ចាំបាច់ត្រូវមានព្រះវិហារមួយ
បទគម្ពីរបង្រៀនយ៉ាងច្បាស់ពីដើមកំណើត និងការចាំបាច់ដើម្បីមានព្រះវិហារមួយ ដែលបានដឹកនាំដោយ និងជាមួយសិទ្ធិអំណាចរបស់ព្រះអម្ចាស់នៃយើងគឺព្រះយេស៊ូវគ្រីស្ទ ។
ជាច្រើនឆ្នាំកន្លងទៅ អែលឌើរ ម៉ាក អ៊ី ភីធើរសិន សមាជិកម្នាក់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចាប់ផ្ដើមសុន្ទរកថាមួយជាមួយនឹងឧទាហរណ៍នេះ ៖
« ខេនណេធ និងភរិយារបស់គាត់ឈ្មោះ លូស៊ីល គឺជាមនុស្សល្អ ស្មោះត្រង់ និងទៀងត្រង់ ។ ពួកគេមិនទៅព្រះវិហារទេ ប៉ុន្តែពួកគាត់មានអារម្មណ៍ថា ពួកគាត់អាចធ្វើជាមនុស្សល្អគ្រប់គ្រាន់ដោយមិនចាំបាច់ទៅព្រះវិហារឡើយ ។ ពួកគាត់បង្រៀនកូនៗរបស់ពួកគាត់អំពីសេចក្ដីស្មោះត្រង់ និងគុណធម៌ ហើយពួកគាត់ប្រាប់ខ្លួនឯងថា ពួកគាត់បានធ្វើគ្រប់យ៉ាងដូចដែលព្រះវិហារបង្រៀនហើយ ។
« និយាយទៅ ពួកគាត់នៅតែទទួចថា ពួកគាត់ត្រូវការមានពេលវេលានៅចុងសប្ដាហ៍ដើម្បីធ្វើសកម្មភាពជាគ្រួសារ… [ ហើយ ]ការទៅព្រះវិហារនឹងធ្វើឲ្យពួកគាត់អាក់ខានធ្វើសកម្មភាពនេះ » ។ ១
នៅថ្ងៃនេះ សារលិខិតរបស់ខ្ញុំគឺទាក់ទងនឹងមនុស្សដែលប្រកាន់ខ្ជាប់ខាងសាសនាដ៏ល្អបែបនេះ ដែលបានឈប់ទៅ ឬឈប់ចូលរួមនៅក្នុងព្រះវិហារនានារបស់ពួកគេ ។ ២ នៅពេលខ្ញុំនិយាយថា « ព្រះវិហារនានា »ខ្ញុំរាប់បញ្ចូលសាលាប្រជុំ វិហារអ៊ីស្លាម ឬអង្គការសាសនាផ្សេងទៀត ។ យើងមានកង្វល់ថា ការចូលរួមនៅគ្រប់ទីកន្លែងទាំងនេះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅគ្រប់ប្រទេស ។ ៣ ប្រសិនបើយើងឈប់ឲ្យតម្លៃព្រះវិហារនានារបស់យើងដោយហេតុផលណាមួយ នោះយើងបានគំរាមកំហែងដល់ជីវិតខាងវិញ្ញាណរបស់យើងផ្ទាល់ ហើយកាលមនុស្សជាច្រើនបំបែកខ្លួនពួកគេចេញឆ្ងាយពីព្រះ នោះព្រះពររបស់ទ្រង់បានកាត់បន្ថយចំពោះប្រជាជាតិរបស់យើងផងដែរ ។
ការចូលរួម និងសកម្មភាពនៅក្នុងព្រះវិហារមួយ ជួយយើងឲ្យក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយជះឥទ្ធិពលកាន់តែខ្លាំងលើជីវិតរបស់មនុស្សដទៃផងដែរ ។ យើងត្រូវបានបង្រៀនពីរបៀបអនុវត្តគោលការណ៍សាសនានៅក្នុងព្រះវិហារ ។ យើងរៀនពីគ្នាទៅវិញទៅមក ។ គំរូដ៏ល្អមួយ គឺមានឥទ្ធិពលលើសពីទេសនកថាមួយទៅទៀត ។ យើងទទួលបានកម្លាំងដោយការប្រាស្រ័យទាក់ទងនឹងមនុស្សផ្សេងទៀតដែលមានគំនិតដូចគ្នា ។ ការចូលរួម និង ការមានវត្តមានក្នុងព្រះវិហារធ្វើឲ្យដួងចិត្តរបស់យើង ដូចដែលព្រះគម្ពីរប៊ីបចែងថា « រួបរួមគ្នាមកក្នុងសេចក្តីស្រឡាញ់ » ។ ៤
I.
