សន្និសីទទូទៅ
ទុក​ឲ្យ​ព្រះ​ឈ្នះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


18:51

ទុក​ឲ្យ​ព្រះ​ឈ្នះ

តើ បងប្អូនស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុងជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ បងប្អូនស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ?

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ឱ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​សារលិខិត​ដ៏​អស្ចារ្យ​នៃ​សន្និសីទូទៅ​នេះ និង​ចំពោះ​អភ័យ​ឯកសិទ្ធិ​របស់​ខ្ញុំ​ដើម្បី​ថ្លែង​ទៅ​កាន់​បងប្អូន​ឥឡូវ​នេះ ។

ជាង ៣៦ ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​សាវក ហើយ​គោលលទ្ធិ​នៃ​ការប្រមូលផ្តុំ​អ៊ីស្រាអែល​គឺ​ជា​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ។ អ្វីៗ​គ្រប់​យ៉ាង អំពី​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ដោយ​រួម​ទាំង​ការងារបម្រើ និង​ឈ្មោះ នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ជីវិត​របស់​ពួកគេ និង​ភរិយា​របស់​ពួកគេ សេចក្តីសញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​ពួក​គេ និង​បន្ត​ដល់​ពូជពង្ស​របស់​ពួកគេ ការខ្ចាត់ខ្ចាយ​នៃ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ និង​ការព្យាករណ៍​ជា​ច្រើន​អំពី​ការប្រមូលផ្តុំ​នៅ​ក្នុង​សម័យ​របស់​យើង ។

ខ្ញុំ​បាន​សិក្សា​ពី​ការប្រមូលផ្តុំ​នេះ បាន​អធិស្ឋាន​អំពី​វា បាន​តមអាហារ​ពី​ខគម្ពីរ​ដែល​មាន​ទាក់ទង​ទាំងអស់ ហើយ​បាន​ទូល​សួរ​ព្រះអម្ចាស់​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ខ្ញុំ ។

ដូច្នេះ សូម​ស្រមៃ​មើល​ពី​ភាពរីករាយ​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ទទួល​បាន​ការយល់ដឹង​ថ្មី​នា​ពេល​ថ្មីៗ​នេះ ហេព្រើរ​នៃ​ពាក្យ អ៊ីស្រាអែល គឺ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។ ដូច្នេះ ឈ្មោះ​របស់ អ៊ីស្រាអែល សំដៅ​ទៅ​លើ​បុគ្គល​ដែល ស្ម័គ្រ​ចិត្ត ឲ្យ​ព្រះ​ឈ្នះ​លើ​ជីវិត​របស់​គាត់ ។ គោល​គំនិត​នេះ​បាន​អង្រួន​ព្រលឹង​ខ្ញុំ !

ពាក្យ​ថា ស្ម័គ្រចិត្ត គឺ​សំខាន់​ណាស់​ចំពោះ​ការបកប្រែ​នៃ​ពាក្យ អ៊ីស្រាអែល ។ យើង​ទាំង​អស់​គ្នា​មាន​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ យើង​អាច​ជ្រើសរើស​ធ្វើ​ជា​អ៊ីស្រាអែល ឬ​ក៏​អត់ ។ យើង​អាច​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង ឬ​ក៏​អត់ ។ យើង​អាច​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង ឬ​ក៏​អត់ ។

ចូរ​យើង​នឹក​ដល់​ចំណុច​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យ៉ាកុប ជា​ចៅ​របស់​អ័ប្រាហាំ មួយ​ភ្លែត​សិន ។ នៅ​កន្លែង​ដែល​យ៉ាកុប​បាន​ដាក់​ឈ្មោះ​ថា ព្នីអែល ( ដែល​មាន​ន័យ​ថា « ព្រះភ័ក្រ្ត​របស់​ព្រះ » ) យ៉ាកុប​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ​ដ៏​ធ្ងន់ធ្ងរ ។ សិទ្ធិ​ជ្រើសរើស​របស់​លោក​ត្រូវ​បាន​សាកល្បង ។ តាមរយៈ​ការប្រឈមមុខ​នេះ យ៉ាកុប​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​លោក ។ លោក​បាន​បង្ហាញ​ថា លោក​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​លោក ។ ជា​ចម្លើយ​តប​មក​វិញ ព្រះ​បាន​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប​ទៅ​ជា អ៊ីស្រាអែល មាន​ន័យ​ថា « ទុក​ឲ្យ​ព្រះឈ្នះ » ។ បន្ទាប់​មក ព្រះ​បាន​សន្យា​នឹង​អ៊ីស្រាអែល​ថា ពរជ័យ ទាំងអស់ ដែល​បាន​ប្រទាន​លើ​ក្បាល​របស់​អ័ប្រាហាំ​ក៏​ជា​ពរជ័យ​របស់​លោក​ដែរ ។

