សន្និសីទទូទៅ
ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


2:3

ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

ការ​ពិត​ខាង​ប្រវត្តិ​សាស្ត្រ និង​ពួក​សាក្សី​ពិសេស​នៃ​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ថា ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ពិត​ជា​រឿង​ដ៏​អព្ភូតហេតុ​មែន ។

ខណៈពេល​ប្រជុំ​ជាមួយ​ពួកអែលឌើរ​នៃ​សាសនាចក្រ​នៅក្នុង​ឱកាស​មួយ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ប្រកាសថា ៖ « បើ​ដក​ព្រះគម្ពីរ​មរមន និង​វិវរណៈ​ចេញ តើ​សាសនា​របស់​យើង​នៅ​កន្លែង​ណា ? យើង​គ្មាន​អ្វី​ទាល់តែ​សោះ » ។ បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ អព្ភូតហេតុ​នៃ​ការលេច​ចេញមក​នៃ​ព្រះគម្ពីរមរមន គឺជា​សិលាគ្រឹះ​ទីពីរ​នៃ​ការស្តារឡើងវិញ​ដែល​មិន​បាន​លាតត្រដាង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​សម័យ​កាន់កាប់ត្រួត្រានេះ បន្ទាប់​ពី​ការ​និមិត្ត​ដំបូង ។ ព្រះគម្ពីរមរមន​ថ្លែង​ទីបន្ទាល់​ពី​សេចក្តី​ស្រឡាញ់​របស់ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ ពី​ពលិកម្ម​ធួន​ដ៏​ឥត​កំណាញ់ និង​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពីការងារបម្រើ​ដ៏សំខាន់ៗ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួក​សាសន៍នីហ្វៃ​ភ្លាមៗ​បន្ទាប់ពី​ការរស់​ឡើងវិញ​របស់​ទ្រង់ ។ វា ក៏ បាន​ថ្លែងទី បន្ទាល់​ថា សំណល់​ពួកសាសន៍​អ៊ីស្រាអែល​ក្លាយទៅជា​តែមួយ តាមរយៈ​កិច្ចការ​របស់ទ្រង់​នៅថ្ងៃចុងក្រោយ ហើយថា ពួកគេ​មិនបាន​បោះបង់ចោល​ជារៀងរហូត​នោះ ទេ ។

នៅ ពេល​យើង​សិក្សា​​ពី ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​ដ៏បរិសុទ្ធ​នេះ នៅ ក្នុង​ថ្ងៃ​ចុងក្រោយ​ យើង​នឹង​ដឹងថា កិច្ចការ​ទាំងអស់​គឺ​អស្ចារ្យ—​ចាប់តាំង​ពី​ការដែល​ព្យាការី យ៉ូសែប បាន​ទទួល​ផ្ទាំងចំណារ​មាស​ពី​ទេវតា​ដ៏បរិសុទ្ធ​រហូតដល់​ការបកប្រែ​គម្ពីរ​នេះ​ដោយ « អំណោយទាន និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » ការអភិរក្ស​នៃ​គម្ពីរនេះ និង​ការបោះពុម្ព​ដោយ​ព្រះ​ហស្តនៃ​ព្រះអម្ចាស់ ។

ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​បាន​ចាប់ផ្តើម​ជាយូរមកហើយ ពីមុន​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ផ្ទាំងចំណារ​មាស​ពី​ដៃ​របស់​ទេវតា​មរ៉ូណៃ​ទៅទៀត ។ ពួក​ព្យាការី​ពី​បុរាណ​បាន​ព្យាករ​អំពី​ព្រឹត្តិការណ៍​នៃ​គម្ពីរ​ពិសិដ្ឋ​​នេះនៅក្នុង​សម័យ​របស់​យើង ។ គម្ពីរ​អេសាយ​បាន​សរសេរ​ពី​គម្ពីរ​ដែល​បាន​បិទត្រា ដែលថា នៅពេល​គម្ពីរនេះ​លេច​ចេញ​មក មនុស្ស​នឹង​តវ៉ា​ប្រឆាំង​​ព្រះបន្ទូល​របស់​ព្រះ ។ កាលៈទេសៈ​នេះ​បាន​ផ្តល់​នូវ​បរិបទ​ដែល​ព្រះ​អាច​​សម្តែង « ការអស្ចារ្យ និង​ចំឡែក » របស់​ទ្រង់​ដែល​នាំ​ឲ្យ​មាន « ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ [ ត្រូវ ] ​សាបសូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាងវៃ​របស់​នឹង​ត្រូវ​បិទ​បាំង​ » ខណៈ​ដែល​មនុស្ស​រាបសា​នឹង « មាន​សេចក្តី​អំណរ​ចម្រើន​ឡើង​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា​មនុស្ស គេ​នឹង​រីករាយ​ដោយសារ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល » ។​ អេសេគាល​បាន​និយាយ​អំពី​ដំបង​របស់​យូដា ( ព្រះគម្ពីរ​ប៊ីប ) និង ដំបង​​របស់​អេប្រាអិម ( ព្រះគម្ពីរមរមន ) បាន​រួបរួម​គ្នា​ទៅជា​តែមួយ ។ ទាំង​អេសេគាល ( នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) និង​លីហៃ ( នៅក្នុង​ព្រះគម្ពីរ​មរមន ) បង្ហាញថា គម្ពីរ​ទាំងពីរនេះ​នឹង « រួម​ទៅ​ជាមួយ​គ្នា » ​ដើម្បី​ផ្ចាញ់​ផ្ចាល​នូវ​គោលលទ្ធិ​ក្លែង​ក្លាយ បង្កើត​ភាព​សុខសាន្ត ហើយ​នាំ​ចំណេះដឹង​ពី​សេចក្ដីសញ្ញា​នានា​ដល់​យើង ។

នៅ​ល្ងាច​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ បី​ឆ្នាំ​កន្លះ​បន្ទាប់​ពី​បទពិសោធន៍​នៃ​ការ​និមិត្ត​ដំបូង ទេវតា​មរ៉ូណៃ ដែល​ជា​ព្យាការី​សាសន៍​នីហ្វៃ​ចុង​ក្រោយ​នៅ​ទ្វីប​អាមេរិក​បាន​មក​ជួប​យ៉ូសែប ជា​លទ្ធផល​នៃ​ការ​អធិស្ឋាន​ដោយ​ស្មោះ​របស់​លោក ។ អំឡុង​ការ​មក​ជួប​នោះ​ពេញ​មួយ​យប់ មរ៉ូណៃ​បាន​ប្រាប់​យ៉ូសែប​ថា ព្រះ​មាន​កិច្ចការ​ដ៏​អស្ចារ្យ​ឲ្យ​លោក​ធ្វើ​—ការ​បក​ប្រែ និង​ការបោះពុម្ព​​ពាក្យ​ពេចន៍​ដ៏​បំផុស​គំនិត​របស់​​ព្យាការី​ពី​បុរាណ​នៅ​ទ្វីប​អាមេរិក​ទៅ​ដល់​ពិភពលោក​នេះ ។ លុះ​ស្អែក​ឡើង យ៉ូសែប​បាន​ទៅ​កន្លែង​នោះ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​លោក ជា​កន្លែង​ដែល​ផ្ទាំង​ចំណារ​ត្រូវ​បាន​កប់​ទុក​ដោយ​មរ៉ូណៃ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក ជា​ច្រើនសតវត្សរ៍​មក​ហើយ ។ នៅ​ទីនោះ យ៉ូសែប​បាន​ឃើញ​មរ៉ូណៃ​ម្ដង​ទៀត ដែល​បាន​ណែនាំ​លោក​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ផ្ទាំង​ចំណារ​នា​ពេល​ខាង​មុខ ។

រយៈពេល​បួន​ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ​ទី ២២ ខែ កញ្ញា ​រៀង​រាល់​ឆ្នាំ យ៉ូសែប​បាន​ទទួល​ការ​ណែនាំ​បន្ថែម​មក​ពី​មរ៉ូណៃ​នូវ​ចំណេះដឹង​ពី​របៀប​ដែល​នគរ​ព្រះអម្ចាស់​គួរ​ត្រូវបាន​គ្រប់​គ្រង​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ការ​រៀបចំ​ខ្លួន​របស់​យ៉ូសែប​ក៏​រួម​បញ្ចូល​នូវ​ការ​មក​ជួប​នៃ​ពួក​ទេវតា​នៃ​ព្រះ​ផង​ដែរ ដូច្នេះ​ហើយ​វា​បើក​សម្ដែង​នូវ​ភាព​អស្ចារ្យ និង​សិរីល្អ​នៃ​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ ។

