មេរៀនទី ២០
ព្រះអង្គសង្គ្រោះ បានបម្រើដល់ « ចៀមឯទៀត » របស់ទ្រង់
សេចក្ដីផ្ដើម
ដូចដែលបានថ្លែងទីបន្ទាល់នៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួក សាវក » ព្រះអង្គសង្គ្រោះ « ក៏បានទៅបម្រើនៅចំណោម ‹ ចៀមឯទៀត › របស់ទ្រង់ ( យ៉ូហាន ១០:១៦ ) នៅទី្វបអាមេរិកពីជំនាន់បុរាណ » ( Ensign ឬ លីអាហូណា ខែមេសា ឆ្នាំ ២០០០ ទំព័រ ៣ ; សូមមើលផងដែរ នីហ្វៃទី ៣ ១១:១–១៧ ) ។ នៅពេលយើងសិក្សាកំណត់ត្រាព្រះគម្ពីរមរមនអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះ នោះយើងរៀនពីរបៀបដែលទ្រង់បម្រើដល់សាវករបស់ទ្រង់ក្នុងគ្រប់ជាតិសាសន៍ និងស្វែងរកដើម្បីលើកតម្កើង និងបំពាក់បំប៉នពួកលោកម្នាក់ម្ដងៗ ។
ការអានពីសាវតា
-
រ៉ូណល អេ រ៉ាសបាន « One by One »Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ២៩–៣០ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ១០:១៤–១៦; នីហ្វៃទី ៣ ១៥:១៦–២១ ; ១៦:១–៣
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសាសន៍យូដាអំពី « ចៀមឯទៀត »របស់ទ្រង់
សូមដាក់តាំងបង្ហាញភូគោល ឬផែនទីពិភពលោកមួយ ហើយសូមឲ្យសិស្សម្នាក់រកមើលកន្លែង ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើការបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍យូដា ( ប្រទេសអ៊ីស្រាអែលសម័យបច្ចុប្បន្ននេះ នៅក្នុងទ្វីបអាស៊ីបូព៌ាភាគកណ្ដាល ) ។ សូមប្រាប់ឲ្យសិស្សបើកទៅ យ៉ូហាន ១០ ហើយមើលត្រួសៗលើខបីបួនរកមើលអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីអង្គទ្រង់ និងទំនាក់ទំនងរបស់ទ្រង់ទៅនឹងអស់អ្នកដែលធ្វើតាមទ្រង់ ។ សូមប្រាប់ឲ្យពួកគេរៀបរាប់អ្វីដែលពួកគេរកឃើញ ។ ( សិស្សគួរតែរាយការណ៍ថា ទ្រង់គឺជាអ្នកគង្វាលល្អ ទ្រង់ស្គាល់ចៀមរបស់ទ្រង់ ពួកវាស្គាល់សំឡេងរបស់ទ្រង់ ទ្រង់ប្រមូលវាទៅក្នុងហ្វូងចៀមរបស់ទ្រង់ ហើយបន្ដទៀត ) ។ បន្ទាប់មក សូមប្រាប់ឲ្យសិស្សម្នាក់អាន យ៉ូហាន ១០:១៤–១៦ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់មើលតាម ។ សូមសួរសិស្ស ៖
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលអ្វីខ្លះអំពី « ចៀមឯទៀត » របស់ទ្រង់ ?
-
តើនរណាជា « ចៀមឯទៀត » ដែលព្រះយេស៊ូវបានសំដៅលើនោះ ?
សូមប្រាប់ឲ្យសិស្សមួយចំនួនតូចប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី ៣ ១៥:១៦–២០ ។ បន្ទាប់មក សូមសួរ ៖
-
តើសេចក្ដីពិតសំខាន់ណាខ្លះ ដែលព្រះយេស៊ូវបានបើកសម្តែងដល់ពួកសាសន៍នីហ្វៃអំពី« ចៀមឯទៀត » របស់ទ្រង់ ? ( សេចក្ដីពិតមួយគឺថា នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលដល់ពួកសាសន៍យូដាអំពី « ចៀមឯទៀត » នោះទ្រង់បានសំដៅលើប្រជាជនផ្សេងទៀតដែលដើរតាមតាមទ្រង់ រួមមានកូនចៅរបស់លីហៃ ដែលរស់នៅលើទ្វីបអាមេរិក ) ។
-
តើហេតុអ្វីបានជាពួកសាសន៍យូដានៅទីក្រុងយេរូសាឡិមមិនបានដឹងអំពី « ចៀមឯទៀត » របស់ទ្រង់ ?