បទគម្ពីរដែលព្រះបានប្រទានដល់គ្រីស្ទសាសនិកនៅក្នុងព្រះគម្ពីរប៊ីប និងនៅក្នុងវិវរណៈសម័យទំនើបបង្រៀនយ៉ាងច្បាស់ថាចាំបាច់ត្រូវមានព្រះវិហារមួយ ។ ការបង្រៀនទាំងពីរបង្ហាញថា ព្រះយេស៊ូវគ្រីស្ទបានរៀបចំព្រះវិហារមួយ ហើយបានព្រះតម្រិះថា ព្រះវិហារនោះនឹងបន្តកិច្ចការរបស់ទ្រង់បន្ទាប់ពីទ្រង់បានយាងចេញទៅ ។ ទ្រង់បានហៅពួកសាវកដប់ពីរនាក់ និងបានប្រទានសិទ្ធិអំណាច និងកូនសោដល់ពួកគេដើម្បីដឹកនាំព្រះវិហារនោះ ។ ព្រះគម្ពីរប៊ីបបង្រៀនថា ព្រះគ្រីស្ទគឺជា« សិរសានៃពួកជំនុំ » ៥ ហើយថា ថ្នាក់ដឹកនាំនៃព្រះវិហារនោះត្រូវបានប្រទានឲ្យជា« ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង » ។ ៦ ប្រាកដណាស់ ព្រះគម្ពីរប៊ីបបញ្ជាក់យ៉ាងច្បាស់ពីដើមកំណើត និងការចាំបាច់ដើម្បីមានព្រះវិហារនៅពេលនេះ ។
មានមនុស្សមួយចំនួននិយាយថា ការចូលរួមការប្រជុំនៅព្រះវិហារមិនជួយដល់ពួកគេឡើយ ។ មានមនុស្សមួយចំនួននិយាយថា « ខ្ញុំមិនបានរៀនអ្វីសោះនៅថ្ងៃនេះ » ឬ« គ្មាននរណាម្នាក់រាក់ទាក់នឹងខ្ញុំសោះ » ឬ« គេធ្វើឲ្យខ្ញុំអាក់អន់ចិត្ត » ។ ការខកបំណងផ្ទាល់ខ្លួន មិនគួររារាំងយើងមិនឲ្យទទួលយកគោលលទ្ធិនៃព្រះគ្រីស្ទ ជាអង្គដែលបង្រៀនយើងឲ្យចេះបម្រើ មិនមែនឲ្យគេបម្រើយើងនោះឡើយ ។ ៧ ដោយមានគំនិតនេះ សមាជិកម្នាក់ទៀតបានពិពណ៌នាការផ្តោតអារម្មណ៍នៃការចូលរួមនៅក្នុងសាសនាចក្ររបស់គាត់ ។
« ជាច្រើនឆ្នាំកន្លងមក ខ្ញុំបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំក្នុងការទៅព្រះវិហារ ។ ខ្ញុំលែងទៅព្រះវិហារដើម្បីតែខ្លួនឯងទៀតហើយ ប៉ុន្តែដើម្បីគិតពីអ្នកដទៃវិញ ។ ខ្ញុំបានកំណត់ថា ខ្ញុំនឹងទៅរាក់ទាក់ដល់អ្នកដែលអង្គុយតែម្នាក់ឯង ស្វាគមន៍ដល់អ្នកមកលេងព្រះវិហារ … ស្ម័គ្រចិត្តទទួលការចាត់តាំង ។ …
« និយាយឲ្យខ្លីទៅ ខ្ញុំទៅព្រះវិហាររាល់សប្ដាហ៍ដោយមានគោលបំណងចង់មានភាពសកម្ម មិនមែនអកម្មទេ ហើយធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានមួយនៅក្នុងជីវិតរបស់មនុស្ស » ។ ៨
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា « យើងមិនមែនចូលរួមការប្រជុំនៅថ្ងៃឈប់សម្រាកដើម្បីទទួលបានការកម្សាន្ត ឬទទួលការបង្រៀនតែមួយមុខគត់នោះទេ ។ យើងទៅថ្វាយបង្គំព្រះអម្ចាស់ ។ វាគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនមួយ ។ ប្រសិនបើការប្រជុំនោះជាការធ្វេសប្រហែសរបស់បងប្អូន នោះបងប្អូនបានបរាជ័យហើយ ។ គ្មាននរណាម្នាក់អាចថ្វាយបង្គំជំនួសបងប្អូនបានឡើយ បងប្អូនត្រូវតែចាំទទួលព្រះអម្ចាស់ដោយខ្លួនបងប្អូនផ្ទាល់ » ។ ៩