អាពាហ៍​ពិពាហ៍​របស់​លោក​ជាមួយ​នឹង​អិមម៉ា ហេល នៅ​ឆ្នាំ ១៨២៧ គឺជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ខ្លួន​នោះ ។ នាង​បាន​ដើរ​តួនាទី​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ព្យាការី​ពេញ​​មួយ​​ជីវិត​លោក និង​ការងារ​បម្រើ​របស់​លោក ។ តាមពិត​ទៅ នៅ​ខែ កញ្ញា ឆ្នាំ ១៨២៧ អិមម៉ា បាន​រួម​ដំណើរ​នឹង​យ៉ូសែប​ទៅ​កាន់​ភ្នំ​ជា​កន្លែង​ដែល​ផ្ទាំង​ចំណារ​បាន​លាក់ទុក ហើយ​នាង​បាន​រង់ចាំ​លោក ពេល​ទេវតា​មរ៉ូណៃ​បាន​ប្រគល់​កំណត់ត្រា​ទៅ​ក្នុង​ដៃ​យ៉ូសែប ។ យ៉ូសែប​បាន​ទទួល​ការ​សន្យា ថា ផ្ទាំង​ចំណារ​នោះ​ត្រូវ​បានរក្សា​ទុក ប្រសិន​បើ​លោក​​ខិតខំ​ប្រឹង​ប្រែង​រក្សា​វា​ឲ្យ​មាន​សុវត្ថិភាព រហូត​ដល់​ថ្ងៃ​​វា​គួរ​ប្រគល់​ទៅ​ក្នុង​ដៃ​មរ៉ូណៃ​វិញ ។១០

ដៃ​គូ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ក្នុង​ដំណឹងល្អ​អើយ របកគំហើញ​ពី​សម័យ​បុរាណ​ជាច្រើន​នៅ​សព្វថ្ងៃ​នេះ​កើត​ឡើង​អំឡុង​ការ​ជីក​ដី​ខាង​បុរាណ​វិទ្យា ឬ​ដោយ​ភាព​ចៃដន្យ​អំឡុង​គម្រោង​សាងសង់​មួយ ។ ប៉ុន្តែ​យ៉ូសែប ស្ម៊ីធ​ត្រូវ​បាន​នាំ​ទៅ​កាន់​ផ្ទាំង​ចំណារ​នោះ​ដោយ​ទេវតា​មួយ​អង្គ ។ លទ្ធផល​នោះ​គឺ​ជា​អព្ភូតហេតុ​មួយ ។

ដំណើរ​ការ​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន​ក៏​ជា​អព្ភូតហេតុ​មួយ​ដែរ ។ កំណត់ត្រា​បុរាណ​ដ៏​ពិសិដ្ឋ​នេះ​មិន​ត្រូវបាន « បកប្រែ » តាម​វិធី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​បកប្រែ​អត្ថបទ​បុរាណ​ដោយ​ការ​រៀន​ភាសា​បុរាណ​មួយ​នោះ​ទេ ។ យើង​គួរ​មើល​ទៅ​ដំណើរការ​នោះ​ថា​ជា « វិវរណៈ » មួយ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដែល​ផ្ទុយ​ពី« ការ​បកប្រែ » ដោយ​មនុស្ស​ម្នាក់​ដែល​មាន​ចំណេះដឹង​ផ្នែក​ភាសា ។ យ៉ូសែប ស្ម៊ីធ​បាន​ប្រកាស​ថា តាមរយៈ​ព្រះចេស្ដា​របស់​ព្រះ « ខ្ញុំ​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ពី[​វត្ថុ​លេខនា] ជា​ចំណេះវិជ្ជា​ដែល​ត្រូវបាន​បាត់បង់​នៅក្នុង​ពិភពលោក ដែល​ខ្ញុំ​បាន​ឈរ​នៅក្នុង​ហេតុការណ៍​ដ៏​អស្ចារ្យ​តែ​ម្នាក់​ឯង ជា​យុវជន​ដែល​ពុំមាន​ចំណេះដឹង​ជ្រៅជ្រះ ដើម្បី​ទប់ទល់​នឹង​ប្រាជ្ញា​របស់​ពិភពលោក និង​ការអវិជ្ជា​ជាច្រើន​នៅក្នុង​សតវត្សរ៍​ទីដប់​ប្រាំបី​ចំពោះ​វិវរណៈ​ថ្មី​នេះ » ។​១១ ជំនួយ​របស់​ព្រះអម្ចាស់​ក្នុង​ការបកប្រែ​ផ្ទាំង​ចំណារមាស—ឬ​វិវរណៈ នោះ​ដូច​ដែល​និយាយ—ក៏​ជា​ភស្ដុតាង​ផង​ដែរ ពេល​ពិចារណា​ពី​រយៈពេល​ដ៏​ខ្លី​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ប្រើ​ដើម្បី​បកប្រែ​យ៉ាង​អស្ចារ្យ ។១២

