« ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន—សេចក្តីដកស្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន
សេចក្តីដកស្រង់
ប្រសិនបើអ្នកមានអាយុចន្លោះពី ១១ ដល់ ១៨ឆ្នាំ ខ្ញុំមានសារលិខិតមួយជាពិសេសសម្រាប់អ្នក មកពីព្រះអង្គសង្គ្រោះរបស់អ្នកគឺព្រះយេស៊ូវគ្រីស្ទ ។
សារលិខិតរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក
មិត្តសម្លាញ់វ័យក្មេងរបស់ខ្ញុំអើយ ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះឥឡូវនេះ តើទ្រង់នឹងមានបន្ទូលអ្វីខ្លះទៅកាន់អ្នក ?
ខ្ញុំជឿថា ទ្រង់នឹងចាប់ផ្តើមដោយការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះអ្នក ។…
ប៉ុន្តែដោយសារយើងទាំងអស់គ្នាទន់ខ្សោយ និងមិនល្អឥតខ្ចោះ នោះការព្រួយបារម្ភមួយចំនួនអាចនឹងជ្រៀតចូលមកក្នុងគំនិតរបស់អ្នក ។ អ្នកប្រហែលជាចងចាំពីកំហុសដែលអ្នកបានធ្វើ គ្រានានាដែលអ្នកបានធ្លាក់ទៅក្នុងការល្បួង កិច្ចការដែលអ្នកមិនចង់ធ្វើ—ឬបានប៉ងប្រាថ្នាថា អ្នកចង់ធ្វើវាឲ្យបានល្អប្រសើរឡើង ។ …
ខ្ញុំជឿថា ព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកមើលឃើញ ទទួលអារម្មណ៍ និងដឹងថា ទ្រង់ជាកម្លាំងរបស់អ្នក ។ ដោយមានជំនួយរបស់ទ្រង់ នោះនឹងគ្មានដែនកំណត់ចំពោះអ្វីដែលអ្នកអាចសម្រេចបាននោះទេ ។…
ព្រះអង្គសង្គ្រោះបានប្រកាសយ៉ាងច្បាស់លាស់ថា អ្នកគឺជាបុត្រី ឬបុត្រារបស់ព្រះដ៏មានព្រះឥទ្ធិឫទ្ធិ ។ ព្រះវរបិតាសួគ៌របស់អ្នកគឺជាអង្គដ៏រុងរឿងបំផុតក្នុងសកលលោក ពេញដោយសេចក្តីស្រឡាញ់ អំណរ ស្មោះត្រង់ បរិសុទ្ធ ពន្លឺ ព្រះគុណ និងសេចក្តីពិត ។ ហើយថ្ងៃមួយ ទ្រង់សព្វព្រះទ័យឲ្យអ្នកគ្រងមរតកនូវអ្វីៗទាំងអស់ដែលទ្រង់មាន ។…
ដើម្បីឲ្យរឿងនេះធ្វើទៅបាន ទ្រង់បានចាត់ព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក ។…
នោះ គឺជាជោគវាសនារបស់អ្នក ។ នោះ គឺជាអនាគតរបស់អ្នក ។ នោះគឺជាជម្រើសរបស់អ្នក !
