មេរៀនទី ១
ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់
សេចក្ដីផ្ដើម
សាក្សីសម័យទំនើបបានប្រកាសថា « យើងជាពួកសាវករបស់ទ្រង់ដែលបានតែងតាំងដោយត្រឹមត្រូវសូមថ្លែងទីបន្ទាល់ ថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ ដោយសារ ពិភពលោកហាក់ដូចជាមិនបានដឹងពីលក្ខណៈពិតរបស់ព្រះយេស៊ូវគ្រីស្ទ និងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះ ជាព្រះវរបិតា នោះវាមានសារៈសំខាន់ដើម្បីមានសាក្សីដ៏ស្មោះត្រង់នៃព្រះរាជបុត្រាសំណព្វរបស់ព្រះ ។ មេរៀននេះ នឹងជួយសិស្សឲ្យរកឃើញនូវតម្រូវការនេះ ហើយរៀនពីរបៀបដែលពួកគេអាចថ្លែងទីបន្ទាល់កាន់តែមោះមុត អំពីព្រះយេស៊ូវគ្រីស្ទដល់គ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងទាំងឡាយ ។
ការអានពីសាវតា
-
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ) ។
-
ឌៀថើរ អេស្វ អុជដូហ្វ « The Power of a Personal Testimony » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៧–៣៩ ។
យោបល់សម្រាប់ការបង្រៀន
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់
សូមសរសេរសំណួរខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមប្រាប់សិស្សថា មនុស្សជាច្រើនឆ្លើយនឹងសំណួរនេះ ដោយការថ្លែងទីបន្ទាល់ ។ ទីបន្ទាល់បែបនោះត្រូវបានបង្ហាញនៅក្នុងទំនុកតម្កើង « ខ្ញុំដឹងថា ព្រះប្រោសលោះខ្ញុំនៅរស់ » (ទំនុកតម្កើង ទំព័រ ៧៦ ) ។ សូមចែកចាយនូវទំនុកបទនៃទំនុកតម្កើងនេះដល់សិស្ស ហើយសូមបែងចែកសិស្សជាបួនក្រុម ។ សូមចាត់វគ្គផ្សេងៗគ្នាមួយនៃទំនុកតម្កើងនេះ ដល់ក្រុមនីមួយៗ ហើយសូមឲ្យពួកគេអានពាក្យទាំងនោះ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើពាក្យ ឬឃ្លាទាំងឡាយ ដែលត្រូវបានប្រើនៅក្នុងទំនុកតម្កើងនេះ បង្ហាញថាតើព្រះយេស៊ូវគ្រីស្ទជានរណា ហើយតើទ្រង់បានធ្វើអ្វីសម្រាប់យើង ? ( ចម្លើយអាចរួមមាន « ព្រះសិរទូលបង្គំ » , « មិត្តសំឡាញ់ពីសួគ៌ា » , « ព្យាការី សង្ឃ និងស្ដេច » , « ព្រះអង្គសង្គ្រោះ » ។ ទ្រង់ប្រទានពរដល់យើងដោយសេចក្ដី ស្រឡាញ់ របស់ទ្រង់ អង្វរករជំនួសយើង ដឹកនាំយើង លួងលោមយើង និងប្រទានដល់យើងនូវដង្ហើមរាល់ថ្ងៃ ) ។
-
តើពាក្យអ្វី ដែលទំនុកតម្កើងនេះប្រើដើម្បីរៀបរាប់ពីរបៀបដែលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទមួយ អាចមានឥទ្ធិពលមកលើយើង ? ( ចម្លើយអាចរួមមាន « លួងលោម » និង « ពិរោះ ( សេចក្ដីអំណរ ) » ) ។
សូមប្រាប់សិស្សថា គណៈប្រធានទីមួយ និងកូរ៉ុមនៃ ពួកសាវកដប់ពីរនាក់ បានប្រកាសជាសាធារណៈពីទីបន្ទាល់ជារួមរបស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( សូមមើល Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ) ។ សូមចែកដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងមួយនៃទីបន្ទាល់នេះ ហើយសូមពន្យល់ថា វគ្គសិក្សានេះនឹងដកស្រង់នូវប្រធានបទជាមេរៀនជាច្រើនចេញពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលមាននៅក្នុងឯកសារដ៏បំផុសគំនិតនេះ ។ សូមឲ្យសិស្សម្នាក់អានកថាខណ្ឌទីមួយឮៗ ៖
