« វាក្យសព្ទដំណឹងល្អរបស់ខ្ញុំ » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៥ ទំព័រ ៦ ។
វាក្យសព្ទដំណឹងល្អរបស់ខ្ញុំ
សូមរកមើលវាក្យសព្ទ និងឃ្លាទាំងនេះនៅក្នុងទស្សនាវដ្ដី ប្រិយមិត្ដច្បាប់នេះ !
ការនិមិត្តដំបូង
ការនិមិត្តដំបូង គឺនៅពេលដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានយាងទៅជួប យ៉ូសែប ស្ម៊ីធ បន្ទាប់ពីលោកបានអធិស្ឋាន ។ លោកចង់ដឹងថា តើលោកគួរតែចូលរួមក្នុងព្រះវិហារមួយណា ។ ទ្រង់ទាំងទ្វេបានមានបន្ទូលប្រាប់យ៉ូសែបថា លោកនឹងជួយរៀបចំសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។
ព្រៃពិសិដ្ឋ
ព្រៃពិសិដ្ឋ គឺជាកន្លែងដែល យ៉ូសែប ស្ម៊ីធ មានការនិមិត្ដដំបូង ។ វាស្ថិតនៅក្នុងព្រៃក្បែរផ្ទះរបស់យ៉ូសែប នៅឯភូមិប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក ស.រ.អា. ។
ការស្តារឡើងវិញ
ដើម្បីស្តារអ្វីមួយឡើងវិញមានន័យថា ធ្វើឲ្យអ្វីមួយនោះត្រឡប់ទៅកាន់សភាពដើមវិញ ។ ការស្ដារឡើងវិញ គឺជាអ្វីដែលយើងហៅថា ព្រះយេស៊ូវគ្រីស្ទនាំដំណឹងល្អដ៏ពិតរបស់ទ្រង់ត្រឡប់មកកាន់ផែនដីវិញ ។ ការស្តារឡើងវិញបានចាប់ផ្ដើមនៅពេលដែល យ៉ូសែប ស្ម៊ីធ មានការនិមិត្ដដំបូង ។ ប្រធាន រ័សុល អិម ណិលសុន នៅតែទទួលវិវរណៈសម្រាប់សាសនាចក្រ ក្នុងនាមជាព្យាការីរបស់យើង ។ ការណ៏នេះមានន័យថា ការស្តារឡើងវិញនៅតែបន្តនាសព្វថ្ងៃនេះ !
វិវរណៈ
វិវរណៈ គឺជារបៀបដែលព្រះវរបិតាសួគ៌មានបន្ទូលមកកាន់យើង ។ យើងអាចទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់អាចនាំយកនូវអារម្មណ៍ទាំងឡាយមកកាន់ដួងចិត្តរបស់យើង និងការបំផុសគំនិតទាំងឡាយមកកាន់គំនិតរបស់យើង ។