សូមចង្អុលបង្ហាញទី្វបអាមេរិកនៅលើផែនទី ហើយបន្ទាប់មកសូមប្រាប់ឲ្យសិស្សអាន នីហ្វៃទី ៣ ១៦:១–៣ និង ម៉ូសាយ ២៧:៣០ ដោយស្ងាត់ស្ងៀម ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមសួរ ៖
-
តើព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបង្ហាញអង្គទ្រង់ដល់ប្រជាជនរបស់ទ្រង់នៅកន្លែងណាទៀត ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះអង្គសង្គ្រោះបានយាងទៅជួប « ចៀម » របស់ទ្រង់នៅឯសាសន៍ផ្សេងទៀត ? ( សូមបញ្ជាក់ថា ទោះបីជាព្រះអង្គសង្គ្រោះអាចបានយាងទៅជួបប្រជាជន ឬជាតិសាសន៍ផ្សេងទៀតដោយផ្ទាល់ក្ដី ក៏ភាគច្រើនព្រះអង្គសង្គ្រោះសម្ដែងអង្គទ្រង់តាមរយៈការបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមបញ្ជាក់ដល់សិស្សថា ដោយការបម្រើដល់ចៀមរបស់ទ្រង់ នោះព្រះយេស៊ូវបានជួយបំពេញសេចក្ដីសញ្ញារបស់ព្រះវរបិតាទ្រង់ ដើម្បីប្រមូលពួកគេត្រឡប់មកកាន់វត្តមានរបស់ទ្រង់វិញ ) ។
សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់យើងទាំងអស់គ្នា ហើយទ្រង់នឹងសម្ដែងអង្គទ្រង់ដល់មនុស្សទាំងអស់ដែលត្រូវបានរាប់ចូលនៅក្នុងចំណោមចៀមរបស់ទ្រង់ ។ ទ្រង់ដើរប្រមូលកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ មិនថាពួកគេរស់នៅទីកន្លែងណាទេ ដើម្បីឲ្យត្រឡប់មកកាន់វត្តមានរបស់ព្រះវរបិតាវិញ ។
នីហ្វៃទី ៣ ១១:៨–១៧
ព្រះយេស៊ូវគ្រីស្ទ បម្រើដល់អ្នកដើរតាមទ្រង់ម្នាក់ៗ
សូមអាន នីហ្វៃទី ៣ ១១:៨–១៧ ឮៗ ហើយសូមប្រាប់ឲ្យសិស្សផ្ទៀងតាម ហើយស្រមៃបង្កើតជារូបភាពការមានវត្តមាននូវព្រះវិហារបរិសុទ្ធនៅក្នុងដែនដីសន្យាដ៏សំបូរហូរហៀរ ។ ក្រោយពីអ្នកបានអានហើយ សូមសួរសិស្សពីអ្វីដែលធ្វើឲ្យពួកគេរំភើបចិត្តបំផុតអំពីព្រះបន្ទូល និងទង្វើរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ។ បើសិនជាចាំបាច់ សូមសួរសំណួរខាងក្រោមនេះខ្លះ ឬទាំងអស់ ៖
-
តើអ្នកគិតថា ព្រះយេស៊ូវ ចង់ឲ្យហ្វូងមនុស្សនៅឯព្រះវិហារបរិសុទ្ធរៀនអ្វីខ្លះអំពីទ្រង់នៅថ្ងៃនោះ ? ( នៅក្នុងចំណោមសេចក្ដីពិតផ្សេងទៀត សិស្សអាចរកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះអង្គសង្គ្រោះបម្រើដល់អ្នកដើរតាមរបស់ទ្រង់ « ម្ដងម្នាក់ៗ » [ នីហ្វៃទី ៣ ១១:១៥; សូមមើលផងដែរ នីហ្វៃទី ៣ ១៧:២១ ] ) ។
សូមស្រមៃថាមានមនុស្សប្រមាណ ២៥០០ នាក់នៅក្នុងហ្វូងមនុស្សនោះ ( សូមមើល នីហ្វៃទី ៣ ១៧:២៥ ) តើការអញ្ជើញរបស់ព្រះអង្គសង្គ្រោះទៅកាន់បុគ្គលម្នាក់ៗឲ្យស្ទាបស្នាមរបួសនៅលើព្រះកាយចំហៀងទ្រង់ ព្រះហស្ដ និងព្រះបាទទ្រង់ បង្រៀនយើងអ្វីខ្លះអំពីការបារម្ភរបស់ទ្រង់សម្រាប់យើងម្នាក់ៗ ?
