ការលេចចេញមកនៃព្រះគម្ពីរមរមន
ការពិតខាងប្រវត្តិសាស្ត្រ និងពួកសាក្សីពិសេសនៃព្រះគម្ពីរមរមនថ្លែងទីបន្ទាល់ថា ការលេចចេញមកនៃព្រះគម្ពីរមរមនពិតជារឿងដ៏អព្ភូតហេតុមែន ។
ខណៈពេលប្រជុំជាមួយពួកអែលឌើរនៃសាសនាចក្រនៅក្នុងឱកាសមួយ ព្យាការីយ៉ូសែប ស្ម៊ីធ បានប្រកាសថា ៖ « បើដកព្រះគម្ពីរមរមន និងវិវរណៈចេញ តើសាសនារបស់យើងនៅកន្លែងណា ? យើងគ្មានអ្វីទាល់តែសោះ » ។១ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ អព្ភូតហេតុនៃការលេចចេញមកនៃព្រះគម្ពីរមរមន គឺជាសិលាគ្រឹះទីពីរនៃការស្តារឡើងវិញដែលមិនបានលាតត្រដាងនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នៅក្នុងសម័យកាន់កាប់ត្រួត្រានេះ បន្ទាប់ពីការនិមិត្តដំបូង ។ ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់ពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ ពីពលិកម្មធួនដ៏ឥតកំណាញ់ និងដ៏ទេវភាពរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងពីការងារបម្រើដ៏សំខាន់ៗរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃភ្លាមៗបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ។២ វា ក៏ បានថ្លែងទី បន្ទាល់ថា សំណល់ពួកសាសន៍អ៊ីស្រាអែលក្លាយទៅជាតែមួយ តាមរយៈកិច្ចការរបស់ទ្រង់នៅថ្ងៃចុងក្រោយ ហើយថា ពួកគេមិនបានបោះបង់ចោលជារៀងរហូតនោះ ទេ ។៣
នៅ ពេលយើងសិក្សាពី ការលេចចេញមកនៃព្រះគម្ពីរដ៏បរិសុទ្ធនេះ នៅ ក្នុងថ្ងៃចុងក្រោយ យើងនឹងដឹងថា កិច្ចការទាំងអស់គឺអស្ចារ្យ—ចាប់តាំងពីការដែលព្យាការី យ៉ូសែប បានទទួលផ្ទាំងចំណារមាសពីទេវតាដ៏បរិសុទ្ធរហូតដល់ការបកប្រែគម្ពីរនេះដោយ « អំណោយទាន និងដោយព្រះចេស្ដានៃព្រះ » ៤ការអភិរក្សនៃគម្ពីរនេះ និងការបោះពុម្ពដោយព្រះហស្តនៃព្រះអម្ចាស់ ។
ការលេចចេញមកនៃព្រះគម្ពីរមរមនបានចាប់ផ្តើមជាយូរមកហើយ ពីមុនយ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារមាសពីដៃរបស់ទេវតាមរ៉ូណៃទៅទៀត ។ ពួកព្យាការីពីបុរាណបានព្យាករអំពីព្រឹត្តិការណ៍នៃគម្ពីរពិសិដ្ឋនេះនៅក្នុងសម័យរបស់យើង ។៥ គម្ពីរអេសាយបានសរសេរពីគម្ពីរដែលបានបិទត្រា ដែលថា នៅពេលគម្ពីរនេះលេចចេញមក មនុស្សនឹងតវ៉ាប្រឆាំងព្រះបន្ទូលរបស់ព្រះ ។ កាលៈទេសៈនេះបានផ្តល់នូវបរិបទដែលព្រះអាចសម្តែង « ការអស្ចារ្យ និងចំឡែក » របស់ទ្រង់ដែលនាំឲ្យមាន « ប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេ [ ត្រូវ ] សាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំង » ខណៈដែលមនុស្សរាបសានឹង « មានសេចក្តីអំណរចម្រើនឡើងក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្តាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ។៦ អេសេគាលបាននិយាយអំពីដំបងរបស់យូដា ( ព្រះគម្ពីរប៊ីប ) និង ដំបងរបស់អេប្រាអិម ( ព្រះគម្ពីរមរមន ) បានរួបរួមគ្នាទៅជាតែមួយ ។ ទាំងអេសេគាល ( នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ) និងលីហៃ ( នៅក្នុងព្រះគម្ពីរមរមន ) បង្ហាញថា គម្ពីរទាំងពីរនេះនឹង « រួមទៅជាមួយគ្នា » ដើម្បីផ្ចាញ់ផ្ចាលនូវគោលលទ្ធិក្លែងក្លាយ បង្កើតភាពសុខសាន្ត ហើយនាំចំណេះដឹងពីសេចក្ដីសញ្ញានានាដល់យើង ។៧
នៅល្ងាចថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ បីឆ្នាំកន្លះបន្ទាប់ពីបទពិសោធន៍នៃការនិមិត្តដំបូង ទេវតាមរ៉ូណៃ ដែលជាព្យាការីសាសន៍នីហ្វៃចុងក្រោយនៅទ្វីបអាមេរិកបានមកជួបយ៉ូសែប ជាលទ្ធផលនៃការអធិស្ឋានដោយស្មោះរបស់លោក ។ អំឡុងការមកជួបនោះពេញមួយយប់ មរ៉ូណៃបានប្រាប់យ៉ូសែបថា ព្រះមានកិច្ចការដ៏អស្ចារ្យឲ្យលោកធ្វើ—ការបកប្រែ និងការបោះពុម្ពពាក្យពេចន៍ដ៏បំផុសគំនិតរបស់ព្យាការីពីបុរាណនៅទ្វីបអាមេរិកទៅដល់ពិភពលោកនេះ ។៨ លុះស្អែកឡើង យ៉ូសែបបានទៅកន្លែងនោះ មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់លោក ជាកន្លែងដែលផ្ទាំងចំណារត្រូវបានកប់ទុកដោយមរ៉ូណៃនៅចុងបញ្ចប់នៃជីវិតរបស់លោក ជាច្រើនសតវត្សរ៍មកហើយ ។ នៅទីនោះ យ៉ូសែបបានឃើញមរ៉ូណៃម្ដងទៀត ដែលបានណែនាំលោកឲ្យរៀបចំខ្លួនទទួលផ្ទាំងចំណារនាពេលខាងមុខ ។
រយៈពេលបួនឆ្នាំក្រោយមក នៅថ្ងៃទី ២២ ខែ កញ្ញា រៀងរាល់ឆ្នាំ យ៉ូសែបបានទទួលការណែនាំបន្ថែមមកពីមរ៉ូណៃនូវចំណេះដឹងពីរបៀបដែលនគរព្រះអម្ចាស់គួរត្រូវបានគ្រប់គ្រងនៅថ្ងៃចុងក្រោយ ។ ការរៀបចំខ្លួនរបស់យ៉ូសែបក៏រួមបញ្ចូលនូវការមកជួបនៃពួកទេវតានៃព្រះផងដែរ ដូច្នេះហើយវាបើកសម្ដែងនូវភាពអស្ចារ្យ និងសិរីល្អនៃព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅគ្រាកាន់កាប់ត្រួតត្រានេះ ។៩
អាពាហ៍ពិពាហ៍របស់លោកជាមួយនឹងអិមម៉ា ហេល នៅឆ្នាំ ១៨២៧ គឺជាផ្នែកមួយនៃការរៀបចំខ្លួននោះ ។ នាងបានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការជួយព្យាការីពេញមួយជីវិតលោក និងការងារបម្រើរបស់លោក ។ តាមពិតទៅ នៅខែ កញ្ញា ឆ្នាំ ១៨២៧ អិមម៉ា បានរួមដំណើរនឹងយ៉ូសែបទៅកាន់ភ្នំជាកន្លែងដែលផ្ទាំងចំណារបានលាក់ទុក ហើយនាងបានរង់ចាំលោក ពេលទេវតាមរ៉ូណៃបានប្រគល់កំណត់ត្រាទៅក្នុងដៃយ៉ូសែប ។ យ៉ូសែបបានទទួលការសន្យា ថា ផ្ទាំងចំណារនោះត្រូវបានរក្សាទុក ប្រសិនបើលោកខិតខំប្រឹងប្រែងរក្សាវាឲ្យមានសុវត្ថិភាព រហូតដល់ថ្ងៃវាគួរប្រគល់ទៅក្នុងដៃមរ៉ូណៃវិញ ។១០
ដៃគូជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងដំណឹងល្អអើយ របកគំហើញពីសម័យបុរាណជាច្រើននៅសព្វថ្ងៃនេះកើតឡើងអំឡុងការជីកដីខាងបុរាណវិទ្យា ឬដោយភាពចៃដន្យអំឡុងគម្រោងសាងសង់មួយ ។ ប៉ុន្តែយ៉ូសែប ស្ម៊ីធត្រូវបាននាំទៅកាន់ផ្ទាំងចំណារនោះដោយទេវតាមួយអង្គ ។ លទ្ធផលនោះគឺជាអព្ភូតហេតុមួយ ។
ដំណើរការនៃការបកប្រែព្រះគម្ពីរមរមនក៏ជាអព្ភូតហេតុមួយដែរ ។ កំណត់ត្រាបុរាណដ៏ពិសិដ្ឋនេះមិនត្រូវបាន « បកប្រែ » តាមវិធីដែលពួកអ្នកប្រាជ្ញបានបកប្រែអត្ថបទបុរាណដោយការរៀនភាសាបុរាណមួយនោះទេ ។ យើងគួរមើលទៅដំណើរការនោះថាជា « វិវរណៈ » មួយដោយមានជំនួយពីឧបករណ៍ដែលព្រះអម្ចាស់បានប្រទានឲ្យ ដែលផ្ទុយពី« ការបកប្រែ » ដោយមនុស្សម្នាក់ដែលមានចំណេះដឹងផ្នែកភាសា ។ យ៉ូសែប ស្ម៊ីធបានប្រកាសថា តាមរយៈព្រះចេស្ដារបស់ព្រះ « ខ្ញុំបានបកប្រែព្រះគម្ពីរមរមនពី[វត្ថុលេខនា] ជាចំណេះវិជ្ជាដែលត្រូវបានបាត់បង់នៅក្នុងពិភពលោក ដែលខ្ញុំបានឈរនៅក្នុងហេតុការណ៍ដ៏អស្ចារ្យតែម្នាក់ឯង ជាយុវជនដែលពុំមានចំណេះដឹងជ្រៅជ្រះ ដើម្បីទប់ទល់នឹងប្រាជ្ញារបស់ពិភពលោក និងការអវិជ្ជាជាច្រើននៅក្នុងសតវត្សរ៍ទីដប់ប្រាំបីចំពោះវិវរណៈថ្មីនេះ » ។១១ ជំនួយរបស់ព្រះអម្ចាស់ក្នុងការបកប្រែផ្ទាំងចំណារមាស—ឬវិវរណៈ នោះដូចដែលនិយាយ—ក៏ជាភស្ដុតាងផងដែរ ពេលពិចារណាពីរយៈពេលដ៏ខ្លីដែលយ៉ូសែប ស្ម៊ីធបានប្រើដើម្បីបកប្រែយ៉ាងអស្ចារ្យ ។១២
ពួកស្មៀនរបស់យ៉ូសែបបានថ្លែងទីបន្ទាល់ពីព្រះចេស្ដានៃព្រះ ដែលបានបើកសម្ដែងខណៈកំពុងធ្វើការបកប្រែព្រះគម្ពីរមរមន ។ មានគ្រាមួយអូលីវើរ ខៅឌើរីបានថ្លែងថា « ទាំងនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបានឡើយ—ដោយអង្គុយនៅក្រោមសូរសំឡេងដែលបានសូត្រដោយការបំផុសគំនិតពីសួគ៌ា ដោយធ្វើឲ្យមានអំណរគុណក្នុងដួងចិត្តនេះ ! ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានបន្តសរសេរដោយគ្មានការរអាក់រអួលចេញពីបបូរមាត់របស់លោក ពេលលោកបកប្រែ … ព្រះគម្ពីរមរមន » ។១៣