ការចូលរួមព្រះវិហារអាចបើកដួងចិត្តរបស់យើង និងធ្វើឲ្យព្រលឹងរបស់យើងបានបរិសុទ្ធ ។
នៅក្នុងព្រះវិហារ យើងពុំមែនគ្រាន់តែធ្វើការបម្រើតែម្យ៉ាង ឬតាមជម្រើស ឬភាពស្រួលរបស់យើងនោះទេ ។ ជាធម្មតា យើងបម្រើជាក្រុម ។ នៅក្នុងការបម្រើ យើងរកឃើញឱកាសដែលប្រទានពីសួគ៌ា ដើម្បីនៅឲ្យឆ្ងាយពីភាពបុគ្គលនិយមនៅជំនាន់របស់យើងនេះ ។ ការបម្រើដែលបានដឹកនាំដោយព្រះវិហារជួយយើងជម្នះលើភាពកំណាញ់ផ្ទាល់ខ្លួនដែលអាចពន្យឺតដល់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ។
វាមាននូវអត្ថប្រយោជន៍ដ៏សំខាន់ផ្សេងទៀតដែលគួរតែថ្លែង ទោះជាវាខ្លីក្ដី ។ ក្នុងព្រះវិហារ យើងប្រាស្រ័យទាក់ទងនឹងមនុស្សល្អៗដែលខិតខំបម្រើព្រះ ។ ការណ៍នេះរំឭកយើងថា យើងមិនមែនឯកានៅក្នុងសកម្មភាពសាសនានានារបស់យើងទេ ។ យើងគ្រប់គ្នាត្រូវការការប្រាស្រ័យទាក់ទងនឹងមនុស្សដទៃ ហើយការប្រាស្រ័យទាក់ទងក្នុងព្រះវិហារ គឺជាបទពិសោធន៍ដ៏ល្អបំផុតមួយចំនួន សម្រាប់យើង ព្រមទាំងដៃគូ និងកូនៗរបស់យើងផងដែរ ។ បើគ្មានការប្រាស្រ័យទាក់ទងទាំងនោះទេ ជាពិសេសរវាងកូនៗ និងឪពុកម្ដាយដ៏ស្មោះត្រង់ ការស្រាវជ្រាវបង្ហាញពីការលំបាកជាច្រើនចំពោះឪពុកម្ដាយដើម្បីចិញ្ចឹមកូនចៅនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ។ ១០
II.
តាំងពីដើមរហូតមកដល់ពេលនេះ ខ្ញុំបាននិយាយអំពីព្រះវិហារទូទៅ ។ ឥឡូវនេះ ខ្ញុំសូមលើកឡើងពីហេតុផលពិសេសសម្រាប់សមាជិកភាព វត្តមាន និងការចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានស្ដារឡើងវិញ ។
ពិតណាស់ យើងអះអាងថា បទគម្ពីរទាំងសម័យបុរាណ និងសម័យទំនើប បង្រៀនយ៉ាងច្បាស់ពីដើមកំណើត និងការចាំបាច់ដើម្បីមានព្រះវិហារមួយ ដែលបានដឹកនាំដោយ និងជាមួយសិទ្ធិអំណាចរបស់ព្រះអម្ចាស់នៃយើងគឺព្រះយេស៊ូវគ្រីស្ទ ុទ្ធដែលចាំបាច់ ដើម្បីចូលទៅក្នុងនគររបស់ព្រះ ។ ១១ សមាជិកដែលបោះបង់ការចូលរួមក្នុងសាសនាចក្រ និងពឹងផ្អែកតែលើជីវភាពខាងវិញ្ញាណផ្ទាល់ខ្លួន ដោយញែកខ្លួនពួកគាត់ចេញពីកត្តាចាំបាច់ក្នុងដំណឹងល្អទាំងនេះ ៖ អំណាច និងពរជ័យនៃបព្វជិតភាព ភាពពេញលេញនៃគោលលទ្ធិដែលបានស្ដារឡើងវិញ និងការលើកទឹកចិត្ត និងឱកាសដើម្បីអនុវត្តគោលលទ្ធិនោះ ។ ពួកគាត់បាត់បង់ឱកាសរបស់ពួកគាត់ ដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានភាពដ៏នៅអស់កល្បជានិច្ច ។