គួរ​ឲ្យ​ស្តាយ កូន​ចៅ​ជំនាន់​ក្រោយ​បាន​ធ្វើ​ខុស​នឹង​សេចក្តីសញ្ញា​ជា​មួយ​ព្រះ ។ ពួកគេ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​ព្យាការី ហើយ មិន ស្ម័គ្រ​ចិត្ត​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​លើ​ជីវិត​របស់​ពួកគេ​ឡើយ ។ បន្ទាប់​មក ព្រះ​បាន​បំបែក​ពួកគេ​ទៅ​បួន​ទិស​នៅ​លើ​ផែនដី​នេះ ។ ដោយ​សេចក្តីមេត្តា ក្រោយ​មក​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រមូលផ្តុំ​ពួកគេ ដូច​ដែល​អេសាយ​បាន​រាយការណ៍​ថា « អ្នក​បាន​បោះបង់​ចោល​ឯង [ អ៊ីស្រាអែល ] តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្តី​មេត្តា​ជា​ខ្លាំង » ។ ១០

ដោយ​មាន​និយមន័យ​ជា​ភាសា​ហេព្រើរ​នៃ​ពាក្យ អ៊ីស្រាអែលនៅ​ក្នុង​គំនិត នោះ​យើង​រក​ឃើញ​ថា​ការប្រមូលផ្តុំ​អ៊ីស្រាអែល មាន​អត្ថន័យ​បន្ថែម ។ ព្រះអម្ចាស់​កំពុង​តែ​ប្រមូលផ្តុំ​ជន​ទាំងឡាយ​ណា​ដែល​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ព្រះអម្ចាស់​កំពុង​តែ​ប្រមូលផ្តុំ​ជនទាំង​ឡាយ​ណា​ដែល​នឹង​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​ជា​អង្គ​ដែល​មាន​ឥទ្ធិពល​សំខាន់​បំផុត​នៅ​ក្នង​ជីវិត​របស់​ពួកគេ ។

អស់​រាប់​សតវត្សរ៍ ព្យាការី​ទាំងឡាយ​បាន​ព្យាករណ៍​ពី​ការ​ប្រមូលផ្តុំ​នេះ ១១ ហើយ​វា​កំពុងតែ​កើត​ឡើង​នៅ​ពេល​ឥឡូវនេះ ! ជា​ព្រឹត្តិការណ៍​ដ៏​ចាំបាច់​ដែល​កើតឡើង​ពី​មុន​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះអម្ចាស់ វា​គឺ​ជា កិច្ចការ ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ !

ការប្រមូលផ្តុំ​មុន​សហស្សវត្សរ៍​នេះ​គឺ​ជា ដំណើររឿង​នៃ​ការពង្រីក​សេចក្តីជំនឿ និង​ការលើក​ទឹកចិត្ត​ខាង​វិញ្ញាណ​សម្រាប់​មនុស្ស​រាប់​លាននាក់ ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ « អ៊ីស្រាអែល​ក្នុង​សេចក្ដី​សញ្ញា​នៅ​ថ្ងៃ​ចុងក្រោយ » ១២ យើង​មាន​ទំនួលខុស​ត្រូវ​ដើម្បី​ជួយ​ព្រះអម្ចាស់​ជា​មួយ​នឹង​កិច្ចការ​ដ៏​សំខាន់​នេះ ។ ១៣

នៅ​ពេល​យើង​និយាយ​ពី​ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំង​សង​ខាង​នៃ​វាំងនន ប្រាកដណាស់ យើង​សំដៅ​លើ​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ យើង​ក៏​សំដៅ​លើ​ការស្ថាបនា​សេចក្តីជំនឿ និង​ទីបន្ទាល់​នៅ​ក្នុង​ដួងចិត្ត​នៃ​ជន​ទាំងឡាយ​ណា​ដែល​យើង រស់នៅ​ជា​មួយ ធ្វើការ​ជាមួយ និង​បម្រើ ។ រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—​ការធ្វើ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ជា​មួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ ភរិយា​របស់​ចៅប្រុស​យើង​ម្នាក់​ជួប​បញ្ហា​ស្មុគស្មាញ​ខាងវិញ្ញាណ ។ ខ្ញុំ​នឹង​ហៅ​នាង​ថា « ជីល » ។ ទោះ​ជា​មាន​ការតមអាហារ ការធិស្ឋាន និង​ការប្រសិទ្ធពរ​បព្វជិតភាព​ក្តី ក៏​ឪពុក​របស់​ជីល​នៅ​តែ​ឈឺ ។ នាង​មាន​សេចក្តី​ភ័យខ្លាច​ណាស់ ថា​នាង​នឹង​បាត់បង់​ទាំង​ឪពុក​របស់​នាង និង​ទីបន្ទាល់​របស់​នាង ។

នៅ​ពេល​ល្ងាច​មួយ ភរិយា​របស់​ខ្ញុំ ស៊ីស្ទើរ វេនឌី ណិលសុន បាន​ប្រាប់​ខ្ញុំ​ពី​ស្ថានភាព​របស់​ជីល យ​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ ! ពាក្យនេះ​គឺ មើលជិត ។