ប្រភពជាប្រវត្តិសាស្ត្រនានាបើកសម្ដែងថា តាំងពីគ្រាដែលយ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារនៅឆ្នាំ ១៨២៧ មក មានការប៉ុនប៉ងលួចផ្ទាំងចំណារនោះពីលោក ។ លោកបានកត់ចំណាំថា « គេបានខិតខំព្យាយាមធ្វើអំពើអាស្រូវបំផុត ដើម្បីនឹងដណ្ដើមយក [ ផ្ទាំងចំណារ ]ទាំងនោះពី [ លោក ]ទៅ »ហើយថា « មធ្យោបាយគ្រប់បែបដែលអាចគិតឃើញបានធ្វើឡើងដើម្បីប្រយោជន៍នោះ » ។១៤ នៅទីបំផុតយ៉ូសែប និងអិមម៉ាត្រូវបង្ខំឲ្យផ្លាស់ពីក្រុងម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក ទៅហាម៉ូនី រដ្ឋផេនសលវេញ៉ា ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពមួយឆ្ងាយពីមនុស្សអាក្រក់ និងបុគ្គលដែលចង់លួចយកផ្ទាំងចំណារមាសនោះ ។១៥ ដូចដែលប្រវត្តិវិទូម្នាក់បានកត់ចំណាំថា « ការណ៍នោះបានបញ្ចប់វគ្គដ៏លំបាកទីមួយនៃការការពារផ្ទាំងចំណារនោះរបស់យ៉ូសែប ។… ទោះជាកំណត់ត្រានោះមានសុវត្ថិភាព ហើយមានការលំបាកដើម្បីរក្សាវាក្ដី ក៏យ៉ូសែបបានរៀនយ៉ាងច្រើនពីវិធីរបស់ព្រះ និងមនុស្សដែលបានជួយដល់លោកនៅពេលខាងមុខដែរ » ។១៦
ខណៈកំពុងបកប្រែព្រះគម្ពីរមរមន យ៉ូសែបបានរៀនថា ព្រះអម្ចាស់នឹងជ្រើសពួកសាក្សីឲ្យមើលឃើញផ្ទាំងចំណារនោះ ។១៧ នេះគឺជាផ្នែកមួយនៃអ្វីដែលព្រះអម្ចាស់ផ្ទាល់បានបង្កើត ពេលទ្រង់បានមានបន្ទូលថា « គ្រប់ការទាំងអស់នឹងបានសម្រេចដោយនូវមាត់ស្មរបន្ទាល់ពីរ ឬបីនាក់ » ។១៨ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និងម៉ាទិន ហារីស ដែលជាដៃគូដំបូងមួយចំនួនរបស់យ៉ូសែបនៅក្នុងការស្ថាបនាកិច្ចការដ៏អស្ចារ្យរបស់ព្រះនៅគ្រាកាន់កាប់ត្រួតត្រានេះ ជាពួកសាក្សីដំបូងដែលបានហៅឲ្យថ្លែងទីបន្ទាល់ពិសេសអំពីព្រះគម្ពីរមរមនទៅកាន់ពិភពលោកនេះ ។ ពួកលោកបានថ្លែងទីបន្ទាល់ថា ទេវតាមួយអង្គដែលបានមកពីទីវត្តមានរបស់ព្រះអម្ចាស់ បានបង្ហាញកំណត់ត្រាបុរាណនោះដល់ពួកលោក ហើយថាពួកលោកបានឃើញតួអក្សរដែលចារិកនៅក្នុងផ្ទាំងចំណារ ។ ពួកលោកក៏បានថ្លែងទីបន្ទាល់ថា ថាពួកលោកបានឮព្រះសូរសៀងរបស់ព្រះមកពីស្ថានសួគ៌ ដោយប្រកាសថា កំណត់ត្រានោះត្រូវបានបកប្រែដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។ បន្ទាប់មក ពួកលោកត្រូវបានបង្គាប់ឲ្យថ្លែងទីបន្ទាល់ពីរឿងនោះទៅកាន់ពិភពលោកទាំងមូល ។១៩
ព្រះអម្ចាស់បានហៅពួកសាក្សីប្រាំបីនាក់ទៀតប្រកបដោយអព្ភូតហេតុ ដើម្បីមើលឃើញផ្ទាំងចំណារមាសដោយខ្លួនឯង ហើយធ្វើជាពួកសាក្សីពិសេសពីសេចក្ដីពិត និងទេវភាពនៃព្រះគម្ពីរមរមនទៅកាន់ពិភពលោក ។ ពួកលោកបានថ្លែងទីបន្ទាល់ថា ពួកលោកបានឃើញ ហើយបានពិនិត្យមើលដោយយកចិត្តទុកដាក់នូវផ្ទាំងចំណារ និងតួអក្សរដែលចារិកនៅលើនោះ ។ ទោះជាស្ថិតនៅក្នុងទុក្ខវេទនា ការបៀតបៀន ការលំបាកគ្រប់យ៉ាង ហើយក្រោយមកពួកគេមួយចំនួនបានបាត់បង់សេចក្ដីជំនឿរបស់ពួកគេក្ដី ក៏ពួកសាក្សីដ៏ជម្រើសនៃព្រះគម្ពីរមរមនទាំងដប់មួយរូបនេះពុំធ្លាប់បដិសេធទីបន្ទាល់របស់ពួកលោកថា ពួកលោកធ្លាប់បានឃើញផ្ទាំងចំណារនោះដែរ ។ យ៉ូសែប ស្ម៊ីធ ពុំបាននៅតែម្នាក់ឯងទៀតឡើយជាមួយនឹងចំណេះដឹងនៃការមកជួបរបស់មរ៉ូណៃ និងផ្ទាំងចំណារមាស ។