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតនៃសាសនាចក្រដែលបានស្ដារឡើងវិញនេះគឺថា សាសនាចក្រជួយយើងឲ្យរីកចម្រើនខាងវិញ្ញាណ ។ ការរីកចម្រើនមានន័យថា ការផ្លាស់ប្តូរ ។ ក្នុងន័យខាងវិញ្ញាណ ការណ៍នេះមានន័យថា ការប្រែចិត្ត និងការខិតខំទៅជិតព្រះអម្ចាស់ ។ នៅក្នុងសាសនាចក្រដែលស្ដារឡើងវិញនេះ យើងមានគោលលទ្ធិ នីតិវិធី និងក្រុមអ្នកជំនួយដ៏បំផុសគំនិត ដែលជួយយើងឲ្យប្រែចិត្ត ។ គោលបំណងរបស់ពួកគេ សូម្បីតែនៅក្នុងក្រុមប្រឹក្សាសមាជិកភាពក្តី ក៏មិនមែនដើម្បីដាក់ទណ្ឌកម្ម ដូចជាតុលាការឧក្រិដ្ឋកម្មនោះទេ ។ ក្រុមប្រឹក្សាសមាជិកភាពក្នុងសាសនាចក្រ ខិតខំដោយក្ដីស្រឡាញ់ ដើម្បីជួយយើងឲ្យមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់សេចក្ដីមេត្តាករុណានៃការអភ័យទោសដែលបានធ្វើឡើង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជីវភាពខាងវិញ្ញាណផ្ទាល់ខ្លួនអាចកម្រផ្ដល់ការលើកទឹកចិត្ត និងរចនាសម្ព័ន្ធសម្រាប់ការបម្រើដែលមិនគិតពីខ្លួនឯង ដែលបានផ្ដល់ឲ្យដោយសាសនាចក្រដែលបានស្ដារឡើងវិញនោះឡើយ ។ គំរូដ៏អស្ចារ្យពីបញ្ហានេះគឺមានយុវជនយុវនារី និងពួករៀមច្បងដែលផ្អាកការសិក្សា ឬការចូលនិវត្តន៍របស់ពួកគាត់ ដើម្បីទទួលយកការហៅបម្រើធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ ពួកគាត់ធ្វើការក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាទៅកាន់មនុស្សដែលពុំធ្លាប់ស្គាល់ នៅកន្លែងដែលមិនស្គាល់ ជាកន្លែងដែលពួកគាត់មិនបានជ្រើសរើសដោយខ្លួនឯងឡើយ ។ រឿងដូចគ្នានេះក៏បានធ្វើឡើងដោយសមាជិកដ៏ស្មោះត្រង់ ដែលចូលរួមនៅក្នុងការបម្រើដ៏សប្បុរស ដែលយើងហៅថា « កិច្ចការព្រះវិហារបរិសុទ្ធ » ។ គ្មានការបម្រើបែបនេះណាមួយនឹងអាចមានបានឡើយ បើគ្មានសាសនាចក្រដែលឧបត្ថម្ភ រៀបចំ និងដឹកនាំកិច្ចការនោះទេ ។
ជំនឿសាសនា និងការបម្រើក្នុងសាសនាចក្រនៃសមាជិករបស់យើង បានបង្រៀនពួកគាត់ពីកិច្ចខិតខំធ្វើការរួមគ្នា ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំនេះ ។ បទពិសោធន៍ និងការអភិវឌ្ឍបែបនោះ មិនបានកើតឡើងនៅក្នុងភាពបុគ្គលនិយម ដែលមានជាទូទៅក្នុងការអនុវត្តចំពោះសង្គមបច្ចុប្បន្នរបស់យើងឡើយ ។ នៅវួដក្នុងមូលដ្ឋានរបស់យើង យើងសហការ និងធ្វើការជាមួយនឹងមនុស្សដែលយើងមិនបានជ្រើសរើស ជាបុគ្គលដែលបង្រៀនយើង និងសាកល្បងយើង ។
