ការរង់ចាំព្រះអម្ចាស់
សេចក្ដីជំនឿមានន័យថា ការទុកចិត្តលើព្រះនៅក្នុងគ្រាល្អ និងគ្រាអាក្រក់ សូម្បីតែបើវារួមបញ្ចូលទាំងការរងទុក្ខខ្លះរហូតទាល់តែយើងឃើញព្រះហស្ដរបស់ទ្រង់បើកសម្ដែងមកឲ្យឃើញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងទាំងអស់គ្នាចង់ស្ដាប់យ៉ាងខ្លាំង—គ្មាននរណាចង់ស្តាប់ខ្លាំងជាងខ្ញុំ—នូវសុន្ទរកថាបិទមកពីព្យាការីជាទីស្រឡាញ់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន ។ នេះជាសន្និសីទដ៏អស្ចារ្យ ប៉ុន្តែវាជាលើកទីពីរហើយដែលជំងឺកូវីដ-១៩ បានផ្លាស់ប្ដូរការប្រជុំជាប្រពៃណីរបស់យើងនេះ ។ យើងនឿយហត់នឹងការឆ្លងមេរោគនេះណាស់ ដែលយើងមានអារម្មណ៍ថាចង់បោចសក់យើងចេញ ។ ហើយច្បាស់ណាស់ បងប្អូនប្រុសរបស់ខ្ញុំមួយចំនួនបានធ្វើដូច្នោះរួចទៅហើយ ។ សូមដឹងថា យើងពិតជាអធិស្ឋានឥតឈប់ឈរសម្រាប់ពួកអ្នកដែលទទួលរងតាមរបៀបណាក៏ដោយ ជាពិសេសអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ។ គ្រប់គ្នាយល់ស្របថា ការណ៍នេះបន្តនៅយូរពេកហើយ ។
តើយើងត្រូវរង់ចាំការធូរស្បើយពីទុក្ខលំបាកដែលមានមកលើយើងដល់ពេលណា ? ចុះចំណែកឯការស៊ូទ្រាំនឹងការសាកល្បងផ្ទាល់ខ្លួន ខណៈយើងរង់ចាំ ហើយរង់ចាំទៀត ហើយជំនួយហាក់ដូចជាមកដល់យឺតណាស់នោះ ? ហេតុអ្វីពន្យារពេល នៅពេលដែលបន្ទុកហាក់ដូចជាធ្ងន់ជាងអ្វីដែលយើងអាចរែកពន់បានទៀតនោះ ?
ខណៈកំពុងសួរសំណួរបែបនោះ បើយើងព្យាយាម យើងអាចឮសំឡេងយំរបស់មនុស្សម្នាក់ទៀត ចេញមកពីក្នុងគុកដ៏សើម និងងងឹត អំឡុងរដូវរងាដ៏ត្រជាក់បំផុតនាគ្រានោះ តាមកំណត់ត្រានៅក្នុងមូលដ្ឋាននោះ ។
« ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? ីជម្រៅនៃគុកលិបើទី ។ « ហើយតើព្រះពន្លាដែលគ្របបាំងទីបំពួនទ្រង់នៅទីណា ? តើព្រះហស្ដទ្រង់នឹងទប់ទុកដល់ណាទៅ ? » ១ ឱព្រះអម្ចាស់អើយ តើដល់ពេលណាទៅ ?