លូស៊ី ម៉ាក ស្ម៊ីធ បានកត់ត្រាថា កូនប្រុសនាងបានមកដល់ផ្ទះដោយអំណរ បន្ទាប់ពីពួកសាក្សីបានឃើញផ្ទាំងចំណារនោះ ។ យ៉ូសែប បានពន្យល់ដល់ឪពុកម្ដាយលោកថា « កូនមានអារម្មណ៍ហាក់ដូចជាកូនបានធូរស្រាលពីបន្ទុក ដែលសឹងតែធ្ងន់ខ្លាំងហួស ធ្វើឲ្យកូនមិនអាចទ្រាំទ្របាន ហើយវាធ្វើឲ្យដួងចិត្តកូនអរក្រៃលែង ដែលកូនលែងនៅម្នាក់ឯងទាំងស្រុងក្នុងពិភពលោកនេះទៀត »២០
យ៉ូសែប ស្ម៊ីធ បានជួបនឹងឧបសគ្គជាច្រើននៅក្នុងការបោះពុម្ពព្រះគម្ពីរមរមន ពេលការបកប្រែបានបញ្ចប់ ។ លោកអាចបញ្ចុះបញ្ចូលអ្នកបោះពុម្ពម្នាក់ឈ្មោះ អេហ្គប៊ឺត ប៊ី ហ្គ្រេនឌីន នៅប៉ាម៉ារ៉ា រដ្ឋញូវយ៉ក ឲ្យបោះពុម្ពវាដរាបណាម៉ាទិន ហារីស ក្នុងសកម្មភាពនៃសេចក្ដីជំនឿ និងការលះបង់ដ៏អស្ចារ្យ បានដាក់កសិដ្ឋានរបស់លោកប្រចាំសម្រាប់បង់ថ្លៃការបោះពុម្ពនោះ ។ ដោយសារតែឧបសគ្គជាបន្តបន្ទាប់ក្រោយពីការបោះពុម្ពព្រះគម្ពីរមរមន ម៉ាទិន ហារីស បានលក់កសិដ្ឋានលោក ៦១ ហិចតា( ០.៦ គម២ )ដើម្បីបង់សងថ្លៃបោះពុម្ពនោះដោយចិត្តស្មោះត្រង់ ។ តាមរយៈវិវរណៈមួយដែលបានប្រទានដល់យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបង្គាប់ម៉ាទិន ហារីស កុំឲ្យចង់បានទ្រព្យសម្បត្តិរបស់លោក ហើយបង់សង់ថ្លៃការបោះពុម្ពគម្ពីរដែលមាន« សេចក្ដីពិត និងបន្ទូលនៃព្រះ » ។២១ នៅខែ មីនា ឆ្នាំ ១៨៣០ ព្រះគម្ពីរមរមន ៥,០០០ ក្បាលដំបូងត្រូវបានបោះពុម្ព ហើយសព្វថ្ងៃនេះ មានគម្ពីរច្រើនជាង ១៨០ លានក្បាលត្រូវបានបោះពុម្ពច្រើនជាងមួយរយភាសា ។
ការពិតខាងប្រវត្តិសាស្ត្រ និងពួកសាក្សីពិសេសនៃព្រះគម្ពីរមរមនថ្លែងទីបន្ទាល់ថា ការលេចចេញមកនៃព្រះគម្ពីរមរមនពិតជារឿងដ៏អព្ភូតហេតុមែន ។ ប៉ុន្តែ អំណាចនៃគម្ពីរនេះមិនមែនផ្អែកតែលើប្រវត្តិដ៏អស្ចារ្យរបស់វានោះទេ ប៉ុន្តែនៅលើសារលិខិតដ៏មានអនុភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់វា ដែលបានផ្លាស់ប្ដូរជីវិតរាប់មិនអស់—រាប់ទាំងជីវិតរបស់ខ្ញុំដែរ ។
