជាំង ។ ហ្គាព្រីអ៊ែលឡាស្រឡាញ់​គ្រួសារ​របស់​នាង ទោះបី​ជា​នាង​អាក់អន់ចិត្ដ​នឹង​ពួកគេ​ក៏ដោយ ។

នាង​បាននិយាយ​ថា « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឪពុកម្ដាយ​របស់​ខ្ញុំ » ។

បន្ទាប់មក នាង​បាន​គិត​អំពី​បងប្អូន​ជីដូនមួយ​របស់​នាង ឃ្វែនដូលីន លីឌៀ និង ថូម៉ាស ។ ពួកគេ​តែងតែ​ចែករំលែក​របស់លេង​របស់​ពួកគេ​ជាមួយ​នាង ហើយ​ធ្វើ​ឲ្យ​នាង​សើច ។ នាង​ចូលចិត្ត​លេង​ជាមួយ​ពួកគេ ។

ហ្គាព្រីអ៊ែលឡាបាន​និយាយ​ថា ៖ « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បងប្អូន​ជីដូនមួយ​របស់​ខ្ញុំ » ។

ក្រោយមក នាង​បាន​សម្លឹង​មើល​ទៅក្រៅ​បង្អួច​របស់​នាង ។

ព្រះអាទិត្យ​កំពុង​លិច ហើយ​ផ្ទៃមេឃ​ចាប់ផ្ដើម​មាន​ពណ៌​ស្អាតៗ—ពណ៌​ទឹកក្រូច ក្រហម លឿង និង​ផ្កាឈូក ។

ហ្គាព្រីអ៊ែលឡាបាននិយាយ​ថា « ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ថ្ងៃលិច » ។

ហើយ​បន្ទាប់មក​ទៀត នាង​បានគិត​អំពី​រឿង​ជាច្រើន​ទៀត ។ នាង​មាន​អំណរគុណ​សម្រាប់​អាហារថ្ងៃត្រង់ ដែល​នាង​បានញ៉ាំ​នៅសាលា​ថ្ងៃ​នេះ ។ នាង​មាន​អំណរគុណ​សម្រាប់​មិត្ដភក្ដិ​របស់​នាង ។ នាង​មាន​អំណរគុណ​ចំពោះ​ផ្ទះល្វែង​ដែល​នាង​រស់នៅ ។

វា​ជា​ការរីករាយ​ណាស់ ដែល​បាន​គិត​អំពី​រឿង​ដែល​នាង​មាន​អំណរគុណ​ចំពោះ ! ហ្គាព្រីអ៊ែលឡា មិន​ធ្លាប់​គិត​សោះ​ថា​នាង​មាន​អ្វី​ល្អ​ជាច្រើន​នៅក្នុង​ជីវិត​របស់​នាង ។

នាង​បានដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ការបំផុស​ឲ្យ​នាង​គិត​អំពី​ពរជ័យ​របស់​នាង ។ ឥឡូវ​នេះ ដួងចិត្ដ​របស់​នាង​មានភាព​សុខសាន្ដ ។ នាង​បានត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​អធិស្ឋាន ។

នាង​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​សួគ៌ » ! « កូន​សូមអភ័យទោស​ដែល​កូន​ខឹង​នឹង Mutti ( ម៉ាក់ ) ។ សូម​អរព្រះគុណ​ទ្រង់​សម្រាប់​ការជួយ​កូន​ឲ្យ​មាន​អារម្មណ៍​ស្ងប់ និង​រីករាយ​ម្ដងទៀត ។ សូម​អរព្រះគុណ​ទ្រង់​សម្រាប់​ការបញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​រំឭក​កូន​អំពី​ពរជ័យ​ទាំងឡាយ​របស់​កូន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។

នាង​បានដើរ​ចេញពី​បន្ទប់​របស់​នាង ។ Mutti ( ម៉ាក់ ) និង Vati ( ប៉ា ) កំពុង​នៅក្នុង​ផ្ទះបាយ​ដើម្បី​ធ្វើ​អាហារ​ពេលល្ងាច ។ នាង​បាន​ឱប Mutti ( ម៉ាក់ ) ។

ហ្គាព្រីអ៊ែលឡាបាន​និយាយថា « កូន​សូមទោស​ដែល​កូន​ខឹង​នឹង​ម៉ាក់ » ។

Mutti ( ម៉ាក់ ) បាន​និយាយ​ថា « មិន​អីទេ » ។ « អរគុណ​ដែល​កូន​បាន​សុំទោស » ។

ពួកគេ​បាន​អង្គុយ​នៅ​តុ​អាហារ​ពេលល្ងាច ហើយ​ប្រសិទ្ធពរ​ដល់​អាហារ ។ បន្ទាប់មក ហ្គាព្រីអ៊ែលឡាបានមាន​គំនិត​មួយ !

នាង​បាននិយាយ​ថា « ចូរ​យើង​និយាយ​ម្ដង​ម្នាក់ៗ​នូវ​អ្វី​ដែល​យើង​មាន​អំណរគុណ​ចំពោះ » ។

Vati ( ប៉ា ) បាន​ញញឹម ។ « នោះ​ជា​គំនិត​ល្អ​ណាស់ ! »

Mutti ( ម៉ាក់ ) បាននិយាយថា « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សាប៊ូ » ។

Vati ( ប៉ា ) បាន​គិត​មួយភ្លែត ។

គាត់​បាននិយាយ​ថា « ភីហ្សា » ។ ពួកគេ​បានសើច ។

រួចមក​ក៏ដល់​វេន​របស់ហ្គាព្រីអ៊ែលឡា ។ នាង​បានដឹង​រួច​ទៅហើយ​នូវ​អ្វី​ដែល​នាង​ចង់​និយាយ ។

« កូន​មាន​អំណរគុណ​សម្រាប់​ការអធិស្ឋាន » ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស៊ីមីនី ប្លកឃើរ