ដូច្នេះ យើងមិនមែនជាមនុស្សទីមួយទេ ហើយយើងក៏មិនមែនជាមនុស្សចុងក្រោយដែរ ដែលសួរសំណួរបែបនេះ ពេលមានទុក្ខព្រួយ ឬការឈឺចាប់ក្នុងដួងចិត្តដែលចេះតែបន្តជាយូរនោះ ។ ឥឡូវ ខ្ញុំពុំមែនកំពុងនិយាយអំពីជំងឺរាតត្បាត ឬគុកនោះទេ ប៉ុន្តែអំពីបងប្អូន គ្រួសារបងប្អូន និងអ្នកជិតខាងបងប្អូន ដែលប្រឈមនឹងឧបសគ្គដូច្នេះ ។ ខ្ញុំនិយាយអំពីការចង់បានជាខ្លាំងរបស់មនុស្សជាច្រើន ដែលចង់រៀបការ ហើយមិនបានរៀបការ ឬអ្នកដែលរៀបការ ហើយប្រាថ្នាថា ចំណងទាក់ទងនោះវាមានភាពសេឡេស្ទាលជាងនេះបន្តិច ។ ខ្ញុំនិយាយអំពីអ្នកទាំងឡាយដែលប្រឈមនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរដែលមិនចង់ឲ្យកើតឡើង—ប្រហែលជាជំងឺដែលមិនអាចព្យាបាលបាន—ឬអ្នកដែលប្រឈមនឹងការប្រយុទ្ធអស់មួយជីវិតនឹងជំងឺតំណពូជដែលគ្មានថ្នាំព្យាបាល ។ ខ្ញុំនិយាយអំពីការស៊ូឥតឈប់ឈរជាមួយនឹងបញ្ហាសុខភាពខាងផ្លូវចិត្ត និងគំនិត ដែលមានទម្ងន់យ៉ាងធ្ងន់លើព្រលឹងនៃមនុស្សជាច្រើន ដែលរងការលំបាកដោយសារវា និងលើដួងចិត្តរបស់អ្នកដែលស្រឡាញ់ និងរងទុក្ខជាមួយពួកគេ ប៉ុន្មានទេ ជាអ្នកដែលបានជ្រើសរើសផ្លូវផ្សេងមួយពីផ្លូវដែលបងប្អូនបានអធិស្ឋានសូមឲ្យគាត់ដើរតាម ។
ជាងនោះទៅទៀត ខ្ញុំទទួលស្គាល់ថា បញ្ជីដ៏វែងនេះ ដែលយើងអាចនឹងរង់ចាំដោយផ្ទាល់នេះ ទាំងមិនបានព្យាយាមរៀបរាប់ពីកង្វល់ខាងសេដ្ឋកិច្ច នយោបាយ និងសង្គមដែលយើងប្រឈមជារួមផង ។ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ច្បាស់ជារំពឹងយើងឲ្យដោះស្រាយបញ្ហាសាធារណៈដ៏ពិបាកទាំងនេះ ក៏ដូចជាបញ្ហាផ្ទាល់ខ្លួនផងដែរ ប៉ុន្តែនឹងមានពេលវេលាទាំងឡាយនៅក្នុងជីវិតយើង ជាពេលដែលប្រឹងប្រែងខាងវិញ្ញាណដ៏អស់ពីសមត្ថភាព និងការអធិស្ឋានអង្វរដ៏ស្មោះសរបំផុតហើយ នៅតែពុំបានជ័យជម្នះ តាមដែលយើងចង់បានយ៉ាងខ្លាំងនោះទេ មិនថាវាទាក់ទងនឹងបញ្ហាដ៏ធំជាសកល ឬបញ្ហាផ្ទាល់ខ្លួនតូចៗក្ដី ។ ដូច្នេះ ខណៈដែលយើងធ្វើកិច្ចការ និងរង់ចាំជាមួយគ្នាដើម្បីបានចម្លើយចំពោះការអធិស្ឋានមួយចំនួនរបស់យើង នោះខ្ញុំសូមផ្ដល់ដល់បងប្អូននូវការសន្យានៃសាវករបស់ខ្ញុំថា ទ្រង់ឮការអធិស្ឋានទាំងនោះ ហើយវានឹងត្រូវបានឆ្លើយតប ទោះយ៉ាងណាប្រហែលជាមិនតាមពេលវេលា ឬតាមរបៀបដែលយើងចង់បាននោះទេ ។ ប៉ុន្តែវា តែងតែ ត្រូវបានឆ្លើយតបតាមពេលវេលា និងតាមរបៀប ដែលព្រះបិតា ឬព្រះមាតាដែលត្រាស់ដឹងសព្វគ្រប់ និងមានព្រះទ័យអាណិតអាសូរអស់កល្បជានិច្ច