« តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍
« តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? »
ការដកស្រង់
តើបងប្អូនឆ្ងល់ទេថា តើព្រះយេស៊ូវមានបំណងយ៉ាងដូចម្តេច ពេលទ្រង់សួរពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » [ យ៉ូហាន ២១:១៥ ] ។ …
តើរបស់ខាងលោកិយនាំអំណរ សុភមង្គល និងសេចក្តីសុខសាន្តដល់យើង ដូចដែលព្រះអម្ចាស់បានប្រទានដល់ពួកសិស្សរបស់ទ្រង់ និងពួកយើងដែរឬទេ ? មានតែទ្រង់ប៉ុណ្ណោះដែលអាចនាំអំណរ សុភមង្គល និងសេចក្តីសុខសាន្តពិតប្រាកដដល់យើងបាន តាមរយៈការស្រឡាញ់ទ្រង់ និងការធ្វើតាមការបង្រៀនរបស់ទ្រង់ ។ …
នៅពេលយើងស្វែងយល់ពីអត្ថន័យនៃសំណួរនេះឲ្យកាន់តែពេញលេញ នោះយើងអាចក្លាយជាសមាជិកគ្រួសារ អ្នកជិតខាង ពលរដ្ឋ សមាជិកនៃសាសនាចក្រ និងបុត្រាបុត្រីរបស់ព្រះកាន់តែល្អប្រសើរ ។ …
ព្រះវរបិតាសួគ៌ស្រឡាញ់យើងដល់ម្ល៉េះ ទើបទ្រង់បានរៀបចំផែនការនៃសេចក្តីសង្គ្រោះ ដោយមានព្រះអង្គសង្រ្គោះជាតួអង្គដ៏សំខាន់ ។ …
… យើងត្រូវជឿទៅលើព្រះយេស៊ូវ និងផែនការនៃសុភមង្គលរបស់ព្រះ ។ ការ ជឿ គឺជាការស្រឡាញ់ និងធ្វើតាមព្រះអង្គសង្រ្គោះរបស់យើង ហើយគោរពតាមបទបញ្ញត្តិទាំងឡាយ ទោះបីជាស្ថិតនៅក្នុងគ្រានៃការសាកល្បង និងការទាស់ទែងគ្នាក្តី ។ …
យើងមិនអាចបាត់បង់សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមលើព្រះយេស៊ូវឡើយ សូម្បីតែពេលដែលយើងប្រឈមមុខនឹងឧបសគ្គដែលគួរឲ្យភ័យខ្លាចក៏ដោយ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវនឹងមិនបំភ្លេចយើងឡើយ ។ ទ្រង់ទាំងទ្វេស្រឡាញ់យើង ។ …
យើងត្រូវតែចងចាំជានិច្ចថា សុភមង្គលពិតរបស់យើង អាស្រ័យទៅលើទំនាក់ទំនងរបស់យើងជាមួយព្រះ ជាមួយព្រះយេស៊ូវគ្រីស្ទ និងជាមួយគ្នាទៅវិញទៅមក ។
របៀបមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់យើង គឺតាមរយៈការចូលរួមជាមួយគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ធ្វើការងារតូចតាច ដើម្បីបម្រើគ្នាទៅវិញទៅមកឲ្យបានកាន់តែប្រសើរ ។ សូមធ្វើអ្វីៗដែលធ្វើឲ្យពិភពលោកនេះក្លាយជាទីកន្លែងដ៏ល្អប្រសើរ ។
តើការងារអ្វីខ្លះដែលបងប្អូនអាចធ្វើនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ដើម្បីបង្ហាញថា បងប្អូនស្រឡាញ់ព្រះអម្ចាស់មុនគេ ?