មេរៀនទី ២៨
សាក្សីផ្ទាល់ខ្លួនមួយអំពីព្រះយេស៊ូវគ្រីស្ទ
សេចក្ដីផ្ដើម
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរ នាក់បានប្រកាស ៖ « យើងជាពួកសាវករបស់ទ្រង់ដែលបានតែងតាំងដោយត្រឹមត្រូវ សូមថ្លែងទីបន្ទាល់ — ថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ និងជាព្រះរាជបុត្រាដ៏អមតៈរបស់ព្រះ » (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ ពេញមួយវគ្គសិក្សានេះ យើងបានសិក្សាពីការបម្រើដ៏អស់កល្បរបស់ព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់ទាំងឡាយរបស់ព្យាការីអំពីទ្រង់ ។ នៅពេលយើងទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនមួយតាមរយៈព្រះវិញ្ញាណបរិសុទ្ធថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ នោះយើងត្រូវបានរៀបចំឲ្យចែកចាយសាក្សីផ្ទាល់របស់យើង អំពីព្រះអង្គសង្គ្រោះជាមួយនឹងអ្នកដទៃ ។
ការអានពីសាវតា
-
ឌី ថត គ្រីស្តូហ្វឺសិន « Becoming a Witness of Christ »Ensign, ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៥៨–៦៣ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី ២ ២៥:២៦; ម៉ូសាយ ១៨:៨–១១
ការឈរធ្វើជាសាក្សីរបស់ព្រះគ្រីស្ទ
សូមសួរសិស្សថា តើមានពួកគេណាម្នាក់ធ្លាប់បានស្ថិតនៅក្នុងកាលៈទេសៈមួយ ដែលពួកគេគឺជាសមាជិកតែឯងនៃសាសនាចក្រ ឬជាបុគ្គលតែម្នាក់ដែលមានឆនុ្ទៈធ្វើជាតំណាងឲ្យបទដ្ឋាននៃសាសនាចក្រដែរឬទេ ។ សូមអញ្ជើញឲ្យពួកគេឆ្លើយនឹងសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកបានឆ្លើយតបទៅនឹងស្ថានភាពបែបនោះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ?
-
តើមានផ្នែកនៃបទពិសោធន៍របស់អ្នកណាខ្លះដែលមានន័យ ឬឧបសគ្គយ៉ាងធំ ?
សូមរំឭកសិស្សអំពីដំណើររឿងព្រះគម្ពីរមរមនរបស់អាលម៉ា ដែលត្រូវបានប្រែចិត្តដោយការបង្រៀនរបស់ព្យាការីអ័ប៊ីណាដៃ ។ បន្ទាប់ពីការប្រែចិត្តជឿរបស់លោក អាលម៉ាបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អផងដែរ ។ នៅក្នុង ម៉ូសាយ ១៨ យើងអាចអានពីការបង្រៀនរបស់លោកអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ សូមប្រាប់ឲ្យសិស្សម្នាក់អាន ម៉ូសាយ ១៨:៨–១១ឮៗ ។ សូមអញ្ជើញឲ្យសិស្សផ្ទៀង តាម ហើយរកមើលគុណសម្បត្តិ និងសកម្មភាពដែលបង្ហាញថា បុគ្គលម្នាក់ត្រៀមរួចជាស្រេចដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញានៃបុណ្យជ្រមុជទឹក ។ ក្រោយពីសិស្សឆ្លើយហើយ សូមចង្អុលបង្ហាញឃ្លា « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង » នៅក្នុង ខ ៩ ។ បន្ទាប់មក សូមសួរ ៖
-
តើវាមានន័យយ៉ាងណាដើម្បីឈរជាសាក្សីដល់ព្រះ ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ « នៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង » ? ( ម៉ូសាយ ១៨:៩ ) ។
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« សាវកជាច្រើនមានការហៅបម្រើ និងការតែងតាំងឲ្យក្លាយជាសាក្សីពិសេសចំពោះព្រះនាមនៃព្រះគ្រីស្ទនៅក្នុងលោកិយទាំងមូល ( សូមមើល គ និង ស ១០៧:២៣ ) ប៉ុន្ដែកាតព្វកិច្ចដើម្បីធ្វើជាសាក្សី និងថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទនៅគ្រប់ពេល និងគ្រប់ទីកន្លែងក៏អាចយកមកអនុវត្តដល់សមាជិកគ្រប់រូបនៃសាសនាចក្រដែលបានទទួលទីបន្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធផងដែរ » ( « Witnesses of Christ,”Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។
-
យោងតាមអែលឌើរ អូក តើនរណាមានទំនួលខុសត្រូវក្នុងការថ្លែងជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ? ( សូមប្រាកដថាសិស្សយល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ សមាជិកនៃសាសនាចក្រទាំងអស់បានធ្វើសេចក្ដីសញ្ញាថានឹងឈរជាសាក្សីដល់ព្រះវរបិតាសួគ៌ និព្រះយេស៊ូវគ្រីស្ទ ) ។
-
ក្រៅពីការចែកចាយជំនឿ និងទីបន្ទាល់របស់យើងដោយផ្ទាល់មាត់ តើមានរបៀបណាផ្សេងទៀតដែលយើងអាចឈរជាសាក្សីដល់ព្រះគ្រីស្ទ ? ( ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ សូមគិតពីការសុំឲ្យពួកគេសិក្សា ម៉ាថាយ ៥:១៤–១៦ និង នីហ្វៃទី ៣ ១៨:២៤ ) ។
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« អំឡុងពេលការបម្រើរបស់ទ្រង់នៅឯភាគខាងលិច នោះព្រះអង្គសង្គ្រោះបានប្រទាននូវព្រះបញ្ញត្តិរបស់ទ្រង់ ៖ ‹ ចូរលើកពន្លឺរបស់អ្នករាល់គ្នាឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក › ។ មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង —គឺនូវអ្វីៗ ដែលអ្នករាល់គ្នាបានឃើញយើងធ្វើ » ( នីហ្វៃទី ១៨:២៤ ) ។ មនុស្សគួរតែអាចឃើញនូវអ្វីៗដែលជាលក្ខណៈរបស់ព្រះព្រះយេស៊ូវគ្រីស្ទនៅក្នុងខ្លួនយើង ។ របៀបដែលយើងប្រព្រឹត្តិ និយាយ មើល ឬក៏គិត នឹងឆ្លុះបញ្ចាំងពីទ្រង់ និងរបៀបរបស់ទ្រង់ » ( « Becoming a Witness of Christ » Ensign ឬ លីអាហូណា ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៦០ ) ។
-
តើអ្នកធ្លាប់ឃើញអ្នកដទៃធ្វើសកម្មភាព និយាយ មើល ឬក៏គិត ដែលនឹងឆ្លុះបញ្ចាំងពីជំនឿរបស់គេលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើអ្នកនឹងលើកទឹកចិត្តឲ្យនរណមា្នក់យកឈ្នះលើការស្ទាក់ស្ទើរ ឬភ័យខ្លាចដើម្បីក្លាយជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖
និយាយអំពីព្រះគ្រីស្ទ
អររីករាយនៅក្នុងព្រះគ្រីស្ទ
ផ្សាយអំពីព្រះគ្រីស្ទ
ព្យាករណ៍អំពីព្រះគ្រីស្ទ
សរសេរអំពីព្រះគ្រីស្ទ
សូមប្រាប់ឲ្យសិស្សអាន នីហ្វៃទី ២ ២៥:២៦ ដោយស្ងៀមស្ងាត់ ដោយសុំឲ្យពួកគេពន្យល់ពីរបៀបដែលបុគ្គលម្នាក់អាចចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ តាមរបៀបដែលបានសង្ខេបនៅលើក្ដារខៀន ។ ដើម្បីជួយសិស្សក្នុងការពិភាក្សានេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បើចាំបាច់ ៖
« ពាក្យសម្តីរបស់នីហ្វៃ ‹ យើងនិយាយអំពីព្រះគ្រីស្ទ › [ នីហ្វៃទី ២ ២៥:២៦ ] ចង្អុលបង្ហាញប្រាប់ដល់យើងថា យើងមិនមិនត្រូវស្ទាក់ស្ទើរនឹងនិយាយអំពីអារម្មណ៍របស់យើងទាក់ទងទៅនឹងព្រះអង្គសង្គ្រោះនៅក្នុងកិច្ចសន្ទនា និងការជជែកលេងនោះទេ ។ ជាញឹកញាប់ វាគឺជាស្ថានភាពមួយទល់មួយ ដែលតាមរបៀបមួយបើកចំហ និងរោះរាយពេលយើងពិភាក្សាថាទ្រង់ជានរណា ហើយតើទ្រង់បានធ្វើ និងបង្រៀនអ្វីខ្លះ ដោយលើកទឹកចិត្តអ្នកដទៃឲ្យស្រឡាញ់ និងធ្វើតាមទ្រង់ផងដែរ ។
« ‹ យើងអររីករាយក្នុងព្រះគ្រីស្ទ › បង្ហាញន័យថា ជាទូទៅ យើងរស់នៅដោយរីករាយ ដែលឆ្លុះបញ្ចាំងពីសេចក្ដីជំនឿរបស់យើងលើព្រះគ្រីស្ទ ។ យើងដឹងថា ‹ ព្រះគុណរបស់ទ្រង់គ្រប់គ្រាន់ › សម្រាប់យើងដើម្បីបានប្រោសលោះពីសេចក្ដី ស្លាប់ និងអំពើ បាប និងដើម្បីក្លាយជាឥតខ្ចោះនៅក្នុងទ្រង់ ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។ ខណៈដែលយើងប្រឈមនឹងការបាក់ ទឹកចិត្ត ហើយថែមទាំងសោកនាដកម្មនានា នោះយើងដឹងថា ដោយសារតែទ្រង់ សុភមង្គលដ៏អស់កល្បរបស់យើងនឹងត្រូវបានធានាទុក ។ នៅពេលសេចក្ដី ជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទចែងចាំងឡើង នោះយើងបង្ហាញវាដល់អ្នកដទៃ ‹ ដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ › ពីរបៀបដើម្បីមកសម្រាកនៅក្នុងទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។
« ‹ យើងផ្សាយអំពីព្រះគ្រីស្ទ › ពិតជាមានសេចក្ដីយោងទៅលើកិច្ចការផ្សព្វផ្សាយសាសនាពេញម៉ោង និងរបស់ពួកសមាជិក ប៉ុន្ដែវាក៏រួមមាននូវអ្វីដែលយើងធ្វើនៅក្នុងការបម្រើពេលថ្វាយបង្គំផងដែរ គឺថ្នាក់សាលាថ្ងៃអាទិត្យ និងការរៀបចំឡើងស្រដៀងគ្នានេះ ដែលទ្រង់ជាប្រធានបទនៃការសិក្សា និងការណែនាំ ។ ការចូលរួមរបស់យើង ទាំងជាគ្រូបង្រៀន និងជាសិស្សគឹជាផ្នែកនៃការថ្លែងទីបន្ទាល់របស់យើងអំពីទ្រង់ ។ …
« ‹ យើងព្យាករណ៍អំពីព្រះគ្រីស្ទ › មានន័យថា យើងថ្លែងទីបន្ទាល់របស់យើងអំពីទ្រង់ ដោយព្រះចេស្ដានៃព្រះវិញ្ញណ ( សូមមើល កូរិនថូសទី ១ ១២:៣ ) ។ ‹ ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ › ( វិវរណៈ ១៩:១០ ) ។ នៅពេលអស់អ្នក ដែលបានព្យាករណ៍ពី បុរាណកាលអំពីការយាងមករបស់ទ្រង់លើកទីមួយ នោះយើងក៏បញ្ជាក់ជាពាក្យសម្ដី និងសកម្មភាពនៃការព្យាករណ៍នៃការយាងមកជាលើកទីពីររបស់ទ្រង់ដែរ ។ …
« ‹ ហើយយើងកត់ត្រាស្របតាមការព្យាករណ៍របស់យើង › បង្ហាញថា ចំណេះដឹងនៃការធ្វើកំណត់ត្រាដ៏អចិន្ដ្រៃយ៍មួយអំពីទីបន្ទាល់របស់យើងអំពីព្រះគ្រីស្ទ ។ យើងយល់ថា ទីបន្ទាល់ដែលយើងថ្លែង ‹ ត្រូវបានកត់ត្រាទុកនៅលើស្ថានសួគ៌ សម្រាប់ឲ្យពួកទេវតាមើល ហើយពួកគេមានចិត្តត្រេកអរមកលើ [ យើង ] › (គ និង ស ៦២:៣ ) ។ កូនចៅរបស់យើងផ្ទាល់ និងអ្នក ដទៃអាច មើលមកយើង ហើយរីករាយចំពោះសាក្សីរបស់យើងអំពីព្រះគ្រីស្ទដែលត្រូវបានសរសេរ ឬកត់ត្រាទុកសម្រាប់ជាប្រយោជន៍របស់ពួកគេ » ( « Becoming a Witness of Christ »Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៦២–៦៣ ) ។
នៅពេលអ្នកបញ្ចប់ផ្នែកនៃមេរៀននេះ សូមលើក ទឹកចិត្តសិស្សឲ្យពិចារណាអំពីផ្នែកមួយនៅលើក្ដារខៀន ហើយដាក់គោលដៅលើអ្វីដែលពួកគេនឹងធ្វើដើម្បីក្លាយជាសាក្សីដ៏ កាន់តែរឹងមាំមួយអំពីព្រះយេស៊ូវគ្រីស្ទ ។
ការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញឲ្យសិស្សគិតត្រឡប់ទៅរកវគ្គសិក្សាពេញមួយបវេសនកាល ហើយរកមើលតួនាទីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទ និងប្រធានបទខ្លះដែលទាក់ទងទៅនឹងទ្រង់ ដែលត្រូវបានពិភាក្សានៅក្នុងថ្នាក់ ។ សូមសង្ខេបចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ ( តួនាទីអាចមាន អ្នកប្រឹក្សា ព្រះអង្គសង្គ្រោះ អ្នក ធ្វើឲ្យធួន បុត្រាច្បង បុត្របង្កើតតែមួយ ព្រះយេហូវ៉ា ព្រះមែស៊ី ព្រះបង្កបង្កើត ។ ប្រធានបទអាចរួមមានដូចខាងក្រោម ៖ ភាពសំខាន់របស់ព្រះយេស៊ូវគ្រីស្ទចំពោះផែនការរបស់ព្រះ ការបម្រើពីមុនជីវិតលើផែនដីរបស់ទ្រង់ ការពិតថាទ្រង់មានព្រះជន្មរស់ ការបម្រើក្រោយពីជីវិតនៅលើផែនដីរបស់ទ្រង់ ការយាងមកលើកទីពីរ ការសោយរាជ្យនាពេលសហវត្សរ៍របស់ទ្រង់ ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ការដឹកនាំរបស់ទ្រង់ក្នុងសាសនាចក្រ និងរបៀបដែលទ្រង់ជាពន្លឺ និងជាជីវិតនៃពិភពលោក ) ។
សូមទាញវា ចេញពីអ៊ិនធើណែត ហើយចាក់បង្ហាញវីដេអូនៃសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ដែលលោកបានចែកចាយទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ បើសិនជាគ្មានវីដេអូទេ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ឲ្យឮៗ។
« ព្រះយេស៊ូវជាមិត្តរបស់ខ្ញុំ ។ គ្មាននរណាផ្សេងទៀតបានផ្ដល់ដល់ខ្ញុំច្រើនបែបនេះទេ ។ ‹ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ › (យ៉ូហាន ១៥:១៣) ។ ទ្រង់បានប្រទានជីវិតរបស់ទ្រង់ដល់ខ្ញុំ ។ ទ្រង់បានបើកផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ មានតែព្រះតែ ទើបអាចធ្វើការណ៍នេះបាន ។ ខ្ញុំសង្ឃឹមថា ខ្ញុំត្រូវបានចាត់ទុកថាមានភាពសក្ដិសមជាមិត្តម្នាក់ដល់ទ្រង់ ។
« ទ្រង់ជាគំរូរបស់ខ្ញុំ ។ ផ្លូវជីវិតរបស់ទ្រង់ ឥរិយាបថដ៏ឥតកំណាញ់ជាប្រាកដរបស់ទ្រង់ ការឈោងទៅជួយអ្នកក្រីក្រ ពលិកម្មចុងក្រោយរបស់ទ្រង់ អ្វីៗទាំងអស់ឈរជាគំរូមួយដល់ខ្ញុំ ។ …
« ទ្រង់ជាគ្រូបង្រៀនរបស់ខ្ញុំ ។ គ្មានសំឡេងណាផ្សេងទៀតធ្លាប់និយាយភាសាដ៏អស្ចារ្យបែបនេះទេ ។ …
« ទ្រង់ជាអ្នកព្យាបាលរបស់ខ្ញុំ ។ ខ្ញុំឈរដោយអស្ចារ្យចំពោះអព្ភូតហេតុដ៏មហិមារបស់ទ្រង់ ។ …
« ទ្រង់ជាអ្នកដឹកនាំរបស់ខ្ញុំ ។ ខ្ញុំមានកិត្តិយសដែលក្លាយជាមនុស្សម្នាក់នៅក្នុងជួរទាហានដ៏វែងនៃអស់អ្នកដែលស្រឡាញ់ទ្រង់ និងដែលបានធ្វើតាមទ្រង់ អំឡុងពេលពីរសហវត្សរ៍នេះ ដែលបានកន្លងមកតាំងពីការប្រសូតរបស់ទ្រង់ ។ …
« ទ្រង់គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់ខ្ញុំ ។ តាមរយៈការប្រទាននូវជីវិតរបស់ទ្រង់ក្នុងការឈឺចាប់ និងការរងទុក្ខដ៏មិនអាចថ្លែងបាននោះ ទ្រង់បានលូកព្រះហស្តចុះមកលើកខ្ញុំឡើង និងដល់យើងម្នាក់ៗ និងដល់បុត្រាបុត្រីទាំងឡាយរបស់ព្រះ ចេញពីបាតសមុទ្រដ៏ជ្រៅនៃភាពងងឹតដ៏អស់កល្បបន្ទាប់ពីក្ដីស្លាប់ទៅ ។ … អំណរគុណរបស់ខ្ញុំគ្មានព្រំដែនសោះទេ ។ អំណរគុណរបស់ខ្ញុំចំពោះព្រះអម្ចាស់របស់ខ្ញុំ គ្មានទីបញ្ចប់នោះទេ ។
« ទ្រង់គឺជាព្រះ និងជាស្ដេចរបស់ខ្ញុំ ។ ចេញពីភាពដ៏អស់កល្ប ទៅភាពដ៏អស់កល្ប នោះទ្រង់នឹងសោយរាជ្យ ហើយគ្រប់គ្រងជាស្ដេចលើអស់ទាំងស្ដេច ហើយព្រះនៃព្រះ ។ ចំពោះការគ្រប់គ្រងរបស់ទ្រង់ នោះវាគ្មានទីបញ្ចប់នោះទេ ។ ចំពោះសិរីល្អរបស់ទ្រង់ វានឹងគ្មានពេលយប់ទៀតឡើយ » ( « My Testimony » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៧១ ) ។
សូមចង្អុលបង្ហាញដំណើររឿងខាងក្រោមដល់សិស្សរបស់អ្នក ៖ ប្រសិនបើនរណាម្នាក់បានសួរអ្នកថា តើអ្នកជឿអ្វីលើព្រះយេស៊ូវគ្រីស្ទ តើនឹងមានគំនិតអ្វីខ្លះដែលអ្នកចង់សង្កត់ធ្ងន់លើខ្លាំងបំផុតនោះ ? សូមអញ្ជើញឲ្យសិស្សមានពេលសរសេរគំនិតរបស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញឲ្យសិស្សធ្វើការជាដៃគូ ហើយចែកចាយចម្លើយរបស់គេដល់គ្នាទៅវិញទៅមក ។ សូមលើកទឹកចិត្តពួកគេឲ្យពិភាក្សាពីមូលហេតុដែលពួកគេបានជ្រើសរើសអ្វីដែលពួកគេបានសរសេរ និងបទពិសោធន៍នានាដែលពួកគេបានមាន ដែលអាចពង្រឹងដល់ការយល់ដឹង និងសេចក្ដីស្រឡាញ់របស់គេចំពោះព្រះអង្គសង្គ្រោះ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមសួរប្រសិនមាននរណាខ្លះចង់ចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទដល់សិស្សក្នុងថ្នាក់ ។
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់របស់អ្នក អំពីការបម្រើដ៏អស់កល្បរបស់ព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅ ។ សូមគិតពីការបង្ហាញការដឹងគុណរបស់អ្នកចំពោះតួនាទីជាច្រើនដ៏សំខាន់ដែលត្រូវបានបំពេញដោយព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ក្នុងពេលកន្លងមក ។ បន្ទាប់មក សូមផ្ដល់ដល់សិស្សនូវការតាំងចិត្តខាងក្រោមនេះ ៖ នៅពេលអ្នកបញ្ចប់វគ្គសិក្សានេះ សូមសញ្ជឹងគិតពីនរណាដែលអ្នកស្គាល់ ដែលនឹងត្រូវបានពង្រឹងទីបន្ទាល់ឡើង ដោយការស្ដាប់ទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។ អំឡុងពេលសប្ដាហ៍ខាងមុខ និងនាពេលអនាគត សូមសម្រេចចិត្តថាតើនរណាដែលអ្នកនឹងជះឥទ្ធិពលទៅលើ ហើយតើអ្នកនឹងចែកចាយទីបន្ទាល់របស់អ្នកដោយរបៀបណា ។
ការអានរបស់សិស្ស
-
ម៉ាថាយ ៥:១៤–១៦; នីហ្វៃទី ២ ២៥:២៦; ម៉ូសាយ ១៨:៨–១១; នីហ្វៃទី ៣ ១៨:២៤ ។
-
ឌី ថត គ្រីស្តូហ្វឺសិន « Becoming a Witness of Christ »Ensign, ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៥៨–៦៣ ។