« សេចក្ដីស្រឡាញ់ដ៏ទេវភាពក្នុងផែនការរបស់ព្រះវរបិតា » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំរសៀលថ្ងៃអាទិត្យ
សេចក្ដីស្រឡាញ់ដ៏ទេវភាពក្នុងផែនការរបស់ព្រះវរបិតា
ការដកស្រង់
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានស្ដារឡើងវិញ យើងមានការយល់ដឹងដ៏ពិសេសមួយ អំពីផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ។ ការណ៍នេះបង្រៀនយើងឲ្យមើលខុសពីអ្នកដទៃ ចំពោះគោលបំណងនៃជីវិតរមែងស្លាប់ សេចក្តីជំនុំជម្រះដ៏ទេវភាពដែលនៅពីក្រោយជីវិតនេះ និងជោគវាសនាដ៏រុងរឿងខ្ពង់ខ្ពស់បំផុតនៃកូនចៅគ្រប់រូបរបស់ព្រះ ។ …
… គោលលទ្ធិដែលបានបើកសម្ដែងរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ បង្រៀនថា កូនចៅរបស់ព្រះគ្រប់រូប—ទីបំផុតនឹងចូលក្នុងនគរនៃ សិរីល្អ—លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ ។ …
… លំដាប់ដ៏ខ្ពស់បំផុតនៃលំដាប់ទាំងនេះគឺ ភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ជានគរដែលយើងអាចក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ …
… បេសកកម្មនៃសាសនាចក្រដែលបានស្ដារឡើងវិញ គឺដើម្បីជួយបុត្រាបុត្រីរបស់ព្រះគ្រប់រូបឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមអ្វីដែលព្រះសព្វព្រះទ័យ ជាជោគវាសនាដ៏ខ្ពង់ខ្ពស់របស់ពួកគេ ។ …
មូលដ្ឋានគ្រឹះចំពោះយើង គឺជាវិវរណៈរបស់ព្រះដែលថា ភាពតម្កើងឡើងអាចទទួលបានតាមរយៈតែភាពស្មោះត្រង់ចំពោះសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ដ៏អស់កល្បរវាងបុរសម្នាក់ និងស្រ្តីម្នាក់ប៉ុណ្ណោះ ។ គោលលទ្ធិដ៏ទេវភាពនោះគឺជាមូលហេតុដែលយើងបង្រៀនថា « ភេទប្រុសស្រី គឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗនៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច » [ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ] ។ …
… យើងអះអាងថា ការប្រកាសស្ដីពីក្រុមគ្រួសារ ដែលបានបង្កើតឡើងនៅលើគោលលទ្ធិដែលមិនអាចដកហូតបាន កំណត់នូវប្រភេទទំនាក់ទំនងគ្រួសារ ដែលជាផ្នែកដ៏សំខាន់បំផុតនៃការអភិវឌ្ឍអស់កល្បរបស់យើង ដែលអាចកើតមានឡើង ។ …
… យើងត្រូវតែព្យាយាមចែករំលែកសេចក្ដីពិតនៃភាពអស់កល្បទាំងនេះ ជាមួយនឹងអ្នកផ្សេងទៀត ។ យើងតែងតែទទួលយកការសម្រេចចិត្តរបស់អ្នកជិតខាងយើងជានិច្ច ដោយក្តីស្រឡាញ់ដែលយើងត្រូវមានចំពោះពួកគេទាំងអស់គ្នា ។ ដូចជាព្យាការីក្នុងព្រះគម្ពីរមរមនបានបង្រៀនថា យើងត្រូវតែឈានទៅមុខ ដោយមាន « ចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » [ នីហ្វៃទី២ ៣១:២០ ] ។