គួរតែឆ្លើយតប ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមយល់ថា ទ្រង់ដែលមិនដែលងោក ក៏មិនដែលផ្ទំលក់ ២ មានព្រះទ័យខ្វល់ពីសុភមង្គល និងភាពលើកតម្កើងដ៏ខ្ពស់បំផុតនៃបុត្រាបុត្រីទ្រង់ ជាងអ្វីៗទាំងអស់ដែលព្រះអង្គត្រូវធ្វើ ។ ទ្រង់ជាសេចក្ដីស្រឡាញ់សុទ្ធសាធ មានបុគ្គលិកលក្ខណៈដ៏រុងរឿង ហើយព្រះនាមទ្រង់គឺព្រះវរបិតាដ៏ប្រកបដោយសេចក្ដីមេត្តាករុណា ។
បងប្អូនអាចនឹងនិយាយថា « មែនហើយ បើដូច្នោះមែន តើសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់មិនគួរតែជាផ្នែកនៃសមុទ្រក្រហមផ្ទាល់ខ្លួនយើង ហើយអនុញ្ញាតឲ្យយើងដើរឆ្លងកាត់បញ្ហារបស់យើងនៅលើដីគោកនោះទេ ? តើទ្រង់មិនបញ្ជូនបក្សីសមុទ្រសតវត្សទី ២១ ហោះហើរមកពីកន្លែងមួយដើម្បីចឹកស៊ីសត្វចង្រិតចង្រៃសតវត្សទី ២១ របស់យើងទៅទេឬអី ? »
ចម្លើយចំពោះសំណួរបែបនោះគឺ « បាទ ព្រះអាចប្រទានអព្ភូតហេតុភ្លាមៗបាន ប៉ុន្តែឆាប់ៗ ឬពេលក្រោយទៀត យើងរៀនថា មានតែទ្រង់មួយអង្គប៉ុណ្ណោះ ដែលអាចដឹកនាំពេលវេលា និងរដូវកាលនៃដំណើរក្នុងជីវិតរមែងស្លាប់របស់យើងបាន ។ ទ្រង់បានចាត់ចែងកាលវិភាគនោះដល់យើងម្នាក់ៗដាច់ដោយឡែកពីគ្នា ។ សម្រាប់អ្នកដែលអស់កម្លាំងគ្រប់គ្នាដែលត្រូវបានព្យាបាលភ្លាមៗ កាលដែលគាត់រង់ចាំចុះទៅក្នុងស្រះបេថែសដា ៣ មនុស្សផ្សេងទៀតនឹងចំណាយពេល ៤០ ឆ្នាំ នៅក្នុងទីរហោស្ថានរង់ចាំដើម្បីចូលទៅក្នុងដែនដីសន្យា ។ ៤ សម្រាប់នីហ្វៃ និងលីហៃ គ្រប់រូបត្រូវបានការពារមកពីព្រះដោយអណ្ដាតភ្លើងហ៊ុំព័ទ្ធ ដោយសារសេចក្ដីជំនឿរបស់ពួកគេ ៥ នោះយើងមានអ័ប៊ីណាដៃម្នាក់ដែលត្រូវបានដុតឆេះនៅក្នុងភ្លើងដោយសារសេចក្ដីជំនឿរបស់លោកវិញ ។ ៦ ហើយយើងចាំថា អេលីយ៉ា ដដែលនោះហើយ ដែលបានហៅភ្លើងឲ្យចុះមកពីស្ថានសួគ៌ក្នុងមួយរំពេច ដើម្បីធ្វើជាទីបន្ទាល់ទាស់នឹងពួកសង្ឃរបស់ព្រះបាល ៧ គឺជា អេលីយ៉ា ដដែលដែលបានស៊ូទ្រាំអស់មួយរយៈពេល ដែលគ្មានភ្លៀងជាច្រើនឆ្នាំ ហើយមានម្ដងនោះ លោកជាអ្នកដែលបានទទួលចំណីតែបន្តិចបន្តួចដែលអាចពាំយកមកដោយក្រញាំសត្វក្អែកមួយ ។ ៨ តាមការស្មានរបស់ខ្ញុំ ចំណីនោះមិនមែនជាអ្វីដែលយើងហៅថា « អាហារដ៏រីករាយ » នោះទេ ។