-
តើការអញ្ជើញរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង នីហ្វៃទី ៣ ១១:១៤ អនុវត្តដល់យើងម្នាក់ៗនាសព្វថ្ងៃនេះដោយរបៀបណា ?
-
តើអ្នកគិតថា វានឹងមានឥទ្ធិពលដល់អ្នកដើម្បីនឹងមើល និងពាល់ស្នាមរបួសរបស់ព្រះអង្គសង្គ្រោះយ៉ាងណាដែរ ?
សម្រាប់ជាគំរូមួយដែលបង្ហាញពីចំណាប់អារម្មណ៍របស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗ អ្នកអាចចែកចាយបទពិសោធន៍ខាងក្រោមនេះ ដូចបានតំណាលដោយអែលឌើរ រ៉ូណល អេ រ៉ាសបាន នៃគណៈប្រធានពួកចិតសិបនាក់ ៖
« អំឡុងពេលខែចុងក្រោយនៃបេសកកម្មរបស់យើង » … យើងបានជួបប្រទះនឹងហេតុការណ៍មួយដែលបានបង្រៀនពីគោលការណ៍ដ៏អស្ចារ្យនេះម្ដងទៀតថា យើងម្នាក់ៗត្រូវបានស្គាល់ និងស្រឡាញ់ដោយព្រះ ។
« អែលឌើរ នែល អេ ម៉ាក់ស្វែល បានមកទីក្រុងញូវ យ៉ក ធ្វើការខ្លះសម្រាប់សាសនាចក្រ ហើយយើងត្រូវបានប្រាប់ថា លោកក៏នឹងធ្វើសន្និសីទបេសកកម្មមួយដែរ ។ យើងរីករាយជាខ្លាំងដោយមានឱកាសនេះដើម្បីស្ដាប់អ្នកបម្រើដែលត្រូវបានជ្រើសរើសម្នាក់របស់ព្រះអម្ចាស់ ។ ខ្ញុំត្រូវបានសុំឲ្យជ្រើសរើសអ្នកផ្សព្វផ្សាយសាសនាម្នាក់របស់យើងឲ្យអធិស្ឋានបើកសម្រាប់កិច្ចប្រជុំ ។ ខ្ញុំអាចរើសយកដោយព្រាវនូវអ្នកផ្សព្វផ្សាយសាសនាម្នាក់ឲ្យមកអធិស្ឋាន ប៉ុន្ដែខ្ញុំបានមានអារម្មណ៍ថាត្រូវតែសញ្ជឹងគិត និងជ្រើសរើសដោយមានការអធិស្ឋានយកម្នាក់ដែលព្រះអម្ចាស់ចង់ឲ្យខ្ញុំសុំឲ្យឡើងអធិស្ឋាន ។ ក្នុងការមើលបញ្ជីឈ្មោះអ្នកផ្សព្វផ្សាយសាសនា នោះឈ្មោះមួយបានលេចធ្លោឡើងយ៉ាងច្បាស់ដល់ខ្ញុំ ៖ អែលឌើរ យ៉ូសែប អាបផាយអា មកពីទីក្រុងអាក្រា ប្រទេសហ្គាណា ។ គាត់គឺជាមនុស្សម្នាក់ដែលខ្ញុំមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យឡើងអធិស្ឋានបើកសម្រាប់កិច្ចប្រជុំ ។
« មុនពេលសន្និសីទបេសកកម្មនោះ ខ្ញុំបានដាក់ពេលកំណត់ជាទៀងទាត់ដើម្បីសម្ភាសន៍ជាមួយនឹងអែលឌើរ អាបផាយអា ហើយបានប្រាប់គាត់អំពីការបំផុសគំនិតដែលខ្ញុំបានទទួលដើម្បីឲ្យគាត់អធិស្ឋានបើក ។ ដោយមានការរំភើប និងដោយការបន្ទាបខ្លួនសំដែងបង្ហាញក្នុងភ្នែកគាត់ គាត់ចាប់ផ្តើមស្រក់ទឹកភ្នែក ។ ដោយភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់គាត់ ខ្ញុំបានចាប់ផ្ដើមនិយាយទៅគាត់ថា វាមិនអីទេ ហើយគាត់មិនចាំបាច់អធិស្ឋានទេ តែគាត់បានប្រាប់វិញថា គាត់ពិតជារំភើបនឹងផ្ដល់ការអធិស្ឋាននេះ ថាមនោសញ្ចេតនារបស់គាត់បានបណ្តាលឡើងដោយសារក្ដីស្រឡាញ់របស់គាត់ ចំពោះអែលឌើរ ម៉ាក់ស្វែល ។ គាត់បានប្រាប់ខ្ញុំថា សាវកនេះគឺពិសេសណាស់ចំពោះពួកបរិសុទ្ធនៅក្នុងប្រទេសហ្គាណា និងចំពោះគ្រួសារផ្ទាល់របស់គាត់ ។ អែលឌើរ ម៉ាក់ស្វែល បានហៅឪពុករបស់គាត់ឲ្យធ្វើជាប្រធានមណ្ឌលនៅក្នុងទីក្រុងអាក្រា និងបានផ្សារភ្ជាប់ម្ដាយ និងឪពុករបស់គាត់នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។
« ឥឡូវនេះ ខ្ញុំមិនបានដឹងអ្វីទាល់តែសោះអំពីអ្វីដែលខ្ញុំបាននិយាយប្រាប់ដល់អ្នកផ្សព្វផ្សាយសាសនារូបនេះ ឬគ្រួសាររបស់គាត់ ប៉ុន្ដែព្រះអម្ចាស់បានដឹង និងបានបំផុសដួងចិត្តប្រធានបេសកកម្មម្នាក់ជំនួសឲ្យអ្នកផ្សព្វផ្សាយសាសនា ម្នាក់ ដើម្បីផ្ដល់នូវការចងចាំពេញមួយជីវិត និងបទពិសោធន៍ដែលកសាងទីបន្ទាល់ » ( ម្តងម្នាក់ៗ » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ២៩–៣០ ) ។
សូមទុកពេលឲ្យសិស្សមួយសន្ទុះបើកត្រឡប់ទៅ នីហ្វៃទី ៣ ១១:១៥–១៧ ។ បន្ទាប់មក សូមសួរ ៖
-
តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ស្គាល់អ្នកដោយផ្ទាល់ ?
-
តើហ្វូងមនុស្សនៅឯព្រះវិហារបរិសុទ្ធបានធ្វើអ្វីខ្លះ បន្ទាប់ពីទទួលបានសាក្សីដោយផ្ទាល់ខ្លួនម្នាក់ៗអំពីទេវភាពរបស់ព្រះអង្គសង្គ្រោះ ?
សូមសួរសិស្សណាម្នាក់ដែលចង់ចែកចាយទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និង សេចក្ដីស្រឡាញ់ដែលពួកគេទទួលបានពីទ្រង់ ។ សូមថ្លែងទីបន្ទាល់ថា ទោះបីជាយើងងមិនបានពាល់ព្រះហស្ដ និងព្រះបាទរបស់ព្រះអង្គសង្គ្រោះផ្ទាល់ក្ដី ក៏ទ្រង់នៅតែបម្រើដល់យើងតាមរបៀបដ៏ផ្ទាល់ខ្លួនមួយដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេអាចអរព្រះគុណដល់ព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទចំពោះសេចក្ដីស្រឡាញ់ដែលពួកគេទទួលបានពីទ្រង់ ។
នីហ្វៃទី ៣ ១១–២៨
ព្រះអង្គសង្គ្រោះ បានបម្រើនៅក្នុងចំណោមពួកសាសន៍នីហ្វៃ
ដើម្បីជួយសិស្សឲ្យស្គាល់ពីផ្នែកដ៏សំខាន់ផ្សេងទៀតនៃការបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃ សូមទុកពេលឲ្យពួកគេបួនប្រាំនាទីមើលក្នុងក្បាលជំពូកនៃ នីហ្វៃទី ៣ ១១–២៨ ។ សូមប្រាប់ឲ្យសិស្សក្នុងថ្នាក់រកមើល និងសរសេរនូវធាតុសំខាន់ នៃការបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ ខណៈសិស្សសិក្សាស្រាវជ្រាវ សូមដើរក្នុងថ្នាក់ ហើយសង្កេតមើលការរកឃើញរបស់គេ ។ ប្រសិនបើសិស្សខ្លះពិបាកនឹងរកចម្លើយ សូមលើកទឹកចិត្តពួកកេឲ្យមើលក្នុងវគ្គខាងក្រោមនេះមួយ ( ពាក្យនៅក្នុងវង់ក្រចកគឺសម្រាប់តែគ្រូបង្រៀនប៉ុណ្ណោះ ) ៖