ខ្ញុំបានអានព្រះគម្ពីរមរមនទាំងស្រុងជាលើកដំបូង នៅពេលខ្ញុំជាសិស្សវ័យក្មេងម្នាក់ក្នុងថ្នាក់សិក្ខាសាលា ។ ដូចដែលបានចេញអនុសាសន៍ដោយគ្រូរបស់ខ្ញុំ ខ្ញុំបានចាប់ផ្ដើមអានវាដោយចាប់ផ្ដើមជាមួយនឹងទំព័របុព្វកថា ។ ការសន្យាដែលមាននៅទំព័រដំបូងនៃព្រះគម្ពីរនោះនៅតែបន្លឺនៅក្នុងគំនិតរបស់ខ្ញុំថា « ពិចារណានៅក្នុងដួងចិត្ត [ របស់អ្នក ]…រួច…ទូលសួរដល់ព្រះ[ដោយសេចក្ដីជំនឿ] … នៅក្នុងព្រះនាមនៃព្រះគ្រីស្ទ បើគម្ពីរនេះពិត ។ អស់អ្នកណាដែលធ្វើតាមបែបបទនេះ …នឹងបានទទួលទីបន្ទាល់អំពីសេចក្ដីពិត និងទេវភាពរបស់គម្ពីរនេះ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ។២២
ដោយមានការសន្យានេះនៅក្នុងគំនិត ការស្វែងរកដោយស្មោះត្រង់ដើម្បីដឹងបន្ថែមទៀតពីសេចក្ដីពិតនោះ និងនៅក្នុងស្មារតីមួយនៃការអធិស្ឋានខ្ញុំបានសិក្សាព្រះគម្ពីរមរមនបន្តិចម្ដងៗ ពេលខ្ញុំបានបញ្ចប់មេរៀនថ្នាក់សិក្ខាសាលាដែលបានចាត់រាល់សប្ដាហ៍ ។ ខ្ញុំនៅចាំហាក់ដូចជាពីម្សិលមិញថា អារម្មណ៍កក់ក្ដៅមួយបានចាប់ផ្ដើមរីកធំឡើងក្នុងព្រលឹងខ្ញុំ ហើយបំពេញដួងចិត្តខ្ញុំបន្តិចម្ដងៗ បំភ្លឺការយល់ដឹងរបស់ខ្ញុំ និងកាន់តែមានភាពមនោរម្យច្រើនឡើង ដូចដែលអាលម៉ាបានរៀបរាប់នៅក្នុងការប្រកាសរបស់លោកពីបន្ទូលរបស់ព្រះទៅកាន់ប្រជាជនរបស់លោក ។២៣ អារម្មណ៍នោះនៅទីបំផុតប្រែទៅជាចំណេះដឹងដែលចាក់ឫសក្នុងដួងចិត្តខ្ញុំហើយក្លាយជាគ្រឹះនៃទីបន្ទាល់របស់ខ្ញុំអំពីព្រឹត្តិការណ៍និងការបង្រៀនសំខាន់ៗដែលមាននៅក្នុងព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានតម្លៃទាំងនេះ ព្រះគម្ពីរមរមនពិតជាបានប្រែក្លាយជាថ្មជ្រុងយ៉ាងឯកដែលទ្រទ្រង់ដល់សេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់របស់ខ្ញុំពីគោលលទ្ធិនៃដំណឹងល្អរបស់ទ្រង់ ។ វាបានក្លាយជាបង្គោលភ្លើងមួយដែលថ្លែងទីបន្ទាល់ដល់ខ្ញុំពីពលិកម្មធួនដ៏ទេវភាពរបស់ព្រះគ្រីស្ទ ។ វាបានក្លាយជាខែលពេញមួយជីវិតរបស់ខ្ញុំប្រឆាំងនឹងការប៉ុនប៉ងរបស់មារសត្រូវដើម្បីធ្វើឲ្យជំនឿខ្ញុំចុះខ្សោយនិង ធ្វើឲ្យ ខ្ញុំមិនជឿនិងផ្តល់ឲ្យខ្ញុំនូវសេចក្តីក្លាហានដើម្បីប្រកាសទីបន្ទាល់របស់ខ្ញុំអំពីព្រះអង្គសង្គ្រោះយ៉ាងក្លាហានទៅកាន់ពិភពលោក ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ទីបន្ទាល់របស់ខ្ញុំពីព្រះគម្ពីរមរមនបានកើតមួយបន្ទាត់ម្ដងមួយបន្ទាត់ម្ដង២៤ជាអព្ភូតហេតុមួយដល់ដួងចិត្តខ្ញុំ ។ រហូតមកដល់ថ្ងៃនេះ ទីបន្ទាល់នេះបន្តរីកចម្រើនពេលខ្ញុំស្រាវជ្រាវជាបន្តបន្ទាប់ ដោយចិត្តស្មោះ ដើម្បីយល់ដឹងកាន់តែច្បាស់ពីបន្ទូលរបស់ព្រះដែលមាននៅក្នុងព្រះគម្ពីរដ៏អស្ចារ្យនេះ ។
