ចូរមករកព្រះគ្រីស្ទហើយសូមកុំមកតែម្នាក់ឯងឡើយ
របៀបមួយដែលប្អូនអាចកែលម្អពិភពលោកនេះគឺត្រូវរៀបចំពិភពលោកនេះសម្រាប់ព្រះគ្រីស្ទ ដោយការអញ្ជើញមនុស្សគ្រប់គ្នាឲ្យធ្វើតាមទ្រង់ ។
ថ្មីៗនេះខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីយុវនារីដ៏ក្លាហានម្នាក់ដែលមានសំណួរច្រើន ។ នាងបានសរសេរថា « ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីនោះទេ ។… ខ្ញុំមិនប្រាកដថាខ្លួនឯងជានរណាទេ ប៉ុន្តែខ្ញុំដឹងថាខ្ញុំនៅទីនេះសម្រាប់អ្វីមួយដ៏សំខាន់ ។
តើប្អូនដែលធ្លាប់មានអារម្មណ៍ងឿងឆ្ងល់ដែរទេ ថា តើព្រះវរបិតាសួគ៌ស្គាល់ប្អូនជានរណា ឬទ្រង់ត្រូវការប្អូនដែរឬ ? យុវវ័យជាទីស្រឡាញ់និងប្អុនទាំងអស់គ្នា ខ្ញុំសូមថ្លែងទីបន្ទាល់ថា ចា៎ស ! ព្រះអម្ចាស់មានផែនការមួយសម្រាប់ប្អូន ។ ទ្រង់បានរៀបចំប្អូនសម្រាប់សម័យនេះ នៅពេលនេះ ដើម្បីពង្រឹង និងជំរុញសេចក្តីល្អសម្រាប់កិច្ចការដ៏មហិមារបស់ទ្រង់ ។ ពួកយើងត្រូវការប្អូន ! ពិតប្រាកដណាស់កិច្ចការនេះមិនអាចសំខាន់បានឡើយបើគ្មានប្អូនៗនោះ !
ក្រោមកាលៈទេសៈដ៏ពិសិដ្ឋ ប្រធាន រ័សុល អិម ណិលសុន ជាព្យាការីជាទីស្រឡាញ់របស់យើង មានគ្រាមួយបានរំឭកខ្ញុំពីសេចក្តីពិតដ៏សាមញ្ញពីរដែលជាមូលដ្ឋានគ្រឹះចំពោះកិច្ចការដ៏សំខាន់ និងរុងរឿងរបស់ប្អូន ។
កាលដែលខ្ញុំអង្គុយលើសាឡុងជាមួយស្វាមីខ្ញុំ ព្យាការីរបស់យើងបានទាញកៅអីមកអង្គុយជិត ដែលក្បាលជង្គង់របស់ពួកយើងស្ទើរតែប៉ះគ្នា ហើយបានសម្លឹងមកខ្ញុំដោយកែវភ្នែកពណ៍ខៀវដ៏មុតរបស់លោក ោតកាលដែលលោកបានហៅខ្ញុំឲ្យបម្រើជាប្រធានយុវនារីទូទៅ ។ លោកបានសួរសំណួរមួយដែលនៅដក់ក្នុងបេះដូងរបស់ខ្ញុំថា « ប៊ូនី តើអ្វីដែលសំខាន់បំផុតដែល [ យុវវ័យ ] ត្រូវការដឹង ? »
ខ្ញុំបានសញ្ជឹងគិតហើយបានឆ្លើយថា « ពួកគេត្រូវការដឹងថាពួកគេជានរណា » ។
« បាទ » លោកបានលាន់មាត់ « ហើយពួកគេត្រូវការដឹងពីគោលបំណងរបស់ពួកគេ » ។
អត្តសញ្ញាណជាដ៏ទេវភាពរបស់យើង