ពួកស្មៀន​របស់​យ៉ូសែប​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះចេស្ដា​នៃ​ព្រះ​ ដែល​បាន​បើក​សម្ដែង​ខណៈ​កំពុង​ធ្វើ​ការ​បក​ប្រែ​ព្រះគម្ពីរ​មរមន ។ មាន​គ្រា​មួយ​អូលីវើរ ខៅឌើរី​បាន​ថ្លែង​ថា « ទាំង​នេះ​គឺជា​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ—ដោយ​អង្គុយ​នៅ​ក្រោម​សូរ​សំឡេង​ដែល​បាន​សូត្រ​ដោយការបំផុសគំនិតពី​សួគ៌ា ដោយ​ធ្វើ​ឲ្យ​មាន​អំណរគុណ​ក្នុង​ដួង​ចិត្ត​នេះ ! ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្ញុំ​បាន​បន្ត​សរសេរ​ដោយ​គ្មាន​ការ​រអាក់រអួល​ចេញ​ពី​បបូរ​មាត់​របស់​លោក ពេល​លោក​បកប្រែ … ព្រះគម្ពីរ​មរមន » ។១៣

ប្រភព​ជា​ប្រវត្តិសាស្ត្រ​នានា​បើក​សម្ដែង​ថា តាំង​ពី​គ្រា​ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ផ្ទាំង​ចំណារ​នៅ​ឆ្នាំ ១៨២៧ មក មាន​ការ​ប៉ុន​ប៉ង​លួច​ផ្ទាំង​ចំណារ​នោះ​ពី​លោក ។ លោក​បាន​កត់​ចំណាំ​ថា « គេ​បាន​ខិតខំ​ព្យាយាម​ធ្វើ​អំពើ​អាស្រូវ​បំផុត ដើម្បី​នឹង​ដណ្ដើម​យក ​[ ផ្ទាំង​ចំណារ ]​ទាំង​នោះ​ពី [ លោក ]​ទៅ »​ហើយ​ថា « មធ្យោបាយ​គ្រប់​បែប​ដែល​អាច​គិត​ឃើញ​បាន​ធ្វើ​ឡើង​​ដើម្បី​ប្រយោជន៍​នោះ » ។១៤ នៅ​ទី​បំផុត​យ៉ូសែប និង​អិមម៉ា​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់​ពី​ក្រុង​ម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក ទៅ​ហាម៉ូនី រដ្ឋ​ផេនសលវេញ៉ា ដើម្បី​ស្វែង​រក​កន្លែង​មាន​​សុវត្ថិភាព​មួយ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ និង​បុគ្គល​ដែល​ចង់​លួច​យក​ផ្ទាំង​ចំណារ​មាស​នោះ ។១៥ ដូច​ដែល​ប្រវត្តិ​វិទូ​ម្នាក់​បាន​កត់​ចំណាំ​ថា « ការណ៍​នោះ​បាន​បញ្ចប់​វគ្គ​ដ៏​លំបាក​ទីមួយ​នៃ​ការ​ការពារ​ផ្ទាំង​ចំណារ​នោះ​របស់​យ៉ូសែប ។… ទោះ​ជា​កំណត់ត្រា​នោះ​មាន​សុវត្ថិភាព ហើយ​មាន​ការ​លំបាក​ដើម្បី​រក្សា​វា​ក្ដី ក៏​យ៉ូសែប​បាន​រៀន​យ៉ាង​ច្រើន​ពី​វិធី​របស់​ព្រះ និង​មនុស្ស​ដែល​បាន​ជួយ​ដល់​លោក​នៅ​ពេល​ខាង​មុខ​ដែរ » ។១៦