បន្ថែមពីលើការជួយយើងឲ្យរៀនពីគុណសម្បត្តិខាងវិញ្ញាណដូចជា សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ការអភ័យទោស និងការអត់ធ្មត់ហើយ ការណ៍នេះផ្ដល់ឱកាសឲ្យយើងរៀនពីរបៀបធ្វើការជាមួយនឹងបុគ្គលដែលមានប្រវត្តិ និងចំណង់ចំណូលចិត្តខុសៗគ្នាផងដែរ ។ អត្ថប្រយោជន៍នេះបានជួយសមាជិករបស់យើង និងអង្គការជាច្រើនឲ្យទទួលពរជ័យតាមរយៈការចូលរួមរបស់ពួកគាត់ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយមានកិត្ដិនាម ដោយសារតែសមត្ថភាពរបស់ពួកគាត់ដើម្បីដឹកនាំ និងបង្រួបបង្រួមក្នុងកិច្ចសហប្រតិបត្តិការ ។ ទម្លាប់នោះមានដើមកំណើតចេញពីពួកអ្នកត្រួសត្រាយផ្លូវដ៏អង់អាចរបស់យើង ដែលបានធ្វើនិគមកិច្ចនៅភាគខាងលិច ហើយបានស្ថាបនាប្រពៃណីដ៏មានតម្លៃរបស់យើងនៃសហប្រតិបត្តិការ ជាប្រយោជន៍សាធារណៈសម្រាប់សេចក្ដីល្អរួម ។
កិច្ចការមនុស្សធម៌ និងសប្បុរសធម៌ភាគច្រើនចាំបាច់ត្រូវសម្រេចបាន ដោយការគ្រប់គ្រងធនធាននីមួយៗក្នុងកម្រិតធំមួយ ។ សាសនាចក្រដែលបានស្ដារឡើងវិញនេះបានធ្វើការងារមនុស្សធម៌ដ៏មានកិត្ដិនាមជាច្រើនសន្ធឹកសន្ធាប់ជុំវិញពិភពលោក ។ ទាំងនេះរួមបញ្ចូលទាំងការចែកចាយនូវសម្ភារអប់រំ និងវេជ្ជសាស្ត្រ ការផ្ដល់អាហារដល់ជនស្រេកឃ្លាន ការមើលថែជនអន្តោប្រវេសន៍ ការជួយលុបបំបាត់ឥទ្ធិពលនៃការញៀន និងកិច្ចការផ្សេងទៀត ។ សមាជិករបស់យើងក្នុងសាសនាចក្រមានកិត្តិនាមដោយសារតែ គម្រោងដៃជំនួយរបស់ពួកគេ ដែលបានជួយនៅគ្រាមានគ្រោះធម្មជាតិ ។ សមាជិកភាពក្នុងសាសនាចក្របានធ្វើឲ្យយើងក្លាយជាផ្នែកមួយនៃការងារដ៏ធំបែបនេះ ាហារ ដើម្បីជួយអ្នកក្រីក្រនៅក្នុងចំណោមពួកគេផងដែរ ។
បន្ថែមពីលើការទទួលអារម្មណ៍នូវសេចក្ដីសុខសាន្ត និងអំណរតាមរយៈភាពជាដៃគូនៃព្រះវិញ្ញាណ សមាជិកដែលចូលរួមក្នុងសាសនាចក្ររបស់យើងរីករាយនឹងផលផ្លែនៃការរស់នៅតាមដំណឹងល្អ ដូចជាពរជ័យនៃការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ព្រមទាំងការរីកចម្រើនខាងផ្នែកសម្ភារ និងខាងវិញ្ញាណ ដែលបានសន្យាសម្រាប់ការរស់នៅតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ យើងក៏មានពរជ័យនៃការប្រឹក្សាមកពីថ្នាក់ដឹកនាំដ៏បំផុសគំនិតផងដែរ ។
រឿងដ៏សំខាន់បំផុតគឺជា ពិធីបរិសុទ្ធបព្វជិតភាពដែលមានសិទ្ធិអំណាចចាំបាច់សម្រាប់ភាពអស់កល្បជានិច្ច រួមទាំងពិធីសាក្រាម៉ង់ ដែលយើងទទួលទានរាល់ថ្ងៃឈប់បរិសុទ្ធផងដែរ ។ ពិធីបរិសុទ្ធដ៏ខ្ពស់បំផុតនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញនេះ គឺជាសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ដ៏នៅជានិរន្តរ៍ ដែលអាចធ្វើឲ្យទំនាក់ទំនងគ្រួសារដ៏រុងរឿង នៅបន្ត ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនគោលការណ៍នេះតាមរបៀបមួយដ៏គួរឲ្យចងចាំថា ៖ លោកបានមានប្រសាសន៍ថា « យើងមិនអាច ប្រាថ្នា ឲ្យរបៀបរបស់យើងកើតមានក្នុងវត្តមានរបស់ព្រះបានទេ ។ យើងត្រូវតែគោរពតាមក្រឹត្យវិន័យ ដែល[ ពរជ័យនោះ ]ផ្អែកទៅលើ » ។ ១២