ប្អូនៗគឺជាបុត្រជាទីស្រឡាញ់នៃព្រះបិតាសួគ៌ា ។ ទ្រង់ស្រឡាញ់ប្អូនយ៉ាងឥតខ្ចោះ រហូតដល់ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើឲ្យធួនសម្រាប់ប្អូនៗ និងរូបខ្ញុំ ។១ សេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះចំពោះយើងមិនដែរងាករេឡើយ—ទោះបីជាយើងងាករេក៏ដោយ ! គ្មានអ្វីអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ ។២ សូមចងចាំថាសេចក្តីស្រឡាញ់នេះអាចរុញច្រានភាពច្របូកច្របល់នៃពិភពលោកដែលព្យាយាមធ្វើឲ្យទំនុកចិត្តរបស់ប្អូនចុះខ្សោយនៅក្នុងអត្តសញ្ញាណដ៏ទេវភាពរបស់ប្អូន ហើយបំភាន់ប្អូនពីសក្តានុពលរបស់ប្អូន ។
នៅសន្និសីទ ដ.ក.យ. ខ្ញុំបានជួបជាមួយយុវនារីដែលកំពុងជួបនិងបញ្ហា ។ យុវនារីទាំងពីររូបបានលើកឡើងពីការងាកទៅរកពររបស់លោកអយ្យកោរបស់ខ្លួនដើម្បីទទួលបាននូវសេចក្តីស្រឡាញ់ និងការណែនាំរបស់ព្រះអម្ចាស់ជាថ្មី ។ សូមទៅរកពររបស់លោកអយ្យកោរបស់ប្អូន បើសិនប្អូនមិនបានសិក្សាពររបស់លោកអយ្យកោក្នុងពេលថ្មីៗនេះទេ សូមសិក្សាឲ្យបានញឹកញាប់ ។ បើប្អូនមិនទាន់មានពរនេះទេ សូមទៅសូមពររបស់លោកអយ្យកោ—នៅពេលឆាប់ៗនេះ ។ សូមកុំបង្អង់ក្នុងការស្វែងយល់ពីអ្វីដែលព្រះអម្ចាស់ចង់ប្រាប់ប្អូនឥឡូវនេះ អំពីថាតើប្អូនជានរណា ។
គោលបំណងដ៏អស់កល្បជានិច្ចរបស់យើង
សេចក្តីពិតទីពីររបស់ប្រធាន ណិសុនដែលបានមានប្រសាសន៍មកកាន់យើងនៅថ្ងៃនោះ គឺយើងត្រូវស្គាល់ពីគោលបំណងរបស់យើង ។ នេះគឺជាការទទួលខុសត្រូវដ៏ធំ និងដ៏មានតម្លៃរបស់យើង ។
ជាច្រើនឆ្នាំកន្លងទៅកូនប្រុសរបស់ខ្ញុំ ថេនណឺ ដែលមានអាយុប្រហែលប្រាំឆ្នាំនៅពេលដែលគាត់លេងបាល់ទាត់ជាលើកដំបូង ។ គាត់សប្បាយរីករាយណាស់ !
នៅពេលយើងមកដល់កន្លែងប្រកួត យើងបានដឹងថាក្រុមរបស់គាត់កំពុងប្រើតារាងបាល់ទាត់សម្រាប់មនុស្សធំ—មិនមែនតារាងបាល់ទាត់សម្រាប់កូនក្មេងនោះទេ ប៉ុន្តែជាតារាងបាល់ទាត់ដែលមានសំណាញ់យ៉ាងធំដែលហាក់ដូចជាធំពេកសម្រាប់ក្មេងអាយុប្រាំឆ្នាំលេង ។
ការប្រកួតនោះរឹតតែសំខាន់ថែមទៀត ពេលខ្ញុំបានឃើញថេនណឺធ្វើជាអ្នកចាំទី ។ ខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តើគាត់យល់ច្បាស់ពីគោលបំណងនៃតួនាទីជាអ្នកចាំទីរបស់គាត់ដែរឬទេ ?