« នៅពេលយើងធ្វើបុណ្យរំឭកដល់ថ្ងៃកំណើតនៃព្រះយេស៊ូវគ្រីស្ទ ពីរពាន់ឆ្នាំមកហើយ នោះយើងសូមថ្វាយនូវទីបន្ទាល់របស់យើងអំពីគុណភាពនៃការបូជាដ៏មហិមារបស់ទ្រង់ដែលធួននឹងបាប ។ សូម្បីតែមួយក៏គ្មានសោះដែលឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអស់ទាំងមនុស្សដែលបានរស់នៅ ហើយដែលនឹងរស់នៅលើផែនដីនៅអនាគតកាល » (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។
-
តើអ្នកចង់ឲ្យការសិក្សារបស់អ្នកអំពី ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដ៏អស់កល្ប មានឥទ្ធិពលយ៉ាងដូចម្ដេចមកលើអ្នក ក្នុងវគ្គសិក្សានេះ ? ( នៅពេលសិស្សឆ្លើយតប អ្នកគួរបញ្ជាក់ថា ការសិក្សាដ៏ស្មោះត្រង់មួយអំពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ នឹងជួយយើងឲ្យកោតសរសើរដល់ឥទ្ធិពលដ៏មហិមា ដែលទ្រង់បានមាន និងអាចមាននៅក្នុងជីវិតរបស់យើង ) ។
-
តើព្រះអង្គសង្គ្រោះបានមានឥទ្ធិពលលើ អ្នកទាំងឡាយណាដែលបានរស់នៅ ឬនឹងរស់នៅលើផែនដីដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយ សូមប្រាកដថា អ្នកនឹងបញ្ជាក់ពីដង្វាយធួនជាសកលរបស់ព្រះអង្គសង្គ្រោះ ) ។
សូមប្រាប់សិស្សថា វគ្គសិក្សានេះនឹងផ្ដោតលើការបម្រើដ៏អស់កល្បជានិច្ចរបស់ព្រះអង្គសង្គ្រោះ ពេញមួយឆាកជីវិតមុនជីវិតនៅលើផែនដី ជីវិតរមែងសា្លប់ និងជីវិតក្រោយពីសេចក្ដីស្លាប់ ។ នៅពេលសិស្សសិក្សាពីតួនាទីដ៏ទេវភាពជាច្រើនរបស់ព្រះអង្គសង្គ្រោះ នោះសេចក្ដីស្រឡាញ់ និងទីបន្ទាល់របស់ពួកគេនឹងកើនឡើង ។
យ៉ូហាន ២០:៣០–៣១; នីហ្វៃទី ១ ៦:៤; នីហ្វៃទី ២ ២៥:២៣, ២៦
ព្រះគម្ពីរ ត្រូវបានសរសេរឡើង ដើម្បីឲ្យមនុស្សអាចជឿលើព្រះយេស៊ូវគ្រីស្ទ
សូមសួរសិស្សថា តើមានសៀវភៅប៉ុន្មានក្បាលដែលពួកគេគិតថា បានសរសេរអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា ការសិក្សាត្រឹមត្រូវទាំងឡាយអំពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានផ្ដោតខ្លាំងនៅក្នុងព្រះគម្ពីរ ។ សូមអញ្ជើញសិស្សបីនាក់ ឲ្យប្ដូរវេនគ្នាអានឮៗ នៅក្នុងវគ្គព្រះគម្ពីរខាងក្រោម ៖ យ៉ូហាន ២០:៣០–៣១; នីហ្វៃទី ១ ៦:៤; និង នីហ្វៃទី ២ ២៥:២៣, ២៦ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយស្វែងរកមូលហេតុដែលព្រះគម្ពីរ គឺជាធនធានដ៏មានតម្លៃក្រៃ លែង នៅពេលយើងសិក្សាពីការបម្រើដ៏អស់កល្បរបស់ព្រះអង្គសង្គ្រោះ ។
-
តើវគ្គគម្ពីរទាំងនេះ បង្រៀនគោលការណ៍អ្វីខ្លះអំពីគោលបំណងនៃព្រះគម្ពីរ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងសិក្សាវគ្គព្រះគម្ពីរអំពីព្រះអង្គសង្គ្រោះ នោះទីបន្ទាល់របស់យើងអំពីទ្រង់ នឹងត្រូវបានពង្រឹងកាន់តែរឹងមាំឡើង ហើយយើងនឹងខិតកាន់តែជិតទ្រង់ ) ។
