មេរៀនទី ១១
ព្រះយេស៊ូវគ្រីស្ទ បានយាងចុះឡើងធ្វើការល្អ
សេចក្ដីផ្ដើម
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » បង្រៀនថា « [ ព្រះយេស៊ូវ ] ‹ បានយាងចុះឡើងធ្វើការល្អ › (កិច្ចការ ១០:៣៨) ប៉ុន្ដែត្រូវគេស្អប់ទៅវិញ » (Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវធ្វើតាមគំរូរបស់ទ្រង់អំពីការធ្វើល្អ ទោះបីមានការបៀតបៀនក្ដី ។ នៅក្នុងមេរៀននេះ សិស្សនឹងពិភាក្សាពីមូលហេតុដែលយើងត្រូវប្រព្រឹត្តនឹងអ្នកដែលធ្វើខុសនឹងយើងដោយសារតែជំនឿរបស់យើង ជាមួយនឹងសេចក្ដីស្រឡាញ់ និងការគោរពដូចគ្នាដែលព្រះយេស៊ូវបានបង្ហាញដល់អ្នកបៀតបៀនរបស់ទ្រង់ ។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ យើងនឹងត្រូវបានប្រទានពរឲ្យមានសេចក្ដីក្លាហាន ក្នុងការរស់នៅតាម និងការពារដល់សេចក្ដីជំនឿរបស់យើង ហើយយើងនឹងអាចជួយដល់អ្នកដទៃឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់ ។
ការអានពីសាវតា
-
ដាល្លិន អេក អូក « Loving Others and Living with Differences » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨ ។
-
ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ។
-
រ៉ូបឺតឌី.ហែល « Christian Courage: The Price of Discipleship » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២–៧៥ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ៥:៤៣-៤៧; ៩:៩–១៣; ១២:២២-30; ម៉ាកុស ៣:១–៦; ១១:១៥–១៩; យ៉ូហាន ១១:៤៣–៥៣ ។
ព្រះយេស៊ូវគ្រីស្ទ ត្រូវបានគេបៀតបៀនដោយសារការធ្វើការល្អ
សូមចាប់ផ្ដើមបង្រៀនដោយការសួរសិស្សនូវសំណួរដូចខាងក្រោមនេះ ៖
-
នៅពេលណាដែលអ្នកគិតអំពីព្រះជន្មដ៏ជាគំរូរបស់ព្រះអង្គសង្គ្រោះ តើមានអ្វីដែលល្អបំផុត ដែលទ្រង់បានធ្វើនៅក្នុងជីវិតរមែងស្លាប់ ដែលមានអនុភាពដ៏ធំបំផុតចំពោះអ្នកទេ ?
ក្រោយពីសិស្សបានឆ្លើយហើយ សូមអាន ( ឬ ចែកចាយជាសម្ដីរបស់អ្នកផ្ទាល់ ) នូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីស៊ីស្ទើរជាអ្នកផ្សព្វផ្សាយសាសនាពីររូប ៖
« ដោយមានការកោតសរសើរ និង ការលើកទឹកចិត្តដល់គ្រប់គ្នាដែលនឹងត្រូវបន្ដខ្ជាប់ខ្ជួននៅក្នុងថ្ងៃចុងក្រោយនេះ ខ្ញុំសូមនិយាយដល់អ្នកទាំងអស់គ្នា និងជាពិសេសដល់យុវវ័យអំពីសាសនាចក្រថា ប្រសិនបើអ្នកមិនទាន់បានជួបវាទេ ថ្ងៃមួយអ្នកនឹងឃើញថា ខ្លួនអ្នកត្រូវបានហៅឲ្យការពារដល់សេចក្ដីជំនឿរបស់អ្នក ឬប្រហែលថែមទាំងឲ្យស៊ូទ្រាំនូវការប្រព្រឹត្តខុសផ្ទាល់ខ្លួនខ្លះ ដោយគ្រាន់តែព្រោះអ្នកជាសមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គ្រាបែបនោះ នឹងតម្រូវឲ្យមានទាំងកម្លាំងចិត្ត និងការគោរពពីអ្នក ។