សំឡេងផ្លុំកញ្ចែបានបន្លឺឡើង យើងបានផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការប្រកួត ហើយភ្លេចអស់ពី ថេនណឺ ហើយបណ្តើរបាល់យ៉ាងលឿនតម្រង់ទៅរកគាត់ ។ ខ្ញុំបានមើលទៅ ថេនណឺ ដើម្បីដឹងច្បាស់ថាគាត់ត្រៀមខ្លួនការពារការទាត់បញ្ចូលទីហើយឬនៅ ។ ខ្ញុំបានឃើញរឿងមួយដែលមិនបានរំពឹងទុក ។
នៅក្នុងកាលៈទេសៈក្នុងការប្រកួតនេះ ថេនណឺ បានបែកអារម្មណ៍ ហើយបានចាប់ផ្តើមយកដៃឆ្វេងរបស់គាត់ទៅលេងរន្ធសំណាញ់ ។ បន្ទាប់មកគាត់យកដៃស្តាំរបស់គាត់លេងដូចគ្នា ។ រួចជើងឆ្វេងរបស់គាត់ ។ ចុងក្រោយគឺជើងស្តាំរបស់គាត់ ។ ថេនណឺវក់លេងសំណាញ់យ៉ាងសប្បាយរីករាយ ។ គាត់បានភ្លេចពីគោលបំណងនិងតួនាទីរបស់គាត់ ដែលប្រគល់ឲ្យគាត់ធ្វើ ។
មេរៀនរបស់គាត់ដែលខ្ញុំបានរៀននៅថ្ងៃនោះមិនដែលភ្លេចឡើយ ខណៈដែលអាជីពជាកីឡាករបាល់ទាត់នេះមិនអាចទៅមុខបានចំពោះគាត់ ។ ម្តងម្កាលយើងទាំងអស់គ្នាបានភ្លេចពីមូលហេតុដែលយើងមកទីនេះ និងបង្វែរកម្លាំងរបស់យើងទៅកន្លែងផ្សេង ។ អាវុធដ៏មានអានុភាពបំផុតមួយរបស់សាតាំងគឺការបំបែរអារម្មណ៍របស់យើងជាមួយបុព្វហេតុល្អ និងប្រសើរ តែនៅពេលមានឱកាស វាបំភាន់ និងបង្វែរយើងចេញពីបុព្វហេតុដែលយើងត្រូវបានហៅឲ្យមកក្នុងពិភពលោកនេះ ។៣
គោលបំណងដ៏អស់កល្បជានិច្ចរបស់យើងមករកព្រះគ្រីស្ទ ហើយចូលរួមយ៉ាងសកម្មជាមួយទ្រង់នៅក្នុងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ វាសាមញ្ញដូចដែលប្រធាន ណិលសុន បានបង្រៀនថា « វីមួយដើម្បីជួយនរណាម្នាក់…ធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលផ្តុំអ៊ីស្រាអែលហើយ » ។៤ ហើយនៅពេលយើងធ្វើកិច្ចការរបស់ទ្រង់ជាមួយនឹងទ្រង់ នោះយើងកាន់តែស្គាល់ និងស្រឡាញ់ទ្រង់ថែមទៀត ។
យើងបន្តព្យាយាមខិតកាន់តែជិតព្រះអង្គសង្រ្គោះតាមរយៈសេចក្តីជំនឿ ការស្រឡាញ់ការប្រែចិត្ត និងការរក្សាសេចក្តីសញ្ញា ។ កាលដែលយើងនៅក្បែរទ្រង់តាមរយៈសេចក្តីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ នោះយើងបំពេញជីវិតរបស់យើងជាមួយនឹងទំនុកចិត្ត ៥កិច្ចការពារ ៦និងអំណរដ៏មហិមា ហើយយូរអង្វែង ។៧
កាលដែលយើងមករកទ្រង់ យើងមើលឃើញអ្នកដទៃដូចជាទ្រង់ព្រះតម្រិះដែរ ។៨ មកឯព្រះគ្រីស្ទ ។ សូមមកឥឡូវនេះ ប៉ុន្តែមិនមែនមកតែម្នាក់ឯងនោះទេ !៩
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនមែនគ្រាន់តែជា រឿងល្អនោះទេ ប៉ុន្តែដំណឹងល្អនេះមាន សារៈសំខាន់ ចំពោះយើងទាំងអស់គ្នា ។ « គ្មានផ្លូវ ឬមធ្យោបាយឯណាផ្សេងទៀតទេ ដែលនាំឲ្យ[ យើង ] បានសង្គ្រោះ គឺមានតែដោយ និងតាមរយៈព្រះគ្រីស្ទមួយប៉ុណ្ណោះ » ។១០ យើងត្រូវការព្រះយេស៊ូវ គ្រីស្ទ ! ពិភពលោកនេះត្រូវការព្រះយេស៊ូវគ្រីស្ទ ។១១
សូមចងចាំថា របៀបមួយដែលប្អូនអាចកែលម្អពិភពលោកនេះគឺត្រូវរៀបចំពិភពលោកនេះសម្រាប់ព្រះគ្រីស្ទ ដោយការអញ្ជើញមនុស្សគ្រប់គ្នាឲ្យធ្វើតាមទ្រង់ ។
មានដំណើររឿងមួយនៅក្នុងព្រះគម្ពីរមរមនដែលនិយាយយ៉ាងអស្ចារ្យពីព្រះអង្គសង្រ្គោះដែលបានមានព្រះជន្មរស់ឡើងវិញបានចំណាយពេលជាមួយពួកសាសន៍នីហ្វៃ ។ តើប្អូនអាចស្រមៃមើលថា តើវានឹងមានសភាពបែបណាដែរឬទេ ?
