ឆ្នាំ ២០១០-២០១៩
សេចក្ដីពិត និង​ផែនការ
ខែ តុលា ឆ្នាំ ២០១៨


2:3

សេចក្ដីពិត និង​ផែនការ

នៅ​ពេល​យើង​ស្វែងរក​សេចក្ដីពិត​អំពី​សាសនា យើង​គួរតែ​ប្រើ​វិធីសាស្ត្រ​ខាង​វិញ្ញាណ​ដែល​សមរម្យ​សម្រាប់​ការស្រាវជ្រាវ​នោះ ។

វិវរណៈ​សម័យ​ទំនើប​ឲ្យ​និយមន័យ​សេចក្ដីពិត​ថា « ការចេះ​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង​ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​នៅ​ខាង​មុខ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ) ។ នេះ​គឺ​ជា​និយមន័យ​ត្រឹមត្រូវ​បំផុត​សម្រាប់​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។

យើង​រស់នៅ​ក្នុង​ជំនាន់​ដែល​មាន​នូវ​ព័ត៌មាន​សម្បូរ​បែប និង​ចែកចាយ​គ្នា ។ ប៉ុន្តែ​មិន​មែន​ព័ត៌មាន​ទាំងអស់​សុទ្ធតែ​ពិត​ប្រាកដ​ទេ ។ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​នៅ​ពេល​យើង​ស្វែងរក​សេចក្ដីពិត និង​ជ្រើសរើស​ប្រភព​សម្រាប់​ការស្រាវជ្រាវ​នោះ ។ យើង​មិន​គួរ​ចាត់ទុក​ប្រជាប្រិយភាព និង​សិទ្ធិអំណាច​លោកិយ​ថា​ជា​ប្រភព​នៃ​សេចក្ដីពិត​ដ៏​មាន​គុណភាព​ឡើយ ។ យើង​គួរតែ​ប្រុងប្រយ័ត្ន​លើ​ការពឹងផ្អែក​ទៅ​លើ​ព័ត៌មាន ឬ​យោបល់​ដែល​ផ្ដល់​ឲ្យ​ដោយ​តារា​សម្ដែង អត្តពលករ​ដ៏​មាន​ប្រជាប្រិយភាព ឬ​ប្រភព​អ៊ិនធើរណែត​អនាមិក​ឡើយ ។ អ្នក​ឯកទេស​ក្នុង​ជំនាញ​មួយ​មិន​គួរ​ត្រូវបាន​ចាត់ទុក​ជា​អ្នក​ឯកទេស​ក្នុង​សេចក្ដីពិត​នៃ​ប្រធានបទ​ផ្សេង​ទៀត​ទេ ។

យើង​គួរតែ​ប្រុងប្រយ័ត្ន​លើ​ការជំរុញចិត្ត​មក​ពី​បុគ្គល​ដែល​ផ្ដល់​ព័ត៌មាន ។ នេះ​ជា​មូលហេតុ​ដែល​ព្រះគម្ពីរ​ព្រមាន​យើង​ពី​ឧបាយកល្ប​ផ្នែក​សង្ឃ ( សូម​មើល នីហ្វៃទី២ ២៦:២៩ ) ។ បើ​ប្រភព​គឺ​ជា​អនាមិក ឬ​មិន​ស្គាល់​ឈ្មោះ នោះ​ព័ត៌មាន​របស់​វា​អាច​គួរ​ឲ្យ​សង្ស័យ ។

ការសម្រេចចិត្ត​ផ្ទាល់ខ្លួន​យើង​គួរតែ​ផ្អែក​ទៅ​លើ​ព័ត៌មាន​ចេញ​មក​ពី​ប្រភព​នានា ដែល​មាន​គុណភាព​ស្ដីពី​ប្រធានបទ​នោះ ហើយ​គ្មាន​ទំនោរ​ទៅ​រក​ការជំរុញចិត្ត​ដ៏​អាត្មានិយម​ទេ ។

I.

