« ក្នុងភាពជាដៃគូជាមួយនឹងព្រះអម្ចាស់—សេចក្តីដកស្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
ក្នុងភាពជាដៃគូជាមួយនឹងព្រះអម្ចាស់
សេចក្តីដកស្រង់
ដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទប្រកាសពីគោលការណ៍នៃភាពជាដៃគូពេញលេញរវាងបុរស និងស្ត្រី ទាំងជីវិតរមែងស្លាប់ និងភាពអស់កល្បជានិច្ច ។ ទោះបុគ្គលម្នាក់ៗមានលក្ខណៈសម្បត្តិ និងទំនួលខុសត្រូវដែលបានតែងតាំងជាក់លាក់ក៏ដោយ ក៏បុរស និងស្ត្រីបំពេញតួនាទីសំខាន់ និងដែលពាក់ព័ន្ធ ដោយស្មើភាពគ្នា នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ដែរ ។ …
… តាមរយៈគោលការណ៍នៃដំណឹងល្អ ភាពខុសគ្នារវាងបុរស និងស្រ្តីពុំបានលុបចោលការសន្យាដ៏អស់កល្ប ដែលព្រះមានចំពោះបុត្រាបុត្រីរបស់ទ្រង់នោះទេ ។ បុគ្គលម្នាក់ពុំសមនឹងសិរីរុងរឿងនៃនគរសេឡេស្ទាល ជាងបុគ្គលម្នាក់ទៀតនៅក្នុងភាពអស់កល្បជានិច្ចឡើយ ។ ព្រះអង្គសង្រ្គោះផ្ទាល់អញ្ជើញយើងទាំងអស់គ្នា ដែលជាបុត្រាបុត្រីព្រះ « ឲ្យមករកទ្រង់ ដើម្បីទទួលយកសេចក្ដីល្អរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ដែលមករកទ្រង់ឡើយ » [នីហ្វៃទី២ ២៦:៣៣] ។ ហេតុដូច្នោះហើយ នៅក្នុងបរិបទនេះ យើងទាំងអស់គ្នាត្រូវបានចាត់ទុកថាមានភាពស្មើគ្នានៅចំពោះព្រះភ័ក្ដ្រទ្រង់ ។
នៅពេលស្វាមីភរិយាយល់ដឹង និងមានគោលការណ៍នេះ នោះពួកគេមិនចាត់ទុកខ្លួនឯងថាជាប្រធាន ឬអនុប្រធាននៅក្នុងគ្រួសារខ្លួនឡើយ ។ ពុំមាននរណាធំជាង ឬអន់ជាងនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍នោះទេ ហើយក៏ពុំមានអ្នកដើរមុន ឬពីក្រោយគ្នានោះដែរ ។ ពួកគេដើរទន្ទឹមគ្នា ស្មើភាពគ្នា ជាបុត្រាបុត្រីដ៏ទេវភាពរបស់ព្រះ ។ ពួកគេប្រែជាមានគំនិត បំណងប្រាថ្នា និងគោលបំណងតែមួយជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីដឹកនាំ និងណែនាំគ្រួសារឲ្យមានសាមគ្គីភាព ។