កាលដែលព្រះគ្រីស្ទបានប្រកាសថាទ្រង់ត្រូវតែយាងត្រឡប់ទៅឯព្រះវរបិតាវិញ « នោះទ្រង់ទត មើលជុំវិញហ្វូងមនុស្ស » ។១២ មើលឃើញពួកគេស្រក់ទឹកភ្នែក ទ្រង់ដឹងពីទឹកចិត្តរបស់ពួកគេចង់ឲ្យទ្រង់គង់នៅឲ្យបានយូរ ។
ទ្រង់បានសួរថា « តើនៅក្នុងចំណោមអ្នករាល់គ្នាមានអ្នកណាឈឺទេ ? ចូរនាំអ្នកទាំងនោះមកទីនេះចុះ ។ តើមាននរណាខ្វិន ឬ ខ្វាក់ ឬគ ឬ បាក់ដៃបាក់ជើង…ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀតទេ ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា » ។១៣
ដោយសេចក្តីមេត្តាយ៉ាងខ្លាំង ទ្រង់បានប្រាប់ឲ្យនាំមនុស្សទាំងអស់ដែល « ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត » ចូលមកដោយមិនកំណត់ ។ ខ្ញុំចូលចិត្តដែលថាគ្មានអ្វីដែលធំពេក ឬតូចពេកសម្រាប់ព្រះយេស៊ូវព្យាបាលនោះទេ ។
ទ្រង់ញាណដឹងអំពី ទុក្ខលំបាក របស់យើងផងដែរ ហើយបានហៅឲ្យនាំមកនូវការថប់បារម្ភ និងការបាក់ទឹកចិត្ត ការអស់កម្លាំង ភាពឆ្មើងឆ្មៃ និងការភាន់ច្រឡំ ភាពឯកោ ឬអ្នកដែល « រងទុក្ខដោយហេតុណាផ្សេងទៀត » ។
ហើយមនុស្សទាំងអស់ « ឆ្ពោះទៅមុខ…ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា ។…
« …ទាំងអ្នកដែលបានធ្វើឲ្យបានជាទាំងអស់ និងអ្នកដែលមានសុខភាពល្អ [ បាន ]ក្រាបចំពោះព្រះបាទាទ្រង់ ហើយបានថ្វាយបង្គំទ្រង់ » ។១៤
រាល់ពេលដែលខ្ញុំអានដំណើររឿងនេះ ខ្ញុំបានសួរខ្លួនឯងខ្ញុំថា តើខ្ញុំនឹងនាំនរណាមករកព្រះគ្រីស្ទ ? តើ ប្អូន នឹងនាំនរណា ?
តើយើងអាចមើល ជុំវិញខ្លួនយើងម្តងទៀតដូចជាទ្រង់បានទតដែរឬទេ ដើម្បីធានាឲ្យបានថា យើងមិនបានភ្លេចនរណាម្នាក់ឡើយ ហើយអញ្ជើញមនុស្សម្នាក់ៗឲ្យមកស្គាល់ទ្រង់ ?