« ឧទាហរណ៍ ថ្មីៗនេះមានស៊ិស្ទើរជាអ្នកផ្សព្វផ្សាយសាសនាម្នាក់បានសរសេរសំបុត្រមកកាន់ខ្ញុំថា ‹ ដៃគូរបស់ខ្ញុំ និងខ្ញុំបានឃើញបុរសម្នាក់កំពុងអង្គុយនៅលើកៅអី នៅឯទីប្រជុំជនកំពុងពិសារអាហារថ្ងៃត្រង់ ។ នៅពេលយើងជិតទៅដល់ នោះគាត់បានមើលមកយើង ហើយបានឃើញស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនារបស់យើង ។ ដោយជ្រួញចិញ្ចើមខ្មួល នោះគាត់បានហក់ឡើងមកវាយខ្ញុំ ។ ខ្ញុំបានគេចរួចទាន់ពេល តែនៅតែត្រូវបានគាត់ព្រោះម្ហូបគាត់ចេញមកលើខ្ញុំ ហើយចាប់ផ្ដើមជេរប្រទេចផ្ដាសារដាក់យើងយ៉ាងខ្លាំង ។ យើងបានដើរចេញដោយមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ ។ ខ្ញុំបានព្យាយាមជូតសម្អាតម្ហូបចេញពីមុខខ្ញុំ តែមិនទាន់ជូតស្រេចបាច់ផង ស្រាប់តែមានដំឡូងកិនហោះមកចំកណ្ដាលក្បាលពីក្រោយខ្ញុំ ។ ពេលខ្លះ វាពិបាកណាស់ដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា ដោយសារពេលនោះខ្ញុំចង់ត្រឡប់ទៅវិញ ហើយចាប់បុរសរាងតូចនោះ ហើយនិយាយថា « តើលោកឯងចង់យ៉ាងម៉េចហ្នឹង ! » ប៉ុន្ដែខ្ញុំមិនបានធ្វើវាទេ › » (« The Cost-and Blessings-of Discipleship » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ ។
សូមឲ្យសិស្សអាន ម៉ាថាយ ៥:៤៣–៤៧ ដោយស្ងាត់ៗ ដោយរកមើលនូវគោលការណ៍មួយដែលព្រះយេស៊ូវបានបង្រៀននៅក្នុងទេសនកថារបស់ទ្រង់នៅលើភ្នំដែលស៊ិស្ទើរជាអ្នកផ្សព្វផ្សាយសាសនាទាំងនេះ បានអនុវត្តវា ។ ( អ្នកគប្បីផ្ដល់យោបល់ថា នៅពេលសិស្សអាន ពួកគេគួរតែអនុវត្តជំនាញសិក្សាព្រះគម្ពីរក្នុងការដាក់ឈ្មោះជំនួស ដើម្បីជួយធ្វើឲ្យសារលិខិតនៃខគម្ពីរទាំងនោះមានភាពផ្ទាល់ខ្លួន ។ ដើម្បីអនុវត្តជំនាញនេះ សិស្សគួរដាក់ឈ្មោះរបស់គេផ្ទាល់ជំនួសឲ្យពាក្យ អ្នក និង ពួកអ្នករាល់គ្នា ) ។
-
តើអ្វីជាគោលការណ៍មួយដែលបានបង្រៀននៅក្នុងខទាំងនេះ ? ( សិស្សអាចប្រើពាក្យខុសគ្នាប៉ុន្ដែពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ ប្រសិនបើយើងធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងត្រូវរៀនចេះស្រឡាញ់សត្រូវរបស់យើង ហើយមានចិត្តល្អដល់អ្នកដែលបៀតបៀនយើង ) ។
-