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« គោលបំណងដ៏ចម្បងនៃព្រះគម្ពីរទាំងឡាយ គឺដើម្បីបំពេញដល់ព្រលឹងយើងដោយសេចក្ដីជំនឿទៅលើព្រះ ជាព្រះវរបិតា និងទៅលើព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ …
«… សេចក្តីជំនឿ កើតមកតាមរយៈសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ មកកាន់ព្រលឹងរបស់យើង ព្រះវិញ្ញាណ មកកាន់វិញ្ញាណរបស់យើង នៅពេលយើងស្តាប់ ឬ អានព្រះបន្ទូលរបស់ព្រះ ។ ហើយ សេចក្តីជំនឿរីកធំឡើង នៅពេលយើងបន្តទទួលទានព្រះបន្ទូល » (« The Blessing of Scripture » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤, ៣៥ ) ។
-
តើព្រះគម្ពីរអាចជួយពង្រឹងដល់សេចក្ដីជំនឿរបស់យើងឲ្យជឿ ឬខិតកាន់តែជិតទៅព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើសេចក្ដីជំនឿរបស់អ្នក និងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទត្រូវបានពង្រឹងឡើងដោយការសិក្សាព្រះគម្ពីរតាមរបៀបណាខ្លះ ?
សូមចែកឲ្យសិស្សម្នាក់ៗនូវច្បាប់ចម្លងនៃធនធានទាំងឡាយ ដែលមាននៅក្នុងផ្នែក ការអានរបស់សិស្ស សម្រាប់វគ្គសិក្សានេះ ។ ( វាអាចជាច្បាប់ចម្លងមួយ ឬអ្នកអាចពន្យល់ដល់សិស្សពីកន្លែង ដែលពួកគេអាចរកវាឃើញជាឯកសារអេឡិចត្រូនិច ) ។ សូមអញ្ជើញសិស្សឲ្យដាក់ការអានរបស់សិស្ស សម្រាប់វគ្គសិក្សានេះ ជាផ្នែកមួយនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ពេញមួយវគ្គសិក្សានេះ ។ សូមបញ្ជាក់ដល់សិស្សថា នៅពេលពួកគេធ្វើតាមការអញ្ជើញនេះ នោះពួកគេនឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងខិតកាន់តែជិតទៅនឹងព្រះអង្គសង្គ្រោះ ។
ការក្លាយជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ
សូមពន្យល់ដល់សិស្សថា វាមិនគ្រប់គ្រាន់នោះទេ ដោយគ្រាន់តែសិក្សាអំពីព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរនោះ ។ យើងក៏ត្រូវតែទទួលបានសាក្សីផ្ទាល់ខ្លួនខាងវិញ្ញាណមួយ ឬទីបន្ទាល់មួយតាមរយៈព្រះចេសា្ដនៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដែលត្រូវបានតែងតាំងឡើង ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ សូមចែកចាយជាមួយនឹងសិស្សនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« យើងមិនអាចពឹងផ្អែកលើទីបន្ទាល់របស់អ្នកដទៃបានឡើយ ។ យើងត្រូវដឹងដោយខ្លួនឯង ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ថា ‹ រាល់ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងឡាយ មានទំនួលខុសត្រូវដើម្បីដឹងដោយខ្លួនឯងយ៉ាងច្បាស់លាស់លើសពីការសង្ស័យថា ព្រះយេស៊ូវ គឺជាព្រះរាជបុត្រាដែលបានរស់ឡើងវីញ ដែលនៅមានព្រះជន្ម របស់ព្រះដ៏មានព្រះជន្មរស់នៅ › (« Fear Not to Do Good » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៨០ ) ។