នៅ​ពេល​យើង​ស្វែងរក​សេចក្ដីពិត​អំពី​សាសនា យើង​គួរតែ​ប្រើ​វិធីសាស្ត្រ​ខាង​វិញ្ញាណ​ដែល​សមរម្យ​សម្រាប់​ការស្រាវជ្រាវ​នោះ ៖ ការអធិស្ឋាន សាក្សី​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការសិក្សា​ព្រះគម្ពីរ ព្រមទាំង​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ។ ខ្ញុំ​តែងតែ​ក្រៀមក្រំ​នៅ​ពេល​ឮ​នរណា​ម្នាក់​ដែល​ប្រាប់​ថា គេ​បាន​បាត់បង់​សេចក្ដីជំនឿ​ខាង​សាសនា​ដោយសារតែ​ការបង្រៀន​របស់​លោកិយ ។ អ្នក​ទាំងឡាយ​ដែល​ធ្លាប់​មាន​ទស្សន​ខាង​វិញ្ញាណ អាច​រងទុក្ខ​មក​ពី​ការដាក់ទោស​ខ្លួន​ឯង​ថា​មាន​ភាពងងឹតងងល់​ខាង​វិញ្ញាណ ។ ដូច​ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា « បញ្ហា​របស់​ពួកគេ​ពុំ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគេ​គិតថា​មើល​ឃើញ​នោះ​ទេ ប៉ុន្តែ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគេ​មើល​មិន​ទាន់​ឃើញ​ទៅ​វិញ » ។

វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ​ដឹកនាំ​យើង​ទៅ​រក​អ្វី​មួយ​ដែល​យើង​ហៅ​ថា​សេចក្ដីពិត​ខាង​វិទ្យាសាស្ត្រ ។ ប៉ុន្តែ « សេចក្តីពិត​ខាង​វិទ្យាសាស្ត្រ » ពុំ​មែន​ជា​គោលបំណង​ពេញលេញ​នៃ​ជីវិត​ទេ ។ អ្នក​ទាំងឡាយ​ដែល​ពុំ​រៀន « ដោយ​សារការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះ​នឹង​កំណត់​ការយល់ដឹង​របស់​ខ្លួន​អំពី​សេចក្ដីពិត​នៅ​ត្រឹម​តែ​អ្វី​ដែល​ពួកគេ​អាច​បញ្ជាក់​បាន​តាមរយៈ​មធ្យោបាយ​បែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ ។ ការធ្វើ​ដូចនេះ​ដាក់​កម្រិត​ក្លែងបន្លំ​ទៅ​លើ​ការខិតខំ​ស្វែងរក​សេចក្ដីពិត ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បាន​មាន​ប្រសាសន៍​ថា « អ្នក​ទាំងឡាយ​ដែល​បាន [ ទទួល​បុណ្យ​ជ្រមុជ​ទឹក ] រួច​ហើយ ដាក់​ព្រលឹង​អស់កល្ប​របស់​ពួកគេ​ក្នុង​ភាពប្រថុយប្រថាន តាមរយៈ​ការខិតខំ​ស្វែងរក​ដោយ​មិន​ប្រុងប្រយ័ត្ន តាម​តែ​រយៈ​ប្រភព​នៃ​ការរៀនសូត្រ​ខាង​លោកិយ ។ យើង​ជឿ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អ​ដែល​ជា​ចំណែក​ចាំបាច់​នៃ​សេចក្ដីពិត និង​ការត្រាស់ដឹង » ។

យើង​រកឃើញ​សេចក្ដីពិត និង​អំណរ​ស្ថិតស្ថេរ​តាមរយៈ​ការមក​ស្គាល់ និង​ការធ្វើតាម​សេចក្ដីពិត​អំពី​អត្តសញ្ញាណ​របស់​យើង ខ្លឹមសារ​នៃ​ជីវិត​រមែងស្លាប់ និង​កន្លែង​ដែល​យើង​ទៅ​ពេល​យើង​ស្លាប់ ។ សេចក្ដីពិត​ទាំងនោះ​មិន​អាច​រៀន​បាន​ដោយ​ប្រើ​វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ ឬ​ខាង​លោកិយ​បាន​ទេ ។

II.