ក្រឹត្យវិន័យទាំងនោះមួយគឺ ដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហាររៀងរាល់ថ្ងៃឈប់សម្រាក ។ ១៣ ការថ្វាយបង្គំ និងការអនុវត្តរបស់យើងចំពោះគោលការណ៍ដ៏អស់កល្បជានិច្ចធ្វើឲ្យយើងខិតជិតព្រះ ព្រមទាំងលើកតម្កើងលទ្ធភាពរបស់យើងដើម្បីមានសេចក្តីស្រឡាញ់ផងដែរ ។ ប្រធាន ប៉ាលី ភី ប្រាត្ត ជាសាវកដំបូងមួយរូបនៃគ្រាកាន់កាប់ត្រួតត្រានេះ បានពិពណ៌នាពីអារម្មណ៍ដែលលោកមាន នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានពន្យល់ពីគោលការណ៍ទាំងនេះ ៖ « ខ្ញុំមានអារម្មណ៍យ៉ាងពិតប្រាកដថា ព្រះគឺជាព្រះវរបិតាសួគ៌ ហើយថាព្រះយេស៊ូវ គឺជាបងប្រុសរបស់យើង ហើយថាភរិយាជាទីស្រឡាញ់ពេញបេះដូងរបស់ខ្ញុំ គឺជាដៃគូអស់កល្បជានិច្ច ៖ ជាទេវតាបម្រើមួយអង្គដែលមានសន្តានចិត្តល្អ ជាអ្នកលួងលោមដែលបានប្រទានដល់ខ្ញុំ ហើយជាមកុដនៃសិរីល្អជារៀងរហូតទៅ » ។ សរុបមក ពេលនេះខ្ញុំក៏អាចស្រឡាញ់ដោយស្មារតី និងដោយការយល់ដឹងផងដែរ » ។ ១៤
ជាចុងបញ្ចប់ ខ្ញុំសូមរំឭកដល់បងប្អូនទាំងអស់ថា យើងមិនជឿថា សេចក្ដីល្អអាចសម្រេចទៅបានតែតាមរយៈព្រះវិហារប៉ុណ្ណោះទេ ។ ក្រៅពីព្រះវិហារ យើងឃើញមនុស្សរាប់លាននាក់គាំទ្រ និងអនុវត្តកិច្ចការល្អៗដ៏ច្រើនលើសលុប ។ ដោយឡែក ពួកបរិសុទ្ធថ្ងៃចុងក្រោយចូលរួមក្នុងកិច្ចការទាំងនេះជាច្រើន ។ យើងឃើញកិច្ចការទាំងនេះជាការបង្ហាញឲ្យឃើញពីសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចថា « ព្រះវិញ្ញាណប្រទានពន្លឺដល់ មនុស្សគ្រប់រូប ណាដែលមកក្នុងលោកិយ » នេះ ។ ១៥
ទោះជាកិច្ចការល្អៗអាចសម្រេចបានដោយគ្មានព្រះវិហារក្ដី ក៏ភាពពេញលេញនៃគោលលទ្ធិ និងពិធីបរិសុទ្ធនៃការសង្គ្រោះ និងការតម្កើងឡើងរបស់វាមានតែនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញនេះប៉ុណ្ណោះ ។ លើសពីនេះទៀត ការចូលរួមក្នុងសាសនាចក្រផ្ដល់ឲ្យយើងនូវកម្លាំង និងការពង្រឹងសេចក្ដីជំនឿ ដែលកើតចេញពីការប្រាស្រ័យទាក់ទងនឹងពួកអ្នកជឿផ្សេងទៀត និងការថ្វាយបង្គំរួមគ្នាជាមួយនឹងអ្នកដែលកំពុងខិតខំបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា និងធ្វើជាសិស្សដ៏ប្រពៃនៃព្រះគ្រីស្ទផងដែរ ។ ខ្ញុំសូមអធិស្ឋានថា យើងទាំងអស់គ្នានឹងរឹងមាំនៅក្នុងបទពិសោធន៍ទាំងនេះនៅក្នុងសាសនាចក្រ ពេលយើងស្វែងរកជីវិតដ៏អស់កល្បជានិច្ចជាអំណោយទានដ៏អស្ចារ្យបំផុតរបស់ព្រះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