តើអ្វីដែលធ្វើឲ្យគោលការណ៍ដំណឹងល្អនេះ ពិបាកដើម្បីរស់នៅតាម ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមពន្យល់ថា ទោះបីជាព្រះអង្គសង្គ្រោះ ត្រូវបានទទួលយកដោយមនុស្សជាច្រើនទាំងនៅក្នុងស្រុកកាលីឡេ និងស្រុកយូដាក្ដី ហើយមានមនុស្សជាច្រើនបានឃើញនូវកិច្ចការល្អរបស់ទ្រង់ ថាជាសាក្សីមួយនៃទេវភាពរបស់ទ្រង់ ក៏អ្នកផ្សេងទៀតស្អប់ និងបៀតបៀនទ្រង់ចំពោះការល្អរបស់ទ្រង់ទៅវិញ ។
សូមសរសេរវគ្គព្រះគម្ពីរខាងក្រោមនេះនៅក្រោមចំណងជើងថា « ព្រះយេស៊ូវបានយាងចុះឡើងធ្វើការល្អ » នៅលើក្ដារខៀន ៖
សូមបែងចែកសិស្សទៅជាក្រុមតូចៗ ហើយចាត់តាំងក្រុមនីមួយៗឲ្យសិក្សាវគ្គមួយ ដែលមានសរសេរនៅលើក្ដារខៀន ។ សូមឲ្យសិស្សរកមើលនៅក្នុងវគ្គព្រះគម្ពីរនូវការល្អដែលព្រះយេស៊ូវបានធ្វើ និង របៀបដែលមនុស្សបានឆ្លើយតបមកវិញ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សរាយការណ៍អ្វីដែលពួកគេបានរកឃើញ ។ សូមបង្ហាញថា ស៊េរីវគ្គនេះលាតត្រដាងនូវគំរូមួយនៅក្នុងជីវិតរបស់ព្រះអម្ចាស់ ដែលយើងអាចរៀនពីទ្រង់បាន ។ សូមសួរសំណួរខាងក្រោម ៖
-
តើអ្នកបានសម្គាល់ឃើញអ្វីខ្លះ អំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបទៅនឹងការបៀតបៀនដែលទ្រង់បានជួបប្រទះ ?
សូមលើកទឹកចិត្តសិស្សឲ្យស្រមៃក្នុងចិត្តគេ នូវហេតុការណ៍ដែលបានតំណាលនៅក្នុងវគ្គព្រះគម្ពីរដែលពួកគេសិក្សានោះ ៖ បន្ទាប់មក សូមសួរ ៖
-
តើគំនិត ឬអារម្មណ៍អ្វីដែលអ្នកអាចមាន ប្រសិនបើអ្នកបានធ្វើជាសាក្សីដល់ព្រះយេស៊ូវនៅក្នុងឱកាសនោះ ?
-
តើអ្នកជឿថា ព្រះយេស៊ូវ ចង់ឲ្យអ្នករៀនអ្វីខ្លះពីព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់នាពេលនោះ ? ( ខាងក្រោមនេះគឺជាគោលការណ៍មួយ ដែលសិស្សអាចរកឃើញ ៖ នៅពេលយើងស្វែងរកដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើល្អ ពេលខ្លះ យើងត្រូវតែស៊ូទ្រាំចំពោះការបៀតបៀន ។ )
ម៉ាថាយ ៥:៩–១២, ២១–២៤, ៣៨–៤១; ៦:១៤–១៥; ៧:១–៥, ១២
ការឆ្លើយតបទៅនឹងសំណួរ
សូមប្រាប់សិស្សថា នៅក្នុងទេសនកថារបស់ទ្រង់នៅលើកំពូលភ្នំ ព្រះយេស៊ូវគ្រីស្ទបានណែនាំពួកសិស្សរបស់ទ្រង់អំពីរបៀបដើម្បីឆ្លើយតប នៅពេលពួកគេត្រូវបានគេបៀតបៀន ។ សូមចម្លងឃ្លា និងសេចក្ដីយោងពីព្រះគម្ពីរដាក់លើក្ដារខៀន ហើយដាក់ឲ្យសិស្សម្នាក់ៗអានយ៉ាងហោចណាស់មួយវគ្គនៃវគ្គទាំងឡាយ ។ សូមឲ្យសិស្សរកមើលនូវគោលការណ៍មួយ នៅក្នុងវគ្គដែលពួកគេបានអាន ដែលព្រះយេស៊ូវបានបង្រៀនថា