ក្រោយ​មក ជីល ប្រាប់​ទៅ​វេនឌី​ថា ដំបូង ឡើយ នាង​មាន​អារម្មណ៍​អស់​សង្ឃឹម​ចំពោះ​ចម្លើយតប​របស់​ខ្ញុំ ។ នាង​បាន​និយាយ​ថា « ខ្ញុំ​សង្ឃឹម​ថា លោកតា​នឹង​សន្យា​ខ្ញុំ​ឲ្យ​មាន​អព្ភូតហេតុ​មួយ​កើត​ឡើង​ចំពោះ​ប៉ា​ខ្ញុំ ។ ខ្ញុំ​នៅ​តែ​ឆ្ងល់​ហេតុ​អ្វី​ពាក្យ​ថា មើលជិត គឺ​ជា​ពាក្យ​ដែល​លោក​មាន​អារម្មណ៍​ថា​ត្រូវ​តែ​មាន​ប្រសាសន៍ » ។

បន្ទាប់​ពី​ប៉ា​របស់​ជីល​បាន​ទទួល​មរណភាព ពាក្យ មើលជិត នៅ​តែ​បន្ត​ឮ​នៅ​ក្នុង​ចិត្ត​របស់​នាង ។ នាង​បាន​បើក​ចិត្ត​របស់​នាង​ដើម្បី​យល់​កាន់​តែ​ច្បាស់​ពី​ពាក្យ​នេះ ហើយ មើលជិត មាន​ន័យ​ថា « ដែល​មើល​ឃើញ​តែ​ជិតៗ » ។ ហើយ​គំនិត​របស់​នាង​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ បន្ទាប់​មក ជីល បាន​និយាយ​ថា « ពាក្យ​មើលជិត នាំ​ឲ្យ​ខ្ញុំ​ឈប់ ហើយ​គិត ហើយ​បាន​ព្យាបាល ។ ឥឡូវ ពាក្យ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សន្តិភាព ។ វា​រំឭក​ខ្ញុំ​ឲ្យ​ពង្រីក​ទស្សនវិស័យ​របស់​ខ្ញុំ ហើយ​ស្វែងរក​ភាពអស់​កល្បជានិច្ច ។ វា​រំឭក​ខ្ញុំ​ថា ពិត​ជា​មាន​ផែនការ​ដ៏​ទេវភាព​មែន ហើយ​ប៉ា​របស់​ខ្ញុំ​នៅ​តែ​មាន​ជីវិត ហើយ​ស្រឡាញ់ និង​មើល​ថែរក្សា​ខ្ញុំ ។ ចំមើលជិត បាន​ដឹក​នាំ​ខ្ញុំ​ទៅ​រក​ព្រះ » ។

ខ្ញុំ​មាន​មោទនភាព​ចំពោះចៅ​ប្រសារ​ស្រី​ដ៏​មាន​តម្លៃ​របស់​យើង​ខ្លាំង​ណាស់ ។ នៅ​អំឡុង​ពេល​ដ៏​រំជួលចិត្ត​នៅ​ក្នុង​ជីវិត​របស់​នាង ចៅ​ស្រី ជីល ជាទី​ស្រឡាញ់ បាន​រៀន​ចេះ​ឱបក្រសោប​តាម​ព្រះទ័យ​របស់​ព្រះ​សម្រាប់​ប៉ា​របស់​នាង ព្រម​ជា​មួយ​ទស្សន​វិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុង​ជីវិត​នាង​ផ្ទាល់ ។ តាម​រយៈ ការជ្រើសរើស ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ នាង​ទទួល​បាន​សន្តិភាព ។

ប្រសិន​បើ​យើង​អនុញ្ញាត នោះ​មាន​វិធី​ជា​ច្រើន​ដែល​ការបកប្រែ​​ពាក្យ​ហេព្រើរ អ៊ីស្រាអែល នេះ​អាច​ជួយ​យើង​បាន ។ សូម​ស្រមៃ​ដល់​របៀប​ដែល​ការ​អធិស្ឋាន​របស់​យើង​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​​យើង—និង​សម្រាប់​ការខិតខំ​របស់យើង​ផ្ទាល់​ដើម្បីប្រមូលផ្តុំ​អ៊ីស្រាអែល—អាច​ផ្លាស់ប្តូរ​បើមាន​គំនិត​នេះ​ក្នុង​ចិត្ត ។ ជាញឹកញាប់ យើង​អធិស្ឋាន​ថា សូម​ឲ្យ​យើង និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នឹង​ត្រូវបាន​ដឹកនាំ​ទៅជួប​ជនទាំងឡាយ​ណា​ដែល​ត្រូវបាន​រៀបចំ​ដើម្បី​ទទួល​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​ឆ្ងល់ ថាតើ​នរណាទៅ​ដែល​នឹងត្រូវបាន​ដឹកនាំ​ឲ្យ​មកជួប នៅពេល​យើង​ទូល​សូម​ជួប​ជនទាំងឡាយ​ណា​ដែល​ស្ម័គ្រចិត្ត​ដើម្បី​ឲ្យ​ព្រះឈ្នះ​ក្នុង​ជីវិត​របស់ពួកគេ​នោះ ?