សូមឲ្យខ្ញុំចែកចាយពីឧទាហរណ៍ពីរបៀបងាយៗដែលអាចមាន ។ មិត្តសំម្លាញ់ ផេយថុន របស់ខ្ញុំ មានវ័យ ១៥ ឆ្នាំ មានគោលដៅដើម្បីអានព្រះគម្ពីរប្រាំខ នៅអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ប៉ុន្តែនាងមិនបានគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងនោះទេ ។ សូមមើលម្តងទៀត ផេយថុន បានអញ្ជើញឪពុកម្តាយ និងបងប្អូនរបស់នាង សូម្បីតែប្អូនប្រុសអាយុប្រាំឆ្នាំរបស់នាងក្តី ។ ទង្វើដែលហាក់ដូចជាតូចតាចនេះគឺជាអ្វីដែលព្រះគ្រីស្ទបានបង្រៀននៅពេលទ្រង់បានអញ្ជើញ « ចូរនាំអ្នកទាំងនោះមកទីនេះចុះ » ។
ការអញ្ជើញមកពីព្រះអម្ចាស់នេះគឺនៅតែបន្តនៅសព្វថ្ងៃនេះ ចាប់ផ្តើមពីពេលឥឡូវនេះ មិនថាប្អូន នៅក្នុងផ្ទះរបស់ប្អូនក្តី ។ តើប្អូននិងអធិស្ឋាន ហើយទូលសួរទៅព្រះវរបិតាសួគ៌ពីរបៀបដែលប្អូនអាចគាំទ្រដល់ ឪពុកម្តាយរបស់ប្អូន កាលដែលពួកគាត់បន្តមករកព្រះគ្រីស្ទដែរឬទេ ? ពួកគាត់ត្រូវការប្អូនដូចជាប្អូនត្រូវការពួកគាត់ដែរ ។
បន្ទាប់មក សូមមើលទៅម្តងទៀតបងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ប្អូន ។ តើប្អូននឹងនាំអ្នកណាមករកព្រះគ្រីស្ទ ?
ព្រះអង្គសង្គ្រោះបានប្រកាសថា « មើលចុះ យើងជាពន្លឺ យើងបានធ្វើជាគំរូដល់អ្នករាល់គ្នា » ។១៥ យើងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្តរបស់ព្រះអង្គសង្រ្គោះកាលដែលយើងចូលរួមជាមួយទ្រង់នៅក្នុងការសង្រ្គោះក្រុមគ្រួសាររបស់ព្រះ ដ្បិតទ្រង់បានសន្យាថា « អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។១៦
ឱនេះគឺជាពេលវេលាដ៏រុងរឿងដែលបានចូលរួមក្នុងបុព្វហេតុរបស់ព្រះគ្រីស្ទ !
ពិតណាស់ ប្អូននៅទីនេះ សម្រាប់អ្វីមួយដែលធំ ។ ខ្ញុំសូមចូលរួមជាមួយប្រធាន ណិលសុន ដែលបានមានប្រសាសន៍ថា « ព្រះអម្ចាស់ត្រូវការប្អូនដើម្បីផ្លាស់ប្តូរពិភពលោកនេះ ។ នៅពេលប្អូនទទួលយក ហើយធ្វើតាមព្រះទ័យទ្រង់សម្រាប់ប្អូន នោះប្អូននឹងឃើញថា ខ្លួនប្អូនសម្រេចនូវកិច្ចការដ៏អស្ចារ្យជាច្រើន ! »១៧
ខ្ញុំសូមថ្លែងទីបន្ទាល់ដោយអង់អាចថា ព្រះអម្ចាស់ស្គាល់ថាប្អូនជានរណា ហើយទ្រង់ស្រឡាញ់ប្អូន ! យើងរួមគ្នាពន្លឿនព្រះរាជបំណងរបស់ទ្រង់រហូតដល់ថ្ងៃដ៏ធំនោះ នៅពេលដែលព្រះគ្រីស្ទទ្រង់ផ្ទាល់យាងត្រឡប់មកផែនដីនេះ ហើយហៅយើងម្នាក់ៗឲ្យ « មកទីនេះចុះ » ។ យើងនឹងជួបជុំគ្នាដោយរីករាយ ដ្បិតយើងជាអ្នកដែលមករកព្រះគ្រីស្ទ ហើយយើងមិនមកតែម្នាក់ឯងទេ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