ឥឡូវនេះ ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​គោលទ្ធិ​នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សូម​ពិចារណា​អំពី​សេចក្ដីពិត​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន ។ ពួកគេ​ពន្យល់​ច្រើន​អំពី​គោលលទ្ធិ និង ការប្រតិបត្តិ​នានា ប្រហែលជា​រួម​ទាំងអ្វី​ខ្លះ​ដែល​ពួកគេ​ពុំ​ទាន់​យល់​នៅ​ឡើយ ។

មាន​ព្រះ​មួយ​អង្គ ដែល​ជា​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​វិញ្ញាណ​ទាំងអស់​នៃ​មនុស្ស​ដែល​បាន​រស់នៅ ព្រមទាំង​មនុស្ស​ដែល​នឹង​រស់នៅ​លើ​ផែនដី ។

ភេទ​ប្រុស​ភេទ​ស្រី​គឺ​អស់កល្ប ។ ពី​មុន​យើង​កើត​មក​លើ​ផែនដី​នេះ យើង​បាន​រស់នៅ​ជា​វិញ្ញាណ​ភេទ​ប្រុស ឬ​ភេទ​ស្រី​ក្នុង​វត្តមាន​របស់​ព្រះ ។

យើង​ទើបតែ​បាន​ឮ​ក្រុម​ចម្រៀង​រោងឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ច្រៀង​បទ « ខ្ញុំ​នឹង​ធ្វើតាម​ផែនការ​ព្រះ » ។ នោះ​គឺ​ជា​ផែនការ​ដែល​ព្រះ​បង្កើត​ឡើង ដើម្បី​ឲ្យ​បុត្រាបុត្រី​ខាង​វិញ្ញាណ​ទាំងអស់​អាច​រីកចម្រើន​អស់កល្ប​ជានិច្ច ។ ផែនការ​នោះ​សំខាន់​សម្រាប់​យើង​ម្នាក់ៗ ។

ជា​ចំណែក​ក្នុង​ផែនការ​នោះ ព្រះ​បាន​បង្កើត​ផែនដី​ជា​កន្លែង​ដែល​បុត្រាបុត្រី​ខាង​វិញ្ញាណ​ជា​ទីស្រឡាញ់​ទ្រង់ អាច​កើត​ក្នុង​ជីវិត​រមែងស្លាប់​ដើម្បី​ទទួលបាន​រូបកាយ​ខាង​សាច់ឈាម និង​មាន​ឱកាស​រីកចម្រើន​អស់កល្ប​ជានិច្ច​តាមរយៈ​ការធ្វើ​ជម្រើស​សុចរិត​នានា ។

ដើម្បី​ឲ្យ​មាន​ខ្លឹមសារ ជម្រើស​ក្នុង​ជីវិត​រមែងស្លាប់​ត្រូវតែ​ធ្វើ​ឡើង​រវាង​ការប្រកួតប្រជែង​នៃ​សេចក្ដីល្អ និង​សេចក្ដីអាក្រក់ ។ វា​ត្រូវតែ​មាន​ការផ្ទុយ ដូច្នោះ​ទើប​បច្ចាមិត្ត​ដែល​ត្រូវបាន​បណ្ដេញ​ចេញ​ដោយសារតែ​ការបះបោរ​នោះ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មក​ល្បួង​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ផែនការ​របស់​ព្រះ ។

គោលបំណង​នៃ​ផែនការ​ព្រះ គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​បុត្រាបុត្រី​ទ្រង់​ជ្រើសរើស​ជីវិត​អស់កល្ប​ជានិច្ច ។ គោលបំណង​នេះ​អាច​សម្រេច​បាន​តែ​តាមរយៈ​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់ បន្ទាប់​ពី​ស្លាប់ តាមរយៈ​ភាពរីកចម្រើន​បន្ទាប់​ពី​ជីវិត​រមែងស្លាប់​នៅ​ក្នុង​ពិភព​វិញ្ញាណ ។

នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​ទាំងអស់​នឹង​ត្រូវ​មានបាប នៅពេល​យើង​ធ្វើតាម​ការ​ល្បួង​អាក្រក់​របស់​មារសត្រូវ ហើយ​យើង​នឹង​ស្លាប់​នៅ​ទីបំផុត ។ យើង​បាន​ទទួលយក​ឧបសគ្គ​ទាំងនោះ​ដោយ​ផ្អែក​ទៅ​លើ​ការអះអាង​របស់​ផែនការ​នោះ​ថា ព្រះ​ជា​ព្រះវរបិតា​នឹង​ប្រទាន​ព្រះអង្គសង្គ្រោះ ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដែល​នឹង​សង្គ្រោះ​យើង​តាមរយៈ​ការរស់ឡើងវិញ​ជា​សាកល​ដល់​ជីវិត​ខាង​រូបកាយ​ដែល​បាន​ស្លាប់ ។ ព្រះអង្គសង្គ្រោះ​ក៏​នឹង​ប្រទាន​ដង្វាយធួន​មួយ​ដើម្បី​បង់ថ្លៃ​ជំនួស​មនុស្ស​ទាំងអស់ ឲ្យ​បាន​ស្អាត​ពី​អំពើបាប​ផ្អែក​លើ​លក្ខខណ្ឌ​ដែល​ទ្រង់​បាន​ដាក់ ។ លក្ខខណ្ឌ​ទាំងនោះ​រួមមាន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព ។

ផែនការ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះ​ផ្ដល់​នូវ​តុល្យភាព​ឥតខ្ចោះ​មួយ​រវាង​ភាពយុត្តិធម៌​អស់កល្ប និង​សេចក្ដីមេត្តាករុណា​ដែល​យើង​អាច​ទទួលបាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​ក៏​ធ្វើ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ​ដែរ ។

ព្រះ​ជា​ទីស្រឡាញ់​ទ្រង់​ជួយ​យើង​ម្នាក់ៗ ។ យើង​ដឹង​ថា តាមរយៈ​ក្ដីស្រឡាញ់​ទ្រង់ និង​ដោយសារតែ​ដង្វាយធួន​នៃ​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​នោះ « មនុស្ស​លោកទាំងអស់ ​អាច​បាន​សង្គ្រោះ ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ [ របស់​ទ្រង់ ] ( មាត្រា​នៃ​សេចក្ដីជំនឿ ១:៣ បាន​គូសបញ្ជាក់​បន្ថែម ) ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវបាន​ស្គាល់​ច្បាស់​ថា​ជា​សាសនាចក្រ​ដែល​ផ្ដោត​លើ​ក្រុម​គ្រួសារ ។ ប៉ុន្តែ​អ្វី​ដែល​គេ​យល់​មិន​សូវ​ច្បាស់​គឺ​ថា ការផ្ដោត​លើ​ក្រុម​គ្រួសារ​របស់​យើង គឺ​ត្រូវបាន​ផ្ដោត​លើស​ជាង​ទំនាក់ទំនង​ក្នុង​ជីវិត​រមែងស្លាប់​ទៅ​ទៀត ។ ទំនាក់ទំនង​អស់កល្ប​ជានិច្ច​ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង​ដែរ ។ « ក្រុម​គ្រួសារ​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ » ។ ក្នុង​ផែនការ​ដ៏​មហិមា​របស់​អង្គបង្កបង្កើត​ជា​ទី​ស្រឡាញ់​យើង បេសកកម្ម​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់​គឺ​ត្រូវ​ជួយ​បុត្រាបុត្រី​នៃ​ព្រះ​ឲ្យ​ទទួលបាន​ពរជ័យ​ដ៏​ខ្ពស់​នៃ​ភាពតម្កើងឡើង​ក្នុង​នគរ​សេឡេស្ទាល ដែល​អាច​ទទួលបាន​តែ​តាមរយៈ​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច​រវាង​បុរស និង​ស្ត្រី​ប៉ុណ្ណោះ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៣ ) ។ យើង​សូម​អះអាង​ការបង្រៀន​របស់​ព្រះអម្ចាស់​ថា « ភេទ​ប្រុស​ស្រី​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែងស្លាប់ និង នៅ​អស់កល្ប​ជានិច្ច » ហើយ​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ » ។