ចំពោះបងប្អូនដែលស្ដាប់ឮសំឡេងរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើជាផ្នែកនៃការលេចចេញមកដ៏អស្ចារ្យនៃព្រះគម្ពីរមរមននៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាដល់បងប្អូនថា ពេលបងប្អូនសិក្សាពាក្យពេចន៍នៃព្រះគម្ពីរនោះជាទៀងទាត់ប្រកបដោយការអធិស្ឋាន នោះបងប្អូនអាចទទួលបាននូវការសន្យា និងពរជ័យនៅក្នុងជីវិតរបស់បងប្អូន ។ ខ្ញុំសូមបញ្ជាក់ជាថ្មីពីការសន្យាដែលបន្លឺឡើងតាមរយៈព្រះគម្ពីរនោះថា ប្រសិនបើបងប្អូន« សួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសគឺ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ » នោះទ្រង់« នឹងសម្ដែងសេចក្តីពិតនៃការណ៍នេះដល់អ្នកដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ »ពេញដោយក្ដីមេត្តាករុណា ។២៥ ខ្ញុំសូមអះអាងដល់បងប្អូនថា ទ្រង់នឹងប្រទានចម្លើយដល់បងប្អូនតាមរបៀបផ្ទាល់ខ្លួនមួយ ដូចដែលទ្រង់បានធ្វើចំពោះខ្ញុំ និងមនុស្សដទៃជាច្រើនទៀតជុំវិញពិភពលោក ។ បទពិសោធន៍របស់បងប្អូននឹងមានភាពរុងរឿង ហើយពិសិដ្ឋចំពោះបងប្អូន ដូចជាបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធដែរ ក៏ដូចជាចំពោះពួកសាក្សីដំបូង និងអស់អ្នកដែលបានខិតខំដើម្បីទទួលបានសាក្សីមួយពីសេចក្ដីទៀងត្រង់ និងភាពគួរឲ្យទុកចិត្តនៃព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។
ខ្ញុំសូមថ្លែងជាសាក្សីថា ព្រះគម្ពីរមរមនគឺពិតជាព្រះបន្ទូលនៃព្រះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា កំណត់ត្រាពិសិដ្ឋនេះ« នាំមកនូវគោលលទ្ធិទាំងឡាយនៃដំណឹងល្អ ផ្ដល់នូវចំណុចសំខាន់អំពីផែនការនៃសេចក្ដីសង្គ្រោះ ហើយប្រាប់ដល់មនុស្សទាំងឡាយអំពីអ្វីដែលគេត្រូវធ្វើដើម្បីឲ្យបានទទួលសេចក្ដីសុខសាន្ដនៅក្នុងជីវិតនេះ និងសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ចនៅក្នុងជីវិតខាងមុខ » ។២៦ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនគឺជាឧបករណ៍របស់ព្រះដើម្បីនាំមកនូវការប្រមូលផ្ដុំនៃអ៊ីស្រាអែលនៅក្នុងជំនាន់របស់យើង ហើយជួយមនុស្សឲ្យមកស្គាល់ព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ ហើយស្រឡាញ់យើង ហើយព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ជាថ្មជ្រុងយ៉ាងឯកនៃសាសនារបស់យើង ។ ហើយខ្ញុំសូមពោលពាក្យទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះដ៏ប្រោសលោះយើង លោកចៅហ្វាយ យើងនិងព្រះអម្ចាស់របស់យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