« ប្រភពនៃចំណេះដឹងដ៏ពិតប្រាកដ និងជំនឿស៊ប់ដ៏រឹងមាំនេះ គឺជាវិវរណៈមកពីស្ថានសួគ៌ ‹ ដោយសារទីបន្ទាល់អំពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃការព្យាករណ៍ › (វិវរណៈ ១៩:១០) ។
« យើងទទួលបានទីបន្ទាល់នេះ នៅពេលព្រះវិញ្ញាណបរិសុទ្ធ មានបន្ទូលមកកាន់វិញ្ញាណដែលនៅក្នុងខ្លួនយើង ។ …
« ស្នូលនៃទីបន្ទាល់នេះ នឹងតែងតែជាសេចក្ដីជំនឿ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ » (« The Power of a Personal Testimony » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៨ ) ។
-
តើអ្នកគិតថាហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទ ត្រូវតែជាមូលដ្ឋាននៃទីបន្ទាល់របស់យើង ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា បើព្រះយេស៊ូវគ្រីស្ទសុំឲ្យអ្នកធ្វើអ្វីមួយដោយទីបន្ទាល់របស់អ្នកអំពីទ្រង់នោះ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« មនុស្សផ្សេងទៀតគួរតែអាចឃើញអ្វីពីខ្លួនយើង អំពីព្រះយេស៊ូវគ្រីស្ទ ។ របៀបដែលយើងធ្វើសកម្មភាព និយាយ មើល ឬក៏គិត នឹងឆ្លុះបញ្ចាំងពីទ្រង់ និងរបៀបរបស់ទ្រង់ ។ … ទោះបីជាយើងគ្មានវត្តមានជាមួយនឹងទ្រង់នៅក្នុងការបម្រើរបស់ទ្រង់ក្ដី ប៉ុន្ដែនៅពេលយើងសិក្សាស្រាវជ្រាវព្រះគម្ពីរ នោះយើងនឹង ឃើញ ព្រះយេស៊ូវ និងអ្វីដែលទ្រង់បានមានបន្ទូល និងបានធ្វើ ។ ហើយនៅពេលយើងធ្វើតាមគំរូនោះ នោះយើងនឹងថ្លែងជាសាក្សីអំពីទ្រង់ » (« Becoming a Witness of Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៦០ ) ។
សួមតាមដានសិស្ស ដោយសួរសិស្ស ៖
-
តើអ្នកធ្លាប់បានឃើញអ្នកដទៃ ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈសកម្មភាពរបស់ពួកគេដោយរបៀបណាទេ ?
-
នៅពេលអ្នកគិតអំពីពិភពលោកដែលយើងរស់នៅនេះ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឲ្យសាក្សី និងទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះ អាចមានឥទ្ធិពលទៅលើអ្នកដទៃ ?
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះចេសា្ដនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងមានទំនួលខុសត្រូវដើម្បីចែកចាយវាបន្ដ ។
សូមអញ្ជើញសិស្សឲ្យរស់នៅរាល់ថ្ងៃ ប្រកបដោយការរៀបចំដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យមកថ្នាក់រៀន ដោយបានអានអ្វីដែលបានចាត់តាំងឲ្យអាននៅក្នុង ការអានរបស់សិស្ស និងដោយមានឆន្ទៈមួយដើម្បីចែកចាយនូវការយល់ដឹងទាំងនោះ សួរសំណួរ និងចូលរួមនៅក្នុងការពិភាក្សាក្នុងថ្នាក់ ។
ការអានរបស់សិស្ស
-
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ។
-
ឌៀថើរ អេស្វ អុជដូហ្វ « The Power of a Personal Testimony » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៧–៣៩ ។