សេចក្ដីពិត និងជម្រើស
ចំណុចសំខាន់នៃផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់អ្នក គឺជាអំណាចរបស់អ្នកក្នុងការជ្រើសរើស ។…
នៅពេលអ្នកមានជម្រើសសំខាន់ៗដើម្បីជ្រើសរើស នោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ គឺជាជម្រើសដ៏ល្អបំផុត ។ នៅពេលអ្នកមានសំណួរ នោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់គឺជាចម្លើយដ៏ល្អបំផុត ។ ពេលអ្នកមានអារម្មណ៍ទន់ខ្សោយ ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។…
ដើម្បីកម្លាំងនៃយុវជន
ដើម្បីជួយអ្នកស្វែងរកផ្លូវ និងដើម្បីជួយអ្នកធ្វើឲ្យគោលលទ្ធិរបស់ព្រះគ្រីស្ទ ក្លាយជាឥទ្ធិពលដឹកនាំក្នុងជីវិតរបស់អ្នក នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានរៀបចំធនធានថ្មីមួយដែលជាកំណែកែសម្រួលនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។…
ដើម្បីឲ្យកាន់តែច្បាស់នោះគឺថា សេចក្តីណែនាំដ៏ល្អបំផុតដែលអ្នកអាចមានសម្រាប់ធ្វើការជ្រើសរើសគឺ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទ គឺជា កម្លាំងនៃយុវជន ។
ដូច្នេះគោលបំណងនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន គឺដើម្បីចង្អុលបង្ហាញអ្នកឲ្យទៅទ្រង់ ។…
វាក៏សំខាន់ផងដែរដើម្បីដឹងពីអ្វីដែលសៀវភៅ ដើម្បីកម្លាំងនៃយុវជន មិនបានធ្វើ ។ វាមិនធ្វើការសម្រេចចិត្តជំនួសអ្នកទេ ។ វាមិនផ្តល់ចម្លើយ « មែន » ឬ « ទេ » ដល់អ្នកចំពោះគ្រប់ជម្រើសដែលអ្នកអាចជួបប្រទះនោះទេ ។ សៀវភៅ ដើម្បីកម្លាំងនៃយុវជន ផ្តោតលើមូលដ្ឋានគ្រឹះសម្រាប់ជម្រើសរបស់អ្នក ។ វាផ្តោតទៅលើគុណតម្លៃ គោលការណ៍ និងគោលលទ្ធិ ជំនួសឲ្យគ្រប់ឥរិយាបថជាក់លាក់ ។…
តើវាខុសទេដែលមានច្បាប់នោះ ? ប្រាកដណាស់ វាមិនខុសទេ ។ យើងទាំងអស់គ្នាត្រូវការច្បាប់ទាំងនោះជារៀងរាល់ថ្ងៃ ។ ប៉ុន្តែវាជាការខុសឆ្គងដែលផ្តោតតែលើច្បាប់ ជំនួសឲ្យការផ្តោតទៅលើព្រះអង្គសង្គ្រោះ ។…
បទដ្ឋានកាន់តែខ្ពង់ខ្ពស់
ព្រះយេស៊ូវគ្រីស្ទមានបទដ្ឋានខ្ពស់ណាស់សម្រាប់អ្នកដើរតាមទ្រង់ ។ ហើយការអញ្ជើញឲ្យស្វែងរកព្រះឆន្ទៈរបស់ទ្រង់ដោយស្មោះត្រង់ និងការរស់នៅតាមសេចក្ដីពិតរបស់ទ្រង់ គឺជាបទដ្ឋានខ្ពស់បំផុតដែលអាចធ្វើបាន !
ជម្រើសដ៏សំខាន់ខាងសាច់ឈាម និងខាងវិញ្ញាណមិនគួរគ្រាន់តែផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬអ្វីដែលងាយស្រួល ឬពេញនិយមនោះទេ ។ ព្រះអម្ចាស់ មិនមែន កំពុងមានព្រះបន្ទូលថា « ចូរធ្វើអ្វីដែលអ្នកចង់ធ្វើ » នោះទេ ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូរទុកឲ្យព្រះឈ្នះ » ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូរមកតាមខ្ញុំ » ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូររស់នៅក្នុងរបៀបមួយឲ្យកាន់តែបរិសុទ្ធ កាន់តែខ្ពង់ខ្ពស់ កាន់តែមានភាពចាស់ទុំ » ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូរកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងចុះ » ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះរបស់យើង ហើយយើងខិតខំដោយអស់ពីថាមពលនៃព្រលឹងរបស់យើង ដើម្បីធ្វើតាមទ្រង់ ។
មិត្តសម្លាញ់របស់ខ្ញុំអើយ ខ្ញុំសូមនិយាយឡើងវិញ ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះនៅថ្ងៃនេះ នោះទ្រង់នឹងសម្តែងសេចក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់របស់ទ្រង់ចំពោះអ្នក ទ្រង់ទុកព្រះទ័យទាំងស្រុងលើអ្នក ។ ទ្រង់នឹងប្រាប់អ្នកថា អ្នកអាចធ្វើកិច្ចការនេះបាន ។ អ្នកអាចកសាងជីវិតមួយប្រកបដោយអំណរ រីករាយបាន ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។ អ្នកអាចរកឃើញទំនុកចិត្ត ភាពសុខសាន្ត សុវត្ថិភាព សុភមង្គល និងភាពជាចំណែកនៅពេលនេះ និងអស់កល្បជានិច្ច ព្រោះអ្នកនឹងរកឃើញអ្វីៗទាំងអស់នេះនៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅក្នុងដំណឹងល្អរបស់ទ្រង់ និងនៅក្នុងសាសនាចក្ររបស់ទ្រង់ ។