យើងអាច​នឹង​ត្រូវបាន​ដឹកនាំ​ឲ្យ​ទៅជួប​នរណា ដែល​ពុំដែល​មាន​ជំនឿ​លើព្រះ ឬ​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​ជាជន​ដែល​មានចិត្ត​ចង់រៀន​អំពី​ពួក​ទ្រង់ និង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ។ អ្នកដទៃទៀត​ប្រហែល​ជា​បាន « កើត​ក្នុង​សេចក្តីសញ្ញា » ១៤ ប៉ុន្តែ បាន​វង្វេងផ្លូវ​ចេញ​ពី​ផ្លូវ​នៃ សេចក្តីសញ្ញា​តាំងពី​នោះ​មក ។ ប្រហែលជា​ពួកគេ​ឥឡូវនេះ​ត្រៀមខ្លួន​ដើម្បី​ប្រែចិត្ត ត្រឡប់វិញ ហើយ​ទុកឲ្យ​ព្រះ​ឈ្នះ ។ យើងអាច​ជួយ ពួកគេ​តាមការស្វាគមន៍​ដោយ​លាដៃ​ទទួល និង​បើកបេះដូង ។ ហើយ​ចំពោះ​បុគ្គលខ្លះ​ដែល​យើង​អាច​ត្រូវបាន​ដឹកនាំ​ឲ្យ​ទៅជួប អាចតែងតែ​មានអារម្មណ៍ថា មានអ្វីមួយ​បាត់បង់​នៅក្នុង​ជីវិតរបស់​ពួកគេ ាថ្នា​ចង់បាន​ភាពពេញលេញ និង​សេចក្តីអំណរ​ដែល​កើត​មានចំពោះ​អ្នកដែល​ស្ម័គ្រ​ចិត្ត​ទុកឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។

សំណាញ់​ដំណឹងល្អ​ដើម្បី​ប្រមូលផ្តុំ​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​កំពុង​ពង្រាយ ។ មាន​កន្លែង​ទំនេរ​សម្រាប់​មនុស្ស​ម្នាក់ៗ​ដែល​ស្ម័គ្រចិត្ត​ទាំងស្រុង​ដើម្បី​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នកផ្លាស់​ប្រែចិត្តជឿ​ម្នាក់ៗ​នឹង​ក្លាយ​ជា​កូនចៅ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ១៥ មិន​ថា​កូន​បង្តើត ឬ​តាម​រយៈ​ការសូម​មក​ចិញ្ចឹម​នោះ​ទេ ។ ម្នាក់ៗ​នឹង​ទទួល​បាន​មរតក​ពេញលេញ​ដែល​ព្រះ​បាន​សន្យា​ដល់​ដល់​កូនចៅ​អ៊ីស្រាអែល​ដែល​ស្មោះត្រង់ ! ១៦

យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព ពីព្រោះ​យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ យើងម្នាក់ៗ​មានសិទ្ធិ​ស្មើគ្នា​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ការប៉ះពាល់​ដល់​សេចក្តីពិត​នេះ​គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ។ បងប្អូន​ប្រុសស្រី សូម​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នូវ​អ្វី​ដែល​ខ្ញុំ​រៀបនឹង​និយាយ ។ ព្រះ​ពុំ​បាន​សព្វព្រះទ័យ​ពូជសាសន៍​មួយ ជាង​ពូជសាសន៍​មួយ​ទៀត​នោះ​ទេ ។ គោលលទ្ធិ​របស់​ទ្រង់​អំពី​បញ្ហា​នេះ​គឺ​ច្បាស់លាស់​ណាស់ ។ ទ្រង់​អញ្ជើញ​មនុស្ស ទាំងអស់ ឲ្យ​មក​រកទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ។ ១៧

ខ្ញុំ​សូម​បញ្ជាក់​ដល់​បងប្អូនថា ជំហរ​របស់​បងប្អូន​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​គឺ​មិនត្រូវបាន​កំណត់​ដោយ​ពណ៌សម្បុរ​របស់បងប្អូន​នោះឡើយ គឺ​អាស្រ័យទៅលើ​ការលះបង់​របស់បងប្អូន​ចំពោះព្រះ និង​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​មិនមែន​ដោយ​ពណ៌សម្បុរ​របស់​បងប្អូន​នោះឡើយ ។

