« ការធ្វើតាមព្រះយេស៊ូវ ៖ ជាអ្នកដែលផ្សះផ្សាគេ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃសៅរ៍
ការធ្វើតាមព្រះយេស៊ូវ ៖ ជាអ្នកដែលផ្សះផ្សាគេ
ការដកស្រង់
ព្រះអម្ចាស់បានបង្រៀនអំពីរបៀបដើម្បីរស់នៅក្នុងសម័យមុន និងនៅពេលបច្ចុប្បន្ននៅក្នុងពិភពលោកដែលមិនឲ្យតម្លៃគ្នានេះ ។ « មានពរហើយអស់អ្នកដែលផ្សះផ្សាគេ » ទ្រង់បានប្រកាស « ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ »[ ម៉ាថាយ ៥:៩ ] ។ …
តើអ្នកដែលផ្សះផ្សាគេអាចធ្វើឲ្យព្រួញភ្លើងស្ងប់ និងរលត់ទៅដោយរបៀបណា ? ប្រាកដណាស់គឺ មិនមែនរុញរានៅចំពោះមុខអ្នកដែលទិតៀនយើងនោះទេ ។ ប៉ុន្តែ យើងនៅតែជឿជាក់លើជំនឿរបស់យើង ហើយចែកចាយជំនឿរបស់យើងជាមួយនឹងជំហរដ៏រឹងមាំ ប៉ុន្តែត្រូវគ្មានកំហឹង ឬគ្មានការនិន្ទាគ្នាជាប់ជានិច្ច ។ …
តើអ្វីទៅដែលផ្តល់ឲ្យយើងនូវកម្លាំងពីខាងក្នុង ដើម្បីធ្វើឲ្យព្រួញភ្លើងនោះត្រជាក់ ស្ងប់ស្ងាត់ និងរលត់ដែលបានបាញ់ឆ្ពោះទៅរកសេចក្តីពិតដែលយើងស្រឡាញ់ ? កម្លាំងនោះចេញមកពីសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីជំនឿរបស់យើងទៅលើព្រះបន្ទូលរបស់ទ្រង់ ។ …
ទោះបីជាបំណងដ៏រាបទាបរបស់យើងគឺចង់ឲ្យការបង្រៀនរបស់ព្រះអង្គសង្គ្រោះទទួលបានការសរសើរពីមនុស្សគ្រប់គ្នាក្តី ក៏ព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្យាការីទាំងឡាយរបស់ទ្រង់ជាញឹកញាប់ផ្ទុយពីការគិត និងនិន្នាការរបស់ពិភពលោកនេះដែរ ។ វាតែងតែបែបនេះតាំងពីដើមរៀងមក ។ …
យើងពិតជាស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកជិតខាងរបស់យើងគ្រប់រូប មិនថាពួកគេជឿ ឬមិនជឿដូចជាយើងនោះទេ ។ …
… មានពេលខ្លះការធ្វើជាអ្នកដែលផ្សះផ្សាគេ គឺមានន័យថា យើងទប់ទល់នឹងកំហឹង ដោយនៅស្ងៀមជាមួយនឹងសេចក្តីថ្លៃថ្នូរ ។ …
គួរឲ្យសោកស្ដាយ ពុំមែនមនុស្សទាំងអស់នឹងនៅបន្តរឹងមាំនៅក្នុងសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់នោះទេ ។ …
យើងក៏អាចចាកចេញពីការទាស់ទែងគ្នា ហើយផ្តល់ពរដល់ជីវិតអ្នកដទៃផងដែរ ខណៈដែលយើងមិនដាក់ខ្លួនឲ្យនៅឯកោឡើយ ។ …
សូមឲ្យយើងស្រឡាញ់ទ្រង់ ហើយស្រឡាញ់គ្នាទៅវិញទៅមក ។ សូមឲ្យយើងធ្វើជាអ្នកផ្សះផ្សាគេ ដើម្បីយើងអាចបានហៅថាជា « កូនរបស់ព្រះ » ។