ខណៈ​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន យ៉ូសែប​បាន​រៀន​ថា ព្រះអម្ចាស់​នឹង​ជ្រើស​ពួក​សាក្សី​ឲ្យ​មើល​ឃើញ​ផ្ទាំង​ចំណារ​នោះ ។​១៧ នេះ​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ព្រះអម្ចាស់​ផ្ទាល់​បាន​បង្កើត ពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « គ្រប់​ការទាំងអស់​នឹង​បាន​សម្រេច​ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់ » ។​១៨ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង​ម៉ាទិន ហារីស ដែល​ជា​​ដៃគូ​ដំបូង​មួយ​ចំនួន​របស់​យ៉ូសែប​នៅ​ក្នុង​ការ​ស្ថាបនា​​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ ​ជា​ពួក​សាក្សី​ដំបូង​ដែល​បាន​ហៅ​ឲ្យ​ថ្លែង​ទីបន្ទាល់​ពិសេស​អំ​ពី​ព្រះគម្ពីរ​មរមន​ទៅ​កាន់​ពិភពលោក​នេះ ។ ពួក​លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ទេវតា​មួយ​អង្គ​ដែល​បាន​មក​ពី​ទីវត្តមាន​របស់​ព្រះអម្ចាស់ បាន​បង្ហាញ​កំណត់ត្រា​បុរាណ​នោះ​ដល់​ពួកលោក ហើយ​ថា​ពួកលោក​បាន​ឃើញ​តួអក្សរ​ដែល​ចារិក​នៅ​ក្នុង​ផ្ទាំង​ចំណារ ។ ពួក​លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា ថា​ពួក​លោក​បាន​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​មក​ពី​ស្ថាន​សួគ៌ ដោយ​ប្រកាស​ថា កំណត់ត្រា​នោះ​ត្រូវ​បាន​បកប្រែ​ដោយ​អំណោយ​ទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។ បន្ទាប់មក ពួក​លោក​ត្រូវ​បាន​បង្គាប់​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​រឿង​នោះ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។១៩

ព្រះអម្ចាស់​បាន​ហៅ​ពួក​សាក្សី​ប្រាំ​បី​នាក់​ទៀត​ប្រកប​ដោយ​អព្ភូតហេតុ ​ដើម្បី​មើល​ឃើញ​ផ្ទាំង​ចំណារ​មាស​ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ជា​ពួក​សាក្សី​ពិសេស​ពី​សេចក្ដីពិត និង​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន​ទៅ​កាន់​ពិភពលោក ។ ពួក​លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ពួក​លោក​បាន​ឃើញ ហើយ​បាន​ពិនិត្យ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ផ្ទាំង​ចំណារ និង​តួអក្សរ​ដែល​ចារិក​នៅ​លើ​នោះ ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​ទុក្ខវេទនា ការ​បៀតបៀន ការ​លំបាក​គ្រប់​យ៉ាង ហើយ​ក្រោយ​មក​ពួកគេ​មួយ​ចំនួន​បាន​បាត់​បង់​សេចក្ដី​ជំនឿ​របស់​ពួកគេ​ក្ដី ក៏​ពួក​សាក្សី​ដ៏​ជម្រើស​នៃ​ព្រះគម្ពីរ​មរមន​ទាំង​ដប់​មួយ​រូប​នេះ​ពុំ​ធ្លាប់​បដិសេធ​ទីបន្ទាល់​របស់​ពួក​លោក​ថា ពួក​លោក​ធ្លាប់​បាន​ឃើញ​ផ្ទាំង​ចំណារ​នោះ​​ដែរ ។ យ៉ូសែប ស្ម៊ីធ ពុំ​បាន​នៅ​តែ​ម្នាក់​ឯង​ទៀត​ឡើយ​ជាមួយ​នឹង​ចំណេះដឹង​នៃ​ការ​មក​ជួប​របស់​មរ៉ូណៃ និង​ផ្ទាំង​ចំណារ​មាស ។

លូស៊ី ម៉ាក ស្ម៊ីធ បាន​កត់ត្រា​ថា កូន​ប្រុស​នាង​បាន​មក​ដល់​ផ្ទះ​ដោយ​អំណរ បន្ទាប់​ពី​ពួក​សាក្សី​បាន​ឃើញ​ផ្ទាំង​ចំណារ​នោះ ។ យ៉ូសែប បាន​ពន្យល់​ដល់​ឪពុក​ម្ដាយ​លោក​ថា « កូន​មាន​អារម្មណ៍​ហាក់​ដូចជា​កូន​បាន​ធូរ​ស្រាល​ពី​បន្ទុក ដែល​សឹង​តែ​ធ្ងន់​ខ្លាំង​ហួស ធ្វើ​ឲ្យ​កូន​មិន​អាច​ទ្រាំទ្រ​បាន ហើយ​វា​ធ្វើឲ្យ​ដួងចិត្ត​កូន​អរ​ក្រៃលែង ដែល​កូន​លែង​នៅ​ម្នាក់ឯង​ទាំងស្រុង​ក្នុង​ពិភពលោក​នេះ​ទៀត​ »​២០

យ៉ូសែប ស្ម៊ីធ បាន​ជួប​នឹង​ឧបសគ្គ​ជាច្រើន​នៅ​ក្នុង​ការ​បោះ​ពុម្ព​ព្រះគម្ពីរ​មរមន ពេល​ការ​បកប្រែ​បាន​​បញ្ចប់ ។ លោកអាច​បញ្ចុះបញ្ចូល​អ្នក​បោះ​ពុម្ព​ម្នាក់​ឈ្មោះ អេហ្គប៊ឺត ប៊ី ហ្គ្រេនឌីន នៅ​ប៉ាម៉ារ៉ា រដ្ឋ​ញូវយ៉ក ឲ្យ​បោះពុម្ព​វា​ដរាបណា​ម៉ាទិន ហារីស ក្នុង​សកម្មភាព​នៃ​សេចក្ដី​ជំនឿ និង​ការ​លះបង់​ដ៏​អស្ចារ្យ បាន​ដាក់​​កសិដ្ឋាន​របស់​លោក​ប្រចាំ​សម្រាប់បង់​​ថ្លៃ​ការ​បោះ​ពុម្ព​នោះ ។ ដោយ​សារ​តែ​ឧបសគ្គ​ជាបន្ត​បន្ទាប់​ក្រោយ​ពី​ការ​បោះ​ពុម្ព​ព្រះគម្ពីរ​មរមន ម៉ាទិន ហារីស បាន​លក់​កសិដ្ឋាន​លោក ៦១ ហិចតា​( ០.៦ គម )​ដើម្បី​បង់​សង​ថ្លៃ​បោះ​ពុម្ព​នោះ​ដោយ​ចិត្ត​ស្មោះត្រង់ ។ តាមរយៈ​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​បង្គាប់​ម៉ាទិន ហារីស​ កុំ​ឲ្យ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​លោក ហើយ​បង់​សង់​ថ្លៃ​ការ​បោះ​ពុម្ព​គម្ពីរ​ដែល​មាន​« សេចក្ដីពិត និង​បន្ទូល​នៃ​ព្រះ » ។២១ នៅ​ខែ មីនា ឆ្នាំ ១៨៣០ ព្រះគម្ពីរ​មរមន ៥,០០០ ក្បាល​ដំបូង​​ត្រូវ​បាន​បោះ​ពុម្ព ហើយ​សព្វ​ថ្ងៃ​នេះ មាន​គម្ពីរ​ច្រើន​ជាង ១៨០ លាន​ក្បាល​ត្រូវ​បាន​បោះ​ពុម្ព​ច្រើន​ជាង​មួយ​រយ​ភាសា ។

ការ​ពិត​ខាង​ប្រវត្តិ​សាស្ត្រ និង​ពួក​សាក្សី​ពិសេស​នៃ​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ថា ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ពិត​ជា​រឿង​ដ៏​អព្ភូតហេតុ​មែន ។ ប៉ុន្តែ អំណាច​នៃ​គម្ពីរ​នេះ​មិន​មែន​ផ្អែកតែ​លើ​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​វា​នោះ​ទេ ប៉ុន្តែ​នៅ​លើ​សារលិខិត​ដ៏​មាន​អនុភាព​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​វា ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​រាប់​មិន​អស់—រាប់​ទាំង​ជីវិត​របស់​ខ្ញុំ​ដែរ ។

ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ទាំង​ស្រុង​ជា​លើក​ដំបូង នៅពេល​ខ្ញុំ​ជា​សិស្ស​វ័យ​ក្មេង​ម្នាក់​ក្នុង​​ថ្នាក់​សិក្ខាសាលា ។ ដូច​ដែល​បាន​ចេញ​អនុសាសន៍​ដោយ​គ្រូ​របស់​ខ្ញុំ ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​វា​ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ទំព័រ​បុព្វកថា ។ ការ​សន្យា​ដែល​មាន​នៅ​ទំព័រ​ដំបូង​នៃ​ព្រះគម្ពីរ​នោះ​នៅ​តែបន្លឺ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ថា « ពិចារណា​នៅក្នុង​ដួងចិត្ត [ របស់​អ្នក ]​…​រួច​…​ទូលសួរ​ដល់ព្រះ[ដោយ​សេចក្ដីជំនឿ] … នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ បើ​គម្ពីរ​នេះ​ពិត ។ អស់​អ្នក​ណា​ដែល​ធ្វើ​តាម​បែបបទ​នេះ …នឹង​បាន​ទទួល​ទី​បន្ទាល់​អំពី​សេចក្ដី​ពិត និង​ទេវភាព​របស់​គម្ពីរ​នេះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។២២

ដោយ​មាន​ការ​សន្យា​នេះ​នៅ​ក្នុង​គំនិត ការស្វែងរក​ដោយ​ស្មោះត្រង់​ដើម្បី​ដឹង​បន្ថែម​ទៀត​ពី​សេចក្ដី​ពិត​នោះ និង​នៅ​ក្នុង​ស្មារតី​មួយ​នៃ​ការ​អធិស្ឋាន​ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​មរមន​បន្តិច​ម្ដងៗ ពេល​ខ្ញុំ​បាន​បញ្ចប់​មេរៀន​ថ្នាក់​សិក្ខា​សាលា​ដែល​បាន​ចាត់​រាល់​សប្ដាហ៍ ។ ខ្ញុំ​នៅ​ចាំ​ហាក់​ដូច​ជា​ពី​ម្សិល​មិញ​ថា អារម្មណ៍​កក់​ក្ដៅ​មួយ​បាន​ចាប់ផ្ដើម​រីក​ធំ​ឡើង​ក្នុង​ព្រលឹង​ខ្ញុំ ហើយ​បំពេញ​ដួង​ចិត្ត​ខ្ញុំ​បន្តិច​ម្ដងៗ បំភ្លឺ​ការ​យល់ដឹង​របស់​ខ្ញុំ និង​កាន់​តែ​មាន​ភាព​មនោរម្យ​ច្រើន​ឡើង ដូច​ដែល​អាលម៉ា​បាន​រៀបរាប់​នៅ​ក្នុង​ការ​ប្រកាស​របស់​លោក​ពី​បន្ទូល​របស់​ព្រះ​ទៅ​កាន់​ប្រជាជន​របស់​លោក ។២៣ អារម្មណ៍​នោះ​នៅ​ទីបំផុត​ប្រែ​ទៅ​ជា​ចំណេះដឹង​ដែល​ចាក់​ឫស​ក្នុង​ដួងចិត្ត​ខ្ញុំ​ហើយ​ក្លាយ​ជា​គ្រឹះ​នៃ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រឹត្តិការណ៍​និង​ការបង្រៀន​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋនេះ ។

តាម​រយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដ៏​មាន​តម្លៃ​ទាំង​នេះ ព្រះគម្ពីរ​មរមន​ពិត​ជា​បាន​ប្រែ​ក្លាយ​ជា​ថ្មជ្រុង​យ៉ាងឯក​ដែល​ទ្រទ្រង់​ដល់​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ទីបន្ទាល់​របស់​ខ្ញុំ​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ វា​បាន​ក្លាយ​ជា​បង្គោល​ភ្លើង​មួយ​ដែល​ថ្លែង​ទីបន្ទាល់​ដល់​ខ្ញុំ​ពី​ពលិកម្ម​ធួន​ដ៏​ទេវភាព​របស់​ព្រះគ្រីស្ទ ។ វា​បាន​ក្លាយ​ជា​ខែល​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ប្រឆាំង​នឹង​ការប៉ុនប៉ង​របស់​មារសត្រូវ​ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​ខ្ញុំ​ចុះ​ខ្សោយ​និង ធ្វើ​ឲ្យ ខ្ញុំ​មិន​ជឿ​និង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​ក្លាហាន​ដើម្បី​ប្រកាស​ទីបន្ទាល់​របស់​ខ្ញុំ​អំពីព្រះអង្គសង្គ្រោះ​យ៉ាង​ក្លាហាន​ទៅ​កាន់​ពិភពលោក ។

មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ទីបន្ទាល់​របស់​ខ្ញុំ​ពី​ព្រះគម្ពីរ​មរមន​បាន​កើត​មួយ​បន្ទាត់​ម្ដង​មួយ​បន្ទាត់​ម្ដង២៤ជា​អព្ភូតហេតុ​មួយ​ដល់​ដួង​ចិត្ត​ខ្ញុំ ។ រហូត​មក​ដល់​ថ្ងៃ​នេះ ទីបន្ទាល់​នេះ​បន្ត​រីក​ចម្រើន​ពេល​ខ្ញុំ​ស្រាវ​ជ្រាវ​ជា​បន្ត​បន្ទាប់ ដោយ​ចិត្ត​ស្មោះ ដើម្បី​យល់ដឹង​កាន់​តែ​ច្បាស់​ពី​បន្ទូល​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ដ៏​អស្ចារ្យ​នេះ ។

ចំពោះ​បងប្អូន​ដែល​ស្ដាប់​ឮ​សំឡេង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ជា​ផ្នែក​នៃ​ការលេចចេញ​មក​ដ៏​អស្ចារ្យ​នៃ​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ​ពេល​បងប្អូន​សិក្សា​ពាក្យ​ពេចន៍​នៃ​ព្រះគម្ពីរ​នោះ​ជា​ទៀង​ទាត់​ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​អាច​ទទួល​បាន​នូវ​ការសន្យា និង​ពរជ័យ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ពី​ការ​សន្យា​ដែល​បន្លឺ​ឡើង​តាម​រយៈ​ព្រះគម្ពីរ​នោះ​ថា ប្រសិនបើ​បងប្អូន« សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ » នោះ​ទ្រង់​« នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ »​ពេញ​ដោយ​ក្ដី​មេត្តា​ករុណា ។២៥ ខ្ញុំ​សូម​អះអាង​ដល់​បងប្អូន​ថា ទ្រង់​នឹង​ប្រទាន​ចម្លើយ​ដល់​បងប្អូន​តាម​របៀប​ផ្ទាល់​ខ្លួន​មួយ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ខ្ញុំ និង​មនុស្ស​ដទៃ​ជាច្រើន​ទៀត​ជុំវិញ​ពិភពលោក ។ បទពិសោធន៍​របស់​បងប្អូន​នឹង​មាន​ភាព​រុងរឿង ហើយ​ពិសិដ្ឋ​ចំពោះ​បងប្អូន ដូចជា​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ​ដែរ ក៏​ដូចជា​ចំពោះ​ពួក​សាក្សីដំបូង និង​អស់​អ្នក​ដែល​បាន​ខិតខំ​ដើម្បី​ទទួល​បាន​សាក្សី​មួយ​ពី​សេចក្ដី​ទៀងត្រង់ និង​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​នៃ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​នេះ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត​ជា​ព្រះបន្ទូល​នៃ​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា កំណត់ត្រា​ពិសិដ្ឋ​នេះ« នាំ​មកនូវ​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ ផ្ដល់នូវ​ចំណុច​សំខាន់​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំងឡាយអំពីអ្វី​ដែលគេ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដីសុខសាន្ដ​នៅក្នុងជីវិត​នេះ និង​សេចក្ដីសង្គ្រោះ​ដ៏នៅ​អស់កល្បជានិច្ច​នៅក្នុងជីវិត​ខាង​មុខ » ។២៦ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ឧបករណ៍​របស់​ព្រះ​ដើម្បី​នាំ​មក​នូវ​ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល​នៅ​ក្នុង​ជំនាន់​របស់​យើង ហើយ​ជួយ​មនុស្ស​ឲ្យ​មក​ស្គាល់​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ហើយ​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សាសនា​របស់​យើង ។ ហើយ​ខ្ញុំ​សូម​ពោល​ពាក្យ​ទាំង​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះ​ដ៏​ប្រោសលោះ​យើង លោកចៅហ្វាយ យើង​និង​ព្រះអម្ចាស់​របស់​យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