វាអាចដឹកនាំពួកគេនៅក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពន្យល់ពីគោលការណ៍ដែលពួកគេបានរកឃើញ និងរបៀបដែលពួកគេនឹងអនុវត្តចំពោះទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្សដទៃទៀត ។ នៅពេលសិស្សចែកចាយពីគោលការណ៍នានាដែលពួកគេបានរកឃើញនៅក្នុង ម៉ាថាយ ៥:២១–២៤ហើយ អ្នកអាចចង្អុលប្រាប់ថា នីហ្វៃទី ៣ ១២:២២ និងការបកប្រែរបស់យ៉ូសែប ស្ម៊ីធ នៃ ម៉ាថាយ ៥ លុបចោលនូវពាក្យ « នោះក្រែង »( ម៉ាថាយ ៥:២២; សូមមើលផងដែរក្នុង ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៥:២៤ [ នៅក្នុង ម៉ាថាយ ៥:២២ លេខយោង ខ] )។ ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់នូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះវរបិតាសួគ៌ រំពឹងចង់ឲ្យយើងនឹងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងត្រូវបានគេបៀតបៀនដោយសារតែសេចក្ដីជំនឿរបស់យើង ) ។
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការពារជំនឿរបស់អ្នកដោយការគោរព និងដោយសេចក្ដីមេត្តា ប៉ុន្ដែសូមការពារវា » ( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩ ។
« អ្នកដើរតាមព្រះគ្រីស្ទ គួរតែជាគំរូនៃការគួរសម ។ យើងត្រូវស្រឡាញ់មនុស្សទាំងអស់ ក្លាយជាអ្នកស្ដាប់ដ៏ល្អ និងបង្ហាញកង្វល់ចំពោះសេចក្ដីជំនឿដ៏ស្មោះសរបស់ពួកគេ ។ ទោះបីជាយើងអាចមិនយល់ស្របក្តី តែយើងមិនគួរបដិសេធនោះទេ ។ ជំហរ និងទំនាក់ទំនងរបស់យើងអំពីប្រធានបទដ៏បដិវាទនេះ មិនគួរជាបុព្វហេតុសម្រាប់ជំលោះនោះទេ ។ យើងត្រូវតែមានភាពវាងវៃក្នុងការពន្យល់ និងការតោងជាប់នូវឋានៈរបស់យើង និងអនុវត្តឥទ្ធិពលរបស់យើង ។ …
« នៅពេលជំហររបស់យើងមិនបានជ័យជំនះ នោះយើងគួរតែទទួលយកនូវលទ្ធផលដែលមិនគាប់ចិត្តនោះដោយសុទ្ធាទន់ភ្លន់ និងអនុវត្តការគួរសមជាមួយនឹងសត្រូវរបស់យើង » ( ដាល្លិន អេក អូក « Loving Others and Living with Differences » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៧ ) ។
សូមពិភាក្សាជាមួយនឹងសិស្សអំពីឧបសគ្គ និងពរជ័យនានាក្នុងការធ្វើតាមការប្រឹក្សារបស់អែលឌើរ ហូឡិន និងអែលឌើរ អូក ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អាន ម៉ាថាយ ៥:៩–១២ ឮៗ ។
-
យោងតាមខគម្ពីរទាំងនេះ តើសេចក្ដីសន្យាអ្វីដែលព្រះយេស៊ូវបានធ្វើដែលអាចធ្វើឲ្យវាងាយស្រួលក្នុងការឆ្លើយតបតាមរបៀបដូចជាព្រះគ្រីស្ទ នៅពេលយើងត្រូវបានគេបៀតបៀនដោយសារតែជំនឿខាងសាសនារបស់យើង ?
សូមអញ្ជើញឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេអាចអនុវត្តការបង្រៀនមួយ ឬច្រើនពីព្រះអង្គសង្គ្រោះនៅលើកំពូលភ្នំស្ដីពីទំនាក់ទំនងថ្មីមួយដែលពួកគេមាន ឬរបៀបដែលពួកគេអាចយកវាមកអនុវត្តទៅនឹងបទពិសោធន៍កាលពីអតីតកាល ។ សូមសួរសិស្សខ្លះៗ បើពួកគេចង់ចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមចែកឲ្យសិស្សម្នាក់ៗនូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្នកខ្លះគិតខុសថា ដោយឆ្លើយតបដោយការស្ងៀមស្ងាត់ សុភាពស្លូតបូត ការអភ័យទោស និងការថ្លែងទីបន្ទាល់ដ៏រាបសា គឺជាការអវិជ្ជមាន ឬទន់ខ្សោយ ។ ប៉ុន្ដែ ‹ ដើម្បីស្រឡាញ់សត្រូវ [ របស់យើង ] ប្រទានពរដល់ពួកគេដែលបានដាក់បណ្ដាសាដល់ [ យើង ] ធ្វើល្អដាក់ពួកគេដែលស្អប់ [ យើង ] ហើយអធិស្ឋានឲ្យពួកគេដែលប្រើ [ យើង ] ដោយមានគំនុំព្យាបាទ ហើយបៀតបៀន [ យើង ] › (ម៉ាថាយ ៥:៤៤) វាត្រូវការសេចក្ដីជំនឿ កម្លាំង និងសំខាន់បំផុតនោះ វាត្រូវការសេចក្ដីក្លាហានក្នុងនាមជាពួកគ្រីស្ទាន ។ …
« នៅពេលយើងមិនសងសឹកវិញ—នៅពេលយើងបែរថ្ពាល់មួយចំហៀងទៀតឲ្យ ហើយមិនទទូចនឹងអារម្មណ៍ខឹងសម្បារ—នោះយើងនឹងឈរជាមួយនឹងព្រះអង្គសង្គ្រោះដែរ ។ យើងបង្ហាញនូវសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលជាកម្លាំងតែមួយគត់ដែលអាចបង្ក្រាបអស់ទាំងឧបសគ្គ និងឆ្លើយតបដល់អ្នកចោទទាំងឡាយដោយមិនចោទប្រកាន់ពួកគេវិញ ។ នោះពុំមែនជាភាពទន់ខ្សោយនោះទេ ។ នោះ គឺជាសេចក្ដីក្លាហានក្នុងនាមជាពួកគ្រីស្ទាន ។ …
« ពេលយើងឆ្លើយតបនឹងអ្នកដទៃ នោះកាលៈទេសៈនីមួយៗនឹងខុសគ្នា ។ សំណាងល្អ ព្រះអម្ចាស់ដឹងពីដួងចិត្តនៃអ្នកចោទយើង និង របៀបដែលយើងអាចឆ្លើយតបទៅកាន់ពួកគេវិញដោយមានប្រសិទ្ធភាពបំផុត ។ នៅពេលសិស្សដ៏ពិតស្វែងរកការណែនាំមកពីព្រះវិញ្ញាណ នោះពួកគេទទួលបានការបំផុសគំនិតដែលទាក់ទងនឹងការជួបប្រទះនីមួយៗ ។ ហើយនៅក្នុងគ្រប់ការណ៍ជួបប្រទះ សិស្សដ៏ពិត នឹងឆ្លើយតបតាមរបៀបដែលយាងព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ …
«ក្នុងនាមជាសិស្សដ៏ពិត ការបារម្ភដ៏ចម្បងរបស់យើង ត្រូវតែអំពីសុខុមាលភាពរបស់អ្នកដទៃ មិនមែនការការពារតែអំពីខ្លួនយើងនោះទេ ។ សំណួរ និងការរិះគន់ផ្ដល់ដល់យើងនូវឱកាសមួយ ដើម្បីឈោងទៅជួយអ្នកដទៃ និងបង្ហាញថា ពួកគេសំខាន់ចំពោះព្រះវបិតាសួគ៌របស់យើង និងចំពោះយើងផងដែរ ។ គោលបំណងរបស់យើងគួរតែជួយពួកគេឲ្យយល់ពីសេចក្ដីពិត មិនមែនការពារតែអាត្មាខ្លួនឯង ឬទទួលបានពិន្ទុនៅក្នុងការជជែកវែកញែកអំពីទ្រឹស្ដីនោះទេ ។ ទីបន្ទាល់ដ៏អស់ពីចិត្តរបស់យើង គឺជាចម្លើយដ៏មានអានុភាពដ៏ខ្លាំងដែលយើងអាចផ្ដល់ដល់អ្នកដែលចោទប្រកាន់យើង » (« Christian Courage: The Price of Discipleship » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២–៧៣ ។
សូមផ្ដល់ពេលវេលាដល់សិស្សឲ្យអាន និងគូសចំណាំគោលការណ៍ដែលត្រូវបានបង្រៀនដោយអែលឌើរ ហែល ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ បើសិនជាចាំបាច់ សូមពិភាក្សាសំណួរខាងក្រោមទាំងនេះខ្លះ ឬទាំងអស់ ៖
-
តើសកម្មភាពរបស់យើងចំពោះអ្នកដទៃ អាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះយ៉ាងដូចម្ដេច ? ( សូមជួយសិស្សឲ្យយល់ដឹងនូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងធ្វើតាមគំរូរបស់ព្រះគ្រីស្ទ ក្នុងការឆ្លើយតបដោយសេចក្ដីស្រឡាញ់ និងដោយសណ្ដានចិត្ត ដល់អស់អ្នកដែលប្រឆាំងនឹងយើង នោះយើងអាចពង្រឹងដល់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះ ដ៏ដូចជាទំនាក់ទំនងរបស់យើងជាមួយនឹងព្រះផងដែរ ) ។
-
តើការប្រព្រឹត្តនឹងអ្នកដទៃតាមរបៀបនេះ ជាផ្នែកនៃសេចក្ដីសញ្ញាពេលបុណ្យជ្រមុជទឹក ដែលយើងបានធ្វើជាមួយនឹងព្រះវរបិតាសួគ៌ដោយរបៀបណាដែរ ? ( វាជារបៀបមួយដ៏សំខាន់ក្នុងការឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង [ សូមមើល ម៉ូសាយ ១៨:៩] ) ។
សូមសួរសិស្សថាបើពួកគេធ្លាប់មានបទពិសោធន៍ខ្លះ ដែលក្នុងនោះពួកគេបានធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ទាំងអស់ ដែលវាបានអនុញ្ញាតឲ្យពួកគេជួយដល់អ្នកណាម្នាក់ផ្សេងទៀតឲ្យខិតទៅកាន់តែជិតនឹងព្រះអម្ចាស់ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយនូវបទពិសោធន៍របស់ពួកគេ ។
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាមើលទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នកដទៃ រកមើលទំនាក់ទំនងណាមួយដែលអាចធ្វើឲ្យកាន់តែល្អប្រសើរ ហើយសរសេរវាទុកពីរបៀបដែលពួកគេនឹងអនុវត្តគោលការណ៍នានា ដែលបានពិភាក្សានៅថ្ងៃនេះចំពោះទំនាក់ទំនងនោះ ។
ការអានរបស់សិស្ស
-
កិច្ចការ ១០:៣៨; ម៉ាថាយ ៥:៩–១២, ២១–២៤, ៣៨–៤១, ៤៣–៤៧; ៦:១៤–១៥; ៧:១–៥។
-
ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ។