ឆ្នាំ​២០២២
ត្រូវ​គេ​លើកឡើង​លើ​ឈើឆ្កាង—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ត្រូវ​គេ​លើកឡើង​លើ​ឈើឆ្កាង—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ត្រូវ​គេ​លើកឡើង​លើ​ឈើឆ្កាង

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ ហូឡិន

ទាញ​យក​ឯកសារ PDF

មូលហេតុ​មួយ​ដែល​យើង​មិន​សង្កត់​ធ្ងន់​លើ​ឈើឆ្កាង​ថាជា​និមិត្តសញ្ញា​នោះគឺមកពី​ឫសគល់​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ ដោយសារ​ការឆ្កាង​គឺជា​ទម្រង់​កាត់ទោស​មួយ​ដ៏សាហាវ​បំផុត​របស់​ចក្រភព​រ៉ូម នោះ​អ្នកដើរតាម​ព្រះយេស៊ូវ​ពី​បុរាណ​ជាច្រើន​បាន​ជ្រើសរើស​មិន​សង្កត់​ធ្ងន់​លើ​ឧបករណ៍​ដ៏​ព្រៃផ្សៃ​ដែល​នាំឲ្យ​មាន​ការរងទុក្ខ​នេះ​ទេ ។ អត្ថន័យ​នៃ​ការសុគត​របស់​ព្រះគ្រីស្ទ​គឺ​ពិតជា​ផ្នែក​ដ៏សំខាន់​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ហើយ ប៉ុន្ដែ​ជាទូទៅ ក្នុង​រយៈពេល​ប្រហែល​ជា ៣០០ ឆ្នាំ ពួកគេ​ខ្នះខ្នែង​ប្រាប់ពី​អត្តសញ្ញាណ​ដំណឹងល្អ​របស់​ពួកគេ​តាម​វិធីសាស្ដ្រ​ផ្សេងទៀត ។ …

មូលហេតុ​មួយ​ទៀត​សម្រាប់​ការមិន​ប្រើ​ឈើឆ្កាង​ជា​រូបតំណាង គឺ​យើងសង្កត់​ធ្ងន់​ទៅលើ​អព្ភូតហេតុ​ដ៏​ពេញលេញ​នៃ​បេសកកម្ម​របស់​ព្រះគ្រីស្ទ—ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏ រុងរឿង​របស់​ទ្រង់ ក៏​ដូចជា​ការរងទុក្ខ និង​ការពលិកម្មសុគត​របស់​ទ្រង់​ផងដែរ ។ …

… ទ្រង់់​បាន​មាន​បន្ទូល​មកកាន់​យើង​ទាំង​អស់​គ្នា​នៅ​គ្រប់​ដែនដី និង​គ្រប់​សម័យកាល​ទាំងអស់​ថា « បើ​អ្នកណា ទាំង​ប្រុស [ ឬ​ទាំង​ស្រី ] ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ » [ ម៉ាថាយ ១៦:២៤ ] ។

ការណ៍​នេះ​ថ្លែងពី​ឈើឆ្កាង​នានា​ដែល​យើង​រែកបន្ទុក ជាជាង​រូប​ឈើឆ្កាង​ដែល​យើង​ពាក់​នៅលើ​ខ្លួន ។ ដើម្បី​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ ពេលខ្លះ​មនុស្ស​ម្នាក់​ត្រូវតែ​រែក​បន្ទុក​មួយ—បន្ទុក​របស់​ខ្លួនឯង ឬ​របស់​អ្នក​ផ្សេងទៀត—ហើយ​ទៅកាន់​កន្លែង​ដែល​តម្រូវ​ឲ្យមាន​ការលះបង់ និង​ការរងទុក្ខ​ដែល​ចៀស​មិន​រួច ។ គ្រិស្តសាសនិក​ដ៏ពិត​ម្នាក់​មិន​អាច​ធ្វើតាម​លោក​ចៅហ្វាយ​តែ​ក្នុង​រឿង​ដែល​គាត់​យល់ស្រប​តាម​នោះ​ទេ ។ ពុំ​មែន​ទេ ។ យើង​ធ្វើតាម​ទ្រង់​នៅ​គ្រប់​កន្លែង រួមទាំង​នៅ​កន្លែង​ដែល​ពោរពេញ​ដោយ​ទុក្ខ​លំបាក និង​បញ្ហា​ផងដែរ ដែល​ពេលខ្លះ​យើង​អាច​ឈរ​តែឯង​យ៉ាង​ឯកោ ។

… សូម​ឲ្យ​យើង​នឹង​ដើរតាម​ទ្រង់—ដោយ​ឥត​ឈប់ឈរ ទាំងមិន​រអាក់​រអួល ក៏មិន​រត់​គេច ហើយ​មិន​ស្ទាក់ស្ទើរ ធ្វើអ្វី​ដែល​យើង​ដឹង​ថា​គួរតែ​ធ្វើ ទាំង​នៅគ្រា​ដែល​ឈើឆ្កាង​យើង​ធ្ងន់ ហើយ​ផ្លូវ​កាន់តែ​ងងឹត ។