ទីបំផុត ក្ដីស្រឡាញ់​របស់​ព្រះ​មហិមា​ណាស់ លើកលែងតែ​មនុស្ស​ខ្លះ​ដែល​មាន​ចេតនា​ក្លាយ​ជា​កូន​អន្តរធាន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ទ្រង់​នឹង​ប្រទាន​ជោគ​វាសនា​នៃ​សិរីល្អ​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ « បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ » រួមទាំង​អស់​អ្នក​ដែល​ស្លាប់​ទៅ ។ យើង​ធ្វើ​ពិធីបរិសុទ្ធ​នានា​សម្រាប់​ពួកគេ​ដោយ​ពិធី​ជំនួស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ។ គោលបំណង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ដើម្បី​ធ្វើ​ឲ្យ​បុត្រាបុត្រី​ទ្រង់​សក្ដិសម​នឹង​កម្រិត​សិរីល្អ​ខ្ពស់​បំផុត ដែល​ជា​ភាពតម្កើងឡើង ឬ​ជីវិត​អស់កល្ប​ជានិច្ច ។ សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​គ្មាន​បំណងប្រាថ្នា ឬ​មិនសក្ដិសម​នឹង​កម្រិត​នោះ ទោះជា​កម្រិត​ទាប​ជាង​ក្ដី ព្រះ​នឹង​ប្រទាន​នគរ​សិរីល្អ​ផ្សេង​ទៀត ។

នរណា​ក៏​ដោយ​ដែល​យល់​អំពី​សេចក្ដីពិត​អស់កល្ប​ទាំងនេះ អាច​យល់​អំពី​មូលហេតុ​ដែល​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គិត​ដូច​អ្វី​ដែល​យើង​ធ្វើ និង​មាន​ឥរិយាបថ​ដូច​អ្វី​ដែល​យើង​ធ្វើ ។

III.

ឥឡូវនេះ ខ្ញុំ​នឹង​លើកឡើង​អំពី​ការអនុវត្ត​មួយ​ចំនួន​នៃ​សេចក្ដីពិត​អស់កល្ប​ទាំងនេះ ដែល​យើង​អាច​យល់​បាន​តែ​ពេល​យើង​គិត​ដល់​ផែនការ​របស់​ព្រះ​ប៉ុណ្ណោះ ។

ទីមួយ យើង​គោរព​សិទ្ធិជ្រើសរើស​របស់​បុគ្គល​ម្នាក់ៗ ។ មនុស្ស​ភាគច្រើន​បាន​ដឹង​អំពី​កិច្ចខិតខំ​ដ៏​ខ្លាំងក្លា​របស់​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ដើម្បី​គាំទ្រ​ឲ្យ​មាន​សេរីភាព​សាសនា​នៅ​សហរដ្ឋ​អាមេរិក និង​ពាសពេញ​ពិភពលោក ។ កិច្ចខិតខំ​ទាំងនេះ​ពុំ​គាំទ្រ​តែ​ផលប្រយោជន៍​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យោងតាម​ផែនការ​ទ្រង់ យើង​ព្យាយាម​ជួយ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​ឲ្យ​រីករាយ​នឹង​មាន​សេរីភាព​ក្នុង​ការជ្រើសរើស ។