ខ្ញុំ​សោកស្តាយ​ដែល​បងប្អូន​ប្រុសស្រី មាន​ស្បែកខ្មៅ​របស់យើង​នៅទូទាំង​ពិភពលោក​បាន​ស៊ូទ្រាំ​នឹងការឈឺចាប់ នៃ​ការរើសអើង និង​ការប្រកាន់​ពូជសាសន៍​នេះ ។ នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ដូចគ្នា ដោយមិនគិតពូជ​សាសន៍​នោះ​ទេ ។ តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូលទ្រង់ ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាតឲ្យ​សំឡេង​របស់ទ្រង់​មាន​អាទិភាព​លើស​សំឡេង​អ្នកដទៃ​ដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​ចង់ឲ្យ​បងប្អូនធ្វើ មានអាទិភាព​ជាង​មហិច្ឆិតា​ផ្សេងទៀត​ទាំងអស់​​ដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បី​ទុកឲ្យ​ព្រះទ័យ​ទ្រង់​គ្រប​លើ​ចិត្ត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ១៨

សូម​គិតពិចារណា​ថា តើ​ការស្ម័គ្រចិត្ត​បែបនោះ​អាច​ប្រទានពរជ័យ​ដល់​បងប្អូន​ប៉ុណ្ណា ។ ប្រសិនបើ​បងប្អូន​ពុំទាន់​រៀបការ ហើយ​កំពុង​ស្វែងរក​ដៃគូ​ដ៏​នៅអស់កល្ប​ជានិច្ច នោះ​បំណងប្រាថ្នា​របស់បងប្អូន​ដើម្បី​ធ្វើជា « អ៊ីស្រាអែល » នឹង​ជួយ​បងប្អូន​ឲ្យ​​ធ្វើការសម្រេច​ចិត្ត​ថា តើ​បងប្អូន​នឹង​ធ្វើការណាត់ជួប​ជាមួយ​នរណា ហើយថា​តើ​ធ្វើតាមរបៀបណា ។

ប្រសិនបើ​បងប្អូន​បានរៀបការ​ជាមួយ​ដៃគូ​ដែល​បាន​ធ្វើខុស​សេចក្តីសញ្ញា​របស់គាត់ នោះ​ការស្ម័គ្រចិត្ត​របស់បងប្អូន​ដើម្បី​ទុកឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​សេចក្តីសញ្ញា​របស់​បងប្អូន​នៅ​បំពេញ​ដដែល ។ ព្រះអង្គ​សង្រ្គោះ​នឹង​ព្យាបាល​ការខូច​ចិត្ត​របស់​បងប្អូន ។ ស្ថានសួគ៌​នឹងបើក នៅពេល​បងប្អូន​ព្យាយាមដឹង​ពី​របៀប​ដើម្បី​ឆ្ពោះទៅមុខ ។ បងប្អូន​ពុំចាំបាច់​ដើរ​វង្វេង ឬ​ងឿងឆ្ងល់​នោះទេ ។

ប្រសិនបើ​បងប្អូន​មានសំណួរ​ដោយ​ស្មោះ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នេះ កាលណា​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះ​ឈ្នះ នោះ​បងប្អូន​នឹង​ត្រូវបាន​ដឹកនាំ​ឲ្យទៅ​រកឃើញ និង​យល់​ពី​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​ទាំងស្រុង​ដែល​នឹង​ដឹកនាំ​ជីវិត​របស់បងប្អូន ហើយ​ជួយ​បងប្អូន​ឲ្យ​បន្តនៅ​រឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

នៅពេល​បងប្អូន​ប្រឈមមុខ​នឹង​ការល្បួង—ទោះបីជា​ការល្បួង​នោះ​កើតឡើង​នៅពេល​បងប្អូន​នឿយហត់ ឬ​មាន​អារម្មណ៍​ឯកោ ឬ​យល់ច្រឡំ​ក្ដី—សូម​ស្រមៃ​ពី​ភាពក្លាហាន​ដែល​បងប្អូន​អាច​ប្រមូល​បាន នៅពេល​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់បងប្អូន និង​នៅពេល​បងប្អូន​បួងសួង​សូមទ្រង់ឲ្យ​ពង្រឹង​បងប្អូន ។

នៅពេល​បំណងប្រាថ្នា​ដ៏ធំបំផុត​របស់​បងប្អូន​គឺ​ទុកឲ្យ​ព្រះឈ្នះ ដើម្បី​ធ្វើ​ជាផ្នែក​មួយ​នៃ​អ៊ីស្រាអែល នោះ​ការសម្រេច​ចិត្ត​ជាច្រើន​នឹង​កាន់តែ​ងាយស្រួល ។ បញ្ហា​ជាច្រើន​នឹង​ក្លាយ​ជា​គ្មាន​បញ្ហា ! បងប្អូន​ដឹងថា​ត្រូវតុបតែង​ខ្លួន​បងប្អូន​បែបណា ។ បងប្អូនដឹងថា​អ្វី​ដែល​ត្រូវ​មើល និង​អាន កន្លែង​ដែល​បងប្អូន​ត្រូវចំណាយពេល និង​នរណា​ដែល​បងប្អូន​ត្រូវ​សេពគប់ ។ បងប្អូនដឹង​អ្វី​ដែល​បងប្អូនចង់​សម្រេច​បាន ។ បងប្អូនដឹង​ថា​បងប្អូន​គួរក្លាយ​ជា​មនុស្ស​បែបណា ។

ឥឡូវ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ វាទាមទារ​ទាំង​សេចក្តីជំនឿ និង​ភាពក្លាហាន​ដើម្បី​ទុក​ឲ្យ​ព្រះឈ្នះ ។ វា​ទាមទារ​ឲ្យ​មាន​កិច្ចការ​ខាងវិញ្ញាណ​ដ៏ខ្លាំងក្លា ដើម្បី​ប្រែចិត្ត ហើយ​សម្រាត​មនុស្ស​ខាងសាច់​ឈាម​ចេញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ១៩ វាទាមទារ​ឲ្យ​មាន​ការខិតខំ​ឥតឈប់ឈរ ជាប្រចាំ ដើម្បី​អភិវឌ្ឍ​ទម្លាប់​ផ្ទាល់ខ្លួន​ក្នុង​ការសិក្សា​ដំណឹងល្អ ដើម្បីរៀន​បន្ថែមទៀត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដើម្បីស្វែងរក និង​ឆ្លើយតប​ទៅនឹង​វិវរណៈ​ផ្ទាល់ខ្លួន ។

នៅក្នុង​ពេល​ដ៏លំបាក​ទាំងនេះ ដែល​សាវកប៉ុល​បាន​ព្យាករណ៍ ២០ សាតាំង មិន​អាចធ្វើបាន​សូម្បីតែ ប៉ុនប៉ង លាក់​បាំង​ការវាយប្រហារ​របស់វា​មកលើ​ផែនការ​របស់ព្រះ​ទៀតឡើយ ។ សេចក្តីអាក្រក់​មានច្រើន​ក្រៃលែង ្រាអែល ។

ឥឡូវនេះ តើព្រះអម្ចាស់​មាន ព្រះទ័យ អំពី​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ព្រះ​ឈ្នះ យ៉ាង​ដូចម្តេច ? នីហ្វៃ​បាន​សង្ខេប​វាបាន​យ៉ាងល្អថា « [ ព្រះអម្ចាស់ ] ស្រឡាញ់ អស់​អ្នក​ណា ដែល​ទទួល​ទ្រង់​ជា​ព្រះ​របស់​គេ ។ មើល​ចុះ ទ្រង់​បាន​ស្រឡាញ់​ពួក​អយ្យកោ​យើង ហើយ​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ពួក​គេ មែន​ហើយ គឺ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ហើយ​ទ្រង់​ចាំ​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​ទ្រង់​បាន​ធ្វើ » ។ ២១

ហើយ​តើអ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ដើម្បី ធ្វើ សម្រាប់​អ៊ីស្រាអែល ? ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង « ច្បាំង​ចម្បាំង [ របស់យើង ] និង​ចម្បាំង​របស់​កូន​ចៅ [ របស់យើង ] និង [ ចម្បាំង ] របស់​កូន​ចៅ​របស់​ពួក​គេ​ដែរ…លុះ​ដល់​តំណ​ទី​បី​ទី​បួន ! » ២២

នៅពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​នៅ​រយៈពេល​ប្រាំមួយខែទៀត ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ធ្វើ​បញ្ជី​មួយ​ពីអ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​បានសន្យា​ថា ទ្រង់​នឹង​ធ្វើ​សម្រាប់​សេចក្តីសញ្ញា​អ៊ីស្រាអែល ។ ខ្ញុំគិតថា​បងប្អូន​នឹង​ភ្ញាក់ផ្អើល ! សូម​ពិចារណា​អំពី​សេចក្តីសន្យា​ទាំងនេះ ។ សូម​និយាយ​អំពី​សេចក្តីសន្យា​ទាំងនេះ​ជាមួយ​នឹង​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​បងប្អូន ។ បន្ទាប់មក សូម​រស់នៅ​តាម ហើយ​ចាំមើល​ការបំពេញ​នៃ​សេចក្តីសន្យា​ទាំងនេះ​នៅក្នុង​ជីវិត​របស់បងប្អូន​ផ្ទាល់ ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ នៅពេល​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះឈ្នះ​ក្នុងជីវិត​របស់​បងប្អូន នោះ​បងប្អូន​នឹង​ដក​ពិសោធន៍​ដោយ​ខ្លួន​ឯង​ថា ព្រះ​របស់យើង​គឺជា « ព្រះ​នៃ​អព្ភូតហេតុ » ។ ២៤ យើង​ជា​មនុស្ស​តែមួយ យើង​ត្រូវ​បាន​ហៅ​ជា​កូនចៅ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ហើយ​យើងនឹង​ត្រូវ​បានហៅ​តាម​ព្រះនាម​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ខ្ញុំ​បាន​និយាយ​ពី​អ៊ីស្រាអែល​យ៉ាងហោចណាស់ ៣៧៨ ដង នៅក្នុង​សារលិខិត​ចំនួន ៨០០ ដែល​ខ្ញុំ​បានថ្លែង​អំឡុងពេល​ធ្វើ​ជា​សាវក​អស់ ៣៦ ឆ្នាំ របស់​ខ្ញុំ ។

  2. នៅក្នុង​ហេព្រើរ អាប់រ៉ាម គឺជា​ឈ្មោះ​ថ្លៃថ្នូរ ដែល​មានន័យថា « ឪពុក​ដ៏​លើកតម្កើង » ។ ប៉ុន្តែ នៅពេល​ព្រះ​បានប្តូរ​ឈ្មោះ​នោះ​ទៅជា អ័ប្រាហាំ វិញ ឈ្មោះនេះ​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង ដែល​មានអត្ថន័យថា « ឪពុក​នៃ​ហ្វូងមនុស្ស » ។ តាមពិតទៅ អ័ប្រាហាំ​គឺត្រូវ​ធ្វើ​ជា « ឪពុក​នៃ មនុស្ស​លោក​ជាច្រើន » ។ ( សូម​មើល លោកុប្បត្តិ ១៧:៥; នេហេមា ៩:៧ ) ។

  3. ព្រះអម្ចាស់ ជាព្រះ​យេហូវ៉ា បាន​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​អ័ប្រាហាំ​ថា ព្រះអង្គសង្រ្គោះ​នៃ​ពិភពលោក​នេះ​នឹង​ប្រសូត​មក​ក្នុង​ពូជអំបូរ​របស់អ័ប្រាហាំ នឹងគ្រង​លើ​ទឹកដី​មួយចំនួន ហើយ​ប្រជាជាតិ​ទាំងអស់​នឹង​ទទួលពរ​តាមរយៈ​ពូជអំបូរ​របស់អ័ប្រាហាំ ( សូមមើល សេចក្តីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ « អ័ប្រាហាំ សេចក្តីសញ្ញា​នៃ » ) ។

  4. សូមមើល Bible Dictionary « Israel » ។

  5. ពាក្យថា អ៊ីស្រាអែល បង្ហាញឡើង​ច្រើន​ជាង​មួយពាន់ដង​នៅក្នុង​បទគម្ពីរ ។ វាអាច​អនុវត្ត​ចំពោះ​ក្រុមគ្រួសារ​របស់​យ៉ាកុប ( របស់​អ៊ីស្រាអែល ) នៃ​កូនប្រុស​ទាំង​១២​នាក់ រួមទាំង​កូនស្រីផងដែរ ( សូមមើល លោកុប្បត្តិ ៣៥:២៣–២៦; ៤៦:៧ ) ។ នៅសព្វថ្ងៃ​នេះ វាអាច​ហៅ​ថា​ជា​ទីតាំង​ភូមិសាស្រ្ត​​មួយ​កន្លែង​នៅលើ​ផែនដី​ផងដែរ ។ ប៉ុន្តែ​គោលលទ្ធិ​ដែល​ប្រើ​នេះ​អនុវត្ត​ចំពោះ​ជន​ទាំងឡាយណា​ដែល​ស្ម័គ្រចិត្ត​ទុកឲ្យ​ព្រះឈ្នះ​ក្នុង​ជីវិត​របស់ពួកគេ ។

  6. សូម​មើល លោកុប្បត្តិ ៣២:៣០; ក៏​សរសេរថា ព្នីអែល នៅក្នុង លោកុប្បត្តិ ៣២:៣១​ផងដែរ ។

  7. សូមមើល លោកុប្បត្តិ ៣២:២៨ ។

  8. សូមមើល លោកុប្បត្តិ ៣៥:១១–១២ ។

  9. សម្រាប់​សិក្សា​បន្ថែមទៀត សូមមើល សេចក្តីណែនាំ​ដល់បទ​គម្ពីរ​ទាំងឡាយ « អ៊ីស្រាអែល ការខ្ចាត់ខ្ចាយ​នៃ » ។

  10. អេសាយ ៥៤:៧ ។

  11. សូមមើល អេសាយ ១១:១១–១២; នីហ្វៃទី ២ ២១:១១–១២; ម៉ូសាយ ១៥:១១ ។

  12. សូមមើល Encyclopedia of Mormonism ( ឆ្នាំ ១៩៩២ ) « Covenant Israel, Latter-Day » ១:៣៣០–៣១ ។