-
នីហ្វៃទី ៣ ១១:១៩–២៧ ( ប្រទាននូវសិទ្ធិអំណាចបព្វជិតភាពដល់ពួកសិស្សរបស់ទ្រង់ )
-
នីហ្វៃទី ៣ ១១:៣១–៤០ ( បានប្រកាសគោលលទ្ធិរបស់ទ្រង់ )
-
នីហ្វៃទី ៣ ១២–១៤ ( បានបង្រៀនអ្វីស្រដៀងគ្នានឹងទេសនកថានៅលើភ្នំនៃព្រះគម្ពីរសញ្ញាថ្មី )
-
នីហ្វៃទី ៣ ១៧:៥–២៥ ( បានព្យាបាលមនុស្សជាច្រើន និងបានបម្រើដល់កូនចៅទាំងឡាយ )
-
នីហ្វៃទី ៣ ១៨:១–១២ ( បានចាត់ឲ្យមានបុណ្យសាក្រាម៉ងឡើង )
-
នីហ្វៃទី ៣ ១៩:១៩–២៩ ( បានអធិស្ឋានដល់ពួកសាវកសាសន៍នីហ្វៃទាំងដប់ពីរ )
-
នីហ្វៃទី ៣ ២០:២៤–២៩ ( បានបង្រៀនទាក់ទងនឹងសេចក្ដីសញ្ញារបស់ព្រះបិតាដើម្បីប្រមូលពួកសាសន៍អ៊ីស្រាអែល )
-
នីហ្វៃទី ៣ ២៣ ( បានបញ្ជាថា ព្រះគម្ពីរមួយចំនួនត្រូវបានបន្ថែមលើកំណត់ត្រាពួកសាសន៍នីហ្វៃ )
-
នីហ្វៃទី ៣ ២៧:១–១០ ( បានបញ្ជាថា សាសនាចក្រត្រូវបានហៅតាមព្រះនាមរបស់ទ្រង់ )
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញនៅក្នុងការស្រាវជ្រាវព្រះគម្ពីររបស់ពួកគេ ។ នៅពេលសិស្សពន្យល់ពីធាតុនៃការបម្រើរបស់ព្រះអង្គសង្គ្រោះដែលពួកគេបានរកឃើញ សូមគិតពីការប្រើសំណួរខាងក្រោមនេះខ្លះ ឬទាំងអស់ ដើម្បីបន្ដការពិភាក្សានៅក្នុងថ្នាក់ ៖
-
តើឥទ្ធិពលអ្វីដែលផ្នែកនៃការបម្រើរបស់ព្រះអង្គសង្គ្រោះអាចមានមកលើប្រជាជន ?
-
ហេតុអ្វីបានជាសំខាន់ អ្វីម្ល៉េះដល់អ្នក ដើម្បីដឹង និងសិក្សាពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជាអ្នកដឹកនាំ ឬគ្រូបង្រៀនម្នាក់ ?
សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរដូចខាងក្រោម ហើយសរសេរនូវគំនិតរបស់គេ ៖
-
ដោយពិចារណាអ្វីដែលយើងបានសិក្សានៅថ្ងៃនេះ តើអ្នកមានអារម្មណ៍ថា ព្រះវរបិតានឹងចង់ឲ្យអ្នកធ្វើអ្វីដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបដែលអ្នកបម្រើដល់អស់អ្នកដែលនៅជុំវិញអ្នក រួមមានទាំងជនចម្លែក គ្រួសារ មិត្តភភក្តិ ឬអស់អ្នកដែលអ្នកបម្រើនៅក្នុងការហៅបម្រើរបស់អ្នក ?
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងថ្នាក់ថ្ងៃនេះ ។
ការអានរបស់សិស្ស
-
រ៉ូណល អេ រ៉ាសបាន « ម្តងម្នាក់ៗ » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ២៩–៣០ ។