តើខ្ញុំចង់និយាយពីអ្វីទៅ ? អ្វីដែលខ្ញុំចង់និយាយនោះគឺថា សេចក្ដីជំនឿមានន័យថា ការទុកចិត្តលើព្រះនៅក្នុងគ្រាល្អ និងគ្រាអាក្រក់ សូម្បីតែបើវារួមបញ្ចូលទាំងការរងទុក្ខខ្លះរហូតទាល់តែយើងឃើញព្រះហស្ដរបស់ទ្រង់បើកសម្ដែងមកឲ្យឃើញ ។ ៩ វាអាចជាការលំបាកនៅក្នុងពិភពលោកសម័យទំនើបរបស់យើង ពេលដែលមនុស្សជាច្រើនបានសម្រេចជឿថា សេចក្ដីល្អដ៏ខ្ពស់បំផុតនៅក្នុងជីវិតគឺជាការចៀសវាងពីការរងទុក្ខទាំងអស់ ថាគ្មាននរណាគួរតែប៉ះទង្គិចចិត្តដោយសាររឿងអ្វីមួយឡើយ ។ ១០ ប៉ុន្តែការជឿនោះនឹងមិនដែលនាំយើងទៅ « ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ » ឡើយ ។ ១១
សុំទោសដល់អែលឌើរ នែល អេ ម៉ាក់ស្វែល ដែលខ្ញុំហ៊ានកែសម្រួល និងពង្រីកអ្វីដែលលោកធ្លាប់បានមានប្រសាសន៍ នោះខ្ញុំក៏សូមផ្ដល់យោបល់ផងដែរថា « ជីវិតមនុស្សម្នាក់ … ពុំអាចពោរពេញដោយសេចក្ដីជំនឿ ហើយគ្មានភាពតានតឹងសោះនោះទេ » ។ វានឹងមិនដំណើរការទេ « ក្នុងការរស់នៅដោយមិនស្គាល់ពីការលំបាកសោះ » ដូចជាយើងក្រេបទឹកក្រូចឆ្មារមួយកែវទៀត ដោយនិយាយថា « ព្រះអម្ចាស់អើយ សូមប្រទានដល់កូននូវគុណធម៌ដ៏ជម្រើសបំផុតរបស់ទ្រង់ ប៉ុន្តែសូមប្រាកដថាទ្រង់មិនប្រទានដល់កូននូវទុក្ខសោក គ្រោះមហន្តរាយ ការឈឺចាប់ ឬការជំទាស់ណាឡើយ ។ សូមកុំឲ្យនរណាម្នាក់មិនចូលចិត្ត ឬក្បត់កូនឡើយ ហើយលើសពីនោះ សូមកុំឲ្យកូនត្រូវបោះបង់ចោលដោយទ្រង់ ឬអ្នកដែលកូនស្រឡាញ់ឡើយ ។ តាមពិតទៅ ព្រះអម្ចាស់អើយ សូមប្រយ័ត្នកុំយកកូនចេញពីបទពិសោធន៍ទាំងអស់ដែលធ្វើឲ្យទ្រង់មានលក្ខណៈជាព្រះឡើយ ។ ហើយកាលណាការលំបាករបស់មនុស្សផ្សេងបានកន្លងផុតទៅ នោះសូមឲ្យកូនបានមក ហើយនៅនឹងទ្រង់ ជាកន្លែងដែលកូនអាចនិយាយអួតអំពីកម្លាំង និងលក្ខណៈសម្បត្តិរបស់យើងដែលមានភាពស្រដៀងគ្នា កាលដែលកូនអណ្តែតនៅលើពពកនៃគ្រីស្ទសាសនាដ៏សុខស្រួលរបស់កូន » ។ ១២
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ គ្រីស្ទសាសនាគឺមានការលួងលោមចិត្ត ប៉ុន្តែជាញឹកញាប់វាមិនសុខស្រួលទេ ។ ផ្លូវទៅកាន់ភាពបរិសុទ្ធ និងសុភមង្គលនៅទីនេះ និងជីវិតបន្ទាប់នេះ គឺជាផ្លូវដ៏វែងឆ្ងាយ ហើយជួនកាលជាផ្លូវរដិបរដុបមួយ ។ វាត្រូវការពេលវេលា និងភាពតស៊ូស្វិតស្វាញដើម្បីដើរលើវា ។ ប៉ុន្តែ ប្រាកដណាស់ រង្វាន់ក្នុងការធ្វើដូច្នោះគឺធំធេងបំផុត ។ សេចក្ដីពិតនេះត្រូវបានបង្រៀនយ៉ាងច្បាស់ និងគួរឲ្យជឿជាក់នៅក្នុង ជំពូកទី ៣២ នៃ អាលម៉ា នៅក្នុងព្រះគម្ពីរមរមន ។ ក្នុងនោះមានសង្ឃជាន់ខ្ពស់ដ៏អស្ចារ្យនេះបង្រៀនថា បើព្រះបន្ទូលនៃព្រះត្រូវបានបណ្ដុះនៅក្នុងដួងចិត្តយើងដូចជាគ្រាប់ពូជតែមួយគ្រាប់ ហើយបើយើងខ្វល់គ្រប់គ្រាន់នឹងស្រោចទឹក ដកស្មៅ បីបាច់ ហើយជ្រោមជ្រែងវា នោះវានឹងផ្ដល់ផលផ្លែ នៅពេលអនាគត « ដែលពិសេសបំផុត …ដែលផ្អែមជាងអ្វីៗដែលផ្អែមទាំងអស់ » ដែលការទទួលទានវានាំទៅកាន់ស្ថានភាពមួយដែលមិនស្រេក ហើយក៏មិនឃ្លានទៀតដែរ ។ ១៣