ទីពីរ យើង​គឺ​ជា​ប្រជាជន​ផ្សព្វផ្សាយ​សាសនា ។ ពេលខ្លះ យើង​សួរ​អំពី​មូលហេតុ​ដែល​យើង​បញ្ជូន​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ធ្វើ​ដូច្នោះ​ក្នុង​ជាតិសាសន៍​ជា​ច្រើន ទោះជា​ក្នុង​ចំណោម​ប្រជាជន​កាន់​សាសនា​គ្រិស្ដ​ក្ដី ។ យើង​ក៏​ទទួល​បាន​សំណួរ​ដូចគ្នា​អំពី​មូលហេតុ​ដែល​យើង​ឧបត្ថម្ភ​ប្រាក់​រាប់​លាន​ដុល្លា​ដល់​ជំនួយ​សប្បុរសធម៌ ដើម្បី​ជួយ​មនុស្ស​ដែល​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ​យើង និង​មូលហេតុ​ដែល​យើង​មិន​ធ្វើ​ឲ្យ​ការជួយ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចខិតខំ​ផ្សព្វផ្សាយសាសនា​របស់​យើង ។ យើង​ធ្វើ​ដូចនេះ​ព្រោះ​យើង​ឲ្យ​តម្លៃ​មនុស្ស​ទាំងអស់​ជា​បុត្រាបុត្រី​របស់​ព្រះ—ជា​បងប្អូន​ប្រុសស្រី​យើង—ហើយ​យើង​ចង់​ចែក​រំលែក​ភាពបរិបូរ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ជាមួយ​មនុស្ស​គ្រប់​រូប ។

ទីបី ជីវិត​រមែង​ស្លាប់​គឺ​ពិសិដ្ឋ​សម្រាប់​យើង ។ ការតាំងចិត្ត​របស់​យើង​ចំពោះ​ផែនការ​ព្រះ តម្រូវ​ឲ្យ​យើង​ជំទាស់​នឹង​ការរំលូតកូន និង​សុមរណៈ ។

ទីបួន មនុស្ស​ខ្លះ​មាន​បញ្ហា​នឹង​គោលជំហរ​មួយ​ចំនួន​នៃ​សាសនាចក្រ​យើង​ស្ដីពី​អាពាហ៍ពិពាហ៍ និង​កូន ។ ចំណេះដឹង​របស់​យើង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​ដែល​បាន​បើកសម្ដែង តម្រូវ​ឲ្យ​យើង​ជំទាស់​នឹង​សម្ភាធ​ខាង​សង្គម និង​ផ្លូវ​ច្បាប់​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ហើយ​ការផ្លាស់ប្ដូរ​នានា​ដែល​ធ្វើ​ឲ្យ​ភាន់ច្រឡំ ឬ​កែប្រែ​ភេទ​ប្រុស​ភេទ​ស្រី ឬ​កែប្រែ​ផ្ទុយពី​ធម្មជាតិ​រវាង​ភេទ​ប្រុស និង ភេទ​ស្រី​ឲ្យ​ទៅ​ជា​ភេទ​តែ​មួយ ។ យើង​ដឹង​ថា ទំនាក់ទំនង អត្តសញ្ញាណ និង​តួនាទី​របស់​បុរស និង​ស្ត្រី​គឺ​ចាំបាច់​ក្នុង​ការសម្រេចបាន​ផែនការ​ដ៏​មហិមា​របស់​ព្រះ ។

ទីប្រាំ យើង​ក៏​មាន​ទស្សនវិស័យ​ប្លែក​មួយ​ទៅ​លើ​កូនចៅ​ដែរ ។ យើង​ចាត់ទុក​ការបង្កើត និង​ការចិញ្ចឹមបីបាច់​កូនចៅ​ថា​ជា​ចំណែក​ក្នុង​ផែនការ​ព្រះ និង​ជា​កាតព្វកិច្ច​ពិសិដ្ឋ​ដ៏​រីករាយ​នៃ​ជន​ដែល​បាន​ទទួល​ឱកាស​ឲ្យ​ធ្វើ​ដូច្នេះ ។ ក្នុង​ទស្សន​របស់​យើង សម្បត្តិ​ធំ​បំផុត​លើ​ផែនដី និង​ស្ថានសួគ៌​គឺ​កូនចៅ និង​ពូជពង្ស​យើង ។ ហេតុដូច្នោះហើយ យើង​ត្រូវតែ​បង្រៀន ហើយ​អះអាង​លើ​គោលការណ៍ និង​ការអនុវត្ត​នានា​ដែល​ផ្ដល់​នូវ​លក្ខខណ្ឌ​ដើម្បី​មាន​ការអភិវឌ្ឍ និង​សុភមង្គល​ដល់​កូនចៅ—គឺ​កូនចៅ​ទាំងអស់ ។

ចុងក្រោយ​បង្អស់ យើង​គឺ​ជា​បុត្រាបុត្រី​សំណព្វ​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​ត្រាស់បង្រៀន​យើង​ថា ភេទ​ប្រុស និង​ភេទ​ស្រី អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ព្រមទាំង​ការបង្កើត និង​ការចិញ្ចឹម​បីបាច់​កូនចៅ​គឺ​ចាំបាច់​ដល់​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ទ្រង់ ។ គោលជំហរ​របស់​យើង​ស្ដីពី​មូលដ្ឋានគ្រឹះ​ទាំងនេះ ជា​ញឹកញាប់​បណ្ដាល​ឲ្យ​មាន​ការប្រឆាំង​នឹង​សាសនាចក្រ ។ យើង​ចាត់ទុក​ថា​នោះ​ជា​រឿង​ចៀស​មិន​រួច ។ ការប្រឆាំង​គឺ​ជា​ចំណែក​មួយ​ក្នុង​ផែនការ ហើយ​ការប្រឆាំង​ដ៏​ខ្លាំងក្លា​របស់​សាតាំង​ត្រូវបាន​ដាក់​នៅ​ត្រង់​ចំណុច​ដែល​សំខាន់​បំផុត​ក្នុង​ផែនការ​របស់​ព្រះ ។ វា​ព្យាយាម​បំផ្លាញ​កិច្ចការ​របស់​ព្រះ ។ វិធីសាស្ត្រ​ចម្បង​របស់​វា​គឺ​ធ្វើ​មិន​ឲ្យ​គេ​ជឿ​លើ​ព្រះអង្គសង្គ្រោះ និង​សិទ្ធិអំណាច​ដ៏​ទេវភាព​របស់​ទ្រង់ លុបបំបាត់​ចោល​អានុភាព​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មិន​លើកទឹកចិត្ត​ឲ្យ​ប្រែចិត្ត បង្កើត​វិវរណៈ​ក្លែងក្លាយ​និង​មិន​ព្រម​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន ។ វា​ក៏​ព្យាយាម​បំភាន់​រវាង​ភេទ​ប្រុស​ភេទ​ស្រី កែប្រែ​និយមន័យ​នៃ​អាពាហ៍ពិពាហ៍ និង​មិន​លើកទឹកចិត្ត​ឲ្យ​បង្កើត​កូន—ជា​ពិសេស​ដល់​ឪពុកម្ដាយ​ដែល​នឹង​ចិញ្ចឹម​កូនចៅ​ក្នុង​សេចក្ដីពិត ។

IV.

កិច្ចការ​របស់​ព្រះអម្ចាស់​កំពុង​ឆ្ពោះ​ទៅ​មុខ​ទោះជា​មាន​ការប្រឆាំង​បង្កើត​ឡើង និង​ឥតឈប់ឈរ ដែល​យើង​ប្រឈម​មុខ​ពេល​យើង​តស៊ូ​អនុវត្ត​តាម​ការបង្រៀន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក្ដី ។ ខ្ញុំ​សូម​ផ្ដល់​ការណែនាំ​ដល់​បងប្អូន​ដែល​ស្ទាក់ស្ទើរ​ព្រោះ​តែ​ការប្រឆាំង​នោះ ។

សូម​ចងចាំ​ថា គោលការណ៍​នៃ​ការប្រែចិត្ត​មាន​ដោយសារតែ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​លើកទឹកចិត្ត​ថា សូម​កុំ​ធ្វើ​ជា​មនុស្ស​ក្នុង​ចំណោម « អ្នក​ដែល​នឹង​ព្យាយាម​កែប្រែ​សាសនាចក្រ ជាជាង​កែប្រែ​ខ្លួន​ពួកគេ » ។

ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​លើកទឹកចិត្ត​ថា ៖

យើង​អាច​តោង​ឲ្យ​ជាប់​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ​នោះ ហើយ​ឈរ​ឲ្យ​រឹងមាំ​រហូត​ដល់​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម  ។…

« នៅ​ក្នុង​សាសនាចក្រ​នេះ អ្វី​ដែល​យើង​ដឹង​នឹង​តែងតែ​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​ដឹង » ។

សូម​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែល​ជា​គោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ ។

ទីបំផុត សូម​ស្វែងរក​ជំនួយ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​យើង​ស្រឡាញ់​បងប្អូន ហើយ​ស្វែងរក​ការដឹកនាំ​ខាង​វិញ្ញាណ​ដើម្បី​ជួយ​បងប្អូន ។ យើង​ផ្ដល់​ធនធាន​ជា​ច្រើន​ដែល​អ្នក​នឹង​រកបាន​នៅ​គេហទំព័រ LDS.org និង​ការគាំទ្រ​ដទៃទៀត​សម្រាប់​ការសិក្សា​ដំណឹងល្អ​នៅ​គេហដ្ឋាន ។ យើង​ក៏​មាន​បងប្អូន​ប្រុស​ស្រី​ធ្វើ​ការងារបម្រើ ដែល​ត្រូវបាន​ហៅ​ឲ្យ​ផ្ដល់​ជំនួយ​ពេញ​ដោយ​ក្ដីស្រឡាញ់ ។

ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​យើង​សព្វព្រះទ័យ​ឲ្យ​បុត្រាបុត្រី​ទ្រង់​មាន​អំណរ ដែល​ជា​គោលបំណង​នៃ​ការបង្កបង្កើត​យើង ។ ជោគវាសនា​ដ៏​រីករាយ​នោះ​គឺ​អស់កល្ប ដែល​យើង​អាច​ទទួលបាន​ដោយ​ការឆ្ពោះ​ទៅ​មុខ​តាម​ប្រសាសន៍​ព្យាការី​យើង ប្រធាន រ័សុល អិម ណិលសុន តែង​ហៅ​ថា « ផ្លូវ​នៃ​សេចក្ដីសញ្ញា » ។ នេះ​ជា​សារលិខិត​ដំបូង​របស់​លោក​ដែល​បាន​ថ្លែង​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ៖ « ចូរ​បន្ត​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា » ។ ការតាំងចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ តាមរយៈ​ការចុះ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ បន្ទាប់​មក​រក្សា​សេចក្ដីសញ្ញា​នោះ នឹង​បើក​ទ្វារ​ទៅ​កាន់​ពរជ័យ ព្រមទាំង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់ ដែល​មាន​ចំពោះ​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង » ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ជា​ឧឡារិក​ថា សេចក្ដី​ដែល​ខ្ញុំ​ថ្លែង​ទាំង​អម្បាលម៉ាន​ជា​ការពិត ហើយ​វា​អាច​កើតឡើង​តាមរយៈ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​កើត​មាន​ដល់​មនុស្ស​ទាំងអស់​ក្នុង​ផែនការ​ដ៏​មហិមា​របស់​ព្រះ ជា​ព្រះវរបិតាសួគ៌​អស់កល្ប​ជានិច្ច​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ហិនរី ប៊ី អាវរិង To Draw Closer to God: A Collection of Discourses ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៤៣ ។

  2. ជែមស៍ អ៊ី ហ្វោស្ត « The Abundant Life » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៥ ទំព័រ​៩ ។

  3. « ខ្ញុំ​នឹង​ធ្វើតាម​ផែនការ​ព្រះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៦–៨៧ ។

  4. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ​១៤៥ ។

  5. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ទំព័រ​១៤៥ ។

  6. នែល អេ ម៉ាក់ស្វែល If Thou Endure It Well ( ឆ្នាំ ១៩៩៦ ) ទំព័រ​១០១ ។

  7. ជែហ្វ្រី អ័រ ហូឡិន « Lord, I Believe » Liahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ​៩៤ គូសបញ្ជាក់​នៅ​ក្នុង​ច្បាប់​ដើម ។

  8. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។