ប្រិយមិត្ត
ការចាប់ផ្ដើម​នៃ​ការស្ដារឡើងវិញ
ខែ​ធ្នូ ឆ្នាំ​២០២៤


« ការចាប់ផ្ដើម​នៃ​ការស្ដារឡើងវិញ » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ២៤–២៥ ។

ការចាប់ផ្ដើម​នៃ​ការស្ដារឡើងវិញ

សូម​រៀន​អំពី​របៀប​ដែល យ៉ូសែប ស៊្មីធ ត្រូវបាន​ដឹកនាំ​ឲ្យ​ស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក
  1. ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក ( ឆ្នាំ​១៨២០ ) ៖ យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​របស់​លោក​បាន​រស់នៅ​ទីនេះ ។ សមាជិក​គ្រួសារ​របស់​យ៉ូសែប​ទាំងអស់​បាន​ចូលរួម​ព្រះវិហារ​ផ្សេងៗគ្នា ហើយ​យ៉ូសែប​មិនដឹង​ថា​ត្រូវ​ចូលរួម​ព្រះវិហារ​មួយណា​ទេ ។ លោក​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប « បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ( យ៉ាកុប ១:៥ ) ។

    រូបភាព​នៃ​ការនិមិត្ត​ដំបូង
  2. ព្រៃ​ពិសិដ្ឋ ( និទាឃរដូវ ឆ្នាំ​១៨២០ ) ៖ យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន ហើយ​ទូលសួរ​ដល់​ព្រះ​ថា​លោក​គួរ​ចូលរួម​ព្រះវិហារ​មួយណា ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​បាន​យាងមក​ជួប​លោក ។ ទ្រង់ទាំងទ្វេ​បាន​ប្រាប់​លោក​ថា លោក​មិនគួរ​ចូលរួម​ព្រះវិហារ​ណាមួយ​ឡើយ ។ ទ្រង់ទាំងទ្វេ​បាន​ហៅ​យ៉ូសែប​ឲ្យ​ជួយ​ស្ដារឡើងវិញ​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី ។

    រូបភាព​ផ្ទះ​របស់ យ៉ូសែប ស្ម៊ីធ
  3. បន្ទប់​របស់​យ៉ូសែប ( ឆ្នាំ​១៨២៣ ) ៖ ទេវតា​មរ៉ូណៃ​បាន​មក​ជួប​យ៉ូសែប ។ លោក​បាន​ប្រាប់​យ៉ូសែប អំពី​ផ្ទាំងមាស​ដែល​ផ្ទុក​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេល​ដែល​មរ៉ូណៃ​បាន​និយាយ យ៉ូសែប​បាន​ឃើញ​ការនិមិត្ដ​នៃ​ទីកន្លែង​ដែល​បានកប់​ផ្ទាំង​ទាំងនោះ ។

    រូបភាព​ទេវតា​មរ៉ូណៃ​បង្ហាញ​ខ្លួន​ដល់ យ៉ូសែប ស៊្មីធ នៅលើ​ភ្នំ​គូម៉ូរ៉ា
  4. ភ្នំ​គូម៉ូរ៉ា ( ឆ្នាំ​១៨២៧ ) ៖ ទេវតា​មរ៉ូណៃ​បានឲ្យ​ផ្ទាំងមាស​ដល់ យ៉ូសែប ស៊្មីធ នៅលើ​ភ្នំ​គូម៉ូរ៉ា ។ យ៉ូសែប​ក៏​បាន​ទទួល​ឧបករណ៍​ពិសេស​ដែល​បានកប់​ជាមួយ​នឹង​ផ្ទាំង​ទាំងនោះ​ផងដែរ ។ ព្រះ​បាន​រៀបចំ​ឧបករណ៍​ទាំងនោះ​ដើម្បី​ជួយ​លោក​បកប្រែ​ផ្ទាំង​ទាំងឡាយ ។ ផ្ទាំង​ទាំងឡាយ​ដែល​បានបកប្រែ​បានក្លាយជា​ព្រះគម្ពីរ​មរមន ដើម្បី​ឲ្យ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​អាច​អាន​ព្រះបន្ទូល​របស់​ទ្រង់ ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អ័ដាម កូហ្វ័ដ