  13. នៅពេល​យើង​ចូលរួម​នៅក្នុង​ការប្រមូលផ្តុំ​នៃ​អ៊ីស្រាអែល នោះ​ព្រះអម្ចាស់​មាន​វិធី​ដ៏អស្ចារ្យ​មួយ​ក្នុង​ការ​ពិពណ៌នា​ពី​ជនទាំងឡាយ​ណា​ដែល​ត្រូវបាន​​ប្រមូលផ្តុំ ។ ទ្រង់ហៅ​យើង​ជា​សមូហភាព​ថា « បាន​ដាច់​ជា​ » របស់​ទ្រង់ ( និក្ខមនំ ១៩:៥, ទំនុកដំកើង ១៣៥:៤ ) ជា​ការ « ធ្វើការ » របស់​ទ្រង់ ( ម៉ាឡាគី ៣:១៧, គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣ ) និង​ជា « សាសន៍​បរិសុទ្ធ » ( និក្ខមនំ ១៩:៦, សូមមើលផងដែរ ចោទិយកថា ១៤:២, ២៦:១៨ ) ។

  14. ឃ្លា​នេះ​យោង​ទៅលើ រាល់​សេចក្តី​សញ្ញា​ដែល​ព្រះបានធ្វើ​ជាមួយ​អ័ប្រាហាំ ដោយ​មានបន្ទូលថា « អស់​ទាំង​គ្រួសារ​នៅ​ផែនដី នឹង​បាន​ពរ​ដោយសារ​ឯង » ( នីហ្វៃទី ៣ ២០:២៧ ) ។ « កើត​ក្នុង​សេចក្តីសញ្ញា » មានន័យថា ពីមុន​មនុស្ស​ម្នាក់​បានកើតមក នោះ​ម្តាយ និង​ឪពុករបស់​បុគ្គលរូបនោះ​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  15. សេចក្តីសន្យា​មួយ​បែប​នោះ​ត្រូវបាន​បង្រៀន​ដោយព្រះ​ទៅកាន់​អ័ប្រាហាំ ៖ « ឡើង ហើយ​ជូនពរ​ដល់​អ្នក​ជា​ឪពុក​របស់​គេ » ( អ័ប្រាហាំ ២:១០; សូមមើល​ផងដែរ រ៉ូម ៨:១៤–១៧; កាឡាទី ៣:២៦–២៩ ) ។

  16. សមាជិក​ម្នាក់ៗ​ដែល​មានសេចក្តី​ស្មោះត្រង់​អាច​ស្នើសុំ​ពរជ័យ​លោក​អយ្យកោ​បាន ។ តាមរយៈ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​លោកអយ្យកោ​ប្រកាស​ពី​ពូជពង្ស​របស់​បុគ្គល​នោះ​នៅ​ក្នុង​ខ្សែស្រឡាយ​នៃ​សាសន៍​អ៊ីស្រាអែល ។ ការប្រកាសនោះ​មិនចាំបាច់​ប្រកាស​ពី ពូជសាសន៍ សញ្ជាតិ ឬ​ការបង្កើត​ហ្សែន​នោះទេ ។ ផ្ទុយទៅវិញ ពូជពង្ស​ដែល​បាន​ប្រកាស​បង្ហាញ​ពី​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល ដែល​បុគ្គល​ម្នាក់ៗ​នឹង​ទទួល​ពរជ័យ​របស់ខ្លួន ។

  17. នីហ្វៃទី ២ ២៦:៣៣ ។

  18. សូមមើល ម៉ូសាយ ១៥:៧ ។ ការធ្វើ​ជា​អ៊ីស្រាអែល មិនមែន​ជា​បេះដូង​ដែល​ទន់ខ្សោយ​នោះទេ ។ ដើម្បី​ទទួល​ពរជ័យ​ទាំងអស់​ដែល​ព្រះ​បាន​ទុក​សម្រាប់​ពូជពង្ស​របស់​អ័ប្រាហាំ នោះ​យើង​ម្នាក់ៗ​អាច​រំពឹង​ថា​នឹង​ទទួល​បាន « ការសាកល្បង​របស់អ័ប្រាហាំ » សម្រាប់​ពួកយើង​ម្នាក់ៗ​ផ្ទាល់ខ្លួន ។ ព្រះនឹង​សាកល្បងយើង ដូចដែល​ព្យាការី​យ៉ូសែបបានបង្រៀន គឺ​ដោយ​ធ្វើ​ទុក្ខដល់​ដួងចិត្ត​របស់​យើង ។ ( សូមមើល recollection of John Taylor នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៣១ ) ។

  19. សូម​មើល ម៉ូសាយ ៣:១៩ ។

  20. សូមមើល ធីម៉ូថេទី ២ ៣:១–១៣ ។

  21. នីហ្វៃទី ១ ១៧:៤០; ការ​គូស​បញ្ជាក់ត្រូវ​បាន​បន្ថែម ។

  22. គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៧; សូមមើល​ផងដែរ ទំនុកដំកើង ៣១:២៣; អេសាយ ៤៩:២៥; គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:១៤ ។

  23. មរមន ៩:១១ ។