មេរៀនជាច្រើនត្រូវបានបង្រៀននៅក្នុងជំពូកដ៏អស្ចារ្យនេះ ប៉ុន្តែមេរៀនដែលសំខាន់បំផុតនោះគឺ ការពិតដែលថា គ្រាប់ពូជនោះត្រូវតែត្រូវបានបីបាច់ ហើយយើងត្រូវតែរង់ចាំឲ្យវាធំឡើង ដោយយើង « [ ទន្ទឹង ] ចាំ ដោយភ្នែកនៃសេចក្ដីជំនឿដល់ផលនៃព្រះបន្ទូល » ។ ១៤ អាលម៉ានិយាយថា ការប្រមូលផលរបស់យើងបានមក « នៅមិនយូរមិនឆាប់ » ។ ១៥ មិនគួរភ្ញាក់ផ្អើលទេដែលលោកបានបញ្ចប់ការណែនាំដ៏អស្ចារ្យរបស់លោក ដោយការហៅដដែលៗបីដងឲ្យមាន សេចក្ដីព្យាយាម និង សេចក្ដីអត់ធន់ នៅក្នុងការបីបាច់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តយើង « ដោយរង់ចាំ» ដូចដែលលោកនិយាយថា ជាមួយនឹង « សេចក្ដីអត់ធ្មត់ … ឲ្យដើមផ្ដល់ផ្លែផ្កាដល់អ្នក » ។ ១៦
ជំងឺកូវីដ និងមហារីក ការសង្ស័យ និងការស្រងាកចិត្ត បញ្ហាហិរញ្ញវត្ថុ និងគ្រួសារ ។ តើពេលណាទៅទើបបន្ទុកទាំងនេះនឹងត្រូវបានដកចេញ ? ចម្លើយនោះគឺ « នៅមិនយូរមិនឆាប់ » ។ ១៧ ហើយមិនថាវាមានរយៈពេលខ្លី ឬវែងទេ វាមិនមែនជាកិច្ចការយើងទេ ប៉ុន្តែដោយព្រះគុណនៃព្រះ នោះពរជ័យនឹងមានដល់ពួកអ្នកដែលតោងជាប់ទៅនឹងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ បញ្ហានោះត្រូវបានដោះស្រាយនៅក្នុងសួនច្បារដ៏ឯកជនមួយ និងនៅលើទួលដ៏សាធារណៈមួយនៅក្នុងទីក្រុងយេរូសាឡិមជាយូរមកហើយ ។
ឥឡូវនេះ កាលដែលយើងស្ដាប់ព្យាការីជាទីស្រឡាញ់របស់យើងបញ្ចប់សន្និសីទនេះ សូមឲ្យយើងចងចាំនូវអ្វីដែលប្រធាន រ័សុល និលសុន បានបង្ហាញអស់មួយជីវិតលោកថា អស់អ្នកដែល « សង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ » ។ ១៨ ខ្ញុំសូមអធិស្ឋានថា « នៅមិនយូរមិនឆាប់ »— ឆាប់ ឬយឺត— ពរជ័យទាំងនោះនឹងមកដល់បងប្អូនគ្រប់គ្នាដែលស្វែងរកការធូរស្បើយពីទុក្ខព្រួយរបស់បងប្អូន និងសេរីភាពពីគ្រោះមហន្តរាយរបស់បងប្អូន ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះ និងអំពីការស្ដារឡើងវិញនៃដំណឹងល្អដ៏រុងរឿងរបស់ទ្រង់ ដែលតាមរបៀបមួយនេះ ឬរបៀបមួយទៀត ជាចម្លើយចំពោះគ្រប់បញ្ហាដែលយើងជួបក្នុងជីវិតយើង ។ នៅក្នុងព្រះនាមដ៏